ដោយ៖ ប៊ី
សៀមរាបៈ គម្រោង Angkor Lake of Wonder នៅលើផ្ទៃដី៧៥ហិកតារបស់ក្រុមហ៊ុន ណាហ្គាខប (NagaCorp) នឹងមានទំហំធំជាងកន្លែងកម្សាន្តអន្តរជាតិពីររួមបញ្ចូលគ្នានៅរដ្ឋ Los Angeles របស់សហរដ្ឋអាមេរិក ខណៈគម្រោងនេះ រួមបញ្ចូលសណ្ឋាគារលំដាប់ខ្ពស់ ឧទ្យានទឹក សួនឧទ្យាន បច្ចេកវិទ្យា កន្លែងកម្សាន្តតាមដងទឹក និងកន្លែងប្រជុំធ្វើសន្និសីទ និងតាំងពិព័រណ៍។
ក្រុមហ៊ុនណាហ្គាខប ដែលជាម្ចាស់និងប្រតិបត្តិករណាហ្គាវើល ក្នុងរាជធានីភ្នំពេញ កាលពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២០ បានបង្ហាញផែនការអភិវឌ្ឍរមណីយ ដ្ឋានមិនមានល្បែង ក្នុងទំហំទឹកប្រាក់វិនិយោគចំនួន៣៥០លានដុល្លារនេះ នៅខេត្តសៀមរាប ក្នុងគោលបំណងលើកកម្ពស់តំបន់ប្រាសាទអង្គរវត្ត ដែលបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក។
រដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន NagaGroup Global Limited ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនណាហ្គា ដោយជួលរយៈពេល៥០ឆ្នាំ លើផ្ទៃដី៧៥ហិកតា ដែលមានចម្ងាយតែ៥០០ម៉ែត្រពីភាគខាងត្បូងតំបន់ហាមឃាត់ខាងក្រៅជុំវិញប្រាសាទអង្គរវត្ត។
ក្រុមហ៊ុនបានឱ្យដឹងថា “គម្រោងនេះមានឈ្មោះជាផ្លូវការថា Angkor Lake of Wonder នៅលើផ្ទៃដី៧៥ហិកតាធំជាងទំហំរួម នៃកន្លែងកម្សាន្តខ្នាតអន្តរជាតិ Disneyland និង Disney California ផ្សងព្រេងនៅ Los Angeles រួមបញ្ចូលសណ្ឋាគារលំដាប់ខ្ពស់ ឧទ្យានទឹក សួនឧទ្យាន បច្ចេកវិទ្យា កន្លែងកម្សាន្តតាមដងទឹក និងកន្លែងប្រជុំធ្វើសន្និសីទ និងតាំងពិព័រណ៍” ។
មិនតែប៉ុណ្ណោះ ក៏មានកន្លែងកម្សាន្តមួយឈ្មោះថា Siem Reap China Town ផ្តល់ជូននូវអាហារតាមចិញ្ចើមថ្នល់ Street Food ហាងស្រា តន្ត្រី និងដើរទិញឥវ៉ាន់ ដែលនឹងត្រូវបានរួមបញ្ចូល ជាមួយនឹងសួនច្បារ និងត្រូវបានការពារ ដោយគម្របដំបូលអាកាសធាតុ ដែលជួយលើកកម្ពស់មិនប៉ះពាល់ដល់បរិស្ថាន។
ក្រុមហ៊ុនណាហ្គាខបបានឱ្យដឹងថា “ការអភិវឌ្ឍនេះ នឹងបម្រើដល់គោលបំណងជាច្រើនដូចជា ការបង្កើនដំណើរទស្សនកិច្ចរបស់ភ្ញៀវទេសចរ ទៅកាន់ខេត្តសៀមរាប ស្របពេលណាហ្គាវើលដ៏ អនុវត្តន៍យុទ្ធសាស្ត្រធ្វើដំណើរថ្មីភ្ជាប់ខេត្តសៀមរាប និងភ្នំពេញ” ។
ក្រុមហ៊ុននេះ មានបំណងអនុវត្តន៍យុទ្ធសាស្ត្រ ធ្វើការជាមួយភ្នាក់ងារទេសចរណ៍តាមអ៊ិនធឺរណែត និងភ្នាក់ងារទេសចរណ៍ប្រទេសចិន និងកន្លែងផ្សេងទៀត ដើម្បីផ្តល់ជូននូវដំណើរកម្សាន្ត ដោយផ្អែកលើមូលដ្ឋានពេញលេញ ក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ៕