បឹងកេងកង នៅតែជាតំបន់ដ៏ទាក់ទាញការវិនិយោគអចលនទ្រព្យកម្រិតខ្ពស់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បឹងកេងកង ដែលត្រូវបានគេស្គាល់ថាជាតំបន់ដែលប្រមូលផ្ដុំទៅដោយអគារពាណិជ្ជកម្ម និងលំនៅដ្ឋានសហកម្មសិទ្ធិកម្រិតខ្ពស់ប្រចាំនៅក្នុងរាជធានីភ្នំពេញ បច្ចុប្បន្ននេះក៏នៅតែបន្តប្រជាប្រិយភាព និងទាក់ទាញគម្រោងអភិវឌ្ឍន៍ធំបន្ថែមទៀត។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Coldwell Banker Cambodia លោក Ken Lo បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៥ខែសីហា ឆ្នាំ២០២០ថា មិនថាពេលនេះ ឬទៅថ្ងៃអនាគតនោះទេ បឹងកេងកងនៅតែជាតំបន់ដែលលេចធ្លោរនៅក្នុងវិស័យអចលនទ្រព្យ ប៉ុន្តែអ្វីដែលជាឧបសគ្គ គឺមិនសូវមានដីទំនេរសម្រាប់អភិវឌ្ឍន៍ទៀតនោះឡើយ។

លោក Ken Lo បានមានប្រសាសន៍បន្តទៀតថា “បច្ចុប្បន្ននេះ បឹងកេងកងបានក្លាយទៅជាតំបន់ពិសេសនៅក្នុងវិស័យអចលនទ្រព្យរួចទៅហើយ ហើយតម្លៃដីធ្លីនៅក្នុងតំបន់នេះក៏ស្ថិតក្នុងកម្រិតខ្ពស់ ដែលទីតាំងខ្លះមានតម្លៃរហូតដល់ប្រមាណ៦០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬលើសពីនេះក៏មាន”។

លោកបន្តថា “យើងឃើញហើយថា វត្តមាននៃសំណង់អគារជាច្រើនបានបង្ហាញខ្លួននៅក្នុងតំបន់បឹងកេង ដូចជាអគារពាណិជ្ជកម្ម អគារលំនៅដ្ឋានសហកម្មសិទ្ធិ (ខុនដូ) អគារអាផាតមិន សណ្ឋាគារ អាហារដ្ឋានទំនើប ដែលភាគច្រើនសុទ្ធតែស្ថិតក្នុងកម្រិតខ្ពស់ទាំងអស់”។

ក្រៅពីវត្តមាននៃសំណង់អគារខ្ពស់ៗដូចដែលបានរៀបរាប់ខាងលើនេះ បច្ចុប្បន្ននេះ នៅមានគម្រោងជាច្រើនទៀតដែលនឹងបង្ហាញខ្លួននៅក្នុងតំបន់នេះ ដែលបម្រើដល់ផ្នែកទីផ្សារការិយាល័យជួល ដែលស្ថិតនៅក្នុងកម្រិតកម្រិត B។
លោក Ken Lo បានមានប្រសាសន៍បញ្ជាក់ថា “តាមខ្ញុំមើលឃើញ ឥឡូវមានគម្រោងអគារមួយចំនួនកំពុងតែត្រៀមបង្ហាញខ្លួននៅក្នុងទីផ្សារការិយាល័យជួល ហើយគម្រោងទាំងនេះភាគច្រើនចាប់ពីកម្រិត B។ សម្រាប់អគារការិយាល័យជួលកម្រិត A បច្ចុប្បន្ននេះនៅមានកម្រិតនៅឡើយ ដែលក្នុងនោះឃើញមាននៅក្នុងអគារវឌ្ឍនៈ អគារ Exchange Square ហើយមួយចំនួនទៀតនៅតំបន់កោះពេជ្រ”។

លោកបានបន្តឱ្យថា នៅបឹងកេងកង គឺជាតំបន់ដែលស័ក្ដិសមសម្រាប់ទីផ្សារការិយាល័យជួលកម្រិតខ្ពស់ ព្រោះវាបានក្លាយជាតំបន់ពាណិជ្ជកម្មពិសេសកម្រិតខ្ពស់រួចទៅហើយ (តំបន់ CBD) នៅក្នុងរាជធានីភ្នំពេញ។ សម្រាប់តម្លៃជួលទីធ្លាការិយាល័យកម្រិត A អាចស្ថិតនៅក្នុងចន្លោះពី ២៥-៣៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ កម្រិត B អាចស្ថិតនៅក្នុងចន្លោះ ១៥-២៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយកម្រិត C អាចស្ថិតនៅក្នុងចន្លោះ ៨-១២ដុល្លារឡើងទៅ៕

ក្រុមហ៊ុនចិនដ៏ធំមួយគ្រោងចូលរួមវិនិយោគប្រមូលទិញ កែច្នៃ វេចខ្ចប់ និងនាំចេញផ្លែឈើស្រស់កម្ពុជាចេញទៅប្រទេសចិន

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ក្រុមហ៊ុន ធៀន ធៀន ជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសចិន គ្រោងចូលរួមវិនិយោគលើគម្រោងប្រមូលទិញ កែច្នៃ វេចខ្ចប់ និងនាំចេញផ្លែឈើស្រស់កម្ពុជាចេញទៅទីផ្សារនៃប្រទេសចិនបន្ថែម ខណៈភាគីចិនកន្លងមកនេះបានបង្កើនបរិមាណនៃការនាំចូលអង្ករកម្ពុជារហូតដល់ ៥០០ពាន់តោន និងថ្មីៗនេះបានអនុញ្ញាតឱ្យកម្ពុជានាំចេញចេកអំបូងលឿង និងស្វាយស្រស់ផងដែរ។

នៅក្នុងជំនួបពិភាក្សាជាមួយលោក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពីម្សិលមិញនេះ លោក Wang Bingham អគ្គនាយកក្រុមហ៊ុន ធៀន ធៀន ឱ្យដឹងថា បន្ទាប់ពីបានទស្សនកិច្ចសិក្សាស្វែងយល់អំពីផលិតផល និងគុណភាពនៃផ្លែស្វាយ មៀន ខ្នុរ ធុរេន ដូងក្រអូប និងក្រូចថ្លុងរបស់កម្ពុជាមានទីផ្សារនៅក្នុងប្រទេសចិន។

