អគារ​អា​ផាត​ម៉ិ​ន​ជាង ៤០០ កំពុង​បង្ហាញ​វត្តមាន​នៅក្នុង​រាជធានី​ភ្នំពេញ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ ដែល​នៅតែ​បន្ត​កើនឡើង បច្ចុប្បន្ន​សំណង់​អគារ​អា​ផាត​ម៉ិ​ន​ជាង ៤០០កំពុងតែ​បង្ហាញខ្លួន និង​ដាក់បញ្ចូល​ទៅក្នុង​ទីផ្សារ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ជាពិសេស​នៅក្នុង​តំបន់​ទួល​ទំពូង និង​តំបន់​បឹង​កេងកង១ ។

ស្ថាបនិក​ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា លោក​សៅ សា​ខុំ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ កន្លងមក​ថា ទីផ្សារ​អា​ផាត​ម៉ិ​ន​នាពេល​បច្ចុប្បន្ន បើទោះជា​ស្ថិតនៅ​ក្នុងស្ថានភាព​ប្រឈម​នឹង​វិបត្តិ​ជំងឺ Covid-19 ក៏​នៅតែ​អាច​រក្សាបាន​នូវ​ភាពល្អប្រសើរ បើ​ធៀប​ទៅនឹង​ផ្នែក​ដទៃទៀត នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។

លោក​បាន​បន្តថា “ទីផ្សារ​ជួល​អា​ផាត​ម៉ិ​ន នៅតែ​បន្ត​រក្សាបាន​ស្ថានភាព​ល្អប្រសើរ ហាក់​មិនសូវ​រង​នូវ​ផលប៉ះពាល់​នោះទេ ផ្ទុយទៅវិញ​នៅ​ចុងឆ្នាំ២០២០នេះ វត្តមាន​នៃ​អគារ​អា​ផាត​ម៉ិ​ន​ថ្មី​មួយចំនួនទៀត នឹងត្រូវ​បានដាក់​បញ្ចូល​ទៅក្នុង​ទីផ្សារ​បន្ថែមទៀត។ លោក​បញ្ជាក់ថា “បច្ចុប្បន្ននេះ តាម​ខ្ញុំ​ដឹង​អគារ​អា​ផាត​ម៉ិ​ន នៅ​ទូទាំង​រាជធានី​ភ្នំពេញ មាន​ជាង៤០០អគារ និង​ត្រូវបាន​បែង​ចែកជា៣កម្រិត រួមមាន​កម្រិត A កម្រិត B និង​កម្រិត C  ហើយ​តម្លៃ​ទីផ្សារ​ជួល ក៏មាន​ការប្រែប្រួល​ទៅតាម​ប្រភេទ​អគារ ទីតាំង ទំហំ សម្ភារៈ​ដែល​បំពាក់​នៅក្នុង​យូ​នី​ត និង​សេវាកម្ម​ដែល​ម្ចាស់​អគារ​រៀបចំ និង​ផ្តល់ជូន​ជា​កញ្ចប់។

តំបន់​ដែល​ប្រមូលផ្តុំ ទៅដោយ​វត្តមាន​អគារ​អា​ផាត​ម៉ិ​ន​ច្រើនជាងគេ នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា ស្ថិតនៅក្នុង​តំបន់​ទួល​ទំពូង បន្ទាប់មក​តំបន់​បឹង​កេងកង ខណ្ឌទួលគោក និង​ខណ្ឌដូនពេញ។

ហេតុផល​ដែល​ធ្វើឱ្យ​តំបន់​ទួល​ទំពូង មាន​ប្រជាប្រិយភាព​ក្នុងការ​វិនិយោគ​អា​ផាត​មិន​ច្រើនជាងគេ ត្រូវបាន​លោក សៅ សា​ខុំ បញ្ជាក់ថា “ទួល​ទំពូង ជា​តំបន់​ដែល​ប្រមូលផ្តុំ​ទៅដោយ​អាគារ​ពាណិជ្ជកម្ម និង​ស្ថាប័នឯកជន​ច្រើន​មិន​ចាញ់ តំបន់​បឹង​កេងកង​ប៉ុន្មាន​នោះទេ ប៉ុន្តែ​បើ​និយាយ​ពី​តម្លៃ​ដី គឺ​ទាប​ជាង​តំបន់​បឹង​កេងកង​ជិត​ពាក់កណ្តាល” ។

ដី​នៅ​បឹង​កេងកង ដែល​ស័ក្ដិសម​នឹង​សំណង់​អគារ​អា​ផាត​ម៉ិ​ន មានតម្លៃ​ប្រមាណ​ជាង ៥០០០ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែ​នៅ​ទួល​ទំពូង​អាច​ស្ថិតនៅក្នុង​ចន្លោះ​ត្រឹម​ជាង ២៥០០-៣០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ដូច្នេះ​វា​ជា​បាន​ក្លាយជា​ជម្រើស​ល្អ​របស់​អ្នកវិនិយោគ។

ជាមួយនឹង​ការបញ្ជាក់​ពី​ស្ថានភាព នៃ​តម្រូវការ​ទីផ្សារ​ជួល​នៅពេល​បច្ចុប្បន្ននេះ លោក​សៅ សា​ខុំ ក៏បាន​បង្ហាញ​ពី​ភាព​ជឿជាក់ថា ទីផ្សារ​នៃ​ការជួល​វិស័យ​ក្នុង​ផ្នែក​នេះ នឹងមាន​ការកើនឡើង​នៅ​ដើមឆ្នាំ២០២១ ជាពិសេស​ក្រោយពេល​វិបត្តិ នៃ​ជំងឺឆ្លង​ត្រូវបាន​ស្ងប់ស្ងាត់ និង​ត្រូវបាន​ទប់ស្កាត់​បានជា​ស្ថាពរ៕

រដ្ឋបាលខេត្ត​កោះកុង​សម្រេច​ដាក់ចេញ​ផែនការ​ប្រែក្លាយ​ខេត្ត​នេះ​ឱ្យទៅជាទី​ក្រុង​បៃតង​ឆ្នេរ​ស្អាត

