ចំណេះដឹង! តើ​ប្រព័ន្ធគ្រប់គ្រង​ការ​បង្វិល​សង (VAT Refund) ត្រូវធ្វើឡើង​ដូចម្ដេច?

ដោយៈ វុត្ថា

ភ្នំពេញៈ ប្រព័ន្ធគ្រប់គ្រង​ការ​បង្វិល​សង ដែល​ភាសា​បច្ចេកទេស​ហៅថា  VAT Refund គឺជា​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​មួយ ដែល​បង្កើតឡើង​ក្នុង​គោលបំណង ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​ជាប់​ពន្ធ ដែល​បាន​ចុះបញ្ជី​តាម​របប​ស្វ័យ​ប្រកាស ស្របតាម​ច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

អាច​ចូលទៅ​បំពេញ​ព័ត៌មាន ទិន្ន័យ​របស់​វិ​ក្ក័​យ​ប​ត្រ(ទិញ ឬ​លក់) និង​ចំនួន​ទឹកប្រាក់ ទៅតាម​ទម្រង់​ស្នើរ​សុំ​បង្វិល​សង​ប្រាក់​អាករ​លើ​តម្លៃបន្ថែម តាមរយៈ​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​បាន​គ្រប់​ទីកន្លែង និង​ពេលវេលា។

ប្រព័ន្ធ​នេះ នឹង​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកជា​ប់ព​ន្ធ ក្នុង​ការបញ្ចូល​ទឹកប្រាក់​ដែល​ត្រូវ​ស្នើសុំ បញ្ចូល​ព័ត៌មាន​មួយចំនួន​ពាន់​ព័ន្ធ​នឹង​ការស្នើសុំ ដែល​តម្រូវ​ដោយ​រដ្ឋបាល​សារពើពន្ធ បោះ​ពុ​ម្ភ​ពាក្យស្នើសុំ​ចេញពី​ប្រពន្ធ ដែលមាន​បារ​កូដ​សម្គាល់ និង​តាមដាន​ពី​ទឹកប្រាក់​ដែល​ខ្លួន​បាន​ស្នើសុំ​ពីមុនមក។

ប្រព័ន្ធ​នេះ ក៏បាន​ជួយ​ផងដែរ​ដល់​មន្ត្រី​ពន្ធដារ ដូចជា​ទទួល និង​តាមដាន​ការដាក់​ពាក្យស្នើសុំ​របស់​អ្នក​ជាប់ពន្ធ​តាមរយៈ​លេខ​កូដ មិនចាំបាច់​បញ្ចូល​ទឹកប្រាក់​តាម​វិ​ក្ក័​យ​ប​ត្រនីមួយៗម្តងទៀត ផ្ទៀងផ្ទាត់​ចំនួន​ទឹកប្រាក់​ជាមួយនឹង​វិ​ក្ក័​យ​ប​ត្រជាក់​ស្តែង ដោយ​ងា​រយ​ស្រួល គ្រប់គ្រង​ពី​ចំនួន​ខែ​យ៉ាង​ងាយស្រួល ទៅលើ​ក្រុមហ៊ុន​ដែល​ស្នើសុំ និង​គ្រប់គ្រង​លើ​ភាពមិនប្រក្រតី​នៃ​ការស្នើសុំ​របស់​អ្នក​ជាប់ពន្ធ៕

អ្នកជំនាញ៖ វិធីសាស្ត្រវាតម្លៃអចលនទ្រព្យចំនួន៤ ត្រូវបានប្រើប្រាស់ក្នុងឥវិយាបទទីផ្សារកម្ពុជា

ដោយ៖ ប៊ី
ភ្នំពេញ៖ អ្នកជំនាញ លើកឡើងថា ដើម្បីអាចដឹងពីតម្លៃអចលនទ្រព្យមួយបានគឺត្រូវឆ្លងកាត់ការរាយតម្លៃច្បាស់លាស់ពីអ្នកជំនាញ ខណៈវិធីសាស្ត្រវាតម្លៃចំនួន៤ត្រូវបានប្រើប្រាស់ភាគច្រើនក្នុងឥវិយាបទទីផ្សារអចលនទ្រព្យនៅកម្ពុជា។

លោក ប៉ូ អ៊ាវគង់ នាយកប្រតិបត្តិក្រុមហ៊ុន Advance Real Estate បានថ្លែងក្នុងកម្មវិធីស្តីពីការផ្តល់ប្រឹក្សាអាជីវកម្មចលនវត្ថុ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ថា មូលដ្ឋានគោលនៃការវាយតម្លៃអចលនទ្រព្យ មានវិធីសាស្ត្រចំនួន៤ នៅក្នុងប្រើប្រាស់ដើម្បីវាយតម្លៃ។

លោក បានថ្លែងថា “ពេលខ្លះវាយតម្លៃអចលនទ្រព្យ យើងអាចប្រើប្រាស់មួយវិធីសាស្ត្របាន ប៉ុន្តែអចលនទ្រព្យមួយចំនួន ដោយសារឥរិយាបទទីផ្សារមានការប្រែប្រួល យើងត្រូវប្រើរូបមន្តនៃការវាយតម្លៃ ដែលវិធីសាស្ត្រនៃការវាយតម្លៃចំនួន២ ឬ៣ ដើម្បីឆ្លុះបញ្ចាំង ព្រោះវិធីសាស្ត្រទាំង៤ យើងប្រើទៅតាមកាលៈទេសៈ និងប្រភេទនៃទីតាំងអចលនទ្រព្យ”។

