ពហុកីឡដ្ឋានជាតិមរតកតេជោតម្លៃ ១៥៨លានដុល្លារ សាងសង់សម្រេចបានប្រមាណ៨០ភាគរយ

ដោយ ៖ រ៉ាណេត 

ភ្នំពេញ ៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានតម្លៃ១៥៨លានដុល្លារ ក្រោមហិរញ្ញប្បទានឥតសំណង់ពីរដ្ឋាភិបាលចិន នៅលើផ្ទៃដីទំហំជាង១៦ហិកតា ត្រូវបានមន្ត្រីជំនាញអះអាងថា ការសាងសង់មានភាពរលូនស្របតាមផែនការ ដែលរហូតពេលនេះជាលទ្ធផលសម្រេចបានជាង៨០ភាគរយ និងគ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមចុងខែមីនា ឆ្នាំ២០២១ខាងមុខនេះ។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បានមានប្រសាសន៍នៅថ្ងៃចុងសប្ដាហ៍នេះថា មកទល់ពេលនេះ ដំណើរការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានជាង៨០ ភាគរយហើយ ហើយការសាងសង់គ្រោងបញ្ចប់ជាស្ថាពរនៅអំឡុងខែមីនាឆ្នាំ២០២១។ 

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា “ដោយសារការរាតត្បាតនៃជំងឺ COVID-19 បានធ្វើឱ្យការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវអូសបន្លាយរហូតដល់ខែមីនា ឆ្នាំ២០២១ ខណៈពីដំបូងគណៈកម្មការវាយតម្លៃថា ការសាងសង់នឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២០នេះ។ លោកបន្តថា “កីឡដ្ឋានមួយនេះត្រូវបានសាងសង់គ្រោងរួចរាល់១០០ភាគរយហើយ នៅសល់តែការបំពាក់សម្ភារមួយចំនួន ដូចជាកៅអី ដំបូល អំពូល ភ្លើង និងការធ្វើទីលានខាងក្នុងតែប៉ុណ្ណោះ”។

ពហុកីឡដ្ឋានដ៏ទំនើបនេះជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនសាងសង់លើផ្ទៃដីជាង១៦ហិកតា ដោយគ្រោងចំណាយថវិកា១៥៨លានដុល្លារ ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹមរយៈពេល៧នាទីក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង។

សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់ នៅថ្ងៃទី៤ មេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលដំណាក់កាលទី១ មានដូចជា មជ្ឈមណ្ឌលអាងហែលទឹក មជ្ឈមណ្ឌលកីឡា ក្នុងសាល , ទីលានបាល់បោះ , និង អគារស្នាក់នៅរបស់អត្តពលិក ជាពិសេសសម្រាប់ត្រៀមបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (Sea Games) លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ។ 

សម្រាប់តែកៅអីអង្គុយបេតុង នៅក្នុងពហុកីឡដ្ឋានជាតិដ៏ទំនើបនេះ មានទម្ងន់ធ្ងន់ជាងគេរហូតដល់ទៅ ៩.៧៤តោន ត្រូវបានផលិតឡើងយ៉ាងផ្ចិតផ្ចង់ និងបំពាក់ជាមួយប្រព័ន្ធ QR Code ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃកៅអី ពោលគឺដើម្បីត្រួតពិនិត្យគុណភាពបេតុងកៅអីនេះ ដូចជា ភាពស្មើក្នុងការលើកដាក់ជាដើម។ ក្នុងនោះដែរ កៅអីបេតុងចំនួន៤៦២៤ដុំ កាំជណ្តើរចំនួន ២៣៩២កាំ បង្កាន់ដៃចំនួន១៩២ សរុបចំនួន ៧.២០៨ដុំ៕

ស្វែងយល់ព័ត៌មានលម្អិតពីគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ- ក្រុងព្រះសីហនុ

ដោយវុត្ថា

កំពង់ស្ពឺ៖ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ- ក្រុងព្រះសីហនុ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ក្រោមអធិបតីភាពតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និង លោក Kong Xuanyou អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន  ខណៈបច្ចុប្បន្ននេះ បាននឹងកំពុងសាងសង់យ៉ាងសកម្ម និងឈានទៅរកបញ្ចប់តាមផែនការ។

 

ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នេះ មានប្រវែងសរុប ១៩០គ.ម ០១០ម ដោយតភ្ជាប់ពីភូមិទី១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិទី១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ (ប្រវែង ៨,៣០គ.ម) ខេត្តកណ្តាល (ប្រវែង ៩,១០គ.ម) ខេត្តកំពង់ស្ពឺ (ប្រវែង ៨០,៨០គ.ម) ខេត្តកោះកុង (ប្រវែង ១,៩២គ.ម) និងខេត្តព្រះសីហនុ (ប្រវែង ៨៩,៨៩គ.ម) ដែលមានទទឹងតួផ្លូវសរុប ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ហើយគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គ.ម ទៅ ១២០គ.ម ក្នុងមួយម៉ោង។

ផ្លូវល្បឿនលឿននេះ មានរៀបចំខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ សាងសង់លូគ្រប់ប្រភេទចំនួន ២៦៣កន្លែង ស្ពានតូចចំនួន ៥កន្លែង (ប្រវែងសរុប ១០៥ម៉ែត្រ) ស្ពានធំ និងស្ពានមធ្យមចំនួន ៨០កន្លែង (ប្រវែងសរុប ៦.០១៥ម៉ែត្រ) និងសាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៦កន្លែង ផ្លូវប្រសព្វចំនួន ២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿនចំនួន ២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន ២០កន្លែង សាងសង់តំបន់សេវាកម្ម (ចំណតឈប់សម្រាក) ចំនួន ៣កន្លែង ចំណតរថយន្តចំនួន ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវ ចំនួន ៤កន្លែង និងបញ្ជរបង់ប្រាក់ ចំនួន ៨កន្លែង ព្រមទាំងបំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ផងដែរ។

