គម្រោងNaga3តម្លៃ៣៥០០លានដុល្លារនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២០នេះ

ដោយ៖ ប៊ី

ភ្នំពេញៈ ការរៀបចំទីតាំងសាងសង់របស់គម្រោងNaga3 នៅតែបន្តទៅមុខ ទោះបីមានវិបត្តិCOVID-19ក៏ដោយខណៈការធ្វើតេស្តដីបានបញ្ចប់ហើយក្រុមហ៊ុនកំពុងរៀបចំឯកសារដេញថ្លៃនិងការស្ថាបនាគ្រឹះរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំនេះ។

ក្រុមហ៊ុន NagaCorp បានឱ្យដឹងថា មានក្រុមហ៊ុនម៉ៅការសំណង់១៨ ក្នុងនោះក៏មានក្រុមហ៊ុនរដ្ឋចិនមួយចំនួនផងដែរ សម្រាប់សាងសង់គម្រោង Naga3

គម្រោងNaga3 នឹងភ្ជាប់ទៅនឹងទីតាំង ដែលមានស្រាប់ដោយការពង្រីកណាហ្គាស៊ីធីចន្លោះណាហ្គា១ និងណាហ្គា២។ ក្រុមហ៊ុនNagaបានឱ្យដឹងថា នឹងមានប្រព័ន្ធដឹកជញ្ជូនក្រោមដី និងពីលើដីរវាងបរិវេញគម្រោងទាំងបី។ នេះបើយោងតាមលោក Paul Steelman នាយកប្រតិបត្តិក្រុមហ៊ុន Steelman ដែលជាដៃសាងសង់របស់ក្រុមហ៊ុនNaga

ទុនវិនិយោគសាងសង់គម្រោងNaga3 គឺធ្វើតាមលំនាំរបស់គម្រោង Naga2 លោកChen Lip Keong ស្ថាបនិកក្រុមហ៊ុនNagaCorp បានចំណាយប្រាក់សាងសង់ចំនួន៣៩២លានដុល្លារពីភាគហ៊ុនរបស់លោក។ លោកបានយល់ព្រមផ្តល់ហិរញ្ញប្បទានពាក់កណ្តាលនៃការចំណាយ៣,៥ពាន់លានដុល្លារ របស់គម្រោងNaga3 ឬស្មើនឹងភាគហ៊ុនក្រុមហ៊ុនចំនួន១,១៤ ពាន់លានដុល្លារ។

គម្រោងNaga3 គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥ នឹងពង្រីកបន្ទាប់សរុបរហូតដល់ ៥០០០បន្ទប់ តុល្បែង១៣០០ និងម៉ាស៊ីនហ្គេមអេឡិចត្រូនិច៤.៥០០។ រដ្ឋាភិបាលកម្ពុជាអនុញ្ញាតដល់ការវិនិយោគនេះ ដោយបន្តរយៈពេល១០ឆ្នាំទៀត នូវសិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនNagaCorp នៅភ្នំពេញដល់ឆ្នាំ២០៤៥។ អាជ្ញាប័ណ្ណលេងល្បែងរបស់ខ្លួនដំណើរការដល់ឆ្នាំ ២០៦៥៕ ASGAM

វិស័យអាកាសចរណ៍កម្ពុជានឹងមានការភ្ជាប់ជើងហោះហើរកាន់តែច្រើននាពេលខាងមុខដ៏ខ្លី

ប្រភពរូបភាព៖ Khmertimes

ដោយវុត្ថា
ភ្នំពេញ៖ រហូតមកដល់ពេលនេះ ជើងហោះហើររបស់កម្ពុជាពុំមានអ្វីប្រែប្រួលនោះទេ ខណៈដែលមានក្រុមហ៊ុនជើងហោះហើរបរទេសមួយចំនួនបានស្នើសុំហោះហើរមកកាន់កម្ពុជាឡើងវិញនាពេលខាងមុខដ៏ខ្លី។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់គេហទំព័រ propertyarea.asia នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ដំណើរការជើងហោះហើររបស់កម្ពុជាពេលបច្ចុប្បន្ននេះមានពី ៧ ទៅ ១០ ជើងក្នុងមួយថ្ងៃ ដោយរំពឹងថា មានកាន់តែច្រើននាពេលខាងមុខ។

លោកបន្តថា “មកដល់ពេលនេះ ដូចជាគ្មានអ្វីប្រែប្រួលទេ ដោយគិតជាមធ្យម កម្ពុជាទទួលបានជើងហោះហើរពី ៧ ទៅ ១០ ជើងដែរក្នុងមួយថ្ងៃ ពោលគ្មានការកើនឡើង និងថយចុះនោះទេ ហើយរំពឹងថា នៅក្នុងពេលខាងមុខនេះ អាចនឹងមានការប្រែប្រួលដោយមានក្រុមហ៊ុមមួយចំនួនបានស្នើសុំហោះហើរឡើងវិញ”។

