ខេត្ត​មណ្ឌល​គិ​រ​រី​ចាប់ផ្តើម​ផ្តោតលើ​បញ្ហា​បរិ​ស្ថា​ក្នុង​មូលដ្ឋាន​ដោយ​ត្រៀម​ដី១០០ហិច​តា​សំរាប់​ទីលាន​ចាក់់សំរាម

ដោយ ហ្សូ​លី

មណ្ឌលគិរីៈ រដ្ឋបាលខេត្ត​មណ្ឌលគិរី មាន​គម្រោង​សាងសង់​កន្លែង​ចាក់សំរាម​ថ្មី​នៅលើ​ផ្ទៃដី​ចំនួន១០០ហិច​តា ក្នុង​គោលបំណង​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន និង​រក្សា​សោភ័ណភាព​របស់​ខេត្តមណ្ឌលគិរី​ទាំងមូល ដែល​កំពុង​មានឈ្មោះ​ល្បីល្បាញ​ជា​គោលដៅ​ទេសចរណ៍ធម្មជាតិ។

អភិបាលខេត្ត​មណ្ឌលគិរី លោក​ស្វាយ សំ​អ៊ាង បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា រដ្ឋបាលខេត្ត​បាន​ត្រៀម​ដី ទំហំ​ជាង១០០ហិច​តា​នៅ​ជាយក្រុង ដើម្បី​បង្កើត​កន្លែង​ចាក់សម្រាម​ថ្មី ខណៈ​ពេលនេះ​កន្លែង​ចាក់សម្រាម​ចាស់​ជិត​ពេញ​ទៅហើយ។

លោក​បន្តថា “ការចំណាយ​ដី១០០ហិច​តា សាងសង់​កន្លែង​ចាក់សំរាម​ថ្មី​នេះ​នឹង​ជួយ​បង្កើន​មុខមាត់ និង​សោភ័ណភាព​ទីក្រុង រួមទាំង​ខេត្ត​ទាំងមូល​ឱ្យ​កាន់​តែមាន​ភាពស្រស់ស្អាត អនាម័យ​ជាង​មុន និង​ជាការ​បង្ការ​សកម្មភាព​ចោល សំរាម​ពាសវាល​ពាសកាល​ផងដែរ” ។

លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បានលើកឡើង​ទៀតថា កាលណា​បរិស្ថាន​នៅក្នុង​ខេត្ត​ទាំងមូល​មាន​អនាម័យ​ស្អាត ក៏​ជា​កត្តា​មួយ​រួមចំណែក​នៃ​ការទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​កម្សាន្ត​នៅក្នុង​ខេត្ត​កាន់តែច្រើន។

ខេត្តមណ្ឌលគិរី​បាន និង​កំពុង​ក្លាយទៅជា​ទីតាំង​ទេសចរណ៍ ដ៏​មាន​ប្រជាប្រិយភាព​មួយ ដោយសារតែ​ទេសភាព​ដ៏​ស្រស់ត្រកាល និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឆាប់រហ័ស ងាយស្រួល​ក្នុងការ​ធ្វើដំណើរ។ កត្តា​ទាំងអស់នេះ​បាន​ជម្រុញ​ឱ្យ​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​សម្រុក​ទៅ​កម្សាន្ត​នៅ​ខេត្ត​មួយ​នេះ ជាពិសេស​ទាក់ទាញ​បណ្តារ​ក្រុមហ៊ុន​វិនិយោគ​ទាំង​ក្នុង​និង​ក្រៅប្រទេស មក​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ នាំឱ្យ​ខេត្ត​កាន់តែ​មាន​ភាព​រីកចម្រើន​ជា​បន្តបន្ទាប់៕

ប្រទេស​ចិន​ទាក់ទាញ​ទំហំ​ទឹកប្រាក់​វិនិយោគ​ពី​បរទេស​កើន​ដល់ ៦៣,៤៧ពាន់​លាន​យ័ន

ដោយ​វុត្ថា

ប៉េកាំងៈ គិត​ត្រឹម​ខែកក្កដា ឆ្នាំ២០២០កន្លងមកថ្មីៗនេះ ទំហំ​ប្រើប្រាស់​ទុន​បរទេស​ជាក់ស្តែង នៅ​ទូទាំងប្រទេស​មាន​ដល់​ទៅ៦៣,៤៧ ពាន់​លាន​យ័ន កើនឡើង១៥.៨ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ២០១៩ ហើយ​សម្រេចបាន​នូវ​កំណើន​វិជ្ជមាន​នៃ​ការគៀងគរ​ទុន​បរទេស ក្នុង​រយៈពេល​តែមួយ​ខែ​ក្នុង​រយៈពេល ៤ ខែជាប់ៗគ្នា បើ​និយាយ​ជាទូទៅ។

រដ្ឋាភិបាល​ចិន​បានបង្ហាញ​របាយការណ៍​កាលពីពេលថ្មីៗនេះ​ថា ក្នុង​រយៈពេល៧ ខែ​ដំបូង​ក្នុងឆ្នាំនេះ ប្រទេស​ចិន​បាន​ប្រើប្រាស់​ទុន​បរទេស​សរុប៥៣៥,៦៥ ពាន់​លាន​យាន់​ប្រាក់​ចិន ដែល​បាន​កើនឡើង០.៥ ភាគរយ សហគ្រាស​បរទេស​ថ្មី ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ប្រទេស​ចិន មាន​សរុប១៨,៨៣៨ ។

គម្រោង​វិនិយោគ​នៅ​បរទេស (ក្រៅប្រទេស) សំខាន់ៗមួយចំនួន បាន​ព​ន្លឿ​ន​ការអនុវត្ត ហើយ​ទិន្នន័យ​ទាំងនេះ មិន​ត្រឹមតែ​បានបញ្ជាក់​យ៉ាង​ពេញលេញ​ថា ជំនឿ​ចិត្តរ​បស់ទុន​បរទេស ចំពោះ​ទីផ្សារ​ចិន​មិនត្រូវ​កាត់បន្ថយ​នោះទេ ថែមទាំង​ក៏​ជាការ​តបត​វិញ​យ៉ាងខ្លាំង​ក្លា ចំពោះ​ពាក្យសម្តី​ខុស​ទំនង​ដែល​ឃោសនា​បំប៉ោង ដោយ​អ្នកនយោបាយ​អាមេរិក ស្តីពី”ការ​ផ្តាច់ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ចិន” ។

