អាមេរិក និងចិន នៅតែមានសុទិដ្ឋិនិយមលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម បើទោះប្រឈមបញ្ហាផ្សេងៗ

ដោយ ៖ ប៊ី

ភ្នំពេញ ៖ សហរដ្ឋអាមេរិក និងចិន បាននិយាយថា ពួកគេមានសុទិដ្ឋិនិយមកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ពួកគេ បើទោះបីជាប្រទេសមហាអំណាចទាំងពីរកំពុងមានបញ្ហាមួយចំនួនផ្សេងទៀតរួមទាំងបច្ចេកវិទ្យា និងសន្តិសុខជាតិ។

អាជ្ញាធរជាន់ខ្ពស់មកពីប្រទេសទាំងពីររួមទាំងរដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិកលោក Steven Mnuchin អ្នកតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer និងឧបនាយករដ្ឋមន្ត្រីចិន Liu He បាននិយាយតាមទូរស័ព្ទកាលពីថ្ងៃច័ន្ទកន្លងមកនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយរដ្ឋាភិបាលរបស់ពួកគេ។

ការិយាល័យរបស់លោក Lighthizer បានឱ្យនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលសំដៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម“ តំណាក់កាលមួយ” ដែលបានសម្រេចដើមឆ្នាំនេះថា “ភាគីទាំងពីរមើលឃើញពីវឌ្ឍនភាព ហើយប្តេជ្ញាចាត់វិធានការចាំបាច់ដើម្បីធានាបាននូវជោគជ័យនៃកិច្ចព្រមព្រៀង”។

ក្រសួងពាណិជ្ជកម្មចិនបានហៅកិច្ចពិភាក្សានេះថាជា “ការសន្ទនាប្រកបដោយការស្ថាបនា” នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយបន្ថែមថា ប្រទេសទាំងពីរបានព្រមព្រៀងបង្កើតលក្ខខណ្ឌ និងបរិយាកាស ដើម្បីបន្តជំរុញទៅរកកិច្ចព្រមព្រៀងនេះ។
ព័ត៌មាននៃកិច្ចចរចានេះកើតឡើងមួយសប្តាហ៍ បន្ទាប់ពីអ្នកចរចាពាណិជ្ជកម្មអាមេរិក និងចិនត្រូវបានរំពឹងថានឹងជួបគ្នាតាមរយៈវីដេអូ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀង ដែលសម្រេចបានកាលពីខែមករា។ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានបញ្ឈប់ការប្រជុំនោះ ពីព្រោះលោកមិនសប្បាយចិត្តនឹងទីក្រុងប៉េកាំង។

លោក Trump បានប្រាប់អ្នកយកព័ត៌មានកាលពីសប្តាហ៍មុនថា “ខ្ញុំបានលុបចោលការពិភាក្សាជាមួយប្រទេសចិន។ ខ្ញុំមិនចង់និយាយជាមួយចិនទេឥឡូវនេះ”។
កាលពីសប្តាហ៍មុនភាគីចិន បាននិយាយថា កិច្ចពិភាក្សាពាណិជ្ជកម្មនឹងចាប់ផ្តើមឡើងវិញនៅប៉ុន្មានថ្ងៃខាងមុខ។
ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនបានកើនឡើងយ៉ាងកាលពីពេលថ្មីៗនេះ។ ប្រទេសទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកជុំវិញការរីករាលដាលនៃជំងឺ Covid-19 និងបានបិទស្ថានកុងស៊ុលមួយចំនួនជុំវិញបញ្ហាសន្តិសុខជាតិ។ អាជ្ញាធរអាមេរិក ក៏បានផ្តោតលើក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួន ហើយបានគំរាមហាមឃាត់កម្មវិធីពេញនិយម TikTok និង WeChat ។ ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីខែមករា នៅតែមានដដែល។

ក្រុមអ្នកវិភាគបានប្រាប់ CNN Business ថា បណ្តាប្រទេសទាំងពីរមានបំណងក្នុងការរក្សាទំនាក់ទំនងសេដ្ឋកិច្ចមានស្ថេរភាព និងមានការបន្តទំនាក់ទំនង បើទោះបីប្រឈមមុខនឹងបញ្ហាផ្សេងទៀត។
កាលពីដើមខែនេះ ទីប្រឹក្សាសេតវិមានលោក Larry Kudlow បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា ប្រទេសចិនបានបង្កើនការទិញទំនិញរបស់សហរដ្ឋអាមេរិកយ៉ាងច្រើន។ លោក បន្ថែមថា ពាណិជ្ជកម្មគឺល្អ “ឥឡូវនេះ៕

ផ្សារទំនើបចំនួន២៦កំពុងបំពេញតម្រូវការអតិថិជននៅកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ផ្សារទំនើបតូចធំដែលកំពុងដាក់ដំណើរការ និងបំពេញសេចក្ដីត្រូវការរបស់អតិថិជននៅកម្ពុជានាពេលបច្ចុប្បន្ននេះ មានចំនួន២៦ នៅទូទាំងប្រទេស ដែលក្នុងនោះមានចំនួន២៣ នៅក្នុងរាជធានីភ្នំពេញ ខណៈពេលដែលផ្សារទំនើបថ្មីៗចំនួន៣ គ្រោងនឹងដាក់បញ្ចូលទីផ្សារនៅត្រឹមចុងឆ្នាំ២០២០ខាងមុខនេះ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះថា នៅពេលបច្ចុប្បន្ននេះមនុស្សជាច្រើនចាប់ផ្តើមមានទំនោរទៅលើផ្សារទំនើប ដែលក្នុងនោះរួមមានការទិញសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ការកម្សាន្ត និងការទទួលទានចំណីអាហារជាដើម។

លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា “បើនិយាយតម្រូវការ គឺនៅតែមានមិនអត់នោះទេ ប៉ុន្តែវាបានធ្លាក់ចុះជាងកាលពីឆ្នាំកន្លងទៅដោយសារតែបញ្ហានៃជំងឺសាកលដែលកំពុងបន្តគំរាមកំហែង”។ នៅក្នុងឆ្នាំ២០២០នេះ កំណើនផ្សារទំនើបនៅតែបន្តកើនឡើង ហើយរហូតដល់ចុងឆ្នាំ២០២០អាចនឹងមានចំនួន៣ទៀតគ្រោងដាក់ដំណើរការ”។

យោងតាមរបាយការណ៍ដែលចេញដោយក្រុមហ៊ុនភ្នាក់ងារ និងជំនាញស្រាវជ្រាវអចលនទ្រព្យអន្តរជាតិ CBRE Cambodia កាលពីចុងសប្ដាហ៍កន្លងទៅនេះបានបង្ហាញថា ទីផ្សារជួលតូបនៅក្នុងផ្សារទំនើប (Retail) នៅកម្ពុជា គិតត្រឹមចុងឆមាសទី១ (ចុងខែមិថុនា) គឺមានភាពអវិជ្ជមានខ្លាំង ពោលគឺធ្លាក់រហូតដល់ដក១៩ភាគរយ ក្រោមបន្ទាត់គោល ប៉ុន្តែទីផ្សារនេះត្រូវបានព្យាករណ៍ថា នឹងមានសន្ទុះឡើងវិញបន្តិចបន្តួចនៅក្នុងឆមាសទី២ នៃឆ្នាំ២០២០។

របាយការណ៍ដដែលបានបង្ហាញទៀតថា បើទោះជាទីផ្សារមួយនេះស្ថិតក្រោមបន្ទាត់គោលរហូតដល់ដក ១៩ភាគរយ ក៏ដោយ សម្រាប់ឆមាសទី២ នៃឆ្នាំដដែលនេះ តម្រូវការជួលតូបនឹងអាចមានកំណើនឡើងវិញមានប្រមាណ ១០,២ភាគរយ ប៉ុន្តែបើធៀបទៅនឹងឆ្នាំ២០១៩ គឺមានកំណើនប្រមាណ ០,១ភាគរយប៉ុណ្ណោះ ហើយកំណើននៃតម្រូវការជួលនេះ កើតឡើងដោយសារមនុស្សជាច្រើនចាប់ផ្តើមមានសកម្មភាពចេញដើរ និងប្រកបអាជីវកម្មប្រចាំថ្ងៃឡើងវិញ ក៏ដូចជាចេញដើរតាមផ្សា។

លោកស្រី អាន សុធីតា បានមានប្រសាសន៍បញ្ជាក់ថា “ចំនួនផ្សារទំនើបគ្រប់ប្រភេទដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះមានចំនួន២៦ទីតាំង ដែលក្នុងផ្សារចំនួន២៣ នៅក្នុងរាជធានីភ្នំពេញ ហើយគម្រោងផ្សារទំនើបថ្មីៗចំនួន៣ទៀតគ្រោងនឹងដាក់ដំណើរការនៅចុងឆ្នាំ២០២០ខាងមុខនេះ”។

ជាមួយនឹងកំណើននៃផ្សារទំនើបទាំងអស់នេះ លោកស្រី អាន សុធីតា បានអះអាងថា មិនអាចលុបបំបាត់ ឬលេបបណ្តាផ្សារប្រពៃណីចាស់ៗបាននោះទេ ប៉ុន្តែការរីកចម្រើន និងការកើនឡើងនូវចំនួនផ្សារទំនើប នឹងចូលរួមកែប្រែនូវរបៀបសណ្តាប់ធ្នាប់ ការបង្កើនសោភ័ណភាពនៅតាមបណ្តាផ្សារប្រពៃណីឱ្យកាន់តែមានភាពល្អប្រសើរជាងមុន៕

ព្រលានយន្តហោះអន្តរជាតិតារាសាគរខេត្តកោះកុងតម្លៃជាង២០០ លានដុល្លារនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅចុងឆ្នាំនេះ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ព្រលានយន្តហោះអន្តរជាតិតារាសាគរខេត្តកោះកុងដែលវិនិយោគដោយក្រុមហ៊ុន Union Development Group Co,td តម្លៃជាង ២០០លានដុល្លារអាមេរិក នឹងបញ្ចប់សាងសង់នៅដំណាក់កាលទី១ ក្នុងចុងឆ្នាំ២០២០ ខាងមុខនេះ ។

នេះ បើយោងតាមលទ្ធផលនៃជំនួបពិភាក្សាការងារជាមួយ លោកនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោក Li TAO ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Union Development អភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ។

