តំបន់ទេសចរណ៍សំខាន់ចំនួន ៣ រំពឹងថានឹងមានភ្ញៀវទៅលេងច្រើននៅក្នុងថ្ងៃឈប់សំរាកសប្តាហ៍ក្រោយនេះ

ដោយវុត្ថា

ភ្នំពេញ៖ តំបន់ទេសចរណ៍សំខាន់ៗចំនួន ៣ ត្រូវបានរំពឹងថា នឹងមានភ្ញៀវទេសចរនៅក្នុងស្រុកធ្វើដំណើរទៅលេងកម្សាន្តច្រើននៅក្នុងឈប់សំរាករយៈពេល ៥ ថ្ងៃនៅសប្តាហ៍ក្រោយនេះ ខណៈដែលអាជ្ញាធរពាក់ព័ន្ធជំរុញឱ្យប្រតិបត្តិករ និងសេវាទេសចរណ៍យកចិត្តទុកដាក់វិធានការការពារជងឺកូវីដ ១៩ របស់ក្រសួងសុខាភិបាល។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានឱ្យដឹងនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថា តំបន់ទេសចរណ៍សំខាន់ៗចំនួន ៣ របស់កម្ពុជា នឹងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តច្រើន រួមមានតំបន់ឆ្នេរ (កែប កំពត និងព្រះសីហនុ) តំបន់ភូមិឦសាន្ត និងខេត្តសៀមរាប ខណៈពេលនេះ មានភ្ញៀវកក់ផ្ទះសំណាក់ សណ្ឋាគារ និង បឹងហ្គាឡូច្រើន។

លោកស្រីបន្តថា “នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ឃើញមានប្រជាពលរដ្ឋយើងកត់ច្រើននៅខាងតំបន់ឆ្នេរ (កែប កំពត និងកំពង់សោម) តំបន់ឦសាន្ត និងខេត្តសៀមរាបក៏មានច្រើនដែរដោយខេត្តមួយនេះ បាននឹងកំពុងរៀបចំព្រឹត្តិការណ៍ ឬកម្មវិធីកំសាន្តសំខាន់ជាច្រើន” ។

លោកស្រីបន្ថែមថា “សម្រាប់ខេត្តសៀមរាបនេះ គឺមានការផ្គត់ផ្គង់ក៏មិនទាន់ពេញដូចខាងតំបន់ឆ្នេរ និងតំនប់ឦសាន្ត នោះទេ ដោយសារតែការផ្គត់នៅក្នុងខេត្តសៀមរាបនេះ មានបរិមាណច្រើន និងផ្គត់ផ្គង់តែសម្រាប់ភ្ញៀវបរទេសនាពេលកន្លងមកនេះ ខណៈបច្ចុប្បន្ននេះមានតែភ្ញៀវនៅក្នុងស្រុក ”។

លោក តុប សុភក្តិ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅថ្ងៃឈប់សំរាកខាងមុខនេះ ក្រសួងទេសចរណ៍មិនទាន់បានកំណត់គោលដៅតំបន់ទេសចរណ៍ខាងណាថាមានប្រជពលរដ្ឋយើងទៅលេងច្រើនោះទេ ខណៈដែលកម្ពុជាមានតំបន់ទេសចរណ៍ច្រើនសម្រាប់បំរើដល់ពួកគាត់។

លោកបន្តថា “ប្រជាពលរដ្ឋយើងអាចទៅលេងកម្សាន្តនៅតាមតំបន់គោលដៅទេសចរណ៍ណាដែលពួកគាត់មានលទ្ធភាពជាក់ស្តែង ដូច្នេះ ហើយក្រសួងមិនទាន់ហ៊ាននិយាយថាពួកគាត់ទៅលេងតំបន់ណានោះទេ តែ ក្នុងរបាយការណ៍ ៧ កន្លងមកនេះ ពលរដ្ឋខ្មែរយើងបានចេញទៅលេងនៅតំបន់ឆ្នេរ និងប៉ែកឦសាន្តប្រទេសច្រើនជាងតំបន់ផ្សេងៗ”។

លោកបន្តថា “ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានដាក់ចេញនូវវិធានការណ៍មួយចំនួនសម្រាប់ប្រតិបត្តិករទេសចរណ៍ សេវាទេសចរណ៍ និងតំបន់ទេសចរណ៍នៅទូទាំងប្រទេសឱ្យគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ចំពោះការការពារពីការឆ្លងជំងឺកូវីដ ១៩ ផងដែរ”។

ក្រសួងទេសចរណ៍បានជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ពិសេសក្នុងថ្ងៃឈប់សម្រាករយៈពេលវែងខាងមុននេះ ដោយបានដាក់ឲ្យអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ចំនួន ៧ប្រភេទសេវាកម្ម សំដៅធានាការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដផង និងផ្តល់សេវាកម្មដល់ទេសចរជាតិ និងទេសចរបរទេស ដែលនឹងទៅទស្សនាកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នានាទូទាំងប្រទេស ប្រកបដោយសុវត្ថិភាព គុណភាព តម្លៃសមរម្យ មានសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានល្អ ក្នុងនោះត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ លាងសំអាតដៃ និងរក្សាគម្លាតសង្គម៕

