ការចរចាពាណិជ្ជកម្មជុំចុងក្រោយរវាងអង់គ្លេស និងសហគមន៍អឺរ៉ុបបានជាប់គាំង

ដោយ ៖ ប៊ី

ភ្នំពេញ ៖ កិច្ចចរចាពាណិជ្ជកម្មចុងក្រោយរវាងអង់គ្លេស និងអឺរ៉ុបបានបញ្ចប់ដោយគ្មានការវិវឌ្ឍន៍ទេ ដោយទុកឱ្យអ្នកចរចាទាំងសងខាងរយៈពេលពីរខែទៀត ដើម្បីឈានដល់កិច្ចព្រមព្រៀង ហើយចៀសវាងការខូចខាតបន្ថែមទៀតដល់អាជីវកម្ម ដែលត្រូវបានបំផ្លាញដោយវិបត្តិសេដ្ឋកិច្ច និងជំងឺ Covid-19។

មន្រ្តីអង់គ្លេស និងសហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃសុក្រថា មានការរីកចម្រើនតិចតួចនៅក្នុងការចរចា ដើម្បីកំណត់លក្ខខណ្ឌពាណិជ្ជកម្មថ្មី មុនពេលការរៀបចំ Brexit (ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប) ឆ្លងកាត់ផុតកំណត់នៅចុងឆ្នាំ ២០២០។ កិច្ចពិភាក្សាក៏បានផ្លាស់ប្តូរទៅរកបញ្ហាសំខាន់ៗ រួមមានសិទ្ធិនេសាទពាណិជ្ជកម្ម។

លោក Michel Bernard Barnier ប្រធានការិយាល័យអឺរ៉ុបផ្នែកទំនាក់ទំនងជាមួយអង់គ្លេស បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប្រ៊ុចសែលថា “ក្នុងដំណាក់កាលនេះ កិច្ចព្រមព្រៀងរវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបហាក់ដូចជាមិនទំនងទេ។ ខ្ញុំមិនយល់សោះថាហេតុអ្វីបានជាយើងខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃ។ ពេលវេលាកំពុងដើរទៅមុខ”។

ប្រធានក្រុមអ្នកចរចាអង់គ្លេស លោក David Frost បាននិយាយថា កិច្ចព្រមព្រៀងនៅតែអាចធ្វើទៅបាន ប៉ុន្តែលោកបានព្រមានថា វានឹងមិនងាយស្រួលក្នុងការសម្រេចបានទេ។

លោក Frost បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានការពិភាក្សាមានប្រយោជន៍នៅសប្តាហ៍នេះ ប៉ុន្តែមានការរីកចម្រើនតិចតួចទេ។
ចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបកាលពីខែមករា ប៉ុន្តែលក្ខខណ្ឌពាណិជ្ជកម្មជាមួយទីផ្សារនាំចេញធំបំផុតរបស់ខ្លួននៅតែមិនផ្លាស់ប្តូរក្នុងអំឡុងពេលអន្តរកាល ដែលនឹងផុតកំណត់នៅចុងឆ្នាំ ២០២០។ ប្រសិនបើអ្នកចរចាបរាជ័យក្នុងកិច្ចព្រមព្រៀងថ្មី ក្រុមហ៊ុនអង់គ្លេសនឹងប្រឈមនឹងថ្លៃដើមពាណិជ្ជកម្មខ្ពស់ ក្នុងពេលដែលមនុស្សជាច្រើនបានរងនូវវិបត្តិសេដ្ឋកិច្ចជាប្រវត្តិសាស្រ្ត។
កំណើនសេដ្ឋកិច្ចអង់គ្លេសធ្លាក់ចុះ ២០,៤ភាគរយ ក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ ដែលជំរុញឱ្យប្រទេសធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជ្រៅបំផុត។ ការងារប្រហែល ៧៣០,០០០ ត្រូវបានបញ្ឈប់ ចាប់តាំងពីការឆ្លងរាលដាលនៃជំងឺ Covid-19 បានបិទទ្វារអាជីវកម្មអង់គ្លេសនៅខែមីនា។

រហូតមកដល់ពេលនេះរដ្ឋាភិបាលអង់គ្លេសក៏បានបរាជ័យក្នុងការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុបរាប់សិបលើក ជាមួយប្រទេសទីបី ដោយមិនចាំបាច់ធ្វើកិច្ចព្រមព្រៀងថ្មីជាមួយសហរដ្ឋអាមេរិក មានន័យថា ក្រុមហ៊ុនអង់គ្លេសអាចប្រឈមនឹងឧបសគ្គក្នុងការធ្វើជំនួញនៅក្នុងទីផ្សារបរទេសភាគច្រើន ដែលខ្លួនធ្លាប់ធ្វើជាមួយ៕ CNN

ទេសចរជាង១,៤លាននាក់ចេញដើរកម្សាន្តក្នុងឱកាសឈប់សម្រាករយៈពេល៥ថ្ងៃ

ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ នៅក្នុងឱកាសនៃថ្ងៃឈប់សម្រាករយៈពេល៥ថ្ងៃកន្លងទៅនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង១.៤លាននាក់បានចេញដើរលេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានាទូទាំងប្រទេស។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ប្រាប់ដឹងកាលពីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ថា ថ្ងៃឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៥ថ្ងៃនេះ ភ្ញៀវទេសចរដែលបានដើរលេងកម្សាន្តតាមគោលដៅនានាទូទាំងប្រទេសមានចំនួន ១,៤៥៩,៣៨៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ ១.៤៤៥.២៣៨នាក់ និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ១៤.១៤៨នាក់។