លោកបបន្ថែមថា “ជើងហោះហើរដែលបានស្នើសុំហោះហើរមកកម្ពុជាមានមកពីប្រទេសសឹង្ហបុរី ហើយកាលពីពេលថ្មីៗនេះ ក៏មានការឯកភាពរវាងរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន អនុញ្ញាតឱ្យមានជើងហោះហើរឡើងវិញនៅចុងខែនេះ” ។

ជើងហោះហើររបស់ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ និងពិភពលោក បាននឹងកំពុងប្រឈម ដោយសារការភ័យខ្លាចពីការឆ្លងនូវជំងឺកូវីដ ១៩ ខណៈវិស័យមួយនេះ ខាតបង់ថវិការាប់ពាន់លានដុល្លារអាមេរិក។

រដ្ឋាភិបាលកម្ពុជា កាលពីកន្លងមកនេះ បានសម្រេចមិនយកពន្ធលើវិស័យអាកាសចរណ៍ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យវិស័យមួយនេះ មានលទ្ធភាពក្នុងការចំណាយ និងមិនឱ្យក្រុមហ៊ុនទាំងនោះក្ស័យធន ដូចបណ្តាប្រទេសមួយចំនួនមានក្រុមហ៊ុនអាកាសចរណ៍បានប្រកាសក្ស័យធន បន្ទាប់ពីផ្អាកការហោះហើរដែលបណ្តាលមកពីការផ្ទុះឡើងនូវជំងឺកូវីដ ១៩នៅក្នុងពិភពលោក៕

សម្ដេចតេជោ ហ៊ុន សែន ៖ ខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសេដ្ឋកិច្ចសម្រាប់អនុតំបន់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកនូវការអនុវត្តគោលនយោបាយខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង គឺជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសេដ្ឋកិច្ចសម្រាប់អនុតំបន់ និងជំរុញឱ្យមានការពន្លឿនការរៀបចំ និងសម្រេចឱ្យបាននៅក្នុងពេលដ៏ខ្លី។

នៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៣ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យការងាររបស់លោកនាយករដ្ឋមន្ត្រី លី កឺឈាង និងគាំទ្រនូវសំណើរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងវិស៧យអាទិភាពចំនួន៤។

វិស័យអាទិភាពចំនួន៤ ដែលសម្ដេចបានលើកឡើងរួមមានទី១-ការតភ្ជាប់តាមរយៈការកសាងខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង និងការជំរុញសហថាមភាពជាមួយនឹងច្រករបៀងពាណិជ្ជកម្ម តាមដី-សមុទ្រអន្តរជាតិថ្មី។ ទី២- កិច្ចសហប្រតិបត្តិការធនធានទឹក។ ទី៣-ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យកសិកម្ម និងបរិស្ថាន។ ទី៤- ការលើកកម្ពស់សុខភាពសាធារណៈតាមរយៈការបង្កើតឡើងនូវសហគមន៍សុខភាពសាធារណៈមេគង្គ-ឡានឆាង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ក្នុងបរិការណ៍នៃកំណើនសេដ្ឋកិច្ចសកលមានការធ្លាក់ចុះ ការបង្កើត និងរក្សាឱ្យបាននូវប្រភពកំណើនថ្មីនៅក្នុងអនុតំបន់របស់យើងគឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន។ ដូចនេះ យើងត្រូវខិតខំពន្លឿនការរៀបចំ និងការសម្រេចឱ្យបាននូវខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង (ML EDB) ដែលនឹងក្លាយជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសម្រាប់អនុតំបន់យើង”។

សម្ដេចបានមានប្រសាសន៍បន្តថា “ការលើកម្ពស់នូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ព្រមទាំងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម នឹងជំរុញបន្ថែមទៀតនូវពាណិជ្ជកម្មឆ្លង់កាត់ព្រំដែន និងពង្រឹងការធ្វើសមាហរណកម្មខ្សែច្រវាត់ផ្គត់ផ្គង់នៃអនុតំបន់របស់យើងចូលទៅក្នុងខ្សែច្រវាក់តម្លៃសកល។ ជាមួយគ្នានេះ ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏នឹងជួយលើកកម្ពស់ភាពប្រកួតប្រជែងរយៈពេលវែងនៃអនុតំបន់របស់យើងផងដែរ។ ក្នុងន័យនេះ ខ្ញុំសូមគាំទ្រនូវវិធានការទាំងឡាយដែលមានចែងនៅក្នុងសេចក្ដីផ្លែងការណ៍រួមរបស់សហប្រធាន” ៕