លោក Li Tao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Union Development បានរាយការណ៍អំពីវឌ្ឍភាពការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិបានប្រព្រឹត្តទៅតាមផែនការ និងស្នើសុំគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រី បន្តជួយដល់គម្រោងសាងសង់បន្ថែមទៀត។

លើសពីនេះទៅទៀត លោក Li បានកោតសរសើរ ចំពោះរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដែលបានគាំទ្រដល់គម្រោងសាងសង់កន្លងមក និងចុងឆ្នាំអាកាសយានដ្ឋានតារាសាគរនឹងបញ្ចប់ការសាងសង់នៅដំណាក់កាលទី១ ។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការរដ្ឋានអាកាសចរស៊ីវិល បានអបអរសាទរចំពោះក្រុមហ៊ុន ដែលបានបញ្ចប់ការសាងសង់តាមផែនការ និងបន្តគាំទ្រសហការជាមួយក្រុមហ៊ុនធ្វើយ៉ាងណាឱ្យការសាងសង់បញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ជម្រុញកំណើនសេដ្ឋកិច្ច និងទាក់ទាញភ្ញៀវទេសចរ។

ក្រុមហ៊ុន UNION Development បានសម្រេចបោះទុនវិនិយោគសរុបចំនួន២០០លានដុល្លារសាងសង់ព្រលានយន្តហោះនេះ រួមមានការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្តោយ ៣២០០ម៉ែត្រ និងទទឹង៦០ម៉ែត្រ និងស្ថានីយ៍អ្នកដំណើរ ហើយក្រោយការសាងសង់រួច អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងអនុញ្ញាតឲ្យយន្តហោះធុនយក្ស ប្រភេទប៊ូអីង៧៧៧ និងអ៊ែរបើស A៣៤០ ចុះចតបាន។

ក្រុមហ៊ុនចិន UNION Development Group Co., Ltd. បានចុះកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០០៨ ដើម្បីធ្វើការអភិវឌ្ឍគម្រោងតារាសាគរ លើផ្ទៃដីសរុបទំហំ ៣៦,០០០ហិកតា។ គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានកំពុងសម្រុកអនុវត្តន៍ គម្រោងទៅតាមផែនការ ដោយបានបណ្តាក់ទុនវិនិយោគជាង ១,៥០០លានដុល្លារ លើការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនដូចជា ៖ ប្រព័ន្ធគមនាគមន៍, ក្លឹបវាយកូនហ្គោល, ព្រលានយន្តហោះ, កំពង់ផែទឹកជ្រៅអន្តរជាតិ, សួនលម្អ, បណ្តាញទឹកស្អាត និងប្រព័ន្ធអគ្គិសនី ជាដើម៕

រដ្ឋបាលខេត្តសៀមរាបអនុម័តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ខេត្ត

ដោយ ៖ វុត្ថា

សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាបបានអនុម័តទៅលើផែនការយុទ្ធសាស្ត្រ សម្រាប់ការគ្រប់គ្រងថវិកាចំណូល និងចំណាយរបស់រដ្ឋបាលខេត្ត (ឆ្នាំ២០២០-២០២៣) ) ក្នុងកិច្ចអភិវឌ្ឍន៍របស់ខេត្តសៀមរាបបន្ថែមទៀត ។

លោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប នៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ ឱ្យដឹងថា ផែនការយុទ្ធសាស្ត្រខេត្ត សម្រាប់ការគ្រប់គ្រងថវិការដ្ឋបាលខេត្តសៀមរាប (ឆ្នាំ២០២០-២០២៣) ព្រមទាំងលើកឡើងពីការគ្រោងចំណូល និង ចំណាយរបស់រដ្ឋបាលខេត្តទៀតផង។

លោកបន្តថា រដ្ឋបាលខេត្តបានលើកគម្រោងផែនការឆ្នាំមាន ៥គម្រោង តែដោយជួបនូវបញ្ហាវិបត្តិកូវិដ១៩ រដ្ឋបាលខេត្ត យកមួយគម្រោងយកទៅបម្រើលើសេវាសង្គម ក្នុងពេលដែលជួបវិបត្តិកូវីដ១៩នេះ ។

លោក អ៊ឹង ហឿន នៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ បានលើកនូវអនុសាសន៍មួយចំនួន ដើមី្បជាប្រទីតសម្រាប់សមាជិកក្រុមប្រឹក្សាខេត្ត ធ្វើការពិនិត្យលើគម្រោងផែនការថវិកា ដែលទីចាត់ការហិរញ្ញវត្ថុ នៃសាលាខេត្តសៀមរាប បានលើកផែនការយុទ្ធសាស្ត្រ លើគម្រោងចំណូល ចំណាយរបស់ខេត្ត(ឆ្នាំ២០២០. ២០២៣) ក្នុងកិច្ចអភិវឌ្ឍន៍របស់ខេត្តសៀមរាប។

លោកបន្តថា ពេលនេះខេត្តសៀមរាបក៏ពុំមានចំណោទបញ្ហាពីផ្លូវថ្នល់ទៀតឡើយ គឺបានផ្តោតទៅលើបញ្ហា អនាម័យ បរិស្ថាន នៅតាមដងស្ទឹងសៀមរាប និង តាមដងវិថីក្នុងក្រុងទៀតផង

