តម្លៃដីនៅតាមផ្លូវចំនួន២ ថ្លៃជាងគេក្នុងរាជធានីភ្នំពេញ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ កំណើននៃចំនួនគម្រោងអភិវឌ្ឍសំណង់អាគារពាណិជ្ជកម្មធំៗដែលកំពុងរីកដុះដាលនៅពេលបច្ចុប្បន្នបានជំរុញឱ្យតម្លៃដីធ្លីមានការកើនឡើងជាលំដាប់ ហើយដីដែលមានតម្លៃខ្ពស់ជាងគេក្នុងរាជធានីភ្នំពេញ គឺស្ថិតនៅតាមបណ្តោយមហាវិថីចំនួន២ ដែលនៅទីតាំងខ្លះឡើងរហូតដល់៨ពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េក៏មាន។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នេះថា បើទោះបីជាចលនាទិញលក់អចលនទ្រព្យនៅក្នុងឆ្នាំនេះមានការថមថយចុះបន្តិច ប៉ុន្តែសម្រាប់តម្លៃដីនៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស និងផ្លូវនរោត្តមនៅតែស្ថិតនៅកម្រិតខ្ពស់ជាងគេនៅទីក្រុងទីភ្នំពេញ។

លោកស្រីបានថ្លែងថា “រហូតមកពេលនេះ ដីដែលថ្លៃជាងគេបំផុតនៅតាមបណ្ដោយផ្លូវមុន្នីវង្ស និងផ្លូវនរោត្តម ហើយតម្លៃដីអាចឡើង ទៅដល់ ៨០០០ ដុល្លារក្នុងម៉ែត្រការ៉េសម្រាប់ផ្លូវទាំងពីរនេះ។ ផ្លូវមុន្នីវង្សជាផ្លូវដែលបន្តុំដោយអគារខ្ពស់ៗ និងហាងទំនើបៗ មជ្ឈមណ្ឌលពាណិជ្ជកម្ម ធនាគារ និងមានចរន្តសេដ្ឋកិច្ចខ្លាំង ខណៈដែលផ្លូវព្រះនរោត្តមជាផ្លូវគណៈប្រតិភូ និងតំបន់ពាណិជ្ជកម្មផងដែរ ហើយសម្រាប់ចរន្តសេដ្ឋកិច្ចនៅតាមបណ្តោយផ្លូវនេះវិញ ក៏មានភាពខ្លាំងក្លាមិនខុសពីផ្លូវមុនី្នវង្សនោះទេ។

លោកស្រី អាន សុធីតា បានបន្តថា “ចំនួននៃការទិញលក់អចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ ឆ្នាំ ២០២០នេះមានការធ្លាក់ចុះនៅក្នុងទីផ្សារទាំងមូល បើធៀបនឹងឆ្នាំ ២០១៩ដោយសារតែបញ្ហាចម្បងដែលបណ្តាលមកពីជំងឺកូវីដ ប៉ុន្តែចលនានៃការទិញលក់អចលនទ្រព្យតម្លៃក្រោម១លានដុល្លារ បែរជាកើនឡើងនៅជាយក្រុង ដូចជាតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវ និង៦០ ម៉ែត្រ ផ្លូវ៥១ ជាដើម”។

ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ធ្លាប់បានមានប្រសាសន៍ថា ចំពោះតម្លៃដីដែលស្ថិតនៅតាមបណ្តាផ្លូវ និងមហាវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ គឺមានតម្លៃខុសៗពីគ្នា ហើយក៏មិនសូវមានការទិញលក់យ៉ាងគគ្រឹកគគ្រេង ដូចដីនៅតំបន់ផ្សេងទៀតនោះដែរ រហូតត្រូវបានអ្នកជំនួញលើវិស័យមួយនេះចាត់ទុកថា ជាតំបន់ដីកម្រ។

លោកបានបញ្ជាក់ថា “ដីដែលស្ថិតនៅតាមបណ្តាផ្លូវខាងលើនេះ គឺត្រូវបានគេគិតជាចំណែកផ្សេងៗពីគ្នា ជាក់ស្ដែងដូចជាផ្លូវព្រះមុន្នីវង្ស ដោយរាប់គិតត្រឹមតែពីម្ដុំផ្សារថ្មីមកដល់តំបន់ពេទ្យចិន អាចមានតម្លៃចន្លោះពី ៥០០០-៦០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬអាចលើសពីនេះ អាស្រ័យលើទំហំដី និងតម្រូវការជាក់ស្ដែង ហើយចាប់ពីម្ដុំពេទ្យរហូតដល់ម្ដុំស្តុបបូគោ អាចមានចន្លោះ៤០០០ ទៅ ៥០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”៕

ក្រុមហ៊ុន KrisEnergy កំពុងពន្លឿនការអភិវឌ្ឍ ដើម្បីទាញយកប្រេងនៅប្លុកAកាន់តែឆាប់រហ័ស

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ក្រុមហ៊ុន KrisEnergy បានប្រកាសថា ការសាងសង់ផ្លាតហ្វម ក្បាលអណ្ដូង ផលិតកម្ម (Mini-Platform) សម្រាប់ការអភិវឌ្ឍអណ្តូងប្រេងកាតអប្សរាក្នុងប្លុក A ស្ថិតនៅដែនសមុទ្រកម្ពុជា ត្រូវបានបានបញ្ចប់ហើយ ខណៈនេះជាការជោគជ័យដ៏សំខាន់មួយរបស់ក្រុមហ៊ុន ដើម្បីឈានទៅដល់ការទាញយកប្រេងនាពេលខាងមុខ។ 

បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនចេញផ្សាយនៅក្នុងសប្តាស៍នេះបានបញ្ជាក់ថា ផ្នែកខាងលើ និងជើងទម្រផ្លាតហ្វម ខ្នាតតូចនេះ កំពុងត្រូវបានដឹកជញ្ជូនទៅកាន់ដែនទឹកនៃប្រទេសកម្ពុជា ដែលស្ថិតក្នុងឈូងសមុទ្រថៃ ដើម្បីធ្វើការតម្លើង។ ការលើកដាក់ និងការដឹកចេញផ្លាតហ្វម ខ្នាតតូចនេះ បានបញ្ចាប់ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ។

ការកសាងផ្លាតហ្វមខ្នាតតូចសម្រាប់ការអភិវឌ្ឍអណ្ដូងប្រេងកាតដំបូងគេបង្អស់របស់ប្រទេសកម្ពុជា បានចាប់ផ្ដើមកាលពីដើមខែធ្នូ ឆ្នាំ២០១៩ នៅឯរោងចក្រមួយនៅកោះបាតាម (Batam Island) ប្រទេសឥណ្ឌូនេស៊ី ។

នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន KrisEnergy ប្រចាំកម្ពុជា លោក Kelvin Tang បានថ្លែងថា “គិតចាប់ពីការរៀបចំកាត់ដែកដំបូងរហូតដល់ការដឹកចេញ ផ្លាតហ្វមខ្នាតតូចនេះ គឺមានរយៈពេល ៩ខែ ហើយសមិទ្ធផលនេះ រឹតតែវិសេសវិសាលថែមទៀត បើទោះបីជាមានការលំបាក និងបំរាមនានា ដែលក្រុមការងាររបស់យើង និងសហការីនៅឯ NOV Profab បានប្រឈមមុខតាំងពីដើមឆ្នាំ២០២០ ដោយសារតែជំងឺCOVID-19”។

លោកបានថ្លែងអំណរគុណ ដល់កិច្ចខិតខំប្រឹងប្រែងដ៍ធំធេងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកផ្គត់ផ្គង់ និងអ្នកម៉ៅការ ដែលបានជំនះរាល់ឧបសគ្គ ផ្នែកភស្តុភារទាំងទ្បាយ ធ្វើយ៉ាងណាដើម្បីរក្សាការប្រគល់នូវឧបករណ៍ និងសម្ភារនានា ពីគ្រប់ទីកន្លែងលើសកលលោកមកឱ្យរោងចក្រនៅ Batam បានទាន់ពេលវេលា តាមកាលកំណត់ ដើម្បីឈានទៅរកគោលដៅនៃការផលិតប្រេងអប្សរាដំបូងឱ្យបានមុនដំណាច់ឆ្នាំនេះ”។

លោក Kim Lamb នាយកគ្រប់គ្រងក្រុមហ៊ុន NOV Profab បានថ្លែងថា “យើងខ្ញុំរីករាយក្នុងការរួមចំណែកដ៏សំខាន់នៅក្នុងគម្រោងដំបូងមួយនេះ សម្រាប់ប្រទេសកម្ពុជា។ ទាំងក្រុមការងាររបស់ក្រុមហ៊ុន NOV និងក្រុមហ៊ុន KrisEnergy សុទ្ធតែបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដោយប្រើប្រាស់វិធីសាស្ត្រធ្វើការរួមគ្នា ជាក្រុមដ៏ពេញលេញ ដើម្បីផលិតផ្លាតហ្វម ដែលមានគុណភាពមួយ ហើយនេះជាសក្ខីភាពពិតនៃការប្តេជ្ញាចិត្តរបស់អ្នកពាក់ព័ន្ធទាំងអស់”។ 

លោកបានបន្តថា “យើងទន្ទឹងរង់ចាំធ្វើការជាមួយក្រុមហ៊ុន KrisEnergy សាជាថ្មីម្តងទៀតនៅថ្ងៃខាងមុខនេះ”។

ដំណាក់កាលអភិវឌ្ឍន៍ Mini Phase 1A នេះ រួមមាន ផ្លាតហ្វមខ្នាតតូច និងអណ្តូងប្រេងអភិវឌ្ឍដំបូងចំនួន៥ ដែលនឹងត្រូវបានភ្ជាប់ទៅកាន់នាវាផលិតកម្ម Ingenium II សម្រាប់ដំណើរការប្រព្រឹត្តិកម្មប្រេង ឧស្ម័ន និងទឹក។ ដំណាក់កាលអភិវឌ្ឍន៍ Mini Phase 1A ត្រូវបានរំពឹងទុកថា នឹងឈានដល់អត្រា ផលិតកម្មខ្ពស់បំផុត ៧.៥០០ បារ៉ែលក្នុង១ថ្ងៃ៕

គំរោង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋធំៗនៅតែ​បន្ត​សាងសង់​យ៉ាងសកម្ម ខណៈពេល​គំរោងថ្មីៗ កំពុង​រង់់ចាំ​ពេលវេលា

ដោយ ​វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាល​តាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិនទាន់មាន​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធធំៗនៅ​កម្ពុជា ដែល​នឹងត្រូវ​ដាក់ចូល​នៅក្នុង​ផែនការ សម្ពោធ​ឱ្យប្រើ​ប្រាស់ និង​ដាក់ឱ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​នេះនោះ​ទេ ប៉ុន្តែ​គំរោងធំៗដែល​បាន​បើក​ការដ្ឋាន​កន្លងមក​នៅតែ​បន្ត​ដំណើរការ​យ៉ាងសកម្ម។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន  លោក វ៉ា​ស៊ីម សុរិយា បាន​ប្រាប់​គេហទំព័រ Propertyarea.asia ឱ្យដឹង​នា​រសៀល​ថ្ងៃទី២៦សីហា​កន្លងមក​ថា នៅក្នុង​ដំណាក់​នៃ​វិបត្តិ​ជំងឺ​កូ​វីដ-១៩នេះ ក្រសួង​មិនទាន់មាន​គម្រោង ដែល​ត្រូវ​សម្ពោធ​ដាក់ឱ្យ​ដំណើការ ឬ​បើ​ការដ្ឋាន​សាងសង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធធំៗ និងថ្មីៗនោះទេ ។

