សួនទឹកGarden City Waterparkលំដាប់អន្តរជាតិនៅភាគខាងជើងក្រុងភ្នំពេញនឹងដាក់ឱ្យដំណើរការនៅពាក់កណ្តាលខែសីហានេះ

ដោយវុត្ថា

ភ្នំពេញៈ សួនទឹក Garden City Waterpark គេ និងដំបូងបង្អស់ក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុន LYP Group នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នឹងសម្ពោធដាក់អោយប្រើប្រាស់នៅពាក់កណ្តាលខែសីហាឆ្នាំ២០២០នេះ។  នេះបើតាមការផ្សព្វផ្សាយឱ្យដឹងពីក្រុមហ៊ុនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២០នេះ។

សួនទឹក Garden City Waterparkដ៏ធំនេះ ត្រូវបានសាងសង់លើផ្ទៃដី៦ហិកតាដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ ទីក្រុងរណបថ្មីរបស់អ្នកឧកញ៉ា លី យ៉ុង ផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ១៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញជាប់នឹងសួនសត្វ Phnom Pen Safari ។

សួនទឹកអង្គរ – Angkor Water Park បានផ្លាសប្ដូរឈ្មោះមក សួនទឹក ហ្គាដេនស៊ីធី Garden City Water Park ដែលវិនិយោគដោយ ក្រុមហ៊ុន LYP Group មានទឹកប្រាក់វិនិយោគប្រមាណជាង៥៥លានដុល្លារអាមេរិក។

 

សួនទឹក Garden City Water Park សាងសង់ដោយwhite water group របស់ក្រុមហ៊ុនអង់គ្លេស មានឧបករណ៍កំសាន្តច្រើនជាងសួនទឹក Cartoon Newtwork របស់ថៃ ៥0% មានរលកសម្បនិមិត្តកម្ពស់៣.៥ ម៉ែត្រ និងទំហំ៦.៣ ហិចតា ហើយវានឹងក្លាយជាសួនទឹកធំលំដាប់ទី៣ប្រចាំតំបន់អាស៊ាន បន្ទាប់ពីសួនទឹកSunway lagoon ដែលមានទំហំ៣២ហិចតា របស់ម៉ាឡេស៊ី និង សួនទឹក Ramaynak ទំហំ១៨ហិចតារបស់ថៃទើបតែបើកថ្មីៗនេះ Garden City Water Park ដែលត្រៀមទម្លាក់តំណែងសួនទឹក Cartoon Network Pattaya របស់ថៃលើទំហំដី៥.៧ហិចតា ទៅលំដាប់ទី៤ផងដែរ។

លោកសេង ង៉ុក អគ្គនាយកក្រុមហ៊ុន LYP Group ធ្លាប់បានឱ្យដឹងថា ការអភិវឌ្ឍន៍ សួន Garden City Water Park នេះនឹងផ្តល់ឱ្យទីក្រុងភ្នំពេញនូវសួនទឹក និងកន្លែងកម្សាន្តដែលមានលក្ខណៈស្តង់ដារអន្តរជាតិ។ សួនទឹកកម្សាន្តនេះ គឺជាគម្រោងធំជាងគេទី១ក្នុងតំបន់អាស៊ី ពោលគឺដណ្តើមតំណែងធំជាងសួនទឹកកម្សាន្ត នៅប៉ាតាយ៉ា ប្រទេសថៃ ដែលមានឈ្មោះថា Cartoon Network Waterpark រហូតដល់ទៅ៥០ភាគរយឯណោះ។

លក្ខណៈពិសេសរបស់សួនទឹកកម្សាន្ត ដ៏ធំដំបូងគេបង្អស់នៅកម្ពុជានេះ មានកន្លែ​ងសំខាន់ៗដូចជា សមុទ្រសិប្បនិម្មិត ដែលទឹករលកកម្ពស់៣ម៉ែត្រកន្លះ ទឹកជ្រោះធ្លាក់ដ៏ស្រស់ស្អាត កន្លែងរំអិលទឹកខ្ពស់ ទឹករាំតាមចង្វាក់ភ្លេង កន្លែងក្មេងលេងជាច្រើន និងកន្លែងសំខាន់ៗផ្សេងទៀត។ សួនទឹកកម្សាន្ត Garden City Water Parkនេះ សាងសង់រំលេចទៅតាមបែបរចនាបថសម័យអង្គរដែលមានរូបអប្សរា ដំរី បាយ័ន អង្គរវត្ត លាយឡំទៅនឹងរចនាបថសម័យទំនើបមកពីអឺរ៉ុប និងអាមេរិក៕