លោកបន្តថា ដោយមើលឃើញពីសក្តានុពលនេះ លោកពិតជាមានការជឿជាក់ថានឹងទទួលការគាំទ្រ និងមានទីផ្សារខ្ពស់នៅប្រទេចិននាពេលដែលក្រុមហ៊ុនដាក់លក់នៅលើប្រព័ន្ធទីផ្សារពាណិជ្ជកម្មព័ត៌មានវិជ្ជាផ្ទាល់របស់ក្រុមហ៊ុន។

លោកបន្ថែមថា ដើម្បីឱ្យគម្រោនេះទទួលបានជោគជ័យ លោកបានស្នើសុំយោបល់ និងអនុសាសន៍ពីកម្ពុជាពាក់ព័ន្ធនឹងទីផ្សារប្រមូលទិញ និងនីតិវិធីនៃការនាំចេញផលិតផលខាងលើទៅប្រទេសចិន។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងរុក្ខាប្រមញ្ញ និងនេសាទ បានសម្តែងការស្វាគមន៍ និងគាំទ្រចំពោះក្រុមហ៊ុនដែលមាបំណងពាក់ព័ន្ធនឹងគម្រោងវិនិយោគប្រមូលទិញ កែច្នៃ វេចខ្ចប់ និងនាំចេញផ្លែឈើស្រស់កម្ពុជាចេញទៅប្រទេសចិន។
លោករដ្ឋមន្ត្រី ថា គម្រោងវិនិយោគនេះគឺពិតជាស្របតាមផែនការអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួងក្នុងការជំរុញផលិតកម្មកសិកម្មក្នុងស្រុកតាមរយៈការធ្វើទំនើបកម្មកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ដែលទាំងអស់នេះនឹងជួយជំរុញសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្ត្រីក៏បានស្នើដល់ក្រុមហ៊ុនសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានសហប្រតិបត្តិកាអន្តរជាតិ និងនាយកដ្ឋានកសិឧស្សាហកម្ម សិក្សាស្វែងយល់បន្ថែមអំពីសក្តានុពុលនៃផលិតកម្មឈើហូបផ្លៃខាងលើ រួចរៀបចំចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រសួង ដើម្បីក្រសួងមានលទ្ធភាពអាចជួយសម្របសម្រួលក្នុងការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយសហគមន៍ និងជាពិសេសនីតិវិធីនៃការនាំចេញ៕

អ្នកជំនាញ​និយាយ​ពី​ឱកាស​ចំណេញ​ពី​ការវិនិយោគ​អគារ​ការិយាល័យ​ជួល

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ការបណ្តាក់ទុន​វិនិយោគ​ទៅលើ​ការបង្កើត​សំណង់​អាគារ​ការិយាល័យ​សម្រាប់​ជួល (Office Space) ត្រូវបាន​អ្នកជំនាញ​នៅក្នុង​ផ្នែក​មួយ​នេះ​អះអាងថា​មានឱកាស​ទទួលបាន​ប្រាក់ចំណេញ​ខ្ពស់ជាង​ការវិនិយោគ​ផ្នែក​ខុន​ដូ​ដោយសារតែ​តម្រូវការ​ទីផ្សារ និង​បរិយាកាស​វិនិយោគថ្មីៗនៅ​កម្ពុជា។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ Coldwell Banker Cambodia លោក Ken Lo បាន​មានប្រសាសន៍ប្រាប់​តាម​នៅ​ល្ងាច​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ថា គ្រប់​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា គឺ​សុទ្ធតែ​មានឱកាស​ចំណេញ​ដូចគ្នា ប៉ុន្តែ​ខុស​ត្រង់​ថា អត្រា​នៃ​ការ​ចំណេញ​តិច ឬ​ច្រើនតែ​ប៉ុណ្ណោះ។

លោក​បាន​បញ្ជាក់ថា “សម្រាប់​ការវិនិយោគ​ផ្នែក​អាគារ​ការិយាល័យ​ជួល​នៅ​កម្ពុជា​គឺមាន​ឱកាស​ចំណេញ​ច្រើន​បើ​ប្រៀបធៀប​ទៅនឹង​ការវិនិយោគ​ផ្នែក​ខុន​ដូ ដោយសារ​ហេតុផល​ថា ការវិនិយោគ​នៅក្នុង​ផ្នែក​ខុន​ដូ​ចាំបាច់​ត្រូវមាន​ការរៀបចំ​តុបតែង​នូវ​សម្ភារៈប្រើប្រាស់​ដែល​ប្រណីតភាព ដែល​ត្រូវ​ចំណាយ​តម្លៃ​ថ្លៃដើម​ខ្ពស់ ហើយ​ប្រសិនបើ​ដាក់​ជួល​ក៏ត្រូវ​ចំណាយ​លើ​ការ​រំ​លោះ​ថ្លៃ​សម្ភារៈ​ទាំងអស់ ខុសគ្នា​ពី​ផ្នែក​អាគារ​ការិយាល័យ​ជួល ដែល​ក្រៅពី​ជ្រៀស​រើស​ទីតាំង​ដែល​ស័ក្ដិសម គឺ​ត្រឹម​យកចិត្តទុកដាក់​លើ​គុណភាព​អាគារ និង​ការរៀប​ចំការ​រចនា​ម៉ូដ​នៃ​យូ​នី​ត​ឱ្យមាន​ភាព​ទាក់ទាញ” ។

លោក​បន្តថា “បច្ចុប្បន្ន នេះ​តម្រូវ​ការជួល​ការិយាល័យ​គឺមាន​ការធ្លាក់ចុះ​បន្តិច​ដោយសារតែ​បញ្ហា​កូ​វីដ ហើយ​អត្រា​នៃ​ការជួល​ការិយាល័យ​កម្រិត B មាន​ច្រើនជាង​កម្រិត A ហើយ​កម្រិត C ហាក់​មាន​ចំនួន​តិចតួច ប៉ុន្តែ​បន្ទាប់ពី​បញ្ហា​នៃ​ជំងឺ​ស្ងប់ស្ងាត់ ខ្ញុំ​ជឿថា ការជួល​កម្រិត A នឹង​កើនឡើង​ខ្ពស់​ជាក់​ជាមិនខាន” ។

