តើវិនិយោគអចលនទ្រព្យនៅតាមជាយក្រុងមានផលល្អយ៉ាងណា?

ដោយវុត្ថា

ភ្នំពេញ៖ ការចាប់ផ្តើមវិនិយោគវិស័យអចលនទ្រព្យគ្រប់ប្រភេទ នៅតាមបណ្តាជាយក្រុងនៃរាជធានីភ្នំពេញមានគុណសម្បត្តិច្រើនជាងគុណវិបត្តិ ស្របពេលដែលការវិនិយោគនៅកណ្តាលទីក្រុងមានតម្លៃខ្ពស់ និងមានទីតាំងចង្អៀត។

អ្នកវិភាគសេដ្ឋកិច្ច និងជាអ្នកប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ លោក ង៉ែត ជូ ឱ្យដឹងថា ការវិនិយោគអចលនទ្រព្យនៅតាមតំបន់ជាយក្រុងនៃទីក្រុងភ្នំពេញ គឺមានគុណសម្បត្តិច្រើនជាងគុណវិបត្តិ “ចំណេញ ចំណាយពេលតិច និងអាចបង្កើតចំណូលបានច្រើន”។

លោកង៉ែត ជូបានពន្យល់ថា គុណសម្បត្តិធំៗចំនួន៣ ដែលទទួលបានពីការវិនិយោគ និងអភិវឌ្ឍនៅតាមតំបន់ជាយក្រុង រួមមានដូចជា ទី១ ដឹងតែចំណេញៈ មិនខាតប្រសិនបើអ្នកមានផែនការហិរញ្ញវត្ថុច្បាស់លាស់ ពោលគឺវិនិយោគរយៈពេលវែង អាចរក្សាទុកនៅពេលទទួលបានតម្លៃល្អ និងមិនបង្ខំលក់នៅពេលធ្លាក់ថ្លៃ។ ជាទូទៅតម្លៃមានការកើនជានិច្ច ប្រសិនបើស្ថានភាពសេដ្ឋកិច្ច ទីផ្សារឬនយោបាយមិនល្អ គឺធ្លាក់ថ្លៃតែមួយរយៈប៉ុណ្ណោះ។

ទី២ ចំណាយពេលតិចៈ មិនចំណាយពេលច្រើន ដូចជាការធ្វើអាជីវកម្មដទៃនោះទេ អ្នកអាចធ្វើការយកប្រាក់ខែសន្សំជាទុនបណ្តើរ។ និង ទី៣ អាចប្រើប្រាស់ដីឬបង្កើតជាចំណូលអកម្មបាន៖ ប្រសិនបើសន្សំដីធ្លីបានច្រើន អ្នកអាចរក្សាទុកជាធនាគារដីធ្លី និងប្រើប្រាស់ក្នុងគោលបំណងនានា ដូចជា បង្កើតជាកសិដ្ឋាន សង់ឃ្លាំង ស្តង់លក់ទំនិញ អគារពាណិជ្ជកម្ម ឬការរិយាល័យសំរាប់ជួល។ល៕

អគារលំនៅឋានខ្ពស់កប់ពពកមួយនៅទីក្រុង New York ត្រៀមបញ្ចប់សាងសង់នៅក្នុងឆ្នាំនេះ

ដោយវុត្ថា

អាមេរិក៖ គម្រោងសាងសង់អគារលំនៅឋានខ្ពស់កប់ពពកមួយនៅក្នុងទីក្រុង New York ត្រៀបនឹងបញ្ចប់នៅឆ្នាំ ២០២០នេះ ដែលនឹងក្លាយជាអគារលំនៅឋានខ្ពស់បំផុតនៅក្នុងពិភពលោក ដែលមានកំពស់ ៩១ ជាន់ និង ១,៤២៨ ហ្វីត ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider បានឱ្យដឹងថា អគារនេះ ជាគម្រោងអគារខុនដូ ខ្ពស់បំផុតត្រូវបានសាងសង់នៅក្នុងតំបន់ពាណិជ្ជកម្មនៃទីក្រុង New York ដែលមានអចលនទ្រព្យថ្លៃបំផុត។

នៅពេលសាងសងបញ្ចប់ វាបានក្លាយជាអគារលំនៅដ្ឋានខ្ពស់ជាងគេបំផុតនៅលើពិភពលោកបន្ទាប់ពីអគារ Central Park South ។ អគារដ៏ខ្ពស់លំដាប់ពិភពលោកនេះ ត្រូវបានបោះទុនវិនិយោគដោយក្រុមហ៊ុន JDS Development Group ក្រុមហ៊ុន Markets Group និងក្រុមហ៊ុន Spruce Capital Partners ក្នុងទំហំទឹកប្រាក់រាប់លានដុល្លារអាមេរិក។

