ប្រធាន CVEA អំពាវនាវឱ្យម្ចាស់អចលនវត្ថុប្រើប្រាស់សេវាភ្នាក់ងារស្របច្បាប់ ជៀសវាងខាតបង់ទ្រព្យ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រោមការសម្លឹងឃើញពីឱកាសនៃការទទួលបានចំណូលខ្ពស់ពីទីផ្សារអចលនទ្រព្យនៅកម្ពុជា បច្ចុប្បន្នមានក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើន ក៏ដូចជាភ្នាក់ងារលក្ខណបុគ្គល បាន និងកំពុងជ្រៀតចូលនៅក្នុងទីផ្សារមួយនេះជាច្រើន។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍តាមទូរស័ព្ទនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះថា បច្ចុប្បន្នមានមនុស្សកាន់តែច្រើនងាកមកចាប់អារម្មណ៍នឹងទីផ្សារអចលនទ្រព្យ ដោយសារតែវិស័យមួយនេះនៅមានឱកាសច្រើនក្នុងការទទួលបានចំណូល និងផលចំណេញពីការវិនិយោគ។

លោក ច្រឹក សុខនីម បានបញ្ជាក់ថា “នៅក្នុងទីផ្សាររួម សព្វថ្ងៃនេះមានក្រុមហ៊ុនដែលដើរតួជាភ្នាក់ងារជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជាស្របច្បាប់ ដោយមានការចុះបញ្ជីត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចំនួនទាំងនេះមិនបានរាប់បញ្ចូលបុគ្គលមួយចំនួនទៀតដែលបង្កើតជាក្រុមបម្រើដល់វិស័យនេះនៅឡើយ”។

លោកបន្តថា “វិស័យអចលនទ្រព្យនៅកម្ពុជា គឺនៅមានភាពទូលំទូលាយច្រើន ដែលត្រឹមចំនួនក្រុមហ៊ុនបម្រើសេវាក្នុងនាមជាភ្នាក់ងារស្របច្បាប់ជាង៣០០ក្រុមហ៊ុន និងភ្នាក់ងារលក្ខណៈបុគ្គលប្រមាណជាង៣ម៉ឺននាក់នោះ នៅមិនទាន់ចង្អៀតនៅឡើយនោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺអតិថិជន ដែលជាម្ចាស់អចលនវត្ថុ គប្បីចេះជ្រើសរើសការផ្តល់សេវា ការប្រឹក្សាពីសំណាក់អ្នកជំនាញ ក៏ដូចជាក្រុមហ៊ុនស្របច្បាប់ដែលមានក្រមសីលធម៌ និងវិជ្ជាជីរៈត្រឹមត្រូវ ជៀសវាងបាត់បង់ឱកាសចំណេញពីការវិនិយោគ ហើយថែមទាំងខាតបង់នូវទ្រព្យធនថែមទៀត”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍បន្តទៀតថា “ដោយមើលឃើញពីភាពចន្លោះប្រហោងដែលតែងកើតមាននៅក្នុងទីផ្សារអចលនទ្រព្យរួម ក្នុងរយៈពេលជិត២០ខែកន្លងទៅនេះ តាមរយៈសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបណ្តុះបណ្តាលសិក្ខាកាមមិនក្រោម២០០០នាក់នោះទេ ក្រោមការទទួលស្គាល់ពីក្រសួងអប់រំ និងក្រសួងសេដ្ឋកិច្ច”។

លោកបញ្ជាក់ “យើងនៅតែបន្តបើកវគ្គបណ្តុះបណ្តាលជំនាញក្នុងនាមជាភ្នាក់ងារអចលនទ្រព្យអាជីពជាបន្តបន្ទាប់ ហើយនឹងឈានដល់ការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីទទួលបានការអនុញ្ញាត និងសម្រេចជាផ្លូវការពីសំណាក់ក្រសួងអាណាព្យាបាលទាំង២ រួមមានក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាផ្លូវការ”។

លោក ច្រឹក សុខនីម បានប្រាប់ឱ្យដឹងថា នៅពេលបណ្តាភ្នាក់ងារដែលប្រតិបត្តិការនៅក្នុងទីផ្សារអចលនទ្រព្យពោរពេញដោយចំណេះដឹង និងមានជំនាញច្បាស់ មានក្រមសីលធម៌ និងវិជ្ជាជីវៈពិតប្រាកដ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងវិស័យមួយនេះ ដែលកាន់តែផ្តល់ទំនុកចិត្តដល់បណ្តាអ្នកវិនិយោគនានាឱ្យចូលមកកាន់កម្ពុជាបានកាន់តែច្រើន៕

ចិនមានគម្រោងពង្រីកបណ្តាញផ្លូវដែកឱ្យបាន ២០០,០០០ គីឡូម៉ែត្រ មុនឆ្នាំ ២០៣៥

ដោយ ៖ ហ្សូលី

ប៉េកាំង ៖ ប្រទេសចិនមានផែនការពង្រីកបណ្តាញផ្លូវដែក រយៈពេលវែង ដើម្បីធ្វើឱ្យប្រសើរឡើងនូវនគរូបនីយកម្ម និងជម្រុញសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត តាមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល។

