ទោះស្ថិតក្នុងស្ថានភាពកំពុងប្រឈម គម្រោងលំនៅដ្ឋានធំៗនៅតែបន្តលក់ចេញបានជាធម្មតា

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មានការលើកឡើងថា ស្ថានភាពដែលកំពុងប្រឈមនាពេលបច្ចុប្បន្នបានជះឥទ្ធិពលអវិជ្ជមានទៅដល់វិស័យផ្សេងៗជាច្រើនដែលក្នុងនោះទីផ្សារអចលនទ្រព្យក៏ទទួលរងផលប៉ះពាល់ផងដែរ។ ប៉ុន្តែសម្រាប់ប្រតិបត្តិករផ្ទាល់ដែលកំពុងប្រតិបត្តិការយ៉ាងសកម្មនៅក្នុងវិស័យនេះអះអាងថា ទោះស្ថិតក្នុងស្ថានការនេះ ការលក់នៅក្នុងគម្រោងចាស់ធំៗ គឺនៅតែមានដំណើរការ ហើយករណីដែលប៉ះពាល់គឺមានតែគម្រោងថ្មីៗតែប៉ុណ្ណោះ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Easy Property Investment លោក ម៉ម សិរីបញ្ញា បានមានប្រសាសន៍បញ្ជាក់ប្រាប់នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ទីផ្សារនៃការលក់អចលនវត្ថុនៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ គឺមាននៅតែដដែល ប៉ុន្តែការលក់ចេញ ឬមិនចេញគឺអាស្រ័យទៅលើប្រភេទនៃគម្រោងនីមួយៗ ជាគម្រោងចាស់ដែលមានស្រាប់ ឬជាគម្រោងថ្មីដែលទើបតែចាប់ផ្តើមដាក់បញ្ចូលទៅក្នុងទីផ្សារ។

លោក ម៉ម សិរីបញ្ញា បានមានប្រសាសន៍បញ្ជាក់ថា “នៅក្នុងស្ថានការនេះ វាមានទាំងផលល្អ ទាំងផលអាក្រក់សម្រាប់ទីផ្សារលក់អចលនវត្ថុ ជាពិសេសផ្នែកលំនៅដ្ឋាន។ សម្រាប់គម្រោងធំៗ និងជាគម្រោងចាស់គឺពួកគេនៅតែមានការលក់ចេញធម្មតា ព្រោះគម្រោង និងយុទ្ធសាស្ត្រទីផ្សារនៃការលក់របស់ពួកគេសុទ្ធតែបានកំណត់គោលដៅតាំងពីឆ្នាំចាស់ ហើយភាគច្រើនពួកគាត់មានភ្ញៀវនៅក្នុងដៃស្រាប់ ជាពិសេសគឺមានក្រុមហ៊ុនភ្នាក់ងារដែលជាដៃគូយុទ្ធសាស្ត្រនៃការលក់ ដូច្នេះដូចជាមិនសូវមានបញ្ហាចោទនោះទេ”។

លោកបន្តថា “យុទ្ធសាស្ត្រទីផ្សាររបស់ពួកគេ គឺមានបត់បែនច្រើនដែលធ្វើយ៉ាងណាជំរុញការលក់ មិនថាការផ្តល់ជូននូវលក្ខខណ្ឌងាយស្រួលដល់ការទិញរបស់អតិថិជន មិនថាការផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែមពីការទិញ ក៏ដូចជាការលើកទឹកចិត្តក្នុងរូបភាពផ្សេងៗដែលអាចផ្តល់នូវផលវិជ្ជមានដល់ការលក់របស់ពួកគេ ហើយអ្វីដែលជាកត្តាជួយជំរុញឱ្យការលក់របស់ពួកគាត់ទទួលបានជោគជ័យ គឺកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនដែលបានសាបព្រួសយ៉ាងទូលាយ និងទទួលបានទំនុកចិត្តពីអតិថិជនរួចជាស្រេច”។