គម្រោងនេះវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុនខេមបូឌាន ភីភីអេសអេចវី អិចប្រេសវ៉េ (Cambodian PPSHV Expressway Co., Ltd ) ត្រួតពិនិត្យ និងផ្តល់ការប្រឹក្សាបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ដោយប្រើប្រាស់ថវិកាវិនិយោគប្រមាណជិត ២.០០០លានដុល្លារអាមេរិក និងប្រើប្រាស់ថវិកាបដិភាគដែលជាហិរញ្ញប្បទានឥតសំណងពិសេសរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រមាណ ១៥០លានដុល្លារអាមេរិក ដែលត្រូវប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ ដោយគិតចាប់ផ្តើមពីខែមីនា ឆ្នាំ២០១៩ និងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣។

លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការសាងងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីជួយសម្រួលការធ្វើចរាចរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ជារឿយៗតាមផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ និងជាខ្សែផ្លូវយុទ្ធសាស្ដ្រ និងដង្ហើមសេដ្ឋកិច្ច ដ៏សំខាន់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាបណ្តាញមួយតភ្ជាប់ផ្លូវទូទាំងប្រទេសរបស់ជាតិ និងអន្តរជាតិរាប់ពាន់គីឡូម៉ែត្រ ជាមួយរបៀងសេដ្ឋកិច្ចខាងត្បូងរបស់មហាអនុតំបន់មេគង្គ (បាងកក-ភ្នំពេញ-ហូជីមិញ) អនុរបៀងសេដ្ឋកិច្ចខាងត្បូង (បាងកក-ភ្នំពេញ-ត្រពាំងគ្រៀល-ថាប៊ូលីឡាវ) និងរបៀងសេដ្ឋកិច្ចឆ្នេរខាងត្បូង (បាងកក-ចាំយាម-ព្រែកចាក-ហាទៀង-ណាមកានវៀតណាម) ក៏ដូចជា តភ្ជាប់ផ្លូវហាយវេអាស៊ាន ជាពិសេស តភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ទាំង៣ របស់កម្ពុជា (រាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ) ផងដែរ៕

តើកត្តាអ្វីខ្លះដែលធ្វើឱ្យការវិយោគវិស័យអចលនទ្រព្យនៅកម្ពុជាទទួលបានផលចំណេញខ្ពស់ ?

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ការវិនិយោគក្នុងវស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាទទួលបានផលចំណេញច្រើនជាងបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ាន។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា (CVEA) បានគេហទំព័រpropertyarea.aia កន្លងមកនេះ ថា មានកត្តាជាច្រើនដែលធ្វើឲ្យមានការចំណេញច្រើនដោយសារតែប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ ដីនៅមានលទ្ធភាពទិញក្នុងការអភិវឌ្ឍន៍សាងសង់អគារខ្ពស់ ស្ថេរភាពនយោបាយ ភាពជឿជាក់លើវិស័យអចលនទ្រព្យ ព្រមទាំងកំណើនសេដ្ឋកិច្ចក្នុងប្រទេស។

លោកបន្តថា កត្តាទាំងអស់នេះ ហើយបានធ្វើឲ្យប្រជាជន និងជនបរទេសដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ។ បន្ថែមពីនេះ តម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានតម្លៃទាបជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន ក៏ជាកត្តាចម្បងមួយដែលទទួលបានផល និងមានលទ្ធភាពច្រើនក្នុងការវិនិយោគក្នុងវិស័យអចលនទ្រព្យ។

លោក Jame Hodge  អនុប្រធានក្រុមហ៊ុន CBRE ប្រចាំនៅកម្ពុជា បានឲ្យដឹងដែរថា វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការធ្វើដំណើរវែងឆ្ងាយទៅមុខ ដោយពុំមានបញ្ហាអ្វីកើនឡើងច្រើននោះទេ ដែលបណ្តាលឲ្យអ្នកវិនិយោគក្នុងវិស័យនេះទទួលបានផលច្រើន និងយូអង្វែង។

លោកបន្តថា មានកត្តា  ៥ ដែលទទួលបានផលចំណេញច្រើនលើការវិនិយោគលើវិស័យនេះ ពោល គឺតម្លៃដីធ្លីនៅទាប ប្រជាពលរដ្ឋវ័យក្មេងច្រើន សេដ្ឋកិច្ចមានការរីកចម្រើនខ្លាំង ការវិនិយោគក្នុងវិស័យអចលនទ្រព្យមានរយៈពេលវែង និងតម្រូវការអចលនទ្រព្យច្រើន ជាពិសេសលំនៅដ្ឋាន។ 

លោកបញ្ជាក់ទៀតថា ក្នុងរយៈពេលប៉ុន្មាននេះ តម្រូវការអចលនទ្រព្យពីសំណាក់ប្រជាពលរដ្ឋខ្មែរមានការកើនឡើងខ្ពស់ និងច្បាប់វិនិយោគនៅក្នុងប្រទេសកម្ពុជាមានភាពងាយស្រួលដល់អ្នកវិនិយោគិនបរទេស ដែលធ្វើឲ្យវិស័យអលចនទ្រព្យក្នុងប្រទេសកម្ពុជាមានការកើនឡើជាលំដាប់រហូតមកដល់ពេលនេះ បានធ្វើឲ្យអ្នកវិយោគក្នុងវិស័យនេះទទួលបានផលច្រើនជាងបណ្តាលប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន៕