ចិនមានគោលបំណងធ្វើឱ្យបាននូវការស្ថាបនាប្រព័ន្ធផ្លូវដែកប្រមាណជា ២០០,០០០ គីឡូម៉ែត្រ មុនឆ្នាំ ២០៣៥ ក្នុងនោះមានរួមបញ្ចូលទាំងផ្លូវដែកល្បឿនលឿនចំនួន ៧០,០០០ គីឡូម៉ែត្រផងដែរ។ នេះបើតាមឱ្យដឹងតាមផែនការដែលបានចុះផ្សាយដោយក្រុមហ៊ុនផ្លូវដែករដ្ឋចិន China State Railway Group ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។

យោងតាមទិន្នន័យដដែលបានបង្ហាញទៀតថា គោលដៅប្រៀបធៀបជាមួយនឹងប្រវែងសរុប ១៤១,៤០០ គីឡូម៉ែត្រនៃផ្លូវដែក ដែលមានស្រាប់បើគិតត្រឹមចុងខែកក្កដា ឆ្នាំ ២០២០នេះ ក្នុងនោះដែរក៏មានផ្លូវដែកល្បឿនលឿនប្រវែង ៣៦,០០០ គីឡូម៉ែត្រ ដែលជាចំនួនច្រើនបំផុតនៅលើពិភពលោក។

គម្រោងផែនការនោះមានន័យថា បណ្តាញផ្លូវដែកចិននឹងមានការកើនឡើងប្រមាណ ៣៣.៣៣ ភាគរយពីឆ្នាំនេះ និងកើនឡើង ១៣៣ ភាគរយនៃការពង្រីកបណ្តាញផ្លូវដែកល្បឿនលឿន។ នេះបើតាមការគណនារបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

នេះជាភាពជោគជ័យមួយតាមផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ២០១៦-២០២០ ដែលបានចុះផ្សាយកាលពីឆ្នាំ ២០១៦ កន្លងទៅនេះ ចិនមានគោលបំណងពង្រីកបណ្តាញផ្លូវដែកចំនួន ១៥០,០០០ គីឡូម៉ែត្រ នៅឆ្នាំ ២០២០ និងផ្លូវដែកល្បឿនលឿន ៣០,០០០ គីឡូម៉ទ្រផងដែរ។

ក្រុមហ៊ុនបាននិយាយថា ចិនក៏នឹងជម្រុញការកសាងផ្លូវដែកនៅក្នុងកន្លែងដែលគ្របដណ្តប់ដោយក្រុមជនជាតិភាគតិច និងតំបន់ព្រំដែន ព្រមទាំងតំបន់ដែលមានការអភិវឌ្ឍនៅភាគកណ្តាលនិងខាងលិចប្រទេស ដើម្បីកាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យតំបន់ជនបទកាន់តែមានភាពប្រសើរឡើងវិញ។

ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកលំដាប់ទី ២ នេះ បានប្តេជ្ញាជម្រុញការធ្វើនគរូបនីយកម្ម និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធថ្មី នាំឱ្យសេដ្ឋកិច្ចប្រទេសមានភាពរីកចម្រើនបន្ទាប់ពីមេរោគបានរាតត្បាត៕

ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារជប៉ុន សម្រេចបានជិត៨០០លានដុល្លារក្នុងឆមាសទី១

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ប្រទេសកម្ពុជាបាននាំចេញទំនិញមានតម្លៃ ៧៩១,៦៦ លានដុល្លារទៅកាន់ប្រទេសជប៉ុននៅឆមាសទី១ ឆ្នាំនេះ ធ្លាក់ចុះ ០,២១ ភាគរយបើធៀបនឹង ៧៩៣,៣៨ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យចុងក្រោយពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro) នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

ប្រទេសកម្ពុជាបាននាំចូលទំនិញពីជប៉ុនមានតម្លៃ ២១៨,៦១ លានដុល្លារក្នុងឆមាសទី១ ឆ្នាំនេះ ធ្លាក់ចុះ ៣៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីមុនដែលមានតម្លៃ ២៥៦លានដុល្លារ។
ប្រទេសទាំងពីរប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យបានជាង ២ពាន់លានដុល្លារនៅឆ្នាំនេះ ទោះបីជំងឺCOVID-19 រាតត្បាតកាន់តែធ្ងន់ធ្ងរក៏ដោយ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់គេទំព័រ Propertyarea.asia នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ថា បើទោះបីមានវិបត្តិCOVID-19 ក៏គម្រោងវិនិយោគរបស់ជប៉ុននៅបន្តដំណើរការនៅកម្ពុជា ព្រោះវិនិយោគិនជប៉ុនបានស្គាល់ច្បាស់ពីកម្ពុជា។

