ក្រុមហ៊ុនRosewoodសម្រេចបោះទុន៤៥ពាន់លានដុល្លារសាងសង់ទីក្រុងថ្មីមួយនៅប្រទេសកាតា

ដោយវុត្ថា

ភ្នំពេញៈ ក្រុមហ៊ុនបដិសណ្ឋារកិច្ច Roeswood បានសម្រេចបោះទុនវិនិយោគ ៤៥ ពាន់លានដុល្លារអាមេរិក សាងសង់ទីក្រុងថ្មីមួយនៅទីក្រុងដូហា ប្រទេសកាតា ដែលរួមបញ្ចូលនូវមជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅដ្ឋាន ពហុកីឡាដ្ឋានដែលគ្របដណ្តប់លើផ្ទៃដី៣៨គីឡូម៉ែត្រក្រឡា។

គំរោងបង្កើតទីក្រុង ដែលមានឈ្មោះLusail City រួមមានអគារភ្លោះកំពស់៤០ជាន់ នៅក្នុងទីក្រុងDoha ប្រទេសកាតាដែលនឹងមានកន្លែងស្នាក់នៅចំនួន៣០០បន្ទប់ដែលអាចទិញខណៈដែលនៅក្នុងអគារជាន់៣៧នឹងបំរើសេវាសណ្ឋាគារប្រណីត១៨៥បន្ទប់និងមានអាផាមិនចំនួន១៧៣សម្រាប់ស្នាក់នៅយូឆ្នាំផងដែរ។

តាមការការចុះផ្សាយរបស់សារព័ត៌មានcladglobal.com បានឱ្យដឹងថា ក្រុមហ៊ុន Rosewood បានចាប់ដៃគូជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ ដែលមានមូលដ្ឋាននៅក្នុងប្រទេស Qatar ឈ្មោះ Arka Investment ក្នុងការសាងសង់អគារនេះ ដែលនឹងដាក់ឱ្យដំណើរនៅក្នុងឆ្នាំ ២០២២ ខាងមុខ។ នេះគឺការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន Rosewood ដ៏ធំមួយមកកាន់តំបន់មជ្ឈឹមបូព៌ា ។

គម្រោងសាងសង់ទីក្រុង និងមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ត្រូវបានប៉ាន់ប្រមាណក្នុងការចំណាយទឹកប្រាក់ រហូតដល់៤៥ពាន់លានដុល្លារអាមេរិក ដែលមានឈ្មោះថាLusail City ដែលលាតសន្ធឹងលើផ្ទៃដី៣៨ គីឡូម៉ែត្រក្រឡា និងមានកោះចំនួន៤ និងតំបន់ពហុលំនៅដ្ឋានចំនួន ១៩ កន្លែង អគារប្រើប្រាស់ចម្រុះ កន្លែងកម្សាន្ត និងតំបន់ពាណិជ្ជកម្ម។

មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ ត្រូវបានបង្កើតឡើងដោយក្រុមការងារមកពីការិយាល័យវិស្វកម្មអារ៉ាប់ (AEB) ដឹកនាំដោយ លោក Ibrahim M Jaidah ដែលជាស្ថាបត្យករកាតាដ៏ល្បីឈ្មោះ ដែលត្រូវបានគេស្គាល់ថាជាទស្សនវិទ្យា ផ្នែករចនាប្លង់សាងសង់អគារ ដែលឆ្លើយតបទៅនឹងបរិស្ថានធម្មជាតិ ប៉ុន្តែវាក៏មានការលាយឡំងជាមួយនឹងវប្បធម៌និ ងសង្គមផងដែរ៕

រដ្ឋាភិបាលសម្រេចដំឡើងច្រកទ្វារព្រំដែនម៉ឺនជ័យ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិកម្ពុជា-វៀតណាម

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃបានសម្រេចដំឡើងកម្រិតច្រកទ្វារព្រំដែន ម៉ឺនជ័យ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ (កម្ពុជា-វៀតណាម) និងត្រៀមដាក់ឱ្យដំណើរការជាផ្លូវការនាពេលខាងមុខដ៏ខ្លី ដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម និង សម្រួលដល់ពលរដ្ឋធ្វើដំណើរឆ្លងកាត់ ព្រមទាំងដឹកជញ្ជូនទំនិញ។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២០នេះឱ្យដឹងថា នាពេលកន្លងមក រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានឯកភាពគ្នាដំឡើងកម្រិតច្រកទ្វារព្រំដែន ម៉ឺនជ័យ ទៅជាច្រកទ្វារអន្ដរជាតិ ដើម្បីបង្កើនកិច្ចសហការជាមួយប្រទេសជិតខាង និងសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការធ្វើពាណិជ្ជកម្មរវាងប្រជាជននៃប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរលើគ្រប់វិស័យ។

លោកបន្ដថា ដើម្បីធានាដល់ការសម្ពោធច្រកទ្វារព្រំដែន ម៉ឺនជ័យ នាពេលខាងមុខនេះ ក្រសួមហាផ្ទៃ ក៏បានចាត់ឲ្យ លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូ ចុះទៅជួបពិភាក្សាការងារជាមួយភាគី វៀតណាម ចំនួន២លើកផងដែរ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ បានចុះពិនិត្យដំណើរការសាងសង់អាគាររដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ដែលគិតរហូតមកដល់ពេលនេះ អាគាររដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ សាងសង់ស្ទើរតែបញ្ចប់១០០ភាគរយ ហើយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលវេលាសមសម្រាប់ខាងមុខនេះ

