ដោយគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញអន្តរជាតិបានលើកឡើងថា ការទិញការិយាល័យសំរាប់ជួលនៅទីក្រុងភ្នំពេញ មានផលចំណេញរហូតដល់២០ភាគរយប្រចាំឆ្នាំ ពីការវិនិយោគរបស់ពួកគេ(return of investment)។
អគ្គនាយកក្រុមហ៊ុនCSA Real Estate Group លោកAlan Neoបានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃសុក្រកន្លងមកថា ការទិញការិយាល័យសំរាប់ជួលយកផលចំណេញ វាជានិន្នាការថ្មីមួយនៅទីក្រុងភ្នំពេញ ប៉ុន្តែទស្សនទាននេះវាបាននិងកំពុងមកដល់ទីក្រុងភ្នំពេញ ខណៈប្រជាជនកម្ពុជាតិចតួចនៅឡើយបានដឹងរឿងនេះ ប៉ុន្តែវាជាការវិនិយោគដ៏ល្អមួយ។
លោកបន្តថា “និន្នាការនេះនឹងផ្លាស់ប្តូរនៅតំបន់បឹងកេងកង១ ហើយផលចំណេញពីការវិនិយោគខ្ពស់បែបនេះ នឹងធ្វើឲ្យការទិញការិយាល័យសំរាប់ជួល នឹងកើនឡើងនៅទីក្រុងភ្នំពេញ”។
ដោយសារទស្សនទាន និងនិន្នាការទីផ្សារថ្មីនេះហើយ បានធ្វើឲ្យអ្នកសាងសង់ការិយាល័យសំរាប់ជួលបានចាប់ផ្តើម ជាមួយគំរោងGolden Tower322 ដែលបាននិងកំពុងសាងសង់ ពិសេសគម្រោងនេះបានផ្តល់នូវគំនិតច្នៃប្រឌិត និងនាំមកនូវស្តង់ដាការិយាល័យលំដាប់ពិភពលោក(Google office)។
លោកAlan Neoបានមានប្រសាសន៍ពន្យល់ថា ហេតុផលដែលការទិញការិយាល័យសំរាប់វិនិយោគមានផលចំណេញខ្ពស់ ដោយសារតំបន់បឹងកេងកង១ មិនសូវមានការិយាល័យសំរាប់ជួល តំបន់នេះទាក់ទាញភ្ញៀវបរទេស ការកើនឡើងនូវក្រុមហ៊ុនថ្មីៗ ការចូលមកដល់របស់ក្រុមហ៊ុនអន្តរជាតិកាន់តែច្រើន ដែលពួកគេត្រូវការការិយាល័យស្តង់ដា និងនិន្នាការផ្លាស់បប្តូរការិយាល័យតាមផ្ទះ មកការិយាល័យស្តង់ដាកំពុងកើនឡើង។
លោកបន្តថា “ទីផ្សារការិយាល័យ បានចាប់ផ្តើមផ្លាស់ប្តូរផ្នត់គំនិតលើការវិនិយោគរបស់ប្រជាពលរដ្ឋខ្មែរនាពេលអនាគតឆាប់ៗនេះ”៕