ដោយៈ រ៉ាណេត
ព្រះសីហនុៈ គិតត្រឹមសប្ដាហ៍ទី១ដើមខែធ្នូ ឆ្នាំ២០២០នេះ លទ្ធផលនៃការសាងសង់ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរួមមានដូចជាស្ពាន ផ្លូវថ្នល់បេតុងប្រវែង៧០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ ក្រោមទុនវិនិយោគប្រមាណ៣៥លានដុល្លារ របស់ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង (រ៉ូយ៉ាល់គ្រុមកោះរ៉ុង) សម្រេចបានប្រមាណ៣០ភាគរយហើយយ។
តាមរយៈបាយការណ៍របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបកោះរ៉ុងនៅថ្ងៃចុងស្ដាហ៍នេះបានបង្ហាញថា រហូតមកដល់ពេលនេះ ដំណើរការសាងសង់បានជិត៥ខែ ហើយសម្រេចលទ្ធផលបានជាង៣០ភាគរយ នៃផែនការកំណត់ ខណៈមន្ដ្រីជំនាញអះអាងថាដំណើរការនេះ នឹងសម្រេចទៅដោយរលូនដូចអ្វីដែលបានគ្រោងទុក។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានអភិវឌ្ឍន៍នៅតំបន់កោះរ៉ុងយ៉ាងច្រើន ដោយផ្ដើមចេញពីការកសាងសណ្ឋាគារផ្កាយ៥ ហើយមកដល់ពេលនេះ បានបន្ដការសាងសង់ផ្លូវប្រវែង៧០គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យគោលដៅអភិវឌ្ឍន៍មានច្រើន ជាបន្ដបន្ទាប់ទៀត ដូចជា អគ្គិសនី ទឹកស្អាត និងព្រលានយន្ដហោះជាដើម។
ជាមួយគ្នានលោកក៏បានបង្ហញនូវក្ដីសង្ឃឹមថា ទន្ទឹមនឹងការសាងសង់ផ្លូវបេតុង៧០គីឡូម៉ែត្រនេះ អ្នកឧកញ៉ា គិត ម៉េង នឹងខិតខំចាប់ផ្តើមអភិវឌ្ឍន៍គម្រោងផ្សេងៗទៀត ដើម្បីប្រែក្លាយកោះរ៉ុង ទៅជាទីក្រុងមួយដ៏ស្រស់បំព្រង មានផាសុខភាពល្អ តាមបែបធម្មជាតិនៃឆ្នេរខ្សាច់ និងព្រៃប្រឹក្សានៅទីនោះ សំដៅទាក់ទាញឱ្យកាន់តែច្រើនឡើងនូវភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា និងលំហែកាយនៅកោះរ៉ុង។
លោកគួច ចំរើន បានបន្តថា “ សកម្មភាពនៃការអភិវឌ្ឍ ក៏ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសផ្លូវថ្នល់របស់ក្រុមហ៊ុននៅពេលនេះ នឹងកាន់តែធ្វើឱ្យមានភាពទាក់ទាញកាន់តែខ្លាំង ហើយក៏ជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងជួយលើកកម្ពស់វិស័យទេសចរណ៍ផងដែរ” ។ លោកបន្តថា “ខ្ញុំជាមួយនឹងមន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធត្រៀមខ្លួន ដើម្បីផ្តល់កិច្ចសហការទាំងបច្ចេកទេស និងកិច្ចសម្រួល ដើម្បីឱ្យក្រុមហ៊ុនទាំងពីរ បើកបានដំណើរការអនុវត្តនូវសកម្មភាពរបស់ខ្លួន ឱ្យបានជោគជ័យទៅតាមពេលវាដែលបានកំណត់” ។
ការសាងសង់ផ្លូវបេតុងមួយខ្សែ ដែលមានប្រវែង៧០គីឡូម៉ែត្រខាងលើនេះ ត្រូវបានធ្វើឡើង រវាងក្រុមហ៊ុន ROYAL Group Koh Rong Development Company និងក្រុមហ៊នជំនាញសាងសង់ Sinohydro Corporation Limited ដោយគ្រោងបញ្ចប់ក្នុងរយៈពេល១៦ខែ៕