គម្រោង​សាងសង់​ខ្សែ​រថភ្លើង​លើ​អាកាស​អាច​ចំណាយ​ទឹកប្រាក់​ជាង ១៤០០លាន​ដុល្លារ​ប៉ុន្តែ​ការ​បរិច្ឆេទ​សាងសង់​មិនទាន់​កំណត់

0

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ គំរោង​សាងសង់​រថភ្លើង​លើ​អាកាស ឬ​ក្រោម​ដី​អាច​ចំណាយ​ទឹកប្រាក់​រហូតដល់១០០០ទៅ១៥០០លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ការចាប់ផ្តើម​សាងសង់​នៅពេលណា​មិនទាន់​កំណត់​ពេលវេលា​ជាក់លាក់​ទេ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ធ្លាប់មាន​ប្រសាសន៍​ឲ្យ​ដឹង កាលពីពេល​កន្លងមកថ្មីៗនេះ​ថា គម្រោង​សិក្សា​រថភ្លើង​លើ​អាកាស គឺ​ខាង JICA បាន​សិក្សា​រួចហើយ ហើយ​ក្រសួង​នៅ​រង់ចាំ​លទ្ធផល​សិក្សា។ ដោយឡែក គម្រោង​រថភ្លើង Monorail និង​រថភ្លើង​ក្រោម​ដី ក្រុមហ៊ុន​ចិន​ជា​អ្នកសិក្សា។

លោក​បន្តថា “ក្រោយ​ការសិក្សា​ចប់ ក្រសួង​នឹង​ប្រៀបធៀប ដើម្បី​ជ្រើស​រើសយក​គម្រោង​ណាមួយ​ដែលមាន​តម្លៃ​សមរម្យ និង​ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍន៍” ។ លោក​បន្តថា “គម្រោង​នេះ អាច​នឹង​ប្រើប្រាស់​ថវិកា​ចន្លោះ​ពី ១០០០លាន​ដុល្លារ ទៅ១,៤០០ពាន់​លាន​ដុល្លារ​អាមេរិក។

ការសិក្សា​លទ្ធភាព​សាងសង់​គម្រោង​រថភ្លើង​លើ​អាកាស នៅ​ភ្នំពេញ​នៅតែ​បន្ត ដោយមាន​មួយ​បានបញ្ចប់​រួច និង២ផ្សេងទៀត​កំពុង​រង់ចាំ​លទ្ធផល។ អំឡុង​ពេលនេះ​រដ្ឋាភិបាល​ក៏​កំពុង​ស្វែងរក​ប្រភព​ហរិ​ញ្ញ​ប្ប​ទាន ដើម្បី​យកមក​អនុវត្តន៍​គម្រោង​នេះ​ផងដែរ។

ជាមួយគ្នានេះ លោក​លី បូ​រិ​ន អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទទួលបន្ទុក​ផ្នែក​ផ្លូវដែក​បានឱ្យដឹង​ផងដែ​រថា តាម​ការប៉ាន់ស្មាន គម្រោង​រថភ្លើង​លើ​អាកាស​នេះ មានតម្លៃ​ខ្ពស់​ណាស់​សម្រាប់​វិនិយោគ។

លោក​បាន​ឲ្យ​ដឹងថា “ការសិក្សា​រថភ្លើង​លើ​អាកាស យើង​បាន​សិក្សា​រួចហើយ ប៉ុន្តែ​គម្រោង​នឹង​វា​អស់​ច្រើនពេក។ ហេតុនេះ​ទាល់តែ​រដ្ឋាភិបាល​ជា​អ្នកសម្រេច។

សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ នៅ​រាជធានី​ភ្នំពេញ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បង្ហាញថា ក្រសួង​កំពុង​ជ្រើសរើស​រវាង រថភ្លើង​លើ​អាកាស រថភ្លើង Mono Rail និង​រថភ្លើង​ក្រោម​ដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here