លោក​បន្តថា “ចាប់ពី​មានការ​បើ​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​មួយចំនួន រ​ហូ​ម​ដល់ពេលនេះ មិនទាន់​គម្រោង​ណាមួយ​ដែល​នឹង​ត្រៀម​បើក​រដ្ឋា​ន ឬ​សម្ពោធ​ដាក់ឱ្យ​ដំណើរ​នោះទេ ស្រប​ពេលដែល​កម្ពុជា​យើង​កំពុង​ជួប​វិបត្តិ​ជំងឺ​កូ​វីដ-១៩ ” ។

លោក​បន្ថែមថា មាន​គម្រោង​មួយចំនួន​ត្រៀម​នឹង​បញ្ចប់ នៅក្នុង​ចុងឆ្នាំ​នេះ និង​គម្រោង​មួយចំនួនទៀត ដែល​នឹង​បើក​រដ្ឋា​ន​ក៏ត្រូវ​បាន​ផ្អាក តែ​សម្រាប់​សកម្មភាព​នៃ​សាងសង់ ឬ​ស្ថាបនា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់​នៅ​កម្ពុជា គឺ​នៅតែ​ដំណើរការ​ជាធម្មតា​ដដែល​មិនមាន​ការផ្អាក​នោះទេ។

សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​កន្លងមកនេះ បាន​ណែនាំ​ឱ្យ​លោក ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សា​រណការ និង​ដឹកជញ្ជូន​ផ្អាក​សកម្មភាព​ចំពោះ​គម្រោង​បើក​រដ្ឋា​ន​សាងសង់ និង​សម្ពោធ​ហេដ្ឋារចនាសម្ព័ន្ធ​មួយរយៈ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការចម្លង​នូវ​ជំងឺ​កូ​វីដ-១៩ ។

យ៉ាងណាក៏ដោយ សម្តេច​តេ​ជោ ហ៊ុន បញ្ជាក់ ការ​ផ្ទា​ក​សកម្មភាព​សកម្មភាព​បើក​រដ្ឋា​ន​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ គឺជា​គម្រោង​របស់​រដ្ឋ​តែប៉ុណ្ណោះ តែ​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែលជា​នួ​យ និង​ហិរញ្ញប្បទាន​ពី​ដៃគូ​អភិវឌ្ឍ និង​ប្រទេស​ជំនួយ​នៅតែ​បើក​រដ្ឋា​ន​ដដែល តែ​ស្ថិតនៅក្នុង​វិធានការ​ការពារ​ពី​ការចម្លង​នូវ​ជំងឺ​កូ​វីដ-១៩ ៕

ចិន​ក្លាយជា​ប្រទេស​ដែលមាន​ព្រលានយន្តហោះ​មាន​ផ្ទៃដី​ធំជាងគេ​នៅលើ​ពិភពលោក

ដោយ ហ្សូ​លី

ប៉េកាំងៈ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​សេវា​ហោះហើរ​របស់​ប្រទេស និង​ជួយ​សម្រួល​ដល់​ជើងហោះហើរ នៅតាម​បណ្តារ​អាកាសយានដ្ឋាន​នានា​ក្នុងប្រទេស រដ្ឋាភិបាល​ចិន​បាន​ចំណាយ​ផ្ទៃដី​ជាង១លាន​ម៉ែត្រការ៉េ ក្នុងការ​សាងសង់​ព្រលាន​យន្តហោះ​លំដាប់​យក្ស​មួយ។

ព្រលានយន្តហោះ​ដែល​ចំណាយ​ផ្ទៃដី​ធំជាងគេ​បង្អស់​នេះ មាន​ឈ្មោះថា Beijing Daxing International Airport ដែល​ចំណាយ​ថវិកា​ប្រមាណ១១.៤ពាន់​លាន​ដុល្លារ​ក្នុងការ​សាងសង់ និង​ចំណាយ​រយៈពេល៥ឆ្នាំ​តែប៉ុណ្ណោះ។ គ្រាន់តែ​ស្ថានីយ៍​ទទួល​អ្នកដំណើរ​ចំណាយ​ផ្ទៃដី​រហូតដល់ ៧០០,០០០ម៉ែត្រការ៉េ និង​រំពឹងថា​អាច​ទទួល​អ្នកដំណើរ​ចាប់ពី ១២០លាន ទៅ ២០០លាន​នាក់​ក្នុង​មួយឆ្នាំ។

ក្រុមហ៊ុន​ដែល​ទទួល​គម្រោង​ធ្វើ​ប្លង់​មេ របស់​អាកាសយានដ្ឋាន​លំដាប់​ពិភពលោក​នេះ​គឺជា ក្រុមហ៊ុន NACO ដែលជា​ក្រុមហ៊ុន​ទទួល​រៀបចំ​ប្លង់ របស់​ព្រលានយន្តហោះ​កម្ពុជា​ផងដែរ គឺ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថិតក្នុង​ខេត្តកណ្តាល។

ព្រលានយន្តហោះ Beijing Daxing បាន​ចាប់​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​ខែធ្នូ ឆ្នាំ ២០១៤ និង​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ២០១៩ ដែល​ខ្ទង់​ចំនាយបាន​ឡើង​រហូតដល់១៧ ពាន់​លាន​ដុល្លារ។ លុះដល់​ខែកញ្ញា ឆ្នាំ ២០១៩ ទើប​អនុញ្ញាត​ឱ្យមាន​ជើងហោះហើរ​ទៅមក និង​ចរាចរណ៍​ជា​ផ្លូវការ។