អនុស្ថានីយ៍បញ្ជូនថាមពលកម្លាំង២៣០គីឡូវ៉ុលនៅខេត្តកោះកុងត្រូវបានដាក់ឱ្យដំណើរការ

ដោយ ៖ រ៉ាណេត​

កោះកុង ៖ ដោយមានការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខេត្តកោះកុងបានទទួលសមិទ្ធិផលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធខ្សែបញ្ជូន និងអនុស្ថានីយ ២៣០គីឡូវ៉ុល ត្រូវបានដាក់ឱ្យដំណើរការបម្រើការប្រើប្រាស់ និងផ្គត់ផ្គង់ស្រុកចំនួន៤។

លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ថា អគ្គិសនីកម្ពុជាបានដាក់ឲ្យដំណើរការខ្សែបញ្ជូន ២៣០គីឡូវ៉ុលពីអនុស្ថានីយ៍ចម្ការហ្លួង ស្រុកកំពង់សីលា (ផ្លូវបំបែកស្រែអំបិល) មកស្រុកបូទុមសាគរ ប្រវែង ៥៤គីឡូម៉ែត្រ ព្រមទាំងដាក់ឲ្យដំណើរការអនុស្ថានីយ ២៣០គីឡូវ៉ុលនៅក្នុងស្រុកបូទុមសាគរនេះ។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការបញ្ជូននិងការផ្គត់ផ្គង់ចែកចាយអគ្គិសនី ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកបូទុមសាគរ គីរីសាគរ កោះកុង និងស្រុកស្រែអំបិល នៃខេត្តកោះកុង។

លោក កែវ រតនៈ បានមានប្រសាសន៍បន្ថែមថា ខ្សែបញ្ជូន និងអនុស្ថានីយថ្មីនេះស្ថិតនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដែលបានផ្តល់ឥណទានសម្បទានដល់អគ្គិសនីកម្ពុជា ដើម្បីបង្កើនវិសាលភាពនៃការបញ្ជូនផ្គត់ផ្គង់អគ្គិសនីប្រកបដោយគុណភាព ស្ថិរភាព និងនិរន្តរភាព។

គម្រោងនេះត្រូវបានសិក្សាត្រួតពិនិត្យដោយវិស្វកររបស់អគ្គិសនីកម្ពុជាតាំងពីចាប់ផ្តើមដំបូងនៅឆ្នាំ២០១៤ ដោយមានការជួយពីទីប្រឹក្សាបច្ចេកទេសអន្តរជាតិ របស់ក្រុមហ៊ុនអគ្គិសនីបារាំង EDF ហើយសាងសង់ដោយក្រុមហ៊ុនធំៗរបស់ប្រទេសចិន រួមមាន ZTT សម្រាប់ខ្សែបញ្ជូន ១១៥ គីឡូវ៉ុល និង២៣០គីឡូវ៉ុល និង TBEA សម្រាប់អនុស្ថានីយ ១១៥ គីឡូវ៉ុល និង២៣០គីឡូវ៉ុល។

គម្រោងនេះមិនត្រឹមតែឲ្យយើងទទួលបាននូវមួយផ្នែក នៃហេដ្ឋារចនាសម្ព័ន្ធជាតិបញ្ជូនអគ្គិសនីប៉ុណ្ណោះទេ គឺបានផ្តល់និងផ្ទេរចំណេះដឹង (Capacity Building) នូវបច្ចេកវិជ្ជាទំនើបពីបណ្តាជំនាញបច្ចេកទេសដែលមានបទពិសោធន៍ខ្ពស់ទាំងពីប្រទេសបារាំង ក៏ដូចជាប្រទេសចិន ដល់វិស្វករ និងក្រុមហ៊ុនម៉ៅការសាងសង់បន្តរបស់ប្រទេសកម្ពុជា ដើម្បីមានលទ្ធភាពសាងសង់ដោយខ្លួនឯងនៅពេលអនាគត។ ខ្សែបញ្ជូននេះជាផ្នែកមួយនៃប្រព័ន្ធជាតិបញ្ជូនអគ្គិសនីភាគខាងត្បូង ដែលគ្រោងនឹងភ្ជាប់ជាមួយខេត្តកោះកុងនៅចុងឆ្នាំ២០២០នេះ ដើម្បីបង្កើតបានជាប្រព័ន្ធកងបញ្ជូនធំមួយទៀតឆ្លងកាត់ខេត្តព្រះសីហនុ កោះកុង ពោធិ៍សាត់ កំពង់ឆ្នាំង កណ្តាល រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដែលអាចបញ្ជូនថាមពលជួយគ្នាទៅវិញទៅមកដោយយកប្រភពពីរោងចក្រធ្យូងថ្មខេត្តព្រះសីហនុ និងបណ្តាវារីអគ្គិសនីភាគខាងលិច ក្នុងខេត្តកោះកុង និងពោធិសាត់។

លោក កែវ រតនៈ បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋអ្នកប្រើប្រាស់នៅក្នុងតំបន់ស្រុកបូទុមសាគរ គីរីសាគរ និងភាគខ្លះនៃស្រុកស្រែអំបិល និងស្រុកកោះកុង នឹងទទួលបាននូវការផ្គត់ផ្គង់ថាមពលអគ្គិសនីដែលមានគុណភាព និងស្ថិរភាព ល្អប្រសើរជាងមុន ពីប្រភពផ្គត់ផ្គង់ថ្មីនេះជំនួសការយកថាមពលពីប្រភពអនុស្ថានីយ៍ឆ្ងាយៗដូចពីមុន បញ្ជូនតាមបណ្តាញតង់ស្យុងមធ្យមដែលជារឿយៗតែងជួបប្រទះការរអាក់រអួលដោយសារមែកឈើប៉ះ បណ្ដាលពីខ្យល់ព្យុះ ភ្លៀងខ្លាំង មកលើបង្គោលបេតុងតូចៗដែលដាំតាមផ្លូវជាដើម។