ច្រកទ្វារព្រំដែនម៉ឺនជ័យ គឺមានទីតាំងស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលជាប់នឹងច្រកទ្វារតំបន់ព្រំដែន តឺនណា ខេត្តតៃនិញ ប្រទេសវៀតណាម៕

អូស្ត្រាលី ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចមិនធ្លាប់មានក្នុងប្រវិត្តិសាស្ត្រ

ដោយ ៖ ប៊ី

អន្តរជាតិ ៖ ជំងឺ COVID-19 បានរុញច្រានឱ្យប្រទេសអូស្រ្តាលីធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជិត ៣ ទសវត្សរ៍។

ការិយាល័យស្ថិតិអូស្រ្តាលី (ABS) បានឱ្យដឹងកាលពីថ្ងៃពុធថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសបានធ្លាក់ចុះ ៧ភាគរយនៅក្នុងត្រីមាសទី ២ បើប្រៀបធៀបទៅនឹងត្រីមាសទី១។ វាជាការធ្លាក់ចុះត្រីមាសទី២ ជាប់ៗគ្នាសម្រាប់ប្រទេសអូស្រ្តាលី ដោយផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ០,៣ ភាគរយ នៅក្នុងត្រីមាសទី១ និងជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមក្នុងឆ្នាំ ១៩៥៩។ វាក៏អាក្រក់ជាងការរំពឹងទុកថាធ្លាក់ចុះ ៥,៩ ភាគរយ នៅក្នុងការស្ទង់មតិរបស់ក្រុមអ្នកវិភាគដោយក្រុមហ៊ុន Refinitiv។

អាជ្ញាធរបានសន្មត់ថា ការធ្លាក់ចុះនេះគឺដោយសារវិធានការការពាររាតត្បាត និងការបិទទ្វារប្រទេស ដែលបានអនុវត្តដើម្បីទប់ស្កាត់ជំងឺ ទោះបីជាប្រទេសអូស្រ្តាលីធ្លាប់មានបញ្ហាជាមួយនឹងបញ្ហាមុនៗ ក៏ដោយ។

យោងតាមក្រុមប្រឹក្សានាំចេញទេសចរណ៍អូស្រ្តាលី បានឱ្យដឹងថា ប្រទេសនេះត្រូវបានបំផ្លិចបំផ្លាញកាលពីដើមឆ្នាំនេះដោយសារភ្លើងឆេះព្រៃដ៏អាក្រក់បំផុត ដែលប្រទេសមិនធ្លាប់ជួបនៅក្នុងជាច្រើនទសវត្ស ដែលបានរារាំងការចំណាយរបស់អ្នកប្រើប្រាស់ និងទេសចរណ៍។

នៅក្នុងត្រីមាសចុងក្រោយនេះ ការបិទសណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀត ដោយសារតែជំងឺរាតត្បាតបានជះឥទ្ធិពលយ៉ាងខ្លាំង ដូចជាការប្រើប្រាស់ក្នុងគ្រួសារបានធ្លាក់ចុះជាង ១២ ភាគរយ ខណៈការចំណាយលើសេវាកម្មផ្សេងៗបានធ្លាក់ចុះជិត ១៨ ភាគរយ។

លោក Josh Frydenberg ហេរញ្ញិក បាននិយាយនៅទីក្រុង Canberra កាលពីថ្ងៃពុធថា “យើងបានធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីជួយសហគមន៍អូស្រ្តាលី អាចចាកចេញឆ្ងាយបីពីជំងឺ Covid-19។ អាទិភាពរបស់យើងមាន ហើយនឹងបន្តជួយសង្គ្រោះអាយុជីវិត និងធានាថា ប្រព័ន្ធថែទាំសុខភាពរបស់អូស្រ្តាលីមានសមត្ថភាពក្នុងការធ្វើតេស្ត និងតាមដាន និងព្យាបាលករណីឆ្លងវីរុសនេះ”។

វាទំនងជាមានការប៉ះពាល់កាន់តែច្រើន។ ធនាគារបណ្តាលអូស្ត្រាលី បានឱ្យដឹងថា ល្បឿននៃការងើបឡើងវិញ គឺមិនប្រាកដប្រជាទេ អាស្រ័យលើរយៈពេលនៃការផ្ទុះឡើងនៃជំងឺនេះបាត់បង់ទៅវិញ។ ហើយរដ្ឋ Victoria ដែលមានប្រជាជនច្រើនជាងគេបំផុតទី ២ នៅអូស្ត្រាលី និងជាទីប្រជុំជននៃទីក្រុង Melbourne ឥឡូវនេះកំពុងមានការរឹតត្បិតខ្លាំងបំផុត បន្ទាប់ពីរលកទី២ នៃជំងឺCOVID-19។ លោក Frydenberg បានបន្ថែមថា “នេះគឺជាបញ្ហាដែលបណ្តាលបីជំងឺCOVID-19”៕ CNN

អាជីវកម្មសេវាទេសចរណ៍ជាង ៣០ ភាគរយ បានបើកដំណើរការឡើងវិញ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អាជីវកម្មទេសចរណ៍នៅក្នុងប្រទេសកម្ពុជាជាង ៣០ ភាគរយ ត្រូវបានបើកដំណើរការឡើងវិញ ដើម្បីទទួលស្វាគមន៍ចលនាភ្ញៀវទេសចរផ្ទៃក្នុង និងបានជួយសម្រួលដល់ជីវភាព និងការលំបាកនិយោជិត និងបុគ្គលិកកំពុងបំរើការងារនៅក្នុងវិស័យនេះ។

លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍នៅក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពវិស័យទេសចរណ៍ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺ Covid-19 នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះ ឱ្យដឹងថា នៅក្នុងកាលៈទេសៈនេះ ភ្ញៀវទេសចរផ្ទៃក្នុងនឹងមានការកើនឡើងបន្ថែមទៀត ដែលនឹងជំរុញឱ្យអាជីវកម្មទេសចរណ៍បន្តបើកដំណើរការឡើងវិញផងដែរ។

លោកបន្តថា នៅពេលខាងមុខនេះ បន្ទាប់ពីជំងឺ Covid-19 មានការថមថយ និងគ្រប់គ្រងបានភ្ញៀវទេសចរអន្តរជាតិនឹងមកកម្ពុជាវិញ នៅពេលនេះ សកម្មភាពអាជីវកម្ម និងកំណើនភ្ញៀវទេសចរនឹងមានភាពល្អប្រសើរ។

លោកបន្ថែមទៀតថា “ស្របពេលជាមួយគ្នានេះ មូលដ្ឋានអាជីវកម្មនានានៅក្នុងប្រទេសនឹងបើកដំណើរការទទួលភ្ញៀវទេសចរនាពេលខាងមុខ តែដំណើរការពេញលេញនូវពេលណានោះ គឺមិនទាន់ដឹងនៅឡើយទេ ខណៈដែលមិនទាន់មានវ៉ាក់សាំងការពារពីជំងឺ Covid-19 បើទោះបីប្រទេសមួយចំនួនប្រកាសបានបានរកឃើញក៏ដោយ។

លោកបញ្ជាក់ថា នៅក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំនាពលកន្លងមកនេះ ក្រសួងបានវាយតម្លៃបឋមជុំវិញថ្ងៃឈប់សម្រាកចំណូលចូលទៅក្នុងវិស័យទេសចរណ៍ប្រមាណ ១០០ លានដុល្លារអាមេរិក ហើយរំពឹងថា នាពេលខាងមុខនេះ វិស័យទេសចរណ៍នឹងទទួលបានចំណូលរហូតដល់ ៥០០ លានដុល្លារអាមេរិក បន្ទាប់ពីមានចលនាទេសចរណ៍ផ្ទៃក្នុងច្រើន ដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នៅទូទាំងប្រទេសកម្ពុជា។

យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានីខេត្ត បានបង្ហាញថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសចាប់ពី ថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ មានចំនួនប្រមាណ ១.៤៥៩.៣៨៦ នាក់ ក្នុងនោះ ភ្ញៀវជាតិមានចំនួនប្រមាណ ១.៤៤៥.២៣៨ នាក់ និង ភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ១៤.១៤៨ នាក់៕

អ្នកវិនិយោគអចលនទ្រព្យ កំពុងតែសម្លឹងឃើញសក្តានុពលនៃការអភិវឌ្ឍន៍វិស័យលំនៅដ្ឋាននៅតំបន់ជាយក្រុង

ដោយ ៖ សុខា

ភ្នំពេញ ៖ ទីផ្សារលំនៅដ្ឋាននាពេលបច្ចុប្បន្ន ក៏ដូចជាបន្តទៅថ្ងៃអនាគត តម្រូវការទីផ្សារនៅតែមានក្នុងអត្រាមួយដ៏ខ្ពស់ ជាពិសេសនៅតំបន់ជាយក្រុង ដូចជាតំបន់ទំនប់កប់ស្រូវជាដើម ដែលគ្រាន់តែគម្រោងបុរី KP បាន និងកំពុងសាងសង់លំនៅដ្ឋានបែបទាន់សម័យជាប្រភេទវីឡារហូតដល់ប្រមាណ៤០០០ខ្នង នៅលើផ្ទៃដីទំហំ ប្រមាណ១០០ហិកតាសម្រាប់ផ្គត់ផ្គង់។

បច្ចុប្បន្ននេះ តំបន់ទំនប់កប់ស្រូវដែលស្ថិតនៅជាយក្រុងមានគម្រោងសាងសង់បុរីមិនក្រោម៣០គម្រោងនោះទេ ដោយក្នុងនោះមានចំនួនលំនៅដ្ឋានប្រមាណជិត១០០០០ខ្នងត្រូវបានសាងសង់រួច និងមានសំណង់បុរីជាច្រើនទៀតដែលកំពុងមានសកម្មភាពយ៉ាងរស់រវើកដើម្បីជំរុញបញ្ចប់គម្រោងរបស់ខ្លួន។

ជាមួយនឹងសកម្មភាពអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋាននេះ អ្នកវិនិយោគជាច្រើនមានភាពសុទិដ្ឋិនិយមចំពោះទីផ្សារលំនៅដ្ឋាននាពេលបច្ចុប្បន្ន ក៏ដូចជាបន្តទៅថ្ងៃអនាគត ដោយពិនិត្យឃើញថាលំហូរនៃចំនួនប្រជាជនចំណូលថ្មីមកកាន់រាជធានីភ្នំពេញសុទ្ធតែមានតម្រូវការស្នាក់នៅធ្វើឪ្យចំនួនលំនៅដ្ឋានមានការកើនឡើងជាបន្តបន្ទាប់ ខណៈពេលដែលទីផ្សារលំនៅដ្ឋាននៅកណ្តាលក្រុងមានភាពចង្អៀត និងតំលៃខ្ពស់កប់ក្តោង ធ្វើឪ្យប្រជាជនមួយចំនួនធំមានការចាប់អារម្មណ៍ខ្លាំងក្នុងការទិញផ្ទះ ឬដីឡូតិ៍នៅតំបន់ជាយក្រុងដែលមានតម្លៃសមរម្យ និងមានទីធ្លាធំទូលាយ។

