ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ មិនថាស្ថិតនៅក្នុងពេលបច្ចុប្បន្ន ឬបន្តទៅថ្ងៃខាងមុខនោះទេ ចរន្តនៃទីផ្សារអចលនទ្រពញយផ្នែកសំណង់លំនៅដ្ឋាន ដែលរួមមានទាំងសកម្មភាពសាងសង់ និងតម្រូវការ នៅតែបន្តរក្សាបាននូវភាពរឹងមាំ និងមិនទាន់មានសញ្ញាណាមួយបង្ហាញពីក្ដីព្រួយបារម្ភនៅឡើយ។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះថា មិនថាចំពោះពេលនេះ ឬបន្តទៅថ្ងៃខាងមុខក្នុងរយៈពេល៥ទៅ១០ឆ្នាំទៀត តម្រូវការទីផ្សារលំនៅដ្ឋាននៅតែបន្តរក្សាបានលំនឹងដដែល។
លោកស្រីបានបន្តថា “នៅក្នុងវិស័យអចលនទ្រព្យ ផ្នែកលំនៅដ្ឋានគឺជាគោលដៅឈានមុខគេ និងមានតម្រូវការទីផ្សារក្នុងរយៈពេលយូរ ព្រោះមនុស្សត្រូវការលំនៅដ្ឋានសម្រាប់ស្នាក់នៅ ហើយតម្រូវការនេះនៅតែបន្តកើនឡើងជាលំដាប់ ហើយកំណើននៃចំនួនផ្គត់ផ្គង់ក៏នៅមិនទាន់គ្រប់គ្រាន់នៅឡើយ”។
លោកស្រីបានបន្តថា “បច្ចុប្បន្ន ស្របទៅនឹងសកម្មភាពនៃការសាងសង់របស់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកលំនៅដ្ឋាន ទាំងកម្រិតខ្ពស់ និងកម្រិតមធ្យម សម្រាប់តែក្រុមហ៊ុន CBRE Cambodia មានគម្រោងជាច្រើនដែលទទួលលក់ផ្តាច់មុខ ដែលនៅក្នុងនោះរួមមានទាំងគម្រោងលំនៅដ្ឋានបែបបុរី និងគម្រោងលំនៅដ្ឋានបែបសហកម្មសិទ្ធិ ឬហៅថាខុនដូ ខណៈដែលទីផ្សារលំនៅដ្ឋានទាំងពីរប្រភេទនេះ នៅតែអាចរក្សាបាននូវស្ថានភាពល្អប្រសើរជាងគេនៅពេលបច្ចុប្បន្ននេះ”។
អគ្គនាយកក្រុមហ៊ុន PREMIUM Group លោក ម៉ាន់ ច័ន្ទឌី ដែលជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតមធ្យមនៅតាមតមបន់ជាយក្រុងបានមានប្រសាសន៍ថា “តម្រូវការបុរីលំនៅដ្ឋាននៅតែរក្សាបានដំណើរការល្អប្រសើរ ព្រោះម្ចាស់គម្រោងភាគច្រើនកំពុងទាក់ទាញអតិថិជនក្នុងស្រុក។ ចំណែកឯការអភិវឌ្ឍនៅតែរក្សាបានដំណើរការសាងសង់ និងមានបុរីខ្លះបានប្រគល់សោរជូនដល់អតិថិជនខ្លះទៅហើយ”។
លោកបានបញ្ជាក់ថា “នៅកម្ពុជាមិនទាន់មានសញ្ញាណាមួយដែលបញ្ជាក់ថា ការផ្គត់ផ្គង់លើផ្នែកបុរីលំនៅដ្ឋាននេះ លើសពីតម្រូវក្នុងទីផ្សារនោះទេ។ ម្យ៉ាងទៀតចំពោះម្ចាស់គម្រោងនីមួយៗ ក៏បានរិះរកយុទ្ធសាស្រ្តទីផ្សារសម្រាប់ផ្តល់លក្ខខណ្ឌក្នុងការលក់ទៅឱ្យអតិថិជនឱ្យមានភាពងាយស្រួលជាងពេលមុនៗ ហើយពេលនេះអតិថិជនដែលទិញបុរីលំនៅដ្ឋានភាគច្រើនគឺទិញសម្រាប់រស់នៅលក្ខណៈគ្រួសារមិនមែនទិញសម្រាប់ទុកវិនិយោគបន្តអ្វីនោះទេ”៕