ដោយ ​វុត្ថា

ភ្នំពេញៈ រដ្ឋបាលខេត្ត​កោះកុង​សម្រេច ដាក់ចេញ​ផែនការ​ប្រែក្លាយ ខេត្តកោះកុង ឱ្យទៅជា​ទីក្រុង​បៃតង ឆ្នេរ​ស្អាត និង​សមុទ្រ​ខៀវស្រងាត់ ដែល​សំបូរ​ទៅដោយ​ធនធានធម្មជាតិ និង​ជីវចម្រុះ ដើម្បី​ធានាបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន។

យោងតាម​សេចក្តីសម្រេច ដែល​ចុះហត្ថលេខា​ដោយ លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ចេញផ្សាយ​នៅ​ថ្ងៃទី២៥ខែមិថុនា ឆ្នាំ ២០២០កន្លងមកនេះ​បានឱ្យដឹងថា បេសកកម្ម​នៃ​ផែនការ​នេះ  ជំរុញឱ្យមាន​ការប្រើប្រាស់ ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ធនធានធម្មជាតិ និង​ជីវចម្រុះ​ប្រកបដោយ​ប្រសិទ្ធភាព និង​សមធម៌ តាមរយៈ​ការអនុវត្ត​កម្មវិធី​គ្រប់គ្រង​តំបន់ឆ្នេរ តាមបែប​សមាហរណកម្ម ដើម្បី​រួមចំណែក​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ ការលើកកម្ពស់​ជីវភាព​រស់នៅ ការការពារ​បរិស្ថាន និង​មរតក​វប្បធម៌​របស់​យើង។

យុទ្ធសាស្ត្រ​ទី១ «ផ្សព្វផ្សាយ» មាន​គោលការណ៍៖ សាធារណជន​គួរ​ត្រូវបាន​ផ្សព្វផ្សាយ​អំពី​បញ្ហា​ទាក់ទង ទៅនឹង​បរិស្ថាន​តំបន់ឆ្នេរ​និ​សមុទ្រ ដើម្បី​ចូលរួម​យ៉ាង​ពេញលេញ​នៅក្នុង​ការអនុវត្ត និង​អភិវឌ្ឍន៍​ផែនការ​គ្រប់គ្រង​បរិស្ថាន។

យុទ្ធសាស្ត្រ​ទី២ «ការពារ» មាន​គោលការណ៍៖ ធនធានធម្មជាតិ និង​តំបន់​វប្បធម៌សំខាន់ៗត្រូវបាន​ការពារ និង​អភិរក្ស​តាមរយៈ​យន្តការ​គ្រប់គ្រង និង​ផែនការ​ជាក់លាក់ ពង្រឹង​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ និង​ភាពជា​ដៃគូ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ។

យុទ្ធសាស្ត្រ​ទី៣ «កាត់បន្ថយ» មាន​គោលការណ៍៖ ការបំពុល និង​សកម្មភាព​មនុស្ស​ដែល​គំរាមកំហែង ដល់​ប្រព័ន្ធ​ទ្រទ្រង់​ជីវចម្រុះ​នៃ​ស្ថានប្រព័ន្ធ គួរ​ត្រូវបាន​កាត់បន្ថយ តាមរយៈ​ដំណើរការ​គ្រប់គ្រង និង​រៀបចំ​ផែនការ យន្តការ​ដែលមាន​ប្រសិទ្ធិភាព និង​ភាពជា​ដៃគូ។

យុទ្ធសាស្ត្រ​ទី៤ «អភិវឌ្ឍ» មាន​គោលការណ៍៖ កាលានុវត្តភាព​អភិវឌ្ឍន៍​តំបន់ឆ្នេរ និង​សមុទ្រ និង​អនាគត​នៃ​ការប្រើប្រាស់​ធនធាន គួរ​ត្រូវ​បានរៀបចំ​ផែនការ និង​ដាក់​អនុវត្ត​ដោយ​រក្សា​សុខមាលភាព​ស្ថានប្រព័ន្ធ បរិស្ថាន និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ ប្រើប្រាស់ មកលេង​កំសាន្ត និង​ទាញយក​អត្ថប្រយោជន៍​ពី​តំបន់ឆ្នេរ៕

ចំណេះដឹង! អ្វី​ជា​អាក​ផលរបរ?

ដោយ​វុត្ថា

ភ្នំពេញៈ អាករ​លើ​ផលរបរ ជា​ប្រភេទ​ពន្ធ​ប្រយោល ដែល​ត្រូវបាន​យកពន្ធ​ពី​សកម្មភាព​សេដ្ឋកិច្ចផ្សេងៗ ដូចជា ពាណិជ្ជកម្ម ផលិតកម្ម អាជីវកម្ម និង​សេវាកម្ម។

អាករ​លើ​ផលរបរ​ប្រមូល​ពី​អ្នកប្រើប្រាស់ និង​បង់​ជូន​រដ្ឋ​ដោយ​អ្នកលក់ ។ អាករ​នេះ​អនុវត្តន៍ ចំពោះ​អ្នក​ជាប់ពន្ធ​តាម​របប​ម៉ៅការ​តែប៉ុណ្ណោះ។

អាករ​លើ​ផលរបរ ត្រូវ​បង់​ជា​រៀងរាល់ខែ​តាម​អត្រា​កំណត់២% នៃ​ផលរបរ​ប្រចាំខែ និង​ត្រូវ​អនុវត្តន៍ លើ​អ្នក​ជាប់ពន្ធ​របប ម៉ៅការ (ជា​អ្នក​ជាប់ពន្ធតូចៗ មិនមែនជា​អ្នក​ជាប់ពន្ធ​ក្នុង​របប​ពិត)៕

អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការពង្រីកការវិនិយោគឱ្យកាន់តែទូលំទូលាយ