លោក បានបន្តថា “ក្នុងករណីខ្លះ ការប្រើប្រាសវិធីសាស្ត្រនេះអាចជំនួបគ្នា ក្នុងករណីប្រមូលព័ត៌មានក្នុងការប្រើប្រាស់ វាមានភាពចាំបាច់ហើយវាអាចគាំទ្រដល់វិសាស្ត្រមួយទៀត ធ្វើបង្កើតសមហេតុសមផងសម្រាប់ការវិភាគរបស់យើង”
វិធីសាស្ត្រទាំង៤ រួមមានទី១ Comparable Method (វិធីសាស្ត្រប្រៀបធៀប) គឺរូបមន្តគោលយើងប្រើប្រាស់ច្រើនជាងគេ ទី២ វិធីសាស្ត្រ Cost Method (វិធីសាស្ត្រថ្លៃដើម) ទី៣ វិនិសាស្ត្រផ្តោតលើ Investment ការវាយតម្លៃអចលនទ្រព្យដោយផ្អែកទៅលើចំណូលត្រឡប់មកវិញ ដែលពាក់តម្លៃនៃការជួល និងការវិនិយោគអីផ្សេងៗក្នុងការវិភាគផ្តល់តម្លៃឱ្យអចលនទ្រព្យនោះវិញ។

វិធីសាស្ត្រចុងក្រោយគឺវិធីសាស្ត្រសំណល់ ត្រូវបានប្រើប្រាស់ដើម្បីវិភាគរឹះរកតម្លៃដី ដែលគេទិញ ដើម្បីធ្វើគម្រោងវិនិយោគ ដោយសារស្រុកខ្មែយើងសព្វថ្ងៃ យើងមានគម្រោងវិនិយោគអគារខុនដូ អគារពាណិជ្ជកម្ម និងShopping Center ជាដើម វិធីសាស្ត្រសំណល់អាចប្រើប្រាស់ច្រើនដែរ នៅក្នុងពេលឥរិយាបទទីផ្សារយើងសព្វថ្ងៃ។

លោក បានថ្លែងថា ជារួម អ្នកវាយតម្លៃត្រូវដឹងពីនិយមន័យ និងវិធីសាស្ត្រនីមួយៗឱ្យបានច្បាស់លាស់ក្នុងការវាយតម្លៃ មុនពេលពួកគាតធ្វើរបាយការណ៍ និងចុះទៅវាយតម្លៃ។ គោលបំណង នៃការប្រើប្រាស់វិធីសាស្ត្រក្នុងការវាយតម្លៃអចលនទ្រព្យគឺភាគច្រើន ដើម្បីរាយតម្លៃអចលនទ្រព្យសម្រាប់ការទទួលបានឥណទានពីធនាគារ ព្រោះភាគច្រើនយើងជួបជាមួយអតិថិជនប្រភេទនេះ”៕

វិនិយោគចិនចាប់ផ្តើមសម្រុកចូលទីផ្សារអចលនទ្រព្យនៅក្រុងហុងកុងជាថ្មី

ដោយៈប៊ី

ហុងកុងៈ វិនិយោគចិនដីគោកកំពុងតែវិលត្រឡប់ មករកទីផ្សារអចលនទ្រព្យរបស់ហុងកុងវិញ ដោយចំណាយរាប់លានដុល្លារទិញដី និងតំបន់ការិយាល័យ ការគាំទ្ររបស់ប្រទេសចិនលើទឹកដីហុងកុង ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។

ក្រុមហ៊ុនអភិវឌ្ឍន៍ចិនទទួលដីចំនួន៦ទីតាំង ក្នុងចំណោមទីតាំងទាំង១៣ នៅក្នុងការដេញថ្លៃរដ្ឋាភិបាល ចាប់តាំងពីខែកក្កដាឆ្នាំមុន។នេះបើយោងតាមរបាយការណ៍ ដែ​លបានចេញផ្សាយកាលពីថ្ងៃពុធ ដោយក្រុមហ៊ុនColliers International។

របាយការណ៍បានបង្ហាញថា វិនិយោគិនចិនក៏បានធ្វើកិច្ចព្រមព្រៀងទិញលក់ដីនៅតាមព្រំដែន ហុងកុងស្ទើរតែទាំងអស់។ការវិនិយោគយ៉ាងសកម្ម ក្នុងវិស័យអចលនទ្រព្យហុងកុងពីក្រុមហ៊ុនអាជីវកម្មរបស់រដ្ឋ និងឯកជន គឺដោយសារមានការផ្តល់ទំនុកចិត្តនៅក្នុងទីក្រុង ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើង លើសេរីភាពប្រជាជនហុងកុង និងសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។

គណៈកម្មាធិការនិយតកម្មធនាគារ និងធានារ៉ាប់រងចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីចុងសប្តាហ៍មុនថា ប្រទេសចិននឹងផ្តល់ការគាំទ្រដល់ស្ថាប័នហិរញ្ញវត្ថុរបស់ខ្លួន ដែលកំពុងធ្វើជំនួញនៅហុងកុង។