ទេសចររាប់ពាន់នាក់សម្រុកចូលខេត្តសៀមរាប នៅព្រឹកថ្ងៃដំបូងនៃឱកាសឈប់សម្រាក

ដោយ ៖ រ៉ាណេត 

សៀមរាប ៖ សម្រាប់ព្រឹកថ្ងៃដំបូងនៃឱកាសឈប់សម្រាករយៈពេលវែង ក្រោមការអនុញ្ញាតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាសងជំនួសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ សម្រាប់តែខេត្តសៀមរាបមានចំណូលទេសចររាប់ពាន់នាក់ ស្របពេលដែលអាជ្ញាធរ បានរៀបចំតុបតែងលម្អនៅតាមតំបន់កម្សាន្តជាច្រើននៅទូទាំងខេត្ត។ 

ក្រសួងទេសចរណ៍បានប្រកាសនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះថា តំបន់កម្សាន្តនានានៅទូទាំងខេត្តសៀមរាប ជាពិសេសតំបន់អង្គរបានចាប់ផ្ដើមដំណើរការបើកទទួលភ្ញៀវទេសចរជាផ្លូវការហើយ។ 

តាមរយៈបណ្តាញផ្សព្វផ្សាយជាផ្លូវាររបស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា នៅព្រឹកនេះ មានភ្ញៀវទេសចរជាតិច្រើនកុះករបានទៅទស្សនា និងកម្សាន្តនៅតំបន់អង្គរវត្ត។

ជាមួយនឹងកំណើននៃចំនួនទេសចរយ៉ាងសន្ធឹកសន្ធាប់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ក្រសួងបានដាក់ឱ្យអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ចំនួន៧ប្រភេទសេវាកម្ម សំដៅធានាការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដផង និងផ្តល់សេវាកម្មដល់ទេសចរជាតិ និងទេសចរបរទេស ដែលនឹងទៅទស្សនាកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នានាទូទាំងប្រទេស ប្រកបដោយសុវត្ថិភាព គុណភាព តម្លៃសមរម្យ មានសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានល្អ ក្នុងនោះត្រូវអនុវត្តឱ្យបានមុឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ លាងសំអាតដៃ និងរក្សាគម្លាតសង្គម។

ក្នុងនាមក្រសួងទេសចរណ៍ សូមថ្លែងអំណរគុណដល់ភ្ញៀវទេសចរទាំងអស់គ្នាដែលបានអនុវត្តន៍ និងចូលរួមដើម្បីការពារសុវត្ថិភាពទេសចរណ៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល វិធានសុវត្ថិភាពទេសចរណ៍ និងជាមួយអាជ្ញាធរខេត្តសៀមរាប ក្នុងថ្ងៃឈប់សម្រាករយៈពេលនេះ។ សូមជូនពរភ្ញៀវទេសចរជាតិ ទេសចរបរទេសទាំងអស់ មានសុខសុវត្ថិភាពក្នុងពេលធ្វើដំណើរ និងទស្សនាសម្រាកកម្សាន្តប្រកបដោយភាពដប្បាយរីករាយ៕

អ្នកជំនាញ​បង្ហើប​ពី​វិធីសាស្ត្រ​ក្លាយជា​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ដែល​ជោគជ័យ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ គ្រប់​អ្នក​ដែលមាន​អាជីព និង​កំពុង​ដើរតួនាទី​ជា​អ្នកលក់​នៅលើ​ទីផ្សារ​អចលនទ្រព្យ សុទ្ធ​តែមាន​ក្ដី​ប្រាថ្នា អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​កំពូល​អ្នកលក់ ដ៏​មាន​ប្រសិទ្ធភាព ប៉ុន្តែ​អ្វី​ដែលជា​ឧបសគ្គ​នៅត្រង់ចំណុច​ថា តើ​គួរ​អនុវត្ត​វិធី​បែបណា ដែល​អាច​ទទួលបាន​នូវ​អ្វីដែល​ខ្លួន​ចង់បាន។

ជាការ​ចែករំលែក​នូវ​ចំណេះដឹង និង​បង្ហាញ​ពីបទ​ពិសោធន៍​ផ្ទាល់ខ្លួន លោក នី ទី​ណាត អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Basac Realty ដែល​បាន និង​កំពុង​អនុវត្ត​ដោយផ្ទាល់​នៅក្នុង​វិស័យ​មួយ​នេះ បានបញ្ជាក់​ពី​បុគ្គលិកលក្ខណៈ​របស់​អ្នកលក់ ដែល​អាច​ទទួលបាន​អត្រា​ជោគជ័យ​ខ្ពស់ គឺ​ត្រូវមាន​ចំណុចសំខាន់ៗទាំង៧ប្រការ​ដូចខាងក្រោម​នេះ។

១. ទឹកមុខ​ញញឹមៈ ជឿថា​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ចេះ​ញញឹម គឺ​ញញឹម​បាន​ដោយ​មិនចាំបាច់​ហ្វឹកហាត់ ហើយ​នេះ​ជា​អំណោយ​ពី​របស់​ធម្មជាតិ។ ពេល​ចូលជួប​អតិថិជន អ្នកលក់​ត្រូវយក​ទឹកមុខ​ស្រស់ស្រាយ ញញឹមញញែម ព្រម​គ្នា​នឹង​ការធ្វើ​ចិត្ត​ឱ្យ​រីករាយ ពេល​នៅ​ចំពោះមុខ​អតិថិជន ហើយ​ឱ្យ​គិតថា​យើង​កំពុង​នាំយក​រឿង​ល្អ និង​រឿង​មាន​ប្រយោជន៍​ឱ្យ​ពួកគេ ។

