អ្នកជំនាញ​និយាយ​ពី​ឱកាស​ចំណេញ​ពី​ការវិនិយោគ​ក្នុង​វិស័យ​លំនៅដ្ឋានលំហែរ​កាយ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្រដៀង​គ្នា​ទៅនឹង​ទីផ្សារ​លំនៅដ្ឋាន​ស្នាក់នៅ​អចិន្ត្រៃយ៍ បច្ចុប្បន្ន​សន្ទុះ​នៃ​ការវិនិយោគ និង​អភិវឌ្ឍន៍​លើ​វិស័យ​លំនៅដ្ឋាន​លំហែរ​កាយ កំពុងតែ​មានការ​កើនឡើង​ស្ទើរ​គ្រប់​ខេត្ត ជាពិសេស​នៅ​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ ជាមួយនឹង​ការ​សម្លឹង​ឃើញ​ពី​ឱកាស​នៃ​ការទទួលបាន​ចំណេញ​យ៉ាងច្រើន។

លោក​ឧកញ៉ា តេង រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ R Investment Group ដែល​អ្នកវិនិយោគ និង​អភិវឌ្ឍន៍​ទៅលើ​ប្រភេទ​លំនៅដ្ឋាន បែប​លំហែរ​កាយ​បាន​មានប្រសាសន៍​នា​ល្ងាច​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ថា បច្ចុប្បន្ននេះ ឱកាស​ដែល​អាច​ទទួលបាន​ផលចំណេញ ពី​ការបណ្តាក់ទុន​អភិវឌ្ឍន៍ ក្នុង​វិស័យ​មួយ​នេះ​នៅមាន​ច្រើន ខណៈពេលដែល​រាជរដ្ឋាភិបាល​ក៏​កំពុង​ពង្រឹង និង​ពង្រីក​ទីផ្សារ​វិស័យ​ទេសចរណ៍ ឱ្យ​កាន់តែ​ទូលាយ​នៅ​ទូទាំងប្រទេស។

លោក​បន្តថា “ការវិនិយោគ​ទៅលើ​វិស័យ​លំនៅដ្ឋាន បែប​លំហែរ​កាយ​នៅពេលនេះ គឺមាន​ឱកាស​ទទួលបាន​ផលចំណេញ​ច្រើន ហើយ​ផលចំណេញ​ទាំងនេះ​នឹង​នៅ​បន្ត​ក្នុង​រយៈពេល​វែង​ទៅមុខទៀត” ។ លោក​បន្តថា “ការវិនិយោគ និង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ប្រភេទ​នេះ មាន​ភាពងាយស្រួល​ជាង​ការអភិវឌ្ឍន៍ លំនៅដ្ឋាន​ស្នាក់នៅ​អចិន្ត្រៃយ៍ ដោយសារតែ​ភាគច្រើន យើង​ធ្វើការ​អភិវឌ្ឍ​តែ​នៅ​តំបន់​ធម្មជាតិ តម្លៃ​ដី​នៅ​ទាប​មិនមែនជា​តំបន់​ទីប្រជុំជន​ដែល​តម្លៃ​ដី​ថ្លៃ​នោះទេ” ។

លោក​តេង រិ​ទ្ឋី​បាន​បន្តទៀតថា មាន​ភាពងាយស្រួល ហើយ​ក៏មាន​ចំណុច​លំបាក​ដែរ។ ងាយស្រួល​ត្រង់​ថា មិនសូវ​ណាយ​ទុន​ច្រើន ងាយស្រួល​អភិវឌ្ឍន៍ និង​អាច​ទទួលបាន​ផលចំណេញ​យូរ តាមរយៈ​ការជួល​បន្ទាប់ពី​បញ្ចប់​ការសាងសង់។ ដោយឡែក​ចំណុច​លំបាក​ត្រង់​ថា ត្រូវមាន​ទុនបម្រុង​ទាំងស្រុង​ទៅលើ​ការវិនិយោគ មានន័យថា​ទាល់តែ​បញ្ចប់​ការសាងសង់​រួចរាល់​ទាំងស្រុង ទើប​អាច​ទទួលបាន​ចំណូល​ត្រឡប់មកវិញ ខុសពី​ការអភិវឌ្ឍ​លំនៅដ្ឋាន​អចិន្ត្រៃយ៍ ដែល​អាច​ទទួលបាន​ចំណូល ពី​ការវិនិយោគ​តាំង​ពេល​មិនទាន់​សាងសង់​គម្រោង។