លក្ខណៈពិសេស​នៃ​ព្រលានយន្តហោះ​នេះ បាន​យកឈ្នះ​អាកាសយានដ្ឋាន​របស់​ប្រទេសយក្សៗចំនួន២ទៀត គឺ​ព្រលានយន្តហោះ King Fahd Dammam របស់​អារ៉ាប៊ីសាអ៊ូឌីត និង Denver International Airport របស់​សហរដ្ឋអាមេរិក។

រចនាបថ​របស់​ព្រលានយន្តហោះ​នេះ គឺ​យកតម្រាប់​ផ្កាយ​សមុទ្រ ដែល​អំណោយផល​ដល់​អ្នកធ្វើដំណើ​រ​មាន​ភាពងាយស្រួល ក្នុងការ​ចេញចូល​ព្រលាន​ពី​សន្តិសុខ ទៅកាន់​ច្រកចូល​ចំណាយពេល​ត្រឹមតែ៨នាទី​ប៉ុណ្ណោះ។

អ្វី​កាន់តែ​ពិសេស ក្រៅពី​ជា​ស្ថាបត្យកម្ម​ជួយ​ដល់​ប្រទេសជាតិ និង​ពិភពលោក ព្រលានយន្តហោះ Beijing Daxing ត្រូវបាន​ស្ថាបនា​ឡើង ក្នុង​គោលបំណង​ជួយ​បរិស្ថាន​ផងដែរ ដោយមាន​បំពាក់​បន្ទះ​សូ​ឡា​ជាច្រើន ទប់ទល់​កម្តៅ និង​ប្រព័ន្ធ​ទឹកស្អាត​ដែល​ធ្វើឱ្យ​ព្រលាន​នេះ​ជាប់​ឈ្មោះ​ជា Eco-friendliness airport ៕

ចំណេះដឹង! តើ​នីតិវិធី​សម្រុះសម្រួល​បទល្មើស​គយ​ត្រូវធ្វើ​យ៉ាងដូចម្តេច?

ដោយ វុត្ថា

ភ្នំពេញៈ រដ្ឋបាល​គយ​មាន​សិទ្ធិ​សម្រុះសម្រួល ចំពោះ​បទល្មើស​គយ តាម​បញ្ញត្តិ​មាត្រា៧៧នៃ​ច្បាប់​ស្តីពី​គយ។  សិទ្ធិ​សម្រុះសម្រួល​នេះ ប្រើប្រាស់​ចំពោះតែ​ការពិន័យ​ជា​ប្រាក់​តែប៉ុណ្ណោះ។

នេះ​ជា​នីតិវិធី​សម្រុះសម្រួល​បទល្មើស​គយៈ ក្នុង​រយៈពេល​សាមសិប​ថ្ងៃ (៣០) ថ្ងៃ គិតពី​កាលបរិច្ឆេទ ក្នុង​កំណត់ហេតុ​បទល្មើស​គយ ឬ​កំណត់ហេតុ​គយ​ផ្សេងទៀត បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​កំណត់ហេតុ​ទាំងនេះ ត្រូវ​ចូលខ្លួន​មក​សម្រុះសម្រួល ប្រសិនបើ​មានបំណង​សម្រុះសម្រួល​ករណីនេះ ដោយ​មិនបាច់​ប​ញ្ចូ​ន​សំណុំរឿង ទៅ​តុលាការ​មាន​សមត្ថកិច្ច។

សិទ្ធិ​សម្រុះសម្រួល និង​ការកំណត់​ពេលវេលា​នេះ ត្រូវ​ចែង​នៅក្នុង​កំណត់ហេតុ​បទល្មើស​គយ ឬ​កំណត់ហេតុ​ផ្សេងទៀត។

ប្រសិនបើ ក្នុង​រយៈពេល​កៅសិប​ថ្ងៃ (៩០) ថ្ងៃ គិតពី​កាលបរិច្ឆេទ​ក្នុង​កំណត់ហេតុ​ល្មើ​សគយ ឬ កំណត់ហេតុ​ផ្សេងទៀត សេចក្តីសម្រេច​ជា​ផ្លូវការ​ស្តីពី ការសម្រុះសម្រួល​នូវ​បទល្មើស​គយ មិនអាច​ធ្វើទៅបាន រដ្ឋបាល​គយ​ត្រូវបញ្ជូន​សំណុំរឿង ទៅ​តុលាការ​មាន​សមត្ថកិច្ច។

បុគ្គល​ពាក់ព័ន្ធ​ត្រូវ​អនុវត្តតាម​កម្រិត​កំណត់ និង​ល័ក្ខខ័ណ្ឌ​នានា​នៃ​សេចក្តីសម្រេច​ផ្លូវការ ស្តីពី​ការសម្រុះសម្រួល​បទល្មើស​គយ រាប់បញ្ចូល​ទាំង​ការបង់ប្រាក់​ពិន័យ ពន្ធ និង​អាករ ដែល​ត្រូវ​ជាប់ និង​កាតព្វកិច្ច​ផ្សេងទៀត​ដែលមាន​ចែង ក្នុង​សេចក្តីសម្រេច ក្នុង​រយៈពេល​កៅសិប​ថ្ងៃ(៩០) ថ្ងៃ គិតពី​កាលបរិច្ឆេទ​នៃ​សេចក្តីសម្រេច។