ក្នុងនោះផងដែរគេមើលឃើញថា គម្រោងបុរី KP ម៉ន ដានី កំពុងតែនាំមុខគេក្នុងវិស័យការអភិវឌ្ឍន៍លំនៅដ្ឋាននៅតំបន់ទំបន់កប់ស្រូវនៅលើផ្ទៃដីប្រមាណជាង ១០០ ហិតា ដែលបាននឹងកំពុងសាងសង់ប្រមាណជា៤០០០វីឡា មានរចនាបទបែបស៊ីវិស័យ ដែលនៅក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ បើទោះបីជាស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចថមថយបន្តិច ក៏ដូចជាបញ្ហា Covid-19ក៏ដោយ ក៏គម្រោងបុរី KP ម៉ន ដានី នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន និងនៅតែមានការបន្ថែមល្បឿនក្នុងការសាងសង់ ព្រមទាំងមានការពង្រីកគម្រោងថែមទៀត។

យ៉ាងណាមិញ នាពេលបច្ចុប្បន្នការអភិវឌ្ឍលំនៅដ្ឋាន ក៏ដូចជាគម្រោងដីពុះឡូតិ៍នៅតំបន់ជាយក្រុងនៅតែរក្សាបានតម្លៃល្អសម្រាប់ការវិនិយោគ និងរំពឹងទុកក្នុងការទទួលបានផលចំណេញខ្ពស់នាពេលអនាគត ដែលនឹងកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងលើហេដ្ឋារចនាសម្ព័ន្ធ និងវិស័យឧស្សាហកម្មផ្សេងៗដែលទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ ៕

ក្រុមហ៊ុន SUNDOOR កាន់តែទទួលបានទំនុកចិត្តខ្ពស់លើការផ្គត់ផ្គង់ផលិតផលទ្វារ និងពិដានបែបទាន់សម័យនៅកម្ពុជា

អត្ថបទ ៖ រ៉ាណេត

ភ្នំពេញ ៖ បន្ទាប់ពីបានចាប់ដំណើរការជាផ្លូវការកាលពីពេលកន្លងទៅក្នុងនាមជាក្រុមហ៊ុនជំនាញមានឯកទេសខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ប្រភេទទ្វារ PVC និងពិដានបែបទាន់សម័យ SUNDOOR កាន់តែទទួលបាននូវទំនុកចិត្ត និងមានប្រជាប្រិយភាពនៅក្នុងវិស័យសំណង់កម្ពុជា។

SUNDOOR ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនមានជំនាញខ្ពស់ក្នុងការផលិតពិដាន និងទ្វារប្រភេទ PVCសម្រាប់ដាក់បន្ទប់គេង ខុនដូ មន្ទីរពេទ្យ សាលារៀន វីឡា ផ្ទះល្វែង ដែលមានគុណភាពល្អ មិនរីករួម ស្រក កម្មង់ទំហំទៅតាមតម្រូវការបែបទំនើបទាន់សម័យប្រកបដោយគុណភាព សោភ័ណភាព ដែលកំពុងមានប្រជាប្រិយភាពនៅក្នុងវិស័យសំណង់កម្ពុជានាពេលបច្ចុប្បន្ន។

ក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ទ្វារ ពិដាន SUNDOOR មានក្រុមអ្នកជំនាញដែលពោរពេញទៅដោយសមត្ថភាព និងភាពម៉ឺងម៉ាត់ ដោយមានការត្រៀមខ្លួនរួចជាស្រេចក្នុងការចូលប្រឡូក ប្រកួតប្រជែងនៅក្នុងទីផ្សារកម្ពុជា ដែលជាស្ថាប័នធំៗមានស្រាប់។ ក្រុមហ៊ុនមានក្ដីរំពឹង និងជឿជាក់យ៉ាងច្បាស់ក្នុងកិច្ចដំណើរការរបស់ខ្លួន ដែលនឹងឈានទៅរកភាពជោគជ័យក្នុងពេលដ៏ខ្លីខាងមុខនេះ។

អ្នកតំណាងក្រុមហ៊ុន SUNDOOR បានបញ្ជាក់ថា នៅក្នុងរយៈពេលដ៏ខ្លីនៃកិច្ចដំណើរការផ្គត់ផ្គង់ផលិតផលក្នុងវិស័យសំណង់នៅកម្ពុជាកន្លងទៅនេះ ខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនបានប្រព្រឹត្តទៅយ៉ាងរលូន ខណៈដែលក្រុមហ៊ុនមានការតាំងចិត្តខ្ពស់ជាមួយនឹងការខិតខំប្រឹងប្រែងក្នុងការជំនះនូវរាល់ឧបសគ្គដែលប្រឈម ហើយធ្វើការដោះស្រាយដោយសន្ដិវិធី ដើម្បីឈានទៅដល់ការគោលដៅនៃភាពជោគជ័យយ៉ាងត្រចះត្រចង់។ គោលបំណងចម្បងរបស់ក្រុមហ៊ុនក្នុងរយៈពេលនេះ គឺចាំបាច់បំផុត ធ្វើគ្រប់មធ្យោបាយ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន ធ្វើយ៉ាងណាពង្រីកវិសាលភាព និងចែកចាយនៅលើទីផ្សារគ្រប់បណ្តាខេត្តក្រុងនានានៅទូទាំងប្រទេសកម្ពុជា។