ជាមួយគ្នានេះដែរ ខ្សែបញ្ជូនតង់ស្យុងខ្ពស់ថ្មីនេះអាចផ្តល់លទ្ធភាពបញ្ជូនថាមពលរហូតដល់៦០០មេហ្កាវ៉ាត់ ដែលអាចពង្រីកបន្ថែមការអភិវឌ្ឍន៍តាមរបៀង មាត់សមុទ្ររបស់ប្រទេសយើងតាមផ្លូវជាតិលេខ ៤៨ ដែលនឹងជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិយ៉ាងឆាប់រហ័ស៕

កម្ពុជា និងសឹង្ហបុរីនឹងចាប់ផ្តើមតភ្ជាប់ជើងហោះហើរឡើងវិញនៅខែក្រោយ

ដោយ៖ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍Silk Air របស់ប្រទេសសឹង្ហបុរី ដែលមានទិសដៅហោះហើរសឹង្ហបុរីភ្នំពេញសឹង្ហបុរីត្រូវបានរំពឹងថានឹងចាប់ផ្តើមសេវាកម្មហោះហើរឡើងវិញនៅខែកញ្ញាខាងមុខនេះ។

ក្រុមហ៊ុនអាកាសចរណ៍នេះ បានទទួលការយល់ព្រម ក្នុងការបន្តជើងហោះហើររបស់ខ្លួនឡើងវិញ ហើយក៏ទទួលបានការយល់ព្រមសម្រាប់អ្នកដំណើរ ដែលធ្វើដំណើរពីប្រទេសកម្ពុជាឆ្លងកាត់នៅសិង្ហបុរីផងដែរ។ ការវិវឌ្ឍវិជ្ជមាននេះកើតឡើង បន្ទាប់ពីប្រទេសកម្ពុជាផ្អាកជើងហោះហើរពីគោលដៅចំនួន៣ដូចជាប្រទេសម៉ាឡេស៊ីឥណ្ឌូនេស៊ីនិងហ្វីលីពីន។

ទន្ទឹមនឹងនេះ នៅក្នុងការវិវត្តផ្សេងទៀត ប្រទេសជប៉ុន នឹងសិង្ហបុរីបានព្រមព្រៀងកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ១០ ចាប់ពីខែកញ្ញាខាងមុខនេះ។

រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោកToshimitsu Motegi បាននិយាយថា លោកបានឯកភាពជាមួយភាគីសឹង្ហបុរី លោក Vivian Balakrishnan ថាប្រទេសទាំងពីរនឹងចាប់ផ្តើមធ្វើទស្សនកិច្ចទៅវិញទៅមករបស់អ្នកជំនួញនិងជនបរទេសចាប់ពីខែកញ្ញាខាងមុខនេះប្រសិនបើពួកគេចាត់វិធានការប្រុងប្រយ័ត្នជាមុន។

ប្រទេសជប៉ុនបច្ចុប្បន្នបានហាមឃាត់១៤៦ប្រទេស ក្នុងការចូលក្នុងប្រទេសរបស់ខ្លួនជាគោលការណ៍បានឱ្យដឹងកាលពីចុងខែកក្កដាថាខ្លួននឹងបើកការពិភាក្សាថ្មីជាមួយប្រទេស១២រួមទាំងប្រទេសសឹង្ហបុរីផងដែរអំពីវិធីសាស្រ្តក្នុងការធ្វើដំណើរឡើងវិញ។

រដ្ឋមន្រ្តីទាំងពីររូបនៅក្នុងជំនួបផ្ទាល់លើកដំបូងចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនក៏មានផែនការពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ននៅសមុទ្រចិនខាងត្បូងដែលចិនកំពុងបង្កើនការទាមទារដែនសមុទ្រនិងមធ្យោបាយដើម្បីរារាំងមហិច្ឆតានុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង។

ក្រុមរដ្ឋមន្រ្តីទាំងពីរត្រូវបានរំពឹងថា នឹងផ្លាស់ប្តូរទស្សនគ្នាស្តីពី កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត ដែលអាចប៉ះពាល់ដល់ការបង្កើត មជ្ឈមណ្ឌលអាស៊ាន៕ KT/BangkokPost


ឳកាសពិសេស! អញ្ជើញមកបុរីប៊ុនលីនឹងទទួលបាន10,000​​ដុល្លារ និងកាតសមាជិកជាមួយអត្ថប្រយោជន៍ជាច្រើន

ដោយសាមឿន

ភ្នំពេញៈ ក្នុងឱកាស បើកលក់ប្រភេទផ្ទះ ថោនហោស៍ប៊ីTown House-B ដំណាក់កាលទី២ ក្នុងទីតាំងថ្មីគម្រោងតែមួយ ដែលមានត្រឹមតែ50ខ្នងតែប៉ុណ្ណោះបុរី ប៊ុន លី ប្រកាសផ្តល់សំណាងភ្លាមៗ រហូតដល់$10,000 ដល់អតិថិជនទាំងអស់ ដែលបានអញ្ជើញមក ការិយាល័យលក់ចាប់ពីថ្ងៃទី24 ខែសីហា រហូតដល់ថ្ងៃទី24 ខែកញ្ញា ឆ្នាំ​2020ខាងមុខនេះ។