នៅពេលសាងសង់ចប់ នឹងផ្តល់ជូននូវភាពងាយស្រួលដល់អ្នករស់នៅក្នុងអគារនេះ ដោយមានសន្តិសុខបំពេញការងារ ២៤ ម៉ោង និងមានអាងហែលទឹកប្រវែង ៨២ ហ្វីត ព្រមទាំងកន្លែងហាត់កីឡាផងដែរ។

លោក Gregg Pasquarelli ស្ថាបនិកនៃក្រុមហ៊ុនស្ថាបត្យកម្ម SHoP ដែលបានរចនាអគារនេះបានឱ្យដឹងនៅក្នុងសន្និសីទសារពត៌មានមួយថា អាគារខុនដូនេះ ជាអគារមួយមានលក្ខណខុសប្លែកពីអគារផ្សេងទៀតនៅក្នុងទីក្រុងញូវយ៉ក ព្រោះវាបំពាក់ទៅដោយឧបករណ៍ទំនើប ព្រមទាំងរចនាប្រកបដោយការគិតគូខ្ពស់ ៕

កម្ពុជានៅតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការស្វាគមន៍ការវិនិយោគពីបរទេស

ដោយ ៖ ប៊ី

ភ្នំពេញ ៖ សេដ្ឋកិច្ចកម្ពុជាទទួលបានការរីកចម្រើន ដែលបានបង្ហាញពីកំណើនសេដ្ឋកិច្ចខ្ពស់រង្វង់ ៧ ភាគរយក្នុងរយៈពេលពីទសវត្សចុងក្រោយ ខណៈប្រហែលពាក់កណ្តាលនៃប្រជាជនមានអាយុក្រោម ២៥ ឆ្នាំ ដូច្នេះកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចរឹងមាំនាពេលខាងមុខ។

ប្រទេសកម្ពុជាមានបទប្បញ្ញត្តិមួយចំនួនស្តីពីមូលធនបរទេស។ នៅក្នុងវិស័យភាគច្រើន ការវិនិយោគត្រូវបានអនុញ្ញាតតាមការរាយការណ៍ ហើយភាពជាម្ចាស់បរទេស ១០០ ភាគរយត្រូវបានអនុញ្ញាត។

ប្រតិបត្តិការភាគច្រើនធ្វើឡើងតាមរយៈប្រាក់ដុល្លារអាមេរិក មិនមែនរូបិយប័ណ្ណក្នុងស្រុកទេ ដូច្នេះហានិភ័យនៃការផ្លាស់ប្តូរប្រាក់មានតិចតួច។ នេះបើយោងតាមការលើកឡើងរបស់លោក Kim Hyun-su ប្រធានអ្នកស្រាវជ្រាវនៅវិទ្យាស្ថានសម្រាប់ពាណិជ្ជកម្មអន្តរជាតិនៅក្រោមសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េកាលពីពេលថ្មីៗនេះ។

គម្រោងវិនិយោគ ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលកម្ពុជា ត្រូវបានរួចផុតពីពន្ធសាជីវកម្ម និងពន្ធនាំចូលសម្រាប់វត្ថុធាតុដើម និងគ្រឿងបរិក្ខារសម្រាប់រយៈពេល ៩ ឆ្នាំ ដែលទាំងនេះហើយជាមូលហេតុដែលប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថាជាទិសដៅវិនិយោគដ៏ទាក់ទាញមួយ។

ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់ប្រទេសកម្ពុជាមានចំនួន ១.៥០០ ដុល្លារក្នុងឆ្នាំ ២០១៨។ ប្រទេសនេះមានភាពទាក់ទាញខាងវប្បធម៌ល្បីៗ នៅលើពិភពលោកដូចជាប្រាសាទអង្គរវត្ត ធនធានកម្លាំងពលកម្មច្រើន និងគោលនយោបាយមិត្តភាពឆ្ពោះទៅរកការវិនិយោគបរទេស។

អរគុណចំពោះគុណសម្បត្តិទាំងនេះ សេដ្ឋកិច្ចកម្ពុជាបានកើនឡើងច្រើនជាង ៧ ភាគរយក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។

នៅប្រទេសកម្ពុជា កម្រិតប្រាក់ឈ្នួលមានកម្រិតទាប ដែលជាចំណុចខ្លាំងមួយទៀត។ កាលពីឆ្នាំមុន ប្រាក់ឈ្នួលអប្បបរមាប្រចាំខែនៅក្នុងវិស័យកាត់ដេររបស់ប្រទេសនេះមានចំនួន ១៨២ ដុល្លារអាមេរិក ដែលស្មើនឹង ៦០ ភាគរយនៃប្រាក់ឈ្នួលរបស់ប្រទេសថៃ បំពាក់ដោយមានកម្លាំងពលកម្មវ័យក្មេង និងសម្បូរបែប។ ប្រទេសកម្ពុជាមានអត្រាចូលរួមកម្លាំងខ្ពស់បំផុតនៅក្នុងអាស៊ាន។

