ខុនដូចំនួន ៧២ គម្រោង បាននិងកំពុងដាក់ដំណើរការនៅក្នុងទីផ្សាររាជធានីភ្នំពេញ

ដោយ​៖ រ៉ាណេត​

ភ្នំពេញៈ គម្រោង​ខុន​ដូ​ជាច្រើន​បានបញ្ចប់​ការសាងសង់ និង​បើក​ដំណើរការ​នៅ​ភ្នំពេញ ខណៈ​តម្លៃ​ខុន​ដូ​បាននិងកំពុង​ធ្លាក់ចុះ ដែលជា​ឱកាស​សម្រាប់​អ្នកវិនិយោគ​រក​ផលចំណេញ​ក្នុង​រយៈពេល​វែង។

កញ្ញា​គឹម គិ​ន​កេសា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​ក្រុមហ៊ុន CBRE Cambodia បានលើកឡើង​កាលពីពេល​កន្លងមកនេះ​ថា  នៅ​ក្រុងភ្នំពេញ​មាន​គម្រោង​ខុន​ដូ​ចំនួន ៧២ ស្មើនឹង​បន្ទប់​ស្នាក់នៅ​សរុប ២០,៨៥០យូ​នី​ត បានបញ្ចប់​ការសាងសង់ និង​បើក​ដំណើរ​ការគិត​មកដល់​ពេលនេះ។

ស្ថានភាព​ទីផ្សារ​ខុន​ដូ នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ដើមឆ្នាំ២០២០ មិនសូវមាន​ភាពល្អប្រសើ​រ​ទេ ព្រោះ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ១៩ បានធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ​បរទេស​ដែល​ស្នាក់នៅ និង​ធ្វើដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​ធ្លាក់ចុះ​យ៉ាងច្រើន។

កញ្ញា​គឹម គិ​ន​កេសា​បន្តថា ខុន​ដូ ជាទី​ផ្សារ​ពេញនិយម​ខ្លាំង​សម្រាប់​ជនបរទេស ហេតុនេះ​នៅពេល​ជនបរទេស​ចាកចេញ​ច្រើន ផលប៉ះពាល់​ដល់ទី​ផ្សារ​នេះ​ប្រាកដជា​កើតមាន ដោយ​ចៀស​មិន​ផុត។ កញ្ញា​បន្ថែមថា “កូ​វីដ១៩ បានធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ​បរទេស​ដែល​ស្នាក់នៅ និង​ធ្វើដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​ធ្លាក់ចុះ​យ៉ាងច្រើន ជាហេតុ​ធ្វើ​ឲ្យ​បន្ទប់​ខុន​ដូ នៅសល់​ក៏​កើន​ច្រើន​ដែរ” ។

នៅ​កម្ពុជា ខុន​ដូ​ប្រណីត​មានតម្លៃ​ជា​មធ្យម៣ ០៤១ ដុល្លារ ក្នុង១ម៉ែត្រការ៉េ​ធ្លាក់ ៣,៩៨ ភាគរយ ធៀប​នឹង​ត្រីមាស​ទី១ ឆ្នាំ ២០២។ ខុន​ដូ​ប្រភេទ​មធ្យម​មានតម្លៃ ២ ៤៤១ដុល្លារ ធ្លាក់៤,៦១ភាគរយ និង​ប្រភេទ​តម្លៃ​សមរម្យ​មានតម្លៃ​ជា​មធ្យម១៥៣៩ ដុល្លារ​ធ្លាក់ចុះ០,៦៥ភាគរយ៕

កម្ពុជាផ្តល់ឱកាសវិនិយោគដ៏មានសក្តានុពលដល់អាជីវកម្មកាហ្វេនិងតែរបស់ថៃ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) របស់ថៃ កំពុងណែនាំដល់អាជីវកម្មថៃ ឱ្យវិនិយោគលើកាហ្វេ និងផលិតផលតែទឹកដោះគោនៅកម្ពុជា ព្រោះកម្ពុជាមានហាងកាហ្វេជាង ៨០០ កន្លែងនៅទូទាំងប្រទេស ហើយកំពុងបង្ហាញសក្តានុពលល្អសម្រាប់ផ្នែកនេះ។