បន្ថែមពីនេះ បុរី ប៊ុន លី ក៍ផ្តល់ជូនកាតសមាជិកពិសេសជាកាដូដល់អតិថិជនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយអតិថិជនគ្រាន់តែអញ្ចើញ មកការិយាល័យលក់ ដើម្បីទទួលបានកាតសមាជិកដោយគ្មានលក្ខខណ្ខ។ នេះជាការលើកទឹកចិត្តនិងដើម្បីតបស្នងជូនដល់អតិថិជនទាំងអស់ដែរមានទំនុកចិត្ត ជឿជាក់លើគម្រោងរបស់បុរី ប៊ុន លី

គម្រោងថោន ហោសន៍ ប៊ី (Town-House B) ថ្មីរបស់បុរី ប៊ុនលីនេះនឹងក្លាយជា  ជាលំនៅស្ថានសម្រាប់ ធ្វើអាជីវកម្មខ្នាតតូច និងមធ្យម និងជាការិយាល័យដ៏ទំនើប ដោយផ្អែកទៅលើ គម្រោង បុរី ប៊ុនលី ស្ថិតនៅទីតាំងភូមិសាស្រ្តអាជីវកម្ម ដ៏រីកចម្រើនយ៉ាងឆាប់រហ័ស និងជាតំបន់ពាណិជ្ជកម្មដ៏សំខាន់ សម្រាប់ផ្គត់ផ្គង់តម្រូវការប្រជាជន ក្នុងតំបន់ដែ​​កំពុងសាងសង់នៅលើផ្ទៃដីប្រមាណ៣ហិកតា។


គម្រោងបុរី ប៊ុនលី ផ្តល់ជូនជាប្រភេទផ្ទះ២ប្រភេទ និង៤ជម្រើស ដូចជា ហ្សប ហោស៍ អេ​​ (Shop House-A) និង ហ្សប ហោស៍ ប៊ី (Shop House-B), ថោនហោស៍ អេ (Town House-A), និងថោនហោស៍ ប៊ី (Town House-B)

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង តាមរយៈលេខ៖ 010/068/077 22 77 89 ឬតាមអាស័យដ្ឋាន ផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ៕

ក្រុមហ៊ុនផ្សារទំនើប AEON Mall3តម្លៃជិត៣០០លានដុល្លារចាប់ផ្ដើមសាងសង់សំណង់ការិយាល័យហើយ

ដោយៈ រ៉ាណេត

ភ្នំពេញៈ គម្រោងសាងសង់ផ្សារទំនើបAEON3 ស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោកែងផ្លូវ៥០ម៉ែត្រ បានចាប់ផ្តើមសាងសង់ទីស្នាក់ការ សម្រាប់អ្នកបច្ចេកទេសនិងបុគ្គលិកជំនាញដែលនឹងគ្រោងប្រារព្វពិធីបុកគ្រឹះសាងសង់ជាផ្លូវនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។

គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ទីតាំងគម្រោងសាងសង់ផ្សារទំនើបលំដាប់អន្តរជាតិទី៣របស់ក្រុមហ៊ុន AEON Mall បានចាប់ផ្តើមសង់សំណង់ផ្ទាល់ដីសម្រាប់ជាទីស្នាក់ការនៃការដ្ឋានរបស់ក្រុមអ្នកបច្ចេកទេសនិងបុគ្គលិកជំនាញផ្នែកសំណង់ខណៈដែលសម្ភារៈសម្រាប់សាងសង់និងថ្មគ្រឹះបាននិងកំពុងត្រៀមដឹកជញ្ជូនយកមកកាន់កំពង់ផែព្រះសីហនុ។

តាមប្រភពព័ត៌មានដែលជឿទុកចិត្តបានបញ្ជាក់ប្រាប់ថា ការបុកគ្រឹះសាងសង់ផ្សារទំនើបដ៏ធំរបស់ជប៉ុននេះ នឹងចាប់ផ្តើមនៅខែតុលាយ៉ាងយូរបំផុត ឬអាចបន្តត្រឹមដំណាច់ឆ្នាំនេះ និងមិនឆ្លងចូលដល់ដើមឆ្នាំ២០២១នោះទេ។ ជាក់ស្ដែងពេលនេះ ក្រុមហ៊ុនតំណាងនៅកម្ពុជាបានចាប់ផ្តើមសាងសង់សំណង់ផ្ទាល់ដីសម្រាប់ធ្វើការិយាល័យនៃការដ្ឋានហើយ។

លោកបានបញ្ជាក់ថា វាជាការធម្មតាទេ គ្រប់ការដ្ឋានទាំងអស់ គឺត្រូវតែមានការិយាល័យ ឬទីស្នាក់ការសម្រាប់បុគ្គលិកបច្ចេកទេស និងបុគ្គលិកជំនាញផ្នែកសាងសង់។ លោកបន្តថា បន្ទាប់មកគេនឹងនាំយកសម្ភារៈសំខាន់ៗ សម្រាប់សាងសង់ដំបូង ជាពិសេសថ្មសរសរគ្រឹះ ដែលកំពុងត្រៀមដឹកជញ្ជូនយកមកជាបណ្តើរៗ ខណៈដែលរាល់ឯកសារដឹកជញ្ជូនត្រូវបានរៀបចំរួចរាល់ជាស្រេច