កម្ពុជាជាប់ចំណាត់ថ្នាក់ជាទិសដៅទេសចរណ៍មានសុវត្ថិភាពបំផុតនៅលើពិភពលោក

ដោយ ៖ ប៊ី
ភ្នំពេញ ៖ កម្ពុជា ក្នុងចំណោមប្រទេសទាំង១០ ត្រូវបានចាត់ចំណាត់ថ្នាក់ជាទិសដៅទេសចរណ៍ ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក ក្នុងកំឡុងពេលនៃជំងឺរាតត្បាត COVID-19។

កម្ពុជាឈរនៅលើកំពូលតារាងក្នុងបញ្ជីទិសដៅទេសចរណ៍មានសុវត្ថិភាពបំផុតនៅលើពិភពលោក ដោយសារមានបទប្បញ្ញត្តិសុខភាពអន្តរជាតិខ្ពស់ ហើយករណីឆ្លងជំងឺ COVID-19មានកម្រិតទាប។

ទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ី Malay Mail បានរាយការណ៍កាលពីសប្តាស៍មុនថា ក្រុមហ៊ុនទេសចរណ៍ Tourlane ដែលមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំងបានធ្វើការសិក្សាស្រាវជ្រាវមួយកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ដើម្បីកំណត់ទិសដៅថ្ងៃឈប់សម្រាកប្រកបដោយសុវត្ថិភាព អំឡុងពេលការផ្ទុះឡើងនៃជំងឺ COVID-19។

ក្រុមហ៊ុនបានប្រមូលទិន្នន័យ និងវិភាគលើសកម្មភាពប្រជាជន ក៏ដូចជាការដាក់ដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ ដែលដាក់ចេញ ដោយមជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺអឺរ៉ុប។
គោលដៅ ដែលមានសុវត្ថិភាពបំផុតទាំង ១០ នៅទូទាំងពិភពលោករួមមាន ប្រទេសថៃ ហ្ស៊កដានី បារាំង ប៉ូលីនេស៊ី ក្រិក អ៊ុយរូហ្គាយ អ៊ីតាលី កម្ពុជា ជប៉ុន អៀរឡ ង់និងបុតស្វាណា (Botswana)។

នៅថ្ងៃនេះ ក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ចំណែកឯអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ ខណៈអ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅសល់១០នាក់ដដែល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ។

គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៣នាក់ (ស្ត្រី៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន២៦៣នាក់ (ស្រី ៥៤នាក់ និងបុរស២០៩នាក់) និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន១០នាក់៕

តម្លៃ​សម្ភារៈ​សំណង់​នៅ​កម្ពុជា​បាន​ងើបឡើង​បន្តិច​បន្តូច​នៅក្នុង​ខែសីហា​នេះ

ដោយៈ​ប៊ី

ភ្នំពេញៈ តម្លៃ​សម្ភារៈ​សំណង់​ស្ទើរ​គ្រប់​ប្រភេទ នៅតាម​ទីផ្សារ​កម្ពុជា មានការ​ប្រែប្រួល​បន្តិច​បន្តូច ខណៈ​តម្លៃ​សម្ភារៈ​ការិយាល័យ គ្រឿងសង្ហារិម និង​គ្រឿង​អេឡិចត្រូនិក​ស្ថិតក្នុង​សភាព​ទ្រឹង។

តម្លៃ​មុខទំនិញ​ទាំងនេះ ត្រូវបាន​បង្ហាញ​នៅក្នុង​ទិន្នន័យ​ជា​ផ្លូវការ របស់​អគ្គនាយកដ្ឋាន​គោលនយោបាយ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅក្នុង​ខែសីហា ឆ្នាំ២០២០ នេះ។

យោងតាម​ទិន្នន័យ​ជា​ផ្លូវការ អគ្គនាយកដ្ឋាន​គោលនយោបាយ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា នៅក្នុង​ខែសីហា ឆ្នាំ២០២០ នេះ ថ្លៃទំនិញ​ប្រើប្រាស់ និង​សេវាកម្ម មានការ​ប្រែប្រួលខ្លះៗ ជាពិសេស​ថ្លៃ​លក់​សម្ភារៈ​សំណង់ និង​ថ្លៃ​លក់​ម្ហូបអាហារ និង​ភេសជ្ជៈផ្សេងៗនៅតាម​ទីផ្សារ ខណៈដែល​ការលក់​ប្រភេទ​ទំនិញ​សម្ភារៈ​ការិយាល័យ​គ្រឿង​សង្ហា​រឹម និង​គ្រឿង​អេឡិចត្រូនិក​បាន​ឈរ​នៅ​ទ្រឹង ពី​តម្លៃ​នៃ​ការលក់​ចេញ។

