ផ្សារទំនើប AEON នឹងវិនិយោគទឹកប្រាក់ ១៨០លានដុល្លារនៅមីយ៉ាន់ម៉ា បន្ទាប់ពីជោគជ័យនៅកម្ពុជា

ដោយ ៖ ប៊ី
ភ្នំពេញ ៖ ក្រុមហ៊ុន AEON បានឱ្យដឹងកាលពីថ្ងៃអង្គារកន្លងមកនេះថា ខ្លួននឹងសាងសង់កន្លែងពាណិជ្ជកម្មដ៏ធំមួយនៅក្នុងទីក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងធំបំផុតនៅប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងការបោះទុនវិនិយោគចំនួន ១៨០ លានដុល្លារ បន្ទាប់ទទួលបានជោគជ័យខ្លាំងនៅកម្ពុជា។

គម្រោងសាងសង់ផ្សារទំនើប Aeon Mall ដែលទើបតែមានលើកដំបូងនៅក្នុងប្រទេសមីម៉ាន់ម៉ាមួយនេះ ស្ថិតនៅលើផ្ទៃដីទំហំ ៧២ ០០០ ម៉ែត្រការ៉េ គ្រោងចាប់ផ្តើមបើកការដ្ឋាននៅឆមាសទីមួយនៃឆ្នាំ២០២១ ហើយនឹងបើកដំណើរនៅឆ្នាំ២០២៣ ។

ការវិនិយោគខាងលើនេះត្រូវបានអនុម័តដោយរដ្ឋាភិបាលមីយ៉ាន់ម៉ាកាលពីចុងខែកក្កដាកន្លងទៅនេះ ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន AEON ៧០ភាគរយ និងក្រុមហ៊ុន Shwe Taung Group ចំនួន៣០ភាគរយ ដែលជាក្រុមហ៊ុនក្នុងស្រុក។

ផ្សារទំនើប AEON បានក្លាយជាក្រុមហ៊ុនអន្តរជាតិនាំមុខអ្នកលក់រាយធំៗ ផ្សេងទៀតនៅជុំវិញពិភពលោក ជាពិសេសក្នុងការវិនិយោគនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបាននិយាយថា ដោយទទួលបានការលើកទឹកចិត្តពីប្រតិបត្តិករដ៏ខ្លាំងនៃសាខារបស់ខ្លួន ផ្សារទំនើប AEONនឹងចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ាដើម្បីដណ្តើមយកទីផ្សារដ៏លេចធ្លោមួយដោយគ្មានគូប្រជែង ។

ដោយឡែក ក្រុមហ៊ុនអចលនទ្រព្យ Shwe Taung ក៏បានចេញសេចក្តីថ្លែងការណ៍របស់នាយកប្រតិបត្តិរបស់ខ្លួនគឺលោក Sandar Htun កាលពីថ្ងៃអង្គារ ដោយបញ្ជាក់ថា “យើងមានក្តីរំភើបណាស់ ដែលបានចូលរួមក្នុងការបណ្តាក់ទុនរួមគ្នារួមគ្នាជាមួយផ្សារទំនើប AEON ដើម្បីនាំមកនូវគំនិតលក់រាយ និងរបៀបរស់នៅបែបថ្មី ប្រកបដោយភាពច្នៃប្រឌិតជាងមុនដល់ប្រទេសមីយ៉ាន់ម៉ា”៕

កម្ពុជាកំពុងសិក្សាពីលទ្ធភាពចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌា

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មបានបង្ហាញពីគោលជំហរបស់ខ្លួន និងគម្រោងបង្កើនលទ្ធិភាពនៃការធ្វើពាណិជ្ជកម្ម ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា-ឥណ្ឌា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមគ្នា។

នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងពិព័រណ៍ពាណិជ្ជកម្ម ឥណ្ឌូ-អាស៊ាន -អូសិនីក លើកទី១ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានលើកឡើងពីគោលបំណងសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន៥ចំណុច ដែលក្នុងនោះក៏មានការបង្ហាញពីគម្រោងនៃកិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសឥណ្ឌាផងដែរ ។

វឌ្ឍនភាពនៃការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ មានការកើនឡើងជាលំដាប់គួឱ្យកត់សម្គាល់ ដោយទំហំពាណិជ្ជកម្មទ្វេភាគីនៅក្នុងឆ្នាំ២០១៨ មានចំនួន ១២៨លានដុល្លាអាមេរិក ហើយនៅក្នុងឆ្នាំ២០១៩ បានកើនដល់ ២៧១លានដុល្លាអាមេរិក ។

នៅក្នុងកិច្ចប្រជុំខាងលើនេះ លោក ស៊ាង ថៃ ក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិយ៉ាងជិតស្និតរវាងប្រទេសក្នុងតំបន់ ជាពិសេសប្រទេសឥណ្ឌា ដែលជាប្រទេសសមាជិកអាស៊ាន និងប្រទេសនៅតំបន់មហាសមុទ្រ ក្នុងការធ្វើសេរីភាវូបណីយកម្មសេដ្ឋកិច្ច ការលុបបំបាត់វិធានការនិងរបាំងមិនមែនពន្ធគយ ការមិនគាំទ្រប្រព័ន្ធគាំពារនិយមនិងជំនួសមកវិញនូវការគាំទ្រយ៉ាងពេញទំហឹងនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយមជាពិសេសការគាំទ្រវត្តមាននិងតួនាទីរបស់អង្គការពាណិជ្ជកម្មពិភពលោក ជំរុញឲ្យមានវេទិកាធុរកិច្ចជននឹងធុរកិច្ចជន និងជំរុញការចូលរួមពីសំណាក់សហគ្រាសធុនតូចនិងមធ្យម (SMEs)។