លោករដ្ឋមន្ត្រីមានបញ្ជាក់ឱ្យដឹងថែមទៀតថា សម្រាប់ចំនួនភ្ញៀវទេសចរតាមថ្ងៃនីមួយៗគឺបន្តមានកំណើនដូចគ្នា ដែលក្នុងនោះរួមមានដូចជា ថ្ងៃទី១ ប្រមាណ ២៣៣.៣២៩ នាក់, ថ្ងៃទី២ ប្រមាណ ២៨១.៨៥៥ នាក់, ថ្ងៃទី៣ ប្រមាណ ៣២៥.០៧៧ នាក់ , ថ្ងៃទី៤ ប្រមាណ ៣៣៤.៣៩១ នាក់ និងថ្ងៃទី៥ ប្រមាណ ២៨៤.៧៣៤ នាក់។

ជាការកត់សម្គាល់បន្ថែម លោករដ្ឋមន្រ្តីបានបញ្ជាក់ឲ្យដឹងដូចខាងក្រោមថា ៖

* រាជធានីខេត្តទាំងអស់ បានខិតខំរៀបចំគោលដៅទេសចរណ៍ និងបង្ហាញផលិតផលទេសចរណ៍ថ្មីៗ ក៏ដូចជារៀបចំព្រឹត្តិការណ៍ទាក់ទាញទេសចរ ពិសេសការរៀបចំព្រឹត្តិការណ៍ «សម្រាកសៀមរាប» ដែលបានទាក់ទាញទេសចររាប់ម៉ឺននាក់ទៅកម្សាន្តនៅខេត្តសៀមរាប ខណៈរដ្ឋបាលខេត្ត បានខិតខំអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសនៅកន្លែងប្រារព្វពិធី និងនៅផាប់ស្រ្ទីតជាដើម។

* ភ្ញៀវទេសចរភាគច្រើន បានដើរកម្សាន្តជាក្រុមគ្រួសារ និងជាច្រើនគោលដៅដោយភ្ជាប់គ្នាពីខេត្តមួយទៅខេត្តមួយ ហើយខ្លះបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់ហូបចុកក្នុងដំណើរកម្សាន្ត។

* តាមការអង្កេតជាក់ស្តែង មិនមានបញ្ហាធំដុំណាមួយកើតឡើងទេ ជាពិសេសការតំឡើងថ្លៃហួសហេតុលើសេវាស្នាក់នៅ និងម្ហូបអាហារ។ យ៉ាងណាក៏ដោយ នៅតាមគោលដៅទេសចរណ៍មួយចំនួន មានការខ្វះខាតបន្ទប់ស្នាក់នៅ ដោយសារលំហូរភ្ញៀវមានច្រើនក្នុងពេលតែមួយ ប៉ុន្តែមិនមានការតំឡើងតំលៃសេវាស្នាក់នៅហួសហេតុពេកទេ។ ភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសការបោះតង់ និងការស្នាក់នៅផ្ទះរបស់បងប្អូន ឬជួលផ្ទះរបស់បងប្អូនប្រជាជនក្នុងខេត្តផ្ទាល់ ខណៈដែលការស្នាក់នៅតាមសណ្ឋាគារលំដាប់ផ្កាយ (ផ្កាយ ៤ និងផ្កាយ៥) នៅមិនទាន់មានចំនួនច្រើននៅឡើយ។

* ប៉ុន្តែសំរាមនៅតែជាបញ្ហាស្មុគ្រស្មាញ ដោយនៅតាមគោលដៅមួយចំនួន ភ្ញៀវទេសចរមានការទុកដាក់សំរាមមិនបានត្រឹមត្រូវ ជាពិសេសបោះចោលសំរាម ឬទុកចោលនៅកន្លែងដែលពួកគាត់បានទទួលទានអាហារ។

* គ្រប់គោលដៅទេសចរណ៍ បានខិតខំអនុវត្តតាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ ក្រសួងទេសចរណ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រោមការណែនាំ និងចុះពិនិត្យផ្ទាល់ដល់មូលដ្ឋានរបស់គណៈអភិបាល រាជធានីខេត្ត ដែលមានមន្ទីរទេសចរណ៍ជាសេនាធិការ ជាពិសេសការស្កេនកំដៅ លាងដៃ និងការកត់ត្រាពត៌មានភ្ញៀវ។

យ៉ាងណាក៏ដោយ ការពាក់ម៉ាស់របស់ភ្ញៀវ នៅមិនទាន់មានភាពពេញលេញ ហើយការរក្សាគំលាតសុវត្ថិភាពនៅពុំទាន់អនុវត្តបានល្អប្រសើរ ជាពិសេសនៅតាមគោលដៅទេសចរណ៍ ដែលមានលក្ខណៈប្រមូលផ្តុំច្រើន។

លោករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជនមានភាពរីករាយជាមួយលំហូរភ្ញៀវទេសចរនៅគ្រប់គោលដៅ ទេសចរណ៍ ខណៈដែលការចំណាយរបស់ភ្ញៀវ បានហូរចូលដោយផ្ទាល់ទៅក្នុងចរន្តសេដ្ឋកិច្ចមូលដ្ឋាន បើទោះបីជាការចំណាយរបស់ភ្ញៀវមាន កម្រិតតិចជាងពេលមានវិបត្តិកូវីដ១៩ក៏ដោយ។ មូលដ្ឋានអាជីវកម្មទេសចរណ៍ភាគច្រើន បានបើកទទួលភ្ញៀវ រាប់តាំងពីសេវាស្នាក់នៅ និងម្ហូបអាហារ ខណៈដែលមគ្គុទេសមួយចំនួនក៏បានទទួលការងារពីលំហូរភ្ញៀវទេសចរដ៏ច្រើននេះជាពិសេសនៅខេត្តសៀមរាប៕

ស្ពាន​យោង​ដោយ​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប​នៅ​ខណ្ឌឫស្សីកែវ​សម្រេចបានជាង ៣០ភាគរយ​ហើយ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្ពានបេតុង យោង​ដោយ​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប ស្ថិតនៅ​ចំណុច​មុខ​ឃ្លាំង​សាំង ក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ រហូតមកដល់​ពេលនេះ សម្រេចបាន​ជាង៣០ភាគរយ​ហើយ និង​កំពុង​ព​ន្លឿ​ន​ការសាងសង់ ដើម្បី​បានបញ្ចប់​តាម​ផែន​ការដែល​បានគ្រោង​ទុក។