លោក​ឧកញ៉ា តេង រិទ្ធី បាន​មានប្រសាសន៍ប្រាប់​ឱ្យ​ថា បច្ចុប្បន្ននេះ អ្នក​អភិវឌ្ឍន៍​វិស័យ​លំនៅដ្ឋាន​មួយចំនួន​ដែលមាន​ទុនបម្រុង​គ្រប់គ្រាន់ គឺ​បាន​បង្វែរ​គោលដៅ​របស់​ខ្លួន​ពី​ការអភិវឌ្ឍន៍​លំនៅដ្ឋាន​អចិន្ត្រៃយ៍ មក​វិនិយោគ និង​អភិវឌ្ឍន៍​លំនៅដ្ឋាន​បែប​លំហែរ​កាយ​នៅតាម​តំបន់​កម្សាន្ត និង​ទេសចរណ៍​នានា ដោយសារតែ​សំលឹង​ឃើញ ពី​ផលប្រយោជន៍​ដែល​អាច​ទទួល​បានយូរ​អង្វែង។

កំពត​បាននិងកំពុង​ក្លាយជា​ខេត្ត​នាំមុខគេ លើ​ការវិនិយោគ​លំនៅដ្ឋាន​លំហែរ​កាយ ដោយសារ​លក្ខ​ខ័​ណ្ឌ​អំណោយផល​ជាច្រើន។

ជាក់ស្តែង​គំរោង​លំនៅដ្ឋាន​លំហែរ​កាយ បែប​ប្រណីត Forest Hamony បាននិងកំពុង​ទទួល​ជោគជ័យ​លើ​ការលក់​យ៉ាងខ្លាំង ដោយ​បច្ចុប្បន្ន​ផ្ទះ​វីឡា​លំហែរ ដែល​សាងសង់​នៅ​ប្រប​នឹង​ជើងភ្នំតូចៗ ជាមួយ​ទេសភាព​ស្រស់បំព្រង​នេះ កំពុង​ត្រៀម​ពង្រីក​ការសាងសង់​ដំណាក់កាល​ទី២ផងដែរ។

លោក SERAJ Sutton នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន  Century 21 Zillions Holding Cambodia បាន​មានប្រសាសន៍ថា ខេត្តកំពត​កំពុងមាន​ការរីកចម្រើន​ខ្លាំង និង​មាន​សក្តានុពល​ជាច្រើន សំរាប់​ការអភិវឌ្ឍ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ ដោយសារ​ខេត្ត​នេះ​មាន​ភាព​អំណោយផល​មួយចំនួន​ដូចជា មាន​ចម្ងាយ​ជិត​នឹង​រាជធានី​ភ្នំពេញ មានការ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ល្អប្រសើរ មានការ​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ​ធំ​មួយ ដែលជា​កំពង់ផែ​ធំ​មួយ​បន្ទាប់ពី​ក្រុងព្រះសីហនុ។

ចំណែក​លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា “នេះ​ជា​គំរោង​ប្រវត្តិសាស្ត្រ​សំរាប់​ខេត្ត ដែល​នឹង​ជួយ​លើក​កំពស់​ការអភិវឌ្ឍ ក៏ដូចជា​ជំរុញ​ឲ្យ​ខេត្ត​កាន់តែ​មាន​ភាព​ទាក់ទាញ ដោយសារ​គំរោង FOREST HAMONY សាងសង់ឡើង​ប្រកបដោយ​បទដ្ឋាន​អន្តរជាតិ និង​ផ្តោតលើ​ការរស់នៅ​ប្រកបដោយ​ភាព​បៃតង និង​ការ​លំហែរ​ប្រកបដោយ​ស្តង់ដា​អន្តរជាតិ” ៕

ចំណេះដឹង! ដូចម្តេច​ដែល​ហៅថា​អាករ​លើ​តម្លៃបន្ថែម?

ដោយ ​វុត្ថា

ភ្នំពេញៈ អាករ​លើ​តម្លៃបន្ថែម គឺជា​អាករ​កំណត់​ទៅលើ​ការចំណាយ​ទិញ​របស់​អ្នកប្រើប្រាស់ អាករ​នេះ​ត្រូវ​ប្រមូល​ពី​ការ ប្រកប​អាជីវកម្ម និង​ការ​នាំចូល។ការប្រកប​អាជីវកម្ម​ភាគច្រើន​ទាក់ទិន​ទៅ​និង​ការផ្គត់ផ្គង់​ទំនិញ​ឬ​សេវា។

ការប្រកប​អាជីវកម្ម​ទាំងនោះ ត្រូវ​ជាប់ អាករ​លើ​តម្លៃបន្ថែម​ប្រសិនបើ​ការផ្គត់ផ្គង់ៈ

– ធ្វើឡើង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា

– ធ្វើឡើង​ដោយ​បុគ្គល​ជាប់​អាករ

– ធ្វើឡើង​ក្នុងដំណាក់កាល​ប្រកប​អាជីវកម្ម ឬ​ដំណាក់កាល​ពង្រីក​អាជីវកម្ម

– គ្មាន​ការបញ្ជាក់​ច្បាស់លាស់​ថា មិន​ជាប់​អាករ ឬ​ជាប់​អាករ​តាម​អត្រា០%

ការផ្គត់ផ្គង់ ធ្វើឡើង​ដោយ​បុគ្គល​ជាប់​អាករ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មិនមែន ជាការ​ផ្គត់ផ្គង់​មិន ជាប់​អាករ​ហៅថា​ការផ្គត់ផ្គង់​ជាប់​អាករ។