ប្រសិនបើ​បុគ្គល​ពាក់ព័ន្ធ​ខកខាន​អនុវត្តន៍ តាម​កម្រិត​កំណត់​និង​ល័ក្ខខ័ណ្ឌ​នានា​នៃ​សេចក្តីសម្រេច ក្នុង​រយៈពេល​កំណត់​នេះ ទំនិញ​ដែលជា​កម្មវត្ថុ នៃ​សេចក្តីសម្រេច​ផ្លូវការ​នេះ​ត្រូវ​ចាត់ទុកជា​ទំនិញ​គ្មាន​ការទាមទារ តាម​បញ្ញត្តិ​មាត្រា៥៤ និង​មាត្រា៥៥នៃ​ច្បាប់​ស្តីពី​គយ៕

ក្រុមហ៊ុន ខេ​អេ​ច លែ​ន សម្ពោធ​ការិយាល័យ​ថ្មី​បន្ថែម​នៅ​កំបូល​ស្របពេល​ក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច ១០០ហិកតា​បើក​ដំណើរការ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន​ខេ​អេ​ច​លែ​ន (KH Land Co., Ltd) បានរៀបចំ​ពិធី​សម្ពោធ​បើក​ការិយាល័យ​ថ្មី ខេ​អេ​ច​លែ​ន​កំបូល ស្ថិតនៅ​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​អតិថិ​ជន ស្រប​ពេលដែល​គម្រោង​ក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច របស់​ក្រុមហ៊ុន​ខេ​អេ​ច​លែ​ន កំពុងតែ​ចាប់ផ្ដើម​ដំណើរការ​លើ​ផ្ទៃដី១០០ហិកតា។

លោក ប៊​ន សុវណ្ណ ប្រធានការិយាល័យ​ខេ​អេ​ច​លែ​ន​កំបូល បាន​មានប្រសាសន៍​នៅ​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ថា ការិយាល័យ​ខេ​អេ​ច​លែ​ន​កំបូល​នេះ មាន​ទំហំ​ធំ​ទូលាយ មាន​អគារ​ចំនួន៣ជាប់​គ្នា និង​មាន​កំពស់៣ជាន់  អាចឆ្លើយតប​នឹង​កំណើន​អតិថិជន​និង​ដៃគូ​សហការ ដោយ​នឹង​ផ្ដល់​ភាពងាយស្រួល​ដល់​អតិថិ​ជន ដែល​អញ្ជើញ​មក​ប្រឹក្សា​យោបល់​សួរ​ព័ត៌មាន​នានា អំពី​គម្រោង​របស់​ខេ​អេ​ច​លែ​ន។

អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ ដែល​បាន​ចូលធ្វើការ​មុនគេ​នៅ​ខេ​អេ​ច​លែ​ន នៅ​ឆ្នាំ២០១៧ រូបនេះ​បាន​បញ្ជាក់ថា ក្នុង​រយៈពេល៣ឆ្នាំ​មកនេះ ក្រុមហ៊ុន​ខេ​អេ​ច​លែ​ន​មានការ​អភិវឌ្ឍ​រីកចំរើន​លឿន​រហ័ស​បំផុត លឿន​រហូតដល់​ទៅ៥០ដង ទាំង​ទំហំ​នៃ​ការវិនិយោគ ទំហំ​នៃ​ការអភិវឌ្ឍ​នៅក្នុង​គម្រោង ចំនួន​អតិថិជន ភ្នាក់ងារ​ដៃគូ​សហការ និង​សកម្មភាព​នានា​ជាច្រើន​ទៀត។

https://www.facebook.com/watch/?v=805659623539032&extid=mBOqVXBiWgZIGnVz

លោក​ប៊​ន សុវណ្ណ បាន​មានប្រសាសន៍​ទៀតថា “ ភាព​រីកចំរើន​ដ៏​លឿន​រហ័ស​របស់​ខេ​អេ​ច​លែ​ន​នេះ គឺជា​រឿង​ដ៏​គួរ​ឱ្យមាន​មោ​ទ​ភាព​បំផុត​សម្រាប់​ខ្ញុំ ដែល​បាន​ចូលប្រលូក​ក្នុង​វិស័យ​អចលនទ្រព្យ​ជាមួយ​ក្រុមហ៊ុន​ខេ​អេ​ច​លែ​ន” ។ លោក​បន្តថា “ការបើក​ការិយាល័យ​ខេ​អេ​ច​លែ​ន​កំបូល​នៅពេលនេះ គឺ​ស្រប​ពេលដែល​គម្រោង​រប​ស់​ក្រុមហ៊ុន​ខេ​អេ​ច​លែ​ន ក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច​កំពុងតែ​ចាប់ផ្ដើម​ដំណើរការ​លើ​ផ្ទៃដី១០០ហិកតា នៅជាប់​ផ្លូវ​ក្រវាត់ក្រុង៥១នៃ​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ” ។

គំរោង​នេះ​ស្ថិតនៅ​តំបន់​ប៉ូល​សេដ្ឋកិច្ច បណ្ដុំ​ទៅដោយ សួន​ឧ​ហ្សា​ហក​ម្ម រោងចក្រ សហគ្រាស និង​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋ​និង​ឯកជន​ជាច្រើន​ទៀត។ ម្យ៉ាងវិញទៀត នៅ​ជុំវិញ​ក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច មាន​សួន​ឧស្សា​កម្ម​កាណាឌីយ៉ា​ទំហំ ៥០០ហិកតា​របស់​អ្នកឧកញ៉ា​ពុង ឃាវ​សែ មាន​ផែស្ងួត មាន​រោងចក្រ សហគ្រាសធំៗ ឃ្លាំង​ផ្ទុកទំនិញ​នានា ក៏ដូចជា​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន​ជាដើម ដែល​ជួយ​ជម្រុញ​សេដ្ឋកិច្ច​កាន់តែ​រីកចំរើន។

