ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ២ ចាប់ផ្តើមហោះហើរទៅកាន់ប្រទេសចិន

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ២ បានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការហោះហើរទៅកាន់ប្រទេសចិនឡើងវិញ បន្ទាប់ពីទទួលបានការអនុញ្ញាត និង គោរពបាននូវស្តង់ដារវិធានការពារនៃជំងឺកូវីដCovid-19 ។

ក្រុមហ៊ុន Cambodia Airport នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា ក្រុមហ៊ុនកំពុងតែបន្ថែមជើងហោះហើរពីភ្នំពេញទៅហ្វូចូវនៅថ្ងៃព្រហស្បតិ៍ ខណៈពេលដែលក្រុមហ៊ុនអាកាសចរណ៍ JC Airlines កំពុងបើកជើងហោះហើរទៅកាន់ គុនមីង នៅថ្ងៃពុធនេះ។

ក្រុមហ៊ុន Cambodia Airport ពន្យល់ថា បញ្ជីនេះគឺជាការបង្ហាញអំពីជើងហោះហើរបច្ចុប្បន្នដែលអាចនឹងមានការប្រែប្រួលដោយសារតែការកែប្រែកម្មវិធីហោះហើរពីដៃគូក្រុមហ៊ុនអាកាសចរណ៍។ ដោយឡែក នៅសប្តាហ៍នេះយើងមានជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ SilkAir ដែលមានការភ្ជាប់ពីភ្នំពេញទៅសិង្ហបុរីនៅថ្ងៃអង្គារ និងថ្ងៃអាទិត្យផងដែរ។

អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា ធ្លាប់បានឱ្យដឹងថា កន្លងមកនេះ ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងស្រុក បានជួបពិភាក្សាជាមួយនឹងរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលដើម្បីសម្រួលដល់វិធានការការពារ ដើម្បីឱ្យមានលទ្ធភាពដំណើរប្រតិបត្តិការហោះហើរបណ្តើរៗឡើងវិញ ។

លោកបន្តថា អ្នកដំណើរភាគច្រើនដែលធ្វើដំណើរតាមជើងហោះហើរនាពេលនេះ ជាធុរជន និងក្រុមជំនាញការប៉ុណ្ណោះ ខណៈទេសចរធម្មតា មិនទាន់មាននោះទេ ដែលទាមទាពេលវេលាយូរបន្តិចទៀត ឬ ជំងឺកូវីដ១៩ ត្រូវបានគ្រប់គ្រង និងមានថ្នាំវាក់សាំងព្យាលពេញលេញ។

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកកាលពីកន្លងមកថ្មីៗនេះ បានលើកយកបញ្ហាប្រឈមនានា ក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងស្នើសុំដល់រដ្ឋាភិបាលឱ្យមានការហោះហើរជាបណ្តើរៗតាមដែលអាចធ្វើបានក្នុងបណ្តាប្រទេសអាស៊ាន និងប្រទេសមួយចំនួន បន្ទាប់ពីមានការផ្អាកមួយរយៈធំ។

ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងស្រុកក៏ដូចក្រុមហ៊ុនអាកាសចរណ៍នានាទទួលរងនូវផលប៉ះពាល់ពីឥទ្ធិពលនៃជំងឺកូវីដ១៩ ផងដែរ តែរហូតមកដល់ពេលនេះ មិនទាន់មានក្រុមហ៊ុនក្នុងស្រុកណាមួយប្រកាសពីក្ស័យធននោះទេ ខណៈមានការជ្រោមជ្រែងពីរដ្ឋាភិបាលកម្ពុជា៕

សម្ដេចតេជោ ស្នើឱ្យអភិបាលខេត្តកំពតសិក្សាលើគម្រោងបង្កើតតំបន់រដ្ឋបាលប្រមូលផ្តុំ និងពហុកីឡាដ្ឋានថ្មី