លោកឧកញ៉ាមានប្រសាសន៍ថា កាលពីពេលថ្មីៗ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មជប៉ុន បានជួបគ្នា ដើម្បីពិភាក្សាពីការវិនិយោគនៅកម្ពុជា ក្នុងនោះក្រុមហ៊ុនជប៉ុន បានចាប់អារម្មណ៍ក្នុងការបោះទុនវិនិយោគនៅកម្ពុជា។
លោក ឧកញ៉ា បានបន្តថា “គម្រោងវិនិយោគជាច្រើនរបស់ជប៉ុននៅកម្ពុជាដូចជា ធនាគារ ផ្សារទំនើប និងមន្ទីពេទ្យ ហើយថែមទាំងមានសមាគមពាណិជ្ជកម្មប្រចាំកម្ពុជា ធ្វើឱ្យវិនិយោគជប៉ុនមានជំនឿចិត្តក្នុងការបោះទុនវិយោគនៅកម្ពុជា”។ លោកឧកញ៉ា បានថ្លែងថា “ការរំពឹងទុកពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងជប៉ុនអាចសម្រេចបានតាមគោលដៅដូចដែលបានរំពឹងទុក”។

ទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ចន្លោះពីឆ្នាំ ១៩៩៥ ដល់ខែកញ្ញាកាលពីមុនមានគម្រោងវិនិយោគចំនួន ១៤១ របស់ជប៉ុន ដែលមានទឹកប្រាក់វិនិយោគ ២,៥ ពាន់លានដុល្លារនៅកម្ពុជា។
ក្នុងចំណោមគម្រោងវិនិយោគទាំងអស់នោះ គម្រោងចំនួន ៦៦ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដោយមានទុនវិនិយោគប្រមាណ ៣៤០លានដុល្លារ។

ទិន្នន័យបានបង្ហាញថា គម្រោងភាគច្រើនវិនិយោគលើវិស័យថាមពល ការតម្លើងគ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ត កសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃ អាហារបដិសណ្ឋារកិច្ច សុខភាព និងផ្នែកលក់រាយ។

ទិន្នន័យរបស់ Jetro បង្ហាញថា ការនាំចេញរបស់កម្ពុជាទៅជប៉ុនបានកើនឡើងដល់ ១,៧ ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៧,៧ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨៕

ក្រុមហ៊ុន Gold Coast គ្រោងបោះទុន ៤២,៨ លានដុល្លារសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មនៅខេត្តកំពត

 

ដោយវុត្ថា

កំពត៖ក្រុមហ៊ុន Gold Coast International Development Co.,LTD បានសម្រេចបោះទុនវិនិយោគប្រហែល ៤២,៨ លានដុល្លាអាមេរិច សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារកម្រិតផ្កាយ៤ អាគារផ្សារទំនើប មណ្ឌលកំសាន្ត ខុនដូរ និងសេវាទេសចរណ៍នៅជាប់មាត់សមុទ្រ មានទីតាំងស្ថិតនៅភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។

នេះ បើយោងតាមលទ្ធផលនៃកិច្ចប្រជុំពិភាក្សាស្ដីពីគម្រោងវិនិយោគ នៅស្រុកកំពង់ត្រាច រវាលោក ជាវ តាយ អភិបាលខេត្តកំពត និងអគ្គក្រុមហ៊ុន Gold Coast International Development Co.,LTD កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០ម្សិលមិញនេះ ដែលមានការចូលរួមពីប្រធានមន្ទីរអង្គភាពជំនាញ អភិបាលស្រុកកំពង់ត្រាច និងមន្ត្រីជំនាញសរុបចំនួន ៤០ នាក់។

លោក ជាវ តាយ អភិបាលខេត្តកំព មានប្រសាសន៌ថា រដ្ឋបាលខេត្ត ទទួលយកសំណើសុំវិនិយោគរបស់ក្រុមហ៊ុន Gold Coast International Development Co.,LTD ដើម្បីរដ្ឋបាលខេត្តរៀបចំក្រុមការងារជំនាញធ្វើការលើការងារបច្ចេកទេស ផ្លូវច្បាប់ និងឯកសារពាក់ព័ន្ធ រួចគោរពស្នើសុំទៅក្រុមប្រឹក្សាអភិវឌ្ឍន៌កម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃក្រកម្ពុជា ពិនិត្យនិងសម្រេចលើគម្រោងស្នើសុំនេះ។

ខេត្តកំពតជាខេត្តមួយដែលមានកំពុងមានសក្តានុពលខ្ពស់លើការវិនិយោគ និងទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទីទាំងជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្តនៅក្នុងខេត្តមួយនេះ ដោយសារតែខេត្តមួយនេះ មានអំណោយផលផ្នែកធម្មជាតិ សមុទ្រ ព្រែក ភ្នំ និងសក្តានុពលផ្សេងទៀត ហើយនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ដោយចំណាយពេលធ្វើដំណើរប្រមាណតែ ២ ទៅ ៣ ម៉ោងពីភ្នំពេញ។

ខេត្តកំពត បើទោះបីកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចសកល ដោយសារការរាតត្បាតជំងឺកូវីដ ១៩យ៉ាងណាក្តី កន្លងមកនេះ បានទតទទួលនៅគម្រោងវិនិយោគជាច្រើនតាមរយៈការបោះទុនពីអ្នកវិនិយោគក្នុងស្រុក លើរមណីយដ្ឋាន តំបន់ទេសចរណ៍ វិស័យបដិសណ្ឋារកិច្ច និង អគារពាណិជ្ជកម្មជាច្រើនផ្សេងទៀត ៕