ពាក់ព័ន្ធ​មុខទំនិញ​ថ្លៃ​លក់​នៅតាម​ទីផ្សារ ក្នុងនោះ​ថ្លៃ​លក់​សម្ភារៈ​សំណង់ នៅក្នុង​ខែ សីហា ឆ្នាំ២០២០នេះ ក្នុងនោះ​ថ្លៃ​លក់រាយ សម្រាប់​សម្ភារៈ​សំណង់​មួយចំនួន បាន​ហក់​ឡើងថ្លៃ​បន្តិចបន្តួច។

ឥដ្ឋតាន់​ចំនួន ១ម៉ឺន​ដុំ មានតម្លៃ​ដល់៥៥០ដុល្លារ​ក្នុង​ខែសីហា កើន​ពី៤៨០ដុល្លារ នៅក្នុង​ខែ កក្កដា។ តម្លៃ ប្រភេទ​ថ្ម (១X២) មួយ​ម៉ែត្រ​គីប ថ្លៃ២១ដុល្លារ បាន​ហក់​ឡើង​បន្តិច​ក្នុង​រង្វង់២២ដុល្លារ ក្រៅពី​តម្លៃ​លក់​ចេញ​ដែក​គ្រប់​ប្រភេទ ស៊ីម៉ង់ ថ្នាំលាប និង​បំពង់​ជ័រ និង​សម្ភារៈផ្សេងៗទៀត មិនមាន​ការប្រែប្រួល​អំពី​តម្លៃ​ឡើយ ។

តម្លៃ​ម្ហូបអាហារ និង​ភេសជ្ជៈ​មិនមែន​គ្រឿង​ស្រវឹង សម្ភារៈ​ការិយាល័យ គ្រឿង​អេ​ឡិច​ត្រូ​និ​ច គ្រឿង​សង្ហា​រឹម បរិក្ខារ​អគ្គិសនី ប្រេងម៉ាស៊ីន និង​គ្រឿងបន្លាស់​រថយន្ត និង​សម្ភារៈផ្សេងៗទៀត មិនមាន​ការប្រែប្រួល​ថ្លៃ​លក់​ចេញ​ខ្លាំង​នោះឡើយ បើ​ធៀប​ធៀប​នៅ​និង​ខែ កក្កដា ឆ្នាំ២០២០ ៕

សាកល្បង​មក​ស្តាប់គំនិតល្អៗចំនួន​បួន​ពី​មហាសេដ្ឋី Ray Dalio

ដោយៈ  រ៉ា​ណេ​ត

ភ្នំពេញៈ គ្រប់ការ​ប្រកប​អាជីវកម្ម និង​មុខ​ជំនួញ​នានា ម្ចាស់​ដើមទុន​តែង​រំពឹង​ទទួលបាន​ចំណូល​ពី​ការវិនិយោគ​ទាំងអស់  ប៉ុន្តែ​ភាពជោគជ័យ ទាំងនោះ​មិនអាច​ទទួល​គ្រប់គ្នា​នោះទេ។

អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច  លោក ង៉ែត ជូ បាន​ចែករំលែក​នូវ​ចំណេះដឹងខ្លះៗពាក់ព័ន្ធ​នឹង​ការប្រកប​អាជីវកម្ម ដែល​អាច​ទទួលបាន​ភា​ព​ជោគជ័យ ក្រោម​ការអនុវត្ត​នូវ​វិធី​ដូចខាងក្រោម។

លោក​ង៉ែត ជូ បាន​លើក​ទស្សន​បុគ្គល​ជោគជ័យ​មួយចំនួន​មក​ពន្យល់ថា អ្នកវិនិយោគ​ជោគជ័យ​អាមេរិក លោក Ray Dalio អ្នកគ្រប់គ្រង​ក្រុមហ៊ុន​មូលនិធិ​វិនិយោគ ដែលមាន​ទ្រព្យសកម្ម​ស​រុ​ប​ជាង ១៦០ពាន់​លាន​ដុល្លា។ លោក​មានទ្រព្យ​សម្បត្តិ​ផ្ទាល់ខ្លួន​ជាង១៨ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង​ជាង ៦០%នៃ​ទំហំ​សេដ្ឋកិច្ច​របស់​កម្ពុជា។

ខាងក្រោម​នេះ​ជា​មេរៀនល្អៗ ដែល​លោក​បាន​ចែករំលែក​ដល់​សហគ្រិន​វ័យក្មេង

១) ចាប់ផ្តើម​វិនិយោគ​នៅ​វ័យក្មេងៈ លោក​វិនិយោគ​លើ​ផ្សារ​ហ៊ុន តាំងពី​លោក​មាន​អាយុ១២ឆ្នាំ។

២) កសាង​សមត្ថភាព​តាមរយៈ​ការរៀន និង​សុំ​យោបល់​ពី​អ្នកដទៃៈ លោក​តែង​សុំ​ការណែនាំ​ពី​អ្នកជំនាញ នៅពេល​លោក​អាន​របាយការណ៍​ហិរញ្ញវត្ថុ របស់​ក្រុមហ៊ុន​ដែល​លោក​វិនិយោគ។ លោក​ក៏បាន​បញ្ចប់​ការសិក្សា ផ្នែក​ហិរញ្ញវត្ថុ​ពី​សាកលវិទ្យាល័យ​Harvard University ផងដែរ។