តាមរយៈ​របាយការណ៍​របស់ CBRE កាលពីពេល​កន្លង​ទៅបាន​ឱ្យដឹងថា តម្លៃ​ជួល​ការិយាល័យ Grade B នៅ​តំបន់​ពាណិជ្ជកម្ម ធ្លាក់ចុះ ៣,១ ភាគរយ ក្នុង​មួយ​ម៉ែត្រការ៉េ​នៅ​ត្រីមាស​ទី២ បើ​ធៀប​នឹង​ត្រីមាស​ទី១ ខណៈ​តម្លៃ​ជួល​ការិយាល័យ Grade B នៅក្រៅ​តំបន់​ពាណិជ្ជកម្ម​ធ្លាក់ចុះ២,៩ ភាគរយ។

ផ្ទុយទៅវិញ​តម្លៃ​ជួល​ការិយាល័យ Grade C នៅ​តំបន់​ពាណិជ្ជកម្ម មាន​កើនឡើង ៨.០ភាគរយ នៅក្នុង​ត្រីមាស​ទី២ បើ​ធៀប​នឹង​ត្រីមាស​ទី១ ហើយ​តម្លៃ​ជួល​ការិយាល័យ Grade C នៅក្រៅ​តំបន់​ពាណិជ្ជកម្ម កើនឡើង៤,៥ភាគរយ៕

វិស័យ​ដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា​កើនឡើង​ថ្លៃ​ជាធ​ម្យ​ម ១២ភាគរយ ជា​រៀងរាល់ឆ្នាំ

ដោយ វុត្ថា

ភ្នំពេញ៖ វិស័យ​ដីធ្លី​ដែលជា​ផ្នែក​មួយ​នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ មានការ​កើនឡើង​ថ្លៃ​ជា​មធ្យម​ប្រមាណ ១២ភាគរយ​ក្នុងមួយឆ្នាំៗ ដែល​ធ្វើឱ្យ​អ្នក​អភិវឌ្ឍន៍​មានការ​លំបាក​ក្នុង​ការទិញ​សម្រាប់ធ្វើ​ការវិនិយោគ។

លោកស្រី អាន សុ​ធិ​តា នាយិការ​ក្រុមហ៊ុន​អន្តរជាតិ CBRE Cambodia បានឱ្យដឹង​នៅ​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០នេះ ថា តាម​ការស្រាវជ្រាវ​រប​ស់​ក្រុមហ៊ុន CBRE ក្នុង​រយៈពេល ១០ឆ្នាំ​កន្លងមកនេះ ដោយ​មិនទាន់​បានគិត ឆ្នាំ ២០២០នេះ មាន​កំណើន​ជា​មធ្យម​ប្រមាណ ១២ភាគរយ ។

លោកស្រី​បន្តថា កំណើន​តម្លៃ​ដីធ្លី​នេះ បើ​ធៀប​ជាមួយនឹង​កំណើន​ប្រជាពលរដ្ឋ​របស់​ប្រទេស​កម្ពុជា គឺមាន​កំណើន​ខ្ពស់ជាង​ចំនួន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស តែ​យ៉ាងណា​និន្នាការ​នេះ វា​ជា​រឿង​ធម្មតា​សម្រាប់​ប្រទេស​ដែល​ស្ថិតនៅ​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ហើយក៏​វា​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ផងដែរ។

នាយិការ​ក្រុមហ៊ុន​អន្តរជាតិ CBRE Cambodia រូបនេះ​បាន​បន្ថែមទៀតថា កំណើន​តម្លៃ​ដីធ្លី ១២ភាគរយ​នេះ គឺ​មិន​សំដៅ​ដល់​វិស័យ​អចលនទ្រព្យ​ទូទៅ​នោះទេ ខណៈ​វិស័យ​ខ្លះ​ដូចជា​ការិយាល័យ​កើនឡើង ៥ភាគរយ ខុន​ដូ​កើនឡើង ៥ ទៅ ៦ ភាគរយ​តែប៉ុណ្ណោះ​ក្នុងមួយឆ្នាំ។

លោកស្រី​បន្ថែមទៀតថា បើក​ធៀ​ម​ជាមួយនឹង​ផ​លិ​ផល​ក្នុងស្រុក (GDP) របស់​ប្រទេស​កម្ពុជា វិស័យ​អចលនទ្រព្យ​ទាំងមូល​មានការ​កើនឡើង​បន្តិចបន្តួច​ប៉ុណ្ណោះ ពោល​ចន្លោះ ៨ ទៅ ៩ភាគរយ ខណៈ​សេដ្ឋកិច្ចកម្ពុជា​មាន​ក្នុង​រង្វង់ ៧ភាគរយ ក្នុងន័យនេះ​អាច​និ​យ​បាន​វា​មាន​ស្ថានភាព​កំណើន​ប្រហាក់ប្រហែលគ្នា។

លោកស្រី​បញ្ជាក់ថា ក្នុងចំណោម​វិស័យ​អចលនទ្រព្យ​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា មានតែ​វិស័យ​ដីធ្លី​ប៉ុណ្ណោះ ដែលមាន​ការកើនឡើង​ខ្ពស់​ជាងគេ គឺ​ក្នុង​រង្វង់ ១២ភាគរយ ដែល​កំណើន​នេះ បានធ្វើឱ្យ​អ្នក​អភិវឌ្ឍន៍​មានការ​លំបាក​ក្នុង​ការទិញ​យកមក​អភិវឌ្ឍន៍ ។ លោកស្រី​ពន្យល់ថា នៅពេល​ថ្លៃដើម​មាន​កំណើន​ខ្ពស់ ក៏​ការលក់​ចេញ​វិញ​ក៏មាន​តម្លៃ​ខ្ពស់​ផងដែរ ទើប​ទទួលបាន​ផលចំណេញ តែ​ពិបាក​សម្រាប់​អ្នក​ដែលមាន​តម្រូវការ៕

ការវិនិយោគ​ខុន​ដូ​នៅក្រៅ​តំបន់​ពាណិជ្ជកម្ម កំពុង​ទាក់ទាញ​អ្នកទិញ​បរទេស និង​ក្នុងស្រុក

ដោយ៖ ប៊ី

ភ្នំពេញ៖ ការវិនិយោគ​ខុន​ដូ​នៅក្រៅ​តំបន់​ពាណិជ្ជកម្ម កំពុង​ទាក់ទាញ​អ្នកទិញ​បរទេស និង​ក្នុងស្រុក​ចូលមក​ទីផ្សារ​បាន​កាន់តែច្រើន ជាមួយនឹង​ការផ្តល់ជូន​តម្លៃ​កាន់តែ​ប្រសើរ ខណៈ​ចំនួន​វិនិយោគិន​ចិន​នៅតែ​បន្ត​នាំមុខ​នៅក្នុង​ទីផ្សារ​ខុន​ដូ​កម្ពុជា។