ជាមួយនឹងការបញ្ជាក់ពីទីផ្សារលក់អចលនវត្ថុនៅពេលពេលនេះ លោក ម៉ម សិរីបញ្ញា ក៏បានបញ្ជាក់ផងដែរថា “ភាគច្រើនផលប៉ះពាល់ដែលកើតមានទៅលើទីផ្សារនៃការលក់នៅពេលនេះ គឺជាក្រុមហ៊ុន ឬគម្រោងថ្មីៗតែប៉ុណ្ណោះ ដោយសារតែកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនហាក់មិនទាន់ត្រូវបានគេទទួលស្គាល់ មិនសូវមានក្រុមហ៊ុនភ្នាក់ងារសហការ ព្រោះភ្នាក់ងារអាជីពមុនពេលសម្រេចចិត្តសហការលក់ជាដៃគូក៏គេគិតពិចារណាទៅលើកេរ្តិ៍ក្រុមហ៊ុនអភិវឌ្ឍន៍ដែរ”។

លោកថា “សម្រាប់ការអភិវឌ្ឍន៍ដែលទើបតែចាប់ផ្តើមថ្មីនៅពេលនេះអាចជួបបញ្ហាអវិជ្ជមានច្រើន ដោយសារតែការលក់គម្រោងថ្មីៗ ប៉ុន្តែតម្លៃប្រហាក់ប្រហែលទៅនឹងក្រុមហ៊ុនចាស់ដែលមានកេរ្តិ៍ស្រាប់ វាអាចជាការប្រកួតប្រជែងមួយដ៏លំបាក ជាពិសេសនៅក្នុងកំឡុងពេលដែលកំពុងប្រឈមទៅនឹងវិបត្តិសេដ្ឋកិច្ចតែម្ដង។ ដូច្នេះអ្វីដែលជាទស្សនៈរបស់ខ្ញុំនៅពេលនេះគឺសម្រាប់គម្រោងថ្មីដែលមានចរន្តសាច់ប្រាក់ក្នុងការអភិវឌ្ឍន៍មិនគ្រប់គ្រាន់ អាចពិចារណាក្នុងពន្យាពេលទៅឆ្នាំក្រោយ ឬក្រោយបញ្ចប់វិបត្តិកូវីដ។ ដោយឡែកសម្រាប់អ្នកដែលមានធនធានគ្រប់គ្រាន់ អាចជាឱកាសល្អ ព្រោះចាប់ផ្តើមនៅពេលនេះដើម្បីលក់ចេញនៅក្រោយពេលស្ថានការវិលទៅរកភាពល្អប្រសើរវិញ ហើយអាចនឹងលក់បានលឿន និងចំណេញច្រើន”។

ភ្ជាប់ជាមួយនឹងទីផ្សារលំនៅដ្ឋានដូចដែលបានលើកឡើងនៅពេលនេះ តាមឯកសារដែលមានចំណងជើងថា “ភ្នំពេញ ឆ្នាំ២០៣០ ” បានបង្ហាញថា លំនៅឋានដែលបាននិង កំពុងសាងសង់នឹងកើនឡើង៣ដង ក្នុងរយៈពេល១៣ឆ្នាំខាងមុខ។ នៅក្នុងឯកសារខាងលើបញ្ជាក់ថា បច្ចុប្បន្នចំនួនលំនៅឋានសរុបមានចំនួន ១៥០,០០០ខ្នង ប៉ុន្តែនឹងកើនឡើងដល់ ៤៥០,០០០ខ្នងនៅឆ្នាំ២០៣០ ។
របាយការណ៍ដដែលបន្តថា នៅក្នុងចំណោមខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញមានខណ្ឌចំនួន៧បាន និងកំពុងមានសកម្មភាពមមាញឹក ក្នុងការសាងសង់សំណង់លំនៅឋាន ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការ ដែលនឹងធ្វើឱ្យកើនឡើងរហូតដល់ជិតកន្លះ លានខ្នងនៅឆ្នាំ២០៣០ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here