ពាក្យ​ថា​សួស្ដី អរគុណ ពាក្យ​ដែល​ប្រើ​បាន​គ្រប់​សម័យកាល។ សូមកុំ​ខ្ជិល​ក្នុង​ការប្រើ ហាត់​និយាយ​ឱ្យ​ជា​ទម្លាប់។ ដូច្នេះ​អាជីព​ការលក់ដូរ​នឹង​រីកចម្រើន​ឡើង ក្នុងពេល​អនាគត។

២. សុភាពរាបសា ឱនលំទោនៈ ក្រៅពី​ញញឹម​ហើយ ដៃជើង​ត្រូវ​ទន់​ផងដែរ។ មកដល់​ត្រូវ​ចេះ​សំពះ ទៅឱ្យ​ចេះ​លា ទំនៀមទម្លាប់​ខ្មែរ​កុំ​ចោល ។ ដូច្នេះ​គេ​នឹង​បានដឹងថា យើង​ទទួល​ការអប់រំ​មក​បាន​យ៉ាង​ល្អ​ពី​ចាស់ទុំ។ ប៉ុន្តែ​គប្បី​នឹក​ដល់​ពាក្យ​ថា ឱ្យ​ទន់ភ្លន់ ឱនលំទោន​តែ​កុំ​ទន់ខ្សោយ។

៣. តែងខ្លួន​ស្អា​តៈ ការ​ដែលជា​អ្នកលក់ ដែល​អតិថិជន​ចង់​នៅក្បែរ ចង់​និយាយ​ជាមួយយូរៗ ក្រៅពី​និយាយ​ឱ្យ​អតិថិជន​ស្តាប់ទៅ​ស្រួល​ត្រចៀក​ហើយ ការ​តែងខ្លួន​ក៏ត្រូវ​ឱ្យ​ស្អាត​ទាក់ភ្នែក​ផងដែរ។ ពេល​នៅក្បែរ​អតិថិជន​មិនត្រូវ​មាន​ក្លិន​ខ្លួន កាត់​ក្រចក​ឱ្យ​ស្អាត ឧបករណ៍ប្រើប្រាស់​ក្នុង​ការលក់ រៀបចំ​ឱ្យបាន​ស្អាត​រៀបរយ សុខភាព​មាត់​ធ្មេញ​ត្រូវ​រក្សា​ឱ្យបាន​ល្អ កុំ​ជក់បារី។

៤. មានការ​ចងចាំៈ ក្នុងមួយថ្ងៃៗ យើង​ជួប​អតិថិជន​ជានិច្ច មិនអាច​ចាំ​អតិថិជន​បាន​ទាំងអស់​នោះទេ លើកលែងតែ​អ្នក​សំខាន់​ប៉ុណ្ណោះ។ បើ​ការចងចាំ​របស់​យើង​មិនល្អ ក៏​អាច​ហ្វឹកហាត់​បាន។ បើ​ខ្លាច​ចាំ​មិនបាន សាក​ធ្វើតាម​កំពូល​អ្នកលក់​ធ្វើ គឺ​កត់ត្រា​ក្នុង​សៀវភៅ​ការងារ​ប្រចាំថ្ងៃ​ថា មួយថ្ងៃៗយើង​ទៅ​ជួប​អ្នកណា​នៅ​កន្លែង​ណា លក់​អ្វី ធ្វើការ​កត់ត្រា​ទុកឱ្យ​បាន​លម្អិត កន្លងទៅ ២ – ៣ ឆ្នាំ យក​បញ្ជី​ឈ្មោះ​ទាំងនេះ មក​មើល​ឡើងវិញ ហើយ​ទូរ​សព្ទ​ទៅសួរសុខទុក្ខ​ពួកគេ នឹង​ធ្វើឱ្យ​អតិថិជន​មានការ​ពេញចិត្ត ចំពោះ​ការព្យាយាម​ទាក់ទង​របស់​យើង។

៥. ពេលវេលាៈ ការចេះ​ចាត់ចែង​ពេលវេលា​ឱ្យបាន​ល្អ ពេលណា​គួរតែ​ធ្វើ​អ្វី ពេលណា​គួរផ្តល់​ពេលវេលា​ចំពោះ​អ្នកផ្ទះ ការងារ​ផ្ទះ ពេលវេលា​ណា​ជា​ពេលវេលា សម្រាប់​ការលក់ដូរ ឬ​ពេលណា​ជាការ​ងារ​សាង​សង្គម។ មួយថ្ងៃ​មាន២៤ម៉ោង បើ​ចេះ​បែងចែក​ពេលវេលា​បានល្អ ជីវិត​របស់​អ្នកនឹង​មានគុណ​តម្លៃ​ច្រើនឡើង។

៦. ចេះ​រៀប​គម្រោង​ក្នុងការ​ធ្វើការ​ងរ​ក្នុងមួយថ្ងៃៗ រៀបចំ​ចាត់ចែង​ពេលវេលា​របស់​ការងារ ដែល​ត្រូវធ្វើ​ក្នុងមួយថ្ងៃៗឱ្យបាន​ល្អ រៀប​គម្រោង​ទុក​មុន​ថា ថ្ងៃស្អែក​នឹងធ្វើ​អ្វី សរសេរ​ចូលទៅក្នុង​បញ្ជី​យ៉ាងតិច៥-៦ មុខ ហើយ​ព្យាយាម​ធ្វើឱ្យ​អស់​នូវ​ការងារ ដែល​បាន​រៀប​គម្រោង​ទុក ដូចជា​ការរក​បញ្ជី​ឈ្មោះ​អតិថិជន​ថ្មី ការ​ទៅសួរសុខទុក្ខ ការបញ្ជូន​ទំនិញ ការ​ណាត់ជួប​និង​សេវាកម្ម។

