វិភាគ៖ តើជប៉ុនកំពុងព្យាយាមប្រជែងឥទ្ធិពលចិននៅកម្ពុជា ?

ប្រែសម្រួលដោយ ៖ ប៊ី

ភ្នំពេញ ៖ កាលពីចុងសប្តាហ៍មុនរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Toshimitsu Motegi បានក្លាយជាអ្នកការទូតបរទេសដំបូងគេដែលបានចាប់ផ្តើមធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ចំពេលមានការរីករាលដាលនៃជំងឺ COVID-19។

ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជាដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ច៤ ប្រទេសគឺមិនត្រឹមតែជាដំណើរក្នុងតំបន់ធម្មតាដែលត្រូវបានធ្វើឡើងដើម្បីពង្រឹងចំណងការទូតទ្វេភាគីនោះទេ ប៉ុន្តែដើម្បីឆ្លុះបញ្ចាំងពីសាមគ្គីភាពក្នុងគ្រាលំបាក។ ផ្ទុយទៅវិញ បញ្ហាក្នុងតំបន់ដែលមានជម្លោះមួយចំនួន ដែលរួមមានគំនិតសេរី និងបើកទូលាយនៅឥណ្ឌូប៉ាស៊ីហ្វិក ដែលផ្សព្វផ្សាយដោយជប៉ុន ក៏ដូចជាភាពតានតឹងនៅសមុទ្រចិនខាងត្បូង បានគ្របដណ្តប់លើរបៀបវារៈនៃដំណើរទស្សនកិច្ចរបស់លោក Motegi ។

ដំណើរទស្សនកិច្ចរបស់លោកបានបង្ហាញថា ប្រទេសជប៉ុនកំពុងបោះជំហានមួយទៀតដើម្បីពង្រីកការចូលរួមរបស់ខ្លួនជាមួយកម្ពុជា ដែលជាសម្ព័ន្ធមិត្តដ៏លេចធ្លោជាងគេមួយក្នុងចំណោមសម្ព័ន្ធមិត្តរបស់ចិននៅក្នុងតំបន់។ ក្រៅពីប្រទេសកម្ពុជាដំណើរទស្សនកិច្ចរបស់លោក Motegi លោកក៏បានធ្វើទស្សនៈកិច្ចនៅប្រទេសឡាវ និងមីយ៉ាន់ម៉ា – ដែលជាកន្លែងរដ្ឋាភិបាលចិនមានឥទ្ធិពលខ្លាំងផងដែរ។

តើអ្វីបានជំរុញឱ្យជប៉ុនចាត់វិធានការភ្លាមៗ ដើម្បីពង្រីកតួនាទីក្នុងតំបន់? ច្បាស់ណាស់ ការបង្រីកឥទ្ធិពលរបស់ចិន ដែលកំពុងកើនឡើង បង្ហាញនៅក្នុងការទាមទារទឹកដីទាំងនៅបូព៌ា និងសមុទ្រចិនខាងត្បូង។ នៅក្នុងរបាយការណ៍ការពារជាតិប្រចាំឆ្នាំរបស់ខ្លួនដែលត្រូវបានចេញផ្សាយកាលពីខែមុន រដ្ឋាភិបាលជប៉ុនដែលស្ថិតនៅក្រោមលោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្វើទំនើបកម្មយោធាយ៉ាងឆាប់រហ័សរបស់ចិន ក៏ដូចជាការលាតត្រដាងដោយឯករាជ្យជាឯកតោភាគីលើការទាមទារទឹកដីរបស់ចិនទាំងនៅសមុទ្រចិនខាងកើត និងខាងត្បូង ខណៈពេលដែលប្រទេសផ្សេងៗទៀត ត្រូវបានជាប់គាំងនៅក្នុងសមរភូមិប្រឆាំងនឹងរោគរាតត្បាត។

គួរកត់សំគាល់ផងដែរថា ដំណើរទស្សនកិច្ចថ្នាក់តំបន់របស់រដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីផ្តល់ដល់ប្រទេសវៀតណាម ដែលជាអ្នកទាមទារសមុទ្រចិនខាងត្បូងមួយផ្សេងទៀត នូវនាវាល្បាតចំនួន ៦ គ្រឿង ដែលនឹងបង្កើនសមត្ថភាពយោធារបស់វៀតណាម។ ប្រទេសជប៉ុន បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងចូលរួមចំណែកដល់ការធ្វើឱ្យមានភាពសេរី និងបើកទូលាយឥណ្ឌូប៉ាស៊ីហ្វិក។

វាមិនត្រឹមតែការឈ្លានពានរបស់ចិនប៉ុណ្ណោះទេ ដែលមានសារៈសំខាន់ចំពោះប្រទេសជប៉ុននៅពេលនេះ។ ឥទ្ធិពលរបស់ចិនក្នុងការជួយប្រទេសដទៃទៀតប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក៏បង្កការព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រទេសជប៉ុន។ ចាប់ពីម៉ាសរហូតវ៉ាក់សាំង ក្រុងប៉េកាំងបានដាក់ពង្រាយឧបករណ៍ដែលអាចធ្វើបានទាំងអស់។

ក្នុងករណីបើទីក្រុងប៉េកាំងជោគជ័យក្នុងការបង្កើតវ៉ាក់សាំងការពារ COVID-19 ដែលជាអ្វីដែលថ្នាក់ដឹកនាំចិន ហៅថា “ផលល្អសាធារណៈ” ដែលនឹងត្រូវចែកចាយដល់ពិភពលោកទាំងមូល នោះទីក្រុងតូក្យូនឹងឃើញថា វាកាន់តែមានលក្ខណៈយុទ្ធសាស្ត្រខ្លាំង ដើម្បីប្រកួតប្រជែងជាមួយចិន។ ប្រសិនបើប្រទេសជប៉ុនមិនធ្វើសកម្មភាពភ្លាមៗទេ វាប្រហែលជាឆ្ងាយពីការនាំមុខរបស់ខ្លួន។

ការទប់ទល់ឥទ្ធិពលចិននៅកម្ពុជា

នៅប្រទេសកម្ពុជា លោក Motegi បានពន្យល់យ៉ាងច្បាស់ដល់សមភាគីកម្ពុជារបស់លោក គឺលោក ប្រាក់ សុខុន ថា វាកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់សម្រាប់គំនិតសេរី និងបើកទូលាយនៅឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីពង្រឹងបន្ថែមទៀត ខណៈដែលស្ថានភាពអន្តរជាតិបានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដោយសារលទ្ធផលនៃជំងឺ COVID-19។