មន្ត្រី​ជំនាញ​ផ្នែក​បច្ចេកទេស​សាងសង់ បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​លក្ខ​ខ័​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា គម្រោង​សាងសង់​ស្ពានបេតុង ឆ្លងកាត់​ទន្លេសាប​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន OCIC មួយ​ខ្សែ​នេះ សម្រេចបាន​ជាង៣០ភាគរយ ហើយ​ក្រុមការងារ​សាងសង់​កំពុង​ព​ន្លឿ​ន​ឱ្យ​ចប់​តាម​ផែនការ ដើម្បី​ជួយ​សម្រួល​ដល់​ចរាចរណ៍​ចេញចូល​ក្នុង​ក្រុង។

មន្ត្រី​ជំនាញ​ដដែល​បានឱ្យដឹង ស្ពានបេតុង​ដែល​ស្ថាបនា នៅ​អម​ជាមួយ​ស្ពាន​បា​ឡេ នៅមុខ​ឃ្លាំង​សាំង​មួយ​នេះ​មាន​ប្រវែង​ជាង៥០០ម៉ែត្រ និង​ទទឹង២០,៥ម៉ែត្រ។ ចិញ្ចើម​ស្ពាន​សម្រាប់​ថ្មើរជើង មាន​ទទឹង១,២៥ម៉ែត្រ​សងខាង កម្ពស់​សរសរ​ស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប ធៀប​នឹង​កម្រាល​ស្ពាន៣៤ម៉ែត្រ។

សរសរ​សម្រាប់​ព្យួរ​ខ្សែកាប មាន​សរសរ​ចំនួន៤គន្លង ផ្លូវ​សម្រាប់​យានយន្ត​មាន​ទទឹង ៣.៧៥ម៉ែត្រ,គន្លង​ធ្វើចរាចរ២ខ្សែ​ទៅ២ខ្សែ​មក កម្ពស់​នាវាចរ​ក្រោម​ស្ពាន​អតិបរមា​នៅ​រដូវវស្សា១០.៥ម៉ែត្រ កម្ពស់​នាវាចរ​ក្រោម​ស្ពាន​អ​ប្បរមា​នៅ​រដូវប្រាំង២០,៥ម៉ែត្រ​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ និង​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍។

ស្ពាន​នេះ​មាន​តួនាទី​សំខាន់ ក្នុង​ការរួម​ម​ចំណែក រំដោះ​ចរាចរ​លើផ្លូវ​ជាតិ​លេខ៦ និង​ផ្លូវជាតិ​លេខ៥ ហើយក៏​ដូចជា​ច្រកចេញចូល​រាជធានី​ភ្នំពេញ និង​ជា​សមិទ្ធផល​ថ្មី​មួយទៀត ដែលជា​ចំណងដៃ​ថ្មី​សម្រាប់​រាជធាន​ភ្នំពេញ​ពី​រដ្ឋាភិបាល​ផងដែរ៕

ស្រុក​មុខកំពូល​នឹង​ទាក់ទាញ​គម្រោង​វិនិយោគ​លំនៅឋាន​កម្រិត​ខ្ពស់​នាពេលខាងមុខ

ដោយ ​វុត្ថា

ភ្នំពេញៈ តំបន់​នៅ​ស្រុក​មុខកំពូល​នៃ​ខេត្តកណ្តាល ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦ នឹង​ទាក់ទាញ​ការវិនិយោគ​លើ​លំនៅឋាន បែប​ទំនើប​នាពេល​ខាងមុខនេះ ខណៈ​តំបន់​នេះ គឺជា​តំបន់​ថ្មី​ដែលមាន​សក្តានុពល​ខ្ពស់ ចំពោះ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​គ្រប់​ប្រភេទ។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​អចលនវត្ថុ​កម្ពុជា​បានឱ្យដឹង​នៅ​ថ្ងៃ២១ ខែសីហា​នេះ​ថា នៅតាម​បណ្តា​ជាយក្រុង​រាជធានី​ភ្នំពេញ ជាពិសេស​នៅ​ចន្លោះ​ផ្លូវជាតិ​លេខ៥ និង​លេខ​៦A បាន​នឹង​កំពុង​ទាក់ទាញ ការវិនិយោគ​លើ​នៅ​ឋាន​កម្រិត​ខ្ពស់ ។

លោក​បន្តថា “ក្រៅពី​គម្រោង​វិនិយោគ​របស់​រដ្ឋាភិបាល ក៏មាន​គម្រោង​របស់​វិស័យ​ឯកជនធំៗកំពុង​វិនិយោគ​នៅ​តំបន់​នោះ ដែល​វា​នឹង​ជះឥទ្ធិពល​ដល់​ស្រុក​មុខកំពូល និង​ធ្វើឱ្យ​តំបន់​នេះ កាន់តែ​មានការ​ទាក់ទាញ និង​សក្តានុពល​ខ្ពស់​លើ​វិស័យ​អចលនទ្រព្យ ជាពិសេស​វិស័យ​លំនៅឋាន” ។

អភិបាលខេត្ត​កណ្តាល លោក គង់ សោ​ភ័​ណ្ឌ ធ្លាប់បាន​បានទទួល​ស្គាល់​ដែរ​ថា ការអភិវឌ្ឍ ទៅលើ​វិស័យ​លំនៅឋាន​នៅ​ទូទាំង​ខេត្តកណ្តាល ពិតជា​មាន​ភាព​រីកចម្រើន​ខ្លាំង និង​កើតមាន​ស្ទើរ​ទូទាំង​ស្រុក​នានា ជាពិសេស​នៅតាម​តំបន់​ដែល​ព័ទ្ធជុំវិញ រាជធានី​ភ្នំពេញ។