លោក​ង៉ឺ​យ ធី តំណាង​ក្រុមហ៊ុន​ខេ​អេ​ច​លែ​ន​បាន​លើកឡើងថា ការបើក​ការិយាល័យ​ខេ​អេ​ច​លែ​ន​កំបូល​នៅពេលនេះ គឺ​មិន​ត្រឹមតែ​ផ្ដល់​ភាពងាយស្រួល ដល់​អតិថិជន​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្ដល់នូវ​ភាពជឿជាក់ ទំនុកចិត្ត​ខ្ពស់ និង​ឱកាស​ចំណេញ​កាន់តែច្រើន​សម្រាប់​អតិថិជន ក៏ដូចជា​ដៃគូ​សហការ​របស់​ខេ​អេ​ច​លែ​ន​ទាំងអស់ ខណៈដែល​គម្រោង​ក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច​កំពុង​លេច​រូបរាង​ឡើង។

លោក​បាន​បង្ហើប​ឱ្យដឹងថា នៅក្នុង​គម្រោង​ក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច មានការ​អភិវឌ្ឍ​ជាច្រើន​ដូចជា អាជីវកម្ម​ទាំង១០ ( ហាង​លក់​គ្រឿង​អេឡិចត្រូនិក ហាង​លក់​ទូរស័ព្ទ ផាប់ ម៉ា​ត សាឡ​ន ហាង​លក់​សម្លៀកបំពាក់ ហាង​នំ ហាង​ស៊ុប ហាង​កាហ្វេ និង​តូប​អាហារ ) ផ្សារ ផ្ទះ​អាជីវកម្ម វីឡា​ទោល វីឡា​កូនកាត់ ទីធ្លារ​សម្រាប់​រៀបចំ​ក​ម្ម​វិធី​និង​ការតាំងពិព័រណ៍​ទំនិញ ព្រមទាំង​ដី​ឡូ​តិ៍​ជាច្រើន​ហិកតា។

លោក​បន្តថា ក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច នឹង​ក្លាយជា​កន្លែង​បណ្ដុំ​អាជីវកម្ម និង​ពាណិជ្ជកម្ម ដែល​ម្ចាស់​សហគ្រាស និង​វិនិយោគិន​ទាំងអស់ អាច​តាំង​បង្ហាញ​ផ្សព្វផ្សាយ​ទំនិញ​របស់ខ្លួន។ ដូចនេះ អតិថិជន​ដែល​ទិញ​ដី​ឡូ​តិ៍ វីឡា​ទោល វីឡា​កូនកាត់ និង​ផ្ទះ​អាជីវកម្ម នៅក្នុង​គម្រោង​ក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច​ឥលូវ​នេះ នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពិសេស លក្ខខណ្ឌ​បង់ប្រាក់​ងាយស្រួល និង​ឱកាស​ចំណេញ​ច្រើន៕

ឯកអគ្គរដ្ឋទូតទីម័រខាងកើត ៖ ខេត្តព្រះសីហនុនឹងក្លាយទៅជាទីក្រុងហុងកុងថ្មីរបស់ប្រទេសកម្ពុជា

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានបង្ហាញពីក្ដីសាទរនៃភាពរីកចម្រើនរបស់ខេត្តព្រះសីហនុ ហើយជឿជាក់ថាថា ខេត្តព្រះសីហនុនឹងបន្តមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដែលទៅថ្ងៃអនាគតនឹងក្លាយទៅជាទីក្រុងហុងកុងថ្មី របស់ប្រទេសកម្ពុជា។

ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត លោក Ermenegildo Kupa Lopes នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២០នេះ ឱ្យដឹងថា ទន្ទឹមនឹងការរីកចំរើនរបស់ខេត្តព្រះសីហនុ ក៏មានបរទេសមួយចំនួនមិនសប្បាយចិត្ត និងបានធ្វើការចោទប្រកាន់ថា រដ្ឋាភិបាលចិនបានយកខេត្តព្រះសីហនុធ្វើជាមូលដ្ឋានយោធារបស់ខ្លួន ដែលការលើកឡើងទាំងនេះមិនមែនជាការពិតនោះឡើយ។ លោកបន្តថាទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា និងទីម័រខាងកើត គឺមានជាយូរមកហើយ ព្រោះប្រទេសទាំងពីរគឺមានសាវតាស្រដៀងគ្នា។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងដែរថា ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចំរើននាពេលបច្ចុប្បន្ននេះគឺក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា។

លោកបន្តថា ក្នុងនោះសម្រាប់ខេត្តព្រះសីហនុ គឺជាខេត្តប៉ូលសេដ្ឋកិច្ចពហុបំណង ដ៏សំខាន់របស់ប្រទេសកម្ពុជា ព្រោះខេត្តមានសក្តានុពលជាច្រើន រួមមានវិស័យឧស្សាហកម្មពាណិជ្ជកម្ម និងទេសចរណ៍។ល។ ខេត្តមានផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក និងមានកំពង់ផែអន្តរជាតិទឹកជ្រៅតែមួយគត់របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្លាស់ប្ដូរទំនិញឆ្លងកាត់ទៅកាន់បណ្ដាប្រទេសនៅទូទាំងពិភពលោក។

លោកអភិបាលខេត្តរូបនេះបញ្ជាក់ថា ទាំងអស់នេះហើយដែលធ្វើឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ និងបានផ្តល់លទ្ធភាពឱ្យអ្នកវិនិយោគជាតិ និងអន្តរជាតិ មានភាពងាយស្រួលក្នុងការមកបណ្ដាក់ទុនរកស៊ីនៅក្នុងខេត្តព្រះសីហនុ។ ក្រៅពីនោះខេត្តក៏មានឆ្នេរសាច់សល្អស្អាត និងវែងជាងគេ ទាំងដីគោក និងនៅតាមតំបន់ឆ្នេរកោះ ដែលអាចទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិអន្តរជាតិ អ្នកវិនិយោគ មកបណ្ដាក់ទុន និងលំហែកំសាន្ត៕