កម្ពុជាមានផែនការយុទ្ធសាស្រ្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការសំដៅធ្វើសមាហរណកម្ម និងការធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចតំបន់ ដែលនឹងជួយជំរុញការធ្វើពាណិជ្ជកម្ម វិនិយោគ និងឱកាសការងារ។ ផែនការទាំងនោះរួមមាន ការចរចាកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីទ្វេភាគីជាមួយដៃគូពាណិជ្ជកម្មសក្តានុពល បន្តការចរចាឲ្យប្រសើរឡើងបន្ថែមទៀតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ដែលមានស្រាប់ក្រោមក្របខណ្ឌ អង្គការពាណិជ្ជកម្មពិភពលោក អាស៊ាននិងដៃគូអាស៊ាន និងរៀបចំវេទិកាធុរកិច្ចនិងពិពរណ័ពាណិជ្ជកម្ម ។ល។

បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើកំណែទម្រង់ស៊ីជម្រៅសំដៅបង្កើតបរិយាកាសល្អប្រសើរក្នុងការធ្វើអាជីវកម្ម និងវិនិយោគ កាត់បន្ថយការចំណាយក្នុងការធ្វើអាជីវកម្ម សម្រួលពាណិជ្ជកម្ម បង្កើនលទ្ធភាពប្រកួតប្រជែងក្នុងឆាកអន្តរជាតិ និងដើម្បីចូលរួមក្នុងខ្សែច្រវាក់ផលិតកម្មសកល៕

ខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍ជាច្រើននៅក្នុងថ្ងៃឈប់សំរាកនាពេលខាងមុខនេះ ដើម្បីបង្កើនភ្ញៀវទេសចរឡើងវិញ

ដោយវុត្ថា

សៀមរាប៖ ខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍កម្មវិធីកំសាន្តតាមបែបប្រពៃណី សាសនា ពិព័រណ៍ ជិះកង់ និងកម្មវិធីផ្សេងៗជាច្រើនទៀតនៅថ្ងៃឈប់សំរាកនៅថ្ងៃខាងមុនេះ ដោយអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីបង្កើនភ្ញៀវទេសចរឡើងវិញ។

រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បាននឹងកំពុងត្រៀមរៀបចំទទួលភ្ញៀវទេសចរ ក្នុងឱកាសឈប់សម្រាកសងថ្ងៃឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិ ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០។

កម្មវិធីកំសាន្តដែលបានគ្រោងរៀបចំរួមមាន៖ ១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ ២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២ ៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប ៤.ផ្សារទឹក ៥.ផាប់ស្ទ្រីត ៦.កម្មវិធីជិះកង់ ៧.កម្មវិធីកីឡាវាយកូនហ្គោល ៨.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន និង ៩.ផ្ទាំងទស្សនីយភាពសិល្បៈ។

ស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ ខេត្តបានគិតគូរ និងទទូចដល់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរណ៍ ចូលរួមអនុវត្តវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖ ១.កុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា
២.កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) ៣.កុំភ្លេចរក្សាគម្លាតសុវត្ថិភាព។

លោក ទៀ សីហា អភិបាលខេត្តសៀមរាបកាលពីកន្លងមកនេះ ឱ្យដឹងថា គម្រោងរៀបចំព្រឹត្តិការណ៍កំសាន្ត ក្នុងថ្ងៃសងឈប់សំរាក គឺដើម្បីធ្វើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍សុវត្ថិភាព និងជាឱកាស បង្ហើបឲ្យមានការវិនិយោគរួមគ្នារវាងវិស័យសុខាភិបាលនិងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩។

លោកបន្តថា រយៈពេលជាងកន្លះឆ្នាំកន្លងមកនេះដែលស្ថិតនៅក្នុងវិបត្តិកូវីដ១៩ ខេត្តសៀមរាបបានប្រើប្រាស់អំឡុងពេលនោ ជាឱកាសនៃរៀបចំត្រៀម លក្ខណសម្បត្តិ ធ្វើឲ្យវិស័យទេសចរណ៍រស់ឡើងវិញ និងប្រសើរជាងមុន ក្រោយពេលដែលវិបត្តិកូវីដ១៩ ស្ងប់ស្ងាត់ទៅវិញ។

លោកបន្ថែមថា មកដល់ពេលនេះ វាគឺជាកាលៈទេសៈដែលត្រូវបានគិតគូរ អំពីការបង្ហើបឲ្យមានដង្ហើមសេដ្ឋកិច្ចជាបណ្តើរៗឡើងវិញ តាមរយៈនៃវិស័យទេសចរណ៍ តែវាមិនត្រូវបានឃ្លាតឆ្ងាយអំពីការពង្រឹងវិធានការប្រឆាំងកូវីដ១៩ ដើម្បីសុខភាពប្រជាជន និងដើម្បីសុវត្ថិភាពសហគមន៍នោះឡើយ។

លោកបន្ថែមថា ព្រឹត្តិការណ៍កំសាន្ត ក្នុងថ្ងៃឈប់សម្រាកខាងមុខនេះ វាស្មើនឹងការផលិតស្បតផ្សព្វផ្សាយមួយ ជាមួយនឹងការអះអាងថា សៀមរាប-អង្គរ គឺជាគោលដៅទេសចរណ៍សុវត្ថិភាពរបស់កម្ពុជា ហើយក៏ជាការអំពាវនាវជម្រុញឲ្យមានដំណើរការចរន្តទេសចរណ៍ក្នុងស្រុកផងដែរ និងជាឱកាស បង្ហើបឲ្យមានការវិនិយោគរួមគ្នា រវាងវិស័យសុខាភិបាលនិងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ ។

លោករំពឺងថា ក្នុងព្រឹត្តិការណ៍ថ្ងៃឈប់សម្រាកនេះ នឹងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប នឹងទទួលបានចំណូលមួយផ្នែក ក្រៅពីអាជីពប្រចាំថ្ងៃ និង ធ្វើឲ្យជីវភាពបងប្អូនបានធូរស្រាល ក្នុងពេលដែលនៅលើពិភពលោកកំពុងជួបវិបត្តិជម្ងឺកូវិដ១៩នេះ ៕

រដ្ឋាភិបាលកែសម្រួលវិធានការសុខាភិបាល ចំពោះមន្ត្រីទូត និងអង្គការអន្តរជាតិ ដែលចូលកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រាជរដ្ឋាភិបាល កម្ពុជា បានសម្រេច ធ្វើសេចក្ដីកែសម្រួលទៅលើវិធានការសុខាភិបាលចំពោះមន្ត្រីការទូត និងអង្គការអន្តរជាតិកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B ដែលចូលមកកាន់កម្ពុជា។

គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូរីដ១៩ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន សម្រេចការកែសម្រួលវិធានការសុខាភិបាល សម្រាប់អនុវត្តចំពោះមន្ត្រីការទូត និង អង្គការអន្តរជាតិដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B ដែលចូលមកប្រទេសកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី៥ ខែសីហាឆ្នាំ២០២០នេះ បានបញ្ជាក់ ពីការកែសម្រួលវិធានការសុខាភិបាលមួយចំនួន ដោយមានយល់ព្រមពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្រាប់អនុវត្តចំពោះមន្ត្រីការទូត និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការប្រភេទ B ចង់ចូលមកកម្ពុជា ត្រូវអនុវត្តតាមគោលការណ៍ខាងក្រោម៖

១៖ មន្ត្រីការទូត និងអង្គការអន្តរជាតិ តម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយប្រទេសសាមីបញ្ជាក់ ថាគ្មានជំងឺកូវីដ-១៩ ក្នុងរយៈពេល ៧២ម៉ោង មុនពេលចេញដំណើរ។

២៖ តម្រូវឱ្យមន្ត្រីការទូត និងអង្គការអន្តរជាតិ ដែលទទួលបានទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B ត្រូវធ្វើតេស្តទាំងអស់ ពេលមកដល់កម្ពុជា ហើយសំណាកត្រូវយកនៅទីតាំងពិសេស ក្នុងស្ថានីយមកដល់របស់អ្នកដំណើរតែម្ដង។

៣៖ ត្រូវរង់ចាំលទ្ធផលតេស្តរយៈពេលយ៉ាងតិច២៤ម៉ោង នៅទីតាំងសណ្ឋាគារ ឬកន្លែងស្នាក់នៅណាមួយ ដោយគោរពតាមគោលការណ៍ប្រតិបត្តិស្ដង់ដារ (SOPs) ដែលបានឯកភាពដោយគណៈកម្មការអន្តរក្រសួង និងការធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅទីតាំងទាំងនោះបើមាន តម្រូវការចាំបាច់នៃវិធានការសុខាភិបាលសាធារណៈ។

៤៖ សំណាកដែលបានធ្វើពេលមកដល់ នឹងត្រូវបញ្ជូនទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងការធ្វើតេស្តលើកទី២ នៅថ្ងៃទី១៣ ក៏ត្រូវធ្វើនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាមការកំណត់របស់ក្រសួងសុខាភិបាល។

៥៖ ក្នុងករណីមានការរកឃើញវីរុសកូវីដ-១៩ វិជ្ជមាន បញ្ជាក់ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អ្នកជំងឺត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ឬមន្ទីរពេទ្យណាផ្សេង ដែលស្ថានទូតសំណូមពរ ហើយដែលក្រសួងសុខាភិបាលឯកភាពដើម្បីធ្វើការព្យាបាល។ ការសម្រាកព្យាបាល នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ឬមន្ទីរពេទ្យណាផ្សេង រាល់ការចំណាយ និង តម្លៃសេវាព្យាបាលជាបន្ទុករបស់មន្ត្រីទូត ឬស្ថានទូត និងអង្គការអន្តរជាតិផ្ទាល់។

៦៖ ស្ថានបេសកកម្មបរទេសទាំងអស់ នឹងតម្រូវឱ្យចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងគោលការណ៍ប្រតិបត្តិស្ដង់ដារ (SOPs) ដើម្បីបង្ការ ការចម្លងជំងឺកូវីដ-១៩ នៅកម្ពុជា។

ដោយឈរលើគោលការណ៍មនុស្សធម៌ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អ ជាមួយបណ្ដាប្រទេសជាមិត្ត និងផ្អែកលើកត្តាសត្យានុម័ត ដែលចំនួនអ្នកកាន់ទិដ្ឋាការការទូតប្រភេទ A និង ទិដ្ឋាការផ្លូវការប្រភេទ B ពុំមានចំនួនច្រើនលើសលប់នោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងការបង់ថ្លៃ ធ្វើតេស្តរកវីរុសកូដ-១៩ លើកទី១ និងលើកទី២៕

ការ​ឈូសឆាយ​ភ្នំ និង​តំបន់​ខ្ទង់​រាប​នៃ​គម្រោងសាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ សម្រេចបាន ៧០ភាគរយ

ដោយ ៖ រ៉ា​ណេ​ត

ព្រះសីហនុ ៖ ការដ្ឋាន​ផ្លូវ​វ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ រហូតមកដល់​ពេលនេះ​ជា​លទ្ធផល​នៃ​ការសាងសង់​ដែល​ទទួល​សិទ្ធិ​ដោយ​ក្រុមហ៊ុន China Road  កំពុង​តែមាន​ភាព​មមា​ញឹក​នៅក្នុង​ការស្ថាបនា ដោយ​ទទួលបាន​លទ្ធផល​ប្រមាណ ៧០ភាគរយ​ហើយ លើ​កិច្ចការ​ឈួ​ស​ឆាយ​ព្រៃភ្នំ​ឱ្យចេញ​ជា​រូបរាង​តួ​ផ្លូវ។

ក្រុមមន្ត្រី​ជំនាញ​របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ និង​អ្នកតំណាង​ក្រុមហ៊ុន​ទទួល​សិទ្ធិ​សាងសង់ China Road បាន​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​នៅតាម​តំបន់​មួយចំនួន និង​ពិនិត្យ​ទៅលើ​របាយការណ៍​ដែល​បង្ហាញ​ពី​លទ្ធផល​នៃ​ការឈូសឆាយដី​ព្រៃភ្នំ​បាន​ប្រមាណ៧០ភាគរយ។