ធនាគារពិភពលោកគាំទ្រគម្រោងរៀបចំបឹងទន្លេសាបជាតំបន់អេកូទេសចរណ៍

ដោយៈ រ៉ាណេត

ភ្នំពេញៈ ធនាគារពិភពលោកបានបង្ហាញ ពីគោលជំហរគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាលើការរៀបចំតំបន់ជួរភ្នំក្រវាញ និងបឹងទន្លេសាបឱ្យមានសក្តានុពល ផ្នែកអេកូទេ​ស​​ចរណ៍ សំដៅនាំចំណូល និងបង្កើតការងារដល់ប្រជាជនក្នុងសហគមន៍ ក្រៅពីមុខរបរចូលព្រៃកាប់ឈើ និងបរបាញ់សត្វ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សៅ សុភាព បានមានប្រសាសន៍ឱ្យដឹងថានៅដើមសប្ដាហ៍នេះថា រាជរដ្ឋាភិបាលបានឱ្យក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍រៀបចំយុទ្ធសាស្ត្រ ពង្រីកតំបន់អេកូទេសចរណ៍ទាំងនេះ ដោយអនុញ្ញាតឱ្យមានការចូលរួមពីវិស័យឯកជន ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិចូលទៅកម្សាន្តតំបន់នោះឱ្យបានច្រើន។

លោកបានបញ្ជាក់ថា “ក្រសួងបរិស្ថាន កំពុងបង្កើតលក្ខខណ្ឌឱ្យមានភាពកាន់តែប្រសើរ ដែលជំរុញដល់ការវិនិយោគផ្នែកទេសចរណ៍ធម្មជាតិ ឱ្យមានភាពទាក់ទាញ ដោយរៀបចំឱ្យមានការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាការតភ្ជាប់ផ្លូវ មជ្ឈមណ្ឌលភ្ញៀវទេសចរ និងសកម្មភាពពាក់ព័ន្ធនានាជាច្រើនទៀត”។ លោកបន្តថា “ពេលនេះរាជរដ្ឋាភិបាល បានបង្កើតគោលនយោបាយសម្រាប់អេកូទេសចរណ៍ ដោយអនុញ្ញាតឱ្យមានការចូលរួម ទាំងប្រតិបត្តិករអេកូទេសចរណ៍ខ្នាតធំ និងតូច និងការចូលរួមរបស់វិស័យឯកជនក្នុងសកម្មភាពអេកូទេសចរណ៍”។

តំបន់ជួរភ្នំក្រវាញ និងតំបន់បឹងទន្លេសាបគ្របដណ្តប់ លើផ្ទៃដីជាង៣,៨លានហិកតា ត្រូវបានធនាគារពិភពលោក ផ្តល់ការគាំទ្រផ្នែកថវិកា និងបច្ចេកទេស សម្រាប់គម្រោ​ង“និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” ក្នុងខេត្តគោលដៅមួយចំនួ​នមានដូចជា ខេត្តពោធិ៍សាត់ កោះកុង បាត់ដំបង កំពង់ស្ពឺ កំពង់ធំ សៀមរាប និងកំពង់ឆ្នាំង តាមរយៈជំរុញសកម្មភាពការពារព្រៃឈើ និងសត្វព្រៃក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃតាតៃ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ។

អ្នកជំនាញស្រាវជ្រាវរបស់ធនាគារពិភពលោក បានលើកឡើងថា ធនធានធម្មជាតិនៅតំបន់ជួរភ្នំក្រវាញ និងតំបន់បឹងទន្លេសាប ផ្តល់ទុនយ៉ាងសំខាន់សម្រាប់វិស័យអេកូទេសចរណ៍ ខណៈតាមការប៉ាន់ប្រមាណជាសកលបង្ហាញថា ភ្ញៀវផ្នែកអេកូទេសចរណ៍មានកំណើនប្រហែល២០ភាគរយប្រចាំឆ្នាំ៕

ថៅកែ7-Eleven ប្រកាសទិញអាជីវកម្មមួយរបស់ក្រុមហ៊ុនប្រេងឥន្ធនៈអាមេរិក ក្នុងតម្លៃ ២១ពាន់លានដុល្លារ

ដោយៈប៊ី

អន្តរជាតិៈ ម្ចាស់ក្រុមហ៊ុន 7-Eleven របស់ជប៉ុនបានប្រកាសទិញ ខ្សែសង្វាក់អាជីវកម្មស្ថានីយ៍ប្រេងឥន្ធនៈ Speedway ពីក្រុមហ៊ុនប្រេងម៉ារ៉ាតុង (Marathon Petroleum) (MPC) របស់អាមេរិកក្នុងតម្លៃ២១ពាន់លានដុល្លារ។

ក្រុមហ៊ុនទាំងពីរ បានប្រកាសកិច្ចព្រមព្រៀងសាច់ប្រាក់នេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យ។ វាជាការទិញដ៏ធំបំផុតមួយ នៅលើពិភពលោកមិនធ្លាប់មាន ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ១៩ កាលពីដើមឆ្នាំនេះ។ (ស្ថានីយ៍ប្រេងឥន្ធនៈ Speedway ភ្ជាប់ជាមួយអាជីវកម្មហាងទំនើប)

ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន Seven & i Holdings (SVNDF) ដែលជាម្ចាស់ហាង 7-Eleven និងហាងផ្សេងទៀតរួមទាំងផ្សារទំនើប Ito-Yokado និងហាង Sogo និង Seibu និយាយថា វាគឺជាការប្រកាសទិញធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន។

