អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១.០៣៩លានដុល្លារដល់ការអភិវឌ្ឍកម្ពុជាលើវិស័យអាទិភាពចំនួន៤

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ឆ្នាំ ២០១៩ កន្លងមកនេះ រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១.០៣៩លានដុល្លារអាមេរិកដល់ការអភិវឌ្ឍប្រទេសកម្ពុជាដោយផ្តោតលើវិស័យអាទិភាពចំនួន ៤ គឺកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងសុខាភិបាល និងអភិបាលកិច្ច។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលទទួលបាននៅថ្ងៃទី៤ ខែសីហា ២០២០ឱ្យដឹងថាក្រៅពីនេះ រដ្ឋាភិបាលអូស្ត្រាលី បច្ចុប្បន្នបាន និងកំពុងអនុវត្តគម្រោង/កម្មវិធីសំខាន់ៗចំនួន៩ ដើម្បីចូលរួមអភិវឌ្ឍនៅកម្ពុជា ដែលមានទំហំថវិកាចំនួនជាង ២៥៧លានដុល្លារ។

គម្រោង/កម្មវិធីសំខាន់ៗទាំងនោះរួមមាន ៖ ១.កម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មដំណាក់កាលទី២ មានទំហំហិរញ្ញប្បទាន ៨៤លានដុល្លារអូស្ត្រាលី, ២.កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ មានទំហំហិរញ្ញប្បទាន ៤៩លានដុល្លារអូស្ត្រាលី, ៣. គម្រោងលើកកម្ពស់គុណភាព និងសមភាពសុខាភិបាល មានទំហំហិរញ្ញប្បទាន ៥០លានដុល្លារអូស្ត្រាលី, ៤. គម្រោងកែលម្អផ្លូវជនបទ ដំណាក់កាលទី២ មានទំហំហិរញ្ញប្បទាន ២២,៦លានដុល្លារអូស្ត្រាលី, ៥. កម្មវិធីបោសសំអាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៣ មានទំហំហិរញ្ញប្បទាន ៩លានដុល្លារអូស្ត្រាលី, ៦. កម្មវិធីអត្តសញ្ញណកម្មគ្រួសារក្រីក្រ មានទំហំហិរញ្ញប្បទាន ៧.៣៣លានដុល្លារអូស្ត្រាលី, ៧. គម្រោងអភិវឌ្ឍន៍ធនធានមនុស្សសិក្សានៅប្រទេសអូស្រ្តាលី ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតប្រមាណ ៥០នាក់ក្នុងមួយឆ្នាំ និងវគ្គសិក្សាខ្លី មានទំហំហិរញ្ញប្បទាន ១៨លានដុល្លារអូស្ត្រាលី, ៨.គម្រោងពន្លកចំណេះ មានទំហំហិរញ្ញប្បទាន ២,៩លានដុល្លារអូស្ត្រាលី និង៩.កម្មវិធីសេវាប្រកបដោយសមធម៌ និងនិរន្តភាព មានទំហំហិរញ្ញប្បទាន ១៥លានដុល្លារអូស្ត្រាលី៕

កម្ពុជា ទទួលបាន ចំណូលជាង២៨៥លានដុល្លារពីការនាំអង្ករចេញក្នុងរយៈពេល៧ខែ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖
នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២០ នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៤២៦,០៧៣តោន ដែលគិតជាកំណើន មានប្រមាណជា ៣៨.៣៣ភាគរយ ធៀបទៅនឹង រយៈពេលដូចគ្នា ឆ្នាំ២០១៩ដែលនឹងឈានទៅរកការសម្រេចបានតាមផែនការរបស់រាជរដ្ឋាភិបាលដែលបានគ្រោងទុក។

តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្គរកម្ពុជា បានឲ្យដឹងថា ចំពោះកំណើននៃការនាំចេញអង្ករ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២០នេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារកត្តាមួយចំនួនដូចជា៖

១៖ តម្រូវការស្បៀងក្នុងកាលៈទេសៈ នៃការរីករាលដាលជំងឺឆ្លងកូវីដ១៩ នៅតាមបណ្តាប្រទេសនាំចូល
២៖ ការថយចុះនៃអត្រាពន្ធនាំចូលរបស់អង្ករកម្ពុជា ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ពី១៧០អឺរ៉ូ មក១៥០អឺរ៉ូ
៣៖ បរិមាណ និងសុពលភាពនៃកូតា នាំចូលអង្ករកម្ពុជាទៅកាន់ទីផ្សារចិន នៅមានចំនួនច្រើន រួមនឹងការធ្វើពិពិធកម្មទីផ្សារ ទៅកាន់ទីផ្សារហុងកុង អូស្ត្រាលី រុស្សី និង ញូហ្សេឡេនជាដើម
៤៖ ការធ្វើពិពិធកម្មប្រភេទអង្ករ ពីអង្ករកិនធម្មតាទៅរកទីផ្សារអង្ករសម្រូប អង្ករសរីរាង្គ
៥៖ ការរក្សាបានកំណើនទីផ្សារ នៅក្នុងប្រទេសម៉ាឡេស៊ី ប្រទេសប្រ៊ុយណេ និងប្រទេសហ្កាប៊ុង ដែលប្រទេសទាំង៣នេះ កាន់កាប់ចំណែកទីផ្សារប្រទេសកម្ពុជា ជិត១៥% នៃបរិមាណអង្ករនាំចេញសរុប។

សហព័ន្ធស្រូវអង្គរកម្ពុជាបានគូសបញ្ជាក់ថា «សម្រាប់រយៈពេល៧ខែ នៃឆ្នាំ២០២០នេះ ចំណូលដុលពីការនាំចេញអង្ករ បានចំនួន ២៨៥.៨០លានដុល្លាសហរដ្ឋអាមេរិក»។

