គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​ថ្មី​នៅ​ខេត្តកំពត​នឹងត្រូវ​បញ្ចប់​ក្នុងពេល​ដ៏​ខ្លី​ស្របតាម​ផែនការមេ

0

ដោយៈ រ៉ា​ណេ​ត

កំ​ពតៈ គម្រោង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​ខ្សាច់​ថ្មី លើកដំបូង​នៅក្នុង​ខេត្តកំពត ត្រូវបាន​រដ្ឋបាលខេត្ត ជំរុញ​ឱ្យ​ក្រុម​ន​ហ៊ុន​ទទួល​សិទ្ធិ​វិនិយោគ បង្កើនល្បឿន​ឱ្យបាន​លឿន​បំផុត ដោយ​អនុវត្ត​ទៅតាម​គម្រោង និង​ផែនការមេ​ដែល​បានកំណត់ ដើម្បី​បង្កើន​សមត្ថភាព​ទទួល​កំណើន​ទេសចរ​ជាតិ និង​អន្តរជាតិ ដែលជា​ផែនការ​របស់​រាជរដ្ឋាភិបាល។

ជាថ្មី​ម្ដងទៀត​អភិបាល​ខេត្តកំពត លោក​ជាវ តា​យ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​បន្ទាន់​នៅ​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ស្ដីពី ផែនការអភិវឌ្ឍន៍​នៅ​តំបន់ឆ្នេរ​ខ្សាច់​ថ្មី ស្ថិតនៅក្នុង​ឃុំ​បឹង​ទូក​ស្រុក​ទឹកឈូ ខេត្តកំពត ដើម្បី​ប្រាកដ​ពី​លទ្ធភាព​នៃ​ល្បឿន អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ក្នុងការ​ប្រែក្លាយ​តំបន់​នេះ ទៅជា​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​សមុទ្រ​ដ៏​ទាក់ទាញ ក្នុង​រយៈពេល​ដ៏​ខ្លី ពោលគឺ​អាច​ទទួល​ទេសចរ​នៅត្រឹម​ដំណាច់ឆ្នាំ២០២០ ។

ក្នុង​កិច្ចប្រជុំ​នេះ ក៏បាន​ពិភាក្សា​លើ​សេចក្ដីព្រាង​សេចក្ដីសម្រេច​ស្ដីពី ការបង្កើត​គណៈកម្មកា​រ និង​អនុគណ:កម្ម​ការអភិវឌ្ឍ រមណីយដ្ឋាន​ខ្សាច់​ថ្មី​នេះ​ផងដែរ។

លោក​ជាវ តា​យ អភិបាលខេត្ត បាន​មានប្រសាសន៍​រំលឹក​បញ្ជាក់ថា គម្រោង​កិច្ច​អភិវឌ្ឍ រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​ថ្មី​នេះ ធ្វើយ៉ាងណា​ជំរុញ​ល្បឿន​អភិវឌ្ឍន៍​ឆ្នេរ​ខ្សាច់​អោយបាន​ឆាប់​ដើម្បី​បំរើភ្ញៀវ​ទេសចរ។

គម្រោង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​ខ្សាច់​ថ្មី ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិសាស្ត្រ ដូច​បានបង្ហាញ​ខាងលើនេះ ត្រូវបាន​ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន (អាយ.ជី.ប៊ី) Cambodia Co.ltd ។

បច្ចុប្បន្ន ខេត្តកំពត​មាន​ឆ្នេរសមុទ្រ​ប្រវែង៧៦គីឡូម៉ែត្រ ប៉ុន្តែ​ខេត្ត​នេះ​នៅ​មិនទាន់មាន​ឆ្នេរ​ខ្សាច់ សម្រាប់​ភ្ញៀវទេសចរ​មក​កំសាន្ត​នៅឡើយ ដូច្នេះហើយ​ទើប​រដ្ឋបាលខេត្ត​រៀបចំ​តំបន់ឆ្នេរ​ខ្សាច់​មួយចំនួន សម្រាប់​ជាទី​តាំង​កម្សាន្ត ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ មក​សម្រាកលំហែរ​ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក និង​ពិធីបុណ្យផ្សេង។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក សយ ស៊ី​ណុល បាន​ប្រាប់​ឱ្យដឹងថា ខេត្តកំពត​នៅពេល​បច្ចុប្បន្ននេះ មិនទាន់មាន​ឆ្នេរ​ដូច​បណ្តា​ខេត្ត ដែល​នៅជាប់​មាត់សមុទ្រ​មួយចំនួន​របស់​កម្ពុជា​នោះទេ ហើយ​ទីតាំង​ឆ្នេរ​ដែល​បាន​នឹង​កំពុង​រៀបចំ​នេះ ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ទី​រួម​ខេត្ត និង​នៅ​ជិត​រមណីយដ្ឋាន​ភ្នំ​បូកគោ  ព្រមទាំង​នៅ​មិន​ឆ្ងាយ​ពី​រមណីយដ្ឋាន​ទឹកឈូ ពោល​ឆ្នេរ​ថ្មី​នេះ គឺមាន​ទីតាំង​ល្អ​សម្រាប់​ភ្ញៀវទេសចរ​មក​កំសាន្ត។

លោក​បាន​បន្តទៀតថា នៅពេល​ភ្ញៀវទេសចរ​មកលេង នៅក្នុង​តំបន់ឆ្នេរ​ទាំងនេះ​កាន់តែច្រើន វា​នឹង​ផ្តល់​ចំណូល​ដល់​ពលរដ្ឋ​មូលដ្ឋាន ហើយ​ម្យ៉ាងទៀត​ក៏​ផ្តល់​ចំណូល​ដល់​សេដ្ឋកិច្ច​ក្នុង​ខេត្ត តាមរយៈ​វិស័យ​ទេសចរណ៍ ដែលជា​ចលករ​យ៉ាងសំខាន់​នៅក្នុង​កំណើន​សេដ្ឋកិច្ចជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here