លោក James Hodge នាយក​ជាន់ខ្ពស់​ក្រុមហ៊ុន CBRE Cambodia ត្រូវបាន​ដកស្រង់​កាសែត​ចិន South China Morning Post ដោយ​លោក​និយាយថា អ្នកទិញ​ជនជាតិ​ចិន​ជាធម្មតា​មាន​ចំនួន ៧០ភាគរយ​នៃ​ចំនួន​ខុន​ដូ​យូ​ណី​ត នៅក្នុង​គម្រោង​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន​នៅ​កម្ពុជា។

លោក​បាន​មានប្រសាសន៍ថា “ប្រទេស​កម្ពុជា​នៅតែមាន​តម្លៃ​ល្អ សម្រាប់​វិនិយោគិន​ចិន។ តម្លៃ​មិន​ខ្ពស់​ពេក​ទេ (ប្រហែល ១.៨០០-២,០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ សម្រាប់​គម្រោង​ដែលមាន​គុណភាព​ល្អ) ហើយ​ការវិនិយោគ​អចលនទ្រព្យ​នៅទីនេះ​ត្រូវ​បានគិត​ជា​ដុល្លារ ដែល​ទាក់ទាញ​សម្រាប់​មនុស្ស​ជាច្រើន” ។

វិនិយោគិន​ក៏​អាច​ជឿជាក់​លើ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព​នៃ​គម្រោង​សាងសង់ថ្មី។

លោក Hodge បាន​មានប្រសាសន៍ថា “នៅពេលដែល​យើង​មើល​ទៅលើ​ការអភិវឌ្ឍន៍ ជាពិសេស​ក្នុង​រយៈពេល ១៨ ខែ​កន្លងមកនេះ យើង​បានឃើញ​ការ​រចនា​គម្រោង​ជាច្រើន​មានការ​ទាក់ទាញ​ស្របតាម​ការរំពឹងទុក​របស់​ប្រជាជន និង​ជាមួយនឹង​ភាពសំបូរ​បែប​នៃ​ការពង្រីក​ខ្លួន​របស់​គម្រោង” ។

លោក បាន​បន្តថា “ការ​បង្វែរ​ទិសដៅ​វិនិយោគ​ទៅ​តំបន់​វិនិយោគ​បន្ទាប់ពី​តំបន់សំខាន់ៗ ដែល​អាចឱ្យ​អ្នក​អភិវឌ្ឍន៍​ផ្តល់ជូន​នូវ​តម្លៃ​កាន់តែ​ប្រសើរ ក៏​អាច​ទាក់ទាញ​អ្នកទិញ​បរទេស និង​ក្នុងស្រុក​ចូលមក​ទីផ្សារ​បាន​កាន់តែច្រើន​ផងដែរ” ។

លោក​បាន​បន្ថែមថា នៅក្នុង​ទីផ្សារ​បច្ចុប្បន្ន​ការបញ្ចុះ​តម្លៃ​ក្នុង​ចន្លោះ​ពី ៨ ទៅ ១៥ ភាគរយ​ត្រូវ​បានផ្តល់​ជួន។ ខណៈពេលដែល​ការជួល​បាន​ធ្លាក់ចុះ ចាប់តាំងពី​ការ​រាតត្បាត​នេះ លោក Hodge និយាយថា វិនិយោគិន​នៅតែ​អាច​រំពឹងថា​នឹង​ទទួលបាន​ចំណេញ​ត្រឡប់មកវិញ​ពី៥.៥ ទៅ ៦ភាគរយ​សម្រាប់​ខុន​ដូ ដែលមាន​គុណភាព​នៅ​ទីតាំង​ល្អ។

ទោះបីជា​ខុន​ដូទំនើបៗ ត្រូវ​ឆ្លងកាត់​ការពិនិត្យ​ម៉ត់ចត់​ជាង​មុន មុនពេល​ពួកគេ​អាច​ចាប់ផ្តើម​លក់បាន​ក៏ដោយ លោក Hodge ណែ​នាំឱ្យ​អ្នកទិញ​ពិនិត្យ​ប្រវត្តិ​របស់​គម្រោង​ឱ្យបាន​ម៉ត់ចត់។ លោក​បាន​មានប្រសាសន៍ថា “ក្រុមហ៊ុន​អន្តរជាតិ ស្ថានទូត និង​អង្គការក្រៅរដ្ឋាភិបាល​ជាច្រើន មាន​តម្រូវការ​តឹងរឹង​ចំពោះ​សុខភាព និង​សុវត្ថិភាព​បុគ្គលិក​រប​ស់​ពួកគេ ហើយ​គម្រោង​ខ្លះ​ព្យាយាម ដើម្បី​បំពេញ​តាម​បទដ្ឋាន​ទាំងនោះ” ។

ឧទាហរណ៍ សុវត្ថិភាព​អគ្គិភ័យ ដែល​មិន​អនុលោម​តាម​ស្តង់ដារ​អន្តរជាតិ ដូចជា​ស្តង់ដារ​អាមេរិក ហុងកុង ឬ​សឹង្ហ​បុរី អាចជា​ការពិបាក​ក្នុង​ការចរចា ប្រសិនបើ​អ្នក​សង្ឃឹមថា ចង់​ចាប់​អ្នក​ជួល​កម្រិត​ទាំងនេះ។

លោក​បន្តថា “តើ​អ្នក​ឧស្សាហ៍​យកចិត្តទុកដាក់​ចំពោះ​វិធីសាស្ត្រ​របស់​អ្នក​អភិវឌ្ឍន៍ ចំពោះ​គម្រោង​នេះដែរ​ឬទេ? ល​តើ​ពួកគេ​បានគិត​យ៉ាងច្បាស់​អំពី​ការគ្រប់គ្រង​អចលនទ្រព្យ ហើយ​តើ​ពួកគេ​កំណត់​ថ្លៃ​សេវាកម្ម​យ៉ាងដូចម្តេច?” ។