បុគ្គល​ជាប់​អាករ​គឺជា រូបវ័ន្ត​បុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិ ក្រុមហ៊ុន​មហាជន​ឬ​បុគ្គល​ណាមួយ​ដែលមាន ផលរបរ​បានមកពី​ការផ្គត់ផ្គង់​ជាប់​អាករ លើសពី​កំរិត​អប្បបរមា​នៃ​ផលរបរ​ត្រូវ​ចុះបញ្ជី ត្រូវ​ទៅ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម។

ការផ្គត់ផ្គង់​ត្រូវ​នៅក្រៅ​ដែន​អនុវត្តន៍​អាករ​លើ​តម្លៃបន្ថែម ប្រសិនបើ​ការផ្គត់ផ្គង់​នោះ ធ្វើឡើង​ដោយ​បុគ្គល ដែល​មិនមែនជា​បុគ្គល​ជាប់​អាករ ឬ​មិន​ធ្វើឡើង​ក្នុងដំណាក់កាល​ប្រកប​អាជីវកម្ម ឬ​ដំណាក់កាល​ពង្រីក​អាជីវកម្ម៕

លោកហ៊ុន ម៉ានីៈក្នុងដំណាក់កាលនេះការបង្កើតបរិយាកាសទេសចរណ៍ដែលគួរ ឲ្យទុកចិត្តជាកត្តាសំខាន់

        ដោយគង់ ម៉ាលីន

        ភ្នំពេញៈ តំណាងរាស្រ្តខេត្តកំពង់ស្ពឺ លោកហ៊ុន ម៉ានីបានថ្លែងថា ក្នុងដំណាក់កាលនេះ ការបង្កើនបរិយាកាសទេសចរណ៍ ដែលគួរអោយទុកចិត្ត និងដោយមានសុវត្ថិភាពពីជំងឺកូវីដ១៩ ព្រមទាំងការធានាស្តង់ដានៃការការពារ មើលថែប្រកបដោយការយកចិត្តទុកដាក់ គឺជាកត្តាសំខាន់។

លោកបានមានប្រសាសន៍ក្នុងកិច្ចប្រជុំជាមួយលោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេស​ចរណ៍នាព្រឹកថ្ងៃទី១៣ សីហានេះថា ទន្ទឹមនេះ ក្រសួងគួរបន្តកិច្ចសហការយ៉ាងជិតស្និតជាមួយអន្តរជាតិ ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន ដើម្បីចូលរួមជំរុញចលនាទេស​ចរណ៍ផ្ទៃក្នុងអាស៊ាន (intra-ASEAN) នៅក្នុងដំណាក់កាលសមស្របណាមួយ ដែលចរន្ត និងលំហូរទេសចរណ៍ផ្ទៃក្នុងតំបន់អាចដំណើរការវិញបាន។

ក្នុងកិច្ចប្រជុំ អង្គប្រជុំបានកត់សម្គាល់ថា ឈរលើស្មារតី “ប្រែក្លាយបញ្ហាប្រឈមជាឱកាស”  វិបត្តិជំងឺកូវីដ-១៩ នេះ ក៏ជាឱកាសមួយសម្រាប់ការពង្រឹងគុណភាព គោលដៅកម្ពុជា ជាគោលដៅដ៏ល្អ ប្រកបដោយភាពទាក់ទាញ តាមរយៈការពង្រឹងកិច្ចសហការរវាង រដ្ឋ-ឯកជន និងភាគីពាក់ព័ន្ធ ក្នុងការចាប់យកឌីជីថលរូបនីយកម្ម (Digitalization) ក្នុងវិស័យទេសចរណ៍កម្ពុជា ស្របតាមតម្រូវការជាក់ស្តែងក្នុងបរិបទឧស្សាហកម្ម ៤.០។

ឆ្លៀតក្នុងឱកាសនេះ គណៈកម្មការទី៧ នៃរដ្ឋសភា សូមថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីទេសចរណ៍ទាំងអស់ ដែលបានរួមគ្នាគិតគូរលើកកម្ពស់វិស័យទេសចរណ៍ និងការស្តារឧស្សាហកម្មទេសចរណ៍ឱ្យដំណើរការជាបណ្តើរៗឡើងវិញ។

ជាមួយគ្នានេះ គណៈកម្មការ ក៏សូមថ្លែងអំណរគុណចំពោះ ប្រតិបត្តិករ និងអាជីវករក្នុងឧស្សាហកម្មទេសចរណ៍ទាំងអស់ ដែលបានចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអនុវត្តអាជីវកម្មរបស់ខ្លួន ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល។