ក្រុមហ៊ុន Seven & i គឺជាប្រតិបត្តិករខ្សែសង្វាក់អាជីវកម្ម ហាងទំនើបដ៏ធំបំផុតនៅក្នុងប្រទេសជប៉ុន ដែលមានហាងចំនួន២១,០០០នៅទីនោះ។ ក្រុមហ៊ុនក៏មានហាងជិត ៩,៨០០កន្លែងនៅសហរដ្ឋអាមេរិក និងកាណាដាផងដែរ។ ក្រុមហ៊ុនបាននិងកំពុងពង្រីកខ្លួននៅក្រៅប្រទេស ខណៈទីផ្សារក្នុងប្រទេសរបស់ខ្លួនកាន់តែរីកដុះដាល។

តាមរយៈការទិញអាជីវកម្ម Speedway អ្នកលក់រាយជនជាតិជប៉ុននឹងយកហាងចំនួន៤០០០កន្លែង និងជំរុញប្រតិបត្តិការនៅអាមេរិកខាងជើង។

ជាមួយនឹងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន 7-Eleven នឹងមានវត្តមាននៅក្នុងតំបន់ចំនួន៤៧ ក្នុងចំណោមតំបន់ចំនួន៥០ ដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិក។

លោកJoe DePinto ប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុន 7-Eleven បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យយើងបន្តរីកចម្រើន និងធ្វើពិពិធកម្មវត្តមាន របស់យើងនៅសហរដ្ឋអាមេរិក ជាពិសេសនៅតំបន់កណ្តាលខាងលិច និងខាងកើត

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនចម្រាញ់ប្រេងម៉ារ៉ាតុងម៉ារ៉ាតធីធី បានប្រកាសពីចេតនាលក់ចេញអាជីវកម្ម Speedway របស់ខ្លួនពីខែតុលា។ ការសម្រេចចិត្តនោះបានកើតឡើង បន្ទាប់ពីវិនិយោគិន Elliott Management បានជំរុញឱ្យក្រុមហ៊ុនម៉ារ៉ាតុង ចែកចេញជាបីក្រុមហ៊ុនដើម្បី ដោះស្រាយភាពមិនប្រក្រតីរបស់ក្រុមហ៊ុន ។ ក្រុមហ៊ុន Elliott បានស្នើឱ្យមានកែប្រែអាជីវកម្ម Speedway ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងនោះ។

ហាងទំនើបភាគច្រើននៅសហរដ្ឋអាមេរិក មានទីតាំងនៅស្ថានីយ៍ប្រេងឥន្ធនៈ។ ប៉ុន្តែអ្នកវិភាគ បានអះអាងជាយូរយារមកហើយថា ក្រុមហ៊ុនSeven & i អាចទទួលបានអត្ថប្រយោជន៍ តាមរយៈការយកគំរូតាមបែបជប៉ុន នៃអគារផ្ទាល់ខ្លួននៅកណ្តាលទីក្រុង៕ CNN

តំបន់សេដ្ឋកិច្ចតម្លៃ៦៦លានដុល្លារនឹងបង្ហាញវត្តមាននៅលើផ្លូវជាតិ៤៤

ដោយៈ រ៉ាណេត

កំពង់ស្ពឺៈក្រុមហ៊ុនចិនដ៏ធំមួយបានបោះទុនប្រមាណ៦៦លានដុល្លារដើម្បីអភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែងស្ថិតនៅលើផ្ទៃដីជាង៦៧ហិកតាតាមបណ្ដោយផ្លូវជាតិ៤៤ខេត្តកំពង់ស្ពឺ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៤ខែសីហាឆ្នាំ២០២០នេះថាក្រុមហ៊ុនចិនដ៏ធំមានជំនាញផ្នែកអភិវឌ្ឍន៍និងវិនិយោគក្នុងឧស្សាហកម្មបានបោះទុនប្រមាណ៦៦លានដុល្លារសម្រាប់សាងសង់តំបន់សេដ្ឋកិច្ចពិសេសមួយកន្លែងស្ថិតលើផ្ទៃដីជាង៦៧ហិកតាស្ថិតនៅតាមបណ្ដោយផ្លូវជាតិ៤៤ក្នុងខេត្តកំពង់ស្ពឺ។

លោកបានបញ្ជាក់ថាគម្រោងនេះគឺការវិនិយោគដោយក្រុមហ៊ុនចិន បច្ចុប្បន្នកំពុងសាងសង់បណ្ដើរៗ ដោយសម្រេចបានប្រមាណ៤ ឬ៥អាគារហើយ។ ក្រោយបញ្ចប់ការសាងសង់ និងបើកដំណើរការតំបន់សេដ្ឋកិច្ចពិសេសមួយនេះ អាចមានរោងចក្រតូចធំប្រមាណ២០នៅក្នុងហ្នឹង។ លោកបន្តថា រោងចក្រទាំងអស់នេះ គឺផលិតដូចជាគ្រឿងបង្គុំអេឡិចត្រូនិច ដំឡើងរថយន្ត ធ្វើខ្សែភ្លើង និងធ្វើអាគុយជាដើម ដែលអាចជួយផ្តល់ឱកាសការងារដល់ប្រជាជនសរុបប្រមាណ១១០០០នាក់

