អភិបាលខេត្ត​បាត់ដំបង​លើកទឹកចិត្ត​វិស័យ​ឯកជន​ចូល​វិនិយោគ និង​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ និង​តំបន់​កម្សាន្ត​នៅក្នុង​ខេត្ត

0

ដោយៈ​រ៉ា​ណេ​ត

បាត់ដំបងៈ បាត់ដំបង ជា​ខេត្ត​មួយ​ដែលមាន​វិសាលភាព​ធំ​ទូលាយ តម្លៃ​ដីធ្លី​នៅមានកម្រិត​នៅឡើយ និង​ងាយស្រួល​អភិវឌ្ឍន៍​វិស័យ​សំណង់ រួមជាមួយ​នឹង​ការ​អំណោយផល ដល់​ការបណ្តាក់ទុន​វិនិយោគ​កែច្នៃ​តំបន់​កម្សាន្ត​នានា​ផងដែរ។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង។

លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ថា បច្ចុប្បន្ននេះ​សកម្មភាព​នៃ​ការវិនិយោគ និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​សំណង់ និង​អ​លន​ទ្រព្យ​ក្នុង​ខេត្ត នៅ​មិនទាន់មាន​គម្រោងធំៗ ដែលមាន​លក្ខណៈ​ជា​បុរី​ច្រើន​នៅឡើយ​នោះទេ ពោល​គែ​មានតែ​ប្រភេទ​គម្រោង​សាងសង់ បណ្តុំ​លំនៅដ្ឋាន​ផ្ទាល់​ដី​កម្រិត​មធ្យម ក៏ដូចជា គម្រោង​សាងសង់​លំនៅដ្ឋាន​លក្ខណៈ​ជា​ឯកជន ដាច់ដោយឡែក​តែប៉ុណ្ណោះ។

លោក​បាន​បញ្ជាក់ថា “បើ​និយាយ​ពី​តម្លៃ​អចលនទ្រព្យ ខ្ញុំ​មិនដឹង​ច្បាស់​នោះទេ ប៉ុន្តែ​គ្រាន់តែ​ដឹងថា​សព្វថ្ងៃនេះ មាន​គម្រោង​សាងសង់​សំណង់​មួយចំនួន នៅតែមាន​ដំណើរការ​សាងសង់​របស់គេ​រាល់ថ្ងៃ។ លោក​បន្តថា “ក្នុងនាម​ខ្ញុំ​ជា​អាជ្ញាធរ សូម​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ទាំង​ជាតិ និង​អន្តរជាតិ​ចូលមក​វិនិយោគ នៅក្នុង​ខេត្តបាត់ដំបង​ឱ្យបាន​ច្រើន” ។

បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន និង​កំពុង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​បង្កើន​ភាព​ទាក់ទាញ​ធុរជន​ផងដែរ។

លោក​ងួន រតនៈ​បាន​បញ្ជាក់ថា “ក្រៅតែពី​វិស័យ​សំណង់ ខ្ញុំ​ក៏​សូម​លើកទឹកចិត្ត​ដល់​បណ្តា​អ្នកវិនិយោគ​ផ្នែក​អភិវឌ្ឍន៍​វិស័យ​កម្សាន្ត និង​ទេសចរណ៍​ចូលមក​កាន់​ខេត្តបាត់ដំបង​ឱ្យបាន​ច្រើន​ផងដែរ ព្រោះ​បាត់ដំបង​ជា​ខេត្ត ដែលមាន​ភាព​សក្ដានុពល​នៅក្នុង​វិស័យ​ទេសចរណ៍ធម្មជាតិ​ផងដែរ ប៉ុន្តែ​បច្ចុប្បន្ន​ខ្វះ​ការចូលរួម​ពី​វិស័យ​ឯកជន ក្នុងការ​អភិវឌ្ឍន៍ និង​កែច្នៃ​ឱ្យ​កាន់​តែមាន​ភាព​ទាក់ទាញ” ។

លោក​បន្ដថា នៅពេលដែល​វិស័យ​ទេសចរណ៍ ក្នុង​ខេត្ត​មាន​ភាព​ទាក់ទាញ មាន​កំណើន​ទេសចរ នោះ​វា​នឹង​ជំរុញឱ្យមាន​សេដ្ឋកិច្ច​ក្នុង​តំបន់​ល្អ មាន​តម្រូវការ​ទីកន្លែង​ស្នាក់នៅ​រយៈពេល​ខ្លី ហើយ​វា​ក៏​ជា​ឱកាស​សម្រាប់​អ្នកវិនិយោគ និង​អភិវឌ្ឍន៍​ផ្នែក​លំនៅដ្ឋាន​បែប​លំហែរ និង​ក​ម្សា​ប្ត​ផងដែរ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម  បាន​ប្រាប់​កាលពីពេលថ្មីៗនេះ​ថា វិស័យ​អចលនទ្រព្យ នៅក្នុង​ខេត្តបាត់ដំបង ជាពិសេស​នៅ​តំបន់​ក្រុង ចាប់ផ្តើម​បង្ហាញ​សក្តានុពល​សម្រាប់​វិនិយោគ ហើយ​ក្រុង​មួយ​នេះ​ក៏​ចាប់ផ្តើម​មាន​វិនិយោគ លើ​គម្រោង​អចលនទ្រព្យ​ជាបណ្តើរៗហើយ​ដែរ។

លោក​បាន​បញ្ជាក់ថា “វិស័យ​អចលនទ្រព្យ​នៅ​ខេត្តបាត់ដំបង ចាប់ផ្តើម​រីកចម្រើន​ជាបណ្តើរៗ ជាពិសេស​តំបន់​នៅក្នុង​ក្រុង និង​នៅ​ជាយក្រុង ហើយ​អ្នកវិនិយោគ​មួយចំនួន​ក៏​ចាប់ផ្តើម​វិនិយោគ​នៅតាម​ទីប្រជុំ​នៃ​តំបន់​ស្រុក​ផងដែរ។

លោក​បន្តថា “ផ្ទះល្វែង​នៅ​កៀក​ទីក្រុង​បាត់ដំបង អាច​តម្លៃ​ចន្លោះ​ពី៧ ទៅ៨ម៉ឺន​ដុល្លារ ហើយ​តម្លៃ​ផ្ទះល្វែង ក្នុង​ក្រុង​អាចមាន​តម្លៃ​ជាង១០ម៉ឺន​ដុល្លារ ហើយ​វា​នៅតែ​ជាត​ម្លៃ​សមរម្យ ប៉ុន្តែ​ល្បឿន​នៃ​ការវិនិយោគ និង​អភិវឌ្ឍន៍​ទាំងនេះ នៅ​មិនទាន់មាន​ល្បឿន​លឿន​ដូចជា​ខេត្តសៀមរាប​នៅឡើយ​នោះទេ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here