កម្ពុជាស្នើកូរ៉េបង្កើតទីផ្សារបោះដុំកសិផលនៅរាជធានីភ្នំពេញ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ កម្ពុជាបានស្នើសុំឱ្យរដ្ឋាភិបាលកូរ៉េជួយបង្កើតទីផ្សារបោះដុំផលិតផលកសិផលនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដែលមានសក្ដានុពលមួយចំនួន ដើម្បីជួយជំរុញ និងលើកកម្ពស់នៃការធ្វើពិពិធកម្មវិស័យកសិកម្មនៅកម្ពុជា។

រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានមានប្រសាសន៍នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានស្នើដល់លោក Park Heung-kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ជួយបង្កើតទីផ្សារបោះដុំកសិផលជាពិសេសបន្លែ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលមានសក្តានុពល។

តាមរយៈលោកឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលកូរ៉េ ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ក្នុងរយៈពេលកន្លងមក។ ជំនួយដ៏មានតម្លៃនេះ ពិតជាបានចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន ដែលបានស្តែងចេញ ជាលទ្ធផលយ៉ាងជាក់ច្បាស់ ដូចយើងបានឃើញនាពេលបច្ចុប្បន្ន។

ជាក់ស្តែងគម្រោងចំនួន៣៦ បាននិងកំពុងអនុវត្ត និងមួយចំនួនត្រូវបានបញ្ចប់ ការបណ្តុះបណ្តាលធនធានមនុស្ស គម្រោងជួយលើកកំពស់ផលិតភាពផលិតកម្ម និងពូជដំឡូងបារាំង នៅខេត្តមណ្ឌលគីរី ដែលសហការអនុវត្តដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម គម្រោងបង្កាត់ពូជពោត នៅស្ថានីយបន្ទាយដែក សហការអនុវត្ត ដោយអគ្គនាយកដ្ឋានកសិកម្ម គម្រោងជំរុញផលិតកម្មបន្លែនៅខេត្តមណ្ឌលគីរី អគារអន្តេវាសិកដ្ឋានថ្មីនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្មតាស្អាង ខេត្តស្វាយរៀង -ល-។

បច្ចុប្បន្ននេះ ផលិតផលកសិផលរបស់កម្ពុជា ដែលបាននាំចេញទៅកាន់ទីផ្សារកូរ៉េមានចំនួន ១៨ប្រភេទ ហើយនៅមាន២មុខទៀត ដែលអគ្គនាយកដ្ឋានកសិកម្មកំពុងដាក់ពាក្យស្នើសុំ។

លោក Park Heung-kyeong បានមានប្រសាសន៍ថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ដូច្នេះក្នុងអាណត្តិរបស់លោក នឹងបន្តសហការ និងគាំទ្រនូវរាល់សកម្ម ភាពគម្រោងនានា ដែលបាននិងកំពុងអនុវត្តឲ្យដំណើរការទៅដោយរលូន និងសម្រេចទទួលបានជោគជ័យ និងជាពិសេសពិនិត្យពិចារណា លើគម្រោងថ្មីៗ ដែលជួយដល់ការអភិវឌ្ឍវិស័យកសិកម្ម ។

លោកបានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េ និងធ្វើការពិនិត្យលម្អិត ដើម្បីផ្តល់ការគាំទ្រជាជំហានៗ តាមការចាំបាច់ ក្នុងបំណងចូលរួមអភិវឌ្ឍវិស័យនេះ ឱ្យមានការរីកចម្រើនសមស្រប តាមបរិបទនៃការប្រកួតប្រជែងទីផ្សារ កំណើនប្រជាជន និងកំណើនសេដ្ឋកិច្ច។
កសិផលកម្ពុជាទាំង១៨ប្រភេទ ដែលបាននាំចេញទៅកាន់ទីផ្សារកូរ៉េរួមមាន៖ គ្រាប់ស្វាយចន្ទី ស្ករត្នោត ដូងប្រេង កក់ក្រៀម ដំណាប់ស្វាយ ស្វាយស្រស់ ចំណិតផ្លែ ញក្រៀម ម្សៅញ ជ័រកៅស៊ូ ម្រេច ពោត ដំណាប់ផ្លែម្នាស់ ផ្សិតលីងជឺ សណ្តែកផ្កាយ ស្លឹកទៀបបារាំង ម្សៅម្រុំ និងស្លឹកគ្រៃ៕

អ្នកជំនាញ៖ វិស័យដីធ្លី និងលំនៅឋាន នាពេលបច្ចុប្បន្ននៅតែមានសក្តានុពល

ដោយវុត្ថា

ភ្នំពេញ ៖ នៅក្នុងចំណោមផ្នែកវិស័យអចលទ្រព្យទាំងអស់នៅក្នុងប្រទេសកម្ពុជា អ្នកជំនាញបានមើលឃើញ វិស័យអចលនទ្រព្យផ្នែកចំនួន ២ គឺ វិស័យដីធ្លី និងលំនៅឋាន នៅតែមានសក្តានុពលខ្ពស់ និងទទួលបានផលចំណេញ។

