ហេតុអីតំបន់ជ្រោយចង្វារក្លាយជាទីតាំងសំរាប់វិនិយោគខុនដូ កាន់តែពុះកញ្រ្ជោល?

0

ដោយគង់ សូរិយា

          ភ្នំពេញៈ តំបន់ជ្រោយចង្វារបាន និងកំពុងក្លាយជាតំបន់ដែលមានការរីកចម្រើនលឿន ដោយសារការវិនិយោគកើនឡើង ពីសំណាក់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ។

ហេតុផលជាច្រើន ដែលអ្នកវិនិយោគជាតិ អន្តរជាតិបាននិងកំពុងជ្រើសរើសតំបន់នេះ សំរាប់សាងសង់ខុនដូគឺមានច្រើនចំណុចដូចជា ទី១ មានទន្លេអមសងខាង ដែលផ្តល់បរិយាកាសរស់នៅ ប្រកបដោយផាសុខ​ភាព ទី២ មានទេសភាពស្រស់ស្អាត ដែលអាចគយគន់ដងទន្លេបានយ៉ាងស្រស់ស្រាយ ទី៣ ជាតំបន់ដែលមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋបានយ៉ាងល្អប្រសើរ និងទី៤ កត្តាហុង ស៊ុយ ដែលអ្នកមានជំនឿលើផ្នែកនេះ តែងតែគិតដល់ ព្រោះហុងស៊ុយគឺពាក់ព័ន្ឋដល់ជីវិត និងគុណភាពជីវិត។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី៣ ធ្នូនេះថា តំបន់ជ្រោយចង្វារប្រៀបបីដូចជាមេដែកឆក់មួយ ដែលបាននិងកំពុងជំរុញឲ្យតម្លៃដីធ្លីនៅតំបន់នេះកើនឡើង ពិសេសគំរោងខុនដូមិនក្រោម២០គំរោងនោះទេ ដែលបានបញ្ចប់ និងកំពុងដំណើរកាេេសាងសង់នៅតំបន់នេះ។

លោកបន្តថា “វាជាតំបន់ស៊ីវិល័យមួយនាពេលអនាគត វាក៏នឹងជាតំប​ន់សំរាប់lifestyle មួយសំរាប់អនាគតផងដែរ ព្រោះបច្ចុប្បន្នគំរោងជាច្រើនបាននិងកំពុងផ្តល់នូវការរស់នៅកាន់តែសម្បូរបែបនៅតំបន់នេះ”។លោកបន្តថា “ផ្សារទំនើប Sky barនៅលើអាគារធំៗបាន និងកំពុងស្រូបយកការចាប់អារម្មណ៍ពីអ្នកមានជីវភាពធូរធារចូលទៅកាន់តំបន់នេះ”។

លោកយិន លាងគង់បានបន្តថា បរិយាកាសរស់នៅល្អប្រសើរ អាចស្រូបយកខ្សយល់អាកាសបរិសុទ្ឋ អាចគយគន់ទេសភាពពេលរាត្រី ក៏ដូចជា ពេលព្រះអាទិត្យរះនាព្រឹកព្រលឹម សុទ្ឋតែជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប ប៉ុន្តែលទ្ឋភាពទទួលបាននូវការរស់នៅប្រកបដោយស៊ីវិល័យ និងភាពថ្លៃថ្នូរជារឿងមួយទៀត។

យោងតាមការសិក្សារបស់ក្រុមហ៊ុនUrban Living Solutions បានឲ្យដឹងថា ទីក្រុង​ភ្នំពេញ នឹងមានមនុស្សរស់នៅដល់៤,៥ ទៅ៥លាននាក់ នៅឆ្នាំ២០៣០ខាងមុខ ដែលធ្វើឲ្យប្រជាជនកម្ពុជា សម្រេចចិត្តរស់នៅតាមខុនដូកាន់តែច្រើន ដោយសារកត្តាមួយចំនូនដូចជា ទី១ កំនើនតម្លៃអចលនទ្រព្យនៅក្នុងទីក្រុង ទី២ កម្រិតការកកស្ទះចរាចរណ៍កើនឡើង ទី៣ គុណភាពជីវិតកាន់តែល្អប្រសើរ ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា និងទី៤ ការរស់នៅខុនដូមានភាពងាយស្រួល ដែលផ្តល់នូវកញ្ចប់សេវាស្ទើរទាំងស្រុងនៃតម្រូវការប្រចាំថ្ងៃរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here