៣) មាន​ភាព​អំណត់ និង​ចេះ​សន្សំ​ប្រាក់​ដើម្បី​វិ​និ​យោ​គៈ កាល​លោក​អាយុ១២ឆ្នាំ លោក​ធ្វើការ​ជា​កម្មករ នៅ​ក្លឹប​វាយកូនគោល លក់​កាសែត និង​ស៊ីឈ្នួល​កាត់​ស្មៅ​សន្សំ​ប្រា​ក់បាន៣០០ដុល្លារ រួច​ចាប់ផ្តើម​វិនិយោគ​លើ​ផ្សារ​ហ៊ុន​ដំបូង។

៤) គិត​វិជ្ជមាន និង​រៀន​ពី​ភាព​បរា​ជ័​យៈ ទស្សនៈ​របស់លោក​គឺ ការចេះ​ឆ្លុះបញ្ចាំង​ពី​ការឈឺចាប់ ជា​បច្ច័យ​នាំអោយ​លោក​ទទួលបាន​ភាព​រីក​ចំរើន (Pain + Reflection = Progress) ៕

តើ​ភ្នាក់ងារ​លក់​អចលនវត្ថុ​ធ្វើ​ដូ​ម្តេច​ដើម្បីឱ្យ​អតិថិជន​របស់ខ្លួន​មាន​ទំនុកចិត្ត?

ដោយ​ វុត្ថា

ភ្នំពេញៈ ដើម្បី​ឲ្យ​ទទួលបាន​ទំនុកចិត្ត និង​ទទួលបាន​ផលចំណេញ​ខ្ពស់​ដល់​អតិថិជន ភ្នាក់ងារ​អចលនទ្រព្យ ឬ​ក្រុមហ៊ុន​ផ្តល់​សេវា​អចលនទ្រព្យ ត្រូវ​ផ្តល់​សេវាកម្មផ្សេងៗ លើសពី​ការរំពឹងទុក ទៅកាន់​អតិថិជន​របស់ខ្លួន តាមរយៈ​ផ្តល់​ប្រឹក្សា​យោបល់ និង​មាន​ភាពស្មោះត្រង់​បំផុត និង​ភាព​រួសរាយ​រាក់ទាក់។

ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម បាន​ប្រាប់​គេហទំព័រ Properyarea.asia ថា ភ្នា​ក់រ​អចលនទ្រព្យ ឬ​ក្រុមហ៊ុន​ផ្តល់​សេវា​អចលនទ្រព្យ គឺ​ត្រូវ​ផ្តល់​សេវា​ជា​កញ្ចប់​មាន​ទាំង​រត់​ឯកសារ លិខិត​កក់​ប្រាក់ កិច្ចសន្យា​ទិញ-លក់ និង​មាន​ទាំង​ប្រថាប់ត្រា​ពី​សំណាក់​មេធាវី ដើម្បី​ឲ្យ​អតិថិជន​មាន​ភាពកក់ក្តៅ និង​ការទិញ​លក់​របស់​ពួកគេ​មាន​សុវត្ថិភាព និង​មាន​ភាពងាយស្រួល។

លោក​បន្តថា “បើ​អតិថិជន​បាន​ទិញ​ចលនទ្រព្យ តាមរយៈ​ភ្នាក់ងារ​ជំនាញ យើង​ត្រូវធ្វើ​ឱ្យមាន​ភាព​ចំណេញ លើ​ការទិញ​អចលនទ្រព្យ​នោះ តាមរយៈ​របស់​ល្អ និង​មានតម្លៃ​ក្រោម​ទីផ្សារ ហើយ​ថ្ងៃក្រោយ​គាត់​នឹង​ណែនាំ​អ្នកផ្សេង​ឲ្យ​មករក​សេវាកម្ម​របស់​យើង” ។ លោក​បន្តថា “នៅពេល​អ​ថិ​ជន​ណែនាំ​បន្ត​គា្ន នោះ​មានន័យថា គេ​មាន​ជំនឿ​របស់​យើង និង​ទទួលបាន​ផល​ច្រើន តែបើ​អតិថិជន​ដែល​មិនដែល​ប្រើ​សេវាកម្ម​របស់​យើង ប្រាកដ​ណាស់​គេ មិនសូវ​ទុកចិត្ត​ខ្លាំង​នោះទេ” ។

