អ្នកជំនាញ​អះអាងថា ឆ្នាំ២០២១ តម្លៃ​អចលនទ្រព្យ​នៅក្នុង​រាជធានី​ភ្នំពេញនៅតែ​រក្សាបាន​លំនឹង

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញ ៖ ក្រោម​ហេតុផលសំខាន់ៗមួយចំនួន​បានធ្វើឱ្យ​បណ្តា​អ្នកជំនាញ និង​ជា​ប្រតិបត្តិ​ករ នៅក្នុង​វិស័យ​អចលនទ្រព្យ​បង្ហាញ​ពី​ភាព​ជឿជាក់ថា នៅ​ដើមឆ្នាំ២០២១ខាងមុខនេះ តម្លៃ​អចលនវត្ថុ​នៅក្នុង​រាជធានី​ភ្នំពេញ នឹង​នៅតែ​បន្តបាន​នូវ​ភាព​លំនឹង​ដដែល ពោលគឺ​មិនមាន​ការធ្លាក់ចុះ​នោះទេ។

លោកស្រី​អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន CBRE Cambodia  បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី៧ ធ្នូ​កន្លងមក​ថា រហូតដល់​ឆ្នាំ២០២១ខាងមុខនេះ តម្លៃ​អចលនវត្ថុ​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​រួមមាន​តម្លៃ​ដីធ្លី និង​សំណង់​លំនៅដ្ឋាន​នានា​នៅតែ​បន្ត​រក្សាបាន​នូវ​លំនឹង​ដូច​ឆ្នាំ២០២០ដដែល។

លោកស្រី​បានបញ្ជាក់ “ទាំង​តម្លៃ​ដី ទាំង​តម្លៃ​អចលនវត្ថុផ្សេងៗ ដូចជា សំណង់​លំនៅដ្ឋាន ខុន​ដូ​ជាដើម គឺអាច​បន្តបាន​ស្ថានភាព​ដូច​បច្ចុប្បន្ន​ដដែល លើកលែងតែ​ម្ចាស់​អចលវត្ថុ​មួយចំនួន​តូច ដែលមាន​បញ្ហា​ចរន្ត​សាច់ប្រាក់​បន្ទាន់ ពួកគាត់​អាច​នឹង​បង្ខំចិត្ត​ប្រកា​សលក់​ក្នុងតម្លៃ​មួយ​ទាប​ជាង​ទីផ្សារ​តែប៉ុណ្ណោះ” ។

លោកស្រី​បន្តថា “នៅក្នុង​រាជធានី​ភ្នំពេញ បើ​និយាយ​ពី​តម្រូវការ​នៃ​ការប្រើប្រាស់​ដី​សម្រាប់​អភិវឌ្ឍន៍ គម្រោងផ្សេងៗគឺ​នៅតែ​បន្ត​មាន ប៉ុន្តែ​ចំពោះ​ផ្ទៃដី​ដែល​ទំនេរ​ហាក់​មិនមាន​ច្រើន​នោះទេ ដែលជា​ហេតុ​ជំរុញ​ឱ្យ​តម្លៃ​ដី​ឡើងថ្លៃ​ជា​រៀងរាល់ឆ្នាំ លើកលែងតែ​ក្នុងអំឡុង​ឆ្នាំ២០២០នេះ ដោយសារតែ​បញ្ហា​នៃ​ជំងឺឆ្លង ដែល​កំពុង​រាតត្បាត​ជា​សាកល ទើប​ធ្វើឱ្យ​តម្លៃនៅលើទីផ្សារ​រួម​ស្ថិតនៅក្នុង​សភាព​ទ្រឹង ប៉ុន្តែ​មិន​ធ្លាក់ចុះ​នោះទេ” ។

ជាមួយគ្នានេះ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍ថា ចំពោះ​តម្លៃ​ដី​នៅក្នុង​រាជធានី​ភ្នំពេញ មាន​អត្រា​មិន​ស្មើគ្នា​នោះទេ ដោយ​ក្នុងនោះ​តម្លៃ​ដី​ដែល​ថ្លៃ​ជាងគេ​ជាងគេ ក្នុងចំណោម​ខណ្ឌ​ទាំង១៤ គឺ​ខណ្ឌដូនពេញ ខណ្ឌ​បឹង​កេងកង ខណ្ឌ៧មករា និង​ខណ្ឌទួលគោក ហើយ​តម្លៃ​ទាប ឬ​ខ្ពស់​ក៏​អាស្រ័យ​ទៅតាម​ផ្លូវ​ផងដែរ។

លោក​ថា “ដី​ស្ថិតនៅ​កណ្តាល​ក្រុង ជាពិសេស​នៅតាម​បណ្តា​ផ្លូវ និង​មហាវិថីសំខាន់ៗ គឺមាន​តម្លៃខុសៗពីគ្នា ហើយក៏​មិនសូវមាន​ការទិញ លក់​យ៉ាង​គគ្រឹកគគ្រេង ដូច​ដី​នៅ​តំបន់​ផ្សេងទៀត ដែល​ស្ថិតនៅ​ជាយក្រុង​នោះដែរ រហូត​ត្រូវបាន​អ្នកជំនួញ​លើ​វិស័យ​មួយ​នេះ​ចាត់ទុកថា ជា​តំបន់​ដី​កម្រ” ។

លោក​បាន​បញ្ជាក់ថា ដី​ដែល​ស្ថិតនៅតាម​បណ្តា​ផ្លូវ​ខាងលើនេះ គឺ​ត្រូវបាន​គេ​គិត​ជា​ចំណែកផ្សេងៗពីគ្នា ដូចជា​ផ្លូវ​ព្រះមុន្នីវង្ស រាប់​គិត​ត្រឹមតែ​ពី​ម្ដុំ​ផ្សារ​ថ្មី​មកដល់​តំបន់​ពេទ្យ​ចិន​អាចមាន​តម្លៃ​ចន្លោះ​ពី៥០០០-៦០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ឬ​អាច​លើសពីនេះ​អាស្រ័យ​លើ​ទំហំ​ដី និង​តម្រូវការ​ជាក់ស្ដែង។ បើ​គិត​ចាប់ពី​ម្ដុំ​ពេទ្យ​រហូតដល់​ម្ដុំ​ស្តុ​បបូ​គោ​អាចមាន​ចន្លោះ៤០០០-៥០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

ដោយឡែក ដី​ដែល​ស្ថិតនៅក្នុង​តំបន់​មាន​ប្រជាប្រិយភាព​ខ្ពស់ នៃ​ខណ្ឌ​បឹង​កេង សង្កាត់​បឹង​កេង១ មានតម្លៃ​ស្ថិតនៅក្នុង​ចន្លោះ៤៥០០-៦០០០ នឹង​អាច​លើសពីនេះ​ក៏មាន​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here