ដោយសារ​ទទួលរង​ផលប៉ះពាល់ ដែល​បណ្តាលមកពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ សកម្មភាព​ពាណិជ្ជកម្ម​ពិភពលោក​ទាំងមូល បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​តាំងពី​ចូលឆ្នាំ​នេះ​មក ប៉ុន្តែ​ដំណើរការ​ពាណិជ្ជកម្ម​អន្តរ​ជាតិចិន​ទាំងមូល នៅតែមាន​ភាពល្អប្រសើរ​ជាង​ការប៉ាន់ប្រមាណ​របស់​ទីផ្សារ និង​អង្គភាព​សេដ្ឋកិច្ចសំខាន់ៗនៅ​ទូទាំង​ពិភពលោក។

ទិន្នន័យ​បានបង្ហាញ​ថា ការនាំចេញ​ផែ្ន​ក​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ចិន បាន​រក្សា​និន្នាការ​កំណើន​ក្នុង​រយៈពេល៤ខែជាប់ៗគ្នា ដែល​សម្រេចបាន​នូវ​កំណើន២ខ្ទង់​ជា​លើកដំបូង​នៅ​ខែកក្កដា រីឯ​ការនាំ​ចូល​វិញ​ក៏បាន​រក្សា​កំណើន ក្នុង​រយៈពេល​ពីរ ខែជាប់ៗគ្នា​ផងដែរ។ លទ្ធផល​ជា​ផ្លែផ្កា​ដែល​បានទទួល​មក​ដោយ​មិន​ងាយ​នេះ គឺ​ក្រោម​បរិបទ​នៃ​សេដ្ឋកិច្ចពិភពលោក ដែល​ធ្លាក់ចុះ​យ៉ាងធ្ងន់ធ្ងរ និង​សេចក្តីត្រូវការ​ក្នុង​ទីផ្សារ ទទួលរង​ផលប៉ះពាល់ ដែល​បង្ហាញ​យ៉ាង​ពេញលេញ​នូវ​ភាព​ធន់​ដ៏​រឹងមាំ​នៃ​សេដ្ឋកិច្ច​ចិន។

ក្រោម​បរិបទ​នៃ​បរិយាកាស​អន្តរជាតិ និង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​នៅ​ទូទាំង​ពិភពលោក​មាន​ភាពស្មុគស្មាញ និង​តឹងរ៉ឹង។ វិធានការ​មួយចំនួន​របស់​ប្រទេស​ចិន ដើម្បី​លំនឹង​ពាណិជ្ជកម្ម​អន្តរជាតិ ព្រមទាំង​លទ្ធផល​យ៉ាងច្បាស់​លាស់ ដែល​ទទួលបាន​ដោយ​ប្រទេស​ចិន មិន​ត្រឹម​តែមាន​អំណោយផល ដល់​ការ​ដំណើរការ​ប្រកបដោយ​ស្ថិរភាព​នៃ​ខ្សែសង្វាក់​ឧស្សាហកម្ម និង​ខ្សែសង្វាក់​ផ្គត់ផ្គង់​ពិភពលោក​ទាំងមូល​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បំពេញ​បំ​ន្ថែ​ម​កម្លាំងចលករ នៃ​ការ​ងើប​ឡើងវិញ​ទៅក្នុង​សេដ្ឋកិច្ចពិភពលោក ដែល​កំពុង​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ទៀតផង៕

ក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​លើស​ការរំពឹងទុក

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច កំពុង​លេច​រូបរាង​ឡើងលើ​ផ្ទៃដី១០០ហិកតា នៅក្នុង​តំបន់​ប៉ូល​សេដ្ឋកិច្ច​ផ្លូវ៥១ នៃ​ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដែល​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​អ្នកវិនិយោគ អាជីវករ និង​សារ​ធា​រណៈ​ជន ព្រោះ​តំបន់​នេះ ស្ថិតក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទីក្រុង និង​កំពុងមាន​ការអភិវឌ្ឍ​ជាច្រើន​របស់​រដ្ឋ​និង​ឯកជន ព្រម​ជាមួយនិង​កត្តា​ភូមិសាស្ត្រ​និង​ប្រជាសាស្ត្រ។

លោក ង៉ឺ​យ ធី តំណាង​ក្រុមហ៊ុន ខេ​អេ​ច​លែ​ន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃទី១៧ សីហា​កន្លងមក​ថា ដោយបាន​ឆ្លងកាត់​ការសិក្សា អំពី​តម្រូវការ​របស់​អតិថិជន និង​ចរន្ត​នៃ​ការអភិវឌ្ឍ ព្រមទាំង​មាន​ចក្ខុវិស័យ​ច្បាស់លាស់ ក្រុមហ៊ុន​ខេ​អេ​ច​លែ​ន បានផ្ដល់​ការប្រឹក្សា ក្នុងការ​អភិវឌ្ឍ​ក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច​នេះ​ឡើង ដើម្បី​ផ្ដល់ឱកាស​ចំណេញ​ជូន​អតិថិជន និង​រួមចំណែក​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ផ្លូវ៥១ ឱ្យ​កាន់តែ​រីកចំរើន​ឆាប់រហ័ស។

លោក​ង៉ឺ​យ ធី បាន​បន្ត​ឱ្យដឹងទៀតថា “ក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច​ដ៏​មាន​សក្ដានុពល​នេះ បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​គ្រ​ប់ម​ជ្ឍ​ដ្ឋា​ន​លើស​ការរំពឹងទុក ព្រោះ​នៅក្នុង​គម្រោង​មានការ​អភិវឌ្ឍ​ជាច្រើន ដូចជា មជ្ឍមណ្ឌល​ពាណិជ្ជកម្ម ផ្សារ ផ្ទះ​អាជីវកម្ម វីឡា និង​ដី​ឡូ​តិ៍ និង​ទីធ្លារ​សម្រាប់​រៀបចំ​កម្ម​វិធី និង​ពិព័រណ៍​ពាណិជ្ជកម្ម” ។ លោក​បន្តថា “មិន​ត្រឹមតែ​ប៉ុណ្ណោះ ទីតាំង​ទីក្រុង​ពាណិជ្ជ​កម្មនេះ ក៏​ហ៊ុ​ព័ទ្ធ​ទៅដោយ​ផ្លូវសំខាន់ៗជាច្រើន ជាពិសេស​ផ្លូវជាតិ៥១” ។