និយតករ ក៏បានសង្កត់ធ្ងន់ថា ស្ថានភាពទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនេះ នឹងមិនចុះខ្សោយ ដោយសារភាពតានតឹងរវាងចិន និងអាមេរិកឡើយ។

ក្រុមហ៊ុនColliers ឱ្យដឹងនៅក្នុងរបាយការណ៍ ដែលដឹកនាំធ្វើឡើងដោយលោក Rosanna Tang ប្រធានការស្រាវជ្រាវ ថា “យើងជឿជាក់ថា ក្រុមហ៊ុន និងមូលធនដីគោកនឹងបន្តស្វែងរកឱកាស ដែលក្លាយជារលកមួយនៃតម្រូវការ នៅក្នុងទីផ្សារជួល និងការវិនិយោគហុងកុង”។

ក្រុមហ៊ុនបានលើកឡើងពីសេដ្ឋកិច្ចធន់របស់ចិន គំនិតផ្តួចផ្តើមហិរញ្ញវត្ថុឆ្លងកាត់ព្រំដែនក្នុងការគ្រប់គ្រងភាគហ៊ុន និងទ្រព្យសម្បត្តិទ្រព្យ មូលធនរបស់ទីក្រុងហុងកុងសម្រា​ប់ការកៀគរប្រាក់ និងផែនការតំបន់ Greater Bay Area“។

ការទិញដីដែលគួរឱ្យកត់សម្គាល់បំផុតនៅក្នុងឆ្នាំនេះ គឺធ្វើឡើងដោយក្រុមហ៊ុនរដ្ឋ China Mobile ដែលបានចំណាយទឹកប្រាក់ចំនួន៥,៦ ពាន់លានដុល្លារហុងកុង(ជិត ៩៨៨លានដុល្លារអាមេរិក) l;តំបន់ឧស្សាហកម្មមួយនៅតំបន់Sha Tin កាលពីខែកក្កដា។ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ក្រុមហ៊ុនបានចំណាយ៥៥ភាគរយមុន។

ក្រុមហ៊ុនធានារ៉ាប់រង Ping An Insurance និងក្រុមហ៊ុនChina Cinda Asset Management គឺជាអ្នកទិញធំជាងគេពីរ បើគិតការទិញសរុបនៅក្នុងទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ហុងកុង ក្នុងរយៈពេល១២ខែចុងក្រោយ។ នេះបើយោងក្រុមហ៊ុន Colliers៕ BLOOMBERG៕

ឯកអគ្គរដ្ឋទូតចិនៈកម្ពុជា ចិនបានបង្កើតកិច្ចសហប្រតិបត្តិការគំរូសម្រាប់ សហគមន៍អន្តរជាតិ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានអះអាង និងបញ្ជាក់សាជាថ្មីថា រដ្ឋាភិបាលកម្ពុជានិងចិន បានបង្កើនចំណងមិត្តភាពយ៉ាងស្អិតល្មួត ព្រម​ទាំងបានបង្កើតកិច្ចស​ហប្រតិបត្តិការ យ៉ាងស៊ីជម្រៅរួមគ្នា រហូតបង្កើតបានជាគំរូសម្រា​ប់សហគមន៍អន្តរជាតិ។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានមានប្រសាសន៍នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសCOVID-19នេះមក ប្រទេសទាំងពីរ (ចិន និងកម្ពុជា)បានជួយយកអាសារគ្នាទៅវិញទៅមក និងបានជម្នះរាល់ឧបសគ្គជាមួយគ្នា បង្កើតបានជាគំរូនៃកិច្ចសហប្រតិបត្តិការ ទប់ស្កាត់នឹងជំងឺវីរុស សម្រាប់សហគមន៍អន្តរជាតិ ហើយចំណងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរនេះ ត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀតបន្ទាប់ពីឆ្លងកាត់ការលំបាកទាំងនេះ។

លោកបានបង្ហាញថា“ជំងឺវីរុសគ្មានព្រំដែន វាជាបញ្ហាប្រឈមជាទូទៅមួយសម្រាប់មនុស្សជាតិទាំងឡាយ។ នៅចំពោះមុខការផ្ទុះឡើងភ្លាមៗ របស់ជំងឺវីរុសមួយនេះ ការសិក្សាពីគ្នា និងជួយគ្នាទៅវិញទៅមក គឺជាអត្ថន័យដែលមាននៅក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសមួយនេះ សម្រាប់កិច្ចសហប្រតិបត្តិការសហគមន៍អន្តរជាតិ”។ លោកបន្តថា“ការសហការសាមគ្គីគ្នារវាងប្រទេសទាំងពីរ ក្នុងដំណើរកិច្ចទប់ស្កាត់នឹងជំងឺវីរុស គឺជាសក្ខីភាពដ៏ល្អប្រសើរបំផុត សម្រាប់សហគមន៍ជោគវាសនារួម និងការរួមសុខទុក្ខលើក្បូនតែមួយ របស់មនុស្សជាតិទាំងឡាយ”។

លោកបានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍លើកទី១ នៃការចុះហត្ថលេខាអនុវត្តផែនការសកម្មភាព កសាងសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា។ភាគីចិនរីករាយបន្តខិតខំប្រឹងប្រែងជាមួយភាគីកម្ពុជា ដើម្បីសម្របសម្រួលជំរុញកិច្ចការពារសម្រា​ប់ជំងឺវីរុសមួយនេះ និងដំណើរការសាជាថ្មីនៃសកម្មភាពផលិតកម្ម បន្តអនុវត្តផែនការសក​ម្មភាពកសាងសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ ដើម្បីទទួលបានការអភិវឌ្ឍន៍កាន់តែធំនិងកាន់តែឆាប់រហ័សក្នុងយុគសម័យថ្មីនេះ។

ថ្មីៗនេះកម្ពុជាទើបតែបញ្ចប់កិច្ចចរចា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (FTA) និងរង់ចាំពេលវេលាចុះហត្ថលេខា នាពេលខាងមុខនេះ ខណៈដែលកិច្ចព្រមព្រៀងនេះ នឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា។ បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន ទំនិញជាច្រើនមុខ នឹងត្រូវទម្លាក់ពន្ធនាំចូលដោយស្វ័យប្រវត្តិ ហើយនោះ ចលនានៃចរន្តវិនិយោគដីធ្លី និងលំនៅឋាននៅក្នុងប្រទេសកម្ពុជា ក៏នឹងទទួលបានផលប្រយោជន៍ជាច្រើនផងដែរតាមរយៈការជួល និងទិញវិនិយោគបង្កើតរោងចក្រ សហគ្រា​សនានាដល់បណ្តាក្រុមហ៊ុន និងវិនិយោគិននៅក្នុងប្រទេសកម្ពុជា ដែលមានគោលដៅនាំយកផលិតផលរបស់ខ្លួនឆ្ពោះទៅកាន់ទីផ្សារចិន៕

ក្រុមហ៊ុនផលិត និងផ្គត់ផ្គង់សម្ភារៈពេទ្យ រួមនឹងឧបករណ៍បច្ចេកទេសកូរ៉េ ត្រៀមរើទីតាំងមកកាន់កម្ពុជា

ដោយ ៖ រ៉ាណេត

កូរ៉េ ៖ ក្រុមហ៊ុនធំៗរបស់កូរ៉េមួយចំនួនដែលកំពុងមានដំណើរការផលិត និងផ្គត់ផ្គង់សម្ភារៈពេទ្យ ព្រមទាំងគ្រឿងបច្ចេកទេសនៅក្នុងប្រទេសកូរ៉េ បានបង្ហាញពីគោលដៅវិនិយោគ និងត្រៀមរើទីតាំងរោងចក្ររបស់ខ្លួនមកកាន់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ លោក ឡុង ឌីម៉ង់ បានឱ្យដឹងតាមរយៈប្រព័ន្ធទំនាក់ទំនងអេឡិចត្រូនិកនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះថា មួយរយៈពេលចុងក្រោយនេះ មានបណ្តាក្រុមហ៊ុនកូរ៉េជាច្រើន ដែលក្រៅពីបង្កើនកិច្ចទំនាក់ទំនងជាដៃគូក្នុងការទទួលយកផលិតផលរបស់កម្ពុជាទៅចែកចាយនៅលើទីផ្សារ ថែមទាំងមានបំណងរើទីតាំងរោងចក្ររបស់ខ្លួនមកកាន់ប្រទេសកម្ពុជាថែមទៀតផង ជាពិសេសក្រោយពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា “ជាមួយនឹងសកម្មភាពការទូតសេដ្ឋកិច្ចរបស់ស្ថានទូតយើង ក្រុមហ៊ុនកូរ៉េមួយដែលបាន និងកំពុងផលិតម៉ាស៊ីនប្ដូរសម្ពាធខ្យល់, ម៉ាស៊ីនបន្សុទ្ធខ្យល់ និងសម្ភារៈបរិក្ខាពេទ្យមួយចំនួនទៀត បានត្រៀមខ្លួនលើករោងចក្ររបស់ខ្លួនទៅតាំងនៅប្រទេសកម្ពុជា ហើយនឹងត្រៀមធ្វើការស្រាវជ្រាវផលិតបរិក្ខាពេទ្យថ្មីៗបន្ថែមទៀត ដើម្បីជាការប្រកួតប្រជែងជាមួយនឹងផលិតផលពីបណ្តាប្រទេសនៅអឺរ៉ុប”។

លោកបានបន្តថា “នេះនឹងមិនគ្រាន់តែជាឱកាសក្នុងការផ្ដល់ការងារដល់ប្រជាពលរដ្ឋខ្មែរទេ ប៉ុន្តែជាការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ ដល់ប្រទេសយើងផងដែរ។ ក្រុមហ៊ុននឹងត្រៀមចេញទៅប្រទេសកម្ពុជាដើម្បីសិក្សាឱ្យស៊ីជម្រៅបន្ថែមទៀត ដោយស្ថានទូតនឹងរៀបចំឱ្យស្ថាប័នជាតិពាក់ព័ន្ធផ្ដល់នូវកិច្ចសហការផ្សេងៗ”។

ប្រទេសកម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បាននិងកំពុងលេចឡើងជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសកូរ៉េ។ ការនាំចេញរបស់ខ្លួនមកកាន់កម្ពុជាបានកើនឡើង ៥,៥ ភាគរយ ឬ ៦៩៦ លានដុល្លារកាលពីឆ្នាំមុន ខណៈការនាំចូលពីប្រទេសកម្ពុជាកើន ៦,៨ ភាគរយ ដោយក្នុងនោះ ផ្នែកវាយនភ័ណ្ឌ និងសម្លៀកបំពាក់ ជាមុខជំនួញសំខាន់ៗ។