បច្ចុប្បន្ននេះនៅក្នុងខេត្តកំពង់ស្ពឺមានរោងចក្រតូចធំបម្រើដល់វិស័យឧស្សាហកម្មសរុបចំនួន២៧១ទីតាំងជាមួយនឹងទុនវិនិយោគជាង២០០លានដុល្លារ។បន្ថែមពីនេះក៏មានក្រុមហ៊ុនមកពីហុងកុងកំពុងសិក្សាលម្អិតទៅលើគម្រោងបណ្តាក់ទុនវិនិយោគរាប់រយលានដុល្លារក្នុងការបង្កើតទីក្រុងរណបដ៏ធំមួយនៅក្នុងខេត្តមួយនេះផងដែរ។

លោក វ៉ី សំណាង បានមានប្រសាសន៍ទៀតថា រហូតមដល់ពេលនេះ គ្មានអ្នកវិនិយោគណាមួយចុះចាញ់ក្នុងការវិនិយោគ ឬបង្កើតរោងចក្រនៅក្នុងខេត្តកំពងស្ពឺនោះទេ ដោយសារគេជឿជាក់ លើការដឹនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន  និងថ្នាក់ដឹកនាំខេត្ត ដែលអាចរក្សាបាននូវសុខសន្តិភាព សុវត្ថិភាពជូនអ្នកវិនិយោគ ជាពិសេសគេជឿជាក់លើកម្ពុជាមានសន្តិភាព៕

ការអភិវឌ្ឍវិស័យសំណង់ធំៗនៅក្នុងខណ្ឌច្បារអំពៅបន្តរីកចម្រើនទោះបី ប្រឈមបញ្ហាលំហូរចរាចរណ៍

ដោយៈ រ៉ាណេត

ភ្នំពេញៈ កង្វះខាតនៃបណ្តាញហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវថ្នល់ និងស្ពាន បានក្លាយទៅជាឧបសគ្គចម្បង ក្នុងការអភិវឌ្ឍន៍វិស័យសំណង់ធំៗ នៅក្នុងខណ្ឌច្បារអំពៅ ដែលរដ្ឋបាលសាលារាជធានីភ្នំពេញ កំពុងស្វែងរកដំណោះស្រាយនៅពេលបច្ចុប្បន្ន។

អគ្គនាយកក្រុមហ៊ុនភ្នាក់អចលនទ្រព្យ EASY Property Investment  លោក ម៉ម សិរីបញ្ញា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះថា ខណ្ឌច្បារអំពៅមានលក្ខណៈពិសេសជាច្រើន ដែលជួយជម្រុញឱ្យមានសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បើប្រៀបធៀបទៅនឹងបណ្តាខណ្ឌមួយចំនួនទៀត ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញ។

លោកបានបន្តថា “នៅត្រឹមរយៈពេលខ្លីចុងក្រោយនេះ យើងឃើញមានគម្រោងជាច្រើនបានបង្ហាញវត្តមានជាចបន្តបន្ទាប់ ដែលក្នុងនោះមានគម្រោងខុនដូ គម្រោងអាគារមជ្ឈមណ្ឌលពាណិជ្ជកម្មបែបទំនើប ដែលបណ្តាក់ទុនវិនិយោគរាប់រយលានដុល្លារ គម្រោ​ងផ្សារទំនើប ជាពិសេសគម្រោងអភិវឌ្ឍន៍ ក្នុងវិស័យលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់”។

លោកបញ្ជាក់ថា “សម្រាប់តែតំបន់បឹងស្នោ គម្រោងអភិវឌ្ឍន៍អាគារខ្ពស់ៗមានមិនក្រោម១០គម្រោងនោះទេ ដែលមិនទាន់រាប់បញ្ចូលពីគម្រោងបង្កើតក្រុងថ្មី របស់ក្រុមហ៊ុនOCIC នៅឡើយនោះទេ។ គ្រប់គម្រោងទាំងអស់នេះហើយ ដែលជម្រុញឱ្យតម្លៃដីនៅក្នុងខណ្ឌច្បារអំពៅ មានការកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសតំបន់ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ រហូតនៅទីតាំងខ្លះត្រូវបានម្ចាស់ដី ដាក់លក់នៅលើទីផ្សារក្នុងតម្លៃចាប់ពី២០០០-២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែប្រភេទដីដែលមានតម្លៃថ្លៃនេះមានមិនច្រើននោះទេ ពោលគឺនៅមានវិសាលភាពដី ដែលមានតម្លៃក្រោម២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េច្រើនជាង។

លោកបន្តថា “ខ្ញុំគិតថាប្រសើនបើមានផ្លូវ និងស្ពានសម្រាប់ចរាចរណ៍បន្ថែមទៀត នោះល្បឿននៃភាពរីកចម្រើននឹងកើន”។

