ដោយៈ រ៉ាណេត
ភ្នំពេញៈ ខណៈពេលដែលការរាតត្បាតនៃជំងឺឆ្លងCovid-19 នៅតែបន្តការគំរាមកំហែង នៅក្នុងសហគមន៍នាពេលបច្ចុប្បន្ន សម្រាប់តែទីផ្សារនៃការជួលការិយាល័យគ្រប់កម្រិតនៅកម្ពុជា នឹងនៅតែបន្តជួបឱនភាពរហូត ដល់ពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ។
នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ថា ទីផ្សារជួលអគារការិយាល័យនៅពេលបច្ចុប្បន្ននេះ កំពុងតែមានការធ្លាក់ចុះ ហើយការធ្លាក់ចុះអាចនឹងបន្តរហូតដល់ដើមឆ្នាំក្រោយ ឬពាក់កណ្តាលឆ្នាំ២០២១។
លោកស្រីបានបន្តថា “មិនថាចំពោះតែទីផ្សារជួលការិយាល័យ ការជួលទីតាំងលក់រាយនៅតាមបណ្តាផ្សារទំនើប ឬផ្សារសហគមន៍ឬការជួលអាផាតម៉ិន សម្រាប់ស្នាក់នៅនោះទេ គឺជួបបញ្ហាឱនភាពដូចគ្នា”។ លោកស្រីបញ្ជាក់ថា “សម្រាប់តែទីផ្សារជួលការិយាល័យគ្រប់កម្រិត គឺនៅស្ថិតនៅក្នុងសញ្ញាអវិជ្ជមានទាំងកម្រិតA កម្រិតB និងកម្រិតC ព្រោះតម្រូវការអគារការិយាល័យភាគច្រើន ជាក្រុមហ៊ុនមកពីក្រៅស្រុក”។
លោកស្រីធីតាបានបន្ថែមថា ស្ថិតនៅក្នុងកំឡុងពេលនេះម្ចាស់ក្រុមហ៊ុន ក៏ដូចជាដៃគូពាណិជ្ជកម្ម ដែលជាជនជាតិបរទេសទាំងនោះ មិនត្រូវបានអនុញ្ញាតឱ្យឆ្លងប្រទេសនោះទេ លើកលែងតែការគំរាមកំហែងនេះ ត្រូវបានបញ្ចប់បន្ទាប់ពីថ្នាំបង្ការត្រូវបានដាក់ ឱ្យប្រើប្រាស់ជាសាធារណៈផ្លូវការ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ EASY Property Investment លោក ម៉ម សិរីបញ្ញា បានមានប្រសាសន៍ថា ការជួលអគារិយាល័យនៅក្នុងអំឡុងពេលនេះ ពិតជាមានការធ្លាក់ចុះ ប៉ុន្តែវានឹងមានភាពល្អប្រសើរឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះបច្ចុប្បន្នមានបណ្តាប្រទេសធំៗជាច្រើន បានប្រកាសពីការធ្វើតេស្តពីប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ខ្លួន ដែលនឹងត្រៀមចែកចាយជាផ្លូវការ។
លោកបានបញ្ជាក់ថា “វាមិនមែនប៉ះពាល់ត្រឹមតែទីផ្សារនៅកម្ពុជានោះទេ គ្រប់បណ្តាប្រទេសនានា នៅលើសាកលលោកសុទ្ធតែប៉ះពាល់ដូចគ្នា គ្រាន់តែតិច ឬច្រើនតែប៉ុណ្ណោះ ប៉ុន្តែវានឹងវិលត្រឡប់មករកសភាពដើមវិ ញក្នុងពេលខាងមុខនេះ”។ លោកប ន្តា “ពេលនេះទីផ្សាររួមពិតជាប៉ះពាល់ ប៉ុន្តែសម្រាប់អ្នកអភិវឌ្ឍន៍ ដែលមានទុនគ្រប់គ្រាន់អាចឆ្លៀតឱកាសអភិវឌ្ឍន៍របស់ខ្លួន លុះពេលស្ថានភាពបានល្អប្រសើរឡើងវិញ គម្រោងទាំងមូលអាចបានបញ្ចប់ និងដាក់បញ្ចូលក្នុងទីផ្សារទាន់ពេលវេលាផងដែរ”៕