អគ្គនាយករងក្រុមហ៊ុន DITP លោក Somdet Susomboon បាននិយាយ កាលពីថ្ងៃអង្គារ (១៨ សីហា) ថា “កាហ្វេ និងតែ (ឧទាហរណ៍ តែបៃតង) គឺជាទីផ្សារដ៏ធំនៅក្នុងប្រទេសកម្ពុជា ដែលមានហាងច្រើនជាង ៣០០ នៅភ្នំពេញ និង ៥០០ កន្លែងនៅតាមខេត្តផ្សេងៗ”។ យីហោថៃដូចជា Amazon, Black Canyon, True Coffee, Inthanin, Arabitia, Doi Chang, Doi Lor និង Chao Doi បានទទួលការពេញនិយមយ៉ាងខ្លាំង ដោយកាហ្វេកាហ្វេថៃមានចំណែកទីផ្សារជាង ៤៥ ភាគរយនៅក្នុងប្រទេសកម្ពុជា។ Amazon គឺជាក្រុមហ៊ុនធំជាងគេ បន្ទាប់ពីបានបើកសាខាចំនួន ១៤០ នៅទូទាំងប្រទេស”។

លោក Somdet បានថ្លែងថា ក្រុមហ៊ុនបរទេសក៏កំពុងសម្លឹងមើលទីផ្សារកម្ពុជាផងដែរ ដោយសារក្រុមហ៊ុន Starbucks បើកសាខាទី ២០ របស់ខ្លួននៅក្នុងប្រទេស។

លោកបានបន្ថែមថា “យីហោក្នុងស្រុកដូចជា Brown ក៏ជាអ្នកឈរជើងខ្លាំងមួយ ដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទីផ្សារដែលមានសក្តានុពលនៃការប្រកួតប្រជែងខ្ពស់នាពេលអនាគត”។

លោក Jirawut Suwanart ប្រធានការិយាល័យកម្ពុជាំ DITP បានមានប្រសាសន៍ថា សហគ្រិន ដែលចង់បង្កើតហាងកាហ្វេ ឬអាជីវកម្មតែទឹកដោះគោនៅកម្ពុជា អាចទាក់ទងការិយាល័យដើម្បីទទួលបានព័ត៌មានលម្អិតអំពីឯកសារ និងបទប្បញ្ញត្តិ។

លោក បានបន្តថា “អាជីវកម្មថៃអាចចូលទីផ្សារតាមបីវិធី គឺបើក និងគ្រប់គ្រងហាង ដោយមានកម្មសិទ្ធិ ១០០ ភាគរយដោយខ្លួនឯង សហវិនិយោគជាមួយវិនិយោគិនក្នុងស្រុក ដែលសមស្របសម្រាប់ការពង្រីកតំបន់ជនបទ ព្រោះការយល់ដឹងរបស់អ្នកស្រុកនឹងជួយធានាដល់ទីផ្សារ និងទីបីគឺត្រូវលក់អាជ្ញាប័ណ្ណសិទ្ធិអាជីវកម្មទៅឱ្យអ្នកស្រុក។ ជម្រើសចុងក្រោយគឺតម្លៃទាបបំផុតជាមួយនឹងហានិភ័យហិរញ្ញវត្ថុទាប ទោះបីម្ចាស់យីហោត្រូវតែធានាថា ម្ចាស់សិទ្ធិអាជីវកម្មរក្សាគុណភាពផលិតផល ឬពួកគេប្រថុយធ្វើឱ្យខូចកេរ្តិ៍ឈ្មោះម៉ាករបស់ពួកគេ”៕

វិស័យអចលនទ្រព្យនៅក្រុងព្រះសីហនុនឹងរីកចម្រើនបន្ថែមទៀត បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធធំៗបញ្ចប់

ដោយវុត្ថា

ភ្នំពេញ៖ វិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ  ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានសន្ទុះរីកចំរើនយ៉ាងខ្លំាងដោយសារមានការចូលរួមវិនិយោគពីវិនិយោគិនចិនទៅលើវិស័យសណ្ឋាគារ ផ្ទះសំណាក់ ខុនដូរ ភោជនីយដ្ឋាន អគារមជ្ឈមណ្ឌល និងផ្សារទំនើបផងដែរ ហើយនឹងបន្តមានការរីកចំរើនបន្ថែមទៀតបន្ទាប់ពីមានហេដ្ឋារចនាសម្ព័ន្ធធំៗនៅនៅក្នុងក្រុង។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់គេហទំព័រ propertyarea.asia  ឱ្យដឹងថា វិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុនៅតែមានសន្ទុះរីកចំរើនបន្ថែមទៀត បន្ទាប់ពីមានហេដ្ឋរចនាសម្ព័ន្ធល្អ ក្នុងការទាក់ទាញវិនិយោគ និងទេសចរណ៍ ។

លោកបន្តថា ចាប់តាំងពីដើមឆ្នាំ ២០២០ កម្ពុជាជួបវិបត្តិជំងឺcovid-19  ធ្វើឱ្យខេត្តព្រះសីហនុមានស្ថានភាពធ្លាក់ចុះទៅលើវិនិយោគវិស័យអចលនទ្រព្យ តែបន្ទាប់រដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ខេត្តជាខេត្តសេដ្ឋកិច្ចគំរូ និងចំណាយថវិកាប្រមាណ ៣០០លានដុល្លារក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងក្រុង និងការៀបចំឆ្នេរនឹងធ្វើឱ្យមានការទាក់ទាញបន្ថែមទៀត ជាពិសេសការវិនិយោគវិស័យអចលនទ្រព្យ ។