លោកហ៊ុន ម៉ានី ដែលជាប្រធានគណៈកម្មការអប់រ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំជាមួយក្រសួងទេសចរណ៍ ហើយបានចាត់ទុកថាកិច្ចប្រជុំនេះ ជាវេទិកាដ៏មានប្រសិទ្ធភាពមួយក្នុងស្មារតីរួបរួម សហការ និងជំរុញការអនុវត្តការងារ ក្នុងវិស័យទេសចរណ៍នៅក្នុងនីតិកាលទី៦ ជាពិសេសក្នុងបរិបទកូវីដ១៩នេះ ឱ្យទទួលបានលទ្ធផលជាក់ស្តែងជូនដល់ប្រជាជាតិខ្មែរ។

វិបត្តិជំងឺCovid-19 បានបណ្តាលឲ្យអាជីវកម្មទេសចរណ៍ ជាង៣០០០ទីតាំងរងផលប៉ះពាល់ ក្នុងនោះបុគ្គលិកពាក់ព័ន្ឋជាង៥០,០០០នាក់ បានបាត់បង់ការងារនិងប៉ះពាល់ប្រាក់ចំណូល៕

ក្រសួងដែនដីច្រានចោលសំណើរប្រជាពលរដ្ឋ១២៨គ្រួសារលើការទាមទារដីកម្មសិទ្ធិ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចច្រានចោលនូវសំណើរបស់ប្រជាពលរដ្ឋចំនួន១២៨គ្រួសារ លើការទាមទារដីជាកម្មសិទ្ធិ ស្ថិតនៅក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ការច្រានចោលនូវសំណើរបស់ប្រជាពលរដ្ឋ ទាំង១២៨គ្រួសារខាងលើនេះ ត្រូវបាន​ធ្វើឡើង តាមរយៈលិខិតជូនដំណឹងជាផ្លូវការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានធ្វើការសិក្សា ស្រា​វជ្រាវ និងពិនិត្យយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមមន្ត្រីជំនាញដែនដីរបស់ក្រសួង។

យោងតាមលិខិតផ្លូវការបានបញ្ជាក់ថា គ្រួសារទាំង១២៨ ខាងលើនេះបានដាក់ពាក្យសុំអន្តរាគមន៍ មកកាន់ក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ ដើម្បីទាមទារដីព្រៃសហគមន៍ទំហំ១២៣០ហិកតា ស្ថិតនៅក្នុងភូមិស្រែប្រាំង ភូមិបុស្សស្នោរ ឃុំត្រពាំងព្រីង ស្រុកដំបែរ ខេត្តត្បូងឃ្មុំ ដែលធ្លាប់បានលក់ទៅឱ្យក្រុមហ៊ុនឯកជន តាំងពីអំឡុងឆ្នាំ២០១១-២០១២។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពិនិត្យឃើញថា ក្នុងអំឡុងឆ្នាំ២០១១-២០១២ ប្រជាពលរដ្ឋចំនួន២១៣គ្រួសារ រស់នៅភូមិស្រែប្រាំង និងចំនួន៧៨គ្រួសារផ្សេងទៀត រស់នៅភូមិបុស្សស្នោរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានព្រមព្រៀងលក់ដីក្នុងតំបន់ទីតាំងខាងលើ ទៅឱ្យក្រុមហ៊ុន ហាមីនី អ៊ីនវេសមេន ដោយមានការបញ្ជាក់ និងទទួលស្គាល់ពីអជ្ញាធរភូមិ-ឃុំ យ៉ាងពិតប្រាកដ។

ដោយឡែក ក្នុងកំឡុងពេលដែលក្រសួងអនុវត្តន៍ បទបញ្ជាលេខ០១បប រាជរដ្ឋាភិបាលបានសម្រេចចុះបញ្ជី ចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដែលមិនបានលក់ដីឱ្យក្រុមហ៊ុនចំនួន៤៨៣គ្រួសារ ស្មើនឹង១៥៥១ក្បាលដី មានទំហំសរុបចំនួន២៥៦៣ហិកតា ក៏ស្រាប់តែមានតំណាងគ្រួសារទាំង១២៨ខាងលើ ដាក់លិខិតសុំអន្តរាគមន៍ទាមទារសុំចុះបញ្ជីដីកម្មសិទ្ធិដោយគ្មានមូលដ្ឋាន និងធ្វើឡើងតាមការញុះញង់ បំផុសបំផុលរបស់ជនខិលខូច ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ៕

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនANA ស្វែងរកកម្ចី៤,៦ពាន់លានដុល្លារកំឡុងពេល វិបត្តិសេដ្ឋកិច្ចនេះ