លោក គាម សៀកឡុង ក្រុមហ៊ុន Century 21 Dream Property បានពន្យល់ប្រាប់គេហទំព័រ propertyarea.asia ថា ការវិនិយោគលើវិស័យអចលនទ្រព្យគ្រប់ប្រភេទនៅកម្ពុជា អាស្រ័យទៅលើលំហូសាច់ប្រាក់របស់អ្នកវិនិយោគ អ្នកខ្លះវិនិយោគលើ ខុនដូ អាផាតមិន និងអគារការិយាល័យជាដើម តែក្នុងចំណោមនេះ ការវិនិយោគលើវិស័យដីធ្លី និងលំនៅឋាននាពេលបច្ចុប្បន្ននៅតែមានសក្តានុពល។

លោកបន្តថា “នាពេលបច្ចុប្បន្ននេះ ការវិនិយោគលើវិស័យលំនៅឋាន និងដីធ្លីនៅតែពេញនិយមខ្លាំងពីសំណាក់អ្នកវិនិយោគ តែសម្រាប់វិស័យខុនដូ គឺហាក់ដូចជានៅកម្រិតយឺតជាង ដែលទាមទារពេលវេលាយូរបន្ថែមទៀត”។

លោកបន្ថែមថា “សម្រាប់តម្រូវការដីលំនៅឋាន បាននឹងកំពុងងាកទៅកាន់ជាយក្រុងកាន់តែឆ្ងាយទៅៗ ដែលធ្វើឱ្យមានការលំបាកក្នុងការធ្វើដំណើរចួលមកកាន់ទីក្រុង ខណៈការរស់នៅខុនដូមានភាពងាយស្រួល និងមានភាពស៊ីវិល័យព្រោះមានទាំងអាងហែលទឹក ក្លឹបហាត់ប្រាណ ផ្សារទំនើប និងអគារការិយាល័យជាដើម”។

លោក ច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា បានឱ្យដឹងដែរថា សម្រាប់ទីផ្សារដីធ្លី និងលំនៅឋាននាពេលពេលបច្ចុប្បន្ននេះ ត្រូវបានទទួលស្គាល់ថា មានការធ្លាក់ចុះបន្តិច ប៉ុន្តែសកម្មភាពទិញលក់នៅក្នុងទីផ្សារនៅតែបន្តមាន។

លោកបន្តថា “ជាក់ស្តែងនៅក្នុងរយៈពេល ៣ ខែចុងក្រោយនេះ កំណើននៃការ ទិញលក់ បានងាកមករកស្ថានភាពល្អប្រសើរឡើងបន្តិចម្តងៗ ហើយខ្ញុំជឿថា យ៉ាងយូនៅចុងឆ្នាំ ២០២០ នេះ ឬ ដើមឆ្នាំ ២០២១ វិស័យអចលនទ្រព្យនៅកម្ពុជា នឹងមានភាពល្អប្រសើរឡើងវិញ ខណៈដែលការសិក្សាថ្មីៗនៃគម្រោងមួយចំនួនក៏បានង្ហាញពីតម្រុយចូលមកកាន់កម្ពុជាផងដែរ”៕

ត្រឹមរយៈពេលឈប់សម្រាក ៥ថ្ងៃ ថវិកាចំនួន ១០០លានដុល្លារ ហូរចូលទៅក្នុងវិស័យទេសចរណ៍កម្ពុជា

ដោយ ហ្សូលី

ភ្នំពេញ៖ ចលនាទេសចរណ៍ក្នុងស្រុកក្នុងកំឡុងពេលឈប់សម្រាក ៥ ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំខ្មែរនាពេលថ្មីៗនេះបានចំនូលជាទឹកប្រាក់ប្រមាណ ១០០ លានដុល្លារអាមេរិកទៅក្នុងវិស័យទេសចរណ៍។

តួលេខនេះត្រូវបានចេញផ្សាយនៅក្នុងកិច្ចប្រជុំមួយ ដើម្បីពិនិត្យឡើងវិញនូវសកម្មភាពទេសចរណ៍ក្នុងស្រុកក្នុងកំឡុងពេលឈប់សម្រាករយៈពេល ៥ ថ្ងៃដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០នេះ ក្រោមអធិបតីភាពរបស់ក្រុមហ៊ុន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

នេះជាតួលេខប៉ាន់ស្មានដែលត្រូវបានបង្កើតឡើងបន្ទាប់ពីមានភ្ញៀវទេសចរក្នុងស្រុកចំនួន ១,៤៥ លាននាក់ ដែលបានមកទស្សនាកម្សាន្តក្នុងប្រទេសនេះ គិតចាប់ពីថ្ងៃទី ១៧ រហូតដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២០។

ក្រសួងទេសចរណ៍ក៏បានកត់ត្រាផងដែរថា ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុកសរុប មានចំនួន ១៤.០០០ នាក់ជាជនបរទេស។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានឱ្យដឹងថា តំបន់ទេសចរណ៍សំខាន់ៗចំនួន ៣ របស់កម្ពុជា នឹងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តច្រើន រួមមានតំបន់ឆ្នេរ (កែប កំពត និងព្រះសីហនុ) តំបន់ភូមិឦសាន្ត និងខេត្តសៀមរាប ខណៈពេលនេះ មានភ្ញៀវកក់ផ្ទះសំណាក់ សណ្ឋាគារ និង បឹងហ្គាឡូច្រើន។

បើតាមឱ្យដឹងកាលពីថ្មីៗនេះ តាមរយៈសារព័ត៌មានអន្តរជាតិបានចុះផ្សាយថា កម្ពុជាឈរនៅលើកំពូលតារាងក្នុងបញ្ជីទិសដៅទេសចរណ៍មានសុវត្ថិភាពបំផុតនៅលើពិភពលោក ដោយសារមានបទប្បញ្ញត្តិសុខភាពអន្តរជាតិខ្ពស់ ហើយករណីឆ្លងជំងឺ COVID-19មានកម្រិតទាប៕