ណែនាំដោយលោក អាបេ នៅឆ្នាំ ២០១៦ យុទ្ធសាស្ត្រគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់អាស៊ី អាហ្រ្វិក និងមជ្ឈឹមខាងកើត ខណៈពេលផ្តោតលើសារៈសំខាន់នៃប្រព័ន្ធអន្តរជាតិច្បាប់ ដែលមានមូលដ្ឋានរួមទាំងសេរីភាព ដូចជាការធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ទន្ទឹមនឹងនេះដែរ ក្នុងអំឡុងពេលនៃការជួបសម្តែងការគួរសមថ្នាក់ដឹកនាំកម្ពុជា ដើម្បីពង្រឹងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក លោក Motegi បានគូសបញ្ជាក់ថា រដ្ឋាភិបាលជប៉ុននឹងបន្តគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមបញ្ចូលទាំងការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅតែមួយគត់របស់ប្រទេសកម្ពុជា នៅខេត្តព្រះសីហនុ ដែលជាខេត្តដែលមានការវិនិយោគរបស់ចិនច្រើនលើការវិនិយោគនៅក្នុងកាស៊ីណូរហូតការសាងសង់សណ្ឋាគារ និងភោជនីយដ្ឋាន។ គម្រោងធ្វើទំនើបកម្មកំពង់ផែនេះត្រូវបានផ្តល់មូលនិធិដោយប្រាក់កម្ចីរបស់រដ្ឋាភិបាលជប៉ុនចំនួន ២០៩ លានដុល្លារ។ នៅពេលសាងសង់រួចរាល់នៅដើមឆ្នាំ ២០២៣ កំពង់ផែនេះត្រូវបានរំពឹងថា ជាច្រកពាណិជ្ជកម្មដ៏សំខាន់មួយ ដែលជម្រុញកំណើនសេដ្ឋកិច្ច ។

ទោះយ៉ាងណាគិតត្រឹមខែមិថុនា ចិននៅតែជាវិនិយោគិនធំជាងគេនៅខេត្តព្រះសីហនុ។ ក្រុមហ៊ុនចិនមានចំនួនភាគច្រើននៃគម្រោងវិនិយោគចំនួន ១៩៤ ដែលកំពុងសាងសង់នៅខេត្តនេះ នៅចន្លោះឆ្នាំ ១៩៩៤ និង ២០២០ ដែលមានតម្លៃសរុប ៣០ ពាន់លានដុល្លារ។

តាមរយៈការអះអាងពីសារៈសំខាន់នៃការពង្រឹងក្របខ័ណ្ឌឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រទេសជប៉ុនកំពុងព្យាយាមពង្រឹងជំហររបស់ខ្លួនក្នុងការប្រកួតប្រជែងឥទ្ធិពលរបស់ចិននៅកម្ពុជា ជាពិសេសនៅក្នុងតំបន់។ នៅក្នុងគំនិតនេះ វាជាការសំខាន់ណាស់ដែលប្រទេសជប៉ុនខិតខំបន្ថែមទៀតដើម្បីគាំទ្រ និងធ្វើការជាមួយប្រទេសនានា ដែលចាត់ទុកតួនាទីរបស់ខ្លួននៅក្នុងតំបន់ គឺមានសារៈសំខាន់ ក៏ដូចជាប្រទេសណាមួយដែលចិនកំពុងមានឥទ្ធិពល។

គ្មានអ្វីប្លែកទេ ដែលជប៉ុននៅតែចាត់ទុកកម្ពុជាជាដៃគូក្នុងតំបន់ដ៏សំខាន់ ហើយការធានាថា ប្រទេសកម្ពុជានឹងមិនបន្តធ្លាក់ចូលទៅក្នុងគន្លងប្រទេសចិនទៀតទេគឺជាគោលដៅសំខាន់មួយរបស់ទីក្រុងតូក្យូ។ ប៉ុន្តែជប៉ុនដែលគាំទ្រគម្រោងដែលបានលើកឡើងខាងលើ ប្រហែលជាមិនគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងជាមួយចិននៅកម្ពុជាទេ។ ប្រទេសជប៉ុនក៏ត្រូវធ្វើថែមទៀតក្នុងការពង្រីកការវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីឆ្លើយតបនឹងឥទ្ធិពលរបស់ចិន។

ក្នុងនាមជាដៃគូយុទ្ធសាស្ត្ររបស់ជប៉ុន ប្រទេសកម្ពុជាបានបង្ហាញចំណាប់អារម្មណ៍ និងចាប់យកគំនិតឥណ្ឌូ ប៉ាស៊ីហ្វិកដែលដឹកនាំដោយជប៉ុន។ កម្ពុជាជឿជាក់ថា យុទ្ធសាស្រ្តនេះផ្តោតសំខាន់លើវិបុលភាពសេដ្ឋកិច្ចតាមរយៈការចូលរួមកាន់តែជិតស្និទ្ធជាជាង ជំរុញឱ្យប្រទេសពាក់ព័ន្ធចូលរួម ដែលអាចប្រថុយនឹងការអព្យាក្រឹតភាព និងធ្វើឱ្យអន្តរាយដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់។

ដូចដែលបានឃើញក្នុងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានព្យាយាមបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីលើកកម្ពស់ ទស្សនវិស័យឥណ្ឌូប៉ាស៊ីហ្វិក និងអាស៊ាន ដែលរក្សាអាស៊ានជាចំណុចកណ្តាលនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាមួយភាពនៅកណ្តាលរបស់អាស៊ាន ប្រព័ន្ធផ្អែកលើគោលការណ៍ និងគោលការណ៍នៃការមិនជ្រៀតជ្រែក៕ The Diplomat

ថៃបោះទុន ១០០០លានដុល្លារ សង់ស្ថានីយ៍ផ្លូវដែកល្បឿនលឿននៅក្រុងអយុធ្យា

ដោយ ៖ ហ្សូលី

បាងកក ៖ រដ្ឋាភិបាលថៃបញ្ចេញថវិកាប្រមាណ ១០០០លានដុល្លារ ប្តូរមុខមាត់អតីតរដ្ឋធានីក្រុងអយុធ្យា ខាងជើងទីក្រុងបាងកក ឱ្យក្លាយជាមជ្ឈមណ្ឌលរថភ្លើងល្បឿនលឿន។

គម្រោងនេះភ្ជាប់ខ្សែរថភ្លើងល្បឿនលឿននៅក្នុងប្រទេស ហើយនឹងត្រៀមស្ថាបនានៅភាគខាងជើងប្រទេស ក្នុងគោលបំណងផ្សព្វផ្សាយ និងជម្រុញការអភិវឌ្ឍសម្រាប់ខេត្តអយុធ្យា។

នាយកការិយាល័យដឹកជញ្ជូន ច្បាប់ចរាចរណ៍ និងផែនការ លោក Roengsak Thongsom បានមានប្រសាសន៍ថា អយុធ្យាគឺជាទីក្រុងមួយក្នុងចំនោមទីក្រុងចំនួន៣ផ្សេងទៀត ដែលត្រូវបានជ្រើសរើសសម្រាប់ការអភិវឌ្ឍគម្រោងវិស័យដឹកជញ្ជូន។