ដោយៈប៊ី

ភ្នំពេញៈ ក្រុមហ៊ុនដឹកជញ្ជួនផ្លូវអាកាស ANA Holdings របស់ជប៉ុន កំពុងពិភាក្សាជាមួយនឹងធនាគារអភិវឌ្ឍន៍ជប៉ុន និងស្ថាប័នហិរញ្ញវត្ថុឯកជន ដើម្បីទទួលបានផ្តល់ហិ​រញ្ញប្បទានគិតជាទឹកប្រាក់ចំនួន៥០០ពាន់លានយ៉េន (៤,៦ ពាន់លានដុល្លារ)។

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ដែលមានជើងហោះហើរកាន់កម្ពុជាផងដែរនោះ កំពុ​ងស្នើសុំ ធនាគារ DBJ ធនាគារ MUFG ធនាគារ Sumitomo Mitsui Banking Corp និង Mizuho Bank ដើម្បីទទួលបានកម្ចី។ ក្រុមហ៊ុន ANA Holdings កំពុងស្វែងរកការបង្កើនប្រាក់ជិត៤០០ពាន់លានយ៉េន ដល់៥០០ពាន់លានយ៉េន ដែលប្រាក់កម្ចីបន្ទាប់បន្សំ។

ជាមួយនឹងប្រាក់កម្ចីបន្ទាប់បន្សំនេះ ប្រសិនបើក្រុមហ៊ុនមួយប្រឈមនឹងការក្ស័យធុន បំណុលនេះផ្តល់អាទិភាព សម្រាប់ការសងប្រាក់អត្រាទាបជាងបំណុលផ្សេងទៀត។ លើសពីនេះទៀត នៅពេលដែលក្រុមហ៊ុន ទទួលបានប្រាក់កម្ចីបន្ទាប់បន្សំ ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានចាត់ទុកថាមានភាពប្រសើរឡើង។ នេះផ្តល់ឱ្យក្រុមហ៊ុននូវសមត្ថភាពកាន់តែច្រើនក្នុងការខ្ចីប្រាក់ពីធនាគារ។

ក្រុមហ៊ុន ANA Holdings បានទទួលប្រាក់កម្ចី និងបណ្តាញឥណទានប្រហែល១ ទ្រីលានយ៉េននៅត្រឹមខែមិថុនា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ចំណាយប្រាក់ប្រមាណ ១០០ពាន់លានយ៉េនរៀងរាល់ខែ ដើម្បីជួលយន្តហោះ និងទូទាត់ការប្រាក់។ ក្រុមហ៊ុនរំពឹងថា នឹងមានថវិកាប្រតិបត្តិការគ្រប់គ្រាន់សម្រាប់ប្រហែលមួយឆ្នាំ។

ទោះយ៉ាងណាក៏ដោយ ប្រសិនបើចំនួនអ្នកដំណើរនៅតែបន្តធ្លាក់ចុះ ក្នុងពេលមានជំងឺរាតត្បាត ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ នឹងកាន់តែយ៉ាប់យ៉ឺន ដែលអាចនឹងធ្វើឱ្យការចំណាយកើនឡើង នៅពេលដែលវាចេញមូលបត្របំណុលក្រុមហ៊ុន និងខ្ចីប្រាក់ពីធនាគារ។

ក្រុមហ៊ុនANA Holdings សង្ឃឹមថា នឹងមានស្ថានការណ៍ល្អនាពេលខាងមុខ ជាមួ​យនឹងហិរញ្ញប្បទានដែលខ្លួនកំពុងស្វែងរក។

នៅជុំវិញពិភពលោក ក្រុមហ៊ុនអាកាសចរណ៍ កំពុងស្ថិតនៅក្នុងស្ថានភាពរង្គោះរ  ង្គើ។ នៅខែមិថុនា ក្រុមហ៊ុនអាកាសចរណ៍Aeromexico បានប្រកាសក្ស័យធននៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែរវ៉េ និងវឺដ្យីនអូស្រ្តាលី ក៏ជិតក្ស័យធនដែរ។

ក្រុមហ៊ុន ANA Holdings បានចាត់វិធានការជាច្រើន ដើម្បីការពារការប្រព័ន្ធហិរញ្ញវត្ថុខ្លួន។ ក្នុងមួយជំហាន ក្រុមហ៊ុនបានផ្អាកការងាររបស់បុគ្គលិក៤៣.៥០០ នាក់៕

ប្រទេសចិនបង្ហាញមហិច្ឆិតាសាងសង់ផ្លូវដែកដ៏ទំនើបបំផុតនៅលើពិភពលោក

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលចិនបានបង្ហាញមហិច្ឆិតារបស់ខ្លួន ក្នុងការសាងសង់ផ្លូវដែកដ៏ទំនើប និងគ្រប់ដណ្តប់នៅទូទាំងប្រទេស ដោយឆ្លងកាត់ក្រុងដែលមានប្រជាពលរដ្ឋរស់នៅប្រមាណចាប់ពី៥សែននាក់ឡើង និងតភ្ជាប់គ្នាដោយផ្លូវដែកល្បឿនលឿន។