ផ្លូវជាតិ​លេខ៥១ ជា​ផ្លូវ​ក្រវ៉ាត់​ក្រុង​នាពេល​អនាគត និង​ជា​ផ្លូវ​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់ ត​ភ្ជាប់​គ្នា​រវាងផ្លូវ​ជាតិ​លេខ៣ លេខ៤ និង​លេខ៥ ដែល​អាច​ដឹកជញ្ជូន​ទំនិញ​ទៅមក ពី​ខេត្តកំពត កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និង ច្រកព្រំដែន​កម្ពុជា​ថៃ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ផ្លូវជាតិ​លេខ៥១ ក៏​ជាប់​នឹង​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដែល​ផ្ដល់​ភាពងាយស្រួល​ដល់​ការដឹកជញ្ជូន ជួយ​កាត់បន្ថយ​ការចំណាយ​និង​ចំណេញ​ពេលវេលា។

ម្យ៉ាងវិញទៀត នៅ​ជុំវិញ​ក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច មាន​សួន​ឧស្សា​កម្ម​កាណាឌីយ៉ា​ទំហំ៥០០ហិកតា​របស់​អ្នកឧកញ៉ា​ពុង ឃាវ​សែ មាន​ផែស្ងួត មាន​រោងចក្រ សហគ្រាសធំៗ ឃ្លាំង​ផ្ទុកទំនិញ​នានា ក៏ដូចជា​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន​ជាដើម ដែល​ជួយ​ជម្រុញ​សេដ្ឋកិច្ច​កាន់តែ​រីកចំរើន។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​មានប្រសាសន៍ ថា ខេត្តកំពង់ស្ពឺ​បាន​កែប្រែ​មុខមាត់​ថ្មី ក្លាយជា​ខេត្ត​ដែលមាន​សក្ដានុពល​ផ្នែក​ឧស្សាហកម្ម ក​សិ​ឧ​ស្សហកម្ម ពាណិជ្ជកម្ម សេវាកម្ម និង​ទេសចរណ៍​ជាដើម។

នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ មាន​រោងចក្រ សហគ្រាស​ចំនួន១៦១រោងចក្រ ក្នុងនោះ រោងចក្រ​កំពុងដំណើរការ​ចំនួន១៤៣ និង១៨ទៀត​កំពុង​សាងសង់  និង​ប្រើប្រាស់​កម្លាំង​ពលកម្ម​សរុប១២០,៧៣៤ នាក់។ ចំណែក​វិស័យ​សហគ្រាស​ធុន​តូច មធ្យម និង​សិប្បកម្ម​មាន​សរុប​ចំនួន១ ៥០៨មូលដ្ឋាន ប្រើ​កម្លាំង​ពលកម្ម​សរុប១៣, ៣៩៥ នាក់។

លោក ង៉ឺ​យ ធី តំណាង​ក្រុមហ៊ុន ខេ​អេ​ច​លែ​ន បាន​បញ្ជាក់ថា សម្ទុះ​នៃ​ការអភិវឌ្ឍ​ដ៏​មាន​សក្ដានុពល​ទាំងនេះ គឺជា​មូល​ហេតុដែល​ធ្វើឱ្យ​ក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច ទទួលបាន​ការចាប់អារម្មណ៍ និង​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន ដើម្បី​ចាប់យក​ឱកាស​ចំណេញ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ៕

សម្ដេច​តេ​ជោ បង្ហាញ​ពី​មោទនភាព​លើ​ការអភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​នៅតាម​បណ្តា​ខេត្ត

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានបង្ហាញ​ពី​មោទនភាព​ចំពោះ​សមិទ្ធផល​ដែល​សម្រេចបាន​នៅ​កម្ពុជា ខណៈដែល​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច ជាពិសេស​វិស័យ​សំណង់​នៅ​ទូទាំងប្រទេស​មានការ​អភិវឌ្ឍ​ន៍​ឥតឈប់ឈរ ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅតាម​បណ្តា​ខេត្ត​ផងដែរ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ផ្លូវការ​នា​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ​ថា ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា​កំពុងតែ​ប្រឈម​នឹង​ការប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​រាតត្បាត Covid-19 ការអភិវឌ្ឍ​ប្រទេស​ក៏​កំពុងតែ​ដំណើរការ​ទៅមុខ​ជាធម្មតា​ក្នុងនោះ​វិស័យ​សំណង់​កំពុងតែ​មានការ​រីកចម្រើន​គួរឱ្យកត់សំគាល់។

សម្ដេច​តេ​ជោ បាន​បន្តទៀតថា “ក្នុង​រយៈពេល​ជាង ១០ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​បាន​បន្ត​រីកចម្រើន​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួនទៀត គឺ​សុទ្ធសឹងតែ​បានបង្ហាញ​ពី​តួលេខ​អភិវឌ្ឍន៍​កើនឡើង​ជាមួយនឹង​សំណង់​អគារ​លំនៅដ្ឋាន​ខុន​ដូ , អា​ផាត​មិន , សំណង់​អគារ​ពាណិជ្ជកម្មខ្ពស់ៗ និង​សំណង់​លំនៅដ្ឋាន​លក្ខណៈ​បុរី​ជាដើម” ។

ជាមួយគ្នានេះ​ផងដែរ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏បាន​បង្ហាញ​ពី​ភាពជឿជាក់​ផងដែរ​ថា “ការសាងសង់​អគារខ្ពស់ៗជា​សូចនាករ​នៃ​ភាព​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ហើយ​នៅពេល​ខាងមុខ​កម្ពុជា​យើង​នឹងមាន​អាគារខ្ពស់ៗបន្ថែមទៀត​ទាំង​ទីក្រុង​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត” ។