លោកបន្តឲ្យដឹងទៀតថាខ្ញុំមិនអាចបញ្ជាក់ថាបុកគ្រឹះថ្ងៃទីប៉ុន្មាននោះទេ ប៉ុន្តែអាប្រាប់ថានៅក្នុងខែតុលា ឬយ៉ាងយូរនៅត្រឹមចុងឆ្នាំ២០២០នេះ ហើយនឹងត្រូវបញ្ចប់ទាំងស្រុងមិនលើសពី២៧ខែក្រោយពេលបុកគ្រឹះនោះទេ

គម្រោង Aeon Mall 3 ជាមជ្ឈមណ្ឌលផ្សារទំនើបលក់ទំនិញចំរុះ មានទីតាំងលក់ទំហំសរុប១៧០,០០ម៉ែត្រការ៉េ ដែលជាផ្សារធំជាងគេបង្អស់ ក្នុងចំណោមផ្សារទំនើប Aeon Mall ទាំង៣នៅកម្ពុជា និងមានកន្លែងចតរថយន្តនៅខាងក្រៅធំទូលាយ។

គម្រោងសាងសង់ផ្សារទំនើបដ៏ធំ Aeon Mall3 នឹងត្រូវបានធ្វើឡើងនៅលើផ្ទៃដីទំហំជាង១៧ហិកតា ក្រោមទំហំទុនវិនិយោគប្រមាណ៣០០លានដុល្លារ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

តើវិស័យអចលនទ្រព្យកម្ពុជាបច្ចុប្បន្នកំពុងវិវត្តន៍យ៉ាងដូចម្តេច?

ដោយវុត្ថា

ភ្នំពេញ៖ វិស័យអចលនទ្រព្យកម្ពុជា នាពេលបច្ចុប្បន្ននេះ មានការប្រែប្រួលចាប់តាំងពីមានការផ្ទុះឡើងនូវវិបត្តិជំងឺកូវីដ១៩ ដែលបណ្តាក្រុមហ៊ុនវិនិយោគ និងអ្នករកស៊ីក្នុងវិស័យនេះបានឹងកំពុងខិតខំប្រឹងប្រែងទប់ ដើម្បីធ្វើយ៉ាងណាឱ្យបានត្រឹមតែមួយរស់ និង ស្វែងរកយុទ្ធសាស្ត្រីថ្មី ក្នុងការវិនិយោគស្របតាមកាលៈទេសៈដ៏លំបាកនេះ។

ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលវត្ថុកម្ពុជាលោកច្រឹក សុខនីមបានឱ្យដឹងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២០នេះឱ្យដឹងថា ក្រុមហ៊ុនវិនិយោគនីមួយៗ បាននិងកំពុងខិតខំប្រឹងប្រែង ឱ្យបានតែមួយរស់ៗតែប៉ុណ្ណោះ  នៅក្នុងវិបត្តិជំងឺកូវីដ ១៩នាពេលនេះ បើទោះបីវិស័យអចលនទ្រព្យមួយចំនួន របស់កម្ពុជានាពេលបច្ចុប្បន្ននេះ មិនមានការឡើងថ្លៃខ្ពស់នោះទេ ហើយក៏មិនមានការធ្លាក់ថ្លៃផងដែរ។

លោកបញ្ជាក់ថាស្ថានភាពទីផ្សារអចលនទ្រព្យនៅពេលនេះ ហាក់នៅទ្រឹង ហើយយើងក៏ឃើញមានការលក់ អចលនទ្រព្យមួយចំនួនក្នុងស្ថានភាពបន្ទាន់ និងចុះតម្លៃផ្សេង។លោកបន្តថា អ្វីៗវិវត្តន៍ទៅតាមស្ថានភាពបុគ្គល ឬម្ចាស់អចលនទ្រព្យប៉ុណ្ណោះ  តែយ៉ាងណានៅក្នុងស្ថានភាពបែបនេះ គឺមិនមានបញ្ហាធ្លាក់ចុះ ឬវិបត្តិធ្ងន់ធ្ងរខ្លាំងក្លានៅក្នុងវិស័យអចលនទ្រព្យនោះទេ

លោកច្រឹក សុខនីមបន្ថែមថា ការវិនិយោគឬការទិញលក់ផ្សេងៗនៅក្នុងវិស័យអចលនទ្រព្យនាពេលបច្ចុប្បនេះមានតែនៅក្នុងស្រុកប៉ុណ្ណោះខណៈអ្នកមកពីខាងក្រៅគឺមិនមាននោះទេដែលបញ្ហានេះទាមទាពេលវេលាយូបន្ថែមទៀតឬរហូតដល់ស្ថានភាពសេដ្ឋកិច្ចសកលមានភាពធូស្រាយនិងអាចទប់ស្កាត់បាននូវការរីករាលនូវជំងឺកូវីដ១៩។

ជាមួយគ្នានេះ លោក ម៉ម សិរីបញ្ញា អគ្គនាយកក្រុមហ៊ុន EASY PROPERTY INVESTMENTបានឱ្យដឹងដែរថា ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មិនទាន់ឈាន់ដល់ការព្រួយបារម្ភខ្លាំងពេកនោះទេ ខណៈដែលការទិញលក់នៅតែបន្តមានកសកម្មភាពជាធម្មតាម ។

លោកបន្តថា តម្លៃអចលនទ្រព្យវិញ ក៏មិនទាន់ជាមានបញ្ហាផងដែរ ហើយក៏មិនទាន់មានឃើញនណាម្នាក់ យល់ព្រមទំលាក់តម្លៃខ្លាំងហួសហេតុផងដែរ

ចំណេះដឹង!តើត្រូវធ្វើដូចម្តេចដើម្បីទទួលបានគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់?