យោងតាមសេចក្តីណែនំា របស់ក្រុមហ៊ុនសាងសងផ្លូវដែករបស់រដ្ឋាភិបាលចិនបា​នចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២០នេះបានអោយដឹងថា ផ្លូវដែកដ៏ទំនើបនេះ និងត្រូវសាងសង់អោយចប់រួចរាល់នៅឆ្នាំ២០៣០ ខាងមុខនេះ ឆ្លងកាត់ទីក្រុងដែលមានប្រជាជនច្រើនលើសពី៥សែននាក់ឡើង។

ក្រុមហ៊ុនផ្លូវដែកជាតិចិនបានឲ្យដឹងថា  គម្រោងសាងសង់បណ្តាញផ្លូវដែកយុគសម័​យថ្មី  រដ្ឋាភិបាលនឹងសាងសង់រួចរាល់នៅឆ្នាំ២០៣០ នូវបណ្តាញផ្លូវដែកទំនើប ដែលគ្របដណ្តប់ទូទាំងប្រទេស អាចផ្តល់សេវាកម្មដឹកជញ្ជូន ប្រកបដោយគុណភាពខ្ពស់មា​ន​សុវត្ថិភាពអាចទុកចិត្តបានពោលគឺឈរនៅលំដាប់ ឈានមុខគេនៅលើឆាកអន្តរជាតិ។

ប្រទេសចិនរំពឹងថា នៅពេលសាងសង់ផ្លូវដែកនេះ រួចរាល់នៅក្នុងឆ្នាំ២០៣០ ខាងមុខនេះ បណ្តាញផ្លូវដែករបស់ចិនសរុប នឹងកើនដល់២០ម៉ឺនគីឡូម៉ែត្រ ក្នុងនោះផ្លូវដែកល្បឿនលឿនមានប្រវែងប្រហែល៧ម៉ឺនគីឡូម៉ែត្រ។

រដ្ឋាភិបាលចិនបញ្ជាក់ទៀតថា  ទីក្រុងដែលមានចំនួនប្រជាជនលើសពី២សែននាក់ នឹងត្រូវតភ្ជាប់ដោយផ្លូវដែកទាំងអស់ ខណៈទីក្រុងដែលមានមនុស្សលើសកន្លះលាននាក់ នឹងតភ្ជាប់ដោយផ្លូវដែកល្បឿនលឿន ។ ជាមួយគ្នានេះរដ្ឋាភិបាលចិនបានប្តេ ជ្ញាថា នឹងផលិតរថភ្លើងល្បឿនលឿនឆ្លាតវៃមុនគេផងដែរ។

ចំពោះការធ្វើដំណើរតាមរថភ្លើងល្បឿនលឿនវិញ គ្រោងចំណាយពេលក្នុងរង្វង់ពេលតែ១-២-៣ម៉ោងប៉ុណ្ណោះ ហើយចំចំណែកការដឹកជញ្ជូនទំនិញវិញ នឹងត្រូវចំណាយត្រឹមតែ១-២-៣ថ្ងៃប៉ុណ្ណោះ នៅពេលសាងសង់បញ្ច

ស្ពានកោះពស់តម្លៃ២០លានអឺរ៉ូ នៅក្រុងព្រះសីហនុគ្រោងនឹងបើកឱ្យ ដំណើរការឡើងវិញ

ដោយៈ រ៉ាណេត

ព្រះសីហនុៈស្ពានមួយខ្សែឆ្លងពីតំបន់ឆ្នេរអូរឈើទាល ឆ្ពោះទៅកាន់កោះពស់ដែលវិនិយោគ និងសាងសង់ឡើងដោយក្រុមហ៊ុនឯកជន និងបានបិទចរាចរណ៍ជាច្រើនឆ្នាំមកហើយនោះ គ្រោងនឹងបើកប្រើប្រាស់ឡើងវិញ ដើម្បីបម្រើដល់វិស័យទេសចរណ៍ និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋក្នុងតំបន់។

រដ្ឋបាលខេត្តព្រះសីហនុ ក្រោមគំនិតផ្តួចផ្តើមដោយលោក គួច ចំរើន អភិបាលខេត្ត បានដាក់លិខិតស្នើដល់ ក្រុមហ៊ុនអភិវឌ្ឍន៍កោះពស់ (កោះពស់ ខេមបូឌា អ៊ិនវេសមិន គ្រុប អិលធីឌី) ស្ដីពីការបើកចរាចរណ៍ជាសាធារណៈ និងបើកឱ្យប្រជាពលរដ្ឋចេញ-ចូល លើស្ពានកោះពស់ ដែលស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីបានបិតដំណើរការអស់រយៈ ពេលជាច្រើនឆ្នាំ។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុបានប្រាប់ភ្នាក់ងារគេហទំព័រ Propertyarea.asia នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះថា ក្នុងដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៤ខ្សែជិតរួចរាល់ ជាស្ថាពរទៅតាមផែនការ និងបានរៀបចំកែលម្អ បើកលំហឆ្នេរសមុទ្រ សម្រាប់ប្រជាពលរដ្ឋបានសម្រាកកម្សាន្ត ដោយសេរី ដែលពីមុននៅតំបន់ឆ្នេរខ្លះបិទបាំង និងហាមឃាត់ការចេញចូលជាសាធារណៈ បច្ចុប្បន្នរដ្ឋបាលខេត្តបានស្នើដល់ក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍កោះពស់បើកឱ្យដំណើរការស្ពានកោះពស់ឡើងវិញ។