ទោះបី​ការកសាង​ផ្នែក​សំណង់​នេះ​កំពុងតែ​បោះជំហាន​ទៅមុខ ហើយ​តម្រូវការ​បុគ្គលិក ឬក៏​កម្មករ​ជាច្រើន​យ៉ាងណាក៏ដោយ  សូម​ម្ចាស់​ក្រុមហ៊ុន  ឬ​ម្ចាស់​ការដ្ឋាន  សូម​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​បុគ្គលិក​កម្មករ​ឲ្យ​យល់​អំពី​របៀប​នៃ​ការថែរក្សា​សុខភាព​ជាពិសេស ការថែរក្សា​កុំឱ្យ​មាន​ឆ្លង​ជំងឺ Covid-19 ត្រូវមាន​ការលាង​សម្អាត​ដៃ មាន​ម៉ាស​ពាក់​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុងករណី​ចាំបាច់​និង​ដើម្បី​ចៀសវាង​ការឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់ ពីព្រោះ​ការដ្ឋាន​សំណង់​មាន​បុគ្គលិក​កម្មករ​ធ្វើការ​ច្រើន។ សូម​យកចិត្តទុកដាក់​ថែរក្សា​បុគ្គលិក​កម្មករ​កុំឱ្យ​ឆ្លង​ជំងឺ  Covid-19 ។

គិត​ត្រឹម​ដើម​ឆមាស​ទី២នៃ​ឆ្នាំ២០២០ ទុនវិនិយោគ​នៅក្នុង​វិស័យ​សំណង់​នៅ​ទូទាំងប្រទេស​កម្ពុជា បាន​បន្ត​កើនឡើង​រហូតដល់​ជិត ៤០០០លាន​ដុល្លារ លើ ២៥២២គម្រោង ដែលមាន​ផ្ទៃក្រឡា​សំណង់​សរុប​ជាង៨,៦លាន​ម៉ែត្រការ៉េ។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានបង្ហាញ​នៅ​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ បានឱ្យដឹងថា បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៩ មាន​ចំនួន ២ ០៤៧ គម្រោង លើ​ផ្ទៃក្រឡា​សរុប​ប្រមាណ ៣,៧លាន​ម៉ែត្រការ៉េ ដែលមាន​តម្លៃ​ប៉ាន់ស្មាន​លើ​ទុនវិនិយោគ​ជិត ៣៣៩២ លាន​ដុល្លារ មានការ​កើនឡើង​ចំនួន ១៣, ២៦ ភាគរយ។

របាយការណ៍​ដដែល​បាន​បន្តថា សម្រាប់​ដែន​សមត្ថកិច្ច​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ​លិខិតអនុញ្ញាត​ចំនួន ២០៧ គម្រោង មាន​ផ្ទៃក្រឡា​សំណង់​ប្រមាណ​ជាង ៦ លាន​ម៉ែត្រការ៉េ ដែលមាន​តម្លៃ​ទុនវិនិយោគ​ប្រមាណ​ជាង ៣០៦៧ លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​ឆមាស​ទី១ ឆ្នាំ២០១៩ មាន​ចំនួន ១៥៤ គម្រោង លើ​ផ្ទៃក្រឡា​សំណង់​សរុប​ជិត ៦,៣ លាន​ម៉ែត្រការ៉េ ដែលមាន​តម្លៃ​ទុនវិនិយោគ​ប្រមាណ ៣០៧៤ លាន​ដុល្លារ គឺមាន​ការថយចុះ​ប្រមាណ ០,២១ ភាគរយ ។

សម្រាប់​ដែន​សមត្ថកិច្ច​រដ្ឋបាល-រាជធានី​ខេត្ត មាន​ចំនួន​សរុប ២៣១៥ គម្រោង មាន​ផ្ទៃក្រឡា​សំណង់ ២,២លាន​ម៉ែ​ក្រ​ការ៉េ ដែលមាន​តម្លៃ​ទុនវិនិយោគ ៧៧៤ លាន​ដុល្លារ ។ បើ​ធៀប​នឹង​ឆមាស​ឆ្នាំ២០១៩ មាន​ចំនួន ១៨៩៣ គម្រោង មាន​ផ្ទៃក្រឡា​សំណង់​ចំនួន​ជាង ១ លាន​ម៉ែត្រការ៉េ មានតម្លៃ​ទុនវិនិយោគ ៣១៨ លាន​ដុល្លារ កើនឡើង​ប្រមាណ ១៤៣,២៨ ភាគរយ៕

គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ កំពុងដំណើរការ​តាម​ការគ្រោងទុក

ដោយ វុត្ថា

ភ្នំពេញ៖ គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ នៅតែ​បន្ត​ដំណើរការ​ទៅមុខ បើទោះបី​កម្ពុជា​កំពុង​ប្រឈម​ទៅនឹង​វិបត្តិ​ជំងឺ​កូ​វីដ-១៩ យ៉ាងណាក្តី ខណៈ​បច្ចុប្បន្ននេះ សម្រេចបាន​លទ្ធផល​ប្រមាណ​ជាង ៤០ភាគរយ ។

លោក វ៉ា​ស៊ីម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​គេហទំព័រ propertyarea.asia  ថ្មីៗនេះ​ថា រាល់​គម្រោង​សាងសង់​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ទាំងអស់​នៅ​កម្ពុជា ជាពិសេស​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ នាពេល​បច្ចុប្បន្ននេះ កំពុងដំណើរការ​ដោយ​រលូន និង​អាច​បញ្ចប់​ទៅតាម​ផែនការ និង​ការគ្រោងទុក។

លោក​បន្តថា គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ នេះ សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ហើយ​ក្រុមហ៊ុន​ចិន​ជាធម្មតា គឺ​អនុវត្ត​លឿន ជាង​ការរំពឹងទុក ដែល​រហូតមក​ដល់ពេលនេះ ជា​លទ្ធផល​នៃ​ការសាងសង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ នៅតែ​បន្តដំណើរ​ទៅមុខ។

លោក​បន្តថា “យើង​បាន​ពិនិត្យឃើញថា ក្រុមហ៊ុន​សាងសង់​បាន​គោរព​តាម​បទដ្ឋាន​ស្តង់ដារ ទាំង​គុណភាព​បេតុង​នៃ​ទម្រ​ជើង​សសរស្ពាន​អាកាស ទាំង​គុណភាព​ផ្លូវ ដែល​អាច​ទ្រទ្រង់​ទម្ងន់​យាន​ចរាចរណ៍​ចំរុះ​បាន​រហូតដល់២០ឆ្នាំ ស្របទៅតាម​ផែនការមេ ដែល​ចាប់​អនុវត្ត​នៅ​ប៉ែក​ខាងលិច​ក្រុង​លើកដំបូង ដើម្បី​ជួយ​សម្រួល​ដល់​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​ក្រុង ជាពិសេស​ផ្លូវ​វេ​ង​ស្រេង ផ្លូវ​ទួល​ពង្រ ហើយ​ថែមទាំង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ត្រង់​ចេញពី​ក្រុងព្រះសីហនុ​ឆ្ពោះទៅកាន់​តំបន់​ព្រំដែន​ក្រុង​បាវិត ដោយ​បំបែក​ចេញពី​ចំណុច​ដើមផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣នៃ​ផ្លូវជាតិ​លេខ៤ នឹង​ចុះទៅ​ផ្លូវជាតិ​លេខ១” ។

ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី៣ គឺជា​ផ្លូវ​ដ៏​សំខាន់​ក្នុង​ការជួយ​កាត់បន្ថយ​ការកកស្ទះ និង​ជួយ​សម្រួល​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ម្យ៉ាងទៀត​គឺជា​ការតភ្ជាប់​ផ្ទៃក្នុង និង​សមាហរណកម្ម​តំបន់ ពិសេស​ត​ភ្ជាប់​ផ្លូវ​អាស៊ាន​ហាយវ៉េ និង​ផ្លូវ​របៀង​សេដ្ឋកិច្ចសំខាន់ៗ របស់​មហា​អនុតំបន់​មេគង្គ។ រួមចំណែក​ក្នុងការ​សម្រួល​ការដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ប្រែក្លាយ​ទឹកដី​ដែល​នៅ​សងខាង​ផ្លូវ​ខ្សែ​ក្រវាត់ក្រុង​នេះ ទៅជា​តំបន់​អភិវឌ្ឍ​ថែមទៀត​ផង។

ផ្លូវ​នេះ​មួយ​ខ្សែ​នេះ ត្រូវ​ស្ថាបនា​ផ្លូវ​ដោយមាន​ប្រវែង​សរុប៤៧.៦គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ៤គន្លង ដោយមាន​ទទឹង​តួ​ផ្លូវ​សរុប២៥ម៉ែត្រ សម្រាប់​ផ្លូវ​រថយន្ត៤គន្លង មាន​ទទឹង៣.៥០ម៉ែត្រ /គន្លង និង​ផ្លូវ​ទោចក្រយានយន្ត២គន្លង ទទឹង២.២៥ ម៉ែត្រ/គន្លង ដោយ​ចាប់ ពី​ផ្លូវជាតិ​លេខ៤ ម្តុំ​អូរ​ដឹ​ម ត្រង់​គីឡូម៉ែត្រ​លេខ ១៤+ ១០៥ ទៅ​ចំណុច​បញ្ចប់​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ១ ត្រង់​គីឡូម៉ែត្រ​លេខ ២៤+៨៤០ ដោយ​ត្រូវ​ង​កាត់​ផ្លូវជាតិ​លេខ ៣ត្រង់ ចំណុច​គីឡូម៉ែត្រ លេខ២១+២០០កាត់​ផ្លូវជាតិ លេខ២ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ២២+៨០០ និង​កាត់​ផ្លូវ ជាតិ​លេខ២១ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ១៨+ ៤០០ និង​ផ្លូវ​ខ្នែង​ប្រវែង ៥.៣៧គីឡូម៉ែត្រ។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​បាន ចុះកិច្ចសន្យា​សាងសង់ ជាមួយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​ចិន ក្នុងការ​អនុវត្ត​ការងារ​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ នេះ ដែល​នឹងមាន​ការត្រួតពិនិត្យ​ប​ច្ចក​ទេស​ដោយ​ក្រុមហ៊ុន ក្វាង​ចូ​វ​វ៉ាន់​អាន មកពី​ប្រទេស​ចិន​ផងដែរ។

ផ្លូវ​ក្រវ៉ាត់ ក្រុង​ទី៣នេះ ជា​ខ្សែ​ផ្លូវ​ថ្មី​មួយ ដែល​ត​ភ្ជាប់​ផ្លូវជាតិសំខាន់ៗរបស់​ប្រទេស​កម្ពុជា ដោយ​ចាប់ពី​ស្ពាន​ព្រែក​ព្នៅ​ផ្លូវជាតិ​លេខ៥ ឆ្លង​មក​ផ្លូវជាតិ​លេខ៤ (កំណាត់​ផ្លូវ​នេះ​បាន​សាងសង់​រួចរាល់​ហើយ ដោយ​សាលា​រាជធានី​ភ្នំពេញ) ភ្ជាប់​មក​ផ្លូវជាតិ​លេខ៣ ផ្លូវជាតិ​លេខ២ ផ្លូវជាតិ​លេខ២១ និង ផ្លូវជាតិ​លេខ១ ដោយ​ភ្ជាប់​ទៅនឹង​កំពង់ផែ​ភ្នំពេញ​ថ្មី ដែល បាន​សាងសង់ឡើង ក្រោម​ក្របខ័ណ្ឌ​ឥណទាន​សម្បទាន ពី សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដូចគ្នា។ ផ្លូវ​ក្រវាត់ក្រុង​ទី៣នេះ មាន​ចម្ងាយ​ត្រឹមតែ​ជាង១គីឡូម៉ែត្រ​ពី​គម្រោង​ព្រលានយន្តហោះ៕

សារ​ព្រមាន៖ អ្នកដើរ​កម្សាន្ត​តាម​កោះ និង​តំបន់ភ្នំ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ដោយសារ​លក្ខខណ្ឌ​អាកាសធាតុ​មិន​អំណោយផល

ដោយ ៖ សូរិយា

ភ្នំពេញ ៖ មន្ត្រី ជាន់ខ្ពស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានធ្វើការ​ក្រើនរំលឹក​ដល់​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ធ្វើដំណើរ​កម្សាន្ត​នៅតាម​តំបន់​កោះ និង​ភ្នំ​នានា ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ដោយសារ​អាច​ប្រឈម​នឹង​អាកាសធាតុ​សម្ពាធ​ទាប ដែល​បណ្តាលមកពី​កូន​ព្យុះ​មកពី​សមុទ្រ​ខាងត្បូង។

អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ចាន់ យុ​ត្ថា បាន​មានប្រសាសន៍ ថា សម្ពាធ​ទាប​សកម្ម ACTIV LOW ដែល​បាន​កើតមាន​នៅលើ​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន​នឹង​វិ​វត្ត​ទៅជា​វិ​សម្ពាធ TD នៅ​យប់​ដើម​ថ្ងៃទី១៨ខែសីហា ឆ្នាំ២០២០ ។ ពេល​ដើរ​ចូលដល់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នឹង​អាច​ក្លាយទៅជា​កូន​ព្យុះ​ទី៧មាន​ទិសដៅ​ឡើងគោក​នៅ​ចន្លោះ​ប្រទេស​ចិន​និង​កោះ​ហៃណាំ​នៅ​ថ្ងៃទី២០ខែសីហា។

លោក​ចាន់ យុ​ត្ថា បាន​ប្រាប់​ឱ្យដឹងទៀតថា​បាតុភូធធម្មជាតិ​ខាងលើ​មានដំណើរ​លឿន​ដូចជា​ព្យុះ​ទី៤ តែ​គ្មាន​កម្លាំង​ស្រូបខ្យល់​មូសុង​និរតី​ខ្លាំង​នឹង​បង្កឱ្យមាន​ភ្លៀង​ច្រើន​លើ​ផ្ទៃសមុទ្រ​ក្នុងប្រទេស​កម្ពុជា​ទេ​តែ​ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​អា​ង​ទន្លេមេគង្គ​លើ​នាំឱ្យ​ទឹកទន្លេ​នៅក្នុង​ប្រទេស​កម្ពុជា​បន្ត​ជន់​ឡើង​ថែម​ជាថ្មី។

ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី១៨ខែសីហា​ឆ្នាំ២០២០នេះ បាន​ជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី១៩ដល់​ថ្ងៃទី២៥ខែសីហា​ថា​ប្រទេស​កម្ពុជា​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​អូស​កាត់​លើ​ប្រទេស​ថៃ ឡាវ និង​ប្រទេស​វៀតណាម ខណៈពេល​សម្ពាធ​ទាប​សកម្ម​ក្នុង​សមុទ្រ​នៅ​ខាងត្បូង​ក្លាយជា​កូន​ព្យុះ​ទី៧មានដំណើរ​ឡើងគោក​ន​ភាគខាងត្បូង​ប្រទេស​ចិន​នៅ​ថ្ងៃទី២០ខែសីហា។

ក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា​ស្ថានភាព​ដូចខាងលើ​ធ្វើឱ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព អប្បបរមា​ពី ២៥ទៅ ២៧ អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី៣០ទៅ៣២អង្សា​សេ។

នៅ​តំបន់​ភាគ​ពាយព្យ​អាចមាន​ភ្លៀង​ធ្លាក់​កម្រិត​ច្រើន។

បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ទៅ២៥អង្សា​សេ   សីតុណ្ហភាព​អតិបរមា​មាន​ពី២៨ទៅ៣០អង្សា​សេ អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន។

តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា​ពី ២៦ទៅ២៨អង្សា​សេ   សីតុណ្ហភាព​អតិបរមា​មាន​ពី ២៨ទៅ៣០អង្សា​សេ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម។

ការ​ព្យាករ​សម្រាប់​ពីថ្ងៃ​ទី២២ដល់​ថ្ងៃទី២៥ខែសីហា អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅតែ​បន្ត​កើតមាន សូម​ប្រុងប្រយ័ត្ន៕

ក្រុមហ៊ុន​អាកាសចរណ៍ Thai AirAsia ប្រកាសថា​ខ្លួន​អាច​នឹង​ក្ស័យធន ខណៈ​ខាតបង់​ទឹកប្រាក់​ជាង ១២០០លាន​បាត

ដោយ ហ្សូ​លី

បាងកក៖ ទោះបី​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ប្រទេស​ថៃ​ជាច្រើន​កំពុង​ហោះហើរ​ម្តងទៀត​ក៏ដោយ ប៉ុន្តែ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់នោះ​នៅតែ​ស្ថិតក្នុង​ស្ថានភាព​វិបត្តិ​ហិរញ្ញវត្ថុ​នៅឡើយ។ ខណៈដែល​ពួកគេ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រឹតបន្តឹង​ការធ្វើដំណើរ​ការហោះហើរ​សាធារណៈ​និង​ការឆ្លងកាត់​ព្រំដែន​អន្តរជាតិ។

ឥឡូវនេះ​ក្រុមហ៊ុន​អាកាសចរណ៍​អាស៊ី​ដែលជា​ម្ចាស់​ភាគហ៊ុន​ធំ​របស់​ក្រុមហ៊ុន Thai AirAsia (TAA) បានប្រកាស​អំពី​ប្រាក់ចំណូល​ចំនួន ២,២២១ លាន​បាត​និង​ការខាតបង់​សុទ្ធ​ចំនួន ១,២១០,៦ លាន​បាត​សម្រាប់​ត្រីមាស​ទី ២ ឆ្នាំ ២០២០ ។

ការខាតបង់​នេះ​ភាគច្រើន​ដោយសារតែ​ការ​រឹតបន្តឹង​ការធ្វើដំណើរ​នៅពេលនោះ​ដែល​បណ្តាលឱ្យមាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នូវ​តម្រូវការ និង​ការបញ្ឈប់​ជា​បណ្តោះអាសន្ន​នៃ​កង​នាវា​របស់ខ្លួន ដោយសារតែ​ការហាមឃាត់​ការធ្វើដំណើរ។

លោក Santisuk Klongchaiya នាយក​ប្រតិបត្តិ​ក្រុមហ៊ុន TAA មានប្រសាសន៍ថា ក្រុមហ៊ុន​នេះ​បាន​ព្យាយាម​រក្សា​នូវ​ប្រតិបត្តិការ​តិចតួច​បំផុត​នៅ​ត្រីមាស​ទី ២ ជាពិសេស​នៅលើ​ផ្លូវ​អន្តរជាតិ។

ប្រាក់ចំណូល​សរុប​សម្រាប់​ត្រីមាស​បាន​ថយចុះ ៧៨% ភាគច្រើន​ដោយសារ​ការកាត់បន្ថយ​អ្នកដំណើរ​ដែល​ត្រូវបាន​កាត់បន្ថយ ៩៥ ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​មក​ត្រឹម ២៨៣.៦០១ នាក់។