៧. រីករាយ​ក្នុង​ការនិយាយ​ជាមួយ​មនុស្ស​គ្រប់​ប្រ​ភេ​ទៈ អ្នកលក់​ដែល​ពូកែ នឹងមាន​ចំណេះដឹង​ជុំវិញខ្លួន សំដៅ​ដល់​អាច​និយាយ​របៀប​ជា​មិត្ត ជាមួយនឹង​អតិថិជន​បាន​គ្រប់​រឿង អាច​សម្រប​ខ្លួន និង​ប្រើ​ពាក្យសម្តី​របស់ខ្លួន ឱ្យចូល​ចុះ​ជាមួយ​អតិថិជន​បាន ចាប់ពី​រឿង​ទូទៅ ក្នុង​ការធ្វើការងារ​ក្នុងមួយថ្ងៃៗ ជីវិត ការរស់នៅ តិច​ណូ​ឡូ​ជី កីឡា ជាអាទិ៍ ។ល៕

ការវិនិយោគ​អចលនទ្រព្យ​នៅ​ចិន​កើនឡើង​ជាង១០ភាគរយ​នៅ​ដើម​ត្រីមាស​ទី៣

ដោយ ហ្សូ​លី

ប៉េកាំងៈ ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ក្នុងប្រទេស​ចិន បាន​ហក់​ឡើង ១១,៧% ជា​កំនើន​ដែល​គេ​មើលឃើញ​មាន​ល្បឿន​លឿន​ជាង ៨,៥% ធៀប​នឹង​ខែមិថុនា​កន្លងមក។ នេះ​បើ​យោងតាម​ការ​គណនា​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ផ្អែកលើ​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ជាតិ។


ការវិនិយោគ​លើ​អចលនទ្រព្យ កាលពី​ខែ​មុន​របស់​ប្រទេស​ចិន បាន​កើនឡើង​យ៉ាង​រហ័ស គិត​ចាប់តាំងពី​ខែមេសា​ឆ្នាំ២០១៩ ដែលមាន​ការគាំទ្រ​ដោយ​សកម្មភាព​សាងសង់​រឹងមាំ និង​ការផ្តល់​ប្រាក់កម្ចី​កាន់តែ​ងាយស្រួល នៅពេលដែល​សេដ្ឋកិច្ច​ងើប​ឡើងវិញ​បន្តិចម្តងៗពី​វិបត្ដិ​មេរោគ​រាតត្បាត។

សម្រាប់​រយៈពេល​ពី​ខែមករា​ដល់​ខែកក្កដា ការវិនិយោគ​លើ​អចលនទ្រព្យ​បាន​កើនឡើង ៣,៤ភាគរយ ដែល​លឿន​ជាង​កំណើន១,៩ភាគរយ នៅក្នុង​ចន្លោះ​ខែមករា និង​ខែ មិថុនា។

ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ចិន ស្ថិតក្នុង​ចំណោម​ការ​ងើប​ឡើងវិញ​ដំបូង បន្ទាប់ពី​ការបើក​ឡើងវិញ​សេដ្ឋកិច្ច​នៅ​ឆ្នាំនេះ ដោយសារ​ឥណទាន​មានតម្លៃ​ថោក ក៏ដូចជា​ការបន្ធូរបន្ថយ លើ​ការទប់ស្កាត់​ការរស់នៅ​ក្នុង​ទីក្រុង ដោយ​អ្នកវិភាគ​មួយចំនួន​បាន​ព្រមាន​អំពី​ភាពផុយស្រួយ ដែលមាន​សក្តានុពល​នៅក្នុង​ទីក្រុងធំ។

ការលក់​អចលនទ្រព្យ តាម​តំបន់​បាន​កើនឡើង៩,៥%ក្នុង​ខែកក្កដា បើ​ធៀប​នឹង​កំណើន២,១%ក្នុង​ខែមិថុនា។

ការស្ថាបនា​ថ្មី​បានចាប់ផ្តើម​វាស់វែង ដោយ​ផ្ទៃដី​បាន​កើនឡើង១១,៣% កាលពី​ខែ​មុន​បើ​ប្រៀបធៀប​ទៅនឹង​ខែមិថុនា៨,៩% ៕

សម្ដេច​តេ​ជោ៖ កម្ពុជា​ទទួលបាន​ដី​ជាង ២០០០ហិកតា​ពី​ការដោះដូរ​ជាមួយ​វៀតណាម      

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្តេច​តេ​ជោ​ហ៊ុន សែន​បាន​អះអាងថា កម្ពុជា​នឹង​ទទួលបាន​ដី​ជាង២០០០ហិកតា ពី​ការដោះដូរ​ជាមួយ​វៀតណាម ក្នុងការ​រៀបចំ​ព្រំដែន​រវាង​ប្រទេស​ទាំង២ ។