ជាមួយគ្នានេះ ក្រុមមន្ត្រី​ជំនាញ​ក៏បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស K67+271 របស់​គម្រោង​ផ្លូវ​ល្បឿ​លឿន ដើម្បី​ធ្វើ​ពិសោធន៍​សាកល្បង​នៃ​ការ​ទ្រ​ទម្ងន់​គ្រឹះ​ខាងក្រោម​របស់​ស្ពាន ដែល​លទ្ធផល​ទាំងអស់នេះ​បានបង្ហាញ​ថា ក្រុមហ៊ុន ឆាយ​ណា​រ៉ូ​ឌ បាន​បំពេញការងារ​សាងសង់​ផ្លូវ​ល្បឿន​លឿន​លើកដំបូង​នេះ​ប្រកបដោយ​ប្រសិទ្ធភាព ស្របតាម​បច្ចេកទេស​ស្តង់ដារ​ត្រឹមត្រូវ និង​មាន​ភាព​ឆាប់រហ័ស។

លោក វ៉ា​ស៊ឹម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​ឱ្យដឹងថា រហូត​ម​ដល់ពេលនេះ ក្រុមការងារ​អន្តរក្រសួង នៅតែ​បន្ត​ដោះស្រាយ​តាម​លំដាប់លំដោយ​ទៅតាម​ផែនការ ដែល​រហូត​ម​ដល់ពេល​សម្រេចបាន​ប្រមាណ៩០ភាគរយ ហើយ​អាច​នឹង​បញ្ចប់​នៅក្នុង​រយៈពេល ៣ ទៅ៤ខែ​ទៅមុខទៀត។

លោក​បន្តថា “តាម​របាយការណ៍​ដែល​ទទួលបាន​មកដល់​ពេល យើង​វឌ្ឍនភាព​នៃ​ការដោះស្រាយ​ផលប៉ះពាល់​ចំពោះ​គម្រោង​ផ្លូវ​ល្បឿន​នេះ សម្រេចបាន​ជាង៩០ភាគរយ  ប៉ុន្តែ​សម្រាប់​នៅ​កន្លែង​ទីតាំង​ខ្លះ ដូចជា​កន្លែង​សាងសង់​ស្ពាន​ដែលមាន​ទំហំធំៗត្រូវ​ប្រើពេល​យូ​បន្តិច។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សន្យាថា ក្នុង​រយៈពេល៣ ទៅ៤ខែ​ទៀត នឹងត្រូវ​ដោះស្រាយ​ឱ្យបាន​ចប់សព្វគ្រប់ ដើម្បី​ជំរុញ​ឱ្យ​ដំណើរការ​សាងសង់​ចប់​ទៅតាម​ផែនការ​រ។

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុងព្រះសីហនុ មាន​ប្រវែង​សរុប​ជាង ១៩០គីឡូម៉ែត្រ។ ផ្លូវ​នេះ​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រវែង៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ​ប្រវែង៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុង​ប្រវែង ១.៩២គីឡូម៉ែត្រ និង​ខេត្ត​ព្រះសីហនុ​ប្រវែង ៨៩.៨៩គីឡូម៉ែត្រ ដែល​ចំណាយ​ថវិកា​សាងសង់​សរុប​ប្រមាណ២,០០០លាន​ដុល្លារ​អាមេរិក ជា​ទុនវិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕

SH Condo ត្រៀម​ផ្តល់​កូនសោ​ដល់​អតិថិជន​ជាមួយ​ការលក់​បញ្ចប់​យូ​នី​តក្នុងតម្លៃ​ដ៏​ទាក់ទាញ

ដោយ​គង់ ម៉ា​លីន

ភ្នំពេញៈ ខុន​ដូ​ប្រណីត និង​មានតម្លៃ​សមរម្យ​បំផុត ស្ថិតនៅ​តំបន់​ជ្រោយចង្វារ SH Condo បាន​ត្រៀម​ផ្តល់​កូនសោ​ចូល​ស្នាក់នៅ​ដល់​អតិថិជន និង​លក់​បញ្ចប់​យូ​នី​ត​ជាមួយនឹង​តម្លៃ​ពោរពេញ​ដោយ​ភាព​ប្រកួតប្រជែង។

ជាមួយនឹង​ភាព​រីកចម្រើន និង​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​នៃ​តំបន់​ជ្រោយចង្វារ ដែល​ប្រែក្លាយ​ពី​តំបន់​ក្រៅ​ក្រុង​មកជា​ក្រុង​រណប​ដ៏​ទាក់ទាញ សំណង់​លំនៅដ្ឋាន​សហកម្មសិទ្ធិ​នៃ​គម្រោង​ខុន​ដូ SH ជ្រោយចង្វារ បាន និង​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​ដែល​ប្រាថ្នា​ការរស់នៅ​បែប​ស៊ី​វិ​ល័យ។

ក្នុងចំណោម​គម្រោង​អភិវឌ្ឍន៍​ជាច្រើន គម្រោង​ខុន​ដូ​តម្លៃ​សមរម្យ​ជាងគេ​នៅ​តំបន់​ជ្រោយចង្វារ SH Condo កំពស់ ២៨ជាន់ បាន និង​កំពុង​ស្វាគមន៍​អតិថិជន ដែល​ប្រាថ្នា​ចង់បាន​ជីវិត និង​ការរស់នៅ​ប្រកបដោយ​ភាពកក់ក្ដៅ ទំនើប ទាន់សម័យ ជាមួយ​ការលក់​ក្នុងតម្លៃ​សមរម្យ និង​មាន​លក្ខខណ្ឌ​បង់ប្រាក់​ល្អប្រសើរ​បំផុត។