អ្វីដែលប្រសើរជាងនេះ ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ។ ក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ ទំនិញ ដែលនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវបានផ្តល់ការកាត់បន្ថយ ឬគ្មានអត្រាពន្ធ។
ដូច្នេះ ប្រទេសកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ពន្ធគយនៅពេលនាំចេញផលិតផលទៅសហរដ្ឋអាមេរិកសហភាព អឺរ៉ុប និងជប៉ុន។ គ្មានអ្វីប្លែកទេដែលប្រទេសកម្ពុជាត្រូវបានគេហៅថា “គុជដែលលាក់ខ្លួននៅអាស៊ីអាគ្នេយ៍”៕

លោក ឡុង ឌីម៉ង់ ស្នើឱ្យក្រុមហ៊ុនតម្លើងរោងចក្រផលិតគ្រឿងសម្អាងរបស់កូរ៉េមកដាក់ទីតាំងនៅប្រទេសកម្ពុជា

ដោយ ៖ វុត្ថា

កូរ៉េ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចំានៅក្នុងប្រទេសកូរ៉េ លោក ឡុង ឌីម៉ង់ បានស្នើស្នើឱ្យក្រុមហ៊ុនតម្លើងរោងចក្រផលិតផលកសិកម្ម ចំណីអាហារ និងគ្រឿងសម្អាងរបស់កូរ៉េមកដាក់ទីតាំងនៅក្នុងប្រទេសកម្ពុជា សម្រាប់ផ្គង់ផ្គង់ទីផ្សារនៅក្នុងស្រុក និងចែកចាយនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា នៅក្នុងដំណើរចុះទសន្សកិច្ច និងស្វែងយល់ពីរោងចក្រ Yoonji កាលពីម្សិលមិញនេះ បានឱ្យដឹងថា រោងចក្រ Yoonji នេះ មានឯកទេសផលិតសម្បកធ្វើពីផ្លាស្ទិកសម្រាប់ច្រកផលិតផលកសិកម្ម ចំណីអាហារ និងគ្រឿងសម្អាង។

លោកបន្តថា រោងចក្រនេះក៏ផលិត និងច្រកចូលសម្បកផ្លាស្ទិកនូវផលិតផលគ្រឿងសម្អាង និងទឹកជេលលាងសម្អាតដៃផងដែរ។

លោកឯកអគ្គរាជទូតកម្ពុជា បានលើកទឹកចិត្តថ្នាក់ដឹកនាំក្រុមហ៊ុនឱ្យមកសិក្សា និងដាក់ទីតាំងតម្លើងរោងចក្រនៅក្នុងប្រទេសកម្ពុជា ដើម្បីបានផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចជាចែកចាយបន្តដល់ប្រទេសនានាដែលស្ថិតនៅក្នុងតំបន់អាស៊ានដែលជាទីផ្សារដ៏ធំមួយ៕

រយៈ ពេល៤ថ្ងៃនៃឱកាសឈប់សម្រាក ទេសចរជាង១លាន១សែននាក់ចេញដើរកម្សាន្តនៅតំបន់រមណីយដ្ឋានទូទាំងប្រទេស

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងរយៈពេល៤ថ្ងៃ នៃឱកាសឈប់សម្រាករយៈពេលវែងសងជំនួសពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២០ មានទេសចរសរុបចំនួនជាង១លាន១សែននាក់ចេញដើរកម្សាន្តនៅទូទាំងប្រទេស ខណៈ ពេលដែលថ្ងៃសម្រាកទី៤ មានទេសចរជាង៣៣ម៉ឺននាក់។

តាមរយៈ របាយការណ៍ ក្រសួងទេសចរណ៍ បានបង្ហាញ ថា ក្នុងថ្ងៃទី៤នាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃទៅ២០ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរទស្សនាកម្សាន្តនៅទូទៅប្រទេសមានចំនួន ៣៣៤,៣៩១នាក់ ធៀបនឹងថ្ងៃទីបី កើនឡើង ២.៨៦ភាគរយ បើធៀបនឹងថ្ងៃទីពីរ គឺកើនឡើង ២០.៦៨ភាគរយ បើធៀបនឹងថ្ងៃទីមួយ កើនឡើង ៤៣.៣១ភាគរយ។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបមានចំនួនសរុប ៣៣៤,៣៩១នាក់នេះ មានភ្ញៀវជាតិមានចំនួន ៣៣១,៨៣៦នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២,៥៥៥នាក់។

លោករដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖

* ខេត្តសៀមរាប៖ ៤៥,៣០១នាក់
* ខេត្តកែប៖ ៣៧,៦៧២នាក់
* ខេត្តកំពត៖ ៣៥,៣០១នាក់
* ខេត្តបាត់ដំបង៖ ៣៤,៩៩០នាក់
* ខេត្តព្រះសីហនុ៖ ២៧,០២០នាក់
* ខេត្តពោធិ៍សាត់៖ ១៧,០៦១នាក់
* ខេត្តកោះកុង៖ ១៣,៤១១នាក់
* ខេត្តកណ្តាល៖ ១២,៥៥១នាក់
* ខេត្តព្រះវិហារ៖ ១២,៤៤៨នាក់
* ខេត្តកំពង់ឆ្នាំង៖ ១០,៩១៧នាក់
* ខេត្តរតនគិរី៖ ១០,២២៨នាក់។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា «សរុបស្ថិតិភ្ញៀវទេសចររយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៧-២០ ខែសីហា គឺមានចំនួន ១,១៦៩,៨២៤នាក់»។

ចំណែកសភាពការណ៍សន្តិសុខ សណ្ដាប់ធ្លាប់នៅតាមកន្លែងមានភ្ញៀវទៅទស្សនានោះ មិនមានបញ្ហាអ្វីធំដុំនោះឡើយ៕

្កក្រុមហ៊ុនជប៉ុនចំនួន៣៨៨ កំពុងវិនិយោគនៅកម្ពុជា ខណៈទំហំពាណិជ្ជកម្មកើនដល់ ២៣០លានដុល្លារ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ផ្តើមចេញពីកិច្ចទំនាក់ទំនងល្អក្នុងនាមជាប្រទេសដៃគូអភិវឌ្ឍន៍ បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានក្រុមហ៊ុនជប៉ុនចំនួន ៣៨៨ កំពុងមានប្រតិបត្តិការអាជីវកម្មលើគ្រប់វិស័យស្របពេលដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២បានបន្តសម្រេចបានប្រមាណ២៣០លានដុល្លារ។

តាមរយៈសំណេររបស់រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ដែលមកកាន់កម្ពុជាក្នុងដំណើរទស្សនកិច្ចនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ថ្ងៃនេះខ្ញុំបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកដំបូង ក្រោយពីខ្ញុំបានទទួលដំណែងជារដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន។ កន្លងមកនេះ ខ្ញុំធ្លាប់បានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាប៉ុន្មានលើករួចមកហើយ ហើយអ្វីដែលដិតជាប់នៅក្នុងចិត្តរបស់ខ្ញុំមិនអាចបំភ្លេចបាននោះ គឺសម្រស់ថ្ងៃលិចមើលពីប្រាសាទអង្គរវត្ត។

លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានបញ្ជាក់ថា កាលពីឆ្នាំ២០១៤ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ខ្ញុំបានមកធ្វើទស្សនកិច្ចនៅកម្ពុជា ជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនជប៉ុនជាច្រើន ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចផងដែរ។ ក្រោយសង្គ្រាមស៊ីវិលនៅកម្ពុជា ប្រទេសជប៉ុនបានរួមដំណើរជួយគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព ការស្តារឡើងវិញក៏ដូចជាការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា ដែលនេះគឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពនៃប្រទេសទាំងពីរ ហើយទំនាក់ទំនងនេះមានភាពស៊ីជម្រៅថែមទៀតក្នុងវិស័យផ្សេងៗដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរធនធានមនុស្សជាដើម។ បើប្រៀបធៀបជាមួយឆ្នាំ២០១៤ ដែលខ្ញុំបានធ្វើដំណើរទស្សនកិច្ចលើកមុន ចំនួនប្រជាជនជប៉ុននៅកម្ពុជាបានកើនឡើង២.២ដង (ពី១,៧៩៣នាក់ ដល់៣,៩៣៤នាក់) រីឯក្រុមហ៊ុនជប៉ុនកើន២.៧ដង (ពី១៤២ក្រុមហ៊ុន ដល់៣៨៨ក្រុមហ៊ុន)។

ចំណែកឯពាណិជ្ជកម្មទ្វេភាគីកើន២.៣ដង កើនពី១០០លានដុល្លាអាមេរិករហូត ដល់២៣០លានដុល្លាអាមេរិក។ ប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសជប៉ុនកើន៤.៣ដង (ពី៣,៤៣៦នាក់ ដល់១៥,០២០នាក់)។