ពាក់ព័ន្ធទៅនឹងសន្ទុះនៃការអភិវឌ្ឍន៍ វិស័យសំណង់ នៅក្នុងខណ្ឌច្បារអំពៅ នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា “ភូមិសាស្ត្ររបស់ខណ្ឌច្បារអំពៅ មានភាពល្អប្រសើរជាងខណ្ឌមួយចំនួនទៀតដែលនៅជុំវិញក្រុង ដោយសារតែវាស្ថិតនៅជិតក្រុងជាងគេ។

លោកស្រីបានបញ្ជាក់ថា “វត្តមាននៃសំណង់អាគារ និងគម្រោងអភិវឌ្ឍន៍ក្នុងវិស័យសំណង់ដែលកំពុងមានពេលនេះ បានបង្ហាញពីសក្ដានុពលរួចទៅហើយ ប៉ុន្តែទាំងអស់នេះនៅមិនទាន់ដល់កម្រិតនៅឡើយនោះទេ ប៉ុន្តែអ្វីដែលជាឧបសគ្គក្នុងការអភិវឌ្ឍន៍នៅក្នុងខណ្ឌនេះ គឺហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវថ្នល់ ស្ពាន សម្រាប់ចរាចរណ៍”។

លោកស្រីបន្តថា “បច្ចុប្បន្ននេះយើងឃើញមានតែស្ពានចំនួន២ សម្រាប់តភ្ជាប់ខណ្ឌច្បារអំពៅ និងរាជធានីភ្នំពេញ ហើយស្ពានមួយខ្សែទៀតតភ្ជាប់ជាមួយក្រុងតាខ្មៅ”។ លោកស្រីបន្តថា “ប្រសិនបើមានហេដ្ឋារចនាសម្ព័ន្ធច្រើនជាងនេះ ឬមានស្ពានថ្មី ដូចជាស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍របស់ក្រុងនរាហ៍ របស់ក្រុមហ៊ុន OCIC ខ្ញុំជឿថា ល្បឿននៃការអភិវឌ្ឍន៍នឹងលឿនជាងពេលនេះ ជាពិសេសវត្តមាននៃគម្រោងអគារធំៗ និងខ្ពស់ៗដែលបម្រើដល់វិស័យពាណិជ្ជកម្មនឹងកើតមានច្រើនជាក់ជាមិនខាន”៕

រដ្ឋបាលខេត្តកោះកុងបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការទិញ-លក់ដីធ្លីនៅ ក្នុងស្រុកចំនួន៤

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋបាលខេត្តកោះកុង បានបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការទិញ-លក់ដីធ្លីដោយខុសច្បាប់នៅតាមភូមិ ឃុំមួយចំនួន និងស្រុកចំនួន ៤ រួមមានស្រុកបទុមសារគរ ស្រុកកោះកុង ស្រុកគិរីសាគារ ស្រុកថ្មបាំង និងនៅតាមបណ្តាតំបន់មួយចំនួនទៀតនៃមូលដ្ឋានខេត្តកោះកុង។

យោងតាមសេចក្តីជូនសំណឹងរបស់រដ្ឋបាលខេត្តកោះកុង ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ថ្មីៗនេះនៅតាមបណ្តាភូមិ ឃុំមួយចំនួន ជាពិសេសស្រុកបូទុមមសាគរ ស្រុក កោះកុង ស្រុកគិរីសាគរ ស្រុកថ្មបាំង និងនៅតាម តំបន់មួយចំនួនទៀត មានការទិញ-លក់ដីស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ តំន់សហគមន៍ តំបន់ដីសម្បទានសេដ្ឋកិច្ច ដីវិនិយោគ ដីឯកជន ដីសម្បទានសង្គមកិច្ច និងដីក្នុងគម្របព្រៃឈើយ៉ាងណាធិប្បតេយ្យ។

រដ្ឋបាលខេត្តបញ្ជាក់ថា ការទិញ-លក់ដីធ្លី ដោយមិនមានការចូលរួមចុះពិនិត្យ និងវាស់វែងត្រឹមត្រូវរបស់មន្ត្រីពាក់ព័ន្ធ និងមន្ត្រីភូមិបាលនៃរដ្ឋបាលស្រុក ដោយគ្រាន់តែផ្តិតមេដៃរវាងអ្នកលក់ និងអ្នកទិញ យ៉ាងនេះ គឺជាទង្វើខុសច្បាប់។

រដ្ឋបាលខេត្តកោះកុង រដ្ឋបាលក្រុងស្រុក និងរដ្ឋបាលឃុំ សង្កាត់នឹងចាត់ទុកជាមោឃៈ និងបដិសេធចោលនូវរាល់ការទិញ-លក់ដីធ្លីទាំងអស់ ដែលពុំមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់ និងត្រូវប្រឈមការផ្តន្ទាទោសទៅតុលាការតាមផ្លូវច្បាប់។