សម្តេច​តេ​ជោ​បាន​ថ្លែង​ក្នុង​ពិធី​បើក​ដំណើរការ​សួន​ទឹក​ស៊ី​ធី ហ្កា​ឌិន​ស្ថិតក្នុង​តំបន់​ទីក្រុង​រណប​តេ​ជោ​មរកត​នា​ព្រឹក​ថ្ងៃទី១៦ សីហា​នេះ​ថា រដ្ឋាភិបាល​បាន​ត្រៀម​យក​ដី​ទាំងនេះ ធ្វើ​សម្បទាន​សង្គមកិច្ច ប្រគល់ជូន​កងទ័ព​ការពារ​ព្រំដែន និង​នគរបាល​តាម​ព្រំដែន ក៏ដូចជា​អតីតយុទ្ធជន ដែល​គ្មាន​ដី​សម្រាប់​តាំង​លំនៅដ្ឋាន។សម្តេច​បន្តថា ដី​ដែល​នឹង​ទទួលបាន​ជាង ២០០០ហិកតា​នេះ នឹង​ប្រគល់ឱ្យ​ថ្នាក់​ខេត្ត​គ្រប់គ្រង និង​ត្រៀម​រៀបចំ​សម្រាប់​កង​ទ័​ព្ធ​ការពារ​នៅ​តំបន់​ព្រំដែន។

សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា “ឥឡូវនេះ​នៅតាម​តំបន់​ព្រំដែន​ទាំង២ វៀតណាម​ត្រូវប្រគល់​ដី​ជាង ២០០០ហិកតា ដែល​យើង​កំពុងតែ​ត្រៀម ហើយ​ខ្ញុំ​បាន​បញ្ជា​ហើយ ដី​នេះ​នៅពេលដែល​វៀតណាម​ប្រគល់ឱ្យ​កម្ពុជា ត្រូវប្រគល់​ឲ្យ​ខេត្តហើយ​ត្រូវ​ធ្វើជា​ដី​សង្គមកិច្ច ប្រគល់ឱ្យ​កងទ័ព និង​នគរបាល​ការពារ​ព្រំដែន” ។ សម្តេច​បន្ថែមថា “ខ្ញុំ​មាន​ចំណារ​លើ​ឯកឧត្តម​វ៉ា គឹម ហុង អញ្ចឹង​ឯកឧត្តម​ជា សុផារ៉ា នៅពេល​ក្រោយ ត្រូវ​ត្រៀម​យក​ដី​នេះ យើង​ឱ្យ​ខេត្ត​គ្រប់គ្រង ហើយ​អាទិភាព​ប្រគល់ឱ្យ​កងទ័ព នគរបាល និង​អតីតយុទ្ធជន ដែល​គ្មាន​ដីធ្លី” ។

សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​រំលឹកថា ការរៀបចំ​ព្រំដែន​នេះ គឺ​កម្ពុជា​យកតាម​ផែនទី ដែល​ត្រូវបាន​តម្កល់​នៅ​អង្គការសហប្រជាជាតិ ហើយ​បា​រាំងជា​អ្នក​គូស កាលពី​អតីតកាល។ សម្តេច​បាន​គូស​រំលេច​ពី​ការដោះដូរ​ដី​មួយកន្លែង ដែល​ស្ថិតនៅ​ក្នុងភូមិ​ស   ម្តេច ហេង សំរិន ព្រោះ​កាល​មិនទាន់​រៀបចំ​ព្រំដែន​ថ្មី ភូមិ​មួយ​នេះ​ស្ថិតនៅ​លើដី​វៀតណាម មាន​ចំនួន៥០០ហិកតា ធ្វើឱ្យ​កម្ពុជា​ត្រូវរ​កដី​ដូរ​ជាមួយ​វៀតណាម ឲ្យ​បាន៥០០ហិកតា​វិញ​ដែរ។

សម្តេច​តេ​ជោ​បាន​ពន្យល់ថា “ភូមិ​ខ្មែរ​មួយចំនួន ដែល​ចូលទៅ​ភាគី​វៀតណាម ដោយសារតែ​ខ្សែបន្ទាត់​ព្រំដែន របស់​បារាំង​បាន​គូស​បែប​នោះ។ ហេតុនេះហើយ​ទើប​កម្ពុជា និង​វៀតណាម បាន​ព្រមព្រៀងគ្នា​ក្នុងការ​ដោះដូរ​ដី​ភូមិរៀងៗខ្លួន” ។

បើតាម​ប្រសាសន៍​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ប្រទេស​ទាំងពីរ​មាន៣ជម្រើស​ក្នុង​ការរៀបចំ​ព្រំដែន ត្រង់ចំណុចពិបាកៗដូចនេះ រួមមាន៖ ជម្រើស​ទី១ ត្រូវ​កាត់​ភូមិ​សម្តេច ហេង សំរិន ទៅឱ្យ​វៀតណាម​គ្រប់គ្រង ដោយ​រក្សាទុក​ខ្សែ​ព្រំដែន​ដដែល។ ជម្រើស​ទី២ រក្សា​ខ្សែ​ព្រំដែន​ដដែល ប៉ុន្តែ​រើ​ភូមិ​របស់​សម្តេច ហេង សំរិន​ចេញ ហើយរ​កដី​ឱ្យ​គាត់​ធ្វើ​ភូមិ​ថ្មី​នៅក្នុង​ដី​ខ្មែរ។ រីឯ​ជម្រើស​ទី៣ ត្រូវ​ដោះដូរ​ដី​គ្នា ដោយ​រៀបចំ​ខ្សែ​ព្រំដែន​ជាថ្មី។ កម្ពុជា-វៀតណាម បាន​ព្រមព្រៀងគ្នា ដោះស្រាយ​បញ្ហា​នេះ​ដោយ​យក​ចំណុច​ទី៣ គឺ​ត្រូវ​ដូរ​ខ្សែ​ព្រំដែន ដោយ​គូស​ខ្សែ​ព្រំដែន​ថ្មី ព័ទ្ធ​យក​ភូមិ​សម្តេច​ហេង សំរិន ឱ្យមក​នៅក្នុង​ដី​ខ្មែរ។