ក្រុមហ៊ុន SUNDOOR មានគោលដៅយ៉ាងមុតមាំដើម្បីក្លាយខ្លួនទៅជាក្រុមហ៊ុនឈានមុខគេមួយក្នុងការផ្គត់ផ្គង់ទ្វារ និងពិដាន ដែលមានលក្ខណៈទំនើប ទាន់សម័យ ប្រកបដោយគុណភាព ដែលជាតម្រូវការចាំបាច់សម្រាប់វិស័យសំណង់នៅកម្ពុជា ។ បច្ចុប្បន្ន ក្រុមហ៊ុន SUNDOOR បាន និងកំពុងរៀបចំគោលនយោបាយក្នុងការក្លាយខ្លួនជាស្ថាប័នដែលមានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស រួមជាមួយនឹងការដាក់គោលដៅចម្បងក្នុងការស្វែងរកផលចំណេញជូនអតិថិជន ដោយការផ្តល់ជូននូវផលិតផលថ្មីៗប្រកបដោយគុណភាពខ្ពស់ទៅកាន់ទីផ្សារកម្ពុជា ដែលកំពុងមានកំណើនសេដ្ឋកិច្ច និងកាលានុវត្តភាពនៃវិស័យពាណិជ្ជកម្មនៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានបេសកកម្មពិសេស ដើម្បីធ្វើការផ្តល់ជូននូវសេវាកម្ម រួមជាមួយនឹងផលិតផលមានគុណភាព ប្រកបដោយក្រមសីលធម៌របស់បុគ្គលិកជំនាញ មានសមត្ថភាព និងចំណេះដឹងយ៉ាងពិតប្រាកដ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជនគោលដៅរបស់ខ្លួន ដែលក្នុងនោះរួមមានជាអាទិ៍ ៖ អតិថិជនដែលជាអ្នកប្រើប្រាស់ផ្ទាល់ អ្នកចែកចាយបន្ត ក៏ដូចជាចែកចាយទៅតាមបណ្តាទីផ្សារនៅទូទាំងប្រទេសទៅតាមតម្រូវការ។

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ 077 555 554 / 077 783 168 / 087 783 168

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍សន្និបាតសមុទ្រអាស៊ីបូព៌ានៅក្រុងព្រះសីហនុ

ដោយ ៖ វុត្ថា

ព្រះសីហនុ ៖ បើមិនមានអ្វីប្រែប្រួលនោះទេ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងព្រឹត្តិការណ៍មហាសន្និបាត
សមុទ្រអាស៊ីបូព៌ា និងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា នៅក្រុងព្រះសីហនុក្នុងនាមជាម្ចាស់ផ្ទះ។

លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ និងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ដោយកំណត់យកខេត្តព្រះសីហនុ។

លោកបានបញ្ជាក់ថា វេទិការៀបចំឡើងនៅថ្ងៃនេះ គឺស្ថិតនៅក្រោមគម្រោងស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅសមុទ្រអាស៊ីបូព៌ា ដែលមានរយៈពេល៥ឆ្នាំ ហើយត្រូវបានអនុវត្តន៍តាំងពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៩ ដោយទទួលបានការគាំទ្រថវិកាពីមូលនិធិបរិស្ថានពិភពលោក (Global Environment Facility-GEF) និងសម្របសម្រួលបច្ចេកទេសដោយអង្គការ PEMSEA។ ដោយសារបញ្ហានៃការអនុវត្តត្រូវបានពន្យារពេល ក៏ដូចជាបញ្ហាជំងឺកូវីដ-១៩ គម្រោងនេះ ត្រូវបានពន្យារពេលរយៈពេល១ឆ្នាំ រហូតដល់ឆ្នាំ២០២០។

គម្រោងនេះ ត្រូវបានអនុវត្តន៍រួមគ្នារវាងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ខេត្តជាប់នឹងតំបន់ឆ្នេរ និងសមុទ្រចំនួន៤ គឺខេត្តកំពត ខេត្តកែប ខេត្តកោះកុង និងខេត្តព្រះសីហនុ ដោយផ្តោតលើទិដ្ឋភាពគោលនយោបាយ និងយន្តការស្ថាប័ន ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការការពារជម្រក និងការស្តាជលផល និងការកាត់បន្ថយហាការបំពុលបរិស្ថាន និងការគ្រប់គ្រងសំណល់ទីក្រុង និងសំណល់សមុទ្រ។

គម្រោងស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅសមុទ្រអាស៊ីបូព៌ា សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់រួមមាន៖

១)ការបោះពុម្ពផ្សាយនូវរបាយការណ៍ជាតិស្តីពី ស្ថានភាពតំបន់ឆ្នេរ និងមហាសមុទ្រ នៃប្រទេសកម្ពុជា (National State of Ocean and Coast-NSOC) ដែលជារបាយការណ៍ដំបូងដែលវិភាគលើស្ថានភាព និងការគំរាមកំហែងធនធាន និងបរិស្ថានសមុទ្រ និងការផ្តួចផ្តើមឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ខៀវ (Blue Economy)។ របាយការណ៍នេះ នឹងជាផ្នែកមួយនៃរបាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៤ ដែលសេចក្តីព្រាងរបាយការណ៍នេះ ត្រូវបានដាក់ក្នុងសិក្ខាសាលាពិនិត្យពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដោយក្រសួងបរិស្ថាន។

២)ការបញ្ចប់ និងបោះពុម្ពផ្សាយសៀវភៅ «ស» ដែលផ្តល់ការត្រួតពិនិត្យ និងអនុសាសន៍សម្រាប់ការធ្វើឲ្យមានគោលនយោបាយសុខដុមនីយកម្ម និងច្បាប់ជាតិ និងការពង្រឹងយន្តការស្ថាប័នសម្រាប់ការអភិវឌ្ឍ និងគ្រប់គ្រងបរិស្ថានតំបន់ឆ្នេរ និងសមុទ្រកម្ពុជា។