រដ្ឋបាលខេត្តកោះកុងបញ្ជាក់ថា ដើម្បីជៀសវាងនូវទង្វើខុសច្បាប់ និងការខាតបង់ប្រយោជន៍ពីការលក់-ទិញដីធ្លីនេះ សូមសាធារណជន និងប្រជាពលរដ្ឋទាំង ត្រូវបញ្ឈប់ជាបន្ទាន់នូវការលក់-ទិញដីធ្លីដែលមិនស្របតាមផ្លូវច្បាប់បែបនេះ៕

កម្ពុជានាំចេញកសម្រេចបានទំហំទឹកប្រាក់ជាង២៤១លានដុល្លារក្នុងឆមាសទី១ឆ្នាំនេះ

ដោយៈប៊ី

ភ្នំពេញៈ ជាមួយលទ្ឋផលគាប់ប្រសើរ ប្រទេសកម្ពុជាបាននាំចេញកង់ជាង១,១លានគ្រឿង មានទំហំទឹកប្រាក់សរុប២៤១,៧លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២០។ នេះបើយោងតាមយោងតាមទិន្ន​ន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកាលពីពេលថ្មីៗនេះ។

ការនាំចេញកង់សរុបនៅឆ្នាំនេះ អាចកើនលើស៤១២,៥លានដុល្លារ ដែលបាននាំចេញក្នុងឆ្នាំ២០១៩។ នៅឆ្នាំ ២០១៨ ការនាំចេញកង់មានចំនួនសរុប៣៣១ លានដុល្លារ។ ជាងពាក់កណ្តាលនៃកង់ចំនួន១,១លានគ្រឿង ក្នុងឆមាសទី១នៃឆ្នាំ២០២០ ត្រូវបាននាំចេញទៅអឺរ៉ុប។ ទិសដៅផ្សេងទៀតសម្រាប់នាំចេញកង់ រួមមាន សហរដ្ឋអាមេរិក អង់គ្លេស និងជប៉ុន។

ទិន្នន័យគយបានបង្ហាញថា ប្រទេសកម្ពុជាបាននាំចូលកង់ចំនួន ១៩២.៣៩៧ គ្រឿ​ងដែលសរុបជាទឹកប្រាក់ចំនួន៤,៣៤ លានដុល្លារក្នុងរយៈពេលដូចគ្នា។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញផងដែរថា ក្នុងឆមាសទី១ ឆ្នាំ២០២០ ការនាំចេញផលិតទូទៅសរុបរបស់កម្ពុជា សម្រេចបានទំហំទឹកប្រាក់ជាង៧,០១ពាន់លានដុល្លារ កើនឡើងជិត៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញកង់បានកើនឡើង១៨ភាគរយ៕

រដ្ឋាភិបាលសម្រេចផ្អាកការចុះបញ្ជីដីរដ្ឋ និងឯកជនបណ្តោះអាសន្ននៅក្នុងខេត្តមណ្ឌលគិរី

ដោយ ៖ វុត្ថា

មណ្ឌលគិរី ៖ រដ្ឋាភិបាលបានសម្រេចផ្អាកសកម្មភាពអនុវត្តជាបណ្តោះអាសន្នរបស់ក្រុមការងារចុះបញ្ជីដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ដោះស្រាយវិវាទដីធ្លី និងកសាងផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី។

 

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តមណ្ឌលគិរីចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថា មូលហេតុដែលសម្រេចផ្អាកបណ្តោះអាសន្ននូវសកម្មភាពចុះបញ្ជីដីរដ្ឋ និងឯកជនរបស់ក្រុមការងារអន្តរក្រសួងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមញ្ញ និងនេសាទ និងក្រសួងបរិស្ថាននេះ ដោយសារមានភ្លៀងធ្លាក់ច្រើន។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា “ក្រុមការងារអន្តរក្រសួង បានសម្រេចផ្អាកសកម្មភាពអនុវត្តការងារមួយរយៈសិន ដោយសារមូលហេតុអាកាសធាតុ មានភ្លៀងធ្លាក់កើនឡើងជាបន្តបន្ទាប់ដែលនឹងអាចប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ធ្វើឱ្យក្រុមការងារមានការពិបាកក្នុងការអនុវត្តការងារ។ រដ្ឋបានខេត្តនឹងជូនដំណឹងអំពីកាលបរិច្ឆេទចាប់ផ្តើអនុវត្តការបន្តនៅពេលក្រោយ”។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តបើកកិច្ចប្រជុំផ្សព្វផ្សាយ និងអនុវត្តផែនការចុះបញ្ជីដី ការដោះស្រាយវិវាទដីធ្លី និងគាំទ្រការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី។
តាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថានៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ

 

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារអន្តរក្រសួងដែលពាក់ព័ន្ធរួមមានក្រុមការងារវាស់វែងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អនុវត្តផែនការចុះបញ្ជីដី ការដោះស្រាយវិវាទដីធ្លី និងគាំទ្រការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី ដោយប្រើប្រាស់ឧបករណ៍ T 300 Plus GNSS ក្នុងការវាស់វែងតាមរយៈការចាប់យកទិន្នន័យពីផ្កាយរណប។