ដោយ ៖ រ៉ាណេត

កំពត ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យរដ្ឋបាលខេត្តកំពតបើកកិច្ចប្រជុំជាមួយមន្ត្រីជំនាញ សិក្សាទៅលើលទ្ធភាពនៃការបង្កើតតំបន់រដ្ឋបាលប្រមូលផ្តុំ និងគម្រោងសាងសង់ពហុកីឡាដ្ឋានថ្មីប្រចាំនៅក្នុងខេត្តកំពត ដើម្បីចូលរួមលើកកម្ពស់សក្ដានុពល និងសេដ្ឋកិច្ចខេត្តឱ្យកាន់តែរីកចម្រើន។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទីនេះបានស្នើដល់រដ្ឋបាលខេត្តកំពតសិក្សាទៅលទ្ធភាពនៃការរៀបចំជាតំបន់រដ្ឋបាលប្រមូលផ្តុំ រួមជាមួយគម្រោងសាងសង់ជាពហុកីឡាដ្ឋានថ្មីមួយប្រចាំនៅក្នុងខេត្តបន្ថែមពីលើគម្រោងសិក្សាពីការសាងសង់ ស្ពានចំនួន២ផ្សេងទៀត។

លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា យោងតាមការណែនាំផ្ទាល់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្នើទៅឱ្យរដ្ឋបាលខេត្តកំពតសិក្សាពីលទ្ធភាពរៀបចំតំបន់រដ្ឋបាលប្រមូលផ្តុំ ដោយមានមន្ទីរអង្គភាពពាក់ព័ន្ធមានទីកន្លែងធ្វើការរួមគ្នា និងសាងសង់ពហុកីឡាដ្ឋានថ្មីមួយទៀត។

លោកអភិបាលខេត្តបានបញ្ជាក់ថា “ក្រៅពីនេះ បច្ចុប្បន្ន គម្រោងសិក្សាស្ពានឆ្លងព្រែកកំពង់បាយចាស់ សិក្សាដោយក្រុមហ៊ុន China Road និងគម្រោងសិក្សាស្ពានថ្មី សិក្សាដោយកងវិស្វកម្មក្រសួងការពារជាតិបានប្រមាណជា៧០ភាគរយ ដោយក្រោយពីសិក្សាចប់សព្វគ្រប់ នឹងដាក់គម្រោងទាំងនេះឆ្លងដល់ថ្នាក់ដឹកនាំមន្ត្រីរាជការខេត្តកំពត រួចហើយនឹងយកសំណើគម្រោងនេះដាក់ស្នើសុំគោលការណ៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រេច”។

នៅក្នុងឱកាសនោះផងដែរ លោក ជាវ តាយ ក៏បានកោតសរសើរដល់មន្ត្រីរាជការរបស់រដ្ឋបាលខេត្តទាំងអស់ ដែលបានខិតខំអនុវត្តការងារនាពេលកន្លងមកជាច្រើន ដែលធ្វើឱ្យរដ្ឋបាលខេត្តទទួលបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន និងទទួលបាននូវការគាំទ្រគ្រប់មជ្ឈដ្ឋាន ដៃគូអភិវឌ្ឍន៍ វិនិយោគិន ពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានជ្រើសខេត្តកំពតជាគោលដៅទេសចរណ៍សម្រាប់ការលម្ហែកម្សាន្តដ៏ពេញនិយម៕

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមប្រទេសទាំង១០ដែលមានបដិសណ្ឋារកិច្ចល្អបំផុត

ដោយវុត្ថា

ភ្នំពេញៈ ព្រះរាជាណាចក្រកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោម ប្រទេសទាំង១០ ដែលមានបដិសណ្ឋារកិច្ចល្អបំផុត ចំពោះជនបរទេស និងភ្ញៀវទេសចរក្នុងឆ្នាំ២០២០នេះ។

ក្រសួងទេសចរណ៍ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា  យោងតាមវេបសាយអន្តរជាតិ My International Movers មានប្រទេសសរុបចំនួន១០ ត្រូវបានគេចាត់ទុកជាកន្លែង ដែលផ្តល់ភាពស្វាគមន៍យ៉ាងរាក់ទាក់ជាទីបំផុតចំពោះជនបរទេស។ ក្រសួងបញ្ជាក់ទៀតថា ដោយមិនខ្វល់ចំពោះសម្រេចចិត្តចង់ផ្លាស់ទីលំនៅ ឬក៏គ្រាន់តែចង់ចំណាយ ពេលវេលាវិស្សមកាលដ៏ល្អមួយនោះទេ គឺពួកគេគួរតែពិចារណាលើប្រទេសទាំង១០នេះ រួមជាមួយនឹងកកម្ពុជាផងដែរ។