លោកបានបន្តឱ្យដឹងថា ប្រទេសជប៉ុន បាននាំមុខក្នុងសហគមន៍អន្តរជាតិជួយដល់ប្រទេសដែលមានប្រព័ន្ធសុខាភិបាលមានកម្រិត ដើម្បីទប់ទល់នឹងកូវីដ១៩។ ចំពោះប្រទេសកម្ពុជា ប្រទេសជប៉ុនកំពុងចូលរួមចំណែកតាមរយៈការផ្តល់សម្ភារៈពេទ្យ (អាវពេទ្យសម្រាប់ការពារ និងស្រោមដៃជាដើម) នៅខែកុម្ភៈកន្លងមកនេះ និងការផ្តល់បរិក្ខារវេជ្ជសាស្រ្ត និងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងទឹកប្រាក់ប្រមាណ៤,២០០លានយ៉េន ព្រមទាំងជំនួយបច្ចេកទេសតាម និងសម្ភារៈផ្សេងៗក្នុងទឹកប្រាក់ប្រមាណ១ពាន់លានយ៉េន តាមរយៈអង្គការអន្តរជាតិផងដែរ៕

រដ្ឋបាលខេត្តសៀមរាបរៀបចំពិធីប្រកួតមាន់អាំងឆ្ងាញ់ តាមបណ្តាក្រុង-ស្រុកទាំង១២របស់ខេត្ត

ដោយគង់ សូរិយា

ភ្នំពេញៈ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំពិធីប្រកួតមាន់អាំងឆ្ងាញ់ តាមបណ្តាក្រុងស្រុកទាំង១២ ដើមី្បបង្ហាញជូនដល់ភ្ញៀវជាតិ អន្តរជាតិ ដែលមកទស្សនានិងកម្សាន្តកម្មវិធីសម្រាកសៀមរាប។

ពិធីប្រកួតមាន់អាំងឆ្ងាញ់ អញ្ជើញចូលរួមជាអធិបតីភាពសម្តេចពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប។

លោកភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានឲ្យដឹងអំពីលក្ខខ័ណ្ឌនៃការប្រកួតមាន់អាំងនេះ ដោយមានរៀបចំគណៈកម្មការត្រួតពិនិត្យ ដាក់ពិន្ទុ និងភ្លក់រស់ជាតិផងដែរ។ នៅក្នុងលក្ខខ័ណ្ឌប្រកួតនោះ បានផ្តោតទៅលើសោភណ្ឌភាព អនាម័យ របៀបផ្សំគ្រឿង ប្រភពនៃមាន់ (មាន់ស្រែ ឬ កសិកម្ម ) និងរសជាតិទៀតផង។

លោកបានបន្តថា កម្មវិធីសម្រាកសៀមរាបនាពេលនេះ ជាការផ្តល់ឱកាសក្នុងការលើកកម្ពស់ និងជម្រុញនូវផលិតផលក្នុងស្រុក ក៏ដូចជាការជម្រុញលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប

កម្មវិធីប្រកួតពានរង្វាន់មាន់អាំងឆ្ងាញ់ជាងគេនៅក្នុងខេត្តសៀមរាបដែលរៀបចំឡើងដោយសមាគមចុងភៅកម្ពុជាខេត្តសៀមរាបដោយមានការអញ្ជើញចូលរួមប្រកួតយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋក៏ដូចជាចុងភៅចំណានៗជាច្រើនរូបផងដែរ។

ការរៀបចំកម្មវិធីប្រកួតពានរង្វាន់មាន់អាំងឆ្ងាញ់ ជាងគេខេត្តសៀមរាបនាពេលនេះ រៀបចំឡើងក្នុងគោលបំណង បង្ហាញនូវស្នាដៃ នៃការអាំងមាន់ របស់ចុងភៅគ្រប់តំបន់ ក៏ដូចជារូបមន្តពិសេសខុសៗគ្នាជាច្រើនទៀត ព្រមទាំងបានដាក់តាំងបង្ហាញ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ បានចូលរួមទស្សនា និង ភ្លក់នូវរស់ជាតិដ៏ឈ្ងុញឆ្ងាញ់ពិសា នូវមាន់អាំងពីគ្រប់តំបន់ក្នុងខេត្តសៀមរាប។

គណៈកម្មការត្រួតពិនិត្យ និង ធ្វើការដាក់ពិន្ទុ ដល់បងប្អូនជាបេក្ខជនមានអាជីពអ្នកអាំងមាន់លក់ មកពីបណ្តាក្រុង ស្រុកទាំង១២ លទ្ធផលនៃការប្រកួតមាន់អាំងឆ្ងាញ់នៅខេត្តសៀមរាប ជ័យលាភីលេខ១ បានទៅស្រុកបន្ទាយស្រី ,ជ័យលាភីលេខ២ បានទៅស្រុកសូទ្រនិគម និង ជ័យលាភីលេខ៣ បានទៅក្រុងសៀមរាប៕