ចំពោះការនាំចេញអង្ករប្រចាំខែកក្កដា ដែលជាទូទៅ គឺជាខែដែលការនាំចេញបានចំនួនតិចជាងគេ នៃចំនួនខែទាំងអស់ប្រចាំឆ្នាំ គិតជាមធ្យមក្នុងខែកក្កដានេះ មានប្រហែលជា ២៦,០០០តោន ក្នុងមួយខែ ដោយសារខែកក្កដា ជាខែចុងរដូវនៃស្តុកស្រូវស្រាល ដូចជាសែនក្រអូប សុមាលី និងពពួកស្រូវប្រកាន់រដូវ ដូចជាផ្ការំដួលផងដែរ។

សម្រាប់ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករចំនួន ២៨,៤១៣តោន ដែលមានបរិមាណប្រហាក់ប្រហែលគ្នានឹងឆ្នាំ២០១៥ បាននាំចេញចំនួន ២៨,៤៩២តោន តែខុសគ្នាត្រង់ខែកក្កដា ឆ្នាំ២០២០ ភាគច្រើនជាអង្ករក្រអូប អង្ករសរីរាង្គ ខណៈដែលឆ្នាំ២០១៥ ភាគច្រើនជាអង្ករសធម្មតា។

ការនាំចេញក្នុងខែកក្កដា ឆ្នាំ២០២០ គិតជាទឹកប្រាក់បានចំនួន ២០.១២លានដុល្លារសហរដ្ឋអាមេរិក។

ប្រភេទអង្ករនាំចេញ៖ ចាប់តាំងពីឆ្នាំ២០១៦ ឃើញថាកំណើននៃការនាំចេញអង្ករក្រអូប មានកំណើនជាលំដាប់ រីឯអង្ករស និងអង្ករចំហុយមានទំនោរធ្លាក់ចុះ ជាគំហុកចាប់ពីឆ្នាំ២០១៨មក តែមានកំណើនវិញខ្លះ នៅឆ្នាំ២០២០ ក្នុងដំណាក់កាលនៃជំងឺកូវីដ១៩ រីឯអង្ករសរីរាង្គ នៅមានទំនោរកំណើនជាបណ្តើរៗ។

សំរាប់រយៈពេល៧ខែ ក្នុងឆ្នាំ២០២០នេះ អង្ករក្រអូបមានកំណើនប្រមាណជិត៣២% ហើយអង្ករស មានកំណើនកើនជាង៨២% ហើយអង្ករសរីរាង្គ មានកំណើនជាង១៦% បើប្រៀបទៅរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩៕

ដឹស្តា មេរាហ្កាដិន ដំណាក់កាលថ្មី បញ្ចុះតម្លៃរហូតដល់៩% ចាប់ផ្តើមបើកលក់ហើយ

ក្រោយពីទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកស​ន្ធាប់ និងដើម្បីបំពេញតម្រូវការបន្ថែម ដល់អតិថិជនដែលចង់បានគេហដ្ឋាន ក្នុងគម្រោងដឹស្តា មេរាហ្កាដិន​។ បុរី ប៉េង ហួត សូមបើកបន្ថែមជូននូវដំណាក់កាលថ្មី ជាមួយនឹងការបញ្ចុះតម្លៃដ៏សន្ធឹកសន្ធាប់រហូតដល់៩% ដែលការផ្តល់ជូននេះ សុពលភាពចាប់ពីថ្ងៃនេះរហូតដល់បំណាច់ខែសីហានេះតែប៉ុណ្ណោះ។ កាន់តែពិសេសជាងនេះទៅទៀតអតិថិជន អាចធ្វើការបង់រំលស់ជាមួយលក្ខខណ្ឌងាយៗ ដែលមានអត្រាការប្រាក់ចាប់ពី6.88% ឡើងទៅជាមួយធនាគារដៃគូសហការរបស់ បុរី ប៉េង ហួត។

គម្រោងដឹស្តា មេរាហ្គាដិន  ជាគម្រោង ស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ដែលមានចំងាយត្រឹមតែ ០៣ នាទីប៉ុណ្ណោះ  ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) គ្របដណ្តប់លើផ្ទៃដីរហូតដល់ ៤០ ហិចតា។ គម្រោងនេះផ្ទាល់ ជាបណ្តុំសហគមន៍ទំនើបសម្រាប់ការរស់នៅដ៏ល្អប្រសើរនិងការអភិវឌ្ឍន៍ចំរុះ  ជាមួយ អគារពាណិជ្ជកម្ម បែបទាន់សម័យសមស្របទៅតាមស្តង់ដារអន្តរជាតិ រុក្ខវិថីពោរពេញទៅដោយ លំហធម្មជាតិបៃតង អមដោយផ្កាចម្រុះពណ៌ ព្រមជាមួយក្លឹបហាត់ប្រាណបែបទំនើបទាន់សម័យ សួនច្បារធំជាងគេដ៏ស្រស់បំព្រង វេទិកាសិល្បៈកណ្តាលសួនច្បារ ទីធ្លាកីឡា ទីតាំងពិចនិចសម្រាប់គ្រួសារនិងសួនកុមារ ផ្តល់ជូននូវបរិយាកាសបរិសុទ្ធ ដែលពិតជាធ្វើអោយការរស់នៅប្រកបដោយផាសុកភាព និងភាពស្រស់ថ្លាទ្វេដង ថែមទាំងមានតំបន់ពាណិជ្ជកម្ម ពោរពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្ម សម្រាប់បំពេញតម្រូវការក្នុងតំបន់។ ក្នុងគម្រោងនេះទៀតសោត បានផ្តល់ជូននូវវីឡាជាច្រើនប្រភេទ ដែលរួមមាន៖ វីឡាឃ្វីន វីឡាព្រីន វីឡាព្រីន ប៊ី វីឡាភ្លោះ និងវីឡាកូនកាត់ ត្រូវបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ គុណភាពសំណង់រឹងមាំ និងសោភ័ណភាពដ៏ល្អឥតខ្ចោះ ដើម្បីផ្ដល់នូវជម្រើសកាន់តែសម្បូរបែបដល់អតិថិជន។