លោកបន្តថា  ការរៀបចំបែបនេះ គឺឱ្យមានចំណាប់អារម្មណ៍ពីទេសចរណ៍នៅក្នុងឱ្យមកលេងនៅក្នុងខេត្តមួយនេះ កាន់តែច្រើនថែមទៀត ដើម្បីជំរុញឱ្យមានកំណើនសេដ្ឋកិច្ចនៅក្នុងស្រុក និងអន្តរជាតិ ។ ម្យ៉ាងទៀតខេត្តព្រះសីហនុ បើធៀបទៅនឹងប្រទេសនៅក្នុងតំបន់អាស៊ី គឺដូចទៅនឹងទីក្រុងហុងកុងកាលពី ៣៥ ឆ្នាំមុនដែលទទួលបាននូវការវិនិយោគពីវិនិយោគិនធំៗពីប្រទេសចិន និងមកពីបណ្តាប្រទេសធំៗផ្សេងទៀតផងដែរ។

គម្រោងផ្លូវចំនួន៣៤ខ្សែ មានប្រវែងសរុប ៨២.៥០៥ ម៉ែត្រ នៅក្នុងខេត្តព្រះសីហនុ គិតចាប់ពីថ្ងៃបើកការដ្ឋានស្ថាបនាផ្លូវនាថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៩  រហូតមកដល់បច្ចុប្បន្ន សម្រេចបានប្រមាណជិត ១០០ភាគរយ នឹងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលខាងមុខឆាប់ៗនេះ ។

ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ នឹងរួមចំណែកដ៏ធំធេងក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ សំដៅអភិវឌ្ឍខេត្តព្រះសីហនុ ដែលជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ និងមជ្ឈមណ្ឌលភស្តុភារកម្មជាតិ តាមរយៈការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងការធ្វើសមាហរណកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា៕

អ្នកជំនាញនិយាយពីសក្តានុពលនៃវិស័យគអចលនទ្រព្យនៅតាមបណ្តោយ ផ្លូវជាតិសំខាន់ៗ

ដោយវុត្ថា

ភ្នំពេញៈ ហេដ្ឋារចនាសម្ព័ន្ធធំៗចេញពីទីក្រុងភ្នំពេញ បាននិងកំពុងទាក់ទាញការវិយោគលើវិស័យអចលនទ្រព្យ និងមានសកម្មភាព និងសក្តានុពលខ្ពស់ដោយសារតម្រូវការនៅតែបន្តកើនឡើងជាប្រចាំ។

លោកស្រីតាំង ហ៊ួរ នាយិការក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service បានប្រាប់គេហទំព័រPropertyarea.asia ឱ្យដឹងថាសកម្មភាពនៃការទិញលក់ដីធ្លីនៅនៅតាមបណ្តោយផ្លូវជាតិចេញពីភ្នំពេញនៅតែមានស្ថានភាពល្អប្រសើរនិងប្រព្រឹត្តទៅដោយរលូនពុំមានជាបញ្ហាចោទនោះទេ។

លោកស្រីបន្តថា យើងឃើញសកម្មភាពនៃការទិញលក់ដី នៅតែមានសកម្មល្អប្រសើរ ហើយរហូតមដល់ពេលនេះ មានតំបន់ខ្លះទៀត គឺមានសកម្មភាពល្អជាងពេលកន្លងទៅទៀត ជាពិសេសផ្លូវជាតិលេខ៦A ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ១ និងនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រជាដើម

លោក ម៉ម សិរីបញ្ញា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Easy Property Investment បានឱ្យដឹងដែរថា សកម្មភាពនៃការទិញលក់ដីធ្លី នៅតាមបណ្តោយផ្លូវជាតិគឺមិនមានអ្វីថមថយនោះទេ ពោលគឺសកម្មភាពនេះ នៅតែមានសកម្មភាពធម្មតា។ អ្នកទិញ ក៏មិនមានសកម្មភាពផ្អាក់ការទិញដែរ ហើយនេះ ក៏ជាឪកាសល្អសម្រាប់ពួកគេផងដែរ។

លោកបន្តថា ដោយសារម្ចាស់ដីមួយចំនួនបាន និងកំពុងព្រួយបារម្ភខ្លាចលក់ដីរបស់ខ្លួនមិនចេញ បានជំរុញឱ្យមានការលក់នៅក្នុងតំលៃថោក ដូច្នេះចរន្តនៃការទិញលក់នៅមានសកម្មភាពច្រើន ឬច្រើនជាងធម្មតាតែបើគិតជាភាគរយវិញគឺមិនច្រើននោះទេ