ដោយវុត្ថា

ភ្នំពេញៈ អនុលោមតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាមានតែគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេដែលមានសិទ្ធិទទួលបាននូវផលប្រយោជន៍ដែលស្ថិតក្នុងក្របខ័ណ្ឌនៃច្បាប់នេះ។

គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហៅកាត់ថា គ. . គមានន័យថាគម្រោងវិនិយោគដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ។

ដើម្បីទទួលស្គាល់ជាគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់អ្នកវិនិយោគ អ្នកវិនិយោគត្រូវដាក់សំណើវិនិយោគ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (..) ឬ អនុគណៈកម្មាធិការវិនិយោគ ខេត្ត រាជធានី និងទទួលបានវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ។

គម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នេះ មានបីប្រភេទដូចជាទី១ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បម្រើទីផ្សារក្នុងស្រុក ទី២ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើឲ្យការនាំចេញ និងទី៣ គម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាឧស្សាហកម្មគាំទ្រ៕

តម្លៃដីនៅតំបន់មាត់ព្រែកខេត្តកំពតកំពុងបន្តឡើងថ្លៃ

ដោយ ៖ រ៉ាណេត

កំពត ៖ មិនថាស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិសេដ្ឋកិច្ចដែលបណ្តាប្រទេសជាច្រើនកំពុងជួបប្រទះនោះទេ សម្រាប់តែទីផ្សារដីធ្លីនៅក្នុងខេត្តកំពត ដែលជាតំបន់គោលដៅទេសចរណ៍លំដាប់អន្តរជាតិប្រចាំនៅកម្ពុជា ហាក់មិនបានស្រពោននោះឡើយ ផ្ទុយទៅវិញគឺនៅតែមានតម្រូវការ ហើយតម្លៃនៅលើទីផ្សារកាន់តែបន្តកើនឡើងជាលំដាប់ ជាពិសេសនៅជាប់មាត់ព្រែក។

នាយកក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងដីឡូតិ៍ TH Land Real Estate លោក វិន ឈុនហ៊ាត បានមានប្រសាសន៍នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះថា នៅក្នុងមួយរយៈពេលចុងក្រោយនេះ ទីផ្សារលក់ដីធ្លីនៅតាមតំបន់មួយចំនួនក្នុងខេត្តកំពតហាក់មានការធ្លាក់ចុះបន្តិច ដែលក្រៅពីឥទ្ធិពលនៃជំងឺ Covid-19 ក៏មានកក្តាអាកាសធាតុចូលរួមផងដែរដូចជាមានភ្លៀងធ្លាក់ច្រើនជាដើម ប៉ុន្តែចំពោះតម្លៃមិនធ្លាក់ចុះនោះទេ។

លោកបានបញ្ជាក់ថា “ចំពោះការលក់ជាក់ស្ដែងនៅក្នុងអំឡុងពេល៣-៤ខែចុងក្រោយនេះគឺមានការធ្លាក់ចុះបន្តិច ប៉ុន្តែតម្លៃដីធ្លី មិនធ្លាក់នោះទេ គឺមានតែបន្តកើនឡើង ហើយតំបន់ជាប់មាត់ព្រែកខ្លះស្ថិតក្នុងស្រុកទឹកឈូ ដែលជាគោលដៅទេសចរណ៍ប្រចាំខេត្តមានតម្លៃចាប់ពីជាង១០០ដុល្លារ រហូតដល់២៥០ដុល្លារក្នុងមួយម៉ែត្រការ៉េក៏មាន ដែលអាស្រ័យទៅតាមស្ថានភាព និងទំហំដី។ សម្រាប់ដីដែលមានចម្ងាយឆ្ងាយពីមាត់ព្រែកប្រមាណជាង១គីឡូម៉ែត្រ អាចនៅត្រឹម២៥-៣៥ដុល្លារក្នុងមួយម៉ែត្រប៉ុណ្ណោះ”។

លោកបញ្ជាក់ថា “ដីស្ថិតនៅជាប់មាត់ព្រែកនៃស្រុកទឹកឈូដូចគ្នា ប៉ុន្តែតម្លៃគឺមានកម្រិតខុសគ្នា គឺអាស្រ័យទៅលើស្ថានភាពដី ទំហំ និងការរៀបចំដី។ ភាគច្រើនដីនៅតំបន់គោលដៅទេសចរណ៍មួយនេះ មិនសូវមានទំនេរធំៗនោះទេ និងមានម្ចាស់ច្រើនគ្នា ប៉ុន្តែអ្នកវិនិយោគ និងអភិវឌ្ឍន៍អាចទិញភ្ជាប់គ្នាបាន ហើយតម្លៃអាស្រ័យលើការចរចាជាមួយម្ចាស់នីមួយៗ”។

នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ថា “ទឹកដីខេត្តកំពតមិនស័ក្ដិសមទៅនឹងអគារពាណិជ្ជកម្មធំៗនោះទេ ប៉ុន្តែស័ក្ដិសម និងមានសក្ដានុពលទៅលើវិស័យសំណង់បម្រើដល់ទេសចរណ៍ រួមមានដូចជាសណ្ឋាគារ លំនៅដ្ឋានបែបលំហែរ ការអភិវឌ្ឍជាតំបន់ទេសចរធម្មជាតិ បឹងហ្គាឡូ ជាដើម។

លោកស្រីបញ្ជាក់ថា “ក្រៅពីតំបន់ដែលស្ថិតនៅក្បែរជើងភ្នំបូគោ ដែលមានគម្រោងអភិវឌ្ឍន៍ជាទីក្រុងរណបបែបទាន់សម័យដ៏ធំរបស់ក្រុមហ៊ុនសុខា រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានមួយចំនួនទៀតនោះ ក៏មានអ្នកអភិវឌ្ឍន៍ក្នុងស្រុកមួយចំនួនសំឡឹងមើលពីឱកាសនៃការវិនិយោគបន្ថែម ស្របពេលដែលរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ធ្វើវឌ្ឍនភាពនៃសោភ័ណភាណខេត្តមួយនេះឱ្យក្លាយទៅជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ”។

លោកស្រីបន្តថា សម្រាប់តម្លៃទីផ្សារដីធ្លីនៅពេលនេះ មិនទាន់ឈានដល់ចំណុចកំពូលនៅឡើយនោះទេ ពោលគឺអាចនៅបន្តកើនឡើង ជាពិសេសក្រោយពេលវិបត្តិនៃជំងឺសាកលត្រូវបានសាបរលាបផុតទៅនៅថ្ងៃខាងមុខនេះ ៕

ក្រុមហ៊ុនAlibaba អាចជាទិសដៅវាយប្រហារថ្មីក្នុងយុទ្ធសាស្ត្រសង្រ្គាមបច្ចេកវិទ្យារបស់លោក Trump

ដោយ ៖ ប៊ី

អន្តរជាតិ ៖ សហរដ្ឋអាមេរិកមានគោលដៅវាយប្រហារក្រុមហ៊ុនបច្ចេកវិទ្យាធំៗបំផុតរបស់ប្រទេសចិន ដូចជា ក្រុមហ៊ុន Huawei និងក្រុមហ៊ុន ByteDance ដែលមានកម្មវិធីTikTok ក្រុមហ៊ុន Tencent ដែលមានកម្មវិធីWeChat ។ ក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនលក់រាយ និងលក់ទំនិញតាមអនឡាញធំជាងគេបំផុតនៅលើពិភពលោកអាចនឹងក្លាយជាក្រុមហ៊ុនបន្ទាប់ក្នុងគោលដៅវាយប្រហាររបស់អាមេរិក។

សកម្មភាពប្រឆាំងនឹងក្រុមហ៊ុនចិន កំពុងបង្កើនកម្តៅយ៉ាងខ្លាំង នៃការរុញច្រានរបស់រដ្ឋបាល Trump ប្រឆាំងនឹងសមត្ថភាពបច្ចេកវិទ្យាកំពុងរីកចម្រើនរបស់ទីក្រុងប៉េកាំង ដែលបង្ខំឱ្យអ្នកពាក់ព័ន្ធសកលជ្រើសរើសរវាងចិន និងសហរដ្ឋអាមេរិក។

លោក Alex Capri អ្នកស្រាវជ្រាវមកពីមូលនិធិ Hinrich Foundation និងជាសាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យជាតិសឹង្ហបុរី បានមានប្រសាសន៍ថា “យើងកំពុងស្ថិតក្នុងដំណើរផ្លាស់ប្តូរគំរូមួយ ហើយភូមិសាស្ត្រនយោបាយកំពុងឆ្លងកាត់ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនាពេលបច្ចុប្បន្ននេះ”។

លោកបានបន្ថែមថា ក្រុមមន្ត្រីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការចោទប្រកាន់បន្ថែមទៀតប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាចិន ដែលជាការបង្ហាញថា រដ្ឋបាលពិតជាកំពុងសំឡឹងរកការធ្វើឱ្យឧស្សាហកម្មបច្ចេកវិទ្យាបែកបាក់”។

មិនដូចក្រុមហ៊ុន ByteDance ឬក្រុមហ៊ុន Huawei ទេដែលការពង្រីកពិភពលោកត្រូវបានធ្វើឱ្យរអាក់រអួល បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានផ្តាច់ក្រុមហ៊ុនទាំងពីរនេះពីប្រើប្រាស់លើទឹកដីអាមេរិក។ ក្រុមហ៊ុន Alibaba (BABA) មិនមានជោគជ័យច្រើនទេក្នុងការពង្រីកទីផ្សារនៅបស្ចិមប្រទេស ប៉ុន្តែការពិតដែលថា ក្រុមហ៊ុន Alibaba ជាក្រុមហ៊ុនដ៏ធំបំផុតមួយរបស់ប្រទេសចិនអាចជាហេតុផលគ្រប់គ្រាន់សម្រាប់ទីក្រុងវ៉ាស៊ីនតោនដើម្បីកំណត់គោលដៅវាយប្រហារ។

