ដោយគង់ សូរិយា
ភ្នំពេញៈ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនលោកស៊ុន ចាន់ថុលបានបង្កើតក្រុមការងារបច្ចេកទេស ដើម្បីធ្វើការជាមួយអ្នកជំនាញការកូរ៉េ សំរាប់ពិភាក្សាគ្នាឈានទៅសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េនាពេលខាងមុខនេះ។
អ្នកនាំពាក្យក្រសួងសាធារណៈការ លោកវ៉ាស៊ីម សូរិយា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី៨ ធ្នូកន្លងមកថា ផែនការសាងសង់ស្ពាននេះ ត្រូវបានបង្ហើបដោយប្រធានាធិបតីកូរ៉េ លោកម៉ូន ជេអ៊ីន ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសវៀតណាមកាលពីកំឡុងខែវិច្ឆិកាកន្លងមកនេះ។លោកបន្តថា បច្ចុប្បន្នលោកទេសរដ្ឋមន្ត្រីបានបង្កើតក្រុមការងារ ដើម្បីធ្វើការងារនេះជាមួយអ្នកជំនាញការ នៃទីភ្នាក់ងារសហប្រតិបត្តិការនៃសាធារណៈរដ្ឋកូរ៉េ (koica) ដើម្បីធ្វើការងារនេះ។
លោកបន្តថា “ខ្ញុំមិនបានដឹងថាគំរូស្ពាននេះបានសិក្សារួចឬនៅនោះទេ ប៉ុន្តែនៅពេលអ្នកជំនាញការកូរ៉េមកដល់នាពេលខាងមុខ ពួកគេអាចបង្ហាញពីទម្រង់ស្ពាននេះតែម្តងក៏ថាបាន ដោយសារកន្លងមកភាគីកូរ៉េបានសិក្សារួចហើយ” ។
លោកសូរិយាបានបន្តឲ្យដឹងផងដែរថា តាមធម្មតាគំរោងធំៗបែបនេះ យើងមិនទាន់កំណត់ពេលវេលាជាក់លាក់បានទេ ដោយសារវានៅត្រូវការពេលវេលានិងនិតិវិធីច្រើន លើកលែងតែសម្តេចប្រមុខរដ្ឋាភិបាល អញ្ជើញបើកការដ្ឋានតែម្តងទើបយើងអាចដឹងបានជាក់លាក់។
ក្នុងកំឡុងដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ទៅកាន់់ប្រទេសកូរ៉េ សម្តេចតេជោហ៊ុន សែនបានស្នើភាគីកូរ៉េជួយសាងសង់ស្ពានមិត្តភាព សម្រាប់ប្រទេសទាំងពីរ ខណៈមិត្តចិន និងជប៉ុនបានសាងសង់ស្ពានមិត្តភាពសំរាប់កម្ពុជា ជាច្រើនរួចមកហើយ៕