ថវិកាប្រមាណ ៣០០ លាដុល្លារត្រូវបានវិនិយោគលើការដំាដំឡូងមីនៅកម្ពុជា ក្នុងមួយឆ្នាំៗ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ក្នុងមួយឆ្នាំៗ ថវិកាប្រហែល ៣០០លានដុល្លារ ត្រូវបានវិនិយោគដើម្បីដាំដំឡូងមីលើផ្ទៃដីទំហំធំជាង ៦០០ ០០០ហិកតា ដែលបានជួយជំរុញកំណើនសេដ្ឋកិច្ចថ្មីដ៏រឹងមាំ ខណៈដែលការនាំចេញភាគច្រើនជាមើមដំឡូងមីស្រស់ និងចំណិតដំឡូងមីក្រៀមមានតម្លៃប្រហែល ៧២៨លានដុលារអាម៉េរិក។

នេះបើយោងតាសសេចក្តីព្រាងច្បាប់ស្ដីពីគោលនយោបាយជាតិដំឡូងមី ២០២០-២០២៥” បង្ហាញនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ បានឱ្យដឹងថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃតំបន់ដាំដុះដំឡូងមី ក្នុងទសវត្សចុងក្រោយនេះបានធ្វើឱ្យដំណាំដំឡូងមី ក្លាយជាដំណាំសំខាន់ទីពីរ បន្ទាប់ពីស្រូវនៅកម្ពុជា។ ដំឡូងមីមានចំណែកចន្លោះពី៣ ទៅ៤ភាគរយនៃផលិតផលសរុបក្នុងស្រុក។

ប្រជាជននៅជនបទច្រើនជាង៩០ ០០០(ប្រាំបួនម៉ឺន) គ្រួសាររស់នៅក្នុងខេត្តចំនួន ១៣ កំពុងប្រកបរបរដាំដុះដំឡូងមី និងពលករជាច្រើនកំពុងបម្រើការក្នុងវិស័យនេះ ក្នុងដំណាក់កាលផ្សេងៗ ដូចជា ដាំដុះ ប្រមូលផល កែច្នៃ និងនាំចេញ។

កន្លែងប្រមូលទិញផលិតផលដំឡូងមីមានចំនួន ៥៥០កន្លែង ភាគច្រើនស្ថិតក្នុងខេត្តចំនួនប្រាំ ដូចជា ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ។

គោលនយោបាយជាតិដំឡូងមី ២០២០-២០២៥នេះ ធ្វើឱ្យផលិតផលដំឡូងមីកម្ពុជា នឹងក្លាយជាដំណាំយុទ្ធសាស្រ្តមួយ ដែលផ្តល់ប្រាក់ចំណូលច្រើនដល់កសិករ និងជាមូលដ្ឋាននៃការអភិវឌ្ឍឧស្សាហកម្មកែច្នៃនៅកម្ពុជា។ កម្ពុជាពិតជាអាចបោះជំហានទៅរកការអភិវឌ្ឍសេដ្ឋកិច្ចជាតិដោយយកផលិតផលដំឡូងមី ជួយជំរុញកំណើន និងចែករំលែកផលប្រយោជន៍នៃកំណើននេះដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

កម្ពុជាកំពុងត្រៀមខ្លួនសម្រាប់បទដ្ឋានថ្មីនៃវិស័យពាណិជ្ជម្ម ជាមួយហុងកុង ដើម្បីឱ្យកាន់តែមានភាពល្អប្រសើរជាងមុន

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលលើការធ្វើកិច្ចទំនាក់ទំនង និងពង្រីកទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានានៅលើសាកលលោក តាមរយៈសភាពាណិជ្ជកម្មកម្ពុជា បាន និងកំពុងត្រៀមខ្លួនសម្រាប់បទដ្ឋានថ្មីនៃការអនុវត្តក្នុងវិស័យពាណិជ្ជកម្មរវាងហុងកុង និងកម្ពុជា។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះថា ការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង បានរៀបចំបទដ្ឋានថ្មីពាក់ព័ន្ធទៅនឹងការធ្វើពាណិជ្ជកម្មនានាជាមួយបណ្តាបណ្តាប្រទេសជាដៃគូ ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។

លោកឧកញ៉ាបានមានប្រសាសន៍បញ្ជាក់ថា “កម្ពុជា-ហុងកុង មានកិច្ចទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នាយូរមកហើយ ដោយក្នុងនោះភាពជាដៃគូលើការធ្វើពាណិជ្ជកម្មក៏មានភាពល្អប្រសើរផងដែរ ជាពិសេសវិស័យឧស្សាហកម្ម”។ លោកបញ្ជាក់ថា “ខ្ញុំធ្លាប់បានជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មហុងកុងកាលពីពេលកន្លងទៅដោយបានធ្វើសិក្ខាបង្ហាញពីឱកាស និងភាពល្អប្រសើរលើការវិនិយោគជាច្រើននៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យមានវឌ្ឍនភាពកាន់តែប្រសើរជាងមុន”។