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋមន្ត្រីវិនិយោគអាស៊ានបានស្វាគមន៍ ចំពោះការបញ្ចប់ទាំងស្រុងនូវការចុះហត្ថលេខាលើពិធីសារទី៤ស្តីពី វិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគ ទូលំទូលាយអាស៊ានកាលពីថ្ងៃទី១៥ ខែកក្កដាឆ្នាំ ២០២០ កាលពីកន្លងមកថ្មីៗនេះ។

យោងតាមកិច្ចប្រជុំលើកទី២៣ នៃក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាននៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០នេះ  ដើម្បីពិនិត្យពិភាក្សាលើកិច្ចសហប្រតិបត្តិការ វិនិយោគអាស៊ានក្នុងបរិបទ នៃភាពតានតឹងនៃពាណិជ្ជកម្មសកល និងការរាតត្បាតនៃកូវីដ១៩ បានឱ្យដឹងថា ពិធីសាទី៤នេះ បានធ្វើឱ្យមាននូវការដាក់បញ្ចូល ការហាមឃាត់ចំពោះតម្រូវកាតព្វកិច្ចបន្ថែម (TRIMS-plus PPR) ទៅក្នុងកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។

រដ្ឋមន្ត្រីវិនិយោគអាស៊ានបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសមាជិកអាស៊ានទាំងអស់ ក្នុងការអនុវត្តនូវវិធានការចាំបាច់ និងគំនិតផ្តួចផ្តើមនានាសម្រា​ប់អាស៊ាន ដើម្បីរក្សបាននូវភាពរឹងមាំ បើកចំហរ និងទាក់ទាញចំពោះការវិនិយោគ ជួយវិនិយោគិន និងផ្តល់កិច្ចសម្រួលដល់ការវិនិយោគរបស់ពួកគេ នៅក្នុងអំឡុងពេលនៃការប្រឈមនិងវេលាពុំធ្លាប់កើតមានពីមុនមក ដោយសារការរាត្បាតនៃកូវីដ១៩ ។

បណ្តារដ្ឋមន្ត្រីទាំងនោះ បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ឱ្យធ្វើអានុភាវូបនីយកម្មនូវគំនិតផ្តួតផ្តើមក្នុងតំបន់ ដើម្បីផ្តល់កិច្ចសម្រួលដល់ការវិនិយោគ នៅក្នុងអាស៊ាន និងត្រូវត្រៀមខ្លួនជាមុនសម្រាប់ប្រក្រតីថ្មិ ក្រោយកូវីដឥ១៩។

ពិធីសារទី២ និងពិធីសារទី៣ កាលពីកន្លងមកនេះ បានចូលជាធរមានស្តីពីវិសោធ​ន​កម្មកិច្ចព្រមព្រៀងវិនិយោគ ទូលំទូលាយអាស៊ាន (ACIA) នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២០ បន្ទាប់ពីអគ្គលេខាធិការអាស៊ាន បានទទួលបាននូវលិខិតូបករណ៍សច្ចាប័នចុងក្រោយ ។

ក្នុងចំណោមបញ្ហាផ្សេងៗពិធីសារទី២នេះ បានកែសម្រួលនិយមន័យ “រូបវន្តបុគ្គ​ល” ក្នុងកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងប្រព្រឹត្តិទៅនៃវេសនជនអចិន្ត្រៃយ៍ ក្រោមកិច្ចព្រមព្រៀងនេះ ខណៈពិធីសារទី៣ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគ ទូលំទូលាយអាស៊ាន បានលុបចេញនូវកថាខណ្ឌទី ៨នៃកំណត់សម្គាល់មេ សម្រាប់បញ្ជីរក្សាសិទ្ធិនៅក្រោមកិច្ចព្រមព្រៀងវិនិយោគ ទូលំទូលាយអាស៊ាន ដែលបានធ្វើឱ្យមានការអនុវត្តស្មើភាពគ្នា ចំពោះវិនិយោគិននៃរដ្ឋសមាជិកអាស៊ានទាំងអស់ ក្រោមកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន៕

វិភាគៈតើសេដ្ឋកិច្ចចិនអាចតាមទាន់មហាអំណាចសេដ្ឋកិច្ចអាមេរិកដែរឬទេ នាពេលអនាគត?

ដោយ ហ្សូលី

ភ្នំពេញៈ មហាអំណាចទាំងពីរ មិនត្រឹមតែប្រជែងគ្នាលើភូមិសាស្រ្តនយោបាយ និងឥទ្ឋិពលលើបណ្តាប្រទេសនានាក្នុងពិភពលោកនោះទេ ប៉ុន្តែប្រទេសទាំងពីរកំពុងប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាវលើសេដ្ឋកិច្ចផងដែរ។

ប្រទេសដែលមានទំនោរ និងដើរលើទស្សនវិជ្ជាខុសគ្នានេះ បាននិងកំពុងត្រូវគេមើលឃើញថា កំពុងមានភាពតានតឹងកាន់តែខ្លាំង ខណ

ៈមានការព្យាករណ៍ជាច្រើនរួចហើយថា ចិននឹងវ៉ាអាមេរិកនៅកំពុងប៉ុន្មានទសវត្សរ៍ខាងមុខ ស្របពេលអាមេរិកកំពុងដាក់ចេញនូវយុទ្ឋវិធីជាច្រើន ដើម្បីទប់ដំណើរឆ្ពោះទៅមុខដ៏លឿនស្លេវ របស់មហាយក្សចិន។

វិបត្តិជំងឺCovid-19 បានធ្វើឲ្យពិភពលោកជួបវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់ ហើយស្ថានការណ៍នេះមានសភាពអាក្រប់ជាងវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាកលកាលពីឆ្នាំ២០០៨ ទៅទៀត។