ចរាចរណ៍​អ្នកដំណើរ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ស្ទើរតែ ១០០ ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ខណៈពេលដែល​កត្តា​ផ្ទុក​ទូទៅ​នៅក្នុង​ត្រីមាស​តែមួយ​បាន​ធ្លាក់ចុះ​ដល់ ៥២ ភាគរយ។

ការចំណាយ​សរុប​បាន​ថយចុះ ៦៣% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​បណ្តាលមកពី​ថ្លៃដើម​ទាប។  ថ្លៃដើម​ប្រេងឥន្ធនៈ​បាន​ធ្លាក់ចុះ​ដោយសារ​ការកាត់បន្ថយ​សមត្ថភាព​និង​តម្លៃ​ប្រេង​ចុះ​ទាប រីឯ​ការចំណាយ​មិនមែន​ប្រេង​ថយចុះ​ដោយសារ​គំនិត​ផ្តួចផ្តើម​សន្សំសំចៃ​និង​លុបបំបាត់​រាល់​ការចំណាយ​មិនចាំបាច់។

ជាមួយនឹង​ស្ថានភាព​កាន់តែ​ប្រសើរឡើង​ហើយ​ជើងហោះហើរ​ក្នុងស្រុក​បន្ត​បន្តិច​ម្តង ៗ កាលពី​ខែឧសភា ដែល​អាច​ផ្តល់ជូន​ការផ្សព្វផ្សាយ​លក់​ដូចជា​ដែន​កំណត់​លេខ​សំងាត់ ដើម្បី​ជំរុញ​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​នៅ​ពាក់កណ្តាល​ឆ្នាំក្រោយ។

ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​អ៊ែរ​អាស៊ី​សង្ឃឹមថា នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​ជើងហោះហើរ​អន្តរជាតិ​ឡើងវិញ​តាមរយៈ​គ្រោងការណ៍​ធ្វើដំណើរ​ជាមួយ​ទីផ្សារ​គោលដៅ​ជាពិសេស​ប្រទេស​ចិន​និង​ប្រទេស​ដទៃទៀត​ដែល​បាន​ទប់ស្កាត់​ការផ្ទុះ​ឡើង​យ៉ាង​មាន​ប្រសិទ្ធិភាព៕

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ថ្មី​របស់​ចិន​កំពុង​បង្ហាញ​ពី​កំពូលស្ថាបត្យកម្ម​ចិន​ប្រចាំ​សតវត្សរ៍

ដោយ វុត្ថា

ភ្នំពេញ៖ មហា​ប្រទេស​ដែលមាន​ប្រជាជន​ចំនួន​ជិត ១៤០០លាន​នាក់​នេះ បាន​និង​កំ​ពុ​កំពុង​សាងសង់​អគារ​ខ្ពស់ កប់​ពពក់​មួយ​ផ្សេងទៀត​ឈ្មោះ Shimao Shenzhen-Hong Kong International Centre កំពស់៦៦៨ ម៉ែត្រ​ស្ថិតនៅក្នុង​ទីក្រុង Shenzhen ។

អគារ​ខ្ពស់កប់ពពក​នេះ គ្រោង​ង​សាងសង់​ខ្ពស់ជាង​អាគារ Shanghai Tower ដែលមាន​កម្ពស់​ត្រឹមតែ៦៣២ម៉ែត្រ ។ អគារ​នេះ អាចនិយាយបាន​ថា​ជា​អគារ​ខ្ពស់​ជាងគេ​លំដាប់​ទី២លើ​ពិភពលោក​បន្ទាប់ពី​អគារ Burj Khalifa នៅក្នុង​ទីក្រុង​ឌុ​បៃ​ដែលមាន​កំពស់៨២៨ម៉ែត្រ។

ការ​រចនា​អគារ និង​ស្ថាបត្យកម្ម​កំពូល​នេះ ជា​គម្រោង​របស់​ក្រុមហ៊ុន​ដ៏​ធំ​របស់​ចិន ឈ្មោះ Shiamo Group ដែល​បាន​បោះទុន​វិនិយោគ​ចំនួន៥០ពាន់​លាន​យ័ន ស្មើរ​នឹង ៥,៨ពាន់​លាន​ផោន​លើ​គម្រោង​មួយ​នេះ។

អគារ​ដ៏​អស្ចារ្យ​នេះ ត្រូវបាន​គេ​សាងសង់ឡើង សម្រាប់​ជាទី​តាំង​ការិយាល័យ អា​ផាត​មិន សណ្ឋាគារ​លំដាប់​ផ្កាយ៥ មជ្ឈមណ្ឌល​ផ្សារ​ទំនើប សាលា​អន្តរជាតិ និង​មជ្ឈមណ្ឌល​តាំងពិព័រណ៍ ព្រមទាំង​កន្លែង​រៀបចំ​ពិធី​ដទៃទៀត។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​នេះ សាងសង់​លើ​ទំហំ​ដី ៣២១,៩០០ ម៉ែត្រការ៉េ ដែលមាន​ទីតាំង​នៅក្នុង​ស្រុក Longang ភាគ​ខាងកើត​នៃ​ទីក្រុង Shenzhen។

តាម​ការគ្រោងទុក​ជាដំបូង អគារ​ខ្ពស់កប់ពពក​នេះ នឹង​សាងសង់​បញ្ចប់​នៅក្នុង​ឆ្នាំ ២០២៤ដែល​អាចជា​អគារ​ជាប់​កំណត់ត្រា​ពិភពលោក ខណៈ​អគារ​នៅក្នុង​ទីក្រុង​ឌុ​បៃ  Dubai One Tower មាន​កំពស់៧១១ម៉ែត្រ នឹងត្រូវ​សាងសង់​បញ្ច​ប់​មុន​អាគារ​នេះ​រយៈពេល​បី​ឆ្នាំ ពោលគឺ​ស្ថិតនៅក្នុង​ឆ្នាំ២០២១ ៕

តើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុងព្រះសីហនុ​មាន​ចំណុច​ពិសេស​អ្វីខ្លះ​ដែល​អ្នក​ត្រូវ​ដឹង?