ថ្មីៗនេះ រដ្ឋាភិបាលកូរ៉េបានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាដែលជាដៃគូពាណិជ្ជកម្មដ៏មានសក្តានុពល និងជាសមាជិកអាស៊ានបានប្រកាសកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ ៧ ភាគរយចាប់តាំងពីឆ្នាំ២០១១ រហូតមក ខណៈពេលដែលប្រទេសកូរ៉េមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ជាមួយអាស៊ានវា បាន និងកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងគ្នាជាមួយប្រទេសជាសមាជិកដទៃទៀត៕

ហេតុផល ៣យ៉ាងជម្រុញឱ្យប្រជាជនកម្ពុជាសម្រុកទិញលំនៅដ្ឋានច្រើនជាងគេអំឡុង Covid-19

ដោយ ហ្សូលី

ភ្នំពេញ៖ វិស័យលំនៅដ្ឋាននៅទូរទាំងប្រទេសកម្ពុជា កំពុងទទួលបានគាំទ្រនិងមានការចាប់អារម្មណ៍ច្រើនជាងគេ បើប្រៀបធៀបជាមួយប្រភេទអចលនទ្រព្យដទៃ ទោះបីជាពិភពលោក រួមទាំងកម្ពុជាកំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចសកលក្តី។

អ្នកជំនាញអចលនទ្រព្យជាតិ-អន្តរជាតិ បានបង្ហើបឱ្យដឹងថា អតិថិជននិងអ្នកវិនិយោគច្រើនតែសំដៅទៅរកប្រភេទលំនៅដ្ឋានព្រោះតែក្រុមហ៊ុនអភិវឌ្ឍមានភាពច្បាស់លាស់ សម្បូរអតិថិជនក្នុងដៃស្រាប់ និងមិនងាយប្រឈមហានិភ័យខ្ពស់។

មូលហេតុសំខានៗចំនួន៣យ៉ាងដែលបណ្តាលឱ្យអ្នកវិនិយោគនិងអ្នកទិញអចលនទ្រព្យសម្រេចចិត្តទិញលំនៅដ្ឋានមានដូចជា៖

ងាយស្រួលក្នុងការបង្វិលប្រាក់
កត្តានេះសង្កេតឃើញថា នៅកម្ពុជាពោរពេញទៅដោយក្រុមហ៊ុនអភិវឌ្ឍជាច្រើនដែលផ្តល់ជូនអតិថិជនជាមួយលក្ខខណ្ឌងាយស្រួល មិនរឹតបន្តឹង និងមិនស្មុគស្មាញ។ លើសពីនេះ ក្រុមហ៊ុនអភិវឌ្ឍមួយចំនួនសន្យាថានឹងមានការបង្វិលទិញមកវិញទៀតផង ប្រសិនអ្នកវិនិយោគលក់មិនចេញ។ ក្រៅពីនេះ អាចដាក់ជួលដើម្បីរកប្រាក់កម្រៃមកវិញ ដែលមានន័យថា លំហូរសាច់ប្រាក់ក្នុងការវិនិយោគលើវិស័យនេះនឹងហូរឥតឈប់ឈរមិនជាប់គាំង។

តម្លៃពោរពេញដោយសក្តានុពលខ្ពស់ពេលលក់ចេញវិញ
ក្នុងន័យនេះ នរណាៗក៏បានជ្រាបច្បាស់ដេរថាទីផ្សារលំនៅដ្ឋានក្នុងប្រទេសកម្ពុជាមិនដែលធ្លាក់ថ្លៃឡើយ ផ្ទុយទៅវិញមានតែកើនឡើងជាលំដាប់ គ្រាន់តែតិចឬច្រើនអាស្រ័យទៅលើទីតាំង និងស្ថានភាពសេដ្ឋកិច្ចតែប៉ុណ្ណោះ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Land Station លោក កាង សុធី ធ្លាប់បានលើកឡើងថា ស្ថិតក្នុងដំណាក់វិបត្តិសេដ្ឋកិច្ចដោយសារជំងឺរាតត្បាតនេះ ការអភិវឌ្ឍគម្រោងលំនៅដ្ឋានក៏កើនឡើងស្របពេលដំណាលគ្នាដែរ ដែលបានធ្វើឱ្យកំណើនលំនៅដ្ឋានថ្មីមានការកើនឡើងច្រើន។ ទោះជាចំនួនលំនៅដ្ឋានថ្មីកើនឡើងច្រើន តែតម្លៃមិនមានការធ្លាក់ចុះនោះឡើយ។

ជាជម្រើសនិងការសម្រេចចិត្តដ៏ឆ្លាតវៃ
វាជាឱកាសដ៏ល្អសម្រាប់អ្នកដែលមានធនធានស្រាប់ ខណៈពេលដែលក្រុមហ៊ុនអភិវឌ្ឍមានការផ្តល់ជូនតម្លៃពិសេស ទាំងអត្រាការប្រាក់ ការបញ្ចុះតម្លៃ និងការថែមជូនផ្សេងៗ។ យុទ្ធសាស្រ្តឈ្នះៗទាំងក្រុមហ៊ុនដែលចង់ឱ្យមានចរន្តលក់ចេញ និងអតិថិជនដែលប្រាថ្នាចង់បានលំនៅដ្ឋានមានតម្លៃទាប និងសម្លឹងឃើញពីផលចំណេញរយៈពេលវែងទៅមុខ៕