លោកបន្តថា ផែនការនេះនឹងអនុញ្ញាតដោយផ្អែកលើមូលដ្ឋានក្នុងភាពជាដៃគូឯកជន-សាធារណៈ ហើយត្រូវអភិវឌ្ឍន៍ចែកចេញជា ៤ដំណាក់កាល។
ដំណាក់កាលទី ១ ចន្លោះឆ្នាំ ២០២១ និងឆ្នាំ២០២២ នឹងស្ថាបនាបន្ថែមនូវខ្សែទី២ ពីលើផ្លូវដែលមានស្រាប់ និងសាងសង់ស្ថានីយ៍រថភ្លើងល្បឿនលឿន។

ចំនែកឯដំណាក់កាលទី ២ អយុធ្យានឹងមានការអភិវឌ្ឍជាតំបន់ពាណិជ្ជកម្ម រួមមានផ្សារទំនើប ការិយាល័យ សណ្ឋាគារ មជ្ឈមណ្ឌលសន្និបាត និងគម្រោងខុនដូ ក្នុងចន្លោះឆ្នាំ ២០២៣ និង ២០២៧។ សម្រាប់ដំណាក់កាលចុងក្រោយវិញ នឹងដំណើរការក្នុងចន្លោះឆ្នាំ ២០២៨ និង ២០៣២ ដែលរដ្ឋាភិបាលនឹងធ្វើឱ្យតំបន់នេះក្លាយជាគោលដៅទេសចរណ៍បូកផ្សំជាមួយគម្រោងសណ្ឋាគារ និងអាផាតមិនជួល។ ពិសេស ធ្វើឱ្យតំបន់នេះក្លាយជាមូលដ្ឋាន និងពង្រីកបណ្តុំលំនៅដ្ឋានជុំវិញតំបន់។

គម្រោងនេះនឹងជួយឱ្យខេត្តអយុធ្យាក្លាយជាតំបន់ពោរពេញដោយការអភិវឌ្ឍមានសក្តានុពលជាមួយនឹងប្រព័ន្ធដឹកជញ្ជូនទំនើប តំបន់បៃតង ផ្លូវថ្មើរជើង និងផ្លូវសម្រាប់កង់ជាដើម៕

កម្ពុជា នឹងចាប់ផ្តើមអនុវត្តពន្ធលើចំណេញមូលធនពីអចលនទ្រព្យនៅដើមឆ្នាំក្រោយ

ដោយ ៖ ប៊ី
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីពន្ធលើចំណេញមូលធនពីអចលនទ្រព្យ ដែលមានអត្រាពន្ធថេរ ២០ភាគរយ នឹងចាប់ផ្តើមអនុវត្តចាប់បីថ្ងៃ១ ខែមករា ឆ្នាំ២០២១ ។ នេះបើតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ។

ពន្ធលើមូលធនចំណេញនឹងត្រូវអនុវត្តចំពោះអចលនទ្រព្យទាំងអស់ លើការវិនិយោគដើមទុនផ្សេងៗទៀត ដូចជា ការជួល ផ្សារហ៊ុន និងក៏ដូចជារូបិយប័ណ្ណបរទេស។ ពន្ធនឹងត្រូវអនុវត្តចំពោះប្រាក់ចំណេញណាមួយ ពីប្រតិបត្តិការនៅក្នុងផ្នែកទាំងនេះ។

នៅក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ការអនុវត្តពន្ធលើចំណេញមូលធននេះ ចាប់ផ្តើមអនុវត្តន៍ចាប់តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ប៉ុន្តែដោយសារតែមានវិបត្តិប្រឈមទើបត្រូវន្យាពេល។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា ចំពោះពន្ធនេះរាជរដ្ឋាភិបាល សម្រេចពន្យារពេលក្នុងការអនុវត្តរហូតដល់ថ្ងៃ០១ ខែមករា ឆ្នាំ២០២១។

លោកបានបញ្ជាក់ថា សម្រាប់ពន្ធលើចំណេញមូលធននេះ មិនមែនជាការបង្កើតពន្ធថ្មីនោះឡើយ។ ពន្ធនេះមានក្នុងច្បាប់ថវិកាឆ្នាំ២០១០មកម្ល៉េះ គឺត្រូវបានពន្យារពេលអនុវត្តរយៈពេល១០ឆ្នាំមកហើយ៕

ហេតុអ្វីបានជាកត្តាទីតាំងមានសារៈសំខាន់ខ្លាំងក្នុងការវិនិយោគអចលនទ្រព្យ?

ដោយ ហ្សូលី

ភ្នំេពញ៖ ទីតាំងគឺជាអាទិភាពដែលភ្នាក់ងារលក់អចលនទ្រព្យ ឬម្ចាស់អចលនវត្ថុ តែងតែលើកពីចំនុចសក្តានុពលទីតាំងដើម្បីបញ្ចុះបញ្ចូលដល់អតិថិជន និងវិនិយោគិន។ តើមូលហេតុអ្វីបានជាទីតាំងមានសារៈសំខាន់ក្នុងការវិនិយោគអចលនទ្រព្យ?

យោងតាមអ្នកជំនាញអចលនទ្រព្យបានឱ្យដឹងថា វិនិយោគិន និងអ្នកជាវអចលនវត្ថុទាំងអស់ គប្បីស្រាវជ្រាវពីតំបន់ឱ្យបានច្បាស់លាស់ មិនមែនសម្លឹងនិងស្វែងយល់ពីស្ថានភាពឬសក្តានុពលបច្ចុប្បន្នរបស់ទីតាំងនោះតែមួយមុខឡើយ។ ដើម្បីទទួលបានទីតាំងវិនិយោគល្អ ត្រូវស្វែងយល់ពីអតិតកាលរបស់ទីតាំង និងសក្តានុពលអភិវឌ្ឍនាពេលអនាគតរបស់ទីតាំងនោះ។

លោក អ៉ិន សំណាង អ្នកជំនាញអចលនទ្រព្យនិងជាអគ្គនាយកក្រុមហ៊ុន Show Up Real Estate មានប្រសាសន៍ថា ហេតុផលដែលជម្រុញឱ្យកត្តាទីតាំងមានសារៈសំខាន់ ព្រោះទោះបីជាមានបញ្ហាសេដ្ឋកិច្ច ជាក់ស្តែងដូចជាវិបត្តិកូវីដស្រាប់ កាលណាអ្នកទិញចេះជ្រើសរើសទីតាំងល្អ គឺនៅតែលក់ចេញបាន ដោយមិនបារម្ភរឿងគ្មានទីផ្សារ។

លោកបន្ថែមថា តំបន់ក្រាំងធ្នង់ និងខណ្ឌសែនសុខផ្ទាល់ សុទ្ធតែជាទីតាំងដែលមានចរន្តទិញ-លក់ជាធម្មតា ដោយសារតែអ្នកទិញឬអ្នកវិនិយោគ ចេះជ្រើសរើសនិងសង្កេតពីសក្តានុពលរបស់វា។