ប្រទេសទំាង១០ រួមមាន៖ ១៖ ព្រះរាជាណាចក្រកម្ពុជា ២៖ នូវែលសេឡង់ ៣៖ កាណាដា ៤៖ ម៉ិចស៊ិកូ ៥៖ ហ្វីលីពីន ៦៖ វៀតណាម ៧៖ អ៉ីសឡង់ ៨៖ កូស្តារីកា ៩៖ អៀរឡង់ និង ១០៖ ព័រទុយហ្គាល់។

ព្រះរាជាណាចក្រកម្ពុជា ត្រូវគេចាត់ទុកជាប្រទេស កំពុងតែប្រែក្លាយជាឋានសួគ៌ សម្រាប់ជនបរទេសដែលមករស់នៅទីនេះ។ បើតាមការស្ទង់មតិភាគច្រើន ប្រជាជនកម្ពុជាគឺមានអត្តចរឹករួសរាយរាក់ទាក់ និងស្វាគមន៍ជាទីបំផុតចំពោះជនបរទេស មិនថាជាភ្ញៀវទេសចរឬមួយក៏អ្នកផ្លាស់មករស់នៅទីនេះឡើយ៕

ក្រុមហ៊ុន ប៉េង ហួត គ្រុប ឧបត្ថម្ភថវិកា២០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងការសាងសង់ អគារសកលវិទ្យាល័យទួនហ្វា ដល់សមាគមនិកាយចិនទៀជីវ

ភ្នំពេញ៖ សមាគមនិកាយចិនទៀជីវ បានចូលសម្តែងការគួរសម និងសំណេះសំណាល ទាក់ទងនឹងការងារសមាគម ព្រមទាំងសកម្មភាពនៃការសាងសង់សកលវិទ្យាល័យ ទួនហ្វាថ្មី ជាមួយថ្នាក់ដឹកនាំ ក្រុមហ៊ុន ប៉េង ហួត គ្រុប នាការិយាល័យកណ្តាលរបស់ក្រុមហ៊ុន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។

ក្នុងជំនួបនេះផងដែរ ថ្នាក់ដឹកនាំ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានឧបត្ថម្ភទឹកប្រាក់ចំនួន ២០ ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់សមាគមនិកាយចិនទៀជីវ ក្នុងការសាងសង់ អគារសកលវិទ្យាល័យទួនហ្វា។ តំណាងសមាគមនិកាយចិនទៀជីវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានឧបត្ថម្ភសម្រាប់ការសាងសង់អគារសកលវិទ្យាល័យនេះ ដែលស្តែងអោយឃើញពីការគិតគូរ ចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ដែលវិស័យមួយជួយជំរុញដល់ការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចំរើននាពេលអនាគត។

តំណាងសមាគមនិកាយចិនទៀជីវ បានរៀបរាប់បន្ថែមផងដែរថា សកលវិទ្យាល័យទួនហ្វា សាសង់លើផ្ទៃដីជាង ១៣០០០ម៉ែត្រការ៉េ ដើម្បីបម្រើអោយសកម្មភាពសមាគមនិកាយចិនទៀជីវ និងការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងសាលាទួនហ្វា ហើយសាលានេះនឹងសាងសង់អគារ កំពស់៦ជាន់ (២អគារ) សាងសង់អគារសំរាប់សិស្សានុសិស្សក៏ដូចជាលោកគ្រូ ស្នាក់នៅ មានកំពស់ ៨ជាន់ផងដែរ។

សូមបញ្ជាក់ផងដែរថាកន្លងមក ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមយ៉ាងសកម្ម ជាមួយនឹងការងារសង្គមជាច្រើនដូចជា បរិចា្ចគថវិកា ទៅដល់កាកបាទក្រហមកម្ពុជា មន្ទីរពេទ្យគន្អបុប្ផា ជារៀងរាល់ឆ្នាំ សាងសង់ សាលារៀន មន្ទីរពេទ្យ ព្រះវិហារ ផ្លូវថ្នល់ ដែលនេះជាទស្សនវិស័យ របស់ថ្នាក់ដឹកនាំ ក្នុងការចិត្តទុកដាក់និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍសង្គមជាតិ។