រដ្ឋាភិបាលកំណត់ថ្ងៃឈប់សម្រាកបុណ្យជាតិនៅ២០២១ ត្រឹម ២១ថ្ងៃ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យមួយ ស្ដីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ដ្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ ២០២១ ដែលចុះហត្ថលេខា ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។

មន្ដ្រីរាជការ និយោជិត កម្មករ ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកការងារចំនួន២១ថ្ងៃទៅតាមប្រតិទិន ដែលបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។

អនុក្រឹត្យនេះ គឺសំដៅធានាឲ្យមានថ្ងៃបំពេញការងារគ្រប់គ្រាន់ សម្រាប់មន្រ្តីរាជការ និយោជិត កម្មករ ដើម្បីទទួលបានផលិតភាពការងារខ្ពស់ និងសមិទ្ធផលជាច្រើន ផ្សេងទៀត នៅក្នុងឆ្នាំ២០២០ ក៏ដូចជាឆ្នាំបន្តបន្ទាប់។

កាលពីខែសីហា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញហើយតារាងថ្ងៃឈប់សម្រាកសម្រាប់ឆ្នាំ២០២០ ដែលថ្ងៃឈប់សម្រាកនៅឆ្នាំ២០២០ មានត្រឹម ២២ថ្ងៃប៉ុណ្ណោះ កាត់បន្ថយចំនួន ៦ថ្ងៃ។ តែរាជរដ្ឋាភិបាល បានសម្រេចដំឡើងថ្ងៃសម្រាកពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រហូតដល់ទៅ ៤ថ្ងៃ។

យោងតាមអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករប្រចាំឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០២ ខែសីហា បានបង្ហាញថា ឆ្នាំ២០២០ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានកាត់បន្ថយពីរថ្ងៃ ពោលថ្ងៃឈប់សម្រាកនៅសល់តែមួយថ្ងៃ។ ពិធីបុណ្យជាតិ និងអន្តរជាតិចំនួន៥ផ្សេងទៀត មិនត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកទៀតនោះឡើយ។ ពិធីបុណ្យទាំង៥នោះ រួមមាន៖ បុណ្យមាឃបូជា ទិវាជាតិនៃការចងចាំ ទិវាកុមារអន្តរជាតិ ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងទិវាសិទ្ធិមនុស្ស ១០ធ្នូ។
ប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ ២០២១ នៅខាងក្រោម៖

រដ្ឋាភិបាល លើកទឹកចិត្តវិស្វករកម្ពុជាបង្កើនសមត្ថភាព ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយវិស្វករអាស៊ាន និងពិភពលោក

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា បានធ្វើការលើកទឹកចិត្ត និងជំរុញដល់បណ្តាវិស្វករជំនាន់ក្រោយរបស់កម្ពុជា ត្រូវបង្កើនសមត្ថភាពឱ្យស្របតាមគោលការណ៍ស្ដងដារ ដើម្បីក្លាយជាស្ពានសម្រាប់តភ្ជាប់បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ដោយផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍជីវភាពសង្គម ជាមួយបណ្តាទីផ្សារអាស៊ាន និងពិភពលោក។

រដ្ឋមន្ត្រីក្រសួងការងារ បណ្តះបណ្តាល និងវិជ្ជាជីវៈ លោក អ៊ិត សំហេង នៅក្នុងកិច្ចប្រជុំពាក់កណ្តាលអាណត្តិក្រុមប្រឹក្សាភិបាលនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន (AFEO) លើកទី១៩ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានមានប្រសាសន៍ថា វិស្វករជាស្ពានសម្រាប់តភ្ជាប់បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ដោយផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍជីវភាពសង្គម និងតម្លៃវប្បធម៌ ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា វិស្វករត្រូវតែចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្ដូរយោបល់ និងបទពិសោធន៍ជាមួយវិស្វករដទៃទៀត ជាពិសេសវិស្វករអាស៊ាន និងវិស្វករពិភពលោក ដើម្បីបង្កើនសមត្ថភាពយល់ដឹងរបស់ខ្លួនទាំងទ្រឹស្ដី និងការអនុវត្ត ដោយសង្ឃឹមថា វិស្វករនៃបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ ដូចពេលប្រជុំ AFEO Mid-Term នាពេលនេះ ឬក៏សន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន(CAFEO) តាមប្រទេសនីមួយៗ នឹងមានឱកាសធ្វើការជាមួយគ្នា ក្នុងការលើកកម្ពស់សមត្ថភាព ក៏ដូចជាការលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបង្កើនបាននូវភាពសុខដុមរមនា ក្នុងតំបន់ជាលក្ខណៈមហាគ្រួសារតែមួយ។