សូមបញ្ជាក់ផងដែរថា តំបន់​នៅតាមបណ្តោយ មហាវិថី​សម្ដេច​តេជោ ហ៊ុន សែន (ផ្លូវ​ ៦០ម៉ែត្រ) ភាគខាងត្បូង​រាជ​ធានី​ភ្នំពេញ កំពុង​តែវិវដ្តខ្លួន ទៅជាទីក្រុងរណបក្នុងពេលឆាប់ៗនេះ ដោយសារតែសន្ទុះនៃការអភិវឌ្ឍន៍ខ្លាំងក្លា ​ដែលរួមមាន សាលាអន្តរជាតិ ផ្សារ​ទំនើប មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ខុនដូ ​គម្រោងលំនៅដ្ឋាន តួយ៉ាងដូចជាគម្រោងផ្សារទំនើបដ៏ល្បីរបស់ជប៉ុន និងមន្ទីរពេទ្យអន្តរជាតិមួយ ក៏បានប្រកាសវត្តមានជាផ្លូវការក្នុងតំបន់នេះផងដែរ។ ចំណែកឯផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ក្បែរមហាវិថីសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ក៏ទទួលបានការអភិវឌ្ឍ គួរអោយកត់សំគាល់ ជាពិសេសេតំបន់នេះ ជាច្រកសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់តភ្ជាប់ពីផ្លូវជាតិលេខ១ លេខ២ លេខ៣ និងលេខ៤ ទៅកាន់បណ្តាខេត្តនានា ព្រមទាំងមានទីតាំងនៅជិត ព្រលានយន្តហោះអន្តរជាតិថ្មី ត្រូវសាងសង់នៅលើ​ផ្ទៃដី​រហូត​ដល់​ ២៦០០​ហិចតា មិនឆ្ងាយប៉ុន្មានឡើយពីរាជធានីភ្នំពេញ ធ្វើអោយតំបន់នេះមានដីធំទូលាយច្រើន ដែលនេះគឺជាកត្តាធ្វើឲ្យដីនៅតំបន់នេះ ឡើងថ្លៃខ្លាំងផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​ថ្មី​នៅ​ខេត្តកំពត​នឹងត្រូវ​បញ្ចប់​ក្នុងពេល​ដ៏​ខ្លី​ស្របតាម​ផែនការមេ

ដោយៈ រ៉ា​ណេ​ត

កំ​ពតៈ គម្រោង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​ខ្សាច់​ថ្មី លើកដំបូង​នៅក្នុង​ខេត្តកំពត ត្រូវបាន​រដ្ឋបាលខេត្ត ជំរុញ​ឱ្យ​ក្រុម​ន​ហ៊ុន​ទទួល​សិទ្ធិ​វិនិយោគ បង្កើនល្បឿន​ឱ្យបាន​លឿន​បំផុត ដោយ​អនុវត្ត​ទៅតាម​គម្រោង និង​ផែនការមេ​ដែល​បានកំណត់ ដើម្បី​បង្កើន​សមត្ថភាព​ទទួល​កំណើន​ទេសចរ​ជាតិ និង​អន្តរជាតិ ដែលជា​ផែនការ​របស់​រាជរដ្ឋាភិបាល។

ជាថ្មី​ម្ដងទៀត​អភិបាល​ខេត្តកំពត លោក​ជាវ តា​យ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​បន្ទាន់​នៅ​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ស្ដីពី ផែនការអភិវឌ្ឍន៍​នៅ​តំបន់ឆ្នេរ​ខ្សាច់​ថ្មី ស្ថិតនៅក្នុង​ឃុំ​បឹង​ទូក​ស្រុក​ទឹកឈូ ខេត្តកំពត ដើម្បី​ប្រាកដ​ពី​លទ្ធភាព​នៃ​ល្បឿន អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ក្នុងការ​ប្រែក្លាយ​តំបន់​នេះ ទៅជា​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​សមុទ្រ​ដ៏​ទាក់ទាញ ក្នុង​រយៈពេល​ដ៏​ខ្លី ពោលគឺ​អាច​ទទួល​ទេសចរ​នៅត្រឹម​ដំណាច់ឆ្នាំ២០២០ ។

ក្នុង​កិច្ចប្រជុំ​នេះ ក៏បាន​ពិភាក្សា​លើ​សេចក្ដីព្រាង​សេចក្ដីសម្រេច​ស្ដីពី ការបង្កើត​គណៈកម្មកា​រ និង​អនុគណ:កម្ម​ការអភិវឌ្ឍ រមណីយដ្ឋាន​ខ្សាច់​ថ្មី​នេះ​ផងដែរ។

លោក​ជាវ តា​យ អភិបាលខេត្ត បាន​មានប្រសាសន៍​រំលឹក​បញ្ជាក់ថា គម្រោង​កិច្ច​អភិវឌ្ឍ រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​ថ្មី​នេះ ធ្វើយ៉ាងណា​ជំរុញ​ល្បឿន​អភិវឌ្ឍន៍​ឆ្នេរ​ខ្សាច់​អោយបាន​ឆាប់​ដើម្បី​បំរើភ្ញៀវ​ទេសចរ។

គម្រោង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​ខ្សាច់​ថ្មី ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិសាស្ត្រ ដូច​បានបង្ហាញ​ខាងលើនេះ ត្រូវបាន​ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន (អាយ.ជី.ប៊ី) Cambodia Co.ltd ។