កិច្ចទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងហុងកុង កាលពីពេលកន្លងទៅនេះភាគច្រើនគឺផ្តោតសំខាន់ទៅលើវិស័យឧស្សាហកម្ម ហើយក្រៅពីនេះក៏មានមយចំណែកក្នុងវិស័យកសិឧស្សាហកម្ម ហើយកាលពីពេលថ្មីៗនេះក៏មានការបង្ហាញពីការចាប់អារម្មណ៍ទៅលើវិស័យហិរញ្ញវត្ថុដោយការដាក់ធនាគារហុងកុងនៅលើទីផ្សារកម្ពុជាថែមទៀតផង។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង ក៏បានមានប្រសាស៍បញ្ជាក់ទៀតថា “បន្ថែមពីលើអ្វីដូចដែលបានបង្ហាញខាងលើនេះ ហុងកុង ក៏បង្កើតជាសមាគមអ្នកច្បាប់នៅកម្ពុជា ដើម្បីការពារផលប្រយោជន៍ដល់អ្នកវិនិយោគហុងកុងធំៗផងដែរ ហើយទាំងអស់នេះហើយសុទ្ធតែជាសមិទ្ធផល និងការបង្កើនកិច្ចទំនុកចិត្តដល់វិនិយោគិននៃប្រទេសទាំង២”។

ភ្ជាប់ទៅនឹងគោលបំណងនៃការធ្វើពិពិធកម្មពាណិជ្ជកម្មរវាងប្រទេសទាំង២ឱ្យកាន់តែមានភាពទូលំទូលាយ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ ការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្ដីពីការត្រៀមខ្លួនសម្រាប់បទដ្ឋានថ្មីពាក់ព័ន្ធទៅនឹងការធ្វើពាណិជ្ជកម្មនានាជាមួយបណ្តាបណ្តាប្រទេសជាដៃគូ។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីចែករំលែកអំពីវិធីសាស្ត្រក្នុងការឆ្លើយតបរបស់ហុងកុងចំពោះបញ្ហាប្រឈមកើតឡើងដោយសារជំងឺកូវីដ-១៩ និងការត្រៀមខ្លួនក្រោយពេលវិបត្តិកូវីដ-១៩។ សិក្ខាសាលាបានពិភាក្សាទៅលើប្រធានបទសំខាន់ៗដូចខាងក្រោម៖

១. វិធានការណ៍ប្រឆាំងនឹងការរាតត្បាតពហុវិស័យ និងជំនួយក្នុងការផ្ដល់ការគាំទ្រដល់ធុរកិច្ច និងការងារររបស់រដ្ឋាភិបាលហុងកុង។

២. គំនិតផ្តួចផ្តើមក្នុងការជួយសហគ្រាសធុនតូចនិងមធ្យមរបស់ ក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មហុងកុង ដើម្បីរក្សាទំនាក់ទំនងជាមួយដៃគូអន្តរជាតិ និងធ្វើធុរកិច្ចជាធម្មតាជាមួយទីផ្សាររបស់ ក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មហុងកុង តាមរយៈប្រព័ន្ធអនឡាញ។

៣. ទីក្រុងហុងកុងនៅតែជាទីតាំងទាក់ទាញការវិនិយោគ និងក្របខណ្ឌមួយចំនួនគាំទ្រដល់ធុរកិច្ចក្នុងអំឡុងនៃជម្ងឺរាតត្បាតកូវីដ១៩។

៤. ការទទួលយកបទដ្ឋានថ្មីរបស់ហុងកុងក្នុងការធ្វើដំណើរ និងយុទ្ធសាស្ត្រស្ដារឧស្សាហកម្មទេសចរណ៍ហុងកុងឡើងវិញ៕

ការនាំចូលសម្ភារៈសំណង់នៅកម្ពុជាបានធ្លាក់ចុះនិងបញ្ជាក់ពីសុខភាពវិស័យ អចលនទ្រព្យកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា មិនសូវទទួលរងនូវផលប៉ះពាល់ខ្លាំងក្លា ទោះបីជាស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ សកលនៅមិនទាន់មានធូរស្បើយនៅឡើយក៏ដោយ។

យោងតាមរបាយការណ៍៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញថា កម្ពុជាបាននាំចូ​ល​​សម្ភារៈសំណង់ (Construction Equipments) ដែក និងស៊ីម៉ងត៍នៅក្នុងតម្លៃសរុប ៥៦៥,៩១លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២០ ខណៈការនាំចូលផលិតផលទាំងអស់នេះ ក្នុងរយៈពេលពេញ១ឆ្នាំ២០១៩ មានតម្លៃរហូតដល់១៥០៦,៥៥លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទិន្នន័យដដែលបានឱ្យដឹងថា កម្ពុជានាំចូលសម្ភារៈសំណង់ក្នុងទំហំទឹកប្រាក់ជាង៣៨១លានដុល្លារ ស្មើនឹង៦៧២, ៧៨៥តោន ដែកតម្លៃ១៤០,៨លានដុល្លារក្នុងបរិមា ណ២១៧,១៥១តោន និងស៊ីម៉ងត៍តម្លៃ៤៣,២៧លានដុល្លារ ស្មើនឹង៦៨១,៨១៧ តោនចាប់ពីខែមករា ដល់ខែមិថុនា ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ធ្លាប់បានគេទំព័រ Propertyarea.asia ថា នៅក្នុងឆ្នាំ២០២០នេះ សកម្មភាពវិនិយោគក្នុងវិស័យសំណង់ ភាគច្រើនជាសកម្មភាពរបស់អ្នកក្នុងស្រុក ដោយឡែកសម្រាប់លំហូរទុនចូលពីក្រៅស្រុកគឺមានតិចតួចបំផុត។