មន្ត្រីរូបដដែលបានបន្តទៀតថា “ស្ពានកោះពស់បានបិទច្រកទ្វារ មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ក៏ដូចជាទេសចរធ្វើដំណើរឆ្លងកាត់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែ​លធ្វើឱ្យប្រជាពលរដ្ឋថ្នាំងថ្នាក់”។លោកបន្តថា “ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រ​ជា​ពលរដ្ឋ ក៏ដូចជាបង្កើនតំបន់កម្សាន្តសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកាន់តែច្រើន រដ្ឋបាលខេត្តស្នើឱ្យក្រុមហ៊ុនបើកទ្វារ ដាក់ឱ្យចរាចរណ៍ស្ពានកោះពស់ចាប់ពីថ្ងៃនេះតទៅ”។

ស្ពានកោះពស់មានបណ្តោយប្រវែង៩០០ម៉ែត្រ ទទឹង១២ម៉ែត្រ និងមានកម្ពស់ ៣២,៥ម៉ែត្រពីផ្ទៃទឹកសមុទ្រ តភ្ជាប់ពីតំបន់ឆ្នេរអូរឈើទាល់ទៅកាន់កោះពស់ ដែលបានបើកឱ្យប្រើប្រាស់លើកដំបូងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១១ ក្រោមទុនសាងសង់ចំនួន២០លានអឺរ៉ូ ស្របតាមកម្រិតគុណភាពស្តង់ដារលេខ១របស់ប្រទេសចិន៕

សម្តេចស ខេងៈកម្ពុជានឹងបន្តខិតខំជំនះឧបសគ្គបន្ថែមទៀត បន្ទាប់ពីបាត់បង់ EBA ២០ភាគរយពីសហភាពអឺរ៉ុប

ដោយវុត្ថា

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា កម្ពុជានឹងបន្តខិតខំជំនះរាល់ឧបសគ្គបន្ថែមទៀត ក្រោយពីសហភាពអឺរ៉ុប បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជាកាលពីម្សិលមិញនេះ។

សម្តេចក្រឡាហោម ស ខេងបានថ្លែងបែបនេះក្នុងពិធីសម្ពោធអគារ និងសមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃ ទី១៣ ខែសីហា ឆ្នាំ២០២០នេះថា កម្ពុជានាពេលបច្ចុប្បន្ននេះ មិនដូចកាលពីមុននោះទេ ខណៈដែលសហភាពអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធ EBAពីកម្ពុជា តែកម្ពុជានឹងបន្តដោះស្រាយឧបសគ្គ និងបញ្ហាប្រឈមទាំងឡាយ ដែលគ្មានអ្វីក្រៅពីនេះទេ។

យ៉ាងណាក៏ដោយ សម្តេចក្រឡាហោមពន្យល់ថា  “ការដកប្រព័ន្ធអនុគ្រោះពន្ធនេះ មិនមែនកម្ពុជា ផ្តាច់ទំនាក់ទំនងជាមួយសហភាពអឺរ៉ុបនោះទេ ហើយទំនាក់ទំនាក់ទំនងជាមួយសហភាពអឺរ៉ុបនៅតែមានសារៈសំខាន់ និងខិតខំបន្ថែមថែមទៀត”។ សម្តេចបន្ថែមថា “សម្រាប់ទំនិញរបស់កម្ពុជា នៅតែអាចនាំចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបដដែល គ្រាន់តែវាបង់ពន្ធចំនួនប្រមាណ២០ភាគរយប៉ុណ្ណោះ អីចឹងទំនិញ៨០ភាគរយនៅតែអត់បង់ពន្ធដដែលទេ “។

សម្តេចក្រឡាហោមបានបន្ថែមថា  ដូច្នេះភាគីពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយ និងជម្នះរាល់ការលំបាកទាំងនោះ ដើម្បីរក្សាកំណើនសេដ្ឋកិច្ច ឬស្ថេរភាពនយោបាយ ដែលទាក់ទងទៅបញ្ហា EBAនេះ។។ តែអ្វីដែលសំខាន់នោះ ការពង្រឹងនូវសន្តិសុខ សុវត្ថិភាពនៅតាមមូលដ្ឋាន ពោលការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនេះ នៅតែជាបញ្ហាសំខាន់សម្រាប់ប្រទេសកម្ពុជា។