លោក Ross Wheble ប្រធាន​ក្រុមហ៊ុន Knight Frank Cambodia យល់ស្រប​ថា ការគិតថ្លៃ​សេវាកម្ម ជាពិសេស​ថា តើ​វា​គ្រប់គ្រាន់​សម្រាប់​គ្រប់គ្រង​អគារ​នេះ​ដែរឬទេ – គួរតែ​ពិនិត្យឡើងវិញ ដោយ​យកចិត្តទុកដាក់។

លោក បាន​ថ្លែ​អថា “ខណៈ​វិនិយោគិន​ជាច្រើន​យល់ថា​ថ្លៃ​សេវាកម្ម​ទាប​ជាការ​សន្សំ​ថ្លៃដើម​ក្នុង​រយៈពេល​ខ្លី ផលប៉ះពាល់​រយៈពេល​វែង​លើ​ការវិនិយោគ​អាច​កើតឡើង​នាពេលខាងមុខ ប្រសិនបើ​ថ្លៃ​សេវាកម្ម​មិន​គ្រប់គ្រាន់​សម្រាប់​ចំណាយ​លើ​ថ្លៃដើម។ ទី​ពីរ តើ​អ្នកណា​នឹង​គ្រប់គ្រង​អចលនទ្រព្យ? កត្តា​ទាំងនេះ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រក្សា​តម្លៃ​នាពេល​អនាគត” ។

ក្រុមហ៊ុន Knight Frank មើលឃើញ​ពី​ការកើនឡើង​នៃ​ចំនួន​អ្នកវិនិយោគ​ពី​ហុងកុង ដែល​ឥឡូវនេះ​កំពុង​សម្លឹងមើល​ឱកាស​នៅ​កម្ពុជា​ទាំង​អាជីវកម្ម និង​ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ខណៈ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ចូលមក​ប្រទេស​កម្ពុជា​ត្រូវបាន​គាំទ្រ​ដោយ​ការវិនិយោគ​ពី​ប្រទេស​ចិន។

ទោះបី​ការជួល​ក្នុង​វិស័យ​ខុន​ដូ​លំដាប់​ប្រណីត​នៅ​ភ្នំពេញ​បាន​ធ្លាក់ចុះ ២៥ ភាគរយ ចាប់តាំងពី​ដើមឆ្នាំ ២០១៧ ដោយសារ​ការផ្គត់ផ្គង់​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ប៉ុន្តែ​លោក Wheble ជឿជាក់ថា កម្ពុជា​នៅតែ​ល្អ​សម្រាប់​វិនិយោគិន​បរទេស​ក្នុងការ​ពិចារណា។

លោក​ថ្លែងថា “ពិតមែន ប៉ុន្តែ​នេះ​ទាមទារ​ចំណេះដឹង​ទីផ្សារ និង​ការយល់ដឹង​ពី​តម្រូវការ​នាពេល​អនាគត។ ដើម្បីឱ្យ​ទីផ្សារ​មាន​និរន្តរភាព វា​ចាំបាច់​ត្រូវ​ជំរុញ​ដោយ​តំរូវការ​ក្នុងស្រុក ហើយ​វិនិយោគិន​គួរតែ​ផ្តោតលើ​គម្រោង ដែលមាន​តំលៃ​សមរម្យ​នៅ​កម្ពុជា” ៕

ចំណេះដឹង! តើ​សម្បទាន​ដី​សង្គមកិច្ច និង​ភោគៈ មាន​ចំណុច​ខុសគ្នា​ត្រង់ណា​ខ្លះ?

ដោយ វុត្ថា

ភ្នំពេញ៖ ទាំង​ភោគី និង​សម្បទា​និក​ដី​សង្គមកិច្ច សុទ្ធតែ​អាច​សុំ​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​លើដី​ដែល​ខ្លួន​កាន់កាប់​បាន ក្រោយពី​បាន​កាន់កាប់​ដី ក្នុង​រយៈពេល ៥ឆ្នាំ ជាប់ៗគ្នា។

ចំណុច ដែល​ខុសគ្នា គឺ​ត្រង់​ថា នៅក្នុង​រយៈពេល​កំពុង​កាន់កាប់ ៥ឆ្នាំនេះ ភោគី អាច​ផ្ទេរសិទ្ធិ​របស់ខ្លួន​ទៅ​ឲ្យ​អ្នក​ដ៏​ទៃ​បាន (ដូចជា លក់ ឬ​ធ្វើជា​អំណោយ​នូវ​ដី​របស់ខ្លួន​បាន) ។

ចំណែក​សម្បទា​និក​ដីស​ង្គ​ម​កិច្ច​វិញ ក្នុងពេល​រង់ចាំ​បានក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ (៥ឆ្នាំ) មិនអាច​ធ្វើការ​ផ្ទេរសិទ្ធិ​របស់ខ្លួន​បានទេ គឺ​អាចមាន​សិទ្ធិ​ត្រឹមតែ​ប្រើប្រាស់ (សាងសង់​លំនៅដ្ឋាន ដាំ​ដុះ បង្កបង្កើនផល) និង​អាស្រ័យ​ផល (ជួល ប្រវាស់) តែប៉ុណ្ណោះ។

៥-ប្រសិនបើ​នៅក្នុង​រយៈពេល​កាន់កាប់​ដី មិនទាន់​គ្រប់ ៥ឆ្នាំ សម្បទា​និក​ទទួលមរណភាព តើ​សម្បទាន​ដី​សង្គមកិច្ច​ត្រូវ​រលាយ​ជា​ស្វ័យប្រវត្តិ ហើយ​ដី​សម្បទាន​ត្រូវប្រគល់​ទៅ​ឲ្យ​រដ្ឋ​វិញ ឬក៏​កូនចៅ ដែលជា​ទាយាទ​របស់​អ្នកស្លាប់​នេះ​អាច​កាន់កាប់​បន្តបាន?

សម្បទាន​ដី​សង្គមកិច្ច មិនអាច​រលាយ​ជា​ស្វ័យប្រវត្តិ ដោយ​មកពី​ហេតុតែ​សម្បទា​និក​ទទួលមរណភាព​នោះទេ។ កូនចៅ (ទាយាទ) របស់​សព អាច​បន្តកាន់កាប់​ដី​សម្បទាន​នេះ​តទៅទៀតបាន។

៦-នៅក្នុង​ករណី​ដែល​សម្បទាន​ដី​សង្គមកិច្ច​ត្រូវ​ផ្ទេរ​ជា​មរតក​ទៅ​ឲ្យ​កូនចៅ តើ​រយៈពេល ៥ឆ្នាំ ដែល​ច្បាប់​តម្រូវ​ឲ្យ​កាន់កាប់ ដើម្បី​បាន​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​លើដី​ហ្នឹង ត្រូវ​ចាប់ផ្តើម​រាប់​ឡើងវិញ ឬក៏​អាច​រាប់​បន្ត​ពីមុន?