សម្តេច​តេ​ជោ ហ៊ុន សែន​បានបញ្ជាក់​ជាថ្មី​ថា ការរៀបចំ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម បានធ្វើ​តាម​ផែន​ទីបោ​ន ១/១០០ ០០០ និង​ផែនទី UTM ១/៥០ ០០០ ។ សម្រាប់​ផែនទី១/២៥ ០០០ គឺធ្វើឡើង​ដើម្បី​ងាយស្រួល ក្នុង​ការមើល​និយាម​ការ​លើ​ព្រំដែន​ជាក់ស្តែង។

សម្តេច​តេ​ជោ​បាន​ថ្លែងថា “ព្រំដែន​រវាង​កម្ពុជា និង​ប្រទេសជិតខាង មិន​ស្ថិតនៅលើ​មាត់​របស់​ក្រុមប្រឆាំង​ទេ គឺ​ស្ថិតនៅលើ​ច្បាប់​អន្តរជាតិ” ។

កម្ពុជា​និង​វៀតណាម មាន​ព្រំដែន​គោក​ជាមួយគ្នា​ប្រវែង ១,២៧០គីឡូម៉ែត្រ ដោយយោង​ទៅតាម​ការកំណត់​ក្នុង​ផែនទី​បោ​ន​ខ្នាត១ លើ១០០,០០០ ដែល​បន្សល់ទុក​ពីស​ម័ យ​អាណានិគម និង​បាន​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ។ ការបោះបង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ បានចាប់ផ្តើម​ធ្វើឡើង​តាំងពី​ឆ្នាំ២០០៥ មក ដែល​រហូតមក​ដល់ពេល​បច្ចុប្បន្ន​ការបោះបង្គោល​ព្រំដែន​នេះ សម្រេចបាន​ប្រមាណ ៨៤ភាគរយ​ហើយ៕

រដ្ឋបាលខេត្ត​កែប កំពុង​ព​ន្លឿ​ន​ល្បឿន​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ខេត្ត

ដោយៈ វុត្ថា

កែបៈ រដ្ឋបាលខេត្ត​កែប​បាននិងកំពុង​ជំរុញ និង​ព​ន្លឿ​ន​ល្បឿន​នៃ​កិច្ចអភិវឌ្ឍន៍ រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​ទូទាំង​ខេត្ត​ឱ្យ​កាន់​តែមាន​សោភ័ណភាព ដើម្បី​លើកកម្ពស់​ដល់​វិស័យ​ទេសចរណ៍ ដែល​ស្របទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។

អភិបាលខេត្ត​កែប លោក​សោម ពិសិដ្ឋ បាន​មានប្រសាសន៍​នៅក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​លេខ១៣៣៥ ស្ថិតក្នុង​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា កែប ជា​ខេត្ត​ដែលមាន​អំណោយផល​ពី​ធម្មជាតិ ដែលមាន​សក្ដានុពល​ខ្ពស់ ក្នុង​វិស័យ​ទេសចរណ៍ ដូចជា​តំបន់ឆ្នេរ តំបន់ភ្នំ​មាត់​ព្រែក ដែល​កំពុងមាន​ការចូល​រួម​ពី​វិស័យ​ឯកជន​ក្នុងការ​រៀបចំ និង​អភិវឌ្ឍន៍​ជា​តំបន់​កម្សាន្ត​ជាច្រើន​កន្លែង។

លោក​បន្តថា “ខេត្ត​កែប​បច្ចុប្បន្ននេះ ពីមួយថ្ងៃ​ទៅមួយថ្ងៃ មានការ​អភិវឌ្ឍន៍​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន និង​ជា​បន្តបន្ទាប់ ខេត្ត​បាន​នឹង​កំពុង​ប្រឹងប្រែង កសាង ជួសជុល​ផ្លូវ​ក្នុង​ខេត្ត​ទាំង​នៅ​ទីក្រុង និង​នៅ​ជនបទ” ។ លោក​បន្តថា “អាជ្ញាធរខេត្ត​បានរៀបចំ​តំបន់​កំសាន្ត​នានា អោយ​កាន់​តែមាន​ភាពស្រស់​ត្រកាល និង​អនាម័យ​ល្អ ខ្យល់អាកាស់​បរិសុទ្ធ និង​ទិដ្ឋភាព​គួ​ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ចូលមក​សម្រាកលំហែរ​កំសាន្ត នៅ​ខេត្ត​កែប កាន់តែច្រើនឡើង” ។

លោក​បាន​បន្ថែមទៀតថា នេះ​ជា​សកម្មភាព​មួយ ដោយ​អនុវត្តតាម​គោលនយោបាយ​ជាតិ​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​បងប្អូន​គ្រប់ពេលវេលា ដោយ​ផ្តោត​សំខាន់ មនុស្ស ទឹក ផ្លូវ ភ្លើង។ ផ្លូវ​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់ បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អាចធ្វើ​ដំណើ​ត្រង់​ទៅលេង​ឆ្នេរកែប ឬ​ដឹកជញ្ជូន​កសិផល​ទៅកាន់​ទីផ្សា​តាមផ្លូវ​នេះ បាន​យ៉ាង​ងាយស្រួល។