លោកបានបន្តថា “វិបត្តិសេដ្ឋកិច្ច ដែលកំពុងកើតមាននៅពេលនេះ បានជះឥទ្ធិពលគ្រប់ប្រទេស ដែលបណ្តាលឱ្យប៉ះពាល់ដល់គម្រោងវិនិយោគទាំងអស់”។លោក បានបន្តថា “ប៉ុន្តែក្រោយពេលវិបត្តិនេះត្រូវបានទប់ស្កាត់ គម្រោងវិនិយោគនានានឹងចាប់ផ្តើមរៀបចំឡើងវិញ ហើយតាមខ្ញុំគិត ប្រសិនបើវិបត្តិជំងឺដែលកំពុងរាលដាលនេះ ត្រូវបានបញ្ចប់នៅត្រឹមចុងឆ្នាំនេះ នោះសកម្មភាពវិនិយោគ នៅក្នុងវិស័យសំណង់អាចនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំបន្ទាប់”។

លោកស្រីអាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodia បានថ្លែងថា ប្រសិនបើបញ្ហានៃការរីករាលដាល នៃជំងឺឆ្លងត្រូវបានធ្វើការទប់ស្កាត់ យ៉ាងហោចណាស់អាចពន្យាពេលរហូត ដល់ពាក់កណ្តាលឆ្នាំក្រោយ ទើបសកម្មភា​ពវិនិយោគទៅលើគម្រោងថ្មីចាប់ផ្តើមមាននៅកម្ពុជាឡើងវិញ។

លោកស្រីថា “ទាំងអស់នេះភាគច្រើនជាគម្រោង និងទុនវិនិយោគដែលបានស្នើចូលមកកាន់កម្ពុជាតាំងពីឆ្នាំចាស់ ដែលមិនមែនទើបតែកើតមាន នៅក្នុងឆ្នាំ២០២០នោះទេ”៕

 

លោក​ស៊ុន ចាន់ថុល លើកទឹកចិត្ត​ក្រុមហ៊ុន​ចិន CRBC វិនិយោគ​លើ​វិ​ស័​ហេដ្ឋារចនាសម្ព័ន្ធ នៅ​កម្ពុជា​បន្ថែមទៀត

ដោយ ​វុត្ថា

ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជំរុញ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ចិន China Road and Bridge Corporation  ប្រចាំ​នៅ​កម្ពុជា បន្ត​វិនិយោគ​នូវ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅក្នុង​ប្រទេស​កម្ពុជា​ប​ន្ថែ​ម​ទៀត។

ក្នុង​ឱ​កាស​អនុ​ញ្ញា​ត្ត​ឲ្យ​លោក Zhou Yong ដែល​ទើប​ទទួល​ការតែងតាំង​ជា​អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) ប្រចាំ​កម្ពុជា​ជំនួស​លោក Zhan Jisheng នៅ​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ លោក​ស៊ុន ចាន់ថុល​បាន​មានប្រសាសន៍ថា កិច្ចសហការ​និង​ទំនាក់ទំនង​ល្អ ជាមួយ​ក្រសួង​ក៏ដូចជា​រាជរដ្ឋាភិបាល និង​បង្កើន​ការវិនិយោគ​បន្ថែមទៀត ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​កម្ពុជា ឱ្យមាន​ការរីកចម្រើន​ថែម​មួយកម្រិត​ទៀត ពិតជា​សំដៅ​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រជាជន​កម្ពុជា​ឱ្យ​សំបូរ​សប្បាយ។

លោក Zhou Yong ដែល​ទើប​ទទួល​ការតែងតាំង ជា​អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) ប្រចាំ​កម្ពុជា​បាន​ប្តេជ្ញា និង​បន្ត​វិនិយោគ​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ធ្វើយ៉ាងណា​បានផ្តល់​ការគាំទ្រ និង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ ដើម្បីឱ្យ​គម្រោង​សាងសង់​ទាំងឡាយ សម្រេចបាន​ជោគជ័យ​តាម​ផែនការ ដែល​បាន​គ្រោងទុក។

លោក វ៉ា​ស៊ីម សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឱ្យដឹង​ផងដែរ​ថា ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ក្នុងចំណោម​ក្រុមហ៊ុន​ផ្សេង​ទៀ​របស់​ចិន ជា​ក្រុមហ៊ុន​ធំជាងគេ ដែល​ទទួលបាន​គម្រោង​សិក្សា និង​សាងសង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំងប្រទេស​កម្ពុជា។