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីដើមខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យក្រសួងក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី ឱ្យកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ។

សម្តេចតេជោបញ្ជាក់ថា ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធ និងអាជ្ញាធរត្រូវធ្វើឱ្យបានហ្មត់ចត់ត្រឹមត្រូវ ហាមដាច់ខាតឆ្លៀតកេងចំណេញយកចំណែកខ្លួនពីការបែងចែកដីជូនពលរដ្ឋ គឺនឹងត្រូវទទួលទោសជាកំហិត។ ក្រៅពីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋទៅតាមទំហំរស់នៅជាក់ស្តែង គឺរដ្ឋនឹងបន្ថែមជូនផ្ទៃដី១០ភាគរយ ជាប្រយោជន៍រួមសម្រាប់សហគមន៍ប្រើប្រាស់ជាព្រៃរកអុស និងជាជម្រកសត្វគោក្របីស៊ីស្មៅជាដើម។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ក្រុមហ៊ុនNagaCorp នៅតែប្តេជ្ញាវិនិយោគប្រាក់ ៣.៥ពាន់លានដុល្លារ សាងសង់អគារខ្ពស់ជាងគេនៅកម្ពុជា

ដោយ៖ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុន NagaCorp នៅតែប្តេជ្ញាចិត្តវិនិយោគប្រាក់ ៣.៥ ពាន់លានដុល្លារ ដើម្បីសាងសង់អគារខ្ពស់ជាងគេនៅកម្ពុជា បើទោះបីជាមានវិបត្តិជំងឺ COVID-19 ក៏ដោយ។

ក្រុមហ៊ុន NagaCorp ប្រកាសថា ខ្លួនកំពុងដំណើរសកម្មក្នុងត្រៀមសាងសង់គម្រោងទី៣ ដើម្បីឈានទៅរកលំដាប់កំពូលនៃកន្លែងកម្សាន្តចម្រុះក្នុងពិភពលោក។ ទោះបីជាមានការបិទកាស៊ីណូណាហ្គាវើល ដោយសារវិបត្តិកូវីដ១៩ ពីថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី ៧ ខែកក្កដា មន្ត្រីរបស់ក្រុមហ៊ុននៅតែមានការប្ញេជ្ញាវិនិយោគប្រាក់ ៣.៥ ពាន់លានដុល្លារ ក្នុងការពង្រីកគម្រោងខ្លួននៅទីក្រុងភ្នំពេញ។

នាយកប្រតិបត្តិក្រុមហ៊ុន NagaCorp ដែលស្នើសុំសុំមិនបញ្ចេញឈ្មោះ បាននិយាយថា មានផ្លាស់ប្តូរមួយចំនួន តែផែនការសាងសង់កំពុងវិវត្តទៅមុខ។ ស្ថាបត្យករដ៏ល្បីឈ្មោះ Steelman Partners អ្នកជំនាញអគារខ្ពស់ Skidmore ក្រុមហ៊ុន Owings & Merrill ស្ថាបត្យករក្នុងស្រុក និងក្រុមហ៊ុន Naga កំពុងធ្វើការរួមគ្នាដើម្បីបញ្ចប់ការរចនាប្លង់។

ខណៈគម្រោង Naga3 នឹងបញ្ចប់នៅឆ្នាំ ២០២៥ គម្រោងនេះនឹងពង្រីកចូលទៅបរិវេញអគារណាហ្គាវើ ដែលមានបន្ទាប់ ៥០០០ តុល្បែង ១៣០០ និងម៉ាស៊ីនហ្គេមអេឡិចត្រូនិច ៤៥០០ ។

រដ្ឋាភិបាលកម្ពុជាបាននិងកំពុងតែផ្តល់រង្វាន់ដល់ការវិនិយោគនេះ ដោយបន្តរយៈពេល ១០ ឆ្នាំទៀតនូវសិទ្ធិផ្តាច់មុខរបស់ណាហ្គាខបនៅភ្នំពេញដល់ឆ្នាំ ២០៤៥ ។ អាជ្ញាប័ណ្ណលេងល្បែងរបស់ខ្លួនដំណើរការដល់ឆ្នាំ ២០៦៥៕ asgam

រដ្ឋាភិបាលចាប់ផ្តើមបើកកញ្ចប់ថវិកាជំនួយវិស័យ SMEs លើកទី២

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្នុងគោលបំណងលើកស្ទួយ និងពង្រឹងគ្រប់ប្រភេទអាជីវកម្មដែលស្ថិតនៅក្នុងវិស័យ SMEs នៅកម្ពុជាក្នុងអំឡុងពេលកំពុងជួបវិបត្តិជាសាកល រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាប់ដំណើរការនូវកម្មវិធី “កញ្ចប់ជំនួយសហគ្រិនខ្មែរ” ដែលផ្តល់ឱកាសដល់បណ្តាម្ចាស់អាជីវកម្ម និងសហគ្រិននានាអាចទទួលបានឥណទាន។