តាម​របាយការណ៍​រប​ស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប​បានឱ្យដឹងថា កំណាត់​ផ្លូវ​ខេត្ត​លេខ១៣៣៥ នេះ​មាន​ប្រវែង​សរុប៧គឺ​ឡូ​ម៉ែត្រ ទទឹង៧ម៉ែត្រ ក្នុង​នោះបាន​កសាង និង​ចាក់​កៅស៊ូ DBST រួចរាល់​ចំនួន ៤.៩គឺ​ឡូ​ម៉ែត្រ​ស្មើនឹង ៧០ភាគរយ ក្នុង​ឆ្នាំ២០២០ នឹង​នេះ​បន្ត​ជួសជុល និង​ចាក់​កៅស៊ូ​បន្ថែម​ប្រវែង ១.៩គឺ​ឡូ​ម៉ែត្រ​ទៀត ដោយ​អម​ជាមួយនឹង​សំណង់​សិល្បការ​ជាច្រើន​ទៀត៕

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដែលជាសហប្រធានកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡាងឆាងលើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទដើមសប្ដាហ៍ទី៤នៃខែសីហា ឆ្នាំ២០២០ ខាងមុខនេះ តាមរយៈអនឡាញ និងអមដោយមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត។

កិច្ចប្រជុំនេះ នឹងរៀបចំឡើងក្រោមមូលបទ “ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម” ដោយថ្នាក់ដឹកនាំនឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានស្របតាមទិសដៅនៃសេចក្ដីថ្លែងការណ៍សាន់យ៉ាឆ្នាំ២០១៦ សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) កំណត់ទិសដៅអនាគតសម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង។

ថ្នាក់ដឹកនាំដែលរួមមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ លោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក៏នឹងផ្តោតការយកចិត្តទុកដាក់ផងដែរលើកិច្ចខិតខំប្រឹងប្រែងរួមរបស់បណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺ Covid-19។

កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣នេះ នឹងគូសបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែងនៅតំបន់មេគង្គ-ឡានឆាង ក៏ដូចជា ការលើកកម្ពស់សន្តិសហវិជ្ជមាន ក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង៕

រដ្ឋបាលខេត្តកំពតជំរុញការដោះស្រាយដីធ្លីនៅសេសសល់ក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខ្លួន

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពតបើកិច្ចប្រជុំជំរុញការដោះស្រាយបញ្ហាដីធ្លី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិក្នុង ភូមិសាស្រ្តនៃខេត្តកំពត ដែលនៅសេសសល់មិនទាន់ដោះស្រាយរួច ស្របតាមអនុសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

លោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត នៅក្នុងកិច្ចប្រជុំស្ដីពី បញ្ហាដីធ្លី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិក្នុង ភូមិសាស្រ្តនៃខេត្តកំពតកាលពីថ្ងៃទី ១៤ ខែសីហាម្សិលមិញនេះឱ្យដឹងថា ការងារកាត់ឆ្វៀលដីពាក់ព័ន្ធក្នុងតំបន់ការពារធម្មជាតិ គឺជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាល ក្នុងគោលបំណងជំរុញលើកកម្ពស់ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឲ្យបានស្របច្បាប់ដើម្បីកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ។

លោកអភិបាលខេត្តបានស្នើដល់អាជ្ញាធរក្រុង ស្រុក និងមន្ត្រីនៃមន្ទីរ អង្គភាពពាក់ព័ន្ធ សូមយកចិត្តទុកដាក់ ក្នុងដំណើរការចុះអនុវត្តសកម្មភាពវាស់វែងឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលបាននឹងកំពុងកាន់កាប់និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំ នៅលើទីតាំងដីដែលស្ថិតក្នុងដែនតំបន់ការពារធម្មជាតិឬគម្របព្រៃឈើក្នុងខេត្ត ឲ្យមានការប្រុងប្រយ័ត្ននិងឱ្យបានលឿនឆាប់រហ័ស ដោយកំណត់ក្នុងការប្រមូលទិន្នន័យនិងកសាងឯកសារមន្ទីរបរិស្ថានខេត្តនិងរដ្ឋបាលព្រៃឈើខេត្តឲ្យបានហើយនៅក្នុងចុងខែសីហាឆ្នាំ ២០២០នេះ ។

ជាមួយនឹងការអនុវត្តសកម្មភាពការងារនេះ លោកអភិបាលខេត្ត ក៏បានណែនាំ ត្រូវមានការយកចិត្តទុកដាក់ ប្រកបដោយ តម្លាភាព ប្រសិទ្ធភាព នឹងទទួលលទ្ធផលបានល្អប្រសើរឆ្លើយតបទៅ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាសំណើរបស់ក្រសួងបរិស្ថាន និងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃឱ្យ មានប្រសិទ្ធភាពខ្ពស់។

យោងតាមទិន្នន័យរបស់មន្ទីរបរិស្ថានខេត្តកំពត មានតំបន់ការពារធម្មជាតិចំនួន២ នៅក្នុងខេត្តកំពត គឺទី១-តំបន់ការពារទេសភាពអន្លង់ព្រីងក្នុងស្រុកកំពង់ត្រាច មិនមានជាប់ពាក់ព័ន្ធ បញ្ហាសេសសល់ដីប្រជាពលរដ្ឋអាស្រ័យផលទេ ដោយសារតំបន់នោះជាតំបន់បឹង និងមានបង្គោលព្រំ ច្បាស់លាស់។

ទី២-ឧទ្យានជាតិព្រះមុនីវង្សបូកគោ ស្ថិតនៅក្នុងភូមិសាស្រ្ត ក្រុងនិងស្រុកចំនួន៣ គឺក្រុងកំពត ស្រុកទឹកឈូនិងស្រុកឈូក ។ ក្នុងស្រុកទាំងបីនៃតំបន់ការពារធម្មជាតិនេះ គឺនៅក្នុងស្រុកទឹកឈូ ដែលមានបញ្ហាដីធ្លីនៅសេសសល់ មិនទាន់ចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅឡើយ ៕