លោក​ថ្លែងថា “ស្ទើរតែ​គ្រប់​តំបន់​នៅក្នុង​ខេត្តកណ្តាល ជាពិសេស​នៅតាម​តំបន់​មួយចំនួន ដែល​ស្ថិតនៅ​ហ៊ុ​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ គឺ​កំពុង​តែមាន​សក្ដានុពល​ក្នុងការ​វិនិយោគ និង​អភិវឌ្ឍ​ក្នុង​វិស័យ​សំណង់​គួរឱ្យកត់សម្គាល់” ។ លោក​បន្តថា “វិស័យ​លំនៅដ្ឋាន​កម្រិត​មធ្យម និង​សមរម្យ​បាន​ដើរតួ​ឈានមុខ​គេ ស្រប​ពេលដែល​កំណើន នៃ​ចំនួន​ប្រជាជន​បាន​កើនឡើង​រហូតដល់​ជាង១លាន​នាក់” ។

ស្រុក​មុខកំពូល​នៅក្នុង​ចំណោម​ស្រុក​ចំនួន៤ ត្រូវបាន​ជ្រើសរើស និង​កំណត់​ជា​ប៉ូល​សេដ្ឋកិច្ច​ប្រចាំខេត្ត​កណ្តាល ដោយបាន​គាំទ្រ​ដោយ​រដ្ឋបាលខេត្ត និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ដែល​អាចជួយ​ជំរុញ និង​លើកកម្ពស់​ដល់ទី​ផ្សា​រក​សិ​ករ ពា​ណិ​ជ្ជូ​ប​នីយកម្ម​កសិកម្ម (SAAMBAT) នៅ​ទូទាំង​ខេត្តកណ្តាល។

ស្រុក​មុខកំពូល ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ខេត្តកណ្តាល មាន​ព្រំប្រទល់​រដ្ឋបាល​ខាងលិច​ជាប់​ស្រុក​ពញាឮ ខាងកើត​ជាប់​ស្រុក​ខ្សាច់កណ្តាល ខាងជើង​ជាប់​ស្រុក​បាធាយ និង​ស្រុក​កងមាស​នៃ​ខេត្តកំពង់ចាម និង​ខាងត្បូង​ជាប់​ខណ្ឌ​ឬ​ស្សី​កែវ​នៃ​រាជធានី​ភ្នំពេញ៕

មុន​សម្រេចចិត្ត​ទិញ​ខុន​ដូ​តើ​អ្នក​គួរ​ដឹង​ពី​រឿង​អ្វីខ្លះ?

ដោយ​គង់ សូរិយា

ភ្នំពេញ៖ លំនៅដ្ឋាន​បែប​សហកម្មសិទ្ធិ (ខុន​ដូ) ជា​ប្រភេទ​លំនៅដ្ឋាន​ថ្មី​មួយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន មិនទាន់បាន​យល់ដឹង​លំអិត​នៅឡើយ ហេតុនេះ​ដើម្បី​ទិញ​លំនៅដ្ឋាន​ក្នុង​ខុន​ដូ មិនមាន​ហានិភ័យ​ទៅ​ថ្ងៃ​អនាគត អ្នកមាន​បំណង​ចង់​ទិញ​ខុន​ដូ​ត្រូវ​ស្វែងយល់​ពី​បញ្ហា​ពាក់​ព័​ន្ឋ​មួយចំនួន។

ថ្ងៃនេះ​គេហទំព័រ Propertyarea.asia សូម​លើកយក​នូវ​សម្រង់​ចំណេះដឹងខ្លះៗ ដើម្បី​ផ្តល់ជូន​អ្នកអាន និង​អ្នក​ចង់​ទិញ​ខុន​ដូ​ជ្រាប​ពី​បញ្ហា​នេះ​មុន​សម្រេចចិត្ត​ទិញ​ខុន​ដូ។

ជា​ប្រភេទ​លំនៅដ្ឋាន​ថ្មី​មួយ

ខុន​ដូ ជា​ផ្នែក​ថ្មី​មួយ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា ដែល​បាននិងកំពុង​រីកចម្រើន​យ៉ាងខ្លាំង បន្ទាប់ពី​រាជរដ្ឋាភិបាល​បានអនុម័ត​ច្បាប់​ស្តីពី សហកម្ម​សិ​ទ្ឋ​ឆ្នាំ២០១០ ដែល​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស​អាចមាន​សិ​ទ្ឋ ទិញ​អាគារ​បែបនេះ​ចាប់ពី​ជាន់​ទី១ឡើងទៅ។

អ្នករស់នៅ​តាម​ខុន​ដូ មិនអាច​ចិញ្ចឹមសត្វ និង​ជួសជុល​លំនៅដ្ឋាន​របស់ខ្លួន ឬ​បង្ក​សម្លេង​រំខាន​ណាមួយ ដល់​អ្នកជិតខាង​នោះទេ ដោយសារ​វា​ជាការ​រស់នៅ​បែប​សហគមន៍​លើ​អាគារ​រួម។

ការបង់ប្រាក់

អ្នករស់នៅ​ខុន​ដូ​ត្រូវ​បង់ប្រាក់​ជាប្រចាំ ដល់​ក្រុមហ៊ុន​គ្រប់គ្រង​អាគារ ដែល​ការបង់ប្រាក់​នេះ​មានតម្លៃ​ចន្លោះ​ពី ០,៥០ ទៅ ១ដុល្លារ​អាមេរិក(អាស្រ័យ​លើ​គំរោង)និមួយ។ ការបង់ប្រាក់​នេះ សម្រាប់​ឲ្យ​ក្រុមហ៊ុន​ចំណាយ ទៅលើ​សេវាកម្ម​គ្រប់គ្រង​អាគារ​ទាំងមូល​និង​សេវាកម្ម​អនាម័យ សន្តិសុខ​ជាដើម។

