ខេត្តកំពត​នឹងមាន​រដ្ឋបាល​ប្រមូលផ្តុំ​នាពេល​ខាងមុខនេះ និង​លើក​ទី១សំរាប់បណ្តា​ខេត្ត​ជាប់​តំបន់ឆ្នេរ

0

ដោយៈ​វុត្ថា

ភ្នំពេញៈ ខេត្តកំពត នឹងមាន​រដ្ឋបាល​ប្រមូលផ្តុំ​នាពេល​ខាងមុខនេះ ស្របតាម​បំណង​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុង​ការផ្តល់សេវា​នានា​ជូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ទាំងមូល។

លោក​ជាវ តា​យ អភិបាល​ខេត្តកំពត បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា ប្រមុខ​រាជរដ្ឋាភិបាល​ឱ្យ​ខេត្ត​រៀបចំ​រដ្ឋបាល ប្រមូលផ្តុំ​ដើម្បី​បង្ក​ភាពងាយស្រួល ក្នុងការ​បំរើសេវាសំខាន់ៗនានា​ជូន ខណៈដែល​រដ្ឋបាល​ប្រមូលផ្តុំ​នេះ បណ្តុំ​ទៅដោយ​មន្ទីរ​ស្ថាប័ន​គ្រប់​ជំនាញ។

លោក​បន្តថា “ផែនការ​នេះ​បង្កើតឱ្យមាន​រដ្ឋបាល​ប្រមូលផ្តុំ​នេះ ត្រូវការ​ទាមទា​ឱ្យមាន​ការសិក្សា​លម្អិត និង​ពេលវេលា​បន្ថែមទៀត  ខណៈដែល​រដ្ឋបាល​ប្រមូលផ្តុំ​នេះ មាន​គ្រប់​សេវា​ទាំង​អស់ពី​អង្គភាព​គ្រប់​ស្ថាប័ន និង​មន្ទីរជំនាញ ដោយ​ប្រជាពលរដ្ឋ​មិនបាច់​ទៅរក​នៅ​ទី​ន្លែ​ង​ផ្សេង​នោះទេ” ។ លោក​ន្ថែ​ម​ថា “រឿង​បង្កើត​រដ្ឋបាល​ប្រមូលផ្តុំ​នេះ គឺជា​ការគិត​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​ទៅមុខទៀត យើង​ត្រៀម​ធ្វើ​វា ខ្ញុំ​មិនទាន់​ឆ្លើយតបភ្លាមៗនោះទេ គឺ​ត្រូវ​ការគិតគូរ និង​ពេលវេលា​បន្ថែម” ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន កាលពី​កន្លងមកនេះ បាន​ស្នើឱ្យ​រដ្ឋបាលខេត្ត​កំពត បើក​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ សិក្សា​ទៅលើ​លទ្ធភាព​នៃ​ការបង្កើត​តំបន់​រដ្ឋបាល​ប្រមូលផ្តុំ និង​គម្រោង​សាងសង់​ពហុកីឡាដ្ឋាន​ថ្មី ប្រចាំ​នៅក្នុង​ខេត្តកំពត ដើម្បី​ចូលរួម​លើកកម្ពស់​សក្ដានុពល និង​សេដ្ឋកិច្ច​ខេត្ត​ឱ្យ​កាន់តែ​រីកចម្រើន។

រដ្ឋាភិបាល​បានកំណត់​យក​ទីក្រុង​កំពត ជា​ទិសដៅ​ទេសចរណ៍ សំខាន់បំផុត​មួយ និង​ជា​កន្លែង​ប្រមូល​ផលិតផល​កសិកម្ម សម្រាប់​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ក្នុង​ទី​ក្រុប​ឆ្នេរសមុទ្រ​មួយ​នេះ កំពុង​ត្រូវបាន​កសាង និង​អភិវឌ្ឍន៍។

យោងតាម​ចក្ខុវិស័យ​ដល់​ឆ្នាំ២០៣០ នៃ​ប្លង់គោល​ប្រើប្រាស់​ដី​ក្រុង​កំពត​គឺ រដ្ឋាភិបាល​កំពុង​សំដៅ​រៀបចំ និង​អភិវឌ្ឍ ក្រុង​កំពត​ជា​ក្រុង​គុជ​បៃតង ឆ្នេរសមុទ្រ ធម្មជាតិ វប្ប​ធ​ម៍ និង​ពាណិជ្ជកម្ម តាមរយៈ​ការអភិវឌ្ឍន៍​ជាទី​ក្រុង រមណីយដ្ឋាន​គុជ​ទេសចរណ៍​ឆ្នេរសមុទ្រ ធម្មជាតិ វប្ប​ធ៌​ម ដែល​ស្អាត​បំផុត​លើ​សកលលោក។

តាមរយៈ​ចក្ខុវិស័យ​នគររូបនីយកម្ម​នេះ ទីក្រុង​កំពត​នឹង​អភិវឌ្ឍ​ទៅជា​មជ្ឈមណ្ឌល​កែច្នៃ​ផ​លិ​ផល កសិកម្ម ឧស្សាហកម្ម ទីផ្សារ​អន្តរជាតិ​សម្រាប់​ផលិតផល​កសិកម្ម និង​ចែកចាយ​ទំនិញ និង​ជាទី​ក្រុង​ទំនើប ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម​ទីក្រុង និង​គុណភាព​បរិស្ថាន​រស់នៅ​ប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here