ដោយៈ រ៉ាណេត
មណ្ឌលគីរីៈ នៅក្នុងផែនការមេអភិវឌ្ឍន៍ឆ្នាំ២០២០ -២០៣៥ រដ្ឋាភិបាលបានបង្ហាញពីគម្រោងនៃការអភិវឌ្ឍន៍ តំបន់ជាច្រើននៅក្នុងខេត្តមណ្ឌលគីរី ដែលក្នុងនោះក៏មានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកែប្រែស្រុកអូរាំងទៅជាក្រុងរណបថ្មី នៅក្នុងខេត្ត បន្ទាប់ពីគម្រោងសាងសង់ព្រលានយន្តហោះត្រូវបានបញ្ចប់ជាស្ថាពរ។
តាមរយៈកិច្ចប្រជុំស្តីពីគម្រោអភិវឌ្ឍន៍ខេត្តមណ្ឌលគីរី របស់ក្រសួងទេសចរណ៍កាលពីសប្ដាហ៍កន្លងទៅថ្មីៗនេះ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហើបថា នៅក្នុងផែនការមេ ដែលគ្រោងនឹងដាក់ឆ្លងការសម្រេច ពីសំណាក់រាជរដ្ឋាភិបាលនៅដើមឆ្នាំក្រោយនេះ នឹងមានការអភិវឌ្ឍន៍ជាច្រើនកន្លែង រួមជាមួយនឹងការបង្កើនតំបន់ទេសចរធម្មជាតិកែច្នៃ ដែលជាផលិតផលទេសចរណ៍ថ្មីៗទាំងនៅក្នុងក្រុង ជាពិសេសគម្រោងកែប្រែស្រុកអូរាំងទៅជាក្រុងរណបផងដែរ។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ដែលជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងតំបន់កម្សាន្តនៅក្នុងខេត្តមណ្ឌលគីរីបានមានប្រសាសន៍នៅល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ថា គ្រប់ផែនការ និងគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឱ្យអនុវត្តរហូតមកដល់ពេលនេះ ដូចជា មិនទាន់មានគម្រោងណាមួយ ដែលធ្វើមិនបាននោះទេ ផ្ទុយទៅវិញគឺមានតែការអនុវត្តលឿននិងបញ្ចប់មុនផែនការ។
លោកឧកញ៉ាបានបន្តថា “ក្នុងយុទ្ធសាស្ត្រចតុកោណ របស់សម្ដេចតេជោហ៊ុន សែន គឺតែងទទួលបាននូវភាពជោគជ័យ ជាមួយលទ្ធផលផ្លែផ្កាគួរជាទីមោទន ស្ទើរគ្រប់ផ្នែក ដែលក្នុងនោះមិនថាការបង្កើតក្រវាត់ក្រុង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាខេត្តក្រុងនៅទូទាំងប្រទេស ក៏ដូចជាគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ” ។
លោកបន្តថា នៅក្នុងផែនការមេ ដែលលើកឡើងដោយក្រសួងទេសចរណ៍ខាងលើនេះ គឺមិនមានអ្វីខុសឆ្គង់នោះទេ ពោលគឺស្របទៅនឹងសក្ដានុពលរបស់ខេត្ត ដែលមានស្រាប់បន្ថែមនូវការអភិវឌ្ឍ ក្រោមការចូលរួមពីវិស័យឯកជន។ ជាក់ស្ដែងនៅត្រឹមដំណាក់កាលនាពេលនេះ ឃើញមានវិស័យឯកជន បានបណ្តាក់ទុនយ៉ាងសន្ឋឹកសន្ធាប់ ទៅលើការវិនិយោគ ក្នុងវិស័យទេសចរណ៍ ដូចជា ការបង្កើតតំបន់កម្សាន្ត ការបង្កើតជាបឹងហ្គាឡូជាដើម ដើម្បីផ្គត់ផ្គង់តម្រូវការទេសចរណ៍ ដែលកើនឡើងយ៉ាងគំហុកនៅក្នុងខេត្តមួយនេះ។ ទាំងអស់នេះក៏ជាផ្នែកមួយ ស្ថិតនៅក្នុងផែនការមេរបស់ក្រសួងទេសចរណ៍រួចជាស្រេច។
លោកឧកញ៉ានួន រិទ្ធី បានបញ្ជាក់ថា “នៅថ្ងៃខាងមុខ គម្រោងអភិវឌ្ឍន៍ដែលស្ថិតនៅក្នុងផែនការមេអាចនឹងលេចចេញជារូបរាង ជាពិសេសក្រោយពេលគម្រោងសាងសង់ព្រលានយន្ដហោះត្រូវបានបញ្ចប់ ព្រោះនៅពេលដែលព្រលានបញ្ចប់ ការសាងសង់ ហើយដាក់ដំណើរការនោះ នឹងធ្វើឱ្យមានកំណើបនទេសចរ កំណើនគម្រោងវិនិយោគផ្សេងៗ ក្រោមភាពងាយស្រួលនៅក្នុងមធ្យោបាយធ្វើដំណើរ” ។
អគ្គនាយិកាក្រុមហ៊ុន KAT APPRAISAL លោកស្រីចេវ សុឃុន បានមានប្រ សា សន៍ថា ខេត្តមណ្ឌលគីរីនាពេលបច្ចុប្បន្ន គឺមានភាពខុសប្លែកឆ្ងាយកាលពីប៉ុន្មានឆ្នាំមុន ជាពិសេសចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០ ឃើញមានសកម្មភាពវិនិយោគក្នុងវិស័យដីធ្លី ក៏ដូចជា កំណើននៃគម្រោងអភិវឌ្ឍន៍នានា ដូចជាតំបន់ទេសចរណ៍កែច្នៃលំហែរកាយជា Resort ជាផ្ទះសំណាក់តូចៗបែបធម្មជាតិ ក៏ដូចជាតំបន់ស្នាក់នៅបែបលំហែរកាយផងដែរ ប៉ុន្តែហាក់មិនទាន់ផុសផុលខ្លាំងនោះទេ។
លោកស្រីបានបន្តថា “ភាគច្រើនច្រើនគម្រោងអភិវឌ្ឍន៍នៅក្នុងខេត្តនេះ ជាគម្រោ ងបង្កើរតំបន់ទេសចរណ៍ និងកម្សាន្តលក្ខណៈធម្មជាតិ ប៉ុន្តែសម្រាប់គម្រោងអភិវឌ្ឍន៍ ឬសាងសង់សំណង់ខ្ពស់ៗ គឺនៅមិនទាន់ឃើញមាននោះទេ” ។ លោកស្រីបន្ថែមថា “តម្លៃអចលនវត្ថុនៅក្នុងខេត្តក៏នៅទាប បើធៀបទៅនឹងតម្លៃអចលនវត្ថុ នៅក្នុងបណ្តាខេត្តផ្សេងទៀត ដែលវានៅតែជាឱកាសសម្រាប់អ្នកវិនិយោគ ក៏ដូចជាអ្នកទិញសម្រាប់គម្រោងអភិវឌ្ឍន៍ផ្សេង” ៕