៣)ការបញ្ចប់ និងបោះពុម្ពផ្សាយនូវផែនការជាតិដោះស្រាយបញ្ហាប្រេងកំពប់ និងគោលការណ៍ណែនាំជាតិស្តីពីការប្រើប្រាស់សារធាតុគីមីបំបែកធាតុប្រេងកំពប់ ដែលជាផ្នែកមួយនៃការអនុវត្តក្របខ័ណ្ឌរួមសម្រាប់ការសម្របសម្រួល និងការឆ្លើយតបប្រេងកំពប់នៅឈូងសមុទ្រថៃ។
៤)ទទួលបាននូវវគ្គបណ្តុះបណ្តាលធនធានមនុស្សដល់មន្ត្រីថ្នាក់ជាតិ និងខេត្តទាំង៤នៅក្នុងប្រទេស និងក្រៅប្រទេសលើកិច្ចការគ្រប់គ្រងបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ ព្រមទាំងពង្រឹងសមត្ថភាពដល់មន្ត្រីមន្ទីរពិសោធន៍ ដើម្បីចូលរួមតាមដានគ្រប់គ្រងគុណភាពទឹក និងការបំពុលសមុទ្រ៕

កម្ពុជាទទួលបានចំណូល ៣០០លានដុល្លារ ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ដោយ ៖ រ៉ាណេត 

ភ្នំពេញ ៖ ទឹកប្រាក់សរុបប្រមាណជិត ៣០០លានដុល្លារ បានពីការនាំចេញអង្ករគ្រប់ប្រភេទរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ចំនួនជាង ៤៤៨ ២០៣ តោន កើនឡើងជាង ៣១ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ។ 

យោងតាមរបាយការណ៍សង្ខេបរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានបង្ហាញថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២០នេះ កម្ពុជាបានសម្រេចការនាំចេញអង្ករគ្រប់ប្រភេទចំនួន ៤៤៨ ២០៣តោន ដែលមានកំណើនជាង៣១ភាគរយ បើប្រៀបធៀបទៅរយៈពេលដូចគ្នាឆ្នាំ២០១៩ និងគិតជាទឹកប្រាក់មានចំនួនសរុប ២៩៩.៩០ លានដុល្លារ។ 

ក្នុងរយៈពេល៨ខែនេះ កម្ពុជាបាននាំចេញទៅកាន់ប្រទេសចិនបានចំនួន ១៥៩២៥៣តោន, សហគមន៍អ៊ឺរ៉ុបបានចំនួន ១៤៩ ៨៤៨ តោន, បណ្តាប្រទេសសមាជិកអាស៊ានបានចំនួន ៦០៩៣៣តោន ហើយនឹងបណ្តាប្រទេសផ្សេងៗចំនួន២៦ គោលដៅ រួមមាន ហ្កាប៊ុង អូស្ត្រាលី ជាដើម មានចំនួន ៧៨១៦៩តោន។

បរិមាណនាំចេញប្រភេទអង្ករគ្រាប់វែង (Indica rice) នេះបានធ្វើអោយកម្ពុជាមានចំណែក នៅក្នុងទីផ្សារសហគមន៍ អ៊ឺរ៉ុបលំដាប់លេខពីរ បន្ទាប់ពីប្រទេសថៃ ដោយកាន់កាប់ចំណែកទីផ្សារ ២៤.៤ភាគរយ ខណៈប្រទេសថៃកាន់ចំណែក ២៩.៦ភាគរយ ហើយប្រទេសកម្ពុជាក៏ឈរជើងលំដាប់ទី៥ បន្ទាប់ពីវៀតណាម មីយ៉ាន់ម៉ា ប៉ាហ្គីស្ថាន និងប្រទេសថៃ ដោយកម្ពុជាមានចំណែកទីផ្សារ ប្រមាណជិត១១ភាគរយ នៃទីផ្សារអង្ករនាំចូលទៅកាន់ប្រទេសចិន លើប្រភេទអង្ករគ្រាប់វែង(Indica-Long grain) បើទោះជាអង្ករកម្ពុជា ទើបឈានចូលទៅកាន់ទីផ្សារប្រទេសចិននៅក្នុងឆ្នាំ២០១១ក៏ដោយ តែបានទទួលនូវកំណើនយ៉ាងឆាប់រហ័ស ជាពិសេសប្រភេទអង្ករក្រអូបបានកើនជាង៨០ភាគរយ នៅឆ្នាំ២០១៩ ដែលកាលពីឆ្នាំ២០១៥ មានត្រឹមតែ ៤៥.៣ភាគរយ តែប៉ុណ្ណោះ ។ 

ទីផ្សារអង្ករកម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលីកំពុងមានសន្ទុះយ៉ាងខ្លាំងផងដែរ ក្នុងរយៈពេល៨ខែ នៅក្នុង២ឆ្នាំចុងក្រោយនេះ ដែលកើនឡើងចំនួន ៩៤៦.២៧ភាគរយ ពោលគឺ ពី១៩៩៩ តោន ក្នុងឆ្នាំ២០១៨ ទៅដល់ ២០៩១៥ តោន ក្នុងឆ្នាំ២០២០។

ដោយឡែកសម្រាប់ខែសីហាឆ្នាំ ២០២០នេះ ការនាំចេញបានធ្លាក់ចុះប្រមាណជាង ៣៤ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា ទៅឆ្នាំ២០១៩។ ការធ្លាក់ចុះ ដែលជាពិសេសទៅលើអង្ករ ប្រភេទស្រូវសែនក្រអូប បានធ្លាក់ចុះ៨៥.៧៨ភាគរយ ដែលកាលពីខែសីហាឆ្នាំ២០១៩ ការនាំចេញបានរហូតទៅដល់ ១៦ ៣៨៦ តោន តែក្នុងខែសីហា ឆ្នាំ២០២០នេះបានត្រឹមតែ ២ ៣៣៨ តោនប៉ុណ្ណោះ៕