ការទិញ​ធានារ៉ាប់រង

តាម​ធម្មតា​អ្នក​អភិវឌ្ឍន៍ តែង​ទិញ​សេវាកម្ម​ធានារ៉ាប់រង អាគារ​ខុន​ដូ​របស់ខ្លួន ប៉ុន្តែ​អ្នក​អភិវឌ្ឍន៍​មួយចំនួន​មិនបាន​ទិញ​ធានារ៉ាប់រង​នោះទេ ហេតុនេះ​អ្នកមាន​បំណង​ចង់​រស់នៅ​ខុន​ដូ ត្រូវ​សិក្សា​ពី​អ្នក​អភិវឌ្ឍន៍​គំរោង​នោះ​ថា បាន​ទិញ​ធានារ៉ាប់រង​ឬទេ? ព្រោះ​តាម​ធម្មតា​អ្នក​អភិវឌ្ឍន៍​តែងតែ​ទិញ​សេវា​ធានារ៉ាប់រង។

ការ​មាន​សេវាកម្ម​ធានារ៉ាប់រង​មាន​សារៈសំខាន់​ណាស់ ដើម្បី​ការពារ​ពេល​មាន​ហានិភ័យ​កើតឡើង ឧទាហរណ៍​មាន​ករណី​អគ្គិភ័យ​ឆេះ​អាគារ អ្នកវិនិយោគ​នឹង​ទទួលបាន​សំណង​វិញ ហើយ​អ្នកទិញ​ខុន​ដូ​ក៏​ទទួលបាន​សំណង​ផងដែរ។ “ករណី​អាគារ​ខុន​ដូ​ឆេះ​អស់ ការសាងសង់​ឡើងវិញ នឹងធ្វើ​ឡើងវិញ​អាស្រ័យ​លើ​ការចចា និង​ការឯកភាព​រួម​របស់​ម្ចាស់​ចំណែក​កម្ម​សិ​ទ្ឋ​និមួយ។

ជាមួយគ្នានេះ​អ្នកទិញ​ខុន​ដូ ក៏​គួរ​សិក្សា​ពី​ប្រ​ព័​ន្ឋ​សុវត្ថិភាព ការសិក្សា​ពី​ចំណត​យានយន្ត សិក្សា​ពី​ជណ្តើរយន្ត និង​ជណ្តើរ​សង្គ្រោះ​ករណី​មាន​អគ្គិភ័យ ឬ​ហេតុការណ៍​ណាមួយ​កើតឡើង​ផងដែរ៕

ចំណេះដឹង! អ្វី​ជាការ​ចុះបញ្ជី និង​ការធ្វើ​ចំណាត់ថ្នាក់​ដី​រដ្ឋ?

ដោយ វុត្ថា

ភ្នំពេញៈ ការចុះបញ្ជី​ដី​រដ្ឋ ជា​និតិ​វិធី​មួយ​ដែល​ទីតាំង និង​ព្រំប្រទល់​នៃ​ដី​រដ្ឋ​ត្រូវបាន​បញ្ជាក់​ជា​ផ្លូវការ។ នៅក្នុង​ការ​បញ្ជី សិទ្ធិ​ឯកជន​ត្រូវបាន​លើក​មក​ពិចារណា និង​វិនិច្ឆ័យ ហើយ​ទំនាល់​ដី នឹង​ត្រូវបាន​ដោះស្រាយ ដោយ​គណៈកម្មការ​រដ្ឋ​បាល​សុរិយោដី។

មុនពេល​ធ្វើការ​ចុះបញ្ជី ព័ត៌មាន​នៃ​ផែនទី និង​ប្រព័ន្ធ​ទិន្ន័យ​ដី​រដ្ឋ គឺជា​ព័ត៌មាន​បឋម និង​មិនទាន់បាន​បញ្ជាក់​នៅឡើយ។ ចំណាត់ថ្នាក់​ដី​រដ្ឋ​ជា​ផ្លូវការ អាច​ត្រូវបានធ្វើ​បន្ទាប់ពី​ការចុះបញ្ជី​ឋានៈ​របស់​ដី ដែល​បញ្ជាក់ថា​ដី​រដ្ឋ។

យោងតាម​ឯកសារ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ស្តីពី គោលនយោបាយ​ស្តីពី ការគ្រប់គ្រង​ដី​រដ្ឋ​បានឱ្យដឹងថា ការចុះបញ្ជី​ដី​រដ្ឋ​មានន័យ​សំដៅលើ​ផ្នែក​ជាច្រើន​ដូចជា

ក) កំណត់​ផលប្រយោជន៍​សាធារណៈ​ជាក់លាក់​ណាមួយ  ដែល​ដី​រដ្ឋ​សាធារណៈ អាចបំពេញ​មុខងារ​ស្របតាម​ច្បាប់​ភូមិបាល។

ខ) កំណត់ថា​ត្រូវធ្វើ​ចំណាត់ថ្នាក់​ដី​រដ្ឋ​យ៉ាងណា ឱ្យ​ច្បាប់​ព្រៃឈើ ច្បាប់​គ្រប់គ្រង​ធនធានទឹក ឬ សេចក្តីព្រាងច្បាប់​តំបន់​ការពារ ច្បាប់​ស្តីពី​តំបន់​បេ​តិក​ភ័​ណ្ឌ​បុរាណវត្ថុ និង​ច្បាប់ផ្សេងៗទៀត អាច​បាន​ស្របគ្នា និង​គ)កំណត់​ឋានៈ​របស់​ដី ជា​ដី​សាធារណៈ​របស់​រដ្ឋ ឬ​ជា​ដីឯកជន​របស់​រដ្ឋ។

មាន​តំបន់​ជាច្រើន​ដែល​ការធ្វើ​ចំណា​ច់​ថ្នាក់​នេះ មាន​ភាពច្បាស់លាស់ តាម​ការប្រើប្រាស់​កន្លង​មក និង​កា​រស​ម្រ​ប់​សម្រួលការ​គ្រប់គ្រង ប៉ុន្តែ​ក្នុង​តំបន់​មួយចំនួន​ការកំណត់​នេះ មិនទាន់​ច្បាស់លាស់ ហើយ​ត្រូវតែ​ធ្វើឡើង​នៅក្នុង​ដំណើរការ នៃ​ការធ្វើ​អត្តសញ្ញាណ​កម្ម ធ្វើ​ផែនទី និង​ធ្វើ​ចំណាត់ថ្នាក់​ដី​រដ្ឋ។