លោក​ច្រឹ​ក សុខ​នី​ម​បានផ្តល់​យោបល់​បន្ថែមទៀត​ថា ក្នុងនាម​ជា​អ្នកផ្តល់​សេវាកម្ម​លើ​វិស័យ​អចលនទ្រព្យ យើង​ត្រូវមាន​ចំណេះដឹង​ឲ្យ​បាន​ជ្រៅជ្រះ តាមរយៈ​បង្កើន​ចំណេះដឹង​ជាប្រចាំ កា​អនុវត្ត​ផ្ទាល់ និង​ដឹង​ពី​តម្លៃ​ទីផ្សារ​នៅក្នុង​តំបន់​ដែល​ខ្លួន​កាន់ ដែល​ចំណេះដឹង​ទាំងអស់នេះ នឹងធ្វើ​ឲ្យ​អតិថិជន​មាន​ទំនុកចិត្ត និង​ជឿជាក់​លើ​យើង។

លោក​បន្តថា “បើ​យើង​មានចំណេះដឹង​ទាប​ជាង​ពួកគាត់ នៅពេលដែល​យើង​និយាយ​ទៅ គាត់​នឹងមិន​ទុកចិត្ត​យើង​នោះទេ និង​ជាពិសេស​យើង​ត្រូវ​ស្គាល់​អ​ថិ​ជន ជា​គោលដៅ​របស់ខ្លួន​អោយបាន​ច្បាស់លាស់ ហើយ​យើង​ធ្វើការ​ជាមួយ​អ្នក និង​អ្នក​ផ្ទាល់” ។ លោក​បន្តថា “បើ​មិន​ស្គាល់​អតិថិជន​របស់ខ្លួន​ច្បាស់​ទេ យើង​នឹង​បរាជ័យ​តាមរយៈ​ការធ្វើ​កិច្ច​ការមិន​ច្បាស់លាស់” ។

បើតាម​លោក ច្រឹ​ក សុខ​នី​ម ភ្នាក់ងារ​ផ្តល់​សេវា​អ​ចនទ្រ​ព្យ​ទាំង​ចុះបញ្ជី និង​មិន​ចុះបញ្ជី​មាន​ប្រមាណ​ក្រោម៣ម៉ឺន​នាក់ នៅ​ទាំង​ទូទាំងប្រទេស ដែល​កំពុង​ប្រតិបត្តិការ ខណៈដែល​កម្ពុជា នៅ​ខ្វះខាត​អ្នកជំនាញ​លើ​វិស័យ​ជាច្រើន ស្របពេល​ដែល​ដែល​កំពុង​បោះជំហាន​ទៅមុខ៕

មេដឹកនាំ​ចិន និង​តំបន់​មេគង្គ​នឹង​ផ្តោតលើ​ភាពជា​ដៃគូ និង​វិបុលភាព​សំរាប់​តំបន់

ដោយ ហ្សូ​លី

ភ្នំពេញៈ មេដឹកនាំ​ចិន និង​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ នឹង​បើក​កិច្ចប្រជុំ​លើក​ទី៣សំរាប់​តំបន់​មេគង្គ ឡាន​ឆាង​នា​ព្រឹក​ថ្ងៃទី២៤ សីហា​នេះ​ដោយ​ផ្តោត​សំខាន់​លើ​ភាពជា​ដៃគូ និង​វិបុលភាព​រួម។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ-ឡាន​ឆាង (3rd Mekong-Lancang Cooperation Summit) ដែល​នឹង​រៀបចំឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ Video Conference ក្នុង​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០២០នេះ។

កិច្ចប្រជុំ​កំពូល​មេគង្គ-ឡាង​ឆាង​លើក​ទី៣នេះ ប្រទេស​ឡាវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ដែលមាន​វត្តមាន លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ និង​លោក​លី ឃឺ​ឈាំ​ង នាយករដ្ឋមន្ត្រី​ចិន ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ។

ប្រទេស​ជា​សមាជិក​នៃ​ឡាន​ឆាង មេគង្គ​មាន៦ប្រទេស ដូចជា កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ វៀតណាម និង​ប្រទេស​ចិន។

កិច្ចប្រជុំ​តាម​ប្រព័ន្ធ Video Conference នៅ​ព្រឹក​នេះ នឹងធ្វើ​ឡើង​ក្រោម​មូលបទ «ពង្រឹង​ភាពជា​ដៃគូ ដើម្បី​វិបុលភាព​រួម» ។

