ដោយ វុត្ថា
ភ្នំពេញៈ ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ជាពិសេសត្រង់មាត្រា៨៨ មិនបានកំណត់និយមន័យនៃពាក្យ “លក្ខន្តិកៈ” ឲ្យបានច្បាស់លាស់ទេ។
យោងតាមសន្ទានុក្រម ផ្នែករដ្ឋប្បវេណី ក្នុងក្រមរដ្ឋប្បវេណី “លក្ខន្តិកៈ” សំដៅដល់លិខិតបង្កើតនីតិបុគ្គល ដែលមានចុះនិទ្ទេសចាំបាច់ ខ្វះមិនបានអំពីចំណុចសំខាន់ៗដូចជាគោលបំណង នាមករណ៍ ទីតាំងនៃទីស្នាក់ការកណ្តាល ។ល។
 
-->
 
 
អនុលោមតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម មាត្រា៩៣លក្ខន្តិកៈក្រុមហ៊ុន ត្រូវចែងនូវលក្ខខណ្ឌដែលមានជាអាទិ៍ (១) នាមករណ៍របស់ក្រុមហ៊ុន (២) ទីស្នាក់ការចុះបញ្ជីរបស់ក្រុមហ៊ុន នៅក្នុងព្រះរាជាណាចក្រកម្ពុជា (៣) កម្មវត្ថុអាជីវកម្មនៃក្រុមហ៊ុន និងការកំណត់នូវអាជីវកម្ម ដែលក្រុមហ៊ុននោះធ្វើពាណិជ្ជកម្ម (៤) ដើមទុនដែលត្រូវប្រកាសជារូបិយវត្ថុជាតិ (៥) ចំណាត់ប្រភេទ ចំនួនអតិបរមានៃភាគហ៊ុន តម្លៃចារឹកលើប័ណ្ណភាគហ៊ុន និងការរៀបរាប់ពីសិទ្ធិ ឯកសិទ្ធិ ការរឹតត្បិត និងលក្ខខណ្ឌទាំងឡាយដែលភ្ជាប់ទៅនឹងប្រភេទនីមួយៗនៃប័ណ្ណភាគហ៊ុននោះ (៦) ឈ្មោះ និងអាសយដ្ឋានពិតប្រាកដរបស់ សមាជិកក្រុមហ៊ុនម្នាក់ៗ (៧) ចំនួនអភិបាល ឬចំនួនអប្បបរមា និងអតិបរមានៃអភិបាលរបស់ក្រុមហ៊ុននោះ។
បន្ថែមពីនេះលក្ខន្តិកៈក្រុមហ៊ុនត្រូវរួមបញ្ចូលផងដែរ នូវរាល់ចំណុចផ្សេងទៀតតាមករណីចាំបាច់។ មាត្រា៩៤ចែងថា លក្ខន្តិកៈក្រុមហ៊ុនអាចធ្វើឡើង តាមរូបភាពជាលិខិតរវាងឯកជន ឬជាលិខិតសារការី ហើយគ្រប់ទំព័រនៃលក្ខន្តិកៈរបស់ក្រុមហ៊ុន ត្រូវចុះហត្ថលេខា ឬហត្ថលេខាសង្ខេបដោយសមាជិកទាំងអស់របស់ក្រុមហ៊ុននោះ៕