ប្រភេទ​ជាក់លាក់​មួយចំនួន ក្នុងការ​ធ្វើ​ចំណា​ចត់​ថ្នាក់​ដី ត្រូវបាន​បង្កើតឡើង​នៅក្នុង​ច្បាប់ផ្សេងៗនៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ភាពចាំបាច់​ក្នុងការ​ធ្វើក​អត្តសញ្ញាណ​កម្ម ធ្វើ​ផែនទី និង​ធ្វើ​ចំណា​ច់​ថ្នាក់​ដី​រដ្ឋ គឺមាន​បំណង​ភ្ជាប់​ចំណា​ច់​ថ្នាក់ ជា​ផ្លូវការ​ទាំងនេះ​ទៅនឹង​ទីតាំង​ជាក់ស្តែង​លើ​ផ្ទៃដី។

នៅក្នុង​ជំពូក​ទី២ មាត្រា១២ ដល់១៦នៃ​ច្បាប់​ភូមិបាល មាន​ចែក​អំពី​ការធ្វើ​ចំណា​ច់​ថ្នាក់​ដី ជា​ប្រភេទ​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ ជា​ប្រាំពីរ​ប្រភេទ។ ដីឯកជន​របស់​រដ្ឋ គឺជា​ដិ​ទាំងឡាយណា ដែល​មិន​ត្រូវបាន​កាន់កាប់​ជា​លក្ខណៈ​ឯកជន។ នៅក្នុង​ប្រភេទ​ដី​សាធារណៈ​របស់​រដ្ឋ មាន​ប្រភេទ​បន្ទាប់បន្សំ​ជាលា​ក់ផ្សេងៗទៀត ដែល​មានចែង​នៅក្នុង​បញ្ញត្តិ​ច្បាប់​តាម​វិស័យ​នានា ដូចជា​ច្បាប់​ព្រៃឈើ និង​សេចក្តីព្រាងផ្សេងៗ ដូចជា​ច្បាប់​ជលផល ច្បាប់​គ្រប់​គ្រង់​ធនធានទឹក និង​ច្បាប់​ស្តីពី​តំបន់​ការពារ៕

ក្រុមហ៊ុនវិនិយោគដ៏ធំមួយមកពីទីក្រុងហុងកុង គ្រោងវិនិយោគទីក្រុងរណបនៅខេត្តកំពង់ស្ពឺ

ដោយ ៖ រ៉ាណេត

កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺបានអះអាងសាជាថ្មីពីគម្រោងអភិវឌ្ឍន៍បង្កើតក្រុងរណបលើកដំបូងនៅក្នុងខេត្តក្រោមការវិនិយោគដោយក្រុមហ៊ុនចិនហុងកុង ដែលកាន់តែធ្វើឱ្យខេត្តកំពង់ស្ពឺមានសោភ័ណភាព និងទាក់ទាញគម្រោងវិនិយោគក្នុងវិស័យអចលនទ្រព្យបន្ថែមទៀត។

លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះថា គម្រោងនៃការអភិវឌ្ឍន៍បង្កើតក្រុងរណបនៅក្នុងខេត្តកំពង់ស្ពឺពីសំណាក់ក្រុមហ៊ុនចិនមកពីហុងកុង គឺមិនមានការលុបចោល ឬជាការនិយាយដើម្បីបង្កើនប្រជាប្រិយភាពរបស់ខេត្តនោះទេ។

លោកអភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា “គម្រោងនៃការបង្កើតក្រុងរណបហ្នឹង គឺគេបានចូលមកសិក្សាលម្អិតពីសក្ដានុពល និងឱកាសនៃការវិនិយោគនៅក្នុងខេត្តជាយូរមកហើយ។ គេប្រាកដជាដឹងច្បាស់ និងមានភាពជឿជាក់ទៅលើភាពជោគជ័យនៃគម្រោងវិនិយោគរបស់ពួកគេ ទើបគេដាក់សំណើរចូលមក”។

លោកបានបន្តទៀតថា “តាមខ្ញុំដឹងពេលនេះ ខាងក្រុមហ៊ុនបានកំណត់ពីទីតាំងអភិវឌ្ឍន៍របស់ពួកគេរួចរាល់ហើយ ប៉ុន្តែគ្រាន់តែថា គេមិនបានបង្ហើបប្រាប់ជាសាធារណៈជៀសវាងម្ចាស់ដីតម្លើងថ្លៃដែលអាចជះផលមិនល្អដល់គម្រោងអភិវឌ្ឍន៍របស់ពួកគេ។ ខ្ញុំមិនបញ្ជាក់ប្រាប់ថាទីតាំងពិតប្រាកដនៅម្ដុំណានោះទេ គ្រាន់តែបង្ហើបថាវាមិននៅឆ្ងាយដាច់ស្រយាលពីក្រុងចាស់ច្បារមននោះទេ”។

លោក វ៉ី សំណាង បានបញ្ជាក់ទៀតថា សម្រាប់ខេត្តកកំពង់ស្ពឺ ស្វាគមន៍វិនិយោគិនពីគ្រប់ជនជាតិទាំងអស់ ដើម្បីជំរុញឱ្យសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកាន់តែរីកចំរើន តាមរយៈការទៅធ្វើជាកម្មករ និងបំរើការងារផ្សេងៗ។ កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តទើបចុះហត្ថលេខាឱ្យមានការបង្កើតរោងចក្រចំនួន ២ថ្មីបន្ថែមទៀត ខណៈដែលមានក្រុមហ៊ុនចិនចំនួន៤ផ្សេងទៀតកំពុងសិក្សាពីគម្រោងវិនិយោគ និងអភិវឌ្ឍន៍សំណង់អាគារពាណិជ្ជកម្មនៅក្នុងក្រុងច្បារមន។ ភាពរីកចំរើន និងអភិវឌ្ឍន៍ទាំងអស់នេះកើតមានឡើងក៏ព្រោះសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា បានជំរុញឱ្យវិស័យផ្សេងៗ ជាពិសេសវិស័យអចលនទ្រព្យនៅក្នុងខេត្តកំពង់ស្ពឺមានការរីកចំរើន៕

