ដោយវុត្ថា
ភ្នំពេញៈ ក្រុមអ្នកជំនាញបានអះអាងថា ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជានៅតែមានសញ្ញាវិជ្ជាមាន ចាប់ពីឆ្នាំ២០២០នេះទៅ ដោយសារតែមានការបញ្ជាទិញពីវិនិយោគិនជាតិ និងអន្តរជាតិ ព្រមទាំងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ទាក់ទាញវិនិយោគិនបរទេស។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA Cambodiaលោក ខន គង្គារបានប្រាប់គេហទំព័រPropertyarea.asia កាលពីពេលថ្មីៗនេះថា ទីផ្សារខុនដូនឹងនៅតែមានដំណើរការល្អ សម្រាប់ដើមឆ្នាំរហូតដល់ចុង២០២០នេះ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងចាប់ផ្តើមពង្រឹង ក្នុងការទំនាក់ទំនងជាមួយបរទេសជាច្រើន រួមមាន ប្រទេសចិន ជប៉ុន និងកូរ៉េជាដើម ដើម្បីឱ្យពួកគេមកវិនិយោគ ពិសេសកំនើននៃការវិនិយោគពីប្រជាជនក្នុងស្រុកនៅចុងឆ្នាំនេះ ។
លោកបន្តថា ការរីកចម្រើននៃទីផ្សារខុនដូ វានឹងផ្តល់សេវកម្មផ្សេងទៀតដូចជាភោជនីយដ្ឋាន កន្លែងស្នាក់នៅ និង សេវាកម្មផ្សេងៗទៀតដែលជាតម្រូវការ រួមជាមួយនឹងចំណូលរបស់ពលរដ្ឋនឹងកើនឡើងផងដែរ”។
លោកខន គង្គាបានបន្តទៀថា ទីផ្សារខុននៅក្នុងប្រទេសកម្ពុជា មានការទាក់ទាញខ្លាំងនៃវិនិយោគិនបរទេស មកពីតំបន់អាស៊ី អារ៉ាប់ និងបជ្ឈឹមប្រទេស ដោយសារតែខុនដូនៅក្នុងប្រទេសមានតម្លៃក៏ធូរថ្លៃ។ ម្យ៉ាងទៀត តម្លៃនៃការចាយវាយសម្រាប់ការរស់នៅរបស់ប្រទេសពួកគេមានតម្លៃខ្ពស់ ដែលធ្វើឱ្យពួកគេបានបង្វែមកស្វែងរកលើវិស័យខុនដូនៅក្នុងប្រទេស ដែលមានតម្លៃសមរម្យដូចនៅក្នុងប្រទេសកម្ពុជាជាដើម។
លោកបន្ថែមទៀតថា សម្រាប់តម្លៃខុនដូកម្រិតខ្ពស់ គឺមានតម្លៃមួយម៉ែត្រការ៉េប្រមាណ៣៥០០ ទៅ៥៥០០ដុល្លារ ហើយមានការចាប់អារម្មណ៍ច្រើនពីវិនិយោគិនបរទេសស្ទើតែគ្រប់ជនជាតិ ជាពិសេសជនជាតិចិន តែសម្រាប់ប្រជាពលរដ្ឋខ្មែរមិនសូវជាចាប់អារម្មណ៍ខ្លាំងនោះទេ ។ តែសម្រាប់ខុនដូតម្លៃចន្លោះពី២០០០ ក្នុងមួយម៉ែត្រការ៉េចុះក្រោម ទទួលបានការចាប់អារម្មណ៍ខ្លាំងពីវិនិយោគិនខ្មែរ។
លោកស្រី អាន សុធីតា នាយិការប្រចាំប្រទេសនៃក្រុមហ៊ុន CBRE បានលើកឡើងស្រដផងគ្នាថា ទីផ្សារខុនដូសម្រាប់ឆ្នាំ២០២០នេះ នៅតែមានដំណើរការល្អ ដោយសារមានការផ្គត់ផ្គង់កាលពីចុងឆ្នាំ២០១៩ នេះ កើនដល់ជិត២០,០០០យូនីត ។
លោកស្រីបន្តថា ចំពោះខុនដូប្រភេទកម្រិនសមរម្យ មានតម្លៃចន្លោះពី១២០០ ដុល្លារឡើង ក្នុងមួយម៉ែត្រការ៉េ និងខុនដូកម្រិតធម្យម មានតម្លៃចាប់ពី ១៥០០ ទៅ ២៥ ០០ដុល្លារជាងក្នុងមួយម៉ែត្រការ៉េ បានដាក់លក់កាលពីចុងឆ្នាំ២០១៩ និងនៅដើមឆ្នាំ ២០២០នេះច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៅក្នុងស្រុក ព្រោះពលរដ្ឋខ្មែរភាគច្រើនចាប់អារម្មណ៍ខ្លាំងលើវិស័យខុនដូ។
អ្នកស្រីបន្ថែមថា សម្រាប់ខុនដូកម្រិតខ្ពស់ ដែលមានតម្លៃចាប់ពី៣០០០ ដុល្លារឡើងក្នុងម៉ែត្រការ៉េ គឺជនបរទេសចាប់អារម្មណ៍វិនិយោគច្រើន ហើយភាគច្រើន គឺជាជនជាតិចិន។ និយាយជារួមទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជា នៅតែមានទីផ្សារល្អប្រសើរ តាមរយៈកិច្ចសហការជាមួយធនាគារក្នុងផ្តល់ប្រាក់កម្ចី ដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋនៅក្នុងស្រុក។
យោងតាមការសិក្សារបស់ក្រុមហ៊ុនUrban Living Solutionកាលពីពេលថ្មីៗនេះបានឲ្យដឹងថា នៅឆ្នាំ២០៣០ខាងមុខ ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញនឹងកើនឡើងដល់៤លាននាក់ ដែលកំនើនប្រជាសាស្រ្តនេះនឹងជំរុញឲ្យប្រជាពលរដ្ឋខ្មែរ រស់នៅតាមខុនដូកាន់តែច្រើន ដោយសារ ទី១ ការកកស្ទះចរាចរណ៍កាន់តែខ្លាំង ដែលធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ទី២ តម្លៃអចលនទ្រព្យ ពិសេសលំនៅដ្ឋានក្នុងទីក្រុងឡើងថ្លៃខ្ពស់ ដែលប្រជាជនមានជីវភាពមធ្យមមិនអាចទិញបាន ប៉ុន្តែពួកគេអាចទិញខុនដូរស់នៅបាន និងមានទីតាំងនៅកណ្តាលក្រុង ជិតកន្លែងធ្វើការរបស់ពួកគេ និងទី៣ ការរីកចម្រើនបច្ចេកវិទ្យានឹងផ្តល់ឲ្យគុណភាពជីវិតកាន់តែប្រសើរជាងមុន៕