លោក ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានធ្វើការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ ទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ កងកម្លាំងទាំងបី រួមទាំងប្រជាពលរដ្ឋ បានចូលរួមសហការបានល្អ ក្នុងការប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់នូវជំងឺកូវីដ ១៩ មិនឲ្យមានការរីករាលដាលនៅតាមសហគម ដោយអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបានជាប្រចាំ ។

លោកបន្តទៀតថា ដោយមានកិច្ចសហការបានល្អ ក្នុងពេលដែលរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យមន្ត្រីរាជការ កម្មករ វិយោជិក ឈប់សម្រាក៥ថ្ងៃ ស្របទៅនឹងការរៀបចំនូវព្រឹត្តិការណ៍សម្រាកសៀមរាប ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក៏បានធ្វើការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកកាន់ខេត្តប្រវត្តិសាស្ត្រសៀមរាប មានចំនួនប្រមាណជាង ២១ម៉ឺននាក់ ដែលបង្ហាញឲ្យឃើញការចាប់កម្រើកឡើងវិញក្នុងវិស័យទេសចរ នៅខេត្តសៀមរាប ដែលបានបាត់បង់អស់រយៈពេល៧ខែមកនេះ។

លោកបន្ថែមថា ជាក់ស្តែងក្នុងរយៈពេលឈប់សម្រាក៥ថ្ងៃមកនេះ ភ្ញៀវដែលចូលមកចាយវាយនៅខេត្តសៀមរាប ដែលប្រជាពលរដ្ឋយើងទទួលបានប្រមាណជាង៩លានដុល្លា ហើយនេះក៏ជាភាពជោគជ័យមួយផងដែរ ក្នុងពេលដែលកំពុងជួបវិបត្តិកូវិដនេះ ។ លោកបន្តទៀតថា ពាក់ព័ន្ធថវិកា ទៅលើគម្រោងចំណូល ចំណាយប្រចាំឆ្នាំនេះ ខេត្តគឺត្រូវការថវិកាបន្ថែមទៀត ទៅលើការចំណាយទៅលើគម្រោងផ្សេងៗ ដូចជាពិធីបុណ្យប្រពៃណីជាតិជាដើម។

លោកបញ្ជាក់ទៀតថា ពាក់ព័ន្ធទៅការអភិវឌ្ឍន៍ស្ទឹងសៀមរាប ដោយស្ទឹងសៀមរាបស្ថិតក្នុងការគ្រប់គ្រងរបស់ (អាយស៊ីស៊ី) យើងមិនអាចធ្វើការអភិវឌ្ឍន៍អ្វីបានឡើយ គឺបានត្រឹមធ្វើការថែរក្សា សម្អាតអនាម័យ បរិស្ថានប៉ុណ្ណោះ ព្រោះស្ទឹងសៀមរាបជាបេះដូងរបស់ខេត្តយើង ៕

កម្ពុជាត្រៀមរៀបចំកិច្ចប្រជុំកំពូលសេដ្ឋកិច្ចអាស៊ី- អឺរ៉ុប ខាងកើត ដើម្បីបង្កើនកំណើនពាណិជ្ជកម្ម

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងមន្ត្រីតំណាងសភាពាណិជ្ជកម្មកម្ពុជា បាន និងកំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបខាងកើតដែលមានសមាជិកចំនួន៥ប្រទេស ដើម្បីបង្កើនកិច្ចទំនាក់ទំនង និងពង្រីកវិស័យពាណិជ្ជកម្ម។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះថា រដ្ឋាភិបាលកម្ពុជា បាន និងកំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលលើកទី៣ នៃក្រុមការងាររួមកម្ពុជា-គណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ដែលគ្រោងនឹងប្រារព្ធធ្វើនៅខែតុលា ឬ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។
លោកឧកញ៉ាបានមានប្រសាសន៍បន្តទៀតថា “តាមរយៈកិច្ចប្រជុំនេះ កម្ពុជាអាចនឹងទទួលបានផលចំណេញច្រើន ដែលក្រៅពីបង្កើនកិច្ចទំនាក់ទំនង បង្ហាញពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា ថែមទាំងអាចបង្កើនទំហំពាណិជ្ជកម្មរបស់កម្ពុជាតាមរយៈកិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរី”។ លោកឧកញ៉ាបន្តថា “បច្ចុប្បន្ននេះមានប្រទេសមិនតិចជាង១០នោះទេ ដែលព្យាយាមភ្ជាប់កិច្ចទំនាកទំនងជាគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ីខាងកើត ដែលផ្តួចផ្តើមបង្កើតឡើងដោយសហព័ន្ធរុស្សី មានសមាជិកចំនួន៥ប្រទេស និងមានចំណែកទីផ្សារជាង១០០លានអ្នក”។

ជាមួយនឹងការរៀបចំកិច្ចប្រជុំខាងលើនេះ កម្ពុជាអាចឆក់យកឱកាសនេះដើម្បីបង្កើនភាពទាក់ទាញក្នុងការវិនិយោគក្រោមការបង្ហាញពីគោលនយោបាយផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន ជាពិសេសការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន រួមជាមួយនឹងការឈានទៅរកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយប្រទេសកូរ៉េ និងប្រទេសឥណ្ឌាផងដែរ៕