ក្រុមហ៊ុន Alibaba មិនទាន់ត្រូវបានគំរាមកំហែងជាមួយនឹងការដាក់ទណ្ឌកម្មដូចគ្នាជាមួយនឹងក្រុមហ៊ុនខាងនោះទេ ដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាចិនទាំងនេះ ហើយលោក Trump ក៏បាននិយាយដោយឥតលាក់លៀមចំពោះស្ថាបនិកក្រុមហ៊ុនលោក Jack Ma ដោយបានហៅលោកថាជា “មិត្តភក្តិរបស់ខ្ញុំ” កាលពីដើមឆ្នាំនេះ បន្ទាប់ពីមហាសេដ្ឋីចិនរូបនេះបាននិយាយថា លោកនឹងបរិច្ចាគសំភារៈសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតCOVID-19។
ប៉ុន្តែក្រុមហ៊ុននេះគឺស្ថិតនៅក្នុងគោលដៅរបស់មន្រ្តីអាមេរិក។

រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo បានត្រួតពិនិត្យឈ្មោះក្រុមហ៊ុន Alibaba កាលពីសប្តាហ៍មុន នៅពេលដែលលោកបានជំរុញឱ្យក្រុមហ៊ុនអាមេរិកដកបច្ចេកវិទ្យា ដែលគ្រប់គ្រងដោយជនជាតិចិន ដោយមិនទុកចិត្តពីបណ្តាញឌីជីថលរបស់ពួកគេ។
លោក Pompeo បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនចង់ការពារ “ព័ត៌មានផ្ទាល់ខ្លួន របស់ជនជាតិអាមេរិក និងកម្មសិទ្ធិបញ្ញាដ៏មានតំលៃបំផុតរបស់អាជីវកម្មរបស់យើង – រួមទាំងការស្រាវជ្រាវវ៉ាក់សាំង Covid-19 ពីការចូលប្រើប្រព័ន្ធអេឡិចត្រនិក ដែលគ្រប់គ្រងដោយក្រុមហ៊ុន” ដូចជា Alibaba និង Tencent (TCEHY) ក្នុងចំណោមក្រុមហ៊ុនដទៃទៀត ។

លោក Capri “ក្រុមហ៊ុនអន្តរជាតិធំៗ កំពុងត្រូវបានជ្រើសរើសជាក្រុមហ៊ុនជាតិ សម្រាប់យុទ្ធសាស្រ្ត ហើយកំពុងត្រូវបានប្រើប្រាស់ ដោយមិនគិតពីថាតើពួកគេចូលចិត្តឬអត់”។
ក្រុមហ៊ុនដូចជា Alibaba ត្រូវបានចិញ្ចឹមបីបាច់ថែរក្សាដោយប្រទេសចិន ហើយពួកគេកាន់កាប់ចំណែកទីផ្សារដោយមិនចាំបាច់ប្រកួតប្រជែងជាមួយក្រុមហ៊ុនបរទេស”៕ CNN

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជំរុញឱ្យកម្ពុជា- អូស្ត្រាលីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ហោ ណាំហុង បានជម្រុញដល់រដ្ឋាភិបាលអូស្ត្រាលី បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជាបន្ថែមទៀត ខណៈពាណិជ្ជកម្មនៃប្រទេសទាំងពីរ នៅមានកម្រិត និងមិនសមស្រប ទៅនឹងសក្ដានុពល ដោយនៅឆ្នាំ២០១៩ មានត្រឹមតែ២៤៩លានដុល្លារអាមេរិកប៉ុណ្ណោះ។

លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងជំនួបជាមួយ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០ម្សិលមិញនេះ បានស្នើឲ្យជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីមានសកម្ម និងមានទំហំធំជាងនេះ។

លោកឧបនាយករដ្ឋមន្ត្រីក៏អំពាវនាវឲ្យសហគ្រាសអូស្ដ្រាលីដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេស លើវិស័យកសិកម្ម និងទេសចរណ៍ក្រោយពីជំងឺ Covid-19 បានស្ងប់ស្ងាត់ទៅនាពេលខាងមុខមុខនេះផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ទំនាក់ទំនងការទូតកម្ពុជា-អូស្ដ្រាលីបានភ្ជាប់តាំងពីឆ្នាំ១៩៥២ គឺមុនកម្ពុជាទទួលបានឯករាជ្យពីបារាំង។ លោក ហោ ណាំហុងបន្តថា តាំងពីនោះមកអូស្ដ្រាលីតែងតែបានផ្ដល់ជំនួយមកកម្ពុជាជារៀងរាល់ឆ្នាំព្រមទាំងផ្ដល់អាហារូបករណ៍ឲ្យនិស្សិត និងមន្ត្រីកម្ពុជាទៅសិក្សា និងកម្មសិក្សានៅអូស្ដ្រាលី។

ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា លោក Pablo Kang បានឱ្យដឹងថា អូស្រ្ដាលីបានផ្ដល់ជំនួយដល់ក្រសួងសុខាភិបាលនូវសម្ភារៈ និងរថយន្ដពេទ្យ ដើម្បីទប់ស្កាត់នឹងជំងឺ Covid-19 និងបានថ្លែងសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនក្រីក្រ កម្មករ និងកម្មការិនី។

ឆ្លើយតបទៅនឹងការស្នើរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំ ហុង លោក Pablo Kang ឱ្យដឹងថា អូស្ត្រលីចង់ជំរុញការវិនិយោគលើវិស័យថាមពល និងការនាំយកអង្ករក្រអូបកម្ពុជាទៅអូស្ដ្រាលី ខណៈកម្ពុជាមានសក្តានុពលចំពោះវិស័យកសិកម្ម៕