អភិបាលខេត្តកំពង់ស្ពឺអះអាងថា តំបន់សេដ្ឋកិច្ចពិសេសផ្លូវលេខ៤៤ កំពុងពន្លឿនការសាងសង់រោងចក្របន្ថែម

0

ដោយ ៖ រ៉ាណេត

កំពង់ស្ពឺ ៖ រហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍ និងបង្កើតសួនឧស្សាហកម្មតំបន់សេដ្ឋកិច្ចពិសេសនៅផ្លូវ៤៤ ខេត្តកំពង់ស្ពឺ កំពុងតែជំរុញការសាងសង់រោងចក្រយ៉ាងសកម្ម ខណៈដែលបច្ចុប្បន្នមានរោងចក្រចំនួន៤ត្រូវបានសាងសង់រួចរាល់ និងត្រៀមដំណើរការទាំងអស់។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះថា ត្បិតថាបច្ចុប្បន្នវិបត្តិកូវីដកំពុងបន្តការគំរាមកំហែង ប៉ុន្តែសម្រាប់ការសាងសង់ និងអភិវឌ្ឍន៍របស់សួនឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេសនៅផ្លូវ៤៤ ស្រុកឱរ៉ាល់ មិនបានផ្អាកនោះទេ។

លោកអភិបាលបានបញ្ជាក់ថា “តាមខ្ញុំដឹងរហូតមកដល់ពេលនេះ មានរោងចក្រប្រមាណ៤ ឬ៥ ដែលបានបញ្ចប់ការសាងសង់រួចហើយ ហើយខាងក្រុមហ៊ុនគេនៅតែបន្តសាងសង់រោងចក្រថ្មីៗបន្ថែមទៀត ហើយនឹងត្រៀមដំណើរការទាំងអស់នៅពេលឆាប់ៗខាងមុខនេះ”។

លោកបានបន្តថា “វាជាការពិត នៅពេលដែលមានគម្រោងអភិវឌ្ឍន៍ ឬសាងសង់ជាតំបន់ឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេស វានឹងជំរុញឱ្យមានតម្រូវការប្រើប្រាស់ដី ដែលប្រែក្លាយពីដីទំនេរ ដីស្រែ ដីព្រៃ ទៅជាទីតាំងគោលដៅសាងសង់សំណង់ផ្សេងៗ ដែលវាមានទាំងរោងចក្រ សហគ្រាស តំបន់សម្រាប់កម្មករស្នាក់នៅជាដើម ហើយទាំងអស់នឹងវានឹងជំរុញឱ្យតម្លៃដីទាំងក្នុងតំបន់អភិវឌ្ឍន៍ និងតំបន់ក្បែរខាងឡើងថ្លៃ វាជារឿងធម្មតា”។

បច្ចុប្បន្ននេះ ដោយសារតែភាពអំណោយផលនៃកត្តាភូមិសាស្ត្រ ដែលបង្កភាពងាយស្រួលក្នុងការដាក់ទីតាំងរោងចក្រ ជាពិសេសងាយស្រួលក្នុងការដឹកជញ្ជូន ខេត្តកំពង់ស្ពឺបានទាក់ទាញគម្រោងវិនិយោគរាប់រយគម្រោង ជាពិសេសស្ថិតនៅតាមតំបន់ផ្លូវជាតិលេខ៤ ផ្លូវលេខ៥១ ផ្លូវ៤១ និងផ្លូវ៤៤ ដែលកំពុងមានសកម្មភាពអភិវឌ្ឍន៍ និងសាងសង់សំណង់រោងចក្រជាច្រើន។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ជាក់ថា ផ្លូវជាតិលេខ ៤៤ កំពុងបង្ហាញភាពទាក់ទាញ ដល់រោងចក្រឧស្សាហកម្មជាច្រើន ដែលនឹងផ្តល់ផលប្រយោជន៍ដល់វិស័យនាពេលអនាគត។

លោកបន្តថា “ផ្លូវជាតិលេខ៤៤ នឹងក្លាយទៅជាតំបន់ឧស្សាហកម្មដ៏មមាញឹកនៅពេលអនាគត ដូច្នេះពេលក្លាយទៅជាតំបន់ឧស្សាហកម្ម វានឹងក្លាយកន្លែងបណ្តុំរោងចក្រ ហើយវិស័យអចលនទ្រព្យទទួលបានរីកម្រើន ដែលគាំទ្រដោយវិស័យឧស្សាហកម្ម” ។
លោកបន្តទៀតថា “តំបន់នេះ ពិសេសនៅប៉ែកខាងជើង ផ្លូវលេខ៤៤ នៅខាងស្តាំភាគច្រើនទទួលបានផលចំពេញពីការវិនិយោគ។ ដោយឡែកផ្លូវលេខ៤៤ ដែលភ្ជាប់ទៅឱរ៉ាល់ ផ្លូវ៥១ទៅកំពង់ឆ្នាំង និងពោធិ៍សាត់ គឺជាទីតាំងភូមិសាស្ត្រវិនិយោគ ដែលអ្នកជំនាញអចលនទ្រព្យមើលឃើញ ហើយតាមការវិភាគរបស់ខ្ញុំ ផ្លូវ៤៤ និងផ្លូវ៥១ នឹងរីកចម្រើននាពេលអនាគត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here