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកស្នើសុំហោះហើរទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន និងពិភពលោកឡើងវិញ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងស្រុកបានស្នើសុំរដ្ឋាភិបាលកម្ពុជា ហោះហើរទៅកាន់គោលដៅរបស់ខ្លួនឡើងវិញនៅក្នុងប្រទេសតំបន់អាស៊ាន និងពិភពលោក បន្ទាប់ពីផ្អាកការហោះហើរចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺ Covid-19 កន្លងមកនេះ។

សំណើរបស់ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងស្រុកទាំង៥ នេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងា និង សម្តែងការគួរសមជាមួយលោកនាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីល្ងាចថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០ ម្សិលមិញនេះ។

ក្នុងជំនួបកិច្ចប្រជុំតំណាងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទាំង៥ បានលើកយកបញ្ហាប្រឈមនានា ក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងស្នើសុំឱ្យមានការហោះហើរជាបណ្តើរៗតាមដែលអាចធ្វើបាន ក្នុងបណ្តាប្រទេសអាស៊ាន មករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បានប្រាប់ឱ្យដឹងថា តាមសំណើររបស់ក្រុមហ៊ុនអាកាសចរណ៍នេះ រដ្ឋាភិបាលេខាធិការអាកាសចរណ៍ស៊ីវិលនឹងពិនិត្យឡើងវិញ និងដាក់សំណើរទៅកាន់គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដើម្បីពិនិត្យនឹងសម្រេចទៅលើការសម្រួលនិតិវិធីមូយចំនួន។

លោកបន្តថា តំណាងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក នៅក្នុងជំនួបកាលពីម្សិលមិញនេះ បានពិភាក្សាគ្នាលើការស្វែងរកនិតិវិធីដើម្បីបង្កឱ្យមានភាពងាយស្រួយក្នុងការហោះហើរកាន់តែមានភាពល្អប្រសើរ និងគោរពឱ្យបាននូវវិធានការការពារនៃការឆ្លងជំងឺកូវី១៩ ។

លោកពន្យល់ថា និតិវិធីរបស់យើងមានការលំបាកបន្តិច ដែលតម្រូវឱ្យមានការត្រួតពិនិត្យទៅលើអ្នកបើកបរយន្តហោះ និងអ្នកបំរើតាមយន្តហោះ ដែលបណ្តាប្រទេសមួយចំនួន មិនមានតម្រូវការបែបនេះ ខណៈដែលខាងក្រុមហ៊ុនអាកាសចរណ៍គេមានវិធានការការពារពីការឆ្លងជំងឺកូវីដ ១៩គ្រប់គ្រាន់។

ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងស្រុកក៏ដូចក្រុមហ៊ុនអាកាសចរណ៍នានាទទួលរងនូវផលប៉ះពាល់ពីឥទ្ធិពលនៃជំងឺកូវីដ ១៩ ផងដែរ តែរហូតមកដល់ពេលនេះ មិនមានក្រុមហ៊ុនណាមួយប្រកាសពីក្ស័យធននោះទេ ខណៈមានការជ្រោមជ្រែងពីរដ្ឋាភិបាលកម្ពុជា៕

ក្លាយជាម្ចាស់ផ្ទះវីឡាកូនកាត់បែបថៃ ជាមួយការបង់រំលស់អត្រាការប្រាក់ត្រឹម ០% របស់បុរី ជេ អរ ភី ផ្សារត្រាច

ដោយ ដានី

ភ្នំពេញ៖ បុរី ជេ អរ ភី ផ្សារត្រាច នាំមកជូនលំនៅដ្ឋានទំនើបបែបវីឡាកូនកាត់ រចនាបថប្រទេសថៃ សាកសមសម្រាប់ការរស់នៅសម័យថ្មី ជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួល មិនស្មុគស្មាញ ដែលផ្តល់ជូនការបង់រំលស់ឥតការប្រាក់រយៈពេល ២ ឆ្នាំពេញ។

គម្រាងបុរី ជេ អរ ភី ផ្សារត្រាច កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អតិថិជន ទាំងក្នុងនិងក្រៅតំបន់ ព្រោះតែសក្តានុពលនិងឱកាសវិនិយោគដ៏ចំនេញដែលបុរីបានផ្តល់ជូនអតិថិជន។

លក្ខណៈពិសេសរបស់វីឡាកូនកាត់ក្នុងបុរី ជេ អរ ភី គឺតម្លៃផ្ទះវីឡាកូនកាត់មានតម្លៃធូរថ្លៃ និងជាតម្លៃពិសេសបំផុតមិនធ្លាប់មានពីមុនមក។ បន្ថែមពីនេះ លំនៅដ្ឋានមានភាពស៊ីវីល័យ និងស្រស់ស្អាតបំផុតជាមួយនឹងបរិយាកាសខ្យល់បរិសុទ្ធ មានផាសុកភាពសម្រាប់ការរស់នោ។ គ្រប់ផ្ទះនិមួយៗសុទ្ធតែមានសួនច្បារ មានរបងវីឡា មានចំណតឡាន មានកន្លែងទុកដាក់សំរាមត្រឹមត្រូវ ព្រោះបុរីបានគិតគូរយ៉ាងហ្មត់ចត់ពីសោភណ្ឌភាព បរិស្ថាន និងសុខមាលភាពរបស់អតិថិជន។ ចំនែកនៅក្នុងបុរីវិញមានសួនកំសាន្តសម្រាប់កុមារលេងកម្សាន្ត និងមានសួនឱ្យប្រជាពលរដ្ឋរស់នៅក្នុងបុរីអាចដើរហាត់ប្រាណ ឬជជែកកម្សាន្តបំបាត់ភាពតានតឹងផងដែរ។