បច្ចុប្បន្ន ខេត្តកំពត​មាន​ឆ្នេរសមុទ្រ​ប្រវែង៧៦គីឡូម៉ែត្រ ប៉ុន្តែ​ខេត្ត​នេះ​នៅ​មិនទាន់មាន​ឆ្នេរ​ខ្សាច់ សម្រាប់​ភ្ញៀវទេសចរ​មក​កំសាន្ត​នៅឡើយ ដូច្នេះហើយ​ទើប​រដ្ឋបាលខេត្ត​រៀបចំ​តំបន់ឆ្នេរ​ខ្សាច់​មួយចំនួន សម្រាប់​ជាទី​តាំង​កម្សាន្ត ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ មក​សម្រាកលំហែរ​ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក និង​ពិធីបុណ្យផ្សេង។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក សយ ស៊ី​ណុល បាន​ប្រាប់​ឱ្យដឹងថា ខេត្តកំពត​នៅពេល​បច្ចុប្បន្ននេះ មិនទាន់មាន​ឆ្នេរ​ដូច​បណ្តា​ខេត្ត ដែល​នៅជាប់​មាត់សមុទ្រ​មួយចំនួន​របស់​កម្ពុជា​នោះទេ ហើយ​ទីតាំង​ឆ្នេរ​ដែល​បាន​នឹង​កំពុង​រៀបចំ​នេះ ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ទី​រួម​ខេត្ត និង​នៅ​ជិត​រមណីយដ្ឋាន​ភ្នំ​បូកគោ  ព្រមទាំង​នៅ​មិន​ឆ្ងាយ​ពី​រមណីយដ្ឋាន​ទឹកឈូ ពោល​ឆ្នេរ​ថ្មី​នេះ គឺមាន​ទីតាំង​ល្អ​សម្រាប់​ភ្ញៀវទេសចរ​មក​កំសាន្ត។

លោក​បាន​បន្តទៀតថា នៅពេល​ភ្ញៀវទេសចរ​មកលេង នៅក្នុង​តំបន់ឆ្នេរ​ទាំងនេះ​កាន់តែច្រើន វា​នឹង​ផ្តល់​ចំណូល​ដល់​ពលរដ្ឋ​មូលដ្ឋាន ហើយ​ម្យ៉ាងទៀត​ក៏​ផ្តល់​ចំណូល​ដល់​សេដ្ឋកិច្ច​ក្នុង​ខេត្ត តាមរយៈ​វិស័យ​ទេសចរណ៍ ដែលជា​ចលករ​យ៉ាងសំខាន់​នៅក្នុង​កំណើន​សេដ្ឋកិច្ចជាតិ៕

គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​កំពុង​ប្រព្រឹត្តិ​ទៅតាម​ផែនការ

ដោយ ​វុត្ថា

ភ្នំពេញៈ គម្រោង​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់ របស់​រដ្ឋាភិបាល និង​វិស័យ​ឯកជន​នៅតែ​ប្រព្រឹត្តិ​ទៅតាម​ផែនការ និង​ន​ការគ្រោងទុក ពោល​គឺមាន​បញ្ហា​អ្វីដែល​ជំរុញឱ្យមាន​ការ​រះ​ស្ទះ​នោះទេ។

លោក​វ៉ា​ស៊ីម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​គេហទំព័រ Propertyarea.asia នៅ​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២០នេះ​បានឱ្យដឹងថា មកដល់ពេលនេះ បើទោះបី​មាន​វិបត្តិ​ជំងឺ Covid-19 ក៏​គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បាន​អនុវត្ត​កាលពី​កន្ល​មកនេះ នៅតែ​ដំណើរ​ការធម្មតា។

លោក​បន្តថា “គម្រោង​ទាំងនោះ ដូចជា​គ្មានអ្វី​ប្រែប្រួល​ទេ ពោល​គឺអាច​និយាយថា ប្រព្រឹត្តិ​ទៅតាម​ផែនការ ។ តែ​យ៉ាងណា​លោក​ថា “វា​ក៏មាន​ភាពរ​អាក់រ​អ៊ួ​ល​ខ្លះ​ទៅលើ​កម្ម​កំលាំង​ពលករ​ខ្មែរ និង​កម្មករ​ចិន​មួយចំនួន​តិចតួច​បំផុត​ដែរ” ។ លោក​បន្តថា “ម្យ៉ាងទៀត ក៏មាន​បញ្ហា​លើ​ការចចារ​កញ្ចប់​គម្រោង​វិនិយោគ​ថ្មី ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ផងដែរ ព្រោះ​រាល់​កិច្ចប្រជុំ​ធ្វើឡើង​តាមរយៈ​អន​ឡាញ ដែល​ពិបាក​ក្នុងការ​ស​ម្រេ​ចិត្ត​ដូចជា​ការជួបប្រជុំ​ដោយផ្ទាល់” ។

លោក​បន្ថែមថា “និយាយ​រួម​កញ្ចប់​គម្រោង​វិនិយោគថ្មីៗ ហាក់ដូច​ជាមាន​ភាពយឺត​យ៉ាវ​បន្តិច ព្រោះ​យើង​ពិភាក្សា និង​ទាក់ទង​ទៅ​គ្នា​តាមរយៈ​វីដេអូ​ខន​ហ្វ្រេ​ន និង​អ៊ី​ម៉ែ​ល” ។ លោក​បញ្ជាក់ថា “គម្រោង​វិនិយោគថ្មីៗ ដែលមាន​បញ្ហា​យ៉ឺ​ត​យ៉ាវ​នេះ ជា​គម្រោង​វិនិយោគ​សម្រាប់ឆ្នាំក្រោយៗទៀត” ។

គម្រោង​វិនិយោគ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ភាគច្រើន​នៅ​កម្ពុជា ត្រូវបាន​វិនិយោគ​តាមរយៈ​កម្ចី​ហិរញ្ញប្បទាន និង​សម្បទាន ដោយ​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា តាមរយៈ​ការបញ្ជូន​ក្រុមហ៊ុន​សាងសង់​របស់ខ្លួន​មកកាន់​កម្ពុជា ដូចជា​ចិន ជប៉ុន កូរ៉េ និង​ប្រទេស​មួយចំនួនទៀត។

បើតាម​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឱ្យដឹងថា ប្រទេស​ចិន ដែល​មិត្ត​ដែកថែប​របស់​កម្ពុជា បានផ្តល់​ហិរញ្ញប្បទាន និង​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​នៅ​កម្ពុជា រួមមាន​ផ្លូវ ស្ពាន ផ្លូវ​ល្បឿន​លឿន ក្នុង​ទំហំ​ចំងាយ​រា​ពាន់​គីឡូម៉ែត្រ៕