ចំណុច​នេះ មិន​មានចែង​លម្អិត​នៅក្នុង​ច្បាប់​ភូមិបាល ឬ​អនុ​ក្រឹ​ត​ស្តីពី​សម្បទាន​ដី​សង្គមកិច្ច​នោះទេ។ ក៏ប៉ុន្តែ តាម​គោលការណ៍​ទូទៅ​នៃ​ច្បាប់ រយៈពេល ៥ឆ្នាំ ត្រូវ​ចាប់​រាប់​បន្ត មិនមែន​រាប់​ឡើងវិញ​នោះទេ។ មានន័យថា ប្រសិនបើ​សម្បទា​និក​កាន់កាប់​បាន ៣ឆ្នាំ ហើយ​ទទួលមរណភាព ទាយាទ​របស់​សព​ទទួល​កាន់កាប់​ដី​សម្បទាន​នេះ រយៈពេល ២ឆ្នាំ​ទៀត គ្រប់ ៥ឆ្នាំ ហើយ​អាច​សុំ​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​បាន៕

ស្ថានទូតកម្ពុជានៅកូរ៉េកំពុងជំរុញអ្នកវិនិយោគកូរ៉េបង្កើតរោងចក្រផលិតផ្នែកគ្រឿងបង្គុំអេឡិចត្រូនិចមកកម្ពុជា

ដោយ ៖ វុត្ថា

កូរ៉េ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅក្នុងប្រទេសកូរ៉ បាននឹងកំពុងសម្របសម្រួល និងជំរុញអ្នកវិនិយោគកូរ៉េ ឱ្យមកបណ្តាកទុនវិនិយោគបង្កើតរោងចក្រផលិតផ្នែកគ្រឿងបង្គុំអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅក្នុងប្រទេសកូរ៉េបានឱ្យដឹងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ ឱ្យដឹងថា លោកបានឹងកំពុងទាក់ទាញក្រុមអ្នកវិនិយោគកូរ៉េបង្កើតរោងចក្រផលិតផ្នែកគ្រឿងបង្គុំអេឡិចត្រូនិចដើម្បីមកកាន់កម្ពុជា។

លោកបន្តថា ការទាក់ទាញឱ្យអ្នកវិនិយោគកូរ៉េបង្កើតរោងចក្រផ្នែកគ្រឿងបង្គុំអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា នាពេលនេះ គឺដើម្បីបង្កើតការងារដល់ពលរដ្ឋ និង ជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស ព្រមទាំងផ្គត់ផ្គង់ និងធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។

លោកបន្ថែមថា ក្រៅពីជំរុញអ្នកវិនិយោគ លោកក៏កំពុង សម្របសម្រួលកិច្ចការងារពាណិជ្ជកម្មមួយទៀតដោយចុះទៅពិនិត្យផ្ទាល់នៅផ្សារបោះដុំគ្រឿងសមុទ្រ ដែលក្រុមហ៊ុនកូរ៉េមួយកំពុងតែធ្វើការងារជាមួយស្ថានទូតក្នុងការរៀបចំនីតិវិធីនាំក្តាមថ្មចូលមកកូរ៉េផងដែរ។

ក្រុមការងារស្ថានទូតកម្ពុជាប្រចាំនកូរ៉ កាលពីពេលថ្មីនេះ ក៏បានជំរុញឱ្យរោងចក្រ Yoonji ដែលមានជំនាញឯកទេសផលិតសម្បកធ្វើពីផ្លាស្ទិកសម្រាប់ច្រកផលិតផលកសិកម្ម ចំណីអាហារ គ្រឿងសម្អាងមកកាន់កម្ពុជាផងដែរ ដើម្បីចែកចាយដល់ប្រទេសក្នុងតំបន់អាស៊ានដែលជាទីផ្សារដ៏ធំមួយ៕

ក្រុមហ៊ុនធំៗចំនួន២របស់ចិនបានប្រកាសបោះទីតាំងផលិតកម្មរបស់ខ្លួននៅកម្ពុជា

ដោយៈប៊ី

ភ្នំពេញៈ ក្រុមហ៊ុនផលិតកម្មធំៗចំនួន២ ពីប្រទេសចិនបានប្រកាសវិនិយោគ និងដាក់ទីតាំងផលិតកម្មរបស់ខ្លួន នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បើទោះបីជាកំពុងស្ថិតក្នុងវិបត្តិCOVID-19 ក៏ដោយ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនសេដ្ឋកិច្ចពិសេសភ្នំពេញ  (PPSEZ) កាលពីសប្តាហ៍មុនឱ្យដឹងថាអាជីវកម្មនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក៏មានផលប៉ះពាល់ដែរប៉ុន្តែជាសំណាងល្អអ្នកវិនិយោគភាគច្រើនអាចបន្តទៅមុខបានហើយខ្លះទៀតថែមទាំងពង្រីកថែមទៀត។

ក្រុមហ៊ុនបានឱ្យដឹងថា ក្រឡេកមើលអត្ថប្រយោជន៍ ដែលកម្ពុជាផ្តល់ជូនវិនិយោគិន និងឱកាសសក្តានុពលក្រុមហ៊ុនថ្មីចំនួន២ បានសម្រេចចិត្តវិនិយោគនៅកម្ពុជា និងនៅតំបន់របស់យើង

ក្រុមហ៊ុន Seikawa (Cambodia) Technology Co., Ltd ជាអ្នកផលិតគ្រឿងបន្លាស់ប្លាស្ទិកសម្រាប់ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិចពីប្រទេសចិន ដែលបានវិនិយោគជាខ្សែសង្វាក់ផ្គត់ផ្គង់មួយ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់របស់ជប៉ុន នៅកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងតំបន់របស់យើងផងដែរ។ ។ អត្ថប្រយោជន៍នៃការកាត់បន្ថយថ្លៃដើមឡូជីស្ទីក និងពេលវេលាគឺជាការយកចិត្តទុកដាក់បំផុត។