លោកបញ្ជាក់ទៀតថា សកម្មភាពនៃការទិញលក់ដី ដែលពុះកញ្ជ្រោលខ្លាំងជាងគេ គឺស្ថិតនៅបណ្តោផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣  ផ្លូវជាតិលេខ២ និងជាពិសេសនៅតំបន់ផ្លូវ៦០ម៉ែត្រ ព្រោះតម្លៃដីធ្លីនៅតំបន់នេះមានតម្លៃធូរថ្លៃច្រើន។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោក  ច្រឹក សុខនីម បានឱ្យដឹងកាលពីពេលថ្មីៗនេះដែរថា ស្ថានភាពទីផ្សារអចលនវត្ថុកម្ពុជាមិនមានសញ្ញាគួរឲ្យបារម្ភនោះទេ ដែលប្រជាជនក៏ដូចជាអ្នកវិនិយោគជាតិ អន្តរជាតិគួរតែចាប់ផ្តើមឡើងវិញ។

លោកបន្តថា ក្នុងស្ថានភាពបច្ចុប្បន្នសកម្មភាព នៃការវិនិយោគទិញលក់ដីធ្លី ក្នុងស្រុកនៅតែមានសកម្មភាពធម្មតា ប៉ុន្តែអ្នកវិនិយោគបរទេស ហាក់មានភាពស្ងប់ស្ងាត់បន្តិច ហើយស្ថានភាពនយោបាយ និងសេដ្ឋកិច្ចក៏មិនមានអ្វីគួរឲ្យកត់សំគាល់នោះទេ។ ហេតុនេះ ព្រោះការវិវត្តន៍នៃស្ថានភាពពិភពលោក និងសេដ្ឋកិច្ចមិនមានអ្វីដែលត្រូវអូសបន្លាយយូរនោះទេ៕

សេដ្ឋកិច្ចថៃនៅតែបន្តស្ថិតក្នុងសភាពយ៉ាប់យឺន ទោះបីជោគជ័យលើការទប់ស្កាត់មេរោគរាតត្បាត

ដោយ ហ្សូលី

បាងកកៈ ប្រទេសថៃទទួលបានជោគជ័យដំបូងគេបង្អស់លើការគ្រប់គ្រងមេរោគរាតត្បាតនិងការឆ្លងក្នុងសហគមន៍ក្នុងចំណោមបណ្តារប្រទេសនៅអាស៊ីអាគ្នេយ៍ប៉ុន្តែក្រឡេកមកមើលលើសេដ្ឋកិច្ចប្រទេសវិញហាក់បីដូចជាគ្មានភាពរលូនទាល់តែសោះ។

ថៃបានក្លាយទៅជាប្រទេសមួយ ដែលមានសេដ្ឋកិច្ចអាក្រក់បំផុតនៅតំបន់អាស៊ី ដោយសារការបន្តធ្លាក់ចុះនូវភ្ញៀវទេសចរណ៍។ នេះបើតាមរៀបរាប់របស់សេដ្ឋវិទូប្រចាំប្រទេស។

បើតាមឱ្យដឹងតាមរបាយការណ៍ ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចថៃ បានធ្លាក់ចុះក្នុងជម្រៅមួយដែលអាក្រក់បំផុតមិនធ្លាប់់មាន និងអាក្រក់ជាងកាលពីវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៨ទៅទៀត។ សេដ្ឋកិច្ចរបស់ប្រទេសនេះ បានធ្លាក់ចុះរហូតដល់ជាង១២ភាគរយនៅត្រីមាសទី២ ដែលល្អជាងការវាស់ស្ទង់របស់ទីភ្នាក់ងារសារព័ត៌មានReuters ដែលថា នឹងអាចធ្លាក់ចុះប្រមាណជាង១៣ភាគរយ។

ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានពឹងផ្អែកលើវិស័យទេសចរណ៍ប៉ុន្តែការមកដល់របស់ភ្ញៀវទេសចរបរទេសបានធ្លាក់ចុះជាគំហុកឬស្ទើរតែគ្មានសោះដែលធ្វើឱ្យសញ្ញានៃការស្តារសេដ្ឋកិច្ចប្រទេសស្ថិតក្នុងភាពស្រពេចស្រពិល។

លោកBarbanas Gan សេដ្ឋវិទូនៅធនាគារសិង្ហបុរី United Oversea បានមានប្រសាសន៍ថាក្បាលម៉ាស៊ីនរបស់សេដ្ឋកិច្ចថៃគឺវិស័យពាណិជ្ជកម្មក៏បានចុះខ្សោយព្រមគ្នាជាមួយវិស័យទេសចរណ៍ដែរ។