តំបន់ព្រែកព្នៅកាន់តែទាក់ទាញលើការអភិវឌ្ឍន៍បុរីលំនៅដ្ឋានតម្លៃសមរម្យ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្ថិតនៅប៉ែកខាងជើងនៃរាជធានីភ្នំពេញ បច្ចុប្បន្ននេះ ខណ្ឌព្រែកព្នៅបានក្លាយតំបន់ដែលកំពុងមានសក្ដានុពល និងជាគោលដៅវិនិយោគពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍បុរីលំនៅដ្ឋានមិនក្រោម១០គម្រោងនោះទេ  ដែលបានប្រែមុខមាត់ខណ្ឌមួយនេះឱ្យកាន់តែមានភាពទាក់ទាញ មិនចាញ់ខណ្ឌសែនសុខនោះឡើយ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ខណ្ឌព្រែកព្នៅក្នុងពេលបច្ចុប្បន្ននេះ កំពុងតែមានភាពទាក់ទាញ លើការវិនិយោគក្នុងវិស័យលំនៅដ្ឋាន ហើយបន្តិចទៀតមិនចាញ់តំបន់ភាគខាងត្បូងរាជធានីភ្នំពេញនោះឡើយ។

លោកបន្តថា បន្តិចទៀតខណ្ឌព្រែកព្នៅ លែងជាតំបន់ជាយក្រុងទៀតហើយ ដោ​​សារតែមានការអភិវឌ្ឍ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្រោមគម្រោងរបស់រាជរដ្ឋាភិបាល ដែលមានប្លង់មេអនុវត្តដោយរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍ពីវិស័យឯកជន ទៅលើវិស័យលំនៅដ្ឋានបែបប្រណីតនិងទំនើប ដែលមានតម្លៃថ្លៃ

លោកបានបន្តទៀតថា ពេលនេះមានក្រុមហ៊ុនអភិវឌ្ឍន៍ បុរីលំនៅដ្ឋានបែបប្រណីតជាច្រើន ដូចជាក្រុមហ៊ុន ជីពម៉ុង ប៉េងហួត អ័រគីដេរវីឡា លីហួរ រួមជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកអាគារពាណិជ្ជកម្មផងដែរ សុទ្ធតែមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតខ្ពស់នៅតំបន់នេះ ដែលនឹងធ្វើឱ្យតំបន់ដែលស្ថិតនៅចន្លោះផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ កាន់តែមានសក្ដានុពល និងប្រែមុខមាត់ទៅជាក្រុងថ្មីមួយទៀត ដែលប្រមូលផ្តុំទៅដោយលំនៅដ្ឋានបែបទំនើប

ដូចទៅនឹងការលើកឡើងរបស់ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាខាងលើនេះ បច្ចុប្បន្នគេឃើញមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន បែបប្រណីតជាច្រើនកំពុងបង្ហាញវត្តមាន រួមជាមួយនឹងសកម្មភាពសាងសង់យ៉ាងមមាញឹក។ ជាក់ស្ដែងដូចជា គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានទាន់សម័យ បុរី ខេស៊ី ដែលកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ។

បុគ្គលិកផ្នែកលក់លំនៅដ្ឋានបុរី ខេស៊ី កញ្ញាឡេង ម៉ាឡា បានប្រាប់ឱ្យដឹងថា ជាមួយនឹងភាពល្អប្រសើរនៃសក្ដានុពលនៃតំបន់ ដែលស្ថិតនៅកណ្តាលទីប្រជុំជននៃខណ្ឌព្រែកព្នៅ បុរី ខេស៊ី បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់អតិថិជនរបស់ខ្លួន។ អ្វីដែលសំខាន់ និងជាចំណុចលេចធ្លោរជាងគេ គឺការផ្ដល់ជូននូវលក្ខខណ្ឌយ៉ាងងាយស្រួលក្នុងការក្លាយជាម្ចាស់កម្មសិទ្ធិលំនៅដ្ឋានក្នុងបុរី ខេស៊ី ស្របច្បាប់ ដោយលោកអ្នកគ្រាន់តែបង់ប្រាក់លើកដំបូងត្រឹមតែ១០០០ដុល្លារតែប៉ុណ្ណោះ ហើយបង់បណ្តាក់ក្នុងរូបភាពជារំលោះ បន្តបន្ទាប់ស្របទៅតាមគោលការណ៍ងាយៗ ដែលបានកំណត់ដោយក្រុមហ៊ុនអភិវឌ្ឍន៍។