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ជប៉ុន និង​អាស៊ាន​ចូល​ជា​ធរមាន

ដោយៈ​ប៊ី

ភ្នំពេញៈ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​ត្រូវបាន​កែសម្រួល​ឡើងវិញ រវាង​ប្រទេស​ជប៉ុន និង​អាស៊ាន​ជួយ​សម្រួល​ដល់​លំហូរ​សេវាកម្ម និង​ការវិនិយោគ​ឆ្លងកាត់​ព្រំដែន​ចូល​ជា​ធរមាន​កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ។

កិច្ចព្រមព្រៀង​នេះ បាន​ចូល​ជា​ធរមាន​សម្រាប់​ប្រទេស​ជប៉ុន និង​សមាជិក​អាស៊ាន​ចំនួន ៥ គឺ​ប្រទេស​ឡាវ មី​យ៉ាន់​ម៉ា សឹង្ហ​បុរី ថៃ និង​វៀតណាម។ សមាជិក ៥ នាក់​ទៀត​ដែល​នៅសល់ គឺ​ប្រទេស​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី​និ ង​ហ្វីលីពីន​នឹងចូលរួម​តាម​ក្រោយ នៅពេល​ពួកគេ​បញ្ចប់​នីតិវិធី​ក្នុងស្រុក។

អាស៊ាន​ទាំងមូល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី២របស់​ជប៉ុន បន្ទាប់ពី​ប្រទេស​ចិន ដោយ​ការនាំចេញ​ទៅកាន់​ប្លុក​នេះ​មាន​ចំនួន​សរុប ១២,៦ ទ្រី​លាន​យ៉េន (១២០ ពាន់​លាន​ដុល្លារ) នៅ​ឆ្នាំ២០១៨ និង​ការ​នាំចូល​មាន​ចំនួន ១២,៤ទ្រី​លាន​យ៉េន។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ក្រសួង​ហិរញ្ញវត្ថុ​របស់​ជប៉ុន។

អាស៊ាន គឺជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន​ជប៉ុន ក៏ដូចជា​ជា​បណ្តាញ​ភ្ជាប់​ដ៏​សំខាន់​នៅក្នុង​ចង្វាក់​ផ្គត់ផ្គង់ ដែលមាន​ក្រុមហ៊ុន​ជាច្រើន បង្កើត​រោងចក្រ​នៅក្នុង​តំបន់ ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពី​កម្លាំង​ពលកម្ម​តម្លៃ​ទាប។

កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ដើម​ជាមួយ​អាស៊ាន បាន​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ ២០០៨ ដែល​បាន​ក្លាយជា​កតិកា​ពាណិជ្ជកម្ម សេរី​ពហុភាគី​ដំបូង​គេ​របស់​ជប៉ុន។ វា​ត្រូវបាន​ផ្តោតលើ​ការលុបបំបាត់​ពន្ធគយ​លើ​ទំនិញ ប៉ុន្តែ​ថែមទាំង​បានផ្តល់​សម្រាប់​ការចរចារ​បន្ថែមទៀត​លើ​សេវាកម្ម និង​ការវិនិយោគ។

ការចរចា​ទាំងនោះ​បានចាប់ផ្តើម​ក្នុង​ឆ្នាំ២០១០ ដោយមាន​ការឯកភាព​គ្នា​នៅ​ថ្នាក់​រដ្ឋមន្ត្រី​ក្នុង​ឆ្នាំ២០១៧ ។

យោងតាម​កតិកាសញ្ញា​ដែល​បានធ្វើ​វិសោធនកម្ម ប្រទេស​ទាំងនេះ​ត្រូវបាន​ទាមទារ ដើម្បី​រក្សា​តម្លាភាព​ក្នុង​ការធ្វើ​និយតកម្ម​សេវាកម្ម និង​មិន​រើសអើង​វិនិយោគិន​បរទេស។

កិច្ចព្រមព្រៀង​នេះ ក៏​បង្កើត​យន្តការ​ដោះស្រាយ​វិវាទ សម្រាប់​ក្រុមហ៊ុន ដើម្បី​ប្តឹងរដ្ឋាភិបាល​ពី​ការប្រព្រឹត្ត​មិន​ស្មើភាព​គ្នា ក៏ដូចជា​ច្បាប់ សម្រាប់អ្នកទេសចរ​ប​រទេស​ចូល និង​ស្នាក់នៅ​ក្នុងប្រទេស​ដទៃទៀត។

ច្បាប់​នេះ​មាន​សារៈសំខាន់ ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា ដែល​មិនមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ជប៉ុន​ទេ។

ចាប់តាំងពី​បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ជាមួយ​អាស៊ាន​ក្នុង​ឆ្នាំ ២០០៨ ប្រទេស​ជប៉ុន បាន​ជំរុញ​ទៅមុខ​ជាមួយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ពហុភាគី​ដទៃទៀត ដូចជា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ដែលមាន​សមាជិក​ចំនួន១១ និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ជាមួយ​សហភាព​អឺរ៉ុប។

ប្រទេស​ជប៉ុន​ក៏​ចូលរួម​ផងដែរ នៅក្នុង​ការចរចា​រស​ម្រា​ប់​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ដែលជា​កតិកាសញ្ញា​ពាណិជ្ជកម្ម​សេរី ដែល​នឹង​រួមបញ្ចូល​អាស៊ាន​រួមជាមួយ​ប្រទេស​ដទៃទៀត​រួមមាន​ចិន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់។

ការចរចា​លើ​កិច្ចព្រមព្រៀង ដែល​ត្រូវបាន​គេ​ស្គាល់​ថា RCEP នឹងត្រូវ​បញ្ចប់​នៅក្នុង​ឆ្នាំនេះ ទោះបី​ការដកខ្លួន​ចេញ ពី​ប្រទេស​ឥណ្ឌា​បណ្តាលឱ្យមាន​ភាពមិនប្រាកដ​ប្រជា​ក៏ដោយ៕