ឧកញ៉ា នួន រិទ្ធី៖ កម្ពុជានៅតែឆ្ពោះទៅមុខដោយសញ្ញាវិជ្ជមានជាមួយនឹងការពង្រីកលទ្ធភាពនៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងសំណង់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្នុងកាលៈទេសៈដែលបណ្តាប្រទេសនានាកំពុងជួបស្ថានភាពប្រឈមវិបត្តិសេដ្ឋកិច្ច សម្រាប់តែប្រទេសកម្ពុជាបាន និងកំពុងតែបន្តដំណើរទៅមុខជាធម្មតាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ជាពិសេស វិស័យសំណង់ដែលកំពុងតែមានការរីកចម្រេីនគួរអោយកត់សំគាល់។

ជាមួយនឹងសកម្មភាពនៃការអភិវឌ្ឍក្នុងវិស័យសំខាន់ៗនៅកម្ពុជា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះថា ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ វិស័យសំណង់នៅក្នុងប្រទេសកម្ពុជាបានបន្តរីកចម្រើនយ៉ាងច្រើន ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត។

លោកឧកញ៉ាបានមានប្រសាសន៍បន្តថា “ដូចបានឃើញហើយថា តាមរយៈរបាយការណ៍ដែលបង្ហាញដោយក្រសួងកាលពីពេលកន្លងទៅនេះ គឺសុទ្ធសឹងតែបានបញ្ជាក់ពីតួលេខអភិវឌ្ឍន៍កើនឡើងជាមួយនឹងសំណង់អគារលំនៅដ្ឋាន ខុនដូ , អាផាតមិន , សំណង់អគារពាណិជ្ជកម្មខ្ពស់ៗ និងសំណង់លំនៅដ្ឋានលក្ខណៈបុរីជាដើម។ ការសាងសង់អគារទាំងអស់នេះ គឺជាសូចនាករដែលបង្ហាញពីភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច ហើយនៅពេលខាងមុខកម្ពុជាយើង នឹងមានអាគារខ្ពស់ៗបន្ថែមទៀតទាំងទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្ត”។

ក្រៅពីកិច្ចបន្តសកម្មភាពសាងសង់សំណង់ទាំងនេះ សម្រាប់ការអភិវឌ្ឍន៍លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសដែលបណ្តាក់ទុនវិនិយោគដោយរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏កំពុងតែសម្រុកបន្តដំណើរឆ្ពោះទៅមុខជានិច្ច ជាក់ស្ដែងគម្រោងស្ថាបនាផ្លូវចំនួន៣៤ ខ្សែនៅខេត្តព្រះសីហនុទើបតែបញ្ចប់ រដ្ឋាភិបាលបានទម្លាក់ទុន១៥០លានដុល្លារសម្រាប់ស្ថាបនាផ្លូវចំនួន៣៨ខ្សែបន្ថែមទៀតនៅទូទាំងក្រុងសៀមរាប។

លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍បញ្ជាក់ថា “នេះគឺជាការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក៏ជាការចូលរួមលើកទឹកចិត្តដល់បណ្តាអ្នកវិនិយោគជាតិ និងអន្តរជាតិនៅក្នុងវិស័យសាងសង់សំណង់ផងដែរ”។

លោកឧកញ៉ាបន្តថា “នៅពេលហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវថ្នល់ ស្ពាន មានភាពល្អប្រសើរ គឺជាចលករដ៏សំខាន់មួយក្នុងការជំរុញឱ្យមានចរន្តទីផ្សារអចលនទ្រព្យនៅតាមតំបន់នានាទូទាំងប្រទេសមានតម្រូវការ ហើយតម្លៃក៏មានការកើនឡើង ដែលអាចផ្តល់ផលចំណេញដល់បណ្តាអ្នកវិនិយោគ ទាំងវិស័យដីធ្លី ទាំងវិស័យសាងសង់សំណង់លំនៅដ្ឋាន ក៏ដូចជាការអភិវឌ្ឍសំណង់ពាណិជ្ជកម្មផងដែរ”។

គិតនៅត្រឹមដើមត្រីមាសទី៣ ឆ្នាំ២០២០នេះ សម្រាប់តែនៅក្នុងរាជធានីភ្នំពេញ កំណើននៃចំនួនអាគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅបានកើនឡើងរហូតដល់ប្រមាណ១៥០០អាគារ ដែលក្នុងនោះ សំណង់អគារដែលបម្រើនៅក្នុងផ្នែកអាផាតមិនមានជាង៤០០អាគារ សំណង់បម្រើឱ្យផ្នែកខុនដូមានប្រមាណ៧០អាគារ និងសំណង់ចំរុះមានប្រមាណជិត ១០០០អាគារ៕