លោកព្យាករណ៍ថា សេដ្ឋកិច្ចថៃអាចនឹងធ្លាក់ចុះ៧.៥ភាគរយ នៅឆ្នាំ២០២០នេះ ដែលច្រើនជាងការព្យាករណ៍កាលពីមុន ដែលសេដ្ឋកិច្ចប្រទេសនេះមានសញ្ញាដក៥.៤ភាគរយ

សេដ្ឋវិទូរូបនេះ បានថ្លែងប្រាប់សារព័ត៌មានCNBCថា ក្បាលម៉ាស៊ីនភ្លោះនៃសេដ្ឋកិច្ចថៃមានពីរគឺ វិស័យពាណិជ្ជកម្ម និងទេសចរណ៍ ហើយវស័យទាំងពីរនេះ បានធ្លាក់ចុះដល់កម្រិតគួរឱ្យបារម្ភទៅហើយ នៅពាក់កណ្តាលឆ្នាំ២០២០នេះ ហើយវាអាចនឹងអូសបន្លាយរហូតដល់ចុងឆ្នាំ ឬទៅឆ្នាំ២០២១ថែមទៀតផង៕ CNBC

ចំណេះដឹង!ហេតុអ្វីរដ្ឋាភិបាលយកពន្ធលើដីធ្លីមិនបានប្រើប្រាស់?

ដោយ វុត្ថា

ភ្នំពេញៈ ច្បាប់ស្តីពីហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រងឆ្នាំ១៩៩៥ ជំពូក៣ ផ្នែកទី១ បានចែងអំពីពន្ធលើដីមិនបានប្រើប្រាស់ ត្រូវបានអនុម័តដោយសភាជាតិ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ១៩៩៤ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ១១/នស/ ៩៤ ចុះថ្ងៃទី ៣១ ខែធ្នូឆ្នាំ ១៩៩៤ ហើយបានចូលជាធរមាននៅក្នុងឆ្នាំ១៩៩៦។

យោងតាមឯកសាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្តីពី ក្រមខណ្ឌយុទ្ធសាស្ត្រ នៃគោលនយោបាយដីធ្លីបានឱ្យដឹងថា ប្រភេទពន្ធនេះមានគោលបំណង ទប់ស្កាត់គ្រប់រូបភាពនៃការទិញដីទុកមិនប្រើប្រាស់ រង់ចាំពេលឡើងថ្លៃលក់កេងយកតម្លៃលើស។ ជំរុញការប្រើប្រាស់ដីឱ្យបានសមស្រប និងរកចំណូលដើម្បីរួមចំណែកដល់ផលប្រយោជន៍ថវិកាជាតិ។

ឯកសារដដែលបន្តថា ចំពោះដីមិនបានប្រើប្រាស់ ត្រូវបន្តធ្វើឱ្យច្បាស់ថែមទៀតនូវនិយមន័យ និងលក្ខណៈវិនិច្ឆ័យផ្អែកលើការកំណត់ជាធរមាន ធ្វើជាមូលដ្ឋាននៃការពិចារណា។

កម្មសិទ្ធិករនៃដីមិនបានប្រើប្រាស់ ត្រូវទទួលខុសត្រូវលើការបង់ពន្ធដីប្រភេទនេះ ។ពន្ធលើដីមិនបានប្រើប្រាស់ ត្រូវគណនាតាមអត្រា២% នៃតម្លៃដីតាមទីផ្សារដី ដោយប៉ាន់តម្លៃទៅតាមថ្លៃដីក្នុងមួយម៉ែត្រការ៉េ និងគិតតាមខេត្ត ក្រុង និងតំបន់នីមួយៗ ដែលកំណត់ជារាល់ឆ្នាំ ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រាស់ប្រាស់។

បច្ចុប្បន្នចំណូលពន្ធមានការកើនឡើង ដោយសាររាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើពន្ធដីមិនប្រើប្រាស់។ ការប្រមូលពន្ធប្រភេទនេះ មានការលំបាកដោយហេតុថា សមត្ថភាពត្រួតពិនិត្យការប្រើប្រាស់ដីធ្លី នៅមានកម្រិតនិងពុំមានការបញ្ជាក់ម្ចាស់ដីច្បាស់លាស់៕

រយៈពេល២ថ្ងៃខេត្តកំពតទទួលបានកំណើនទេសចរជាង៧ម៉ឺននាក់

ដោយ ៖ រ៉ាណេត

កំពតៈ ក្នុងរយៈពេល២ថ្ងៃនៃឱកាសឈប់សម្រាក សងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែរ សម្រាប់តែខេត្តកំពត ទទួលបានកំណើនទេសចរជាង៧ម៉ឺននាក់ ដែលមានកំណើនលើសថ្ងៃទី១ជិតទ្វេដង។