បន្ថែមពីនេះ លក្ខណៈពិសេសជាច្រើនទៀតរបស់បុរី ខេស៊ី ធ្វើឱ្យមានភាពទាក់ទាញខ្លាំង គឺស្ថិតនៅក្នុងតំបន់មានសក្ដានុពល អំណោយផលដល់ការរស់នៅប្រកបដោយផាសុកភាព ងាយស្រួលក្នុងការប្រកបអាជីវកម្ម ហ៊ុព័ទ្ធទៅដោយផ្សារសហគមន៍ សាលារៀនឯកជន និងសាលារដ្ឋ មន្ទីរពេទ្យ តំបន់កម្សាន្ត ក្រសួង ស្ថាប័នរដ្ឋធំៗ គម្រោងអភិវឌ្ឍន៍ផ្សារទំនើប រួមជាមួយនឹងបណ្តាញហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ងាយស្រួលចរាចរណ៍ ចេញចូលក្រុង ដើម្បីបំពេញកិច្ចការងារ ក៏ដូចជាប្រកបមុខរបរនានាប្រចាំថ្ងៃផងដែរ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ៖ ០៩៣ ៦៦១ ១៥០ / ០១៦ ៧៣ ១៦ ៦១ / ០៨៩ ៧៨ ៧៧ ២១៕

ការវិភាគៈ វិស័យលំនៅដ្ឋាននៅកម្ពុជានៅតែរីកចម្រើនទៅមុខ បើទោះជាមានការរំខានពីវិបត្តិសាកល

ដោយ៖ ប៊ី

ភ្នំពេញៈ កម្ពុជាគឺជាប្រទេសមានការរីកចម្រើន ក្នុងវិស័យលំនៅដ្ឋាន ជាពិសេសក្នុងទីក្រុងភ្នំពេញ ដោយមានការចាប់អារម្មណ៍ជាច្រើន ពីអ្នកវិនិយោគមកពីហុងកុង ចិនដីគោក និងក្នុងតំបន់។

ដោយទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនច្រើន លើវិស័យលំនៅដ្ឋានក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ការរីកចម្រើនផ្នែកសំណង់នៅកម្ពុជានៅតែមានស្ថេរភាព។

សូម្បីតែមានការរំខាន នៃសង្វាក់ផ្គត់ផ្គង់ដែលបណ្តាលមកពី Covid-19 ក្រុមហ៊ុន CBREនៅតែព្យាករណ៍ថា ការផ្គត់ផ្គង់ខុនដូនៅឆ្នាំនេះនឹងកើនឡើង៣៤ភាគរយ (ធ្លាក់ចុះពី៥៥ភាគរយ ដែលបានព្យាករណ៍កាលពីមុនសម្រាប់ឆ្នាំ ២០២០)

ក្រុមហ៊ុនរំពឹងថាចំនួនខុនដូសរុប២៨.០០០យូនីត នឹងត្រូវបានបញ្ចប់នៅចុងឆ្នាំនេះ កើនឡើងពីការផ្គត់ផ្គង់ចំនួន២១.០០០ យូនីតគិតត្រឹមត្រីមាសទី២។

តាមគំនិតរបស់លោក Reid Kirchenbauer ស្ថាបនិកក្រុមហ៊ុន InvestAsian ឱ្យដឹងថា អចលនទ្រព្យគឺជាមធ្យោបាយដ៏ល្អបំផុតមួយ ក្នុងការរកប្រាក់ចំណេញពីកំណើនសេដ្ឋកិច្ច ដែលមិនធ្លាប់មានរបស់ប្រទេសកម្ពុជា ចាប់តាំងពីរបបខ្មែរក្រហម បានបែកបាក់គ្នាអស់រយៈពេលជាង៣០ឆ្នាំកន្លងមក។

លោក Kirchenbauer បានកត់សំគាល់នៅក្នុងរបាយការណ៍ថ្មីមួយថា ប្រទេសកម្ពុជា មិនបានទទួលរងនូវវិបត្តិសេដ្ឋកិច្ចណាមួយ ឆ្នាំក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះនោះទេ។ លោកបន្ថែមថា កម្ពុជាបានរំលងវិបត្តិសេដ្ឋកិច្ចអាស៊ី ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ដោយមិនអើពើ នឹងការរីកដុះដាលនៃបច្ចេកវិទ្យា នៅដើមទសវត្សឆ្នាំ២០០០ ហើយនៅតែមានកំណើនសេដ្ឋកិច្ច បើទោះបីជាវិបត្តិហិរញ្ញវត្ថុនាឆ្នាំ២០០៨ ក៏ដោយ

ទោះបីជាមិនមានភស្តុតាងបង្ហាញពីវិបត្តិសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែលោកបានសរសេរថា អ្វីនឹងកើតឡើងជិតមកដល់ហើយសម្រាប់ប្រទេសកម្ពុជា ពីព្រោះប្រទេសកម្ពុជា ដូច ទីផ្សារជួរមុខជាច្រើនទៀត ដែលជាប់ទាក់ទងយ៉ាងជិតស្និទ្ឋ ជាមួយនឹងនឹងសេដ្ឋកិច្ចពិភពលោក។