គម្រោង​ដែល​កំពុង​ឈានទៅរក​ការបញ្ចប់​ការសាងសង់ ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ និង​កំពុងបើក​ទា្វរ រង់ចាំ​ទទួល​ស្វាគមន៍​អតិថិជន​មួយ​នេះ មាន​ទីតាំង​ស្ថិតនៅ​លើផ្លូវ​ម៉ាស៊ីនទឹក ក្នុង​សង្កាត់​ជ្រោយចង្វារ ខ័​ណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។ ជាមួយនឹង​តម្លៃ​ទាក់ទាញ​បំផុត អ្នកវិនិយោគ​ខុន​ដូ​នេះ​បាន និង​ផ្តល់ឱកាស​ពិសេស លោកអ្នក​កក់​តែ ៥០០ដុល្លារ នឹង​ទទួល​បានការ បញ្ចុះតម្លៃ​កាន់តែ​ពិសេស បូករួម​ទាំង ការផ្តល់ជូន​នូវ​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​ជាច្រើន រួមមាន​ដូចជា -ទូរ​ទឹកកក -ទូរ​ទស្ស​ន៏ (Smart TV ) ទូរ​ចង្ក្រាន​លើ​ក្រោម ម៉ាស៊ីនទឹក​ក្តៅ (Water Heater 32L)- និង​គ្រឿង​បរិក្ខារ​ក្នុង​បន្ទប់ទឹក​ដ៏​ទាន់សម័យ​ចំនួន​មួយឈុត​ថែមទៀត​ផង។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ERA Cambodia លោក ខន គង្គា ធ្លាប់បាន​ប្រាប់​គេហទំព័រ Propertyasia.area តាម​ទូរស័ព្ទ​កាលពីពេល​កន្លងទៅនេះ​ថា តំបន់​ជ្រោយចង្វារ​វា​នឹង​ក្លាយជា​តំបន់​អភិវឌ្ឍ​ចំរុះ ស្របពេល​តំបន់​នេះ​មានការ​ទាក់ទាញ​ច្រើន ហើយ​គម្រោង​អភិវឌ្ឍ​ធំ​នៅ​តំបន់​នេះ​ច្រើន។

លោក​បាន​ឲ្យ​ដឹងថា “តំបន់​ជ្រោយចង្វា​ក្នុង​ពេលនេះ និង​អនាគត​ជា​តំបន់​ល្អ​សម្រាប់​អ្នកវិនិយោគ និង​អ្នក​ដែល​ចង់​រស់នៅ ព្រោះ​តំបន់​នេះ​ហុំ​ព័ទ្ធ​ដោយ​ទន្លេ” ។ លោក​បន្តថា “សម្រាប់​អ្នក​ដែល​ចង់​គិតគូ​ពី​ផាសុខភាព អាច​ផ្លាស់ប្តូរ​ទៅ​រស់នៅ​តំបន់​ជ្រោយចង្វារ​វា ដោយសារ​តំបន់​ជ្រោយចង្វា​មានការ​ទាក់ទាញ​ច្រើន ហើយ​គម្រោង​អភិវឌ្ឍ​ធំ​នៅ​តំបន់​នេះ​ច្រើន” ។

សម្រាប់​ការសាកសួរ​ព័ត៌មាន​បន្ថែម​ពី​គម្រោង​ខុន​ដូ SH  លោកអ្នក​អាចទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ 089 787 721 ។ Smart 010  725 168 (គីម​ឈាង) 096 505 6666 ។ 017  725  168  ចិន្តា។ 077  725  168  ម៉ា​រី​ណែ​ត ៕

ក្រសួង​សេដ្ឋកិច្ច​ដាក់ចេញ​លក្ខ​ខ័​ណ្ឌ​តម្រូវ​ក្នុង​ការដាក់​របាយការណ៍​ហិរញ្ញវត្ថុឱ្យ​រង​នូវ​សវកម្ម​ឯករាជ្យ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដាក់ចេញ​ការកំណត់​បែបបទ នីតិវិធី និង​លក្ខ​ខ័​ណ្ឌ​តម្រូវ ក្នុង​ការដាក់​របាយការណ៍​ហិរញ្ញវត្ថុ​ឱ្យ​រង​នូវ​សវកម្ម​ឯករាជ្យ ចំពោះ​បុគ្គល​ជាប់​កាតព្វកិច្ច ព្រមទាំង​កំណត់​អំពី​កាតព្វកិច្ច​នានា សម្រាប់​សហគ្រាស សហគ្រាស​សាធារណៈ គម្រោង​វិនិយោគ និង​អង្គ​ភាពមិន​ស្វែងរក​ប្រាក់ចំណេញ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញ​សេចក្តីប្រកាស ស្តីពី​កាតព្វកិច្ច​ដាក់​របាយការណ៍​ហិរញ្ញវត្ថុ​ឲ្យ​រង​នូវ​សវនកម្ម​ឯករាជ្យ កាលពី​ចុងខែ​កក្កដា ឆ្នាំ២០២០ ដែល​ប្រកាស​នេះ​បានកំណត់​អំពី​បែបបទ នីតិវិធី និង​លក្ខ​ខ័​ណ្ឌ​តម្រូវ ក្នុង​ការដាក់​របាយការណ៍​ហិរញ្ញវត្ថុ​ឲ្យ​រង​នូវ​សវកម្ម​ឯករាជ្យ ចំពោះ​បុគ្គល​ជាប់​កាតព្វកិច្ច ព្រមទាំង​កំណត់​អំពី​កាតព្វកិច្ច​នានា សម្រាប់​សហគ្រាស សហគ្រាស​សាធារណៈ គម្រោង​វិនិយោគ និង​អង្គ​ភាពមិន​ស្វែងរក​ប្រាក់ចំណេញ ក្នុង​គោលដៅ​ពង្រឹង​អនុលោមភាព និង​ការគ្រប់គ្រង​ការដាក់​របាយការណ៍​ហិរញ្ញវត្ថុ​ឲ្យ ប្រកបដោយ​ប្រសិទ្ធភាព។

ទាក់ទង​បញ្ហា​នេះ គ្រប់​សហគ្រាស​សាធារណៈ សហគ្រាស​ទទួលខុសត្រូវ​ជា​សាធារណៈ និង​គម្រោង​វិនិយោគ ត្រូវដាក់​របាយការណ៍​ហិរញ្ញវត្ថុ សម្រាប់​កាលបរិច្ឆេទ​គណនេយ្យនីមួយៗរបស់ខ្លួន​ឲ្យ រង​នូវ​សវនកម្ម​ឯករាជ្យ ក្នុងនោះ ប្រសិនបើ​សហគ្រាស​ស្ថិតក្នុង​លក្ខណៈវិនិច្ឆ័យ​យ៉ាងតិច​ពីរ ក្នុងចំណោម​លក្ខណៈវិនិច្ឆ័យ​បី។