យោងតាមមន្ទីរទេសចរណ៍ខេត្តកំពត ដែលបានបង្ហាញទិន្នន័យនៃនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះបានឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃនៃឱកាសឈប់សម្រាកនេះមានទេសចរជាង៧ម៉ឺននាក់ បានចូលទៅកម្សាន្តនៅតាមតំបន់នានាទូទាំងខេត្ត រហូតធ្វើឱ្យខ្វះការផ្គត់ផ្គង់ផ្នែកសេវាស្នាក់នៅរយៈពេលខ្លី បើទោះជានៅតំបន់ខ្លះត្រូវបានបោះតង់ក៏ដោយ។

នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា រយៈពេល២ថ្ងៃ (ថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០) ភ្ញៀវទេសចរបានទៅកម្សាន្ត តាមគោលដៅទេសចរណ៍នានានៅខេត្តកំពតចំនួន៧០.៧៨៧នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន៧០.៣៨៣នាក់ និងភ្ញៀវបរទេសចំនួន ៤០៤នាក់។ ដោយឡែកចំពោះស្ថានភាពទូទៅនៅតែបន្តរក្សាបានសភាពល្អប្រសើរ។

ជាមួយនេះដែរ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្រុមការងា​រមន្ទីរទេសចរណ៏ខេត្តកំពត បានសហការជាមួយផ្នែកពាក់ពន្ធ័ ចុះជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាល នៅតាមរមណីយដ្ឋាន សហគមន៍ និងសេវាកម្មទេសចរណ៍នានាក្នុងខេត្តយ៉ាងសកម្ម។

នៅព្រឹកថ្ងៃជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏បានបង្ហាញឱ្យដឹកផងដែរថា នៅថ្ងៃទី២នៃការឈប់សម្រាកនេះ ទេសចរចេញដើរកម្សាន្តនៅទូទាំងប្រទេស មានរហូតដល់ជាង២៧ម៉ឺននាក់ ដែលជាចំនួនដ៏ច្រើនបំផុត រហូតមានតំបន់កម្សាន្តខ្លះត្រូវបានបិទបន្ទាប់ពីសង្កេតឃើញ ការអនុវត្តវិធានការមានភាពចន្លោះប្រហោង ជាក់ស្ដែងដូចជាតំបន់កម្សាន្ត ផាប់ស្ត្រីត នៅខេត្តសៀមរាបជាដើម។

នៅក្នុងរបាយការណ៍របស់ក្រសួងទេសចរបញ្ជាក់ថា ក្នុងថ្ងៃទី២នាឱកាសឈ​ប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃទៅ១៨ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលចេញដើរទស្សនាកម្សាន្ត នៅទូទៅប្រទេសមានចំនួន ២៧៧,០៧៨នាក់ កើនឡើង១៨.៧៥ភាគរយ ធៀបនឹងថ្ងៃទីមួយម្សិលមិញ ក្នុងនោះខេត្តសៀមរាប និងខេត្តកំពតមានអ្នកទៅលេងច្រើនជាងរាជធានី-ខេត្តដទៃ៕

ភ្ញៀវទេសចរណ៍ជិត២៨ម៉ឺននាក់ចេញដើរកំសាន្តនៅក្នុងថ្ងៃឈប់សំរាកទី២

ដោយ ៖ គង់ សូរិយា

ភ្នំពេញៈ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជិត២៨ម៉ឺននាក់បានចេញដើរកំសាន្តនៅតាមរមណីយដ្ឋាននានាទូទាំងប្រទេស នៅក្នុងថ្ងៃបុណ្យសំរាកដែលមានរយៈពេលមួយសប្តាហ៍នេះ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងថ្ងៃទីពីរនាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃទៅ១៨ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលចេញដើរទស្សនាកម្សាន្តនៅទូទៅប្រទេសមានចំនួន២៧៧,០៧៨នាក់ កើនឡើង១៨.៧៥% ធៀបនឹងថ្ងៃទីមួយម្សិលមិញ។

ក្នុងចំណោមខេត្តគោលដៅទេសចរណ៍នានា ខេត្តសៀមរាប និងខេត្តកំពតមានប្រជាប្រិយភាព ដោយមានអ្នកទៅដើរកំសាន្តជាងរាជធានី-ខេត្តដទៃ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបមានចំនួនសរុប ២៧៧,០៧៨នាក់នេះ មានភ្ញៀវជាតិមានចំនួន២៧៧,៦៤៩នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២,៧៧០នាក់។

គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖

* ខេត្តសៀមរាបមានចំនួន ៤៤,៣៦៤នាក់

* ខេត្តកំពតមានចំនួន ៣៩,៩៨៣នាក់

* ខេត្តបាត់ដំបងមានចំនួន ២៦,៩៨៧នាក់

* ខេត្តកែបមានចំនួន ២៣,២២៩នាក់

* ខេត្តព្រះសីហនុមានចំនួន ២៣,១៤៩នាក់

* ខេត្តរតនគិរីមានចំនួន ១៤,២៩៤នាក់

* ខេត្តព្រះវិហារមានចំនួន ១២,៤៣០នាក់

* ខេត្តមណ្ឌលគិរីមានចំនួន ១០,២៥៤នាក់។

ចំណែកសភាពការណ៍សន្តិសុខ សណ្ដាប់ធ្លាប់នៅតាមកន្លែង មានភ្ញៀវទៅទស្សនានោះ មិនមានបញ្ហាអ្វីធំដុំនោះឡើយ៕

កម្ពុជាកំពុងសិក្សាពីការអភិវឌ្ឍការធ្វើពាណិជ្ជកម្មឌីជីថលលំដាប់អន្តរជាតិ

ដោយៈ វុត្ថា

ភ្នំពេញៈ តំណាងរដ្ឋាភិបាល និងវិស័យឯកជន សភាណិជ្ជកម្មកម្ពុជា បានចូលរួមវេទិកាអភិវឌ្ឍន៍ ពាណិជ្ជកម្មឌីជីថលអន្តរជាតិលើកទី២ និងសន្និសីទពាណិជ្ជកម្មឌីជីថលពិភពលោកលើកទី១ ដើម្បីអាចធ្វើពិពិធកម្មពាណិជ្ជកម្មតាមបែបបច្ចេកវិទ្យា។

លោកបណ្ឌិតតាន់ មុនី្នវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ បានចូលរួម ក្នុងវេទិកាអភិវឌ្ឍន៍ពាណិជ្ជកម្មឌីជីថលអន្តរជាតិលើកទី២ និងសន្និសីទពាណិជ្ជកម្មឌីជីថលពិភពលោកលើកទី១» តាមប្រព័ន្ធអនឡាញ ។

លោកបណ្ឌិតបានឱ្យដឹងថា “ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយសមាគម ស្រាវជ្រាវអង្គការពាណិជ្ជកម្មពិភពលោកចិន ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់អញ្ជើ​ញមកពីក្រសួង/ស្ថាប័នរដ្ឋ និងវិស័យឯកជននៃប្រទេសចិន ព្រមទាំងតំណាងនៃអង្គការអន្តរជាតិ សភាពាណិជ្ជកម្ម និងឧស្សាហកម្មមកពីបណ្ដាប្រទេសនានាក្នុងពិភពលោក”។

លោកបានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីពិភា​   ក្សាអំពីហានិភ័យនៃពាណិជ្ជកម្មសកល ទម្រង់ថ្មីនៃការផ្សាយផ្ទាល់តាមប្រព័ន្ធអេឡិចត្រូនិក និងនិន្នាការថ្មីនៃពាណិជ្ជកម្មឌីជីថល ក្នុងកាលៈទេសៈនៃជំងឺរាតត្បាតថ្មី ព្រមទាំងដើម្បីជំរុញផលិតផលប្រទេសរបស់ខ្លួន បង្កើតដៃគូជាមួយសភាពាណិជ្ជកម្មផ្សេងៗ និងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចដោយផ្ទាល់ជាមួយសហគ្រាសចិន។

ក្នុងកិច្ចប្រជុំនេះផងដែរ លោកបណ្ឌិតតាន់ មុន្នីវណ្ណ បានថ្លែងសុន្ទរកថាដោយលើកឡើងអំពីចំណុចសំខាន់ៗដូចជា- ផលប៉ះពាល់នៃជំងឺរាតត្បាតជាសកល កូវីដ-១៩

– តួនាទីដ៏សំខាន់ និងនិន្នាការក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងសេវាតាមប្រព័ន្ធឌីជីថល។

– ទំនាក់ទំនងពាណិជ្ជកម្មរវាងអាស៊ាន និងចិន

– ទំនាក់ទំនងពាណិជកម្មរវាងកម្ពុជា និងចិន

ជាមួយគ្នានេះ លោកបណ្ឌិតក៏បានលើកទឹកចិត្តអ្នកទាំងអស់គ្នា ឱ្យមានភាពរឹងមាំ និងសហការគ្នា ក្នុងការជម្នះឧបសគ្គនានា ក្នុងអំឡុងនៃជំងឺរាតត្បាតនេះ ហើយសភាពាណិជ្ជកម្មកម្ពុជា តែងតែត្រៀមខ្លួននិងស្វាគមន៍ក្នុងការសហការ និងចាប់ដៃគូពាណិជ្ជកម្មជាមួយធុរជនមកពីបណ្ដាប្រទេសនានា ដើម្បីលើកកម្ពស់កំណើនពាណិជ្ជកម្មរវាងប្រទេសយើងទាំងអស់គ្នា៕