ការដោះស្រាយ​ផលប៉ះពាល់​លើ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ​នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ​បានបញ្ចប់​ហើយ

ដោយៈ រ៉ា​ណេ​ត

កំពង់ស្ពឺៈ ការដោះស្រាយ​ផលប៉ះពាល់​នានា នៅតាម​បណ្តោយ​ផ្លូវ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះសីហនុ សម្រាប់តែ​ខេត្តកំពង់ស្ពឺ គិត​ត្រឹម​ដើមខែ​កញ្ញា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត​បានសម្រេច​បាន​ជិត១០០ភាគរយ​ហើយ។

អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅត្រឹម​ព្រឹក​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ ជា​លទ្ធផល​នៃ​ការដោះស្រាយ​ផលប៉ះពាល់​នានា នៅតាម​បណ្តោយ​គម្រោង​ផ្លូវ​ល្បឿន​ភ្នំពេញ-ព្រះសីហនុ ដែល​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ​ត្រូវបាន​សម្រេច​ជិត១០០ភាគរយ​ហើយ ពោលគឺ​នៅសល់​ត្រឹម​ប៉ុន្មាន​គ្រួសារ​តែប៉ុណ្ណោះ។

លោក​បញ្ជាក់ថា “ចំនួន​ប្រជាពលរដ្ឋ ដែល​ប៉ះពាល់​ជាមួយ​គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​នេះ មាន​ប្រមាន​ជាង៣០០០គ្រួសារ ប៉ុន្តែ​យើង​បានធ្វើការ​ដោះស្រាយបាន​ស្ទើរតែ១០០ភាគរយ​ហើយ នៅសល់តែ​ប្រជាពលរដ្ឋ​មួយចំនួន​តូច ដែល​ស្ថិតនៅ​ក្នុងភូមិ​ពាន​ទុង ហើយ​បើតាម​គម្រោង ដែល​បានលើកឡើង​កាលពី​ចុងខែ​កន្លង​ទៅនោះ នឹងត្រូវ​ប្រជុំ​ជាមួយ​ពួកគាត់​នៅ​ថ្ងៃទី៤ ស្អែក​នេះ ប៉ុន្តែ​ឥឡូវ​ត្រូវបាន​ពន្យា​បន្តិច” ។

លោក​វ៉ី សំណាង​បាន​បញ្ជាក់ថា តាម​កាលកំណត់ ត្រូវ​ជួប​ជាមួយ​ពួកគាត់​នៅ​ថ្ងៃស្អែក​នេះ ប៉ុន្តែ​ដោយសារតែ​ត្រូវ​ចូលរួម​ប្រជុំ​គណៈរដ្ឋមន្ត្រី តាមរយៈ​វីដេអូ​ជាមួយ​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី៤ ខែកញ្ញា ស្អែក​នេះ ក៏ត្រូវ​ពន្យា​ពេល​ជួប​ជាមួយ​ពួកគាត់ រហូតដល់​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​ក្រោយនេះ​វិញ។

សម្រាប់​ការដោះស្រាយ​លើ​ផលប៉ះពាល់ លើ​គម្រោង​មួយ​នេះ ហាក់​មិនមាន​ផល​លំបាក​នោះទេ ដោយសារតែ​បងប្អូន​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​យល់ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​លើ​ការអភិវឌ្ឍ​ប្រទេសជាតិ ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ទៅមុខ។

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុងព្រះសីហនុ​នេះ បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​កាលពី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩កន្លងមកនេះ ក្រោម​អធិបតីភាព  សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដោយ​សម្តេច​បាន​មានប្រសាសន៍ថា គម្រោង​នេះ គឺជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​កម្ពុជា ក្នុងការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ។

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុងព្រះសីហនុ​នេះ ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រវែង៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល​ប្រវែង៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ​ប្រវែង ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង​ប្រវែង១,៩២គីឡូម៉ែត្រ និង​ខេត្ត​ព្រះសីហនុ​មាន​ប្រវែង ៨៩,៨៩គីឡូម៉ែត្រ។ ការស្ថាបនា​ផ្លូវ​នេះ គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ២,០០០លាន​ដុល្លារ​អាម៉េរិក ជា​ទុនវិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ។

គម្រោង​នេះ ត្រូវបាន​ផ្តល់​ការប្រឹក្សា​បច្ចេកទេស​សាង សង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ប្រើ​រយៈពេល​សាងសង់​ចំនួន៤៨ខែ ដោយ​គិត​ចាប់ពី​ខែមីនា ឆ្នាំ២០១៩ ដល់​ខែមីនា ឆ្នាំ២០២៣ ៕

គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ឈរ​នៅ​លំដាប់​លេខ១ ធៀប​នឹង​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យផ្សេងៗទៀត