លក្ខណៈវិនិច្ឆ័យ​ទី១ មាន​ទឹកប្រាក់​ផលរបរ​ប្រចាំ​ការិយបរិច្ឆេទ គណនេយ្យ​ចាប់ពី ៤ ពាន់​លាន​រៀល​ឡើងទៅ លក្ខណៈវិនិច្ឆ័យ​ទី២ មានទ្រព្យ​សកម្ម​សរុប​ចាប់ពី៣ពាន់​លាន​រៀល​ឡើងទៅ ដោយ​ចាប់​គិត​ត្រឹម​ថ្ងៃ​បិត​ការិយបរិច្ឆេទ​គណនេយ្យ និង​លក្ខណៈវិនិច្ឆ័យ​ទី៣ មាន​ចំនួន​កម្មករ និយោជិត​បម្រើ​ការងារ​ចាប់ពី១០០នាក់ ឡើងទៅ ក្នុងនោះ​សហគ្រាស ត្រូវ​ស្ថិតក្នុង​លក្ខណៈវិនិច្ឆ័យ​យ៉ាងតិច​ពីរ ក្នុងចំណោម​លក្ខណៈវិនិច្ឆ័យ​បី ដែល​អាចដាក់​របាយការណ៍​ហិរញ្ញវត្ថុ ឲ្យ​រង​នូវ​សវកម្ម ដោយ​ឈរលើ​គោលការណ៍​ស្មោះ​ចិត្ត។

សម្រាប់​អង្គភាព​មិន​ស្វែងរក​ប្រាក់ចំណេញ ត្រូវដាក់​របាយការណ៍​ហិរញ្ញវត្ថុ សម្រាប់​កាលបរិច្ឆេទ​គណនេយ្យនីមួយៗ របស់ខ្លួន​ឲ្យ​រង​នូវ​សវនកម្ម​ឯករាជ្យ ប្រសិនបើ​អង្គភាព​មិន​ស្វែងរក​ប្រាក់ចំណេញ​ស្ថិតក្នុង​លក្ខខណ្ឌ​ដូចជា ចំណាយ​សរុប​ប្រចាំឆ្នាំ​លើសពី២ ពាន់​លាន​រៀល និង​មាន​ចំនួន​កម្មករ និយោជិត​បម្រើ​ការងារ​ចាប់ពី២០នាក់​ឡើង ដោយយោង​ទៅតាម​កម្មក​រ និយោជិត​មធ្យម​ភា​គប្រ​ចាំ​ឆ្នាំ ក្នុងនោះ​អង្គភាព​ណា​ដែល​ស្ថិតនៅក្នុង​លក្ខណៈវិនិច្ឆ័យ​ទាំងពីរ​ខាងលើនេះ អាចដាក់​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​ឲ្យ​រង​សវនកម្ម​ឯករាជ្យ ដោយ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត ។

ពាក់ព័ន្ធ​និង​បទ​ប្បញ្ញត្តិ សម្រាប់​បុគ្គល​ជាប់​កាតព្វកិច្ច ដែល​ប្រព្រឹត្ត​ផ្ទុយ​និង​ប្រកាស​នេះ ត្រូវ​ទទួលរង​នូវ​ការផាកពិន័យ​អន្ត​រកា​រល ពី​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ ដូច​បានចែង​ក្នុង​អនុក្រឹត្យ ចុះ​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ស្តីពី​ពិន័យ​អន្តរកាល​ចំពោះ​បទល្មើស​ទៅនឹង​ច្បាប់​គណនេយ្យ និង​សវនកម្ម៕

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​នឹង​ជួយ​ឱ្យធ្វើ​ឲ្យ​ដីធ្លី​មាន​ហាងឆេង​ល្អ​ឡើងវិញ

ដោយ ​វុត្ថា

ភ្នំពេញៈ ថ្មីៗនេះ​កម្ពុជា​ទើបតែ​បញ្ចប់​កិច្ចចរចា បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន (FTA) និង​រង់ចាំ​ពេលវេលា​ចុះហត្ថលេខា នាពេល​ខាងមុខនេះ ខណៈដែល​កិច្ចព្រមព្រៀង​នេះ នឹង​ផ្ដល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​កម្ពុជា តាមរយៈ​ការអនុគ្រោះ​ពន្ធ​ក្នុង​ការនាំ​ទំនិញ​ចេញទៅ​ប្រទេស​ចិន ជាមួយគ្នានេះ​វិស័យ​ដីធ្លី​ក៏​នឹងមាន​ទីផ្សារ​ផងដែរ។

លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានឱ្យដឹង​នៅ​ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថា​បន្ទាប់ពី​កិច្ចព្រមព្រៀង​នេះ ចូល​ជា​ធរមាន ទំនិញ​ជាច្រើន​មុខ នឹងត្រូវ​ទម្លាក់​ពន្ធ​នាំចូល​ដោយ​ស្វ័យប្រវត្តិ​ហើយ​នោះ ចលនា​នៃ​ចរន្ត​វិនិយោគ​ដីធ្លី​និង​លំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជា ក៏​នឹង​ទទួលបាន​ផលប្រយោជន៍​ជាច្រើន​ផងដែរ​តាមរយៈ​ការជួល និង​ទិញ​វិនិយោគ​បង្កើត​រោងចក្រ​សហគ្រាស​នានា នៅក្នុង​ប្រទេស​កម្ពុជា។

លោក​បន្តថា “តាមរយៈ​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ចក​ម្ម​សេរី​នេះ វិនិយោគិន​ចិន​មួយចំនួនធំ​នឹង​ចូលមក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា នៅ​នោះ​តម្រូវការ​មុនគេ​គឺ​ទីតាំង ពោលគឺ​ដីធ្លី និង នោះ​ពេលនេះ តម្លៃ​ដីធ្លី​វា​នឹង​ឡើងថ្លៃ” ។ លោក​បន្តថា “ក្រៅពី​តម្រូវការ​ដីធ្លី វិនិយោគិន​នឹងត្រូវ​ការ​ការិយាល័យ​ស​ម្រា​ប់​ធ្វើការ នឹង​លំនៅ​សម្រាប់​ស្នាក់នៅ និង​ម្ហូបអាហារ​ផ្សេង​ថែមទៀត” ។