ជាក់ស្តែង ដើម្បីដឹងថាទីតាំងណាមួយជាកន្លែងល្អសម្រាប់អ្នកក្នុងការបោះទុនវិនិយោគនៅទីនោះ គួរតែសម្លឹងមើលចំនុចសំខាន់ៗដូចជា តំបន់ពាណិជ្ជកម្មឬតំបន់ស្ថាប័ន។ អតិថិជនអាចប៉ាន់ប្រមាណពីបញ្ហាផ្ទាល់ខ្លួនជាមុន ថាតើតំបន់នោះនៅក្បែរឬអាចចំណាយពេលតិចសម្រាប់ធ្វើដំណើរទៅប្រកបការងារដែរឬទេ? អ្នកមិនអាចចំណាយពេលរហូតដល់ ១ម៉ោង ទើបធ្វើដំណើរដល់កន្លែងធ្វើការបានទេ។

ហេដ្ឋារចនាសម្ព័ន្ធជាចំនុចផ្គួបផ្សំ ព្រោះអតិថិជនមានសិទ្ធគ្រប់គ្រាន់ដឹងអំពីបម្រែបម្រួលដំណើរការអភិវឌ្ឍតាមរយៈការសាកសួរភ្នាក់ងារលក់ តាមដានព័ត៌មាន និងស្រាវជ្រាវដំណឹងមកពីប្រភពផ្សេងៗ។
យ៉ាងណាក៏ដោយ អ្នកទិញអចលនទ្រព្យត្រូវតែដឹងឱ្យច្បាស់ពីគោលបំណង និងអត្ថប្រយោជន៍របស់ទីតាំងវិនិយោគនោះ ចៀសវាងការខាតបង់ ព្រោះទីតាំងល្អពិត ប៉ុន្តែអាចមិនសាកសមសម្រាប់ស្ថានភាពបច្ចុប្បន្នរបស់អ្នក៕0

ផ្សារទំនើបធំៗនឹងងាកមកចាប់បញ្ចូលផលិតផលសម្គាល់វប្បធម៌ខ្មែរនៅក្នុងទីតាំងរបស់ខ្លួន

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ភាគច្រើននៅតាមបណ្តាផ្សារទំនើបនានាដែលកំពុងដាក់ដំណើរការនៅទូទាំងប្រទេសកម្ពុជាបានផ្តោតសំខាន់ទៅលើការនាំចូល និងផ្គត់ផ្គង់សម្ភារៈ និងផលិតផលដែលមានកេរ្តិ៍ឈ្មោះល្បីៗមកពីបរទេស ដោយស្ទើរតែគ្មានប្រភេទផលិតផលសម្គាល់ពីអត្តសញ្ញាណរបស់កម្ពុជានោះទេ។

អ្នកជំនាញនៅក្នុងវិស័យទីផ្សារទំនើប លោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បានមានប្រសាសន៍ប្រាប់នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះថា និន្នាការនៃការវិនិយោគលើផ្នែកទីផ្សារទំនើប និងកំពុងដំណើរការនៅកម្ពុជា អាចមានការរៀបចំបន្ថែមនូវយុទ្ធសាស្ត្រនៃការផ្គត់ផ្គង់របស់ខ្លួនជាមួយនឹងប្រភេទផលិតផលថ្មីដែលផលិតនៅក្នុងប្រទេសកម្ពុជា និងសម្គាល់ពីអត្តសញ្ញាណនៃវប្បធម៌របស់កម្ពុជា។

លោកស្រីបានបញ្ជាក់ថា “កាលពីប៉ុន្មានឆ្នាំមុន ហេតុផលដែលបណ្តាអ្នកវិនិយោគ និងអភិវឌ្ឍន៍កកត់សម្គាល់ធ្ងន់ទៅលើការនាំចូល និងផ្គត់ផ្គង់នូវផលិតផលដែលនាំចូលពីបរទេស ព្រោះតែភាគច្រើនអ្នកដែលនិយមចូលទៅកាន់ផ្សារទំនើប ក្រៅពីចង់ផ្លាស់ប្ដូររសនិយមនៃសង្គម គឺមានជំនឿទៅលើគុណភាពនៃផលិតផលនាំចូលទាំងនោះ ខណៈដែលគុណភាពនៃផលិតផលក្នុងស្រុកហាក់មិនសូវមានទំនុកចិត្ត”។

លោកស្រីបានបន្តថា “បច្ចុប្បន្ន ប្រទេសកម្ពុជាបានអភិវឌ្ឍន៍ និងរីកចម្រើនជាងមុន ទាំងចំណេះដឹងរបស់ប្រជាពលរដ្ឋ រីកចម្រើនទាំងសេដ្ឋកិច្ច ហើយបានពង្រឹងនូវគុណភាពផលិតផលស្របតាមស្ដងដារជាច្រើនដើម្បីអាចប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ។ ជាមួយគ្នានេះ ស្របពេលដែលកំណើនទេសចរបរទេសកាន់តែច្រើនចូលមកកម្ពុជា ក្រៅពីដាក់តាំងលក់នូវផលិតផល និងសម្ភារៈប្រើប្រាស់នាំចូលពីក្រៅស្រុកនោះ និន្នាការថ្មីនៃការបន្ថែមយុទ្ធសាស្ត្រផ្គត់ផ្គង់ផលិតផលក្នុងស្រុក ជាពិសេសផលិតផលដែលសម្គាល់ពីអត្តសញ្ញាណ និងវប្បធម៌របស់កម្ពុជាសម្រាប់ទេសចរអន្តរជាតិគឺជាតម្រូវការចាំបាច់”៕

គម្រោងជាង ៥ ៣០០ ត្រូវបានស្នើនៅក្នុងកម្មវិធីវិនិយោគរបស់ខេត្តកំពង់ចាមក្នុងរយៈពេល៣ឆ្នាំ

ដោយ ៖ រ៉ាណេត

កំពង់ចាម ៖ គម្រោងសរុបចំនួន ៥ ៣៤៩ គម្រោង ត្រូវបានស្នើឡើងនៅក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលនៅទូទាំងខេត្តកំពង់ចាម ដែលជាតម្រូវការជាអាទិភាព និងកំពុងស្វែងរកថវិកាគាំទ្រសម្រាប់អនុវត្តឆ្នាំ២០២១ ដែលទាមទារឱ្យមានការចូលរួមគាំទ្រពីបណ្តាដៃគូរអភិវឌ្ឍន៍ វិស័យឯកជន សប្បុរសជននានា និងអង្គភាពជុំវិញខេត្តសហការរួមគ្នាដោះស្រាយ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១-២០២៣ របស់រដ្ឋបាលខេត្ត និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង-ស្រុក និងឃុំ-សង្កាត់ បានមានប្រសាសន៍ថា តាមរយៈដំណើរការរៀបចំកម្មវិធីវិនិយោគបីឆ្នាំ(២០២១-២០២៣) របស់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ មានសំណើគម្រោងកម្មវិធីវិនិយោគខេត្ត ចំនួន ៤៨៧គម្រោង, សំណើគម្រោងវិនិយោគក្រុង-ស្រុក ចំនួន ៨០៤គម្រោង និងសំណើគម្រោងវិនិយោគឃុំ-សង្កាត់ ចំនួន ៤,០៥៨គម្រោង សរុបចំនួន ៥,៣៤៩គម្រោង។