ក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ដ៏ធំរបស់ថៃគ្រោងពង្រីកអាជីកម្មរបស់ខ្លួននៅកម្ពុជា

ដោយៈប៊ី

ភ្នំពេញៈក្រុមហ៊ុន Berli Jucker Plc (BJC) ដែលជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់បានចុះបញ្ជីថៃ និងជាម្ចាស់ផ្សារទំនើបBig C Supercenter នៅតែប្តេជ្ញាពង្រីកអាជី​វកម្មលក់រាយរបស់ខ្លួន ទោះបីមានវិបត្តិនៃជំងឺរីករាលដាលយ៉ាងនេះក្តី។

គម្រោងពង្រីកហាងរបស់ក្រុមហ៊ុន នៅក្នុងប្រទេសឡាវ កម្ពុជា និងភាគខាងត្បូងប្រទេសចិន គឺនៅតែស្ថិតនៅក្នុងផែនការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post ក្នុងសប្តាហ៍នេះ។

ជាមួយគ្នានេះដែរក្រុមហ៊ុនបានឱ្យដឹងថា អាជីវកម្មលក់រាយរបស់ខ្លួនបង្កើតបានសាច់ប្រាក់លឿនជាងអាជីវកម្មផ្សេងទៀត និងមានឱកាសរីកចម្រើនគ្មានដែនកំណត់ នៅក្នុងទីផ្សារលក់រាយដែលមានទឹកប្រាក់៣,៦ ទ្រីលានបាតរបស់ថៃ ដរាបណាក្រុមហ៊ុនពឹងផ្អែកលើបណ្តាញចែកចាយផ្ទាល់ខ្លួន។

លោកAswin Techajareonvikul នាយកប្រតិបត្តិក្រុមហ៊ុនBJC មានប្រសាសន៍ថា “យើងផ្លាស់ប្តូរការពង្រីកអាជីវកម្មរបស់យើងរយៈពីរ បីឆ្នាំចុងក្រោយនេះ ហើយនឹងបង្កើ​នកិច្ចខិតខំប្រឹងប្រែងរបស់យើង នៅក្នុងអាជីវកម្មនេះនៅចុងឆ្នាំនេះ”។

នៅឆ្នាំ២០១៩ ក្រុមហ៊ុនBJC បានរាយការណ៍ពីប្រាក់ចំណូលសរុប១៧៤ពាន់លានបាត និងប្រាក់ចំណេញសុទ្ធ៧,២៧ ពាន់លានបាត។

ក្រុមហ៊ុនបានចូលរួម នៅក្នុងបណ្តាញផ្គត់ផ្គង់លក់រាយទំនើប ដោយប្រតិបត្តិការហាងលក់រាយទំនើប និងហាងលក់តាមInternet ។

ក្រុមហ៊ុន ក៏ប្រតិបត្តិការអង្គភាពអាជីវកម្មផ្សេងទៀត ដូចជា ការលក់រាយនៅអាស៊ីអាគ្នេយ៍ ហើយមានចំណាប់អារម្មណ៍ក្នុងការរួមបញ្ចូលគ្នា ការទិញយក និងការអភិវឌ្ឍអាជីវកម្មថ្មី។

លោកAswinបានទទួលស្គាល់ថា ក្រុមហ៊ុនបានពង្រីកការពង្រីកការលក់រាយរប​ស់ខ្លួនជាបណ្តោះអាសន្ន ក្នុងកំឡុងពេលផ្ទុះជំងឺCOVID-19 ដោយសារវាមិនច្បាស់ថាតើស្ថានភាពនឹងងើបឡើងវិញនៅត្រីមាសទី៣ឬយ៉ាងណា។

លោកមានប្រសាសន៍ថា “ដោយមានស្ថានភាពល្អប្រសើរ យើងនឹងបន្តការវិនិយោគជាមួយ នឹងបោះទុនវិនិយោគចំនួន១០ពាន់លានបាត ដែលភាគច្រើនគ្រោងនឹងពង្រីកអាជីវកម្មលក់រាយរបស់ក្រុមហ៊ុន”។