គម្រោងបុរី ជេ អរ ភីនេះ ស្ថិតនៅជិតផ្សារត្រាចជាប់ផ្លូវរដ្ឋទំហំ៣០ម៉ែត្រ តភ្ជាប់រវាងផ្លូវជាតិលេខ៥ និងផ្លូវជាតិ លេខ៥២១ ហ៊ុមព័ទ្ធជុំវិញទៅដោយរោងចក្រ សហគ្រាសតូចធំច្រើនជាង២០ទីតាំង ដែលកំពុងមានដំណើរការស្រាប់ មានមន្ទីរពេទ្យ វត្តអារាម សាលារៀនរដ្ឋ និងឯកជន រួមជាមួយនឹងផ្ទះស្នាក់របស់កម្មករ-កម្មការិនី រោងចក្រផងដែរ។ ដោយឡែកនៅក្នុងគម្រោងក៏មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងត្រឹមត្រូវមានបណ្តាញ ទឹកស្អាត អគ្គិសនី បណ្តាញបង្ហូរទឹក មានសួនច្បារសម្រាប់ហាត់ប្រាណ សួនកុមារ និងការបង្កើតតំបន់បៃតង ដែលជាការយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមចំណែកថែរក្សាបរិស្ថាននិងផ្តល់ភាពងាយស្រួលដល់ ការរស់នៅផងដែរ។

ទំហំ ផ្ទះ៤,២ X១២ ម៉ែត្រ មានបន្ទប់គេងចំនួន២ បន្ទប់ទឹកចំនួន២ បន្ទប់ទទួលភ្ញៀវដ៏ស្រស់ស្អាត និងធំទូលាយចំនួន១ មានផ្ទះបាយចំនួន១ និងសល់ទីធ្លាក្រោយផ្ទះជាង៣ម៉ែត្រ ខាងមុខផ្ទះជាង៦ម៉ែត្រ ងាយស្រួលចតយានយន្ត និងទុកដាក់សម្ភារៈផ្សេងៗ ដោយមានការរៀបចំទីកន្លែងទុកដាក់សំរាមយ៉ាងមានរបៀបបំផុត។

សម្រាបព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ៖ ០៩២ ៩២ ២៩ ២៧ ឬ Facebook: JRP Premium ៕

ក្រុមហ៊ុនសាជីវកម្មយក្សចំនួនពីររបស់ថៃ បង្ហាញពីបំណងបង្កើតរោងចក្រនៅកម្ពុជា

ដោយ៖ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុន KTIS មានគោលបំណងវិនិយោគលើការបង្កើតរោងចក្រផលិតសារធាតុអេតាណុល និងស្រាវីស្គីនៅកម្ពុជា ខណៈក្រុមហ៊ុន CP ALL បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគបង្កើតរោងចក្រកែឆ្នៃម្ហូបអាហារ ដើម្បីដាក់លក់នៅតាមសាខាហាង 7-Eleven នៅក្នុងប្រទេសកម្ពុជា ព្រមទាំងទទួលទិញផលិតផលខ្មែរ ដើម្បីយកមកដាក់លក់នៅក្នុងប្រទេសថៃ។

ការបង្ហាញបំណងវិនិយោគនៅកម្ពុជា ត្រូវបានធ្វើឡើង អំឡុងពេលលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានដឹកនាំមន្ត្រីការទូត ចុះធ្វើទស្សនកិច្ចសិក្សា កាលពីពេលថ្មីៗនេះ នៅសហគ្រាស KTIS Group ដែលជាក្រុមហ៊ុនកសិឧស្សាហកម្មដ៏ធំមួយរបស់ប្រទេសថៃ ដើម្បីស្វែងយល់អំពីការអភិវឌ្ឍខ្សែសង្វាក់ផលិតកម្មស្ករស និងសារធាតុអេតាណុលដែលចម្រាញ់ចេញពីដើមអំពៅ។

ដំណើរទស្សនកិច្ចសិក្សានេះ ក៏មានការចូលរួមពីលោក ប៉ាផាន់ សេរីវិរិយ:កុល (Parphan Siriviriyakul) នាយកប្រតិបត្តិក្រុមហ៊ុន KTIS Group និងលោក ករសាក់ ឆៃរស្មីសាក់ (Korsak Chairasmisak) អគ្គនាយកក្រុមហ៊ុន CP ALL Public Company Limited រួមជាមួយទីប្រឹក្សា និងសហការីប្រមាណជាង ១០រូប ផងដែរ។