ដោយសម្លឹងឃើញពីផលលំបាក ដែលសហគ្រិននៅកម្ពុជា កំពុងជួបប្រទះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវគោលនយោបាយ ដែលមានវិធានការណ៍សំខាន់ៗដូចជា ការផ្ដល់ហិរញ្ញប្បទាន សម្រាប់អាជីវកម្ម និងយន្ដការណ៍ពិសេសៗជាច្រើន ដែលក្នុងនោះ ក៏មានកម្មវិធី “កញ្ចប់ជំនួយសហគ្រិនខ្មែរ(Khmer Enterprise Assistance Package) ” រៀបចំដោយសហគ្រិនខ្មែរ (Khmer Enterprise) ដែលជាស្ថាប័នក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កញ្ចប់ជំនួយសហគ្រិនខ្មែរ ជាកម្មវិធីយុទ្ធសាស្រ្ដដ៏មុតស្រួចមួយ ដែលអាចបន្ធូរបន្ថយបញ្ហាមួយ ចំនួនដែលសហគ្រិនកំពុងប្រឈម ហើយកម្មវិធីនេះត្រូវបានប្រព្រឹត្ត ទៅដោយជោគជ័យមួយលើករួច មកហើយ។

នាយកប្រតិបត្តិសហគ្រិនខ្មែរ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានមានប្រសាសន៍ឱ្យដឹងថា នៅក្នុងកញ្ចប់ជំនួយសហគ្រិនខ្មែរនេះត្រូវបានចែកចេញជា ៤ ដំណាក់កាល ដោយដំណាក់កាលទី១ សហគ្រិនខ្មែរ បើកទទួលពាក្យតាមអ៊ិនធើណែត ដោយមានការផ្សព្វផ្សាយតាមរយៈប្រព័ន្ធបណ្ដាញសង្គមរបស់ សហគ្រិនខ្មែរ ស្ថាប័នដៃគូ និងស្ថាប័នសារព័ត៌មាន។ ដំណាក់កាលទី ២ សហគ្រិនខ្មែរ ធ្វើការដាក់ពិន្ទុទៅលើពាក្យស្នើសុំទាំងអស់ និងសម្រឹតសម្រាំងយកតែធុរកិច្ចបង្កើតថ្មី និងសហគ្រាស ធុនតូច និងមធ្យមដែលមានសក្ដានុពល។ ដំណាក់កាលទី ៣ សហគ្រិនខ្មែរអញ្ជើញសហគ្រិន ដែលមានសក្ដានុពលទាំងអស់នោះ មកធ្វើបទបង្ហាញអំពីគំនិត និងអាជីវកម្មនៅចំពោះមុខគណៈកម្មការ ដែលជាអ្នកជំនាញក្នុងវិស័យឯកជន និងវិនិយោគ និងធ្វើការ វាយតម្លៃពីគម្រោង អាជីវកម្ម។ នៅដំណាក់កាលទី ៤ សហគ្រិនខ្មែរ ធ្វើការប្រកាសពី បេក្ខភាពធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមដែលទទូលបានកញ្ចប់ជំនួយសហគ្រិនខ្មែរ ដើម្បីចូលរួមអបអរសាទរក៏ដូចជាជួយផ្សព្វផ្សាយ ពីសហគ្រាស សេវាកម្ម និងផលិតផល របស់ពួកគាត់ផងដែរ។

លោកបានបញ្ជាក់ថា “ឆ្លងកាត់លើកទី១ យើងសង្កេតឃើញថាធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ពិតជាមានសមត្ថភាព ភាពច្នៃប្រឌិត និងចំណុចល្អខុសៗគ្នា ដែលគំនិត និងអាជីវកម្មរបស់ពួកគាត់សុទ្ធ តែមានសក្ដានុពល និងគួរតែទទួលបានការយកចិត្តទុកដាក់ ដូចជាការ ផ្ដល់ជាជំនួយផ្នែកហិរញ្ញវត្ថុ ការវិនិយោគ និងការគាំទ្រនានា។ ដូចនេះ សហគ្រិនខ្មែរ សូមប្រកាសអោយ ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមផ្សេងៗទៀតដែលមានបំណងចង់ចូលរួម ហើយគិតថាខ្លួនមាន សក្ដានុពលអាចទទួលបានជំនួយពីសហគ្រិនខ្មែរ មកចូលរួមដាក់ពាក្យអោយបានច្រើនក្នុងជុំទី២នេះ ដើម្បីជំរុញកម្មវិធីអោយកាន់តែមានការ ប្រកួតប្រជែង”។

កាលពីវគ្គទី១កន្លងទៅនេះ សហគ្រិនខ្មែរបានទទួលពាក្យសរុប ចំនួន ១២៨ ពីសហគ្រាស ធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មីដែលមកពី១៤ រាជធានីខេត្ត មានដូចជា ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ ខេត្តកណ្ដាល ខេត្តកំពត ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តប៉ៃលិន ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ៕