នៅក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រីក្រសួងការងារបានស្នើដល់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន បន្តវប្បធម៌ចែករំលែកបទពិសោធន៍ដ៏ប្រពៃនេះ ដើម្បីជំរុញឱ្យវិស្វករនៅក្នុងតំបន់មានសមត្ថភាពទៅតាមស្ដង់ដារអន្តរជាតិ និងអាចដើរទាន់ការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ នៃបណ្ដាប្រទេសជឿនលឿនក្នុងសកលលោក។ តាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងសមាជិកនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន នឹងក្លាយជាកម្លាំងចលករ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានសក្ដានុពលក្នុងការជំរុញឱ្យវិស័យសេវាវិស្វកម្មនៅក្នុងតំបន់បោះជំហានទៅមុខ ប្រកបដោយភាពជោគជ័យ។

ក្នុងនាមជាប្រធានក្រុមប្រឹក្សានៃគណៈវិស្វករកម្ពុជា លោក អ៊ិត សំហេង បានលើកទឹកចិត្តដល់យុវវិស្វករអាស៊ានអំពីការគិតគូរដល់ការបង្កើតសហគ្រិនភាព ការផ្តល់បរិយាកាសឱ្យបានសមស្របដើម្បីអត្ថប្រយោជន៍ វិបុលភាពសេដ្ឋកិច្ច និងសង្គម និងគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់យុវវិស្វករដែលមានស្នាដៃឆ្នើម ដើម្បីទទួលបានវិញ្ញាបនបត្រ និងមេដាយកិត្តិយសសម្រាប់ការប្រកួតប្រជែងប្រចាំឆ្នាំរបស់យុវវិស្វករអាស៊ាន។

គណៈវិស្វករកម្ពុជា ជាអាជ្ញាធរវិស្វកម្មជាតិដែលមានកិច្ចសហប្រតិបត្តិការជាមួយនឹងអង្គការ AFEO និងគណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ាន (ACPECC)។ កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានចំនួន២លើករួចមកហើយ៖ លើកទី១ CAFEO-20 ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី០២-០៤ ខែកញ្ញា ឆ្នាំ២០០២ ក្រោមប្រធានបទ “ វិស្វកម្មសម្រាប់ការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសជាសមាជិកអាស៊ាន” ។ លើកទី២ CAFEO-30 ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៦-១៩ ខែធ្នូ ឆ្នាំ២០១២ ក្រោមប្រធានបទស្តីពី “ អត្ថប្រយោជន៍នៃសមាហរណកម្មសេវាវិស្វកម្ម សម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាន ដែលមានការអភិវឌ្ឍតិចតួច ” ។

សន្និសីទទាំងពីរលើកកន្លងមក និងកិច្ចប្រជុំក្នុងថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ដែលចូលរួមពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាព មានចក្ខុវិស័យឆ្ពោះទៅតាមផែនការសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ (ASEAN ECONOMIC COMMUNITY BLUEPRINT 2025) និងជាចក្ខុវិស័យដើម្បីបង្កើតឱ្យមានការយល់ដឹងលក្ខណៈស៊ីជម្រៅ អំពីអត្ថប្រយោជន៍នៃការធ្វើសមាហរណកម្មសម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាន៕

មូលហេតុពិសេសដែលធ្វើឱ្យថៅកែក្រុមហ៊ុន Amazon ក្លាយជាសេដ្ឋីមានទ្រព្យសម្បត្តិ ២០០ពាន់លានដុល្លារ ដំបូងគេបង្អស់

ដោយ ហ្សូលី

អន្តរជាតិ៖ ស្ថាបនិកក្រុមហ៊ុនអន្តរជាតិ Amazon គឺលោក Jeff Bezos បានក្លាយជាសេដ្ឋីដំបូងគេបង្អស់លើពិភពលោកដែលមានទ្រព្យសម្បត្តិជាង ២០០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២០នេះ។

ចំនួនទ្រព្យសម្បត្តិនេះបានក្លាយឱ្យលោកក្លាយទៅជា មនុស្សដែលមានទ្រព្យសប្បត្តិច្រើនជាងគេលើលោក។ Forbes បានតាមដានទ្រព្យសម្បត្តិ និងរកឃើញមូលហេតុធំ ជាមួយនឹងភាគហ៊ុនរបស់ក្រុមហ៊ុន Amazon ឃើញថា ភាគហ៊ុនបានកើនឡើង ២ ភាគរយគិតត្រឹមរសៀលថ្ងៃពុធនេះ។ ទ្រព្យសម្បត្តិសុទ្ធរបស់ លោក Bezos កើនឡើង ៤,៩ ពាន់លានដុល្លារ ដែលធ្វើឱ្យបុរសវ័យ ៥៦ ឆ្នាំរូបនេះក្លាយជា មនុស្សដំបូងគេនៅលើពិភពលោកដែលទទួលបានទ្រព្យសម្បត្តិ ២០០ ពាន់លានដុល្លារ។

ដោយសារតែការផ្លាស់ប្តូរទម្លាប់អ្នកប្រើប្រាស់ដែលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺឆ្លងវីរុសនេះភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងជិត ៨០% ចាប់តាំងពីដើមឆ្នាំហើយទ្រព្យសម្បត្តិសុទ្ធរបស់ Bezos ដែលមានចំនួនប្រហែល ១១៥ ពាន់លានដុល្លារកាលពីថ្ងៃទី ១ ខែមករា បានកើនឡើងជាលំដាប់។ ភាគហ៊ុន ១១ ភាគរយរបស់ Bezos នៅក្នុងក្រុមហ៊ុន Amazon រកបានជាង ៩០% នៃទ្រព្យសម្បត្តិរបស់គាត់។ គាត់ក៏ជាម្ចាស់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ក្ រុមហ៊ុនអាកាសចរណ៍ Blue Origin និងការវិនិយោគឯកជនផ្សេងទៀត។