កម្ពុជា​នាំចេញ​ផ​លិ​ផល​កសិផល​ជាង ៦០មុខ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ស្មើនឹងជិត៥លាន​តោន

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ផលិតផល​កសិផលរ​បស់​កម្ពុជា ដែល​បានធ្វើការ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​នៅត្រឹម​ដើម​ឆមាស​ទី២ ឆ្នាំ២០២០នេះ​មាន​ចំនួន​ជាង៦០មុខ ស្មើនឹង​ប្រមាណ​ជិត៥លាន​តោន។

យោងតាម​របាយការណ៍ ដែល​បង្ហាញ​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បញ្ជាក់ថា គិត​ត្រឹម​ដើម​ឆមាស​ទី២ ឆ្នាំ២០២០កន្លងទៅនេះ ការនាំចេញ​ផលិតផល​កសិផល​រប​ស់​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ​នៃ​ប្រទេស​ចំនួន៥៩ មាន​ចំនួន​ជាង៦០មុខ ស្មើនឹង៤.៨តោន​មានការ​កើនឡើង​ខ្ពស់ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៩ ដែលមាន​ត្រឹម៣,៤លាន​តោន​តែប៉ុណ្ណោះ។

អគ្គនាយកដ្ឋាន​កសិក​ម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ងិន ឆាយ ធ្លាប់បាន​បញ្ជាក់​ឱ្យដឹងថា កំណើន​នៃ​បរិមាណ​នាំចេញ​នេះ ជា​កត្តា​ឆ្លុះបញ្ចាំង​អំពី​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​ទាំង​បរិមាណ និង​គុណភាព​នៃ​ផលិតកម្ម​កសិកម្ម នៅក្នុង​ប្រទេស​កម្ពុជា។

លោក​បន្តថា “ផលិតផល​កសិកម្ម​ក​ម្ពុ​ជា៦១មុខ​នេះ ត្រូវបាន​ចែកជា២ក្រុម ទី១ក្រុម​ផលិតផល ដែល​មិន​ជាប់​កម្រិត​កំណត់​ការនាំចេញ​ទំនិញ​ពី​កម្ពុជា ទៅកាន់​ប្រទេស​ឬ​ដែនដី ដែល​ធ្លាប់បាន​នាំចេញ​រួចហើយ ការ​នាំចូល​ផលិតផល​ទាំងនេះ តម្រូវឱ្យមាន​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ ដើម្បី​ធានា​អះអាង​អំពី​ការបំពេញ អនុលោមភាព​ទៅតាម​ល្ខ​ខណ្ឌ​តម្រូវ។

ក្រុមទី២ គឺជា​ប្រភេទ​ផលិតផល​ដែល​ជាប់​កម្រិត​កំណត់ ឬ​ជា​ក្រុម​ផលិតផល​ដែលមាន​កម្រិត​ហានិភ័យ​ខ្ពស់ (ទំនិញ​ដែលមាន​សក្តានុពល​ហានិភ័យ សមាសភាព​ចង្រៃ​ខ្ពស់​ដូចជា​ផលិតផល​បន្លែ ផ្លែឈើ​ស្រស់ មើម និង​បណ្ដា​ទំនិញ​ដទៃទៀត​ដែល​ចាត់​ក្នុង​កម្រិត​ហានិភ័យ​នៃ​ស្ដង់ដារ​ភូតគាម​អនាម័យ​អន្ដរជាតិ​លេខ៣២ (ISPM 32) ក្នុង​ក្រុមទី៣ និង​ទី៤ស្ដីពី ចំណាត់ថ្នាក់​ទំនិញ​អាស្រ័យ លើ​កម្រិត​ហានិភ័យ​បង្កឡើង​ដោយ​សមាសភាព​ចង្រៃ)” ។

យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានបង្ហាញ​ពី​ស្ថានភាព​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា ស្ថិតក្នុង​និន្នាការ​កើនឡើង​ជា​លំដាប់ ហើយ​មាន​សន្ទុះ​គួរឱ្យកត់សម្គាល់ ក្នុង​រយៈពេល៦ឆ្នាំ​ចុង​ក្រោយនេះ ដែល​នៅ​ឆ្នាំ២០១៤ ការនាំចេញ​ផលិតផល​កសិកម្ម សម្រេចបាន​ចំនួន​ប្រមាណ​ជាង ៣,៤៤លាន​តោន និង​បាន​កើន​រហូតដល់​ជាង៤,៨លាន​តោន គិត​ត្រឹម​រយៈពេល​ត្រីមាស​ទី១នៃ​ឆ្នាំ២០២០ ៕