លោកបានបញ្ជាក់ថា “រាជរដ្ឋាភិបាល បានធ្វើប្រតិភូកម្មមុខងារ សិទ្ធអំណាច ធនធានហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិកទៅឲ្យរដ្ឋបាលក្រុង-ស្រុក អនុវត្តក្នុងនាមរាជរដ្ឋាភិបាល។ រដ្ឋបាលខេត្ត មានតួនាទីភារកិច្ចដឹកនាំណែនាំ សម្របសម្រួល គាំទ្រ តាមដានត្រួតពិនិត្យ និងវាយតម្លៃ រដ្ឋបាលក្រុង-ស្រុក ដើម្បីធានាឲ្យរដ្ឋបាលក្រុង-ស្រុក គ្រប់គ្រងចាត់ចែង និងអនុវត្តមុខងាររបស់ខ្លួនបានត្រឹមត្រូវ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ដ ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់”។

លោកបន្តថា “ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ខេត្តកំពង់ចាមបាននឹងកំពុងមានការរីកចម្រើន និងប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ សមិទ្ធផលរូបវ័ន្តជាច្រើន ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនទុកឲ្យអ្នកណាម្នាក់ស្ថិតនៅក្រៅការអភិវឌ្ឍន៍នោះឡើយ”។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានធ្វើការណែនាំដល់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ៖

១-បន្តពង្រឹងការគ្រប់គ្រង និងការអនុវត្តមុខងារក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង-ស្រុកដែលទើបនឹងធ្វើសមារណកម្ម តាមស្មារតីនៃលិខិតលេខ១៦២២សជណ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការគ្រប់គ្រងការងារនៅរដ្ឋបាលក្រុង-ស្រុក ខណ្ឌ។ ជាមួយគ្នានេះ មន្ទីរ-អង្គភាពជុំវិញខេត្ត ដែលមាន អតីតការិយាល័យជំនាញនៅថ្នាក់ក្រុង-ស្រុក ត្រូវផ្លាស់ប្តូរទំនាក់ទំនងការងារតាមរយៈលិខិតរដ្ឋបាលផ្លូវការជាមួយគ្នាតាមប្រព័ន្ធគ្រប់គ្រងថ្មី ដោយត្រូវឆ្លងកាត់រដ្ឋបាលក្រុង-ស្រុកសាម៉ីនីមួយៗ ឲ្យស្របតាមគោលការណ៍នៃរដ្ឋបាលឯកភាព ខ្សែគណនេយ្យភាព គោលការណ៍ និងនីតិវិធីនៃការគ្រប់គ្រងតាមរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង-ស្រុក។

២-ដោយសារមានការឆ្លងរីករាលដាលជាសាកល នៃជម្ងឺកូវីដ១៩ ហើយស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះនៅមានហានិភ័យខ្ពស់នោះ រដ្ឋបាលក្រុង-ស្រុក ត្រូវគិតគូពីគម្លាតសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅពេលរៀបចំកិច្ចប្រជុំធ្វើសមាហរណកម្មនៅតាមបណ្តាលក្រុង-ស្រុកនៅពេលខាងមុខនេះ។

៣-រដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាព ជុំវិញខេត្ត ដែគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវអញ្ជើញចូលរួម និងជួយគាំទ្រគម្រោង ឲ្យអស់ពីលទ្ធភាពតាមវិស័យ និងការទទួលបន្ទុករបស់ខ្លួន៕

ក្រុមហ៊ុន NagaCorp គ្រោងពង្រីកការវិនិយោគរបស់ខ្លួននៅខេត្តសៀមរាប និងព្រះសីហនុ

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ប្រតិបត្តិករកាស៊ីណូ NagaCorp បាន និងកំពុងរៀបចំគម្រោងវិនិយោគនៅក្នុងខេត្តសៀមរាប និងព្រះសីហនុ ខណៈខ្លួនបានរកប្រាក់ចំណេញតិចតួចនៅឆមាសទី១ ឆ្នាំ២០២០ ទោះបីត្រូវបានបិទសម្រាប់ត្រីមាសទី២ ក៏ដោយ។ គម្រោងវិនិយោគនេះ ត្រូវបានបង្ហាញក្នុងរបាយការណ៍ចំណូលរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

ចំពោះផែនការពង្រីកគម្រោង Naga 3 ប្រកបដោយមហិច្ឆតារបស់ក្រុមហ៊ុនបានឱ្យដឹងថា ការងារកំពុងដំណើរការទៅមុខទោះបីយឺតបន្តិចជាងការរំពឹងទុក។
ក្រុមហ៊ុននៅតែសង្ឃឹមថានឹងបើក Naga 3 ដែលនឹងពង្រីកសមត្ថភាពកន្លែងកម្សាន្តនេះ រហូតដល់ ៥ ពាន់បន្ទប់សណ្ឋាគារនៅត្រឹមឆ្នាំ២០២៥។

ក្រុមហ៊ុនបានឱ្យដឹងថា ទោះបីគម្រោង Naga3 មិនទាន់បានបញ្ចប់ក៏ដោយ ក៏ក្រុមហ៊ុន NagaCorp កំពុងរៀបចំផែនការពង្រីកបន្ថែមទៀតនៅក្នុងតំបន់ ដោយលើកឡើងថា “ខ្លួនមានគោលបំណងស្វែងរកការអភិវឌ្ឍកន្លែងកម្សាន្ត ដែលអាចទទួលចំណេញនៅក្នុងតំបន់សៀមរាប និងព្រះសីហនុ”។
ក្រុងព្រះសីហនុ មានកាស៊ីណូជាច្រើន ដែលគ្រប់គ្រងដោយជនជាតិចិន ហើយកាស៊ីណូភាគច្រើនមាទ្រង់ទ្រាយតូច ហើយផ្តោតសំខាន់លើប្រតិបត្តិការល្បែងតាមអនឡាញ។ ប៉ុន្តែភាគច្រើននៃប្រតិបត្តិការទាំងនេះបានបិទទ្វារ បន្ទាប់ពីប្រទេសកម្ពុជាបានហាមឃាត់ការលេងល្បែងតាមអនឡាញ ដែលអាចធ្វើឱ្យក្រុមហ៊ុន NagaCorp ចាប់អារម្មណ៍បង្កើនការវិនិយោគនៅក្នុងតំបន់នេះ។