នៅក្នុងឱកាសនោះ លោក អ៊ូក សោភ័ណ បានជម្រាបជូនអង្គពិធីអំពីយុទ្ធសាស្ត្រថៃបូកមួយ (Thai Plus-One) និងបានស្នើតំណាងក្រុមហ៊ុនសាជីវកម្មយក្សទាំងពីរ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង ៤០ ធ្វើការពង្រីកប្រតិបត្តិការធុរកិច្ចនៅកាន់ប្រទេសកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីតំបន់សេដ្ឋកិច្ចពិសេស និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កម្ពុជា-ចិន ដែលនឹងត្រូវចុះហត្ថលេខានៅក្នុងឆ្នាំនេះ។

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានឱ្យដឹងថា “តំណាងក្រុមហ៊ុន KTIS បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើការបង្កើតរោងចក្រផលិតសារធាតុអេតាណុល និងស្រាវីស្គីនៅកម្ពុជា ចំណែកឯតំណាងក្រុមហ៊ុន CP ALL បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគបង្កើតរោងចក្រកែឆ្នៃម្ហូបអាហារ ដើម្បីដាក់លក់នៅតាមសាខាហាង 7-Eleven នៅក្នុងប្រទេសកម្ពុជា ព្រមទាំងទទួលទិញផលិតផលខ្មែរ ដើម្បីយកមកដាក់លក់នៅក្នុងប្រទេសថៃវិញផងដែរ”៕

អ្នកជំនាញ​អន្តរជាតិ៖ តំបន់​ចំនួន៤ នៅ​ទីក្រុង​ភ្នំពេញ​បង្ហាញ​សក្តានុពល​ខ្លាំង​លើការវិនិយោគ​អចលនទ្រព្យ

ដោយៈ ប៊ី

ភ្នំពេញ៖ អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​បាន​អះអាងថា តំបន់​ចំនួន៤ កំពុង​បង្ហាញ​សក្តានុពល​ខ្លាំង សម្រាប់​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​ទាក់ទាញ​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ ពិសេស​ខុន​ដូ។

លោក Ross Wheble ប្រធាន​ក្រុមហ៊ុន Knight Frank Cambodia ត្រូវបាន​ដកស្រង់​សម្តី​ចេញពី​កាសែត​ចិន SCMP ដោយ​លោក​បាន​ថ្លែងថា វិស័យ​អចលនទ្រព្យ​នៅ​ទីក្រុង​ភ្នំពេញ​កំពុង​រីកចម្រើន ខណៈ​តំបន់សំខាន់ៗមួយចំនួន កំពុងមាន​សក្តានុពល​សម្រាប់​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ និង​ទាក់ទាញ​វិនិយោគិន​ជាច្រើន។

លោក Wheble បាន​ថ្លែងថា តំបន់​រីកចម្រើនសំខាន់ៗនៅពេលនេះ រួមមាន ខណ្ឌទួលគោក និង​សែន​សុខ​នៅ​ភាគ​ខាងជើង និង​ពាយ័ព្យ​នៃ​ទីក្រុង មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​ភាគខាងត្បូង​ទីក្រុង និង​តំបន់​ជ្រោយចង្វារ​នៅ​ភាគ​ឦសាន​នៃ​ទីក្រុង។

លោក​បាន​បន្តថា “តំបន់​ទាំងនេះ​តំណាងឱ្យ​ចក្ខុវិស័យ កំណើន​រយៈពេល​មធ្យម និង​វែង​ល្អ​សម្រាប់​វិនិយោគ ប៉ុន្តែ​អ្នកវិនិយោគ​គួរតែ​ត្រៀមខ្លួន​ចាំ ក្នុង​ចន្លោះ​ពី៥ទៅ៧ ឆ្នាំ បន្ទាប់ពី​បញ្ចប់​គម្រោង” ។

វិនិយោគិន​គួរស្វែងយល់ ពី​ទីផ្សារ​គោលដៅ​វិនិយោគ​របស់ខ្លួន។ លោក Wheble ផ្តល់​ដំបូន្មាន​ឱ្យមាន​យុទ្ធសាស្ត្រ​ពិតប្រាកដ ដែល​គួរតែ​ត្រូវបាន​ពិភាក្សា​ជាមួយ​អ្នក​ប្រឹក្សា​ផ្នែក​អចលនទ្រព្យ​របស់​អ្នក។

លោក​បាន​មានប្រសាសន៍ថា “ការពិចារណាសំខាន់ៗ ក៏​នឹង​រួមបញ្ចូល​ការ​សង្ក​ត​មើល​ក្រុមហ៊ុន​អភិវឌ្ឍន៍ កំណត់ត្រា ហិរញ្ញវត្ថុ​បំរុង និង​អ្នកម៉ៅការ ក្នុងកំឡុងពេល​សាងសង់​ជាដើម” ។ លោក​បន្តថា “វិនិយោគិន​គួរ​ពិចារណា​លើ​ការប្រើប្រាស់​ដី​ជុំវិញ និង​ស្រាវជ្រាវ​អ្វី ដែល​កំពុង​ត្រូវបាន​អភិវឌ្ឍ​នៅជាប់​នឹង​គម្រោង ព្រោះ​វា​អាច​ជះឥទ្ធិពល​លើ​ទេសភាព និង​ពន្លឺ​ធម្មជាតិ​អនាគត ដែល​ជះឥទ្ធិពល​ដល់​ការលក់ នៅពេល​ចង់​លក់​បន្ត” ។