យ៉ាងណាក៏ដោយ សេដ្ឋកិច្ចចិនបានត្រឡប់មករកសភាពដើម បន្ទាប់ពីជោគជ័យនៅលើការគ្រប់គ្រងជំងឺរាតត្បាតCovid-19 ខណៈដែលអាមេរិក “កំពុងវឹកវរ” ចំពោះការគ្រប់គ្រងមេរោគ និងបញ្ហានយោបាយ។ កត្តាទាំងនេះបានធ្វើឱ្យសេដ្ឋវិទូនៅពិភពលោកប៉ាន់ស្មានថា គម្លាតសេដ្ឋកិច្ចចិននិងអាមេរិកហាក់ដូចជានៅប្រកៀកគ្នា។

ជំនួញជាច្រើននៅទូទាំងប្រទេសចិនដូចជា ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ ផ្សារទំនើប សួនកម្សាន្ត មានភាពអ៊ូអរ រីឯចរាចរណ៍នៅតាមដងផ្លូវ ជើងយន្តហោះនៅអាកាសយានដ្ឋាន ព្រមទាំងខ្សែរថភ្លើងក្នុងស្រុក កំពុងស្ថិតក្នុងភាពមមាញឹកជារៀងរាល់ថ្ងៃ។ ក្រុមសេដ្ឋវិទូរបស់ធនាគារពិភពលោក (World Bank) និងតាមស្ថាប័នជាច្រើនទៀត បានតម្លើងការព្យាករណ៍សេដ្ឋកិច្ចប្រទេសចិនជាបន្តបន្ទាប់ ដែលថាសេដ្ឋកិច្ចចិនប្រាកដជាមានកំណើននៅចុងឆ្នាំនេះ។

ការស្តារសេដ្ឋកិច្ចមកវិញនេះ បានស្រោចស្រង់មុខមាត់មហាអំណាចសេដ្ឋកិច្ចលើពិភពលោកលំដាប់ទី២ យ៉ាងឆាប់រហ័ស ដែលអាចនឹងតាមទាន់សហរដ្ឋអាមេរិក ខណៈពេលដែលសេដ្ឋកិច្ចប្រទេសនេះ បានដាំក្បាលចុះដល់ទៅ៨ភាគរយ ក្នុងឆ្នាំ២០២០។

ទំហំពាណិជ្ជកម្មសរុបរបស់ចិន គិតចាប់ពីខែមករា រហូតមកដល់ខែកក្កដា ឆ្នាំ ២០២០នេះ មានប្រមាណជាង២៤៤ពាន់លានដុល្លារ ធ្លាក់ចុះ៤.៥៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែងនៅទូទាំងប្រទេសមានដល់ទៅ៦៣,៤៧ពាន់លានយ័ន កើនឡើង១៥.៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ហើយចិនសម្រេចបាននូវកំណើនវិជ្ជមាន នៃការគៀងគរ ទុនបរទេស ក្នុងរយៈពេលតែមួយខែក្នុងរយៈពេល៤ខែជាប់ៗគ្នា។

លោកHomi Kharas អតីតប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ី នៃធនាគារពិភពលោកបានមានប្រសាសន៍ថា ចិននឹងបង្ហាញពីភាពរឹងមាំកាន់តែខ្លាំង នៅពេលឆាប់ៗនេះ ក្នុងនាមជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍ។

ចិនមានការជម្រុញចិត្ត នៅក្នុងការបង្កើតបណ្តាញទំនាក់ទំនង នៅក្នុងតំបន់នាំចូលថាមពលពីគ្រប់ប្រភពចម្រុះ ការពារទឹកដីភាគខាងលិចរបស់ខ្លួន និងបណ្តាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មក្នុងតំបន់អាស៊ីកណ្តាល។

ជាក់ស្តែងគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ បានបង្កើតឡើងនៅឆ្នាំ២០១៣ បានប្រែក្លាយទៅជាសសរស្តម្ភយ៉ាងលេចធ្លោ នៃអំណាចរបស់ចិនក្នុងតំបន់។

ជំងឺរាតត្បាត Covid-19 ស្ទើរតែបញ្ចប់សេដ្ឋកិច្ចប្រទេសជាច្រើន និងបានផ្តល់ឱកាសឱ្យចិន វាយតម្លៃយុទ្ធសាស្រ្តរបស់ខ្លួនសារជាថ្មី។ ផែនការរបស់ចិនសម្រាប់តំបន់អាស៊ីកណ្តាលក្រោយជំងឺនេះបានបញ្ចប់ នឹងត្រូវការមិនត្រឹមតែសមត្ថភាព នៅក្នុងការជម្រុញគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ តែមួយមុខឡើយ ប៉ុន្តែត្រូវវាយបកនឹងឧបសគ្គដែលមករារាំងការរីកចម្រើន របស់ប្រទេសនៅក្នុងរយៈពេលថ្មីៗនេះ។

កត្តាទាំងនេះ បាននិងកំពុងជួយពង្រីកអំណាចសេដ្ឋកិច្ចរបស់ប្រទេសចិន បើប្រៀ​បធៀបជាមួយបណ្តារប្រទេសអភិវឌ្ឍដទៃដូចជា រុស្សី ជាដើម។

ទោះយ៉ាងណាក៏មានអ្នកជំនាញ មកពីស្ថាប័នផ្សេងៗបានលើកឡើងពីទស្សនៈផ្ទុយគ្នានឹងការលើកឡើងនេះផងដែរ។ ជាក់ស្តែង ស្ថាបនិកក្រុមហ៊ុនស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងញ៉ូវយ៉ក Rodium Groupបានឱ្យដឹងថា បំណុលនៅក្នុងប្រទេសចិនបានកើនឡើង កំណើនសេដ្ឋកិច្ចទូទាំងប្រទេសមានភាពមិនច្បាស់លាស់ និងប្រព័ន្ធធនា​គារកំពុងស្ថិតក្នុងបញ្ហា។

លោកបន្តថា “លើសពីនេះចិន បានផលិតនូវផលិតផលជាច្រើន ដែលគ្មានមនុស្សទិញ ដូច្នេះការកើនឡើងនៃសេដ្ឋកិច្ចចិន នៅពេលនេះគឺបណ្តោះអាសន្នតែប៉ុណ្ណោះ”។