របាយការណ៍ បានបង្ហាញថា ក្រុមហ៊ុនNagaCorp ដែលបានចុះបញ្ជីនៅហុងកុង អាចរកចំណូលបានចំនួន ៣៧៧.៥ លានដុល្លារក្នុងរយៈពេល ៦ ខែគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ធ្លាក់ចុះ ៥៧,៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រាក់ចំណេញពីប្រតិបត្តិការបានធ្លាក់ចុះជិត ៨៦ ភាគរយទៅ ៣៩,៣ លានដុល្លា រខណៈប្រាក់ចំណេញក្រោយបង់ពន្ធបានធ្លាក់ចុះ ៩១,៦ ភាគរយ មកត្រឹម២០,៦ លានដុល្លារ។
រដ្ឋាភិបាលនៃប្រទេសកម្ពុជាបានបញ្ជាឱ្យកាស៊ីណូទាំងអស់បិទនៅថ្ងៃទី១ ខែមេសា ដោយសារការរីករាលដាលនៃ COVID-19។

ការបិទនេះបានបន្តរហូតដល់ដើមខែកក្កដា ដែលជាពេលក្រុមហ៊ុន NagaCorp បានចាប់ផ្តើមស្វាគមន៍អ្នកលេងល្បែងវីអាយភី (VIP) ត្រឡប់មកកាស៊ីណូណាហ្គាវើលនៅរាជធានីភ្នំពេញ ហើយអាជីវកម្មល្បែងនៅលើទីផ្សារបានចាប់ផ្តើមឡើងវិញនៅចុងខែនោះដែរ។
ក្រុមហ៊ុន NagaCorp បានឱ្យដឹងថា លទ្ធផលវីអាយភីនឹងកាន់តែអាក្រក់ទៅ ខណៈមានការបិទកាស៊ីណូ ដោយសារជំងឺ COVID-19 នៅម៉ាកាវ ម៉ាឡេស៊ី និងហ្វីលីពីន។ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសអាស៊ី – ប៉ាស៊ីហ្វិក ដែលរឹតបន្តឹងលើការធ្វើដំណើរពីប្រទេសផ្សេង រួមមានប្រទេសចិនផងដែរ ដែលបានទុកឱ្យណាហ្គាវើលបាត់បង់ចំណូលជាយ៉ាងច្រើន។

កាស៊ីណូ NagaWorld ទទួលបានសិទ្ធិផ្តាច់មុខអាជីវកម្មកាស៊ីណូនៅទីក្រុងភ្នំពេញ ដែលលាតសន្ធឹងដល់ចម្ងាយ ២០០ គីឡូម៉ែត្រជុំវិញទីក្រុង។
ជំងឺរាតត្បាតនេះក៏ជះឥទ្ធិពលអវិជ្ជមានដល់ប្រាក់ចំណូលមិនមែនល្បែងរបស់ក្រុមហ៊ុនធ្លាក់ចុះពី ១៩,២ លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០១៩ មកត្រឹមតែ ៥.៥ លានដុល្លារនៅឆ្នាំនេះ៕ Calvinayre

បូរី ឌឹផ្លរ៉ា បើកលក់វីឡាភ្លោះ នៃគំរោង សេនតូហ្សាក្នុងគម្រោងទី៣ផ្លូវជាតិលេខ៦ ជាមួយការផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់១០ភាគរយ

        ដោយៈចាន់ថា

ភ្នំពេញៈ បូរីឌឹផ្លរ៉ា បានបើកលក់វីឡាភ្លោះ A វិឡាភ្លោះB នៃគម្រោង The Sentosa  បន្ថែមទៀត ដែលស្ថិតនៅគម្រោងទី៣ របស់បុរីឌឹផ្លរ៉ា ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ សង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារ ជាមួយនឹងការបញ្ចុះតំលៃរហូតដល់១០ភាគរយ ក្នុងរយៈពេល៤ថ្ងៃ ដោយបានចាប់ពីថ្ងៃទី ២៧ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។

កម្មវិធីបើកលក់ វីឡាភ្លោះA . វីឡាភ្លោះ B   នៃគម្រោង The  sentoza នេះ បានធ្វើឡើងនៅថ្ងៃទី២៧-៣០ សីហានេះ នៅការិយាល័យលក់ ក្នុងគម្រោងបុរីឌឹផ្លរ៉ា នៃទីតាំងខាងលើនេះ។

បូរីដឹផ្លរ៉ា បានបន្ថែមគម្រោង (ឌឹ សេនតូសា) ដែលមានផ្ទះវីឡាភ្លោះ ចំនួនពីរប្រភេទ គឺប្រភេទ វីឡាភ្លោះA វីឡាភ្លោះ B នៅក្នុងគម្រោងទី ៣ របស់បុរីឌឹផ្លរ៉ាផ្លូវជាតិលេខ ៦ ដើម្បីផ្តល់ជូន ជម្រើសដ៏សម្បូរបែប និងល្អឥតខ្ចោះ ជូនដល់អតិថិជនទាំងអស់ បន្ទាប់ពីវីឡាប្រភេទថ្មីទាំងនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន។

លោកសាំង សុភក្ត្រ័រ៉ាឌី ប្រធានផ្នែកលក់នៃគម្រោងឌឹផ្លរ៉ា បានអោយដឹងកាលពីថ្ងៃទី២៧ សីហាកន្លងមកថា គម្រោង ឌឹ សេនតូសា ផ្តោតសំខាន់ទៅលើធម្មជាតិ បរិយាកាស និងខ្យល់បរិសុទ្ធ ហើយ លក្ខណៈពិសេសនៃគម្រោងនេះ គឺមានសួនច្បារដ៏ធំមួយ នៅចំកណ្ដាល សម្រាប់ឲ្យអតិថិជន ដែលរស់នៅ អាចដើរហាត់ប្រាណ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងអាចរីករាយ ជាមួយក្រុមគ្រួសារ នាពេលរសៀលផងដែរ។

សេនតូសា ស្ថិតនៅ ក្នុងគម្រោងទី ៣ របស់ឌឹផ្លរ៉ា នៅលើបណ្ដោយ ផ្លូវជាតិលេខ៦ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដែលមានចំងាយ១៥ គីឡូម៉ែត្រ ពីស្ពានជ្រោយចង្វាតែប៉ុណ្ណោះជាតំបន់ ដែលមានសក្តានុពលខ្ពស់ ផ្នែកពាណិជ្ជកម្ម ជាពិសេស សម្រាប់អ្នក ដែលចង់វិនិយោគក្នុងវិស័យអចលនទ្រព្យ និងការរស់នៅ។

ការរចនាម៉ូត របស់ឌឹ សេនតូសា គឺជាម៉ូដទាន់សម័យ ដែលរចនាឡើងបង្ហាញពីសក្កដានុពល កិត្យានុភាព និងថាមពលសម្រាប់អ្នករស់នៅ ដោយខាងមុខផ្ទះត្រូវបានបំពាក់សម្ភារៈសម្រាប់ឱ្យម្ចាស់ផ្ទះ មានភាពងាយស្រួល ក្នុងការរស់នៅ។