ក្រុមហ៊ុនWCFO (ខេមបូឌា) ខូអិលធីឌី គឺជាក្រុមហ៊ុនផលិតកម្មរបស់ចិនមួយផ្សេងទៀត ដែលផលិតឧបករណ៍ខ្សែកាបអុបទិក ដែលនាំចេញទៅប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះក៏កំពុងសម្លឹងមើលប្រទេសកម្ពុជា ដែលជាមូលដ្ឋានផលិតកម្មថ្មី ដោយសារតែកម្លាំងពលកម្មវ័យក្មេង អាចបណ្តុះបណ្តាលបាន និងមានតំលៃសមរម្យ និងការអនុគ្រោះដល់ប្រទេសកម្ពុជា ពីបណ្តាប្រទេសអភិវឌ្ឍន៍ជាពិសេសនៅក្នុងស្ថាភាពនៃបញ្ហាពាណិជ្ជកម្មអាមេរិកចិនដែលកំពុងបន្ត។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនPPSEZ មិនបង្ហាញថា តើក្រុមហ៊ុនទាំងគ្រោងនឹងបោះទុនវិនិយោគចំនួនប៉ុន្មាននោះទេ។

ជំងឺCOVID-19 ជាក្តីបារម្ភយ៉ាងខ្លាំងចំពោះរដ្ឋាភិបាល និងប្រជាជននៅជុំវិញពិភពលោកអស់រយៈពេលជាងមួយឆមាសទី១ ឆ្នាំ២០២០ ខណៈព្រំដែនត្រូវបានបិទ សកម្មភាពទេសចរណ៍ធ្លាក់ចុះយ៉ាងខ្លាំង សាលារៀន និងកន្លែងសាធារណៈជាច្រើនផ្សេងទៀតត្រូវបានបិទដោយផ្នែក ឬទាំងស្រុង។

វិបត្តិនេះក៏ជះឥទ្ធិពលដល់បណ្តាញផ្គត់ផ្គង់ របស់ក្រុមហ៊ុនផលិតកម្មជាច្រើន ដែលជាហេតុធ្វើឱ្យផលិតកម្មធ្លាក់ចុះ និងការធ្លាក់ចុះការងារ។ ប៉ុន្តែ នេះឱកាសនិងឱកាសថ្មីៗក៏បានកើតឡើង ខណៈវិធីថ្មីនៃការគិត និងវិធីសាស្រ្តនៃអាជីវកម្មថ្មីត្រូវបានបង្កើតឡើង។

ក្រុមហ៊ុន PPSEZ បានឱ្យដឹងទៀត ក្នុងគ្រាលំបាកនេះ យើងត្រូវបន្តព្យាយាម និងមានក្តីសង្ឃឹមកាន់តែប្រសើរ។ ទន្ទឹមនឹងនេះ ការស្វែងរកឬបង្កើតឱកាសថ្មីៗពិតជាសំខាន់ណាស់

សម្តេចតេជោជំរុញឲ្យជំរុញខ្សែក្រវ៉ាត់់អភិវឌ្ឍន៍មេគង្គ ឡានឆាងដើម្បីវិបុលភាពតំបន់

ដោយស៊ីវ ម៉េង

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានជំរុញឲ្យប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់មេគង្គទាំងអស់ជំរុញឲ្យបានលឿន នូវខ្សែក្រវ៉ាត់អភិវឌ្ឍន៍មេគង្គ ឡានឆាង ដើម្បីជំរុញការអភិវឌ្ឍក្នុងតំបន់។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គឡាងឆាងដែលរៀបចំដោយប្រទេសឡាវនិងធ្វើសហប្រធានរវាងនាយករដ្ឋមន្រ្តីឡាវនិងនាយករដ្ឋមន្រ្តីចិនលីឃឺឈាងនាព្រឹកថ្ងៃទី២៤សីហានេះសម្តេចតេជោបានសម្តែងនូវសមានចិត្តនិងការចូលរួមរំលែកទុក្ខចំពោះប្រជាជននិងរដ្ឋាភិបាលចិនដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នាពេលថ្មី្ៗនេះ។

ជាមួយគ្នានេះសមេ្តចតេជោ បានអំពាវនាវប្រទេសជាសមាជិកបន្តរួបរួមសាមគ្គីគ្នា និងមានជំនឿទុកចិត្តទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនេះ ដើម្បីធានាថាជំងឺនេះនឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈ ព្រមទាំងជំរុញការធ្វើសមាហរណកម្មតំបន់ ឱ្យកាន់តែស៊ីជម្រៅ និងប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគីនិយម។ លើសពីនេះ សមេ្តចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការផលិតវ៉ាក់សាំង និងការប្តេជ្ញាចិត្តផ្តល់វ៉ាក់សាំងនេះ ក្នុងថ្លៃមួយសមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

ទាក់ទងនឹងបរិបទសេដ្ឋកិច្ច ដែលពិភពលោកកំពុងស្ថិតក្នុងបរិការណ៍ដែលកំណើនសេដ្ឋកិច្ចសកលមានការធ្លាក់ចុះ សមេ្តចតេជោហ៊ុន សែន បានគូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការរក្សាឱ្យបាននូវប្រភពកំណើនថ្មីនៅក្នុងអនុតំបន់។សមេ្តចតេជោ បានជំរុញឱ្យពន្លឿនការសម្រេចឱ្យបាននូវ ខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គឡានឆាង ដែលនឹងក្លាយជាក្បាលម៉ាស៊ីនថ្មី នៃកំណើនសម្រាប់អនុតំបន់មេគង្គឡានឆាង ក្នុងការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាព ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការធ្វើសមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់នៃអនុតំបន់ចូលទៅក្នុងខ្សែច្រវាក់តម្លៃសកល។

សមេ្តចតេជោបានសង្កត់ធ្ងន់លើការជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរយៈពេលវែងនៃអនុតំបន់ផងដែរ។

ក្នុងន័យនេះសមេ្តចតេជោ បានបង្ហាញការគាំទ្រចំពោះគ្រប់វិធានការដូចមានចែងក្នុងសេចក្តីប្រកាសសហប្រធាន ស្តីពីកិច្ចសហប្រតិបត្តិការនៃការធ្វើ សហកម្មរវាងកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង និងច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោកសមុទ្រ។ លើសពីនេះ ស្ថិតក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ១៩ សម្តេចតេជោ បានចូលរួមជាមួយ លោកលី ខឺឈាង ដោយបានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការធានានូវសនិ្តសុខស្បៀងនៅក្នុងប្រទេសចិន និងអនុតំបន់ និងការជំរុញការនាំចេញផលិតផលកសិកម្ម ពីបណ្តាប្រទេសមេគង្គទៅប្រទេសចិន។