ការសិក្សា៖ ទីក្រុង​ភ្នំពេញ​បានប្រែក្លាយ​ទៅជា​ទីក្រុង​សម្រាប់​ទីស្នាក់ការ​កណ្តាល​របស់វិស័យ​ឯកជន និង​សាធារណៈ

ដោយៈ ប៊ី

ភ្នំពេញៈ ខណៈ​ការអភិវឌ្ឍ​ទីក្រុង​មាន​ល្បឿន​លឿន និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធធំៗ បាន​លាតសន្ធឹង​នៅលើ​ផ្តេក​ទន្លេមេគង្គ​រាជធានី​ភ្នំពេញ បាន​ផ្លាស់ប្តូរ​រូបរាង​របស់ខ្លួន ដែល​ពោរពេញ​ទៅដោយ​តំបន់​ពាណិជ្ជ អាជីវកម្ម និង​ទេសចរណ៍​ប្រកបដោយ​សក្តានុពល។

របាយការណ៍​ក្រុមហ៊ុន C9 Hotelworks បានបង្ហាញ​ពី​កំណើន​ប្រកបដោយ​ចីរភាព​ផងដែរ ដោយសារតែ​ការមកដល់​របស់​អ្នកដំណើរ បានកត់សំគាល់​អត្រាកំណើន​សេដ្ឋកិច្ច​ពីរ​ខ្ទង់​ពី​ឆ្នាំ២០១២ ដល់​ឆ្នាំ ២០១៨ ដោយ​អត្រាកំណើន​ប្រចាំឆ្នាំ CAGR (១៨ ភាគរយ)។

ច្បាស់​ណាស់ កត្តា​ជំរុញ​សំខាន់​នៃ​ការផ្លាស់ប្តូរ​សម្រាប់ “ទីក្រុង” គឺជា​ទីស្នាក់ការ​កណ្តាល​របស់​វិស័យ​ឯកជន និង​សាធារណៈ និង​ទីតាំង​យុទ្ធសាស្ត្រ​សម្រាប់​គម្រោង​គំនិត​ផ្តួ ច​ផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ (BRI) ដ៏​មាន​មហិច្ឆតា​របស់​ចិន។ គម្រោង BRI ឥឡូវនេះ​លាតសន្ធឹង​ពាសពេញ​ប្រទេស​កម្ពុជា ហើយរ​ត់ទៅ​ខាងត្បូង​ឈូង​សមុទ្រ​ថៃ និង​ទៅដល់​សមុទ្រ​ចិន​ខាងត្បូង។

ការសិក្សា​នេះ​បាន​បង្ហាញថា អាស៊ី​គឺជា​ប្រភព​ប្រភព​អ្នកទេសចរ​លេចធ្លោ ដែល​តំណាងឱ្យ​ចំណែក​ទីផ្សារ ៧៩ភាគរយ។ ការសិក្សា​នេះ​បាន​បន្ថែមថា ៦៦ភាគរយ នៃ​ចរាចរណ៍​ក្នុង​តំបន់​មកពី​ប្រទេស​ចិនដីគោក។

ប្រទេស​ចិន​នាំមុខ​ទីផ្សារ​ប្រភព​ភូមិសាស្ត្រ​ខ្ពស់​ជាងគេ ដោយ​គ្របដណ្តប់​ចំនួន៥២ភាគរយ បន្ទាប់មក​គឺ​ប្រទេស​ម៉ាឡេស៊ី(៦ ភាគរយ) សហរដ្ឋអាមេរិក (៥ ភាគរយ) ជប៉ុន (៤ ភាគរយ) និង​ថៃ (៤ ភាគរយ) ។

ឆ្លុះបញ្ចាំង​ពី​វិធី​ដែល​អ្នកធ្វើដំណើរ​ទៅ​ក្រៅប្រទេស កំពុងធ្វើដំណើរ​ទៅក្នុង​វិស័យ​សេវាកម្ម​ស្នាក់នៅ​របាយការណ៍ C9 បាន​បង្ហាញថា មាន​សណ្ឋាគារ​ចំនួន៣១៣ដែលមាន​បន្ទប់ ១៩.៣៣៧ និង​ផ្ទះសំណាក់​ចំនួន៥២៣ នៅក្នុង​រាជធានី​ភ្នំពេញ។

សញ្ញា​ច្បាស់​អំពី​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ដែល​ជះឥទ្ធិពល​ដល់​វិស័យ​បដិសណ្ឋារកិច្ច​ត្រូវបាន​បង្ហាញថា បច្ចុប្បន្ន​មាន​សណ្ឋាគារ​ថ្មី​ចំនួន១៥ កំពុងដំណើរការ​ជាមួយ​បន្ទប់​ចំនួន ៧.៨៤៩ ខណៈ​គម្រោង ១៣ទៀត នឹង​ចូល​ទីផ្សារ​នាពេលខាងមុខ។

ចំពោះ​វិស័យ​សណ្ឋាគារ​នៅ​ទីក្រុង មាន​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​ចំពោះ​កំណើន​សណ្ឋាគារ​ថ្មី និង​ធំ​ជាង​មុន។

លោក Bill Barnett នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន C9 បាន​មានប្រសាសន៍ថា “២ ឆ្នាំ​ខាងមុខ​នឹងមាន​ការផ្លាស់ប្តូរ​ដ៏​ធំ​មួយ នៅក្នុង​ការផ្គត់ផ្គង់​ក​ន្លែ​ង​ស្នាក់នៅ ខណៈដែល​យីហោ​ថ្មី១០ ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​ផ្គត់​ផ្គ ង់​នៅ​ចន្លោះ​ពេលនេះ​និង ២០២២ ។ ផ្នែក​ផ្សេងទៀត​រួមមាន​ភ្ញៀវទេសចរ និង​វិស័យ​សាជីវកម្ម។

លោក​បាន​បន្តថា “ទីក្រុង​ភ្នំពេញ​ស្ថិតក្នុង​ទីតាំង​កណ្តាល នៃ​ច្រកចេញចូល​ពាណិជ្ជកម្ម​របស់​តំបន់​អាស៊ី ដូចនឹង​មណ្ឌល​ច្រកចេញចូល​នៅ​ទីក្រុង​ហ្សា​ការ​តា និង​រ៉ង់​ហ្គូ​ន” ៕

ចំណេះដឹង! តើ​លក្ខន្តិកៈ​ក្រុមហ៊ុន​គឺជា​អ្វី?