វៀតណាមគ្រោងបង្កើតផ្សារព្រំដែនបន្ថែមជាមួយកម្ពុជា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម

ដោយ ហ្សូលី

ហាណូយ៖ លោកនាយករដ្ឋមន្រ្តីប្រទេសវៀតណាមបានចេញនូវផែនការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍនិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសវៀតណាមនិងប្រទេសកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែជិតស្និទ្ធ។

ការអនុវត្តនេះបានចាប់ផ្តើមកាលពីសប្តាហ៍មុនកន្លងទៅ ដែលវាអាចនិងមានរយៈពេលវែងរហូតដល់ខែតុលាឆ្នាំ ២០២២។ ប្រសិនបើការចុះអនុស្សារណៈយោគយល់នេះត្រូវបានពង្រីកផែនការ នឹងបន្តអនុវត្តសម្រាប់រយៈពេល ៣ ឆ្នាំទៀត។

ក្នុងរយៈពេលពីរឆ្នាំ គឺឆ្នាំ២០២១ និង ២០២២ រដ្ឋាភិបាលនឹងចាប់ផ្តើមការអនុវត្តចុះស្ទង់មតិសម្រាប់ការសាងសង់ផ្សារព្រំដែន យ៉ាងហោចណាស់ឱ្យបានមួយ ក្នុងគោលបំណងបើកសកម្មភាពជំនួញ លើកទឹកចិត្តដល់ពាណិជ្ជករវៀតណាមនិងកម្ពុជាឱ្យវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែន។

លើសពីនេះ ក៏មានការបង្កើតព្រឹត្តិការណ៍ទាក់ទងនឹងការជំរុញពាណិជ្ជកម្មនិងវិនិយោគ និងគាំទ្រក្រុមហ៊ុនដែលទើបតែចាប់ផ្តើមដំណើរការ ណែនាំនិងចែកចាយទំនិញនៅផ្សារព្រំដែន មានមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍ពាណិជ្ជកម្ម។

យោងតាមផែនការ ក្រសួង វិស័យ និងតំបន់ដែលពាក់ព័ន្ធ ត្រូវបានកំណត់រៀបចំយុទ្ធនាការទំនាក់ទំនងលើកកម្ពស់ការយល់ដឹងលើខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នានេះ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែនរវាងវៀតណាម-កម្ពុជា។ ជាពិសេស ជួយជំរុញពាណិជ្ជកម្មជាមួយប្រទេសកម្ពុជា ចែករំលែកព័ត៌មាន និងបើកវគ្គបណ្តុះបណ្តាល។

ប្រទេសវៀតណាមនិងប្រទេសកម្ពុជាមានខ្សែព្រំដែនមានចម្ងាយជិត ១.១៣៧ គីឡូម៉ែត្រដោយឆ្លងកាត់ខេត្តចំនួន ១០ របស់ប្រទេសវៀតណាមគឺខុនទុំ, ជីឡៃ, ដាកឡាក់, ដាកណុង, ប៊ិញភឿក, តានិញ, ឡុងអាន, ដុងថាប, អានយ៉ាង, កៀនយ៉ាង និង ខេត្តចំនួន៩របស់កម្ពុជាមានដូចជា ខេត្តរតនគីរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ និងកំពត៕ VNA

អភិបាលខេត្ត៖ កែបជាខេត្តទេសចរណ៍មួយដ៏ល្បីល្បាញ និងបានទទួលជ័យលាភីជាច្រើនលើឆាកអន្តរជាតិ

ដោយវុត្ថា

កែប៖ អភិបាលខេត្តកែប បានឱ្យដឹងថា កែបជាខេត្តទេសចរណ៍មួយដ៏ល្បីល្បាញ និងបានទទួលជ័យលាភីជាច្រើនលើឆាកអន្តរជាតិ និងនៅក្នុងតំបន់ដែលធ្វើអោយមហាជនទូទៅស្គាល់ និងចង់មកសម្រាកកម្សាន្ត។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅក្នុងពិធីសម្អាតអនាម័យបរិស្ថាន តាមបណ្តោយឆ្នេរសមុទ្រ និងតំបន់រមណីយដ្ឋានក្នុងខេត្តកែបកាលពីល្ងាចម្សិលមិញនេះឱ្យដឹងថា ដោយខេត្តមានសក្តានុពលបែបនេះហើយបានជំរុញភ្ញៀវជាតិនិងអន្តរជាតិមកកម្សាន្តនៅខេត្តកែប មានចំនួនជាង៤ម៉ឺននាក់ក្នុង១ថ្ងៃ។

លោកបន្តថា ជាមួយនឹងការកើនឡើងនូវចំនួនភ្ញៀវ សម្រាមជាបញ្ហាមួយដ៏សំខាន់ដែលយើងត្រូវយកចិត្តទុកដាក់ដើម្បីរក្សាអនាម័យជូនភ្ញៀវទេសចរអោយមានការពេញចិត្តពេញថ្លើម។

លោកបន្តថា ចំពោះអាជីវករទាំងអស់ត្រូវមានទឹកអាល់កុល សាប៊ូ សម្រាប់ភ្ញៀវលាងសម្អាតដៃ និងត្រូវរៀបចំធុងសំរាមអោយបានល្អ និងមានរបៀបរៀបរយ។ ចំពោះភ្ញៀវទេសចរគួរតែមានម៉ាស់ អាល់កុលឬជែលតាមខ្លួន ដើម្បីការពារជំងឺឆ្លងកូវីដ១៩ ។