ថ្នាក់ដឹកនាំ​ទាំងអស់​នឹង​ពិនិត្យឡើងវិញ​នូវ​វឌ្ឍនភាព ដែល​សម្រេចបាន​ស្របតាម​ទិសដៅ​នៃ​សេចក្ដីថ្លែងការណ៍​សាន់​យ៉ា​ឆ្នាំ២០១៦ សេចក្ដីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​ឆ្នាំ២០១៨ និង​ផែនការ​សកម្មភាព​សម្រាប់​រយៈពេល៥ឆ្នាំ​ស្តីពី កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡាន​ឆាង (២០១៨-២០២២) កំណត់​ទិសដៅ​អនាគត សម្រាប់​ការពង្រីក​វិស័យ​នៃ​កិច្ចសហប្រតិបត្តិការ និង​ជំរុញ​បន្ថែម​នូវ​ទំនុកចិត្ត​ទៅវិញទៅមក ក៏ដូចជា​ការពង្រឹង​ភាពជា​ដៃគូ​ក្នុងចំណោម​បណ្តា​ប្រទេស​មេគង្គ-ឡាន​ឆាង។

ថ្នាក់ដឹកនាំ​ប្រទេស​សមាជិក​មេគង្គ-ឡាន​ឆាង នឹង​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រួម របស់​បណ្តា​ប្រទេស​មេគង្គ-ឡាន​ឆាង ក្នុងការ​ប្រយុទ្ធប្រឆាំង​និង​ដោះស្រាយ​ជំងឺ​រាតត្បាត​ជាស​កល Covid-19 និង​ការលើកកម្ពស់​ការស្តារ​សេដ្ឋកិច្ច-សង្គម ក្រោយ​ជំងឺ Covid-19 ។

កិច្ចប្រជុំ​កំពូល​នេះ បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់ នៃ​សន្តិភាព​ប្រកបដោយ​និរន្ត​ភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​យូរអង្វែង នៅ​តំបន់​មេគង្គ-ឡាន​ឆាង ក៏ដូចជា​ការលើកកម្ពស់​សន្តិ​សហ​វិជ្ជមាន ក្នុងចំណោម​បណ្តា​ប្រទេស​មេគង្គ-ឡាន​ឆាង៕

ចំណេះដឹង! តើ​អ្វី​ជា​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់?

ដោយ វុត្ថា

ភ្នំពេញៈ ការធ្វើ​ពាណិជ្ជកម្ម ឬ​ជំនួញផ្សេងៗ តែងតែមាន​ការប្រកួត​ប្រជែង​ដោយ​ខ្វះ​មិនបាន​ឡើយ។ ការប្រកួតប្រជែង​នេះ មាន​ទាំង​ការប្រកួតប្រជែង ប្រកបដោយ​ភាពស្មោះត្រង់ និង​មិន​ស្មោះត្រង់។

យោងតាម​នាយកដ្ឋាន​ក​ម្ម​សិទ្ធិ​បញ្ញា នៃ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា អំពើ​នៃ​ការប្រកួតប្រជែង​ណា ដែល​ផ្ទុយ​ពី​គោលការណ៍ នៃ​ការអនុវត្តន៍​ទៀងទាត់​នៅក្នុង​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ត្រូវ​ចាត់ទុកថា ជាការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់។

ទង្វើ​ទាំងឡាយ​ដូចខាងក្រោម​ត្រូវ​ចាត់ទុកថា បាន​បង្កើត​នូវ​អំពើរ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់៖

– ការបង្កើតឱ្យមាន​ការ​ភាន់តច្រឡំ តាម​មធ្យោបាយ​ណាមួយ ជាមួយ​សហគ្រាស​ជាមួយ​ទំនិញ ឬ​ជាមួយ​សកម្មភាព​ឧស្សាហកម្ម​ពាណិជ្ជកម្ម ឬ​សេវាកម្ម​នៃ​គូប្រកួត​ប្រជែង។

– ការ​ពោល​អះអាង​មិន​ត្រឹមត្រូវ​ក្នុង​ពាណិជ្ជកម្ម ដែល​ធ្វើឱ្យ​ខូច​កេរ្តិ៍ឈ្មោះ សហគ្រាស ទំនិញ ឬ​សកម្មភាព​ឧស្សាហកម្ម​ពាណិជ្ជកម្ម ឬ​សេវាកម្ម​នៃ​គូប្រកួត​ប្រជែង។

– ការបញ្ជាក់ ឬ​ការ​ពោល​អះអាង ដែល​បាន​ប្រើប្រាស់​នៅក្នុង​ពាណិជ្ជកម្ម ហើយ​ដែល​អាចធ្វើឱ្យ​សាធារណជន ភាន់ច្រឡំ អំពី​ប្រភេទ​ដំណើរ​ការផលិត លក្ខណៈ ភាពសមស្រប សំរាប់​គោលបំណង​របស់គេ ឬ​បរិ​មាណនៃ​ទំនិញ៕

សម្ដេចតេជោ ស្នើរដ្ឋាភិបាលជប៉ុនបើកការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ ANA ជាមួយកម្ពុជាឡើងវិញ