ដូចការគ្រោងទុក គណៈកម្មការអឺរ៉ុប (EU) កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ បានចេញសេចក្ដីសម្រេចមួយ ផ្ដាច់EBAចំនួន២០%ចេញពីកម្ពុជា។ បើតាមការសម្រេចនេះ គឺប៉ះពាល់ដល់ទំនិញនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហភាពអឺរ៉ុបប្រមាណ២០% ប៉ុន្តែកម្ពុជានៅតែអាចបន្តនាំចេញទំនិញទាំងនេះបាន តែក្នុងលក្ខ​ខណ្ឌ​ត្រូវបង់ពន្ធ។

ទំនិញរបស់កម្ពុជា៨០%ទៀត គឺនៅតែអាចបន្តនាំចេញទៅអឺរ៉ុប ដោយមិនបង់ពន្ធដដែលទំនិញ ដែលប៉ះពាល់ដោយសារបាត់ផ្នែកខ្លះនៃEBAនេះ គឺមាន៤០មុខ ភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលនាំទៅអឺរ៉ុប ក្នុងតម្លៃ១ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ៕

រាជរដ្ឋាភិបាលសម្រេចផ្អាកព្រះរាជពិធីបុណ្យអ៊ុទូកនៅចុងឆ្នាំនេះ

ដោយ ៖ រ៉ាណេត

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០នេះ។ នេះបើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ដោយយោងតាមចំណាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានរយៈពេល៣ថ្ងៃ តាមប្រតិទិននឹងត្រូវប្រារព្វចាប់ពីថ្ងៃទី៣០-៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០។

ការសម្រេចផ្អាកប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០នេះ ស្របពេលដែលកម្ពុជា កំពុងប្រយុទ្ធនឹងបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅលើសាកលលោកផងដែរ៕

ក្រសួងសាធារណការប្រគល់ផ្លូវជាតិលេខ ៥១ ឱ្យមន្ទីរខេត្តសាធារណការខេត្តកំពង់ស្ពឺមើលថែទាំ

ដោយវុត្ថា

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចប្រគល់ផ្លូវជាតិលេខ៥១ ប្រវែង៣៧,៩៥គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤)ដែលចំណាយថវិកាជាង ៤០,៨៨ លានដុល្លារអាមេរិក មើលថែទាំឱ្យបានល្អ សម្រាប់បំរើដល់ការដឹកជញ្ជូន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ថ្លែងក្នុងកិច្ចប្រជុំក្រោយការចុះពិនិត្យគុណភាពនៃការសាងសង់ជាតិលេខ ៥១ នៅថ្ងៃទី ១២ ខែសីហាឆ្នាំ ២០២០ម្សិលមិញនេះ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងប្រគល់ផ្លូវនេះទៅឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដើម្បីជួលជុលថែទាំកំណាត់ផ្លូវនេះឱ្យបានល្អ និងប្រើប្រាស់ជាប់បានយូរអង្វែង។

លោកក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់គណៈកម្មការជំនាញ និងក្រុមការងារពិសេសទាក់ទងនឹងគុណភាព និង បច្ចេកទេសនៃការសាងសង់ ក៏ដូចជាប្រព័ន្ធលូ ស្លាកសញ្ញាចរាចរណ៍ និងគំនូសចរាចរណ៍ ចាប់តាំងពីការ ចាប់ផ្ដើមសាងសង់រហូតដល់ការបញ្ចប់ការសាងសង់កំណាត់ផ្លូវនេះ។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការបានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យគោរពច្បាប់ ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីគេចផុតពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងដោយការធ្វេសប្រហែសធ្វើឱ្យយើងមានវិប្បដិសារីអស់មួយជីវិត និងបានស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញកុំផ្ទុកទំនិញលើសទម្ងន់ កម្រិតកំណត់ដោយច្បាប់បណ្ដាលឱ្យផ្លូវឆាប់ខូចមុនអាយុកាល។

លោករដ្ឋលេខាធិការក៏បានសម្ដែងនូវការកោតសរសើរដល់ក្រុមហ៊ុនសាងសង់ ក៏ដូចជាក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងក្រុមការងារជំនាញរបស់ក្រសួងដែលបានខិតខំប្រឹងប្រែងបំពេញការងារសាង សង់ឱ្យមានគុណភាពល្អ ស្របតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ និងសោភ័ណភាពល្អ។

ផ្លូវជាតិលេខ៥១ នេះមានប្រវែងសរុប ៣៧,៩៥គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ចំណាយថវិកាអស់ ជាង ៤០,៨៨ លានដុល្លារអាមេរិក បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ និងបាន ប្រគល់ទទួលជាបណ្ដោះអាសន្ននៅឆ្នាំ២០១៩ និងស្ថិតក្រោមការជួសជុលថែទាំរបស់ក្រុមហ៊ុនសាងសង់៕