ដើម្បីធានានូវប្រសិទ្ធភាព នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង សមេ្តចតេជោ បានស្នើឱ្យមានការផ្តួចផ្តើមយន្តការតាមដាន និងវាយតម្លៃច្បាស់លាស់ លើការអនុវត្តវិស័យអាទិភាពនីមួយៗ នៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង និងការអនុវត្តគម្រោងចាប់តាំងពីពេលដែលដាក់ ឱ្យដំណើរការនូវមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការនេះ ក្នុងឆ្នាំ២០១៦មក សំដៅនាំមកនូវការអភិវឌ្ឍជាក់ស្តែង និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។

កិច្ចប្រជុំបានអនុម័តលើសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទន៍ នៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងលើកទី៣ និងបានកត់សម្គាល់របាយការណ៍វឌ្ឍនភាពឆ្នាំ២០១៨ និង២០១៩ នៃការអនុវត្តផែនការសកម្មភាពរយៈពេលប្រាំឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង (២០១៨២០២២)។ សហប្រធាន ក៏បានអនុម័តលើសេចក្តីប្រកាសស្តីពី កិច្ចសហប្រតិបត្តិការ នៃការធ្វើសហកម្មរវាងកិច្ចសហប្រតិបត្តិការមេគង្គ​-ឡានឆាង និងច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោកសមុទ្រ៕

តើការវិនិយោគដីនៅតំបន់ជាយក្រុង និងតាមខេត្តមួយណាមានផលចំណេញលឿនជាង?

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅពេលនិយាយពីការវិនិយោគក្នុងវិស័យដីធ្លី ភាគច្រើនគេតែផ្តោតសំខាន់ទៅតាមតំបន់មួយចំនួនដែលស្ថិតនៅជាយក្រុងដែលមានតម្រូវការខ្ពស់ហើយងាយស្រួលក្នុងការលក់ជាងដីនៅតាមបណ្តាខេត្តប៉ុន្តែអ្នកជំនាញនៅក្នុងវិស័យមួយនេះបានបញ្ជាក់ថាមិនថាជាយក្រុងឬបណ្តាខេត្តនោះទេឱ្យកាសចំណេញគឺមានដូចគ្នាឱ្យតែជាដីស្របច្បាប់និងតម្លៃថោក។

ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាលោក ឃាង ពុទ្ធី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះថា ការទិញលក់ដីធ្លីចំពោះការវិនិយោគវិនិយោគដីមិនថានៅតំបន់ជាយក្រុងឬនៅតាមខេត្តនោះទេឱកាសនៃការទទួលបានចំណេញគឺមានដូចគ្នាប៉ុន្តែអ្វីដែលសំខាន់មុននឹងសម្រេចចិត្តទិញត្រូវតែពិនិត្យទៅលើឯកសារច្បាប់ឱ្យបានច្បាស់លាស់ជាមុនសិន។

លោកបញ្ជាក់ថា និយាយពីការវិនិយោគដីធ្លី ដែលងាយស្រួលលក់ ភាគច្រើនគេ ផ្តោតទៅតំបន់ជាយក្រុង ដែលមានគម្រោងអភិវឌ្ឍន៍ និងមានមនុស្សរស់នៅច្រើន ប៉ុន្តែការទទួលបានចំណេញ ហាក់មានកម្រិតទាបជាងបណ្តាខេត្តដែលមានសក្ដានុពល។ លោកបន្តថា ដីនៅជាយក្រុងងាយស្រួលលក់ ប៉ុន្តែចំណេញតិច ប៉ុន្តែបើនៅតាមខេត្តដោយសារតែតម្លៃដីនៅទាប គឺអាចមានឱកាសទទួលបានចំណេញច្រើន ប៉ុន្តែខ្ញុំផ្តាំថា មិនថាដីនៅជាយក្រុង ឬនៅខេត្តនោះទេ អ្វីដែលសំខាន់គឺត្រូវពិនិត្យលើឯកសារសម្គាល់កម្មសិទ្ធិឱ្យបានច្បាស់លាស់ជៀសវាងជួបការខាតបង់

លើកឡើងស្រដៀងគ្នានេះ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Advance Property លោកឡុង គឹមសួគ៌ បានមានប្រសាសន៍ថា មានអ្នកទិញដីទុកសម្រាប់វិនិយោគបន្តយកចំណេញ បានជ្រើសទីតាំងផ្សេងៗគ្នាជាមួយនឹងក្ដីរំពឹងថា អាចទទួលបានចំណេញនៅពេលលក់ចេញវិញ។

លោកបន្តថាខ្ញុំអាចនិយាយថា មិនថាទោះជាពួកគាត់ទិញទៅទីណានោះទេ អត្រា ដែលទទួលបានចំណេញគឺសុទ្ធតែមាន ឱ្យតែពួកគាត់ទិញដោយការពិចារណា និងវិនិច្ឆ័យបានត្រឹមត្រូវ។លោកបន្តថា មានអ្នកខ្លះគាត់មានធនធានតិចតួច ប៉ុន្តែគាត់បានសម្រេចចិត្តឥតស្ទាក់ស្ទើរ ក្នុងការទិញដីនៅជាយក្រុងទុក ជាពិសេសនៅក្បែរគម្រោងអភិវឌ្ឍន៍ដែលមានសកម្មភាព ដូច្នេះភាគរយចំណេញរបស់ពួកគាត់គឺមានច្រើន ហើយរហ័សទៀត

លោកបន្តថា ប្រសិនបើពួកគាត់សម្រេចលក់ ក្នុងតម្លៃចរចាណាមួយ ដែលអាចទទួលបានចំណេញ ហើយយកទៅវិនិយោគនៅតំបន់ណាមួយផ្សេងទៀត ដែលមានគម្រោងអភិវឌ្ឍន៍ច្បាស់លាស់ នោះកំណើននៃភាគលាភរបស់គាត់ នឹងកើនឡើងច្រើនជាងអ្នកដែលមានលុយច្រើនដែលទិញដីទំហំ ប៉ុន្តែនៅតំបន់ឆ្ងាយពីទីប្រជុំជន និងមិនមានគម្រោងអភិវឌ្ឍន៍៕