លោកបន្ថែមថា តំបន់ឆ្នេរកំសាន្តខេត្តកែបបានរៀបចំយ៉ាងស្អាត ប្រកបដោយអនាម័យ មានសុវត្តិភាព ដោយអនុវត្តន៍តាមប្រសាសន៍សម្តេចតេជោ និងតាមការណែនាំរបស់ក្រសួងសុខាភិបាលអំពីការពារជំងឺកូវីដ១៩ ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកែបបាននិងកំពុងជំរុញ ផែនការទីផ្សារទេសចរណ៍ខេត្តកែប ២០២០-២០២៤ ដើម្បីរួមចំណែកប្រែក្លាយខេត្តកែបឱ្យទៅជា “គោលដៅទេសចរណ៍លម្ហែរកាយកម្រិតខ្ពស់”ដ៏ទាក់ទាញមួយនៅកម្ពុជា ។

ផែនការទីផ្សារទេសចរណ៍ខេត្តកែបនេះ នឹងដើរតួជាផែនទីបង្ហាញផ្លូវ សម្រាប់ការធ្វើទីផ្សារទេសចរណ៍ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ប្រកបដោយទស្សនៈវែងឆ្ងាយ ដើម្បីចង្អុលបង្ហាញ និងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញ “ទីផ្សារទេសចរណ៍មានគុណភាព” តាមរយៈការទាក់ទាញចំណែកទីផ្សារសក្តានុពលដូចជា “ទេសចរលំដាប់ខ្ពស់” “ទេសចរវ័យចំណាស់ ចូលនិវត្តន៍” និង “ ទេសចរធ្វើដំណើរជាមួយគ្រួសារ”។

រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍បាន និងកំពុងរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ដើម្បីក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់និងពិភពលោក៕

ពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជា និងថៃនៅតែកើនឡើងក្នុងឆមាសទី១ ឆ្នាំនេះ

ដោយ៖ ប៊ី

ភ្នំពេញ៖ វិធានការបិទទ្វារប្រទេស និងការធ្លាក់ចុះនៃសេដ្ឋកិច្ចប្រទេសជិតខាង បានធ្វើឱ្យពាណិជ្ជកម្មឆ្លងដែនរបស់ថៃបានធ្លាក់ចុះ ៩,១៨% នៅក្នុងឆមាសទី១ ឆ្នាំ២០២០នេះ។

ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ មានតែប្រទេសកម្ពុជាទេ ដែលជាប្រទេសមួយក្នុងចំណោមប្រទេសទាំងបួន មានព្រំដែនគោកជាប់នឹងប្រទេសថៃ ហើយការផ្លាស់ប្តូរពាណិជ្ជកម្មមានកំណើន ២,២៧ ភាគរយក្នុងឆមាសទី១នៃឆ្នាំនេះ។
នាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេស បានរាយការណ៍ពីការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន រួមទាំងពាណិជ្ជកម្មឆ្លងកាត់ដ៏ទៅទៀត មានចំនួនសរុប ៦២៧ ពាន់លានបាត ពីខែមករាដល់ខែមិថុនា ខណៈប្រទេសម៉ាឡេស៊ីជាដៃគូធំជាងគេ។
ការធ្វើពាណិជ្ជកម្មឆ្លងកាត់ ពាក់ព័ន្ធនឹងទំនិញ ឆ្លងកាត់ប្រទេសច្រើនជាងមួយ។

ក្នុងចំណោមតួលេខសរុប ការនាំចេញមានចំនួន ៣៦៥ ពាន់លានបាតធ្លាក់ចុះ ៨,៦% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈពេលដែលការនាំចូលបានធ្លាក់ចុះ ៩,៩៨% មកត្រឹម ២៦២ ពាន់លានដុល្លារ ដែលធ្វើឱ្យអតិរេកពាណិជ្ជកម្មមានចំនួន ១០៣ ពាន់លានដុល្លារ។
ពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសជិតខាងចំនួន៤ មានចំនួន ៣៧០ ពាន់លានបាត ធ្លាក់ចុះ ១៣,៧% ពីមួយឆ្នាំទៅមួយឆ្នាំ។ សរុបការនាំចេញមានចំនួន ២១៩ ពាន់លានបាតធ្លាក់ចុះ ១១,៩% និងការនាំចូល ២៦២ ពាន់លានធ្លាក់ចុះ ៩,៩៨% ។ ប្រទេសថៃបានរក្សាអតិរេកពាណិជ្ជកម្មចំនួន ៦៨,១ ពាន់លានបាត។

ពាណិជ្ជកម្មទ្វេភាគីជាមួយម៉ាឡេស៊ីមានចំនួនសរុប ១០៩ ពាន់លានបាត (ធ្លាក់ចុះ ២៦,៨%) បន្ទាប់មកពាណិជ្ជកម្មជាមួយប្រទេសឡាវ (៩២,៣ ពាន់លានបាត ធ្លាក់ចុះ ៧,០៩%) មីយ៉ាន់ម៉ា (៨៦,៧ ពាន់លានបាត ធ្លាក់ចុះ ១៣,៧%)។
ពាណិជ្ជកម្មឆ្លងកាត់ ជាពិសេសនៅសឹង្ហបុរី វៀតណាម និងភាគខាងត្បូងប្រទេសចិន បានធ្លាក់ចុះ ១,៧% នៅឆមាសទី១ មកត្រឹមតម្លៃពាណិជ្ជកម្ម ២៥៧ពាន់លានបាត។

លោក Keerati Rushchano អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស បាននិយាយថា ជំងឺCovid-19 និងវិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាល បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ពាណិជ្ជកម្ម និងទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចទាំងមូលទាំងនៅក្នុងប្រទេសថៃ និងប្រទេសជិតខាង៕ BangkokPost