សកម្មភាពវិនិយោគបរទេសនៅកម្ពុជា បានកើនឡើងជាង៨០០ភាគរយក្នុងប៉ុន្មានទសវត្សរ៍កន្លងមក។ ក្រុមហ៊ុនអន្តរជាតិ ដែលចូលមកកម្ពុជាជាមួយកម្លាំងពលកម្មរបស់ពួកគេ ដើម្បីបង្កើតប្រតិបត្ដិការនៅរាជធានីភ្នំពេញ បានជំរុញឱ្យមានតម្រូវការសម្រាប់លំនៅដ្ឋាន ដែលសមរម្យ និងបង្កើតការចាប់អារម្មណ៍ដល់វិនិយោគិនអចលនទ្រព្យ។

ខណៈលោក Kirchenbauer យល់ស្របថា មានឱកាសជាច្រើនសម្រាប់វិនិយោគ ជាពិសេស នៅក្នុងខណ្ឌស្នូលខាងក្នុងនៃរាជធានីភ្នំពេញ ដូចជាដូនពេញ ខណ្ឌចំការមន និង៧មករា ប៉ុន្តែលោកទទួលស្គាល់ថា វិនិយោគិនមួយចំនួន ត្រូវបានបំផ្លាញទំនុកចិត្ត ដោយគម្រោងមួយចំនួនដែលមិនបានបញ្ចប់ ឬសម្ភារៈមិនគ្រប់គ្រាន់ ដែលត្រូវបានប្រើប្រាស់ ហើយលោកសង្កត់ធ្ងន់ទៅលើសារៈសំខាន់កេរ្តិ៍ឈ្មោះក្រុមហ៊ុន៕

គម្រោងលំនៅឋាននឹងបន្តពង្រីកខ្លួននៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣

ដោយវុត្ថា

ភ្នំពេញៈ ក្នុងរយះពេល៥ទៅ១០ឆ្នាំខាងមុខទៀត វិស័យអចលនទ្រព្យនឹងកើនឡើងរាប់ពាន់ហិចតា ជាពិសេសគម្រោងលំនៅឋាននៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣  ស្របតាមកំណើនប្រជាប្រជាសាស្ត្ររបស់ប្រទេសកម្ពុជា  ខណៈបច្ចុប្បន្ននេះផ្លូវវាងក្រុងដ៏សំខាន់នេះបាននិងកំពុងស្ថាបនា និងឈានទៅបញ្ចប់តាមផែនការ។

លោកស្រី តាំង ហួរ នាយិការក្រុមហ៊ុន Amatak Property Service  បានប្រាប់គេហទំព័រ propertyarea.asia ឱ្យដឹងកាលពីពេលថ្មីៗនេះ ថា គម្រោងលំនៅឋាននឹងពង្រីកនៅតាមតំបន់មួយចំនួន ជាពិសេសតាមផ្លូវក្រវ៉ាត់ក្រុង ទី៣ខេត្តកណ្តាលឬក៏ថា៣០ទៅ៤០ គីឡូម៉ែត្រចូលក្រុង។

លោកស្រីបន្តថា ការពង្រីកនេះដោយសារជីវភាពប្រជាពលរដ្ឋខ្មែរ មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដែលទាមឱ្យមានលំនៅឋានកាន់តែច្រើន នៅតាមតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ធ្វើឱ្យគម្រោងបុរី និងលំនៅឋានទៅវិនិយោគនៅទីនោះ

លោកស្រីបន្ថែមថាម្យ៉ាងទៀតតាមផែនការរបស់រដ្ឋាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញជំរុញឱ្យរោងចក្រសហគ្រាសនិងសិប្បកម្មផ្សេងៗឱ្យទៅបោះទីតាំងនៅជាយក្រុងជាពិសេសផ្លូវក្រវ៉ាត់ក្រុងនានាដើម្បីងាយស្រួលក្នុងការដឹកជញ្ជូននិងកាត់បន្ថយការកកស្ទះនូវចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ។

លោកឃួងស្រេងអភិបាលរជធានីភ្នំពេញបានឱ្យដឹងកាលពីពេលថ្មីៗនេះថាទីក្រងភ្នំពេញមានការរីកចំរើនដែលសេដ្ឋវិទូមិនស្មានដល់ជាមួយនឹងកំណើនប្រជាសាស្ត្រដែលស្នាក់នៅនិងចរាចរណ៍នៅក្នុងទីក្រុងកើនជាង៣លាននាក់និងពង្រីកក្រុងពី៣០០ទៅ៧០០ម៉ែត្រក្រឡា។

លោកបន្តថា ជាមួយនឹងការរីកចំរើននេះ បានធ្វើឱ្យតំបន់មួយចំនួននៃជាយក្រុងភ្នំពេញមានការរីកចំរើន ជាពិសេសតំបន់ភាគខាងលិច ដែលកាលពីមុខជាតំបន់វាលស្រែ បានក្លាយជាតំបន់លំនៅឋាន រោងចក្រសហគ្រាស និងសិប្បកម្មផ្សេងៗជាច្រើនផងដែរ