ក្រុមហ៊ុនគ្រោងនឹងបើកផ្សារទំនើបថ្មីពីរសាខា អាហារទីតាំង២ និងហាងមីនីខ្នាតធំ ២៤០នៅឆ្នាំនេះ។

នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ក្រុមហ៊ុនបានបើកហាងMini Big C ថ្មីចំនួន៤៦ កន្លែង និងBig C Depots ថ្មីចំនួន៤ដែលជាហាងលក់ដុំ ដែលផ្តោតលើអតិថិជនអាជីវក  ម្ម៕

ក្រុមហ៊ុន fintech ធំមួយរបស់អាមេរិក គ្រោងឈានជើងចូលទីផ្សារកម្ពុជា

ដោយ៖ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុនអាជីវកម្ម Fintech ដែលមានឈ្មោះ Lucy ត្រូវបានបង្កើតឡើង ដោយមានគោលបំណងជួយដល់សហគ្រិនស្ត្រី ដែលត្រូវបានគេមើលរំលង ការមើលស្រាល និងមិនសូវទទួលបានប្រាក់កម្ចី ខណៈក្រុមហ៊ុនគ្រោងនឹងពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានកម្ពុជាផងដែរ។

 

បន្ទាប់ពីបើកដំណើរការសេវាកម្មរបស់ខ្លួននៅប្រទេសសិង្ហបុរីនៅថ្ងៃទី១៥ ខែកញ្ញា ក្រុមការងារនៅ Lucy គ្រោងនឹងពង្រីកពាសពេញអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុនអាជីវកម្មថ្មីនេះ (startup) បានឱ្យដឹងថា ការផ្តោតអារម្មណ៍របស់ខ្លួនលើការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើឱ្យការវិនិយោគមានឥទ្ធិពលសម្រាប់ម្ចាស់អាជីវកម្មជាស្ត្រីពង្រីកប្រតិបត្តិការរបស់ពួកគេ។

យោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Lucy លោក Debbie Watkins បានឱ្យដឹងថា ក្រុមហ៊ុននឹងផ្តោតការផ្តល់ជូនអតិថិជនរបស់ខ្លួនលើសេវាកម្មហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទ ដែលជួយតាមដានព័ត៌មានសំខាន់ៗ។

លោក បានបន្តថា “យើងនឹងផ្តល់សេវាកម្មហិរញ្ញវត្ថុជាច្រើនរាប់ចាប់ពីការរក្សាសុវត្ថិភាព និងសន្សំដល់ ការផ្ទេរប្រាក់ និងឥណទាន។ ទាំងនេះ សេវានីមួយៗនឹងក្លាយជាសំខាន់របស់អតិថិជន។ ពួកគេនឹងត្រូវបានផ្សារភ្ជាប់ ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់លាក់នៃផ្នែកសេដ្ឋកិច្ចផ្សេងៗគ្នាដែលយើងនឹងកំពុងបម្រើ”។

ពួកគេក៏មានគម្រោងជួយជំរុញសហគមន៍ និងការតភ្ជាប់ទៅម្ចាស់អាជីវកម្មផ្សេងទៀតនៅទូទាំងតំបន់។
លោកស្រីបានបន្ថែមថា “ផ្នែកសំខាន់នៃក្រុមហ៊ុន Lucy ក៏ជាសហគមន៍ផងដែរ ដែលផ្សារភ្ជាប់សហគ្រិនស្ត្រីទៅនឹងគ្រប់ក្រុមសេដ្ឋកិច្ចសង្គម ដើម្បីឱ្យពួកគេអាចផ្តល់ដំបូន្មានជាក់ស្តែងដល់គ្នាទៅវិញទៅមក”៕ ASEAN Today

ទីផ្សារលក់រាយរបស់ចិនចាប់ផ្តើមមានសន្ទុះងើបឡើងវិញ

ដោយៈវុត្ថា

ប៉េកាំងៈ ទីផ្សារលក់រាយ (Retail) របស់ប្រទេសចិន បានចាប់ផ្តើមមានសន្ទុះឡើងវិញនៅក្នុងអំឡុងខែសីហា ឆ្នាំ២០២០កន្លងទៅនេះ   បន្ទាប់ពីប្រជាជននៅក្នុងប្រទេសនេះបានបង្កើនការចំណាយទៅលើការដើរផ្សារ ហើយក៏ជាសញ្ញាល្អមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចឱ្យងើបឡើងវិញផងដែរ។