ការផ្គត់ផ្គង់សម្ភារៈ និងការនាំចេញទំនិញ ប្រហែលមួយភាគប្រាំនៃទិន្នផលសេដ្ឋកិច្ចពឹងផ្អែកទៅលើការបញ្ជាទិញ របស់សហរដ្ឋអាមេរិកនិងអ៉ឺរ៉ុប។ ចំណែកផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ក្នុងប្រទេសចិនបាន១០,៨០០ដុល្លារ ដែលជាចំនួនទាបជាងខាងបស្ចឹមប្រទេស ស្របពេលដែលផលិតផលសរុបក្នុងស្រុកសរុប (GDP)សម្រាប់មនុស្សម្នាក់មានចំនួន ប្រមាណ២០,២៣៤ក្នុងឆ្នាំ២០២០។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក The Wall Street Journal។

យ៉ាងណាក៏ដោយការនាំមុខរបស់ចិនលើអាមេរិក អាចជារឿងមុននិងក្រោយនិងភាពបត់បែនរបស់មេដឹកនាំាំចិន ប៉ុន្តែអ្វីៗពិតជាត្រូវការពេលវេលា ខណៈសង្រ្គាមត្រជាក់កំពុងធ្វើឲ្យទំនាក់ទំនងរវាងមហាអំណាចទាំងពីរ កាន់តែមានសភាពអាក្រក់ឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕

ជប៉ុនជួយកសាងហេដ្ឋារចនាសម្ព័ន្ធច្រករបៀងសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជាចំនួន៣

ដោយវុត្ថា

ភ្នំពេញៈ ជប៉ុនដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា បានជួយកសាងហេដ្ឋារចនាសម្ព័ន្ធច្រករបៀងសេដ្ឋកិច្ចកម្ពុជាដ៏សំខាន់ចំនួន៣ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត។

លោកវ៉ា ស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០នេះបានឱ្យដឹងថា កន្លងមកនេះជប៉ុនបានជួយកម្ពុជាច្រើនទាំងកសាងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងផ្សេងៗ ដូចជាគម្រោងតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចដ៏សំខាន់ៗ ទៅកាន់ព្រំដែននិងកំពង់ផែទឹកទឹកជ្រៅ។

លោកបន្តថា “ជប៉ុនបានសាងសងផ្លូវជាតិលេខ១ពីភ្នំពេញ ទៅកាន់ច្រកព្រំដែននៃប្រទេសវៀតណាម ដែលជាច្រករបៀងសេដ្ឋកិច្ចខាងកើត ដើម្បីបង្កភាពងាយស្រួល ចំពោះការដឹកជញ្ជូនទំនិញផ្សេងៗ ដែលមានស្ពានអ្នកលឿងផងដែរ”។ លោកបន្ថែមថា “ជាមួយគ្នានេះ ជប៉ុនក៏បានជួយកសាងផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្តមួយចំនួនឆ្ពោះទៅកាន់ព្រមដែនថៃ ដែលជាច្រករបៀងសេដ្ឋកិច្ចភាគខាងលិច ដ៏សំខាន់របស់កម្ពុជាក្នុងការដឹកជញ្ជូនទំនិញ និងធ្វើពាណិជ្ជកម្មជាមួយខេត្តជាប់ព្រំដែន”។

ក្រៅពីហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ក៏ជប៉ុនតាមរយៈទីភ្នាក់ងារសហ​ប្រតិបត្តិកអន្តរជាតិជប៉ុន (ចៃកា) ក៏បានជួយលើការសិក្សា និងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ (ច្រករបៀងសេដ្ឋកិច្ចតាមផ្លូវសមុទ្រ) ដើម្បីអាចមានលទ្ធភាពឱ្យនាវាធំៗចូលចតបាន ខណៈបច្ចុប្បន្ននេះ កំពង់ផែនេះមានទំហំតូច និងមិនលទ្ធភាព ឱ្យនាវាធុនយក្សចូលចតបាន។

លោកវ៉ា ស៊ីមសូរិយាបានបញ្ជាក់ថា ច្រកល្បៀងសេដ្ឋកិច្ចទាំង៣របស់កម្ពុជានេះ គឺជាច្រករបៀងដ៏សំខាន់ ក្នុងជំរុញកំណើនសេដ្ឋកិច្ចសង្គមឱ្យមានការរីកចំរើន តាមរយៈការដឹកជញ្ជូនទំនិញនានាចូលកម្ពុជា និងចេញពីកម្ពុជាទៅកាន់ប្រទេសជិតខាង និងទៅកាន់ប្រទេសអន្តរជាតិនានា។

រដ្ឋមន្រ្តីការបរទេសជប៉ុន លោកម៉ូតេហ្គី តូស៊ីមីសឺ ក្នុងដំណើរបំពេញទស្សកិច្ចមកកាន់កម្ពុជាកាលពីកន្លងមកថ្មីៗ នេះក៏បានបញ្ជាក់ពីការជួយកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសង្គម តាមរយៈការកសាងហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់របៀងសេដ្ឋកិច្ច ទៅកាន់ព្រំដែននៃប្រទេសកម្ពុជា និងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុនផងដែរ៕

ជំនន់កកស្ទះចរាចរណ៍ជំរុញឱ្យមនុស្សមួយចំនួនងាកមកចាប់អារម្មណ៍ទីផ្សារខុនដូក្នុងក្រុង

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជំនន់នៃការកកស្ទះចរាចរណ៍ជាប្រចាំនៅក្នុងរាជធានៅភ្នំពេញនៅពេលបច្ចុប្បន្ន បានក្លាយទៅជាមូលហេតុមួយក្នុងចំណោមហេតុផលជាច្រើនទៀត ដែលជំរុញឱ្យមនុស្សមួយចំនួនងាកមកចាប់អារម្មណ៍នឹងទីផ្សារខុនដូដែលស្ថិតនៅក្នុងក្រុង។

នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ KW SEN SOK លោក សំ សុខនឿន បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះថា បច្ចុប្បន្ននេះ តម្រូវការទីផ្សារខុនដូពីសំណាក់ប្រជាជនខ្មែរចាប់ផ្តើមផុសផុលឡើងជាបណ្តើរៗហើយ ដែលតម្រូវការទាំងនេះមានកត្តាជំរុញជាច្រើន ហើយក្នុងនោះកត្តានៃការកកស្ទះចរាចរណ៍ក៏ជាហេតុផលមួយផងដែរ។

លោកបានបញ្ជាក់ថា “ខុសពីកាលពីប៉ុន្មានឆ្នាំមុន មនុស្សភាគច្រើនចាប់អារម្មណ៍ទៅលើការទិញលំនៅដ្ឋានផ្ទាល់ដីនៅតាមបណ្តាតំបន់ជាយក្រុង ប៉ុន្តែបច្ចុប្បន្ននេះ មានអ្នកខ្លះបានងាកមកចាប់អារម្មណ៍នឹងការទិញខុនដូក្នុងក្រុងសម្រាប់រស់នៅវិញ។ កាលពី ២-៣ ឆ្នាំមុន លំនៅដ្ឋាននៅតាមតំបន់ជាយក្រុងភាគច្រើនមានតម្លៃមិនលើសពី ៥–៦ ម៉ឺនដុល្លារនោះទេ ប៉ុន្តែពេលនេះតម្លៃផ្ទះត្រឹម ៧–៨ ម៉ឺនដុល្លារស្ទើរតែរកមិនមាន ហើយបើមានគឺស្ថិតនៅឆ្ងាយពីក្រុងបន្តិច ប៉ុន្តែលុយត្រឹម ៧–៨ ម៉ឺនដុល្លារដដែលអាចទិញខុនដូនៅក្នុងតំបន់ក្រុងបានហើយមានជម្រើសច្រើនទៀត”។

លោក សំ សុខនឿន បានមានប្រសាសន៍បញ្ជាក់ទៀតថា “ហេតុផលផ្សេងទៀត ដែលជម្រុញឱ្យកំណើននៃតម្រូវការខុនដូកើនឡើង ដែលក្រៅពីការប្រែប្រួលនៃតម្លៃលំនៅដ្ឋានកម្រិតមធ្យមនៅតាមតំបន់ជាយក្រុង គឺភាពងាយស្រួលក្នុងការរស់នៅក្នុងក្រុង ដែលគេចផុតពីភាពធុញទ្រាន់នៃការកកស្ទះចរាចរណ៍ ជាពិសេសការទទួលបានឱកាសចំណេញពីការវិនិយោគ ដែលជាធាតុដ៏សំខាន់មួយទៀតផងដែរ”។

ប្រធានគ្រប់គ្រងផ្នែកលក់ និងទីផ្សារគម្រោងខុនដូបែបប្រណីតកម្ពស់១១៦ម៉ែត្រ ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក លី ឡានី បានមានប្រសាសន៍ថា “សម្រាប់តែគម្រោងខុនដូ Phnom Penh Galaxy Garden ដែលកំពុងដំណើរការសាងសង់ពេលនេះ គឺមានទទួលបានការចាប់ពីអារម្មណ៍ពីសំណាក់អតិថិជនជាច្រើន ដែលក្នុងនោះភាគច្រើនគឺជាជនជាតិខ្មែរ និងជនជាតិចិន ខណៈដែលការផ្លាស់ប្ដូរបែបបទនៃការរស់នៅក្នុងតំបន់នេះកាន់តែមានភាពរីកចម្រើន។ ពេលនេះប្រជាជនខ្មែរភាគច្រើនបានស្វែងយល់ពីភាពងាយស្រួលក្នុងការរស់នៅក្នុងខុនដូ ដែលស្ថិតនៅតំបន់ក្រុង ហើយថែមទាំងបានបង្ហាញពីភាពទាន់សម័យដល់ជីវិតរបស់ពួកគេផងដែរ”។

លោក លី ឡានី បានបញ្ជាក់ឱ្យដឹងថា ការរស់នៅតាមខុនដូ Phnom Penh Galaxy Garden មានភាពងាយស្រួលច្រើន ជាពិសេស មានការផ្តល់ជូននូវសេវាកម្មជាច្រើន ដូចជាប្រព័ន្ធរក្សាសន្តិសុខ ២៤ ម៉ោង មានការដាក់កាមេរ៉ាគ្រប់ផ្លូវចេញចូល មានសេវាសម្អាតអនាម័យ ជួសជុលសម្ភាៈក្នុងយូនីត មានក្លឹបហាត់ប្រាណ អាងហែលទឹក ស្ប៉ា អាហារដ្ឋា ជាពិសេសមានផ្សារទំនើបនៅក្នុងអគារស្រាប់ជាដើម។ បន្ថែមពីនេះនៅមានស្កាយបារ Skybar ទីតាំងសម្រាប់រៀបចំពិធីជួបជុំគ្នាជាដើម។ ម៉្យាងទៀត ប្រៀបធៀបរវាងតម្លៃខុនដូនៅក្នុងក្រុង និងលំនៅដ្ឋានក្នុងក្រុង ច្បាស់ណាស់ថាខុនដូមានតម្លៃទាបជាង។

សម្រាប់គម្រោងខុនដូប្រណីតលើកដំបូងនៅក្នុងខណ្ឌសែនសុខ Phnom Penh Galaxy Garden រាជធានីភ្នំពេញ គឺមានលក្ខណៈពិសេសជាច្រើន ពោលគឺនៅក្នុងចំនួន ៣៣ជាន់ ត្រូវបានបែងចែកដាច់ដើយឡែកពីគ្នា។ ចាប់ពីជាន់ទី៣ឡើងទៅជាតំបន់ស្នាក់នៅ និងមានផ្សារទំនើបក្រោមដី មានសួនបៃតងនៅលើអាគារកម្ពស់១០០ម៉ែត្រ មានស្កាយបារលើអាកាស អាងហែលទឹកលើអាកាស ការិយាល័យធ្វើការ កន្លែងហាត់ប្រាណ កន្លែងក្មេងលេង បណ្ណាល័យ ភោជនីយដ្ឋាន ហាងកាហ្វេ ចំណតយានយន្តស្វ័យប្រវត្តិក្រោមដី (ចាប់ពីជាន់ក្រោមដីដល់ជាន់ទី៣)។