លោក​បន្តថា “ក្រុមហ៊ុន​នេះ​បានទទួល​ការសិក្សា និង​សាងសង់​លើ​គម្រោង​ផ្លូវជាតិ ផ្លូវ​ល្បឿន ផ្លូវ​ខេត្តធំៗ និង ស្ពាន​នៅ​ទូទាំងប្រទេស។ តែ​យ៉ាងណា​ក៏​ក្រុមហ៊ុន​ទាំងពីរ​នេះ មិន​ទទួលបាន​គម្រោង​សាងសង់​ផ្លូវដែក កំពង់ផែ និង​អាកាសយានដ្ឋាន​នោះទេ” ។ លោក បន្ថែមទៀតថា “ក្រុមហ៊ុន​ចិន ដែល​ទទួលបាន​គម្រោង​សាងសង់​នៅ​កម្ពុជា មាន​ស្ថានភាព​លឿន ដោយ​សារបាន​សិក្សា​ពី​តម្លៃ និង​គម្រោង​ចំណាយ​នានា​មាន​ភាពច្បាស់លាស់​ត្រឹមត្រូវ” ៕

ការ​នាំចូល​សម្ភារៈ​សំណង់​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ និង​បញ្ជាក់​ពី​សុខភាព​វិស័យអចលនទ្រព្យ​កម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា មិនសូវ​ទទួលរង​នូវ​ផលប៉ះពាល់​ខ្លាំងក្លា ទោះបីជា​ស្ថានភាព​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ សកល​នៅ​មិនទាន់មាន​ធូរស្បើយ​នៅឡើយ​ក៏ដោយ។

យោងតាម​របាយការណ៍៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បានបង្ហាញ​ថា កម្ពុជា​បាន​នាំចូល​សម្ភារៈ​សំណង់ (Construction Equipments) ដែក និង​ស៊ីម៉ងត៍​នៅក្នុង​តម្លៃ​សរុប ៥៦៥,៩១លាន​ដុល្លារ​ក្នុង​ឆមាស​ទី១ ឆ្នាំ២០២០ ខណៈ​ការ​នាំចូល​ផលិតផល​ទាំងអស់នេះ ក្នុង​រយៈពេល​ពេញ១ឆ្នាំ២០១៩ មានតម្លៃ​រហូតដល់១៥០៦,៥៥លាន​ដុល្លារ។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

ទិន្នន័យ​ដដែល​បានឱ្យដឹងថា កម្ពុជា​នាំចូល​សម្ភារៈ​សំណង់​ក្នុង​ទំហំ​ទឹកប្រាក់​ជាង៣៨១លាន​ដុល្លារ ស្មើនឹង៦៧២, ៧៨៥តោន ដែក​តម្លៃ១៤០,៨លាន​ដុល្លារ​ក្នុង​បរិ​មា ណ២១៧,១៥១តោន និង​ស៊ីម៉ងត៍​តម្លៃ៤៣,២៧លាន​ដុល្លារ ស្មើនឹង៦៨១,៨១៧ តោន​ចាប់ពី​ខែមករា ដល់​ខែមិថុនា ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម ធ្លាប់បាន​គេ​ទំព័រ Propertyarea.asia ថា នៅក្នុង​ឆ្នាំ២០២០នេះ សកម្មភាព​វិនិយោគ​ក្នុង​វិស័យ​សំណង់ ភាគច្រើន​ជា​សកម្មភាព​របស់​អ្នក​ក្នុងស្រុក ដោយឡែក​សម្រាប់​លំហូរ​ទុន​ចូល​ពី​ក្រៅ​ស្រុក​គឺមាន​តិចតួច​បំផុត។

លោក​បាន​បន្តថា “វិបត្តិ​សេដ្ឋកិច្ច ដែល​កំពុង​កើតមាន​នៅពេលនេះ បាន​ជះឥទ្ធិពល​គ្រប់​ប្រទេស ដែល​បណ្តាលឱ្យ​ប៉ះពាល់​ដល់​គម្រោង​វិនិយោគ​ទាំងអស់។លោក បាន​បន្តថា “ប៉ុន្តែ​ក្រោយពេល​វិបត្តិ​នេះ​ត្រូវបាន​ទប់ស្កាត់ គម្រោង​វិនិយោគ​នានា​នឹង​ចាប់ផ្តើម​រៀបចំ​ឡើងវិញ ហើយ​តាម​ខ្ញុំ​គិត ប្រសិនបើ​វិបត្តិ​ជំងឺ​ដែល​កំពុង​រាលដាល​នេះ ត្រូវបាន​បញ្ចប់​នៅត្រឹម​ចុងឆ្នាំ​នេះ នោះ​សកម្មភាព​វិនិយោគ នៅក្នុង​វិស័យ​សំណង់​អាច​នឹង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ឆ្នាំ​បន្ទាប់” ។

លោកស្រី​អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​CBRE Cambodia បាន​ថ្លែងថា ប្រសិនបើ​បញ្ហា​នៃ​ការរីក​រាលដាល នៃ​ជំងឺឆ្លង​ត្រូវបានធ្វើ​ការទប់ស្កាត់ យ៉ាងហោចណាស់​អាច​ពន្យា​ពេល​រហូត ដល់​ពាក់កណ្តាល​ឆ្នាំក្រោយ ទើប​សកម្មភាព​វិនិយោគ​ទៅលើ​គម្រោង​ថ្មី​ចាប់ផ្តើម​មាននៅ​កម្ពុជា​ឡើងវិញ។