យោងតាមរបាយការណ៍របស់ការិយាល័យស្ថិតិជាតិចិន ដែលបានចេញផ្សាយនៅថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២០នេះបានឱ្យដឹងថា ការលក់រាយរបស់ចិនបានកើនឡើងវិញប្រមាណ០.៥ភាគរយ នៅក្នុងខែសីហាកន្លងមកនេះ បើធៀបនឹងឆ្នាំមុន ដែលជាសញ្ញាវិជ្ជមានសម្រាប់ឆ្នាំនេះ។ សម្រាប់ការលក់ឧបករណ៍ទំនាក់ទំនង បានកើនឡើង២៥,១ភាគរយ បើធៀបនឹងឆ្នាំមុន ហើយការលក់រថយន្តបានកើនឡើង១១,៨ ភាគរយ ។

របាយការណ៍ដដែលបន្តថា  ការលក់រាយក្នុងរយៈពេល៨ខែដំបូង នៃឆ្នាំនេះបានធ្លាក់ចុះ៨,៦ភាគរយ បើធៀបទៅនឹងឆ្នាំមុន ។ ដោយឡែកចំពោះការលក់រាយទំនិញតាមប្រព័ន្ធអ៊ីនធឺណិតបានកើនឡើង១៥,៨ ក្នុងអំឡុងពេលនេះ។ ចំពោះអត្រាគ្មានការងារធ្វើនៅក្នុងប្រទេសចិន ដែលត្រូវបានធ្វើការស្ទង់មតិផ្លូវជាផ្លូវការចំនួន៥,៦ភាគរយ ពោលគឺទាបជាងខែកក្កដា០,១ ភាគរយ។

របាយការណ៍ដដែលបញ្ជាក់ទៀតថា ចំពោះផលិតកម្មឧស្សាហកម្ម បានកើនឡើង ៥,៦ភាគរយ នៅក្នុងខែសីហាពីមួយឆ្នាំមុន ខណៈការវិនិយោគលើទ្រព្យសកម្មមានការធ្លាក់ចុះ០,៣ ភាគរយសម្រាប់រយៈពេល៨ខែដំបូងនៃឆ្នាំនេះ៕

តំបន់ផ្លូវ៦០ម៉ែត្រ ប្រែក្លាយពីបឹងទឹកកខ្វក់ទៅជាតំបន់សម្រាប់អភិជន

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ តំបន់ផ្លូវ ៦០ម៉ែត្រ ឬមហាវិថីសម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយជាតំបន់ថ្មីសម្រាប់អភិជនរស់នៅ ខណៈ ដែលសំណង់លំនៅឋានមានតម្លៃខ្ពស់ និង តម្លៃដីធ្លីបច្ចុប្បន្ននេះ ទីតាំងខ្លះបានឡើងដល់ ១២០០ ដុល្លារអាមេរិក ហើយនៅម្តុំគម្រោងអភិវឌ្ឍន៍បុរី R&F តំលៃឡើងដល់ ២៤០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុន Amatak Property Service បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា តំបន់នេះ នឹងក្លាយជាតំបន់ពាណិជ្ជកម្ម និងលំនៅឋានកម្រិតខ្ពស់ ដែលមានធនធានល្មមៗ គឺមិនអាចទៅទិញនៅទីនេះ បាននោះទេ ហើយសម្រាប់ការភិវឌ្ឍន៍វិញគឺមានគម្រោងធំៗ និងទំនើបៗ។

លោកស្រីបន្តថា សម្រាប់ដីធ្លីនៅនេះ គឺមានទំហំធំ ហើយមានតម្លៃខ្ពស់ ដែលអ្នកទិញភាគច្រើន យកទៅអភិវឌ្ឍន៍សាងសង់លំនៅឋាន អគារពាណិជ្ជកម្ម សាលារៀន និង មន្ទីរពេទ្យកំរិតខ្ពស់ ពោលគឺគេមិនមែនអភិវឌ្ឍន៍លើគម្រោងតូចតាចនោះទេ។