Bezos ក៏នឹងក្លាយជាអ្នកមានផងដែរប្រសិនបើគាត់មិនបានឆ្លងកាត់ការដោះស្រាយការលែងលះថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រកាលពីឆ្នាំមុន។ នៅពេលដែលគាត់បែកពីអតីតភរិយាគឺ Mackenzie Scott កាលពីខែកក្កដា ដោយគាត់បានយល់ព្រមផ្តល់ឱ្យនាង ២៥ ភាគរយនៃភាគហ៊ុនអាម៉ាហ្សូនដែលជាចំណែកភាគហ៊ុនឥឡូវនេះមានតម្លៃ ៦៣ ពាន់លានដុល្លារ។

សូម្បីតែការកែសម្រួលអតិផរណា Forbes ជឿជាក់ថាទ្រព្យសម្បត្តិរបស់ Bezos គឺធំជាងគេបំផុត។ មនុស្សដែលមកស្ថិតក្នុងលេខរៀងក្បែរលោកបំផុតគឺ លោក Bill Gates ដែលជាមហាសេដ្ឋីពាន់លានដំបូងគេនៅលើពិភពលោក៕

លោក ច្រឹក សុខនីម ទទួលបានការគាំទ្រជាប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យអាស៊ានតំណាងឱ្យប្រទេសកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ត្រូវបានតែងតាំងជាប្រធានសមាគមអ្នកវាយតម្លៃអាស៊ានអាណត្តិទី២៣ ក្រោមការគាំទ្រពីបណ្តាសមាជិកទាំង៨ប្រទេស។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលទើបតែត្រូវបានតែងតាំងជាប្រធានសមាគមអ្នកវាយតម្លៃអាស៊ានក្នុងអាណត្តិទី២៣ ក្រោមការគាំទ្រពីសមាជិកទាំង៨ប្រទេស បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះថា អាណត្តិជាប្រធានសមាគមអ្នកវាយតម្លៃអាស៊ានត្រូវបានធ្វើការផ្លាស់ប្ដូររៀងរាល់មួយឆ្នាំម្ដង។

លោកបានបញ្ជាក់ថា “តួនាទីជាប្រធានសមាគមអាស៊ាននេះ គឺត្រូវបានធ្វើឡើងដោយវិលជុំក្នុងនាមជាអ្នកជំនាញក្នុងការវាយតម្លៃ។ នៅក្នុងនាទីជាប្រធានសមាគមដែលមានសមាជិករហូតដល់៨ប្រទេសនេះ គឺយើងត្រូវរៀបចំ និងដឹកនាំកិច្ចប្រជុំនៅក្នុងតំបន់អាស៊ាន រួមជាមួយនឹងការប្រឹក្សាចែករំលែកនូវបទពិសោធន៍ពាក់ព័ន្ធទៅនឹងមូលដ្ឋាននៃការវាយតម្លៃអចលនទ្រព្យនៅតាមបណ្តាប្រទេសនានា ក៏ដូចជានៅក្នុងតំបន់ផងដែរ”។

លោក ច្រឹក សុខនីម បានមានប្រសាសន៍ទៀតថា “គោលការណ៍នៃការវាយតម្លៃ គឺគេមានស្ដង់ដារ IRS ឬ IVS ដោយមានការប្រៀបធៀបទៅនឹងចំណុចរួមផ្សំជាច្រើនទៀត រួមមានដូចជាកត្តាសេដ្ឋកិច្ចកំណើនសេដ្ឋកិច្ច ទីតាំង និងទំហំនៃតម្លៃជាក់ស្ដែងរបស់អចលនវត្ថុផងដែរ។ ដោយឡែក នៅក្នុងលក្ខខណ្ឌលម្អិតនៅក្នុងកិច្ចការជាប្រធានវាយតម្លៃនៅក្នុងតំបន់អាស៊ានគឺជាការដឹកនាំកិច្ចប្រជុំ បង្កើតព្រឹត្តិការណ៍នានា ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង បទពិសោធន៍របស់បណ្តាសមាជិកគ្រប់ប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ាន”។

បន្ថែមពីលើអីដែលលោកបានលើកឡើងខាងលើនេះ តាមរយៈឱកាសនៃការក្លាយជាអ្នកតំណាងកម្ពុជាក្នុងនាមប្រធាននៅក្នុងតំបន់អាស៊ាន ទាំងប្រជាជន ក៏ដូចជាបណ្តាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ជាពិសេសរដ្ឋាភិបាលកម្ពុជា នឹងទទួលបានផលចំណេញជាច្រើន ដែលអាចជួយបង្កើនកំណើនសេដ្ឋកិច្ចសង្គមជាតិទាំងមូលតាមរយៈការបង្ហាញពីសក្ដានុពលរបស់កម្ពុជាទៅកាន់បណ្តាប្រទេសនានា ដើម្បីបង្កើនភាពទាក់ទាញលើការវិនិយោគ រួមជាមួយនឹងការធ្វើពាណិជ្ជកម្មផ្សេងៗផងដែរ៕