លោកសាំង សុភក្ត្ររ៉ាឌីបានឲ្យដឹងទៀតថា វីឡាភ្លោះប្រភេទA និងវីឡាភ្លោះ ប្រភេ​ទBនៃគំរោង The Sentosa នេះ មាន៤បន្ទប់គេង និង៥បន្ទប់ទឹក រួមនិងបន្ទប់ ទទួលភ្ញៀវចំនួន១ ដូចគ្នា  ប៉ុន្តែខុសត្រង់ វីឡាភ្លោះ ប្រភេទA  មានទំហំធំទូលាយ និងខ្ពស់ជាង វីឡាភ្លោះប្រភេទB ។ ប្រភេទA មានទំហំផ្ទះ ៦ គុណ ១២ម៉ែត្រ នៅសល់ដីខាងមុខផ្ទះ ៧ ម៉ែត្រ ខាងក្រោយផ្ទះ២ម៉ែត្រ និងចំហៀង៣ម៉ែត្រ មានតំលៃជាង១៩ម៉ឺន និង ប្រភេទB ផ្ទះមានទំហំ៧ គុណ១១ម៉ែត្រ នៅសល់ដីខាងមុខផ្ទះ៨ម៉ែត្រ ខាងក្រោយផ្ទះ២ម៉ែត្រ និងចំហៀងផ្ទះ ២ម៉ែត្រ មានតំលៃ ជាង១៦ម៉ឺនដុល្លារ។

លោកបន្តថា ក្នុងរយៈពេល៤ថ្ងៃ នៃការបើកលក់គម្រោងថ្មី ឌឹសេនតូហ្សា ជាផ្លូវការនេះ  ចាប់ពី (២៧.៣០ សីហា) អតិថិជន នឹងទទួលបាន នូវការបញ្ចុះតម្លៃយ៉ាងពិសេស ក្នុងនោះសម្រាប់អតិថិជន ដែលអញ្ជើញមកទស្សនា និងបានទិញវីឡា ភ្លោះប្រភេទ A  ឬ ប្រភេទB  នៃគម្រោងឌែសេនតូសានេះ នឹងទទួលបាន ការលក់បញ្ចុះតំលៃរហូតដល់ ១០ ភាគរយ ភ្លាមៗ ។

ពិសេសជាងនេះទៀត នៅពេលកក់លុយ នឹងទទួលបាន រង្វាន់ ipad 11 pro មួយគ្រឿងភ្លាមៗ នឹងមានឱកាស ចាប់ឆ្នោតផ្សងសំណាង ឈ្នះរង្វាន់ ពិសេសៗ ជាច្រើនទៀត ដូចជាខ្សែកមាស ខ្សែកពេជ្រ ទូរសព្ទដៃ ស៊េរីទំនើបចុងក្រោយ ដំណើរកំសាន្តទៅកាន់ប្រទេសសឹង្ហបូរី  នឹងរង្វាន់ធំ រថយន្តទំនើប Masda2 ឆ្នាំ២០២០ មួយគ្រឿង។

ក្នុងរយះពេល៥ឆ្នាំមកនេះ  បានអភិវឌ្ឍន៍ផ្ទះចំនួន៦ប្រភេទ និង៨ម៉ូតផ្ទះ ហើយ គម្រោង ឌឹសេនតូហ្សា គឺជាម៉ូតទី៨ និងចុងក្រោយនៃឆ្នាំ២០២១៕

កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​តម្លៃ​ជិត ២៤០០លានដុល្លារ ​ក្នុង​រយៈពេលជិត ៩ខែ​ឆ្នាំនេះ

ដោយៈ​ប៊ី

ភ្នំពេញៈ កម្ពុជា​ទទួលបាន​ទុនវិនិយោគ​សរុប​ប្រមាណ​ជិត ២៤០០លាន​ដុល្លារ​អាមេរិក ពី​គម្រោង​វិនិយោគ​របស់ ១៣០ក្រុមហ៊ុន ក្នុង​រយៈពេល​ជិត ៩ខែ​ឆ្នាំនេះ ខណៈ​គម្រោង​ទាំងនេះ ការរួមចំណែក​បង្កើន​សេដ្ឋកិច្ច និង​ការបង្កើត​ការងារ​នៅក្នុង​ស្រុក។

យោងតាម​របាយការណ៍​រ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល បាន​បង្ហាញថា​គិតពី​ដើមឆ្នាំ​ដល់​ត្រឹម​ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០នេះ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន ១៣០គម្រោង ជាមួយនឹង​ទុនវិនិយោគ​សរុប​ប្រមាណ​ជិត ២៤០០លាន​ដុល្លារ​អាមេរិក។

នៅក្នុង​គម្រោង​វិនិយោគ​ដែល​កម្ពុជា​ទទួលបាន​ចំនួន ១៣០ក្រុមហ៊ុន ក្នុងនោះ​គម្រោង​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​មាន​ចំនួន​ជាង ៤០ក្រុមហ៊ុន ផ្នែក​អគ្គិសនី និង​គ្រឿង​បរិក្ខារផ្សេងៗមាន​ចំនួន ១៣ក្រុមហ៊ុន រោងចក្រ​ផលិត​កាបូប និង​ស្បែកជើង​ជាង២០ក្រុមហ៊ុន រោងចក្រ​ការ​តុង ៩ក្រុមហ៊ុន កសិដ្ឋាន និង​រោងចក្រ​កែច្នៃ​ជាង ១០ក្រុមហ៊ុន​សណ្ឋាគារ ៧គម្រោង រោងចក្រ​តម្លើង​គ្រឿង​បង្គុំ​ចំនួន ៧ក្រុមហ៊ុន ផ្សារ​ទំនើប​មាន​ចំនួន៣គម្រោង និង​មាន​គម្រោងផ្សេងៗទៀត​ជាច្រើន។

ជាមួយនឹង​ការគិតគូរ​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុងការ​ជំរុញ​ភាព​ទាក់ទាញ​និង​បើកចំហរ​ជើងមេឃ​កម្ពុជា​កំពុង​ស្រូបយក​សក្ដានុពល​លើ​ការវិនិយោគ​ជា​បន្តបន្ទាប់។

លោក Ross Wheble ប្រធាន​ក្រុមហ៊ុន Knight Frank Cambodia បាន​ថ្លែង​បាន​កាលពីពេលថ្មីៗនេះ​ថា ក្រុមហ៊ុន Knight Frank មើលឃើញ​ពី​ការកើនឡើង​នៃ​ចំនួន​អ្នកវិនិយោគ​ពី​ហុងកុង ដែល​ឥឡូវនេះ កំពុង​សម្លឹងមើល​ឱកាស​នៅ​កម្ពុជា ទាំង​អាជីវកម្ម និង​ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ខណៈ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ចូលមក​ប្រទេស​កម្ពុជា​ត្រូវបាន​គាំទ្រ​ដោយ​ការវិនិយោគ​ពី​ប្រទេស​ចិន។