អតិថិជនអាចមានជម្រើសជាច្រើន ដែលយូនីតនីមួយៗមានទំហំពី៤៦ ទៅ១៤៨ម៉ែត្រការ៉េ ដោយគ្រាន់តែកក់ត្រឹម ៥០០ដុល្លារតែប៉ុណ្ណោះ ដើម្បីបានក្លាយជាម្ចាស់ ជាមួយនឹងការទទួលបាននូវកម្មវិធីបញ្ចុះតម្លៃពិសេសចាប់ពី ៥ – ១០ ភាគរយ ជាមួយការផ្តល់ជូនពិសេសក្នុងខែសីហានេះរួមមានៈ គ្រឿងសង្ហារឹមក្នុងបន្ទប់ ទូរទស្សន៍, ម៉ាស៊ីនត្រជាក់, ទូរទឹកក, សាឡុង, គ្រែគេង និង ទូរខោអារ។។ សម្រាប់ព័ត៌មានលម្អិតពីគម្រោង លោកអ្នកអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ០៦៧ ៨៩ ៦៧ ៨៩ ៕

បុរីឡាផាម ផ្តល់ជូនសួនហាត់ប្រាណក្រៅផ្ទះដំបូងគេបង្អស់នៅកម្ពុជា

ដោយគីមរី

ភ្នំពេញៈ បុរីឡាផាម (La Palm Residences) ស្ថិតនៅផ្នែកខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាទីតាំងមានសក្តានុពលខ្ពស់ បានប្រកាសបើកលក់ផ្ទះដ៏ប្រណីតរបស់ខ្លួនមានតម្លៃសមរម្យ បើប្រៀបធៀបនឹងបុរីផ្សេងៗ (ចាប់ពី៨ម៉ឺនដុល្លារឡើងទៅ) រួមជាមួយការផ្តល់ជូនដ៏ពិសេស គឺការបង់ប្រាក់ដែលមិនធ្លាប់មានពីមុនមក ត្រឹមតែ១ភាគរយក្នុងមួយខែ ដោយឥតការប្រាក់ជូនដល់អតិថិជន ក្នុងអំឡុងពេលពិធីសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការនាពេលថ្មីៗនេះ។

បុរីឡាផាម ជាប្រភេទគម្រោងគេហដ្ឋានដ៏ប្រណីត និងទាន់សម័យជាងគេមួយនៅតំបន់ចំការដូង ដែលមានប្រភេទផ្ទះវីឡាកូនកាត់ កំពស់ផ្ទះ៣ជាន់ ៣បន្ទប់គេង ៤បន្ទប់ទឹក ព្រមទាំងផ្ទះអាជីវកម្ម ដែលមានកំពស់ផ្ទះ៣ជាន់កន្លះ ដែលមាន៤បន្ទប់គេង ៥បន្ទប់ទឹក រួមជាមួយតម្លៃចាប់ពី៨ម៉ឺនដុល្លារឡើងទៅតែប៉ុណ្ណោះ។ 

អ្វីទៅដែលធ្វើឲ្យគម្រោងនេះមានភាពលេញធ្លោខ្លាំងបំផុត?

អ្នកវិនិយោគបុរីឡាផាម បានមើលឃើញពីបញ្ហាសង្គម ដែលអ្នករស់នៅត្រូវការ ប្រភេទវីឡាប្រណីត តែតម្លៃត្រូវសមរម្យ ដែលទីផ្សារម្ចាស់គម្រោងបុរីប្រណីតទាំងឡាយមិនអាចធ្វើបាន ក្នុងតម្លៃក្រោម១០ម៉ឺនដុល្លារ

លោកងួន បូរាមី ម្ចាស់គម្រោងបុរីឡាផាម មានបទពិសោធន៍ខាងសាងសង់ ដែលមានម៉ូតស្អាត ហើយគុណភាពរឹងមាំ មិនជ្រាបទឹក ស្របតាមស្តង់ដារវិស្វកម្មត្រឹមត្រូវ និងទំនាក់ទំនងល្អជាមួយនឹង ដៃគូក្រុមហ៊ុនទាំងប្រាំផ្សេងទៀត ដែលអាចធានាបាននូវតម្លៃផ្ទះសមរម្យបាន តាមតម្រូវការរបស់អតិថិជន។


ចំណុចពិសេសរបស់បុរីឡាផាមជាបុរីដំបូងគេបង្អស់ដែលផ្តល់ជូននូវកន្លែងហាត់ប្រាណក្រៅផ្ទះដែលជំរុញអោយអ្នករស់នៅក្នុងបុរីឡាផាមធ្វើលំហាត់ប្រាណក្រៅផ្ទះអមជាមួយនឹងសួនច្បារធម្មជាតិបៃតង។វាក៏ជាកន្លែងល្អដើម្បីប្រាស្រ័យទាក់ទងនឹងអ្នកជិតខាងអោយកាន់តែស្និតស្នាលផងដែរ។

ទីតាំងបុរីឡាផាម មានចំងាយត្រឹមតែ៨នាទីតែប៉ុណ្ណោះ ទៅកាន់ផ្សារទំនើប អ៊ីអន៣ (AEON) ៤នាទីទៅកាន់ផ្សារទំនើបជីបម៉ុង៥0ម៉ែត្រ(Chipmong ៥០m Mall) និង 12នាទីទៅកាន់ព្រលានយន្ដហោះថ្មី ដែលនឹងគ្រោងបើកសម្ភោធនៅឆ្នាំ២០២៣ នាពេលខាងមុខនេះ។