លោកស្រី​ថា “ទាំងអស់នេះ​ភាគច្រើន​ជា​គម្រោង និង​ទុនវិនិយោគ​ដែល​បានស្នើ​ចូលមក​កាន់​កម្ពុជា​តាំងពី​ឆ្នាំ​ចាស់ ដែល​មិនមែន​ទើបតែ​កើតមាន នៅក្នុង​ឆ្នាំ២០២០នោះទេ” ៕

FMO គ្រោង​ផ្តល់​មូលនិធិ ១,៤លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់

ដោយ​វុត្ថា

ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍​ហុ​ល្លង់ (FMO) គ្រោង​នឹង​ទំលាក់​មូលនិធិ​លើក​ទី២ប្រមាណ១,៤ ដុល្លារ​អាមេរិក​បន្ថែម​ទៀត នៅក្នុង​កម្ពុជា​និង​ប្រទេស​ពីរ​ផ្សេងទៀត​ក្នុង​តំបន់​សម្រាប់​គម្រោង Emerging Markets Investment Advisers ក្នុង​ចលនា​ដើម្បី​ពង្រីក​ផលប័ត្រ​របស់ខ្លួន នៅ​ចំពោះមុខ​ក្នុង​ក្របខ័ណ្ឌ​ដំណាក់កាល​ទី៤ ។

តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន NIKEI បានឱ្យដឹងថា  ធនាគារ FMO រំពឹងថា ការដំឡើង​មូលនិធិ​នេះ នឹង​ជួយ​ដល់​ការ​ស្រង​ស្រង​ដើមទុន​នាពេលខាងមុខ លើ​ប្រតិបត្តិការ​ការងារ​នៅក្នុង​អំឡុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​សកល។

ប្រភពពី​ធនាគារ FMO ឱ្យដឹងថា ដើមទុន​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​គាំទ្រ​ដល់​ក្រុមហ៊ុន​ផលប័ត្រ​ចំនួន១៣ របស់​នៅក្នុង​បណ្តា​ប្រ​ទស​សមាជិក CLMDFII  ក្នុងអំឡុងពេល និង​ក្រោយពេល​មាន​វិបត្តិ​សេដ្ឋកិច្ច។ ធនាគារ FMO បាន​បន្ថែមថា “ការកើនឡើង​នូវ​ការ ប្តេជ្ញា​ចិត្តនឹង​ជួយ​ឱ្យ​មូលនិធិ សម្រេច​នូវ​គោលបំណង​បង្កើត​តម្លៃ និង​គាំទ្រ​ដល់​វិនិយោគិន ក្នុងការ​សម្រេច​គោលដៅ​កំណើន​ដំបូង​របស់ខ្លួន។

កន្លងមក FMO បាន​សន្យា​ផ្តល់ប្រាក់១០០លាន​ដុល្លារ ដល់​ការបិទទ្វារ​លើកដំបូង​ដល់ CLMDF II នៅ​ឆ្នាំ២០១៥ ។ មូលនិធិ​នេះ​បាន​បិទ​នៅត្រឹម ៦៤.៥ លាន​ដុល្លារ​ជាមួយនឹង​ការវិនិយោគ​នៅក្នុង​ក្រុមហ៊ុន​ចំនួន ១៣ ដែល​ភាគច្រើន​នៅ​កម្ពុជា។ ក្រុមហ៊ុន​ចំនួន ៤ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា និង៣ក្រុមហ៊ុន​នៅ​ប្រទេស​ឡាវ​ក៏បាន​ទទួល​ថវិកា​ផងដែរ។

លោក Joshua Morris នាយក​ប្រតិបត្តិ​គម្រោង Emerging Markets Investment Advisers  បានឱ្យដឹងថា គម្រោង​នេះ​នឹង​គ្របដណ្តប់​លើ​ទំហំ​វិនិយោគ យ៉ាង​ទូលំទូលាយ​នៅក្នុង​មូលនិធិ​ថ្មី ខណៈពេលដែល​យើង​ទុក​ប្រាក់​បម្រុង​បន្ត ដើម្បី​គាំទ្រ​កំណើន​បន្ទាប់ពី​ការវិនិយោគ​ដំបូង​របស់​យើង។

លោក​បន្តថា ដៃគូ​មានកំណត់​នៅក្នុង​មូលនិធិ​របស់ EMIA ក៏​រួមបញ្ចូល​ផងដែរ​នូវ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ស្ថាប័ន​អភិវឌ្ឍន៍​អឺរ៉ុប​ផ្សេងទៀត​ដូចជា Norfund, Finnfund និង​មូលនិធិ​វិនិយោគ​របស់​ប្រទេស​ស្វី​ស។

នាយក​ប្រតិបត្តិ​រូបនេះ បានឱ្យដឹង​ទៀតថា​មូលនិធិ​ដំបូង១៩,៦៥លាន​ដុល្លារ​របស់ EMIA ត្រូវបាន​វិនិយោគ​តែ​នៅក្នុង​ប្រទេស​កម្ពុជា និង​ឡាវ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​បាន​បោះទុន​វិនិយោគ​ពី​ប្រទេស​ទាំងពីរ​ទៀត៕