ដោយ វុត្ថា

ភ្នំពេញៈ ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម ជាពិសេស​ត្រង់​មាត្រា៨៨ មិនបាន​កំណត់​និយមន័យ​នៃ​ពាក្យ “លក្ខន្តិកៈ” ឲ្យ​បានច្បាស់លាស់​ទេ។

យោងតាម​សន្ទានុក្រម ផ្នែក​រដ្ឋប្បវេណី ក្នុង​ក្រមរដ្ឋប្បវេណី “លក្ខន្តិកៈ” សំដៅ​ដល់​លិខិត​បង្កើត​នីតិបុគ្គល ដែលមាន​ចុះ​និទ្ទេស​ចាំបាច់ ខ្វះ​មិនបាន​អំពី​ចំណុចសំខាន់ៗដូចជា​គោលបំណង នាម​ករ​ណ៍ ទីតាំង​នៃ​ទីស្នាក់ការ​កណ្តាល ។ល។

អនុលោម​តាមច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម មាត្រា៩៣លក្ខន្តិកៈ​ក្រុមហ៊ុន ត្រូវ​ចែង​នូវ​លក្ខខណ្ឌ​ដែលមាន​ជាអាទិ៍ (១) នា​មករ​ណ៍រ​បស់​ក្រុមហ៊ុន (២) ទីស្នាក់ការ​ចុះបញ្ជី​រប​ស់​ក្រុមហ៊ុន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (៣) កម្មវត្ថុ​អាជីវកម្ម​នៃ​ក្រុមហ៊ុន និង​ការកំណត់​នូវ​អាជីវកម្ម ដែល​ក្រុមហ៊ុន​នោះ​ធ្វើ​ពាណិជ្ជកម្ម (៤) ដើមទុន​ដែល​ត្រូវ​ប្រកាស​ជា​រូបិយវត្ថុ​ជាតិ (៥) ចំណាត់​ប្រភេទ ចំនួន​អតិបរមា​នៃ​ភាគហ៊ុន តម្លៃ​ចារឹក​លើ​ប័ណ្ណ​ភាគហ៊ុន និង​ការរៀបរាប់​ពី​សិទ្ធិ ឯកសិទ្ធិ ការ​រឹតត្បិត និង​លក្ខខណ្ឌ​ទាំងឡាយ​ដែល​ភ្ជាប់​ទៅនឹង​ប្រភេទនីមួយៗនៃ​ប័ណ្ណ​ភាគហ៊ុន​នោះ (៦) ឈ្មោះ និង​អាសយដ្ឋាន​ពិតប្រាកដ​របស់ សមាជិក​ក្រុមហ៊ុនម្នាក់ៗ (៧) ចំនួន​អភិបាល ឬ​ចំនួន​អប្បបរមា និង​អតិបរមា​នៃ​អភិបាល​របស់​ក្រុមហ៊ុន​នោះ។

បន្ថែម​ពីនេះ​លក្ខន្តិកៈ​ក្រុមហ៊ុន​ត្រូវ​រួមបញ្ចូល​ផងដែរ នូវ​រាល់​ចំណុច​ផ្សេងទៀត​តាម​ករណី​ចាំបាច់។ មាត្រា៩៤ចែងថា លក្ខន្តិកៈ​ក្រុមហ៊ុន​អាចធ្វើ​ឡើង តាម​រូប​ភាពជា​លិខិត​រវាង​ឯកជន ឬ​ជា​លិខិត​សារការី ហើយ​គ្រប់​ទំព័រ​នៃ​លក្ខន្តិកៈ​របស់​ក្រុមហ៊ុន ត្រូវ​ចុះហត្ថលេខា ឬ​ហត្ថលេខា​សង្ខេប​ដោយ​សមាជិក​ទាំងអស់រ​បស់​ក្រុមហ៊ុន​នោះ៕

រដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ពាណិជ្ជកម្មមួយចំនួនដើម្បីធានាការពារអត្ថប្រយោជន៍ វិស័យជននិងសាធារណៈ

ដោយវុត្ថា

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្ត និងពិនិត្យលើការធ្វើវិសោធនកម្មច្បាប់មួយចំនួន ដើម្បីបម្រើនិងធានាការពារអត្ថប្រយោជន៍វិស័យជន និងសាធារណៈ ជាពិសេសធ្វើទំនើបកម្មឱ្យឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្នភាព នៃការរីកចំរើនលើវិស័យពាណិជ្ជកម្ម។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម នៅក្នុងពិធីផ្លាស់ប្តូរតំណែងប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះបញ្ជាក់ថា ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងពិនិត្យលើការធ្វើវិសោធនកម្មច្បាប់មួយចំនួននេះ ក្នុងគោលបំណងទប់ស្កាត់ ការលក់មិនស្មោះត្រង់ និងបង្ហោះពាក្យពេចន៍ រូបភាព មិនប្រកបតាមក្រមសីលធម៌ជាដើម។

លោករដ្ឋមន្ត្រីបន្តថា “ក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា២០១៩-២០២៣ ជាផែនទីបង្ហាញផ្លូវមានភាពស៊ីសង្វាក់គ្នា និងប្រទាក់ក្រឡាជាមួយយុទ្ធសាស្រ្តចតុកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម២០១៥-២០២៥ និងគោលនយោបាយជាតិមួយចំនួនទៀត ហើយនៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ២០១៩-២០២៣”។