លោក​បញ្ជាក់ថា “ហេតុដូច្នេះ អ្វីៗនឹង​ក្លាយជា​ចលករ​សេដ្ឋកិច្ច​មួយ ដែល​ធ្វើឱ្យ​កំណើន​សេដ្ឋកិច្ចជាតិ និង​អ្នកលក់ដូរ​ទាំង​អស់ទ​ទួលបាន​ផលប្រយោជន៍ ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​នេះ តាមរយៈ​ការ​មក​វិនិយោគ​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក” ។

លោកស្រី ចេ​វ សុ​ឃុន ប្រធាន​សមាគម​អ្នកជំនាញ​អចល​ទ្រព្យ​កម្ពុជា​ឱ្យដឹង​ដែរ​ថា តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​នឹងត្រូវ​ចុះហត្ថលេខា​នាពេល​ខាង​មុ​នេះ កម្ពុជា​នឹង​ទ​ទួ​ប​ល​បាន​ផល​វិជ្ជមាន​ច្រើន ដែល​ក្រៅពី​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​ទេសចរណ៍ ព្រមទាំង​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី នៅក្នុង​នោះ​វិស័យ​អចលនទ្រព្យ ក៏​នឹង​ទទួលផល​មួយចំណែក​ផងដែរ។

លោកស្រី​បន្តថា “ខ្ញុំ​និយាយ​ត្រឹមតែ​វិស័យ​កសិកម្ម នៅពេល​ដែលមាន​តម្រូវការ​ទីផ្សារ​ខ្ពស់ គឺ​ទាមទា​ឱ្យមាន​បង្កើន​ការផលិត ដែល​ចាំ​បាត់​ត្រូវការ​ប្រើប្រាស់​ដីធ្លី​ក្នុង​រូប​ភាពជា​កសិដ្ឋាន​ដាំ​ដុះ រោងចក្រ​កែច្នៃ និង​វេច​ខ្ចប់​សម្រាប់ធ្វើ​ការនាំចេញ ដែល​សុទ្ធតែជា​ផ្នែក​មួយ​នៃ​វិស័យ​អចលនទ្រព្យ​ដូចគ្នា” ។

លោកស្រី​បន្ថែមថា “នៅពេល​មានការ​វិនិយោគ​កាន់តែច្រើន តម្រូវការ​នៃ​ការប្រើប្រាស់​អគារ​សម្រាប់​ធ្វើជា​ការិយាល័យ​ក៏មាន​កាន់តែច្រើន​ផងដែរ” ៕

កម្ពុជា​ប្រមូល​ចំណូល​ពន្ធ​លើ​ពាណិជ្ជកម្ម​ក្រៅប្រទេស​បាន​ប្រមាណ ២៦៧លាន​ដុល្លារ

ដោយៈ​ប៊ី

ភ្នំពេញៈ កម្ពុជា​ប្រមូល​ចំណូល​ពន្ធ​លើ​ការធ្វើ​ពាណិជ្ជកម្ម ក្រៅប្រទេស​បាន​ចំនួន​ជាង១០៦៩ ប៊ី​លាន​រៀល (ប្រមាណ២៦៧លាន​ដុល្លារ) ក្នុង​ឆា​ស​ទី១ ឆ្នាំ២០២០នេះ។

យោងតាម​របាយការណ៍​របស់​រដ្ឋាភិបាល​ចេញផ្សាយ​កាលពីថ្មីៗនេះ បានឱ្យដឹងថា ក្នុងការ​ប្រមូល​ប​ន្ធ លើ​ការធ្វើ​ពាណិជ្ជកម្ម​ក្រៅប្រទេស ការប្រមូល​ពន្ធអាករ​លើ​ការនាំ​ចូល បាន​ជាង១ ០៦០ ប៊ី​លាន​រៀល (ប្រមាណ២៦៥លាន​ដុល្លារ) រួមជាមួយ​ពន្ធ និង​អាករ​លើ​ការនាំចេញ​បាន​ចំនួន​ជិត៩ប៊ី​លាន​រៀល។

ការអនុវត្ត​ពន្ធ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ក្នុង​ខែ មិថុនា ឆ្នាំ២០២០ អង្គភាព​ជំនាញ ទទួលបាន​ចំនួន​ជាង១៥៧ប៊ី​លាន​រៀល ខណៈ​ក្នុង​ខែឧសភា ការអនុវត្តន៍​ប្រមូល​ពន្ធ​ប្រភេទ​នេះ បាន​ត្រឹម​ជាង១៥២ ប៊ី​លាន​រៀល, ក្នុងនោះ​គិត​ក្នុង​រយៈពេល ៦ខែ ឆ្នាំ២០២០ នេះ។

របាយការណ៍​ដដែល​បានឱ្យដឹងថា ការប្រមូល​ចំណូល​ពន្ធ លើ​ការធ្វើ​ពាណិជ្ជកម្ម​ក្រៅប្រទេស អនុវត្តន៍​បាន​ជាង១០៦៩ ប៊ី​លាន​រៀល ត្រូវ​ប្រមាណ​ជិត ៣៨% នៃ​ច្បាប់​ហិរញ្ញវត្ថុ ដែល​បានកំណត់​នៅក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ២៧៦៩ ប៊ី​លាន​រៀល ក្នុងនោះ​ពន្ធ​សម្រាប់​ការនាំ​ចូល​ទំនិញផ្សេងៗ (លើកលែង​ប្រេងឥន្ធនៈ) សរុប​បាន​ប្រមាណ ៧៤៥ ប៊ី​លាន​រៀល, ពន្ធគយ​លើ​ផលិតផល​តេ​ល​សិលា​សរុប​បាន​ជិត១៣២ ប៊ី​លាន​រៀល, អាករ​បន្ថែម​លើ​ផលិតផល​តេ​ល​សិលា​សម្រាប់​ថែទាំ​ផ្លូវថ្នល់ សរុប​បាន​ជាង ១៥១ ប៊ី​លាន​រៀល។