លោកស្រី អាន សុធិតា នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia ធ្លាប់បានឱ្យដឹងដែរថា តំបន់ផ្លូវ ៦០ ម៉ែត្រមានតម្លៃដីខ្ពស់ មិនមែនមានតែពេលនេះទេ ពោលគឺវាឡើងចាប់តាំងពីសម្ពោធផ្លូវនេះមកម្ល៉េះ ។ ដីដែលមានតម្លៃល្អ គឺនៅជាប់នឹងផ្លូវធំ និងក្បែរគម្រោងអភិវឌ្ឍន៍ធំៗ។

លោកស្រីបន្តថា ផ្លូវ៦០ម៉ែត្រនេះ នឹងក្លាយទៅជាតំបន់ពាណិជ្ជកម្មកម្រិតខ្ពស់របស់ទីក្រុងភ្នំពេញនាពេលខាងមុខនេះ ខណៈតំបន់នេះកំពុងទាក់ទាញគម្រោងវិនិយោគធំៗចូលទៅយ៉ាងច្រើន ដូចជា គម្រោងបុរី លំនៅឋាន អគារការិយាល័យ និង អគារពាណិជ្ជកម្មជាដើម ដែលនឹងប្រែក្លាយតំបន់នេះ ទៅជាតំបន់អភិវឌ្ឍ៍មួយដ៏សំខាន់ ហើយក្នុងរយៈពេល៥ឆ្នាំខាងមុខ នឹងក្លាយជាតំបន់ដ៏ពេញនិយមសម្រាប់ការរស់នៅបែបទំនើប និងការធ្វើពាណិជ្ជកម្មរបស់ទីក្រុងភ្នំពេញ៕

ក្រសួងសេដ្ឋកិច្ចពន្យាពេលអនុវត្តន៍ការផាកពិន័យអន្តរការលើបទល្មើសស្តីពីគណនេយ្យ និងសវនកម្ម

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេច និងចេញសារាចរណែនាំស្ដីពីការពន្យារពេលក្នុងការអនុវត្ដលើការពិន័យអន្ដរការណ៍ ចំពោះអំពើល្មើសទៅនឹងច្បាប់ស្ដីពីគណនេយ្យ និងសវនកម្ម ដើម្បីទុកពេលឱ្យវិស័យឯកជនរៀបចំខ្លួន និងត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងការអនុវត្តស្របតាមច្បាប់ដែលបានកំណត់។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានសម្រេចចេញសារាចរណែនាំស្ដីពីការពន្យារពេលអនុវត្តការពិន័យអន្តរការណ៍ និងអំពើល្មើសទៅនឹងច្បាប់ស្ដីពីគណនេយ្យ និងសវនកម្ម។

នៅក្នុងសារាចរណែនាំដដែលនេះក៏បានបង្ហាញពីគោលបំណងដែលទុកលទ្ធភាព និងពេលវេលាឱ្យបានសមស្រប ដល់វិស័យឯកជន ក្នុងការរៀបចំខ្លួន និងត្រៀមលក្ខណៈឱ្យបានរួចរាល់អនុវត្តច្បាប់ស្ដីពីគណនេយ្យ និងសវនកម្ម និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធជាធរមានប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។

ការពន្យារពេលនេះលើការអនុវត្តខាងលើនេះ ត្រូវបានធ្វើឡើងតែចំពោះសហគ្រាស ឬនីតិបុគ្គល ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ឬនៅអគ្គនាយកដ្ឋានពន្ធដារជាសហគ្រាសអ្នកជាប់ពន្ធធំ និងសហគ្រាសអ្នកជាប់ពន្ធមធ្យម ក៏ដូចជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលបានចុះបញ្ជីនៅក្រសួងនិងស្ថាប័នជំនាញរយៈពេល១ឆ្នាំ ដោយគិតចាប់ពីកាលបរិច្ឆេទចេញសារាចរណ៍ណែនាំនេះតទៅ។

ការពន្យាពេលនេះមិនមែនអនុវត្តចំពោះគណនេយ្យករ និងសវនករដែលជាសមាជិករបស់វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា ដែលទទួលបានអាជ្ញារបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យ ឬសវនកម្មពី ក.ជ.គ នោះឡើយ ៕ សេចក្ដីលម្អិត សូមអានសារាចរណ៍ណែនាំទាំងស្រុងដូចខាងក្រោម ៖