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ៖ ខណៈ​ការស្ថាបនា​ផ្លូវ​ល្បឿន​លឿនទី១របស់​កម្ពុជា កំពុងដំណើរការ​យ៉ាង​សកម្ម ប្រជាពលរដ្ឋ​កាន់តែ​មាន​សង្ឃឹម និង​ពិតជា​ចង់ដឹងថា ផ្លូវ​នេះ​មាន​ចំណុច​អ្វី​ពិសេស​ខ្លះ​មិន​ខាន។

លោក​វ៉ា​ស៊ីម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ផ្លូវ​នេះ​ពិត​ជាមាន​ចំណុច​ពិសេស​មួយចំនួន ខុសពី​ផ្លូវ​ធម្មតា ដូចជា ទី១ ផ្លូវ​នេះ​មាន​ចំណត​ឈប់សំរាក​ចំនួន៣កន្លែង ទី២ មាន​ស្ពាន​តូច៥កន្លែង និង​ស្ពាន​ធំ​ចំនួន៨០កន្លែង មាន​ប្រវែង​សរុប៦០១៥ម៉ែត្រ ទី៣ មាន​ស្ពាន​អាកាស​ដែលមាន​សណ្ឋាន ដូច​ស្ពាន​អាកាស​ស្ទឹងមានជ័យ៦កន្លែង និង​សា​គួរ១កន្លែង ទី៤ ការសាងសង់​ផ្លូវ​នេះ​នឹងធ្វើ​របង​បិទ​ជិត មិន​ឲ្យ​សត្វពាហនៈ ម៉ូតូ និង​រ៉ឺម៉ក​ម៉ូតូ​ឆ្លងកាត់​បាន​នោះទេ។

ទី៦ មាន​មណ្ឌល​ប្រតិបត្តិការ​ថែ​រទាំ​យានយន្ត​ចំនួន១កន្លែង ពិសេស​កន្លែង​បង់លុយ​សំរាប់​រថយន្ត​ឆ្លងកាត់ ទី៧ ផ្លូវ​នេះ​មាន​ចម្ងាយ​ខ្លី ធៀប​ជាមួយ​ផ្លូវជាតិ​លេខ៤ ដែលមាន​ចម្ងាយ២២៤គីឡូម៉ែត្រ តែ​ផ្លូវ​នេះ​មាន​ចម្ងាយ​ជាង១៩០គីឡូម៉ែត្រ​បន្តិច​ប៉ុណ្ណោះ និង​ទី៨ ផ្លូវ​នេះ​តម្រូវ​ឲ្យ​អ្នកបើកបរ​យានយន្ត​បើកបរ​ក្នុង​ល្បឿន៩០ ទៅ១៦០គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង។

ផ្លូវ​ល្បឿន​លឿន​ជា​ប្រវត្តិសាស្ត្រ​សំរាប់​កម្ពុជា​នេះ បាន​សម្ភោ​ធ​បើក​ការដ្ឋាន​ស្ថាបនា​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ថ្ងៃទី២២ មិនា ឆ្នាំ២០១៩កន្លងមកនេះ៕

កម្ពុជា​ជប៉ុន​កំពុង​រៀបចំ​យន្តការ​ពិសេស​សម្រាប់​ច្រកចេញចូល​រហ័ស​ដើម្បីលើកទឹកចិត្ត​ដល់​បណ្តា​ធុរកិច្ច

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញ៖  កម្ពុជា​ជប៉ុន​កំពុង​ស្វែងរក​យន្តការ ឬ​កិច្ចសម្របសម្រួល​ជាពិសេស​ណាមួយ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​នៃ​ការធ្វើដំណើរ​ចេញ-ចូល​ទៅវិញទៅមក រវាង​ប្រទេស​ទាំងពីរ សម្រាប់​ធុរជន និង​ប្រជាជន​ដោយ​រៀបចំ​ឲ្យ​មាន​ជា​ច្រកចេញ-ចូល​រហ័ស​និ ង​យន្តការ​បណ្តោះអាសន្ន​សម្រាប់​ការឆ្លង​ដែន និង​ស្នាក់នៅ​របស់​ធុរជន។

ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាមួយ​លោក Masahiro MIKAMI ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅ​ភាគី​ទាំងពីរ បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ក្នុង​បរិការណ៍ ដែល​ពិភពលោក​កំពុង​ជួបប្រទះ​នូវ​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ និង​ការចូលរួម​កាត់បន្ថយ​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិច្ចសហប្រតិបត្តិការ​ស្ទើរ​គ្រប់​វិស័យ​រួមទាំង​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ព្រមទាំង​ដើម្បី​ត្រៀម​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ឡើងវិញ​ក៏ដូចជា​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សកម្មភាព​សហប្រតិបត្តិការ​នានា។

ភាគី​ទាំង​ពីរបាន​ពិភាក្សា​ស្វែងរក​យន្តការ ឬ​កិច្ចសម្របសម្រួល​ជាពិសេស​ណាមួយ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ការធ្វើដំណើរ​ចេញ-ចូល​ទៅវិញទៅមក​សម្រាប់​ធុរជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។ ក្នុងនោះ​ក៏បាន​ពិភាក្សា​លើ​លក្ខខណ្ឌ​សម្រាប់​ធុរជន និង​ប្រជាជន​ដែលមាន​លំនៅដ្ឋាន ដោយ​រៀបចំ​ឲ្យ​មាន​ជា​ច្រកចេញ-ចូល​រហ័ស (FastLane) និង​យន្តការ​បណ្តោះអាសន្ន​សម្រាប់​ការឆ្លង​ដែន និង​ស្នាក់នៅ​របស់​ធុរជន​រវាង​កម្ពុជា-ជប៉ុន​នៃ​ប្រទេស​ទាំងពីរ​ជាដើម។

លោក Masahiro MIKAMI បាន​សន្យាថា​រដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ផ្តល់ជំនួយ​បច្ចេកទេស​ហិរញ្ញប្បទាន​ឥត​សំណង​បន្ថែម​សម្រាប់​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ–១៩ និង​ស្តារ​សម្បទា​សេដ្ឋកិច្ច​ឡើងវិញ​បន្ទាប់ពី​ជំងឺ​កូ​វីដ–១៩ ។

លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋាភិបាល​ជប៉ុន​ដែ​ល​បានជ្រើសរើស​កម្ពុជា​ជា​ប្រទេស​អាទិភាព​មួយ​ក្នុង​ការរៀប​យន្ត​ការចេញ-ចូល​រហ័ស​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ស្ថិតនៅក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ–១៩ នេះ ៕