លោករដ្ឋមន្ត្រីបន្ថែមថា ជាមួយគ្នានេះក៏មានការសិក្សាលម្អិតលើវិស័យស្ដីពី ឧស្សា​ហកម្មធុនស្រាលសម្រាប់ពង្រីក និងធ្វើពិពិធកម្មសម្រាប់ការនាំចេញ ដែលក្នុងការសិក្សានេះ ក៏បានផ្ដោតផងដែរលើការពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងការតភ្ជាប់ Backward Linkage ជាមួយនឹងឧស្សាហកម្មធំៗ ដូចជាវិស័យកាត់ដេរជាដើម។

លោករដ្ឋមន្ត្រីបញ្ជាក់ពីភាពជោគជ័យ ក្នុងការបញ្ចប់កិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលអាចនឹងត្រូវចុះហត្ថលេខានាពេលខាងមុខដ៏ខ្លី ដោយលោកហៅកិច្ចព្រមព្រៀងនេះ នឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា ឱ្យទទួលបានផលចំណេញពីការអនុគ្រោះពន្ធ ក្នុងការនាំទំនិញចេញទៅប្រទេសចិន មានន័យថានៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន ទំនិញជាច្រើនមុខ នឹងត្រូវទម្លាក់ពន្ធនាំចូលដោយស្វ័យប្រវត្តិ។

លោករដ្ឋមន្ត្រីប៉ាន សូរស័ក្តិបានបន្ថែមថា ក្រៅពីចិន និងកូរ៉េខាងត្បូង កម្ពុជាក៏គ្រោង នឹងធ្វើការចរចាយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសផ្សេងៗទៀត តួយ៉ាងប្រទេសអង់គ្លេស អាមេរិក ជប៉ុន ម៉ុងហ្គោលី ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU) ដែលមានសមាជិកចំនួន៥ គឺប្រទេសអាមេនី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងសហព័ន្ធរុស្ស៉ីផងដែរ។  ក្រៅពីនោះក្រសួងពាណិជ្ជកម្ម ក៏បានបង្កើតក្រុមការងារ ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាជាមួយប្រទេសគោលដៅទាំងអស់នេះ រួចរាល់អស់ហើយដែរ៕

រដ្ឋាភិបាលជំរុញពង្រីកសក្តានុពលបង្កើតរោងចក្រផលិតចំណីសត្វនៅកម្ពុជា ឱ្យបានច្រើន

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាតាមរយៈស្ថាប័នពាក់ព័ន្ធ បានជំរុញការពង្រីកសក្តានុពលវិនិយោគលើការបង្កើតកសិដ្ឋានចិញ្ចឹមសត្វ រោងចក្រផលិតចំណីសត្វ និងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដើម្បីបង្កើតការងារនៅមូលដ្ឋានដោយផ្ទាល់ជូនពលរដ្ឋ។

នេះបើតាមលទ្ធផលកិច្ចប្រជុំតុមូលស្តីពី ផលិតកម្មចំណីសត្វសម្រាប់ឧស្សាហកម្មក្នុងស្រុក និងកសិដ្ឋាននៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២០នេះ  ក្រោមអធិបតីភាព លោកចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍  និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កិច្ចប្រជុំតុមូលនេះ ត្រូវបានធ្វើឡើងជាមួយអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជនផងដែរ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យ អំពីលទ្ធភាពរបស់ប្រទេសកម្ពុជាក្នុងការផលិតចំណីសត្វ តម្លៃអគ្គិសនី បញ្ហាប្រឈមពាក់ព័ន្ធ SME ដើម្បីបង្កើនភាពម្ចាស់ការ ការវិនិយោគក្នុងស្រុក កាត់បន្ថយការនាំចូល និងការធ្វើចំណាកស្រុករបស់ប្រជាពល​រដ្ឋជាដើម។

កិច្ចប្រជុំតុមូលនាពេលនេះ បានធ្វើការពិភាក្សាលើបញ្ហាប្រឈមទាំងឡាយរបស់កសិករនៅក្នុងខ្សែច្រវ៉ាក់នៃការចិញ្ចឹមសត្វ និងការធ្វើវារីវប្បកម្ម ដើម្បីឈានទៅដល់ការធ្វើផលិតកម្មរបស់ខ្លួន ប្រកបដោយការប្រគួតប្រជែង បានជាមួយប្រទេសជិតខាង ដោយបានជាសំខាន់ទីលើប្រធានបទដូចខាងក្រោម ទី១ លើកកម្ពស់ផលិតភាពផលិតកម្មចំណីសត្វក្នុងស្រុកប្រកបដោយគុណភាពឲ្យបានគ្រប់គ្រាន់ និងមានភាពប្រគួតប្រជែង។

ទី២ ធានាបរិមាណផ្គត់ផ្គង់សាច់សត្វ និងត្រីឱ្យដល់ទីផ្សារក្នុងស្រុកគ្រប់គ្រាន់ប្រកបដោយគុណភាព និងសុវត្ថិភាព។ ទី៣ ចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់អ្នកចិញ្ចឹមរបស់កសិករ  និងទី៤ ពង្រីកសក្តានុពលវិនិយោគ លើការបង្កើតកសិដ្ឋានចិញ្ចឹមសត្វ រោងចក្រផលិតចំណីសត្វ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងបង្កើតការងារនៅមូលដ្ឋានផ្ទាល់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងពិធីជួបសំណេះ​សំណាលជាមួយកសិករ វារីវប្បករនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីទឹកសាបបាទី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅស្រុកពាមរក៍ ខេត្តព្រៃវែងបានជំរុញឱ្យស្ថាប័នពាក់ព័ន្ធនានា ជាពិសេសវិស័យឯកជនបង្កើតរោងចក្រ សហគ្រាស ប្រើប្រាស់សក្តានុពលនៅក្នុងស្រុក បញ្ជៀសការនាំចូលនូវផលិតផលពីក្រៅប្រទេស៕