ដោយ ៖ រ៉ាណេត 

ភ្នំពេញ ៖ ក្នុងគោលបំណងបង្កើនទំហំទុនវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំង២ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់រដ្ឋាភិបាលជប៉ុនឱ្យមានការបើកជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ ANA មកកាន់កម្ពុជាឡើងវិញ បន្ទាប់ពីបានផ្អាកដំណើរការមួយរយៈក្រោមឥទ្ធិពលនៃជំងឺ Covid-19 កាលពីពេលកន្លងទៅ។ 

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះថា នៅក្នុងកិច្ចជំនួបសម្ដែងការគួរសម លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុនបានស្នើឱ្យបើកដំណើរការឡើងវិញនូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយកម្ពុជា បន្ទាប់ពីស្ថានភាពកូវីដ១៩ រវាងប្រទេសទាំងពីរហាក់ធូរស្រាលមួយកម្រិតដើម្បីជំរុញទាំងវិស័យពាណិជ្ជកម្ម ទាំងវិស័យសេដ្ឋកិច្ច ទាំងវិស័យធុរកិច្ចផងដែរ។

លោកបានបន្តទៀតថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រភ្លាមៗ ចំពោះការបើកឱ្យដំណើរការឡើងវិញ លើវិស័យធុរកិច្ច ពាណិជ្ជកម្ម និងអ្វីៗទាំងឡាយដែល ជាការធ្វើដំណើរទៅវិញទៅមករវាងប្រទេសកម្ពុជា-ជប៉ុន ដែលអាចនាំទៅដល់ការពង្រីកទំនាក់ទំនង កាន់តែខ្លាំងថែមទៀត និងជំរុញដំណើរការសេដ្ឋកិច្ច វិនិយោគ រវាងប្រទេសទាំងពីរផង។

លោក អ៊ាង សុផល្លែត បានបន្តថា “ចំពោះការបើកដំណើរការរវាងប្រទេសទាំងពីរ សម្តេចតេជោបានស្នើឱ្យមានការហោះហើរឡើងវិញរបស់ក្រុមហ៊ុន ANA។ ការបើកឱ្យដំណើរការហោះហើរឡើងវិញរបស់ក្រុមហ៊ុន ANA អាចនាំឱ្យការធ្វើដំណើររវាងប្រទេសទាំងពីរ មានដំណើរការធម្មតាឡើងវិញ ជាពិសេសជាមួយនឹងវិធានការមួយចំនួនដែលអាចដាក់ចុះ ហើយការហោះហើរឡើងវិញនេះ អាចជំរុញឱ្យមានការកើនឡើងក្នុងទំហំពាណិជ្ជកម្ម និងការវិនិយោគ”។ 

លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០១៤ ហើយពេលនេះ លោកបានក្លាយជារដ្ឋមន្រ្តីការបរទេសទី១ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់តាំងពីពិភពលោករីករាលដាលជំងឺកូវីដ១៩។ ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្រ្តីការបរទេសជប៉ុន បានជម្រាបជូនសម្តេចតេជោផងដែរថា ជប៉ុនបានត្រៀមថវិកាមួយចំនួន ដើម្បីចូលរួមជួយទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងនោះក៏មានជំនួយមកដល់ប្រទេសកម្ពុជាផងដែរ។ លោកបានជម្រាបជូន សម្តេចតេជោផងដែរថា ពេលនេះមាននិស្សិតខ្មែរ១៩នាក់ ដែលទទួលបានអាហាររូបករណ៍ ដើម្បីទៅសិក្សានៅប្រទេសជប៉ុន ដែលនិស្សិតទាំងនេះ ត្រូវអនុញ្ញាតឱ្យចូលទៅសិក្សានៅប្រទេសជប៉ុនឆាប់ៗខាងមុខនេះ។

ជាការឆ្លើយតប, សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះជំនួយទាំងឡាយ ដែលជប៉ុនបានជួយដល់កម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ហើយក៏បានថ្លែងអំណរគុណចំពោះប្រជាជនជប៉ុន រដ្ឋាភិបាលជប៉ុនផងដែរ ដែលបានជួយដល់កម្ពុជា ជាពិសេសប្រជាជនកម្ពុជា ពលករកម្ពុជា និងនិស្សិតកម្ពុជា ដែលកំពុងសិក្សា និងរស់នៅប្រទេសជប៉ុន។

នៅឆ្នាំ២០១៩ កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន មានប្រមាណ២ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនប្រមាណ១,២ពាន់លាន ហើយជប៉ុនបាននាំចូលមកកម្ពុជា ប្រមាណ ៨០០លាន។ ដោយឡែកនៅឆ្នាំ២០២០នេះ រយៈពេលជិត៩ខែ ដំបូងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានប្រមាណ៨០០លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុន ប្រមាណ៥០០លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជាប្រមាណ៣០០លានដុល្លារ។ នេះបើតាម សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ប្រាប់រដ្ឋមន្រ្តីការបរទេសជប៉ុន៕