ពន្ធ​នាំចូល​ទំនិញ​ជា​វត្ថុធាតុដើម សម្រាប់​ផលិត​ឱសថ សរុប​ជាង៨ប៊ី​លាន​រៀល និង​ប្រភេទ​ពន្ធ​នាំចូលផ្សេងៗទៀត មាន​ចំនួន​ជាង២២ប៊ី​លាន​រៀល សរុប​ទាំងអស់​សម្រាប់​ចំណូល​ពន្ធ​លើ​ពាណិជ្ជកម្ម​នាំចូល ការអនុវត្តន៍​បាន​ប្រមាណ​ជាង១០៦០ ប៊ី​លាន​រៀល ។

នៅក្នុង​រយៈពេល៦ខែ​នេះដែរ ក្នុងនោះ​អាករ​លើ​ការនាំចេញ​ឈើ មាន​ចំនួន​ជិត ២,៦ ប៊ី​លាន​រៀល អាករ​លើ​ការនាំចេញ​កៅស៊ូ​មាន៤,៥៩ ប៊ី​លាន​រៀល និង​ប្រភេទ​ពន្ធ​លើ​ការនាំចេញផ្សេងៗមាន ចំនួន១,៧២ ប៊ី​លាន​រៀល សរុប​លើ​ពន្ធ​និង​អាករ​លើ​ការនាំចេញ​ទាំងអស់ អនុវត្តបាន​ប្រមាណ​ជិត ៩ប៊ី​លាន​រៀល៕

ទស្សនាវដ្តីបរទេសបង្ហាញកំពូលមហាសេដ្ឋីទាំង១០រូបនៅកម្ពុជា ប្រចាំឆ្នាំ២០២០

        ដោយ ប.ណែត

ភ្នំពេញៈ យោងតាមគេហទំព័របរទេសមួយ Africa Trendy បានចាត់ចំណាត់ថ្នាក់មហាសេដ្ឋីកំពូលទាំង១០ របស់កម្ពុជា ក្នុងឆ្នាំ២០២០នេះ និងបានបង្ហាញមុខជំនាញនិងអាជីវកម្មរបស់ពួកគាត់ផងដែរ។

គេហទំព័រនេះបានបង្ហាញថាមហាសេដ្ឋីទាំង១០រូបដែលមានឥទ្ឋិពលនៅកម្ពុជា រួមមាន

១.អ្នកឧកញ៉ាគិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនវិនិយោគធំមួយក្នុងប្រទេសកម្ពុជា និងវិនិយោគទៅលើវិស័យទូរគមនាគមន៍ វិស័យដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយ ធនាគារ សណ្ឋាគារ អចលនទ្រព្យ វិស័យអប់រំ និងវិស័យកសិកម្មជាដើម។

២.អ្នកឧកញ៉ាពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនវិនិយោគទុនអណិជកម្ពុជា ( OCIC ) ដែលក្រុមហ៊ុននេះ ភាគច្រើនវិនិយោគទៅលើវិស័យអចលនទ្រព្យ និងមានគម្រោងជាច្រើននៅក្នុងប្រទេសកម្ពុជា ដូចជាខុនដូ បុរី ផ្សារទំនើប មជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ជាដើម។

៣ លោកជំទាវ ភាព ហៀក  ក្រុមហ៊ុនជីបម៉ុងគ្រុប ដែលក្រុមហ៊ុននេះ បានវិនិយោគទៅលើអចលនទ្រព្យ វិស័យភេសជ្ជៈ ផ្សារទំនើប និងវិស័យសំណង់ផងដែរ។

៤. លោកជំទាវ លឹម ឈីវហូ ក្រុមហ៊ុន អ៊ែតវូដ អាហរ័ណ នីហរ័ណ ។ លោកជំទាវ បច្ចុប្បន្នបានវិនិយោគទៅលើការនាំចូលម៉ាកស្រា និងភេសជ្ជៈល្បីៗ នៅលើពិភពលោក និងវិនិយោគទៅលើ តំបន់សេដ្ឋកិច្ច ដែលមានសកម្មភាពខ្លាំងជាងគេនៅកម្ពុជាផងដែរ។

៥. អ្នកឧកញ៉ា លី យ៉ុងផាត់ ជាម្ចាស់ក្រុមហ៊ុន LYP Group ៖ ក្រុមហ៊ុននេះ បានវិនិយោគទៅលើអចលនទ្រព្យ ការនាំចូល និងវិនិយោគទៅលើវិស័យកសិកម្មផងដែរ។

៦. អ្នកឧកញ៉ាសុខ គង់ អគ្គនាយកក្រុមហ៊ុនសុខាគ្រុប ដែលវិនិយោគទៅលើសណ្ឋាគារ ថាមពល អចលនទ្រព្យនិងកាស៊ីណូ ផងដែរ ។

៧.អ្នកឧកញ៉ា ម៉ុង ឬទ្ធី ជាម្ចាស់ក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប ដែលក្រុមហ៊ុនបានផ្ដោតទៅលើវិស័យកសិកម្ម។

៨. លោកឧកញ៉ា សៀ ឬទ្ធី ម្ចាស់ក្រុមហ៊ុនWorldbridge Group ដែលក្រុមហ៊ុនគេដឹងថាបានវិនិយោគភាគច្រើន ទៅលើវិស័យអចលនទ្រព្យ ក្នុងនោះមានគម្រោងធំៗជាច្រើននៅកម្ពុជា ដូចជា អគារ The Bridge អគារកំពុងសាងសង់ The Peak និងលំនៅឋានតម្លៃសមរម្យនៅស្រុកស្អាងខេត្តកណ្ដាល។

៩. លោកឧកញ៉ាលី ហួរ អគ្គនាយក្រុមហ៊ុនលី ហួរគ្រុប ដែលវិនិយោគទៅលើអចលនទ្រព្យ ហិរញ្ញវត្ថុ និងកសិកម្ម។

១០. លោកឧកញ៉ាសំ អាង ក្រុមហ៊ុនវឌ្ឍនៈគ្រុប ដែលកំពុងវិនិយោគលើអចលនទ្រព្យ និងកំពុងសាងសង់លើក្រុមហ៊ុនស្រាបៀរតម្លៃរាប់រយលានផងដែរ ៕