ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅក្នុងវិស័យអចលនទ្រព្យនាពេលនាបច្ចុប្បន្នគេសង្កេតឃើញមានមនុស្សជាច្រើនបានចាប់អារម្មណ៍ងាកមកប្រឡូកយ៉ាងសកម្មដោយសារយល់ឃើញថា វិស័យមួយនេះអាចទទួលបានចំណូលយ៉ាងក្រាសក្រែល។
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា លោក ឡោ វិចិត្រ អនុប្រធានសមាគមអចលនទ្រព្យសកលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បានមានប្រសាសន៍ថា គ្រប់បណ្តាភ្នាក់ងារ ក៏ដូចជាក្រុមហ៊ុនដែលបម្រើសេវានៅក្នុងវិស័យអចលនទ្រព្យសុទ្ធតែចង់បាននូវភាពជោគជ័យទៅលើគម្រោងរបស់ខ្លួន ប៉ុន្តែសំណួរសួរថា តើភាពជោគជ័យមួយនេះអាចសម្រេចបានដោយរបៀបណា គួរធ្វើយ៉ាងណាទើបអាចសម្រេចបានភាពជោគជ័យនេះ។
លោក ឡោ វិចិត្រ បានលើកឡើងថា “ភាពជោគជ័យរបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យគឺមាន២ប្រភេទ ទី១គឺជោគជ័យត្រឹមរយៈពេលខ្លី និងទី២ ជោគជ័យក្នុងរយៈពេលវែង”។
លោកបានបញ្ជាក់ថា “ជោគជ័យរយៈពេលខ្លី គឺសំដៅទៅលើក្រុមហ៊ុនដែលផ្តោតលើបរិមាណ និងរូបភាពខាងក្រៅ ធ្វើយ៉ាងម៉េចឱ្យសាធារណៈជនមើលឃើញថាក្រុមហ៊ុនគាត់សម្បើម ហើយមានភ្នាក់ងារច្រើនក្នុងរយៈពេលដ៍ខ្លី, ពេលនោះនឹងមានម្ចាស់គំរោងជាច្រើនទាក់ទងមកគាត់ដើម្បីលក់គម្រោង ក៏ដូចជាមានភ្នាក់ងារជាច្រើនដាក់ពាក្យចូលធ្វើជាភ្នាក់ងារ”។
ក្នុងរូបភាពបែបនេះ បើក្រលែកមើលមួយភ្លែតគឺក្រុមហ៊ុនមួយនោះជោគជ័យជាមួយកំណើនភ្នាក់ងារដ៏ច្រើននោះ ហើយបន្តភាគរយនៃភាពជោគជ័យដោយការណែនាំពីគម្រោង ព្រមទាំងបិទការលក់ ដើម្បីបានកំរៃជើងសាពីម្ចាស់គម្រោង។
លោកបញ្ជាក់ថា “នៅពេលភ្នាក់ងាជាច្រើនចូលក្រុមហ៊ុនគាត់ហើយ តែមិនមានសមត្ថភាពបិទការលក់ ពួកគេនឹងប្តូរក្រុមហ៊ុនអចលនទ្រព្យថ្មីមួយទៀតជាមិនខាន។ ពេលនោះម្ចាស់គម្រោងដឹងភ្លាមថា ក្រុមហ៊ុនគាត់ផ្តោតតែលើបរិមាណភ្នាក់ងារដើម្បីចរចាយកគម្រោងទៅលក់ តែអត់មានសមត្ថភាពបិទការលក់ដូចរូបភាពខាងក្រៅដែលសម្បើមនោះទេ, នេះគឺអ្វីដែលខ្ញុំសំដៅថា ជោគជ័យរយៈពេលខ្លី”។
លោកថា “ជោគជ័យរយៈពេលវែង គឺសំដៅលើការបណ្តុះបណ្តាលភ្នាក់ងារ និងផ្តល់សេវាកម្មឱ្យបានល្អជាមួយគ្រប់អតិថិជនដោយមិនផ្តោតលើបរិមាណ ឬបំប៉ោងរូបភាពខាងក្រៅឱ្យសម្បើមទាំងដែលសមត្ថភាពភ្នាក់ងារខ្លួននៅខ្សោយ ហើយការបំរើសេវាកម្មចំពោះអតិថិជននៅមានកម្រិត”។
លោកបានបញ្ជាក់ថា “ក្រុមហ៊ុនអាចជោគជ័យរយៈពេលវែងលុះត្រាមានភ្នាក់ងារដែលមានសមត្ថភាពពិតប្រាកដ ដើម្បីបំរើសេវាអតិថិជនប្រកបដោយវិជ្ជាជីវៈនិងគុណភាពមិនមែនបង្ហាញរូបភាពល្អមើលតែខាងក្រៅនោះទេ ហើយក្រុមហ៊ុនតែងតែមានវគ្គបណ្តុះបណ្តាលជំនាញជាប្រចាំជូនភ្នាក់ងារ ដើម្បីពង្រឹងសមត្ថភាពភ្នាក់ងារឱ្យរឹងមាំទើបអាចឆ្លើយតបនឹងសំណួរ ក៏ដូចជាកង្វល់អតិថិជនលើការវិនិយោគក្នុងវិស័យអចលនទ្រព្យបាន៕