លោក​បាន​បន្តថា “កម្ពុជា​នៅតែ​ល្អ​សម្រាប់​វិនិយោគិន​បរទេស​ក្នុងការ​ពិចារណា​ដើម្បី​ធ្វើការ​វិនិយោគ” ។

ជាក់ស្តែង​នៅក្នុង​ខែសីហា ឆ្នាំ២០២០ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា សម្រេច​ផ្តល់​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​រួមមាន គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ម៉ាស់ ស្រោមដៃ កាបូប​ថង់​យួរដៃ និង​សម្ភារៈប្រើប្រាស់​ក្នុង​ផ្ទះបាយ របស់​ក្រុមហ៊ុន NEW TOSHI HOME WEAR ស្ថិតនៅ​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ៣,៤លាន​ដុល្លារ។

គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​របស់​ក្រុមហ៊ុន FOREVER FUGGARMENT នៅ​ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ ១០,៣លាន​ដុល្លារ។

ក្រុមហ៊ុន “TOKYO HAPPY ICECREAM ” គម្រោង​បង្កើត​រោងចក្រ​ផលិត​ការ៉េម​នៅ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ ៣,១លាន​ដុល្លារ។ ក្រុមហ៊ុន “RONGXING PAPER INDUSTRIAL” គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង​នៅ​ខណ្ឌ​កំបូល មាន​ទុនវិនិយោគ ៣,៦លាន​ដុល្លារ។

ក្រុមហ៊ុន “K&K PIPE (CAMBODIA)” គម្រោង​បង្កើត​រោងចក្រ​ផលិត​ទុយោ​ទឹក​គ្រប់​ប្រភេទ នៅ​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ មាន​ទុនវិនិយោគ ៦លាន​ដុល្លារ និង​រោងចក្រ​ផលិត​វ៉ែនតា និង​ប្រអប់​វ៉ែនតា​របស់​ក្រុមហ៊ុន CAM-ICARE ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ៥,៥លាន​ដុល្លារ​អាមេរិក។

ចំណែក​ក្រុមហ៊ុន “RAY POWER SUPPLYCO.,LTD” នឹងមាន​គម្រោង​បង្កើត​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ ក្នុង​អានុភាព ៣០មេ​ហ្គា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​មាន​ទុនវិនិយោគ​ប្រមាណ ៣៩,៨លាន​ដុល្លារ​អាមេរិក​ផងដែរ៕

ការសិក្សា៖ វិស័យ​អចលនទ្រព្យ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នឹង​ហក់​ឡើងវិញ​នៅពាក់កណ្តាល​ឆ្នាំ ២០២១

ដោយ ហ្សូ​លី

ភ្នំពេញៈ ទំហំ​វិនិយោគ​អចលនទ្រព្យ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ត្រូវបាន​គេ​រំពឹងថា​នឹង​ស្ទុះ​ងើបឡើង​វិញ​នៅ​ពាក់កណ្តាល​ឆ្នាំ២០២១ ។ នេះ​បើ​យោងតាម​ការស្ទង់មតិរ​បស់​ក្រុមហ៊ុន​សេវាកម្ម​អចលនទ្រព្យ​ពាណិជ្ជកម្ម​អា​មេ​រិច JLL ដែលជា​ក្រុមហ៊ុន​ជិតស្និទ្ធ និង​វិនិយោគិន​មកពី៣៨ប្រទេស​ជុំវិញ​ពិភពលោក និង​សព្វថ្ងៃ​កំពុង​កាន់កាប់​ទ្រព្យ​ជាង២ទ្រី​លាន​ដុល្លារ។

ផ្អែកលើ​ការស្ទង់មតិ​វិនិយោគិន​ទាំងនេះ គ្រោង​នឹង​បង្កើន​ការប៉ះពាល់ ទៅនឹង​ភ័ស្តុភារ (៨១%), ពហុមុខ​ងារ (៥៨%) និង​ជម្រើស​ផ្សេងទៀត (៤៤%) នៅ​ចន្លោះ​ពេលនេះ​និង​ចុងឆ្នាំ ២០២១ ។ អ្នក​ឆ្លើយតប​ប្រហែល៨៤%រំពឹងថា ចំនួន​ប្រតិបត្តិការ​នឹង​ងើប​ឡើងវិញ​ចាប់ពី​ឆ្នាំ​ឆមាស​ទី២នៃ​ឆ្នាំ២០២០ ។

ការវិភាគ​កាន់តែ​ស៊ីជម្រៅ​បានបង្ហាញ​ថា អ្នកវិនិយោគ៣២ភាគរយ​រំពឹងថា នឹងមាន​ការ​ងើប​ឡើងវិញ​នៅ​ឆ្នាំ ឆមាស​ទី២ ឆ្នាំ២០២០ ខណៈ៥២ភាគរយ​រំពឹងថា នឹងមាន​ការ​ងើប​ឡើងវិញ​នៅ​ឆ្នាំ​ឆមាស​ទី១ឆ្នាំ២០២១ ។  ជាមួយនឹង​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​ការរំពឹងទុក​ក្នុង​រយៈពេល៦ ទៅ១២ ខែ​ខាងមុខ​វិនិយោគិន​ជាច្រើន បានកំណត់​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង ចិន និង​អូស្ត្រាលី ជាទី​ផ្សារ​ដែល​ភាគច្រើន សង្កេតឃើញ​មានការ​កើនឡើង​នូវ​សកម្មភាព​ប្រតិបត្តិការ​ដល់​ឆ្នាំ២០២១ ។

ប្រធាន​ក្រុមហ៊ុន​អចល​ទ្រព្យ JLL Property Services លោកស្រី YY Lau កត់សំគាល់ថា វិស័យ​ភស្តុភារ បន្ត​បង្ហាញ​នូវ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ភាព​ធន់​នឹង​ដំណើរការ​ទៅមុខ។  តម្រូវ​ការដែល​កំពុង​កើនឡើង ពី​ឧស្សាហកម្ម​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន JLL សម្រាប់​ផ្សារ​មូលធន​អាស៊ី​ប៉ាស៊ីហ្វិក លោក​Stuart Crow សង្កេតឃើញថា ជប៉ុន និង​កូរ៉េ​នៅតែ​ទទួលបាន​ចំណូលចិត្ត​ខ្ពស់ ពី​អតិថិជន ដូចជា វិស័យផ្សេងៗពិសេស​ការលក់​រាយ​ច្រើន។

ប្រធាន​ផ្នែក​ស្រាវជ្រាវ JLL ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​លោក Roddy Allan បានចាត់ទុក​ការរីក​រាលដាល នៃ​រោគរាតត្បាត​កំពុង​ផ្លាស់ប្តូរ​របៀប ដែល​វិនិយោគិន​បោះទុន​ចូលទៅក្នុង​អចលនទ្រព្យ៕