ក្រុមហ៊ុន Knight Frank មើលឃើញ​ពី​ការកើនឡើង នៃ​ចំនួន​អ្នកវិនិយោគ​ពី​ហុងកុង ដែល​ឥឡូវនេះ​កំពុង​សម្លឹង មើល​ឱកាស​នៅ​កម្ពុជា​ទាំង​អាជីវកម្ម និង​ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ខណៈ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ចូលមក​ប្រទេស​កម្ពុជា​ត្រូវបាន​គាំទ្រ​ដោយ​ការវិនិយោគ​ពី​ប្រទេស​ចិន។

ទោះបី​ការជួល​ក្នុង​វិស័យ​ខុន​ដូ លំដាប់​ប្រណីត​នៅ​ភ្នំពេញ​បាន​ធ្លាក់ចុះ២៥ ភាគរយ​ចាប់តាំងពី​ដើមឆ្នាំ២០១៧ ដោយសារ​ការផ្គត់ផ្គង់ មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ប៉ុន្តែ​លោក Wheble ជឿជាក់ថា កម្ពុជា​នៅតែ​ល្អ​សម្រាប់​វិនិយោគិន​បរទេស ក្នុងការ​ពិចារណា។

លោក​ថ្លែងថា “វា​ទាមទារ​ចំណេះដឹង​ទីផ្សារ និង​ការយល់ដឹង​ពី​តម្រូវការ​នាពេល​អនាគត។ ដើម្បីឱ្យ​ទីផ្សារ​មាន​និរន្តរភាព វា​ចាំបាច់​ត្រូវ​ជំរុញ​ដោយ​តំរូវការ​ក្នុងស្រុក ហើយ​វិនិយោគិន​គួរតែ​ផ្តោតលើ​គម្រោង ដែលមាន​តំលៃ​សមរម្យ​នៅ​កម្ពុជា” ៕

រដ្ឋាភិបាល​បើក​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​ប្រឈម​នៅតាម​ច្រកទ្វារព្រំដែន​កម្ពុជា-វៀតណាម-ថៃ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ បញ្ហា​ប្រឈម​នានា ដែល​កើតមាន​តាម​ច្រកទ្វារព្រំដែន​កម្ពុជា-វៀតណាម និង​ប្រទេស​ថៃ ត្រូវបាន​លើកយក​មក​ប្រជុំពិភាក្សា ដើម្បី​ស្វែងរក​ដំណោះស្រាយ ពិនិត្យមើល​ពី​ផែនការ​សកម្មភាព​ទាំង៧៨ ដែល​រៀបចំឡើង​ដោយ​ក្រុមការងារ​ចំពោះ​កិច្ច ប្រមូល​ធាតុ​ចូល​បន្ថែម សំដៅ​ឱ្យ​ផែនការ​សកម្មភាព​នេះ មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ។

នៅក្នុង​កិច្ចប្រជុំ​ដែល​ធ្វើឡើង​នៅ​ទីស្ដីការ ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បានលើកឡើង​ពី​គម្រោង​សាងសង់ គម្រោង​ពង្រីក និង​ការលើកកម្ពស់​គុណភាព ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ទាំង​ផ្លូវគោក ផ្លូវដែក និង​ផ្លូវទឹក ដើម្បី​ជំរុញ​និង​លើកកម្ពស់ វិស័យ​ភស្តុភារ​កម្ម​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង និង​អាច​ប្រកួតប្រជែង​ជាមួយនឹង​ប្រទេស​ក្នុង​តំបន់។

លោក​បាន​បញ្ជាក់ថា “ក្រសួង​បាន និង​កំពុងធ្វើការ​ជាមួយ​ភាគី​ថៃ ដើម្បី​អនុញ្ញាតឱ្យ​រថយន្ត​ដឹកទំនិញ ធ្វើ​ចរាចរណ៍​តាម​ច្រកទ្វារ​ស្ទឹង​បត់-បាន​ណង​អៀន បណ្ដោះអាសន្ន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត និង​បានធ្វើការ​ជាមួយ​ភាគី​វៀតណាម ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ នៅ​ព្រំដែន​បាវិត-ម៉ុក​បៃ​ផងដែរ” ។

ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ក៏បាន​ជំរុញ​លើកទឹកចិត្ត ឱ្យ​អង្គប្រជុំ​ទាំងមូល​ចូលរួម​ជា​មតិយោបល់ ក្នុងការ​ប្រែក្លាយ​វិស័យ​ភស្ដុភារ​កម្ម​កម្ពុជា ឱ្យទៅជា​មណ្ឌល​ភស្តុភា​រកម្ម និង​ជាឃ្លាំង​ស្តុក​ទំនិញ របស់​ប្រទេសជិតខាង ដោយហេតុថា​កម្ពុជា​ស្ថិតក្នុង​ភូមិសាស្ត្រ​ដ៏​មាន​អំណោយផល​មួយ​ក្នុង​តំបន់ និង​ជា​ច្រក​ដឹកជញ្ជូន​ទំនិញ​ពី​ថៃ-កម្ពុជា-វៀតណាម និង​ពី​វៀតណាម-កម្ពុជា-ថៃ៕