ដោយៈ ប៊ី

ភ្នំពេញៈ គម្រោង​សាងសង់​សំណង់​ប្រភេទ​លំនៅដ្ឋាន មាន​ទំហំ​ទុនវិនិយោគ​ប្រមាណ​ជាង១៧០០លាន​ដុល្លារ​អាមេរិក ឈរ​ក្នុង​លំដាប់​ទី១ ក្នុងចំណោម​ប្រភេទ​សំណង់​អគារ​ពាណិជ្ជកម្ម អគារ​សាងសង់​ផ្ទះល្វែង និង​សំណង់​អគារ​ពហុ​មុខងារ។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យដឹងថា នៅក្នុង​ឆមាស​ទី១ ឆ្នាំ២០២០ គម្រោង​សាងសង់​សំណង់​នៅ​កម្ពុជា ក្នុងនោះ​មាន​ប្រភេទ​គម្រោង នៃ​ការសាងសង់​សំណង់​ជាច្រើន បាន​កំពុងអភិវឌ្ឍន៍​ឡើង ជាក់ស្ដែង​សំណង់​ប្រភេទ​លំនៅដ្ឋាន កំពុង​សាងសង់​សរុប​ចំនួន​ជាង២ពាន់​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​ជាង៤លាន​ម៉ែត្រការ៉េ ដោយមាន​ទុនវិនិយោគ​នៅលើ​គម្រោង​នេះ ប្រមាណ១៧០០ លាន​ដុល្លារ ឈរ​ក្នុង​លំដាប់​ទី១ នៃ​គម្រោង​សាងសង់​សំណង់ផ្សេង។

អគ្គនាយក​ក្រុមហ៊ុន PREMIUM GROUP លោក ម៉ាន់ ចាន់​ឌី ដែលជា​អ្នក​អភិវឌ្ឍន៍​ក្នុង​វិស័យ​លំនៅដ្ឋាន​មួយរូប បានបង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម ចំពោះ​ទីផ្សារ​លំនៅដ្ឋាន​នាពេល​បច្ចុប្បន្ន ក៏ដូចជា​បន្តទៅ​ថ្ងៃ​អនាគត ដែល​តម្រូវការ​ទីផ្សារ​នៅតែ​បន្ត​មាន ជាក់ស្ដែង​ត្រឹមតែ​តំបន់​ទំនប់​កប់​ស្រូវ ដែល​ស្ថិតនៅ​ជាយក្រុង មាន​គម្រោង​សាងសង់​មិន​ក្រោម១០គម្រោង​នោះទេ ដែលមាន​ចំនួន​លំនៅដ្ឋាន​ជិត១០០០ខ្នង។

លោក​បាន​ថ្លែងថា “មិន​ថា​ពេលនេះ ឬ​បន្តទៅ​ថ្ងៃ​ខាងមុខ​នោះទេ វិស័យ​លំនៅដ្ឋាន​នៅតាម​តំបន់​ជាយក្រុង នៅតែមាន​តម្រូវការ ដោយសារតែ​កំណើនប្រជាជន​ចូលមក​រស់នៅ​រាជធានី​ភ្នំពេញ​កាន់តែ​កើន​ឡើងជា​លំដាប់” ។ លោក​បន្តថា “ជាក់ស្ដែង​និយាយ​ត្រឹមតែ​វត្តមាន​របស់​និស្សិត ដែល​មកពី​តាម​បណ្តា​ខេត្ត​នានា ដើម្បី​សិក្សា​បន្ត និង​បម្រើ​ការងារ​មាន​រហូត​ជិត​ដល់៥ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ” ។

លោក​ម៉ាន់ ចាន់​ឌី បាន​បន្តទៀតថា កំណើន​នៃ​ចំនួន​និស្សិត លំហូរ​នៃ​ចំនួន​ប្រជាជន​ចំណូល​ថ្មី​មកកាន់​រាជធានី​ភ្នំពេញ សុទ្ធ​តែមាន​តម្រូវការ​ស្នាក់នៅ ខណៈដែល​កំណើន​នៃ​ចំនួន​សំណង់​លំនៅដ្ឋាន នៅពេល​បច្ចុប្បន្ន នៅ​មិនទាន់​គ្រប់​តម្រូវការ​នៅឡើយ​នោះទេ។ លំនៅដ្ឋាន​ដែលមាន​ទីផ្សារ និង​តម្រូវការ​ខ្ពស់​បច្ចុប្បន្ននេះ ជា​ប្រភេទ​លំនៅដ្ឋាន​តម្លៃ​មធ្យម ដែល​ស្ថិតនៅក្នុង​ចន្លោះ​ជាង៦ម៉ឺន ទៅ៨ម៉ឺន​ជាង។

ជាមួយគ្នានេះដែរ សំណង់​អគារ​ពាណិជ្ជកម្ម មាន​ចំនួន២២០គម្រោង លើ​តម្លៃ​ទំហំ​ប៉ាន់ស្មាន​ទុនវិនិយោគ​ប្រមាណ​ជាង ១៣០០លាន​ដុល្លារ។ ចំណែក​សំណង់​អគារ​ពហុ​មុខងារ នៅ​ទូទាំងប្រទេស ក្នុង​រយៈពេល​នេះដែរ មាន​ចំនួន ៤៥គម្រោង ស្មើ​ជាង ១,៧ លាន​ម៉ែត្រការ៉េ មានតម្លៃ​ប៉ាន់ស្មាន​លើ​ទុនវិនិយោគ ប្រមាណ ១០០០លាន​ដុល្លារ​អាមេរិក​ផងដែរ។

អគារ​ស្នាក់នៅ​រួមមាន៨២គម្រោង ក្នុងតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ ជាង ៥០០លាន​ដុល្លារ សំណង់​អគារ​រោងចក្រ​នៅ​ទូទាំងប្រទេស មានតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ជាង ៣០០លាន​ដុល្លារ និង​ប្រភេទ​សំណង់​សណ្ឋាគារ​នៅ​ទូទាំងប្រទេស មាន​ចំនួន ១៩ គម្រោង​ស្មើ​ជាង ២៤ម៉ឺន​ម៉ែត្រការ៉េ មានតម្លៃ​ប៉ាន់ស្មាន​ទុ​លើ​ន​វិនិយោគ ប្រមាណ ១៤៥លាន​ដុល្លារ៕