ដោយវុត្ថា
ភ្នំពេញៈ ស្របពេលដែលកម្ពុជា កំពុងតែជួបវិបត្តិនៃការរីករាលដាលជាសកល នៃជំងឺ Covid-19 នាពេលបច្ចុប្បន្ននេះ ម្ចាស់គម្រោងអភិវឌ្ឍលំនៅឋានមួយចំនួន បានផ្តល់លក្ខខណ្ឌពិសេសជូនដល់អតិថិជន ខណៈការទិញលក់នៅតែមានតម្រូវការ។
លោក ម៉ាន់ ចាន់ឌី អគ្គនាយកក្រុមហ៊ុន Premium Group ឱ្យដឹងកាលពីពេលថ្មីៗនេះថា បើទោះបីកម្ពុជាស្ថិតនៅក្នុងវិបត្តិជំងឺ Covid-19 យ៉ាងណាក្តី តែការតម្រូវការលំនៅឋាននៅតែមានជារៀងរាល់ថ្ងៃ ជាពិសេសគឺអ្នកដែលស្វែងរកទិញ ទទួលបាននូវលក្ខខណ្ឌពិសេសពីម្ចាស់គម្រោង។
លោកបន្តថ្លែងថា “តម្រូវការទិញលក់លំនៅឋាននៅតែមាន ហើយស្ថិតនៅក្នុងលក្ខណពិសេស ដូចជាទិញដោយគ្មានប្រាក់កក់ និងមានការថែមនូវសម្ភារៈប្រើប្រាស់ផ្សេងៗនៅក្នុងផ្ទះបាយ ដូចជាទូទឹកកកជាដើម” ។ លោកបន្ថែមថា “ទាំងលក្ខខណ្ឌនៃការបង់រំលស់ផ្ទះ ក៏ស្ថិតនៅក្នុងស្ថានភាពល្អប្រសើរផងដែរ” ។
តែយ៉ាងណាក៏ដោយ លោកថា ការទិញលក់លំនៅឋាននេះ ស្ថិតនៅក្នុងស្ថានភាពយឺតយ៉ាជាងពេលមុន ដែលមិនទាន់មានការផ្ទុះឡើយនៅជំងឺ Covid-19 កាលពីកន្លងមកនេះ។ លោកបន្តថា ទន្ទឹមនឹងការទិញលក់នៅតែមាន ក៏គម្រោងអភិវឌ្ឍន៍លំនៅឋាននានា នៅតែបន្តមានផងដែរ ដើម្បីឆ្លើយតបទៅនឹង តម្រូវការនេះ។
ចំណែក លោកស្រី តាំង ហួរ អគ្គនាយិកាក្រុមហ៊ុន Amatak Property Service បានឱ្យដឹងដែរថា ជាការពិតណា តម្រូវការលំនៅឋានសម្រាប់រស់នៅនៅតែមាន ហើយមានលក្ខខណ្ឌពិសេស ខណៈការទិញលក់លំនៅឋាន សម្រាប់ធ្វើការវិនិយោគបន្តមិនទាន់មាននោះទេ។
លោកថ្លែងថា “នាពេលបច្ចុប្បន្ននេះ ម្ចាស់គម្រោងមួយចំនួនបាន និងកំពុងបន្ធូរបន្ថយនូវលក្ខខណ្ឌពិសេស ដល់អតិថិជនរបស់ខ្លួន តាមរយៈការបោះរំលស់១០០ភាគរយ និងផ្តល់នូវសម្ភារៈប្រាស់ប្រាស់ផ្សេងៗ ហើយបើមិនបន្ធូរបន្ថយទេ នឹងមានការលំបាក។
លោកបន្ថែមថា “នៅពេលដែលអ្នកអភិវឌ្ឍន៍បន្ធូបន្ថយ នូវលក្ខខណ្ឌពិសេនេះ អតិថិជន ដែលជាអ្នកស្វែងរកលំនៅឋានសម្រាប់រស់នៅ ហើយមានលទ្ធភាពគួរតែទិញទុកអោយហើយ ជាពិសេសតម្លៃក៏មានលក្ខខណៈសមរម្យ បើទៅមុខទៀត តម្លៃនឹងមានការកើនឡើង” ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានមានប្រសាសន៍កាលពីពេលថ្មីៗនេះ ថា វិបត្តិនៃជំងឺ Covid-19 មិនមែនជាឧបសគ្គក្នុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសកម្ពុជានោះទេ ជាពិសេសគម្រោងលំនៅឋានដែលមានតម្លៃសមរម្យ ខណៈដែលប្រជាពលរដ្ឋកម្ពុជា នៅតែមានលទ្ធភាពទិញសម្រាប់រស់នៅ៕