អ្វីដែលកាន់តែពិសេសបុរីឡាផាមបានជ្រើសរើសក្រុមហ៊ុនភ័ញធើប្រផើធី (Pointer Property) ក្នុងការប្រឹក្សាគម្រោងនឹងធ្វើទីផ្សារផ្តាច់មុខ ដែលភ័ញធើជាក្រុមហ៊ុនអចលនវត្ថុ ជំនាញខាងប្រឹក្សាគម្រោងអភិវឌ្ឍន៍ ខាងបុរី និងខុនដូ និងទទួលបានពានរង្វាន់ជាក្រុមហ៊ុនឆ្នើមជាងគេប្រចាំឆ្នាំ 2019 កន្លងមកនេះ៕

រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រ ៥ ក្នុងទំហំទឺកប្រាក់ ៥៨ លានដុល្លារនៅកម្ពុជា

ប្រភព៖ ហ្វេសប៊ុក

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងបង្កើតរោងចក្រចំនួន ៥ ដែលមានទុនវិនិយោគប្រមាណ ៥៨ លានដុល្លារអាមេរិក មានទីតាំងផ្សេងៗគ្នា នៅកម្ពុជា ដែលអាចបង្កើតការងារជូនដល់ពលរដ្ឋកម្ពុជាជាច្រើនកន្លែង។

ប្រភព៖ ហ្វេសប៊ុក

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“TOKYO HAPPY ICE CREAM CO., LTD” គម្រោងបង្កើតរោងចក្រផលិតការ៉េម ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារ អាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៦កន្លែង។

២-“ RONG XING PAPER INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១១៧កន្លែង។

៣-“K&K PIPE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតទុយោទឹកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ១៣០ ភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣១កន្លែង។

៤-“RAY POWER SUPPLY CO., LTD” គម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឫស្សីខាងនិងភូមិសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានទុនវិនិយោគប្រមាណ ៣៩,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០កន្លែង។

៥- ដោយឡែក តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតវ៉ែនតា និងប្រអប់វ៉ែនតា របស់ក្រុមហ៊ុន CAM-ICARE CO., LTD. គណ:កម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង៕

ស្ថានីយផលិតថាមពលអគ្គិសនីតម្លៃជិត៤០លានដុល្លារមួយទៀត នឹងត្រូវបង្កើតនៅខេត្តបន្ទាយមានជ័យ

ប្រភព៖ ហ្វេសប៊ុក

ដោយ ៖ រ៉ាណេត

បន្ទាយមានជ័យ ៖ ក្រោយការទទួលបានសេចក្ដីសម្រេច និងការអនុញ្ញាតពីរាជរដ្ឋភិបាល ខេត្តបន្ទាយមានជ័យ នឹងមានស្ថានីយផលិតថាមពលអគ្គិសនីកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យ មានអនុភាព ៣០មេហ្គាវ៉ាត់ ដែលគ្រោងនឹងដាក់ដំណើរការប្រើប្រាស់នៅត្រឹមអំឡុងខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីជួយកាត់បន្ថយការទិញអគ្គិសនីពីប្រទេសថៃ។

ប្រភព៖ ហ្វេសប៊ុក

តាមរយៈសេចក្ដីប្រកាសរបស់រដ្ឋាភិបាលនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះបានបញ្ជាក់ថា ក្រុមហ៊ុន RAY POWER SUPPLY CO., LTD នឹងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឫស្សីខាងនិងភូមិសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានទុនវិនិយោគប្រមាណ ៣៩,៨លានដុល្លារអាមេរិក។

ជាមួយនឹងគម្រោងនៃការបង្កើតស្ថានីយផលិតថាមពលអគ្គិសនីខាងលើនេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍បញ្ជាក់ថា “បច្ចុប្បន្ន បរិមាណថាមពលសម្រាប់ប្រើប្រាស់នៅទូទាំងខេត្តបន្ទាយមានជ័យគឺមានរហូតដល់១០០មេហ្គាវ៉ាត់ ដែលមានការផ្គត់ផ្គង់២ប្រភពផ្សេងគ្នា គឺប្រភពក្នុងស្រុក (បណ្តាញជាតិ) និងប្រភពពីប្រទេសថៃ ដែលមានអាជ្ញាប័ណ្ណអគ្គិសនីចំនួន២៣ ផ្គត់ផ្គង់ចំនួន ៦៤៥ភូមិ ស្មើនឹងប្រមាណ៩៨ភាគរយនៅទូទាំងខេត្ត”។

លោកអភិបាលខេត្តបានបន្តទៀតថា “ជាមួយនឹងការបើកដំណើរការប្រើប្រាស់ និងផ្គត់ផ្គង់ថាមពលអគ្គិសនីរបស់រោងចក្រផលិតថាមពលកើតឡើងវិញនេះ ក្រុមហ៊ុននឹងលក់ទៅឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា (EDC) ដើម្បីធ្វើការចែកចាយនៅក្នុងតំបន់តាមរយៈសេវាកររបស់ខ្លួនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងស្ថិតនៅក្នុងលក្ខខណ្ឌនៃច្បាប់ដែលបានកំណត់”។

បច្ចុប្បន្ននេះ នៅក្នុងបរិមាណថាមពលអគ្គិសនីដែលមានតម្រូវការនៅក្នុងខេត្តបន្ទាយមានជ័យសរុបប្រមាណ១០០មេហ្គាវ៉ាត់ បានចែកចាយទៅដល់អតិថិជនគោលដៅដែលកំពុងប្រើប្រាស់មានចំនួន ១៣៧ ៧៣៩ គ្រួសារ ក្នុងចំណោម ១៩១ ៧២៣គ្រួសារសរុបនៅទូទាំងខេត្ត ស្មើនឹងប្រមាណ ៧២ភាគរយ៕

ប្រភព៖ ហ្វេសប៊ុក