រដ្ឋាភិបាលនឹងសាងសង់កំពង់ផែថ្មីមួយនៅខេត្តស្វាយរៀងដើម្បីសម្រួលពាណិជ្ជកម្ម ជាមួយវៀតណាម

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋបាលខេត្តស្វាយរៀបាន នឹងកំពុងសាងសង់កំពង់ផែថ្មីមួយ ដើម្បីសម្រួ​លដល់ការដោះដូរទំនិញតាមផ្លូវទឹក ជាមួយខេត្តឡុងអាន នៃប្រទេសវៀតណាម ខណៈខេត្តជាប់ព្រំដែនមួយនេះ មានសក្តានុពលខ្ពស់លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

យោងតាមការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តស្វាយរៀង កាលពីពេលថ្មីៗនេះបាន ឱ្យដឹងថា បច្ចុប្បន្ននេះ វឌ្ឍនភាព នៃគម្រោងកសាងកំពង់ផែ និងការស្តារទន្លេវ៉ៃគោដោយនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក នៃក្រសួងសាធារណៈការ និងដឹកជញ្ជូនសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង គិតមកដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ ការងារបូមស្តារទន្លេវ៉ៃគោសម្រេចបានដូចខាងក្រោម៖

១-អ៊ិចស្កាវទ័រ ជីកស្តារចាប់ដីទន្លេបោះបានប្រវែង ៤,៥០០ម៉ែត្រ។ ២-ម៉ាស៊ីនបូមសំអាតបាតទន្លេ បានប្រវែង៥០០ម៉ែត្រចាប់ពីបង្គោល0+100 ពីកំពង់ផែតាស្អាងឆ្ពោះទៅច្រកទ្វាព្រំដែនយ៉ាំដូងខេត្តស្វាយរៀងកម្ពុជា- យិនហ៊ឹងខេត្តឡុងអានប្រទេសវៀតណាម។

រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ថា ការកសាងកំពង់ផែ និងស្តារផ្លូវទឹក នៃទន្លេវ៉ៃគោនេះ មានទីតាំងកំពង់ផែស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលកំពុងដំណើរការស្ថាបនានាពេលនេះ និងផ្តល់អត្ថប្រយោជន៍ជាច្រើន ក្នុងការសម្រួល ដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ទៅមករវាងខេត្តស្វាយរៀងប្រទេសកម្ពុជានិងខេត្តឡុងអានប្រទេសវៀតណាមនៅថ្ងៃអនាគត។

ប្រភពដដែលបន្តទៀតថា កន្លងមកការដោះដូរទំនិញ តាមផ្លូវទឹក នៃផែតាស្អាងនេះ គឺមានច្រើនជាពិសេសស្រូវ ក៏ប៉ុន្តែដោយទន្លេវ៉ៃគោ គោករាក់ និងមានកំប្លោកច្រើនពិបាកក្នុងការធ្វើចរាចរណ៍ កាណូត ទើបរដ្ឋបាលខេត្តស្វាយរៀង លើកគម្រោងស្តារទន្លេវ៉ៃគោ ឲ្យបានជ្រៅ និងធំទូលាយងាយស្រួលធ្វើចរាចរណ៍ ទូកកាណូតចេញចូលបានងាយស្រួល និងកសាងកំពង់ផែរឲ្យបានល្អប្រសើរមានស្តង់ដា ដើម្បីអាជីវករចេញចូលរថយន្តដឹកទំនិញបានងាយស្រួល៕

រដ្ឋាភិបាលកម្ពុជា-ចិននឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៦ខែមិថុនាពិភាក្សារឿងស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា គ្រោងនឹងត្រៀមរៀបចំកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីស្ដារសេដ្ឋកិច្ចកម្ពុជា ក្រោមបញ្ចប់វិបត្តិនៃជំងឺឆ្លង Covid-19 ដោយមានលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេសចិន និងជាសហប្រធានខាងភាគីចិនចូលរួមផងដែរ។

នេះបើតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកបានបញ្ចប់កិច្ច ប្រជុំផ្ទៃក្នុងគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនស្តីពីភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនាតែរួមកម្ពុជា-ចិន នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងបានបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការភាគីកម្ពុជា មានការអញ្ជើញចូលរួម ពីសមាជិក-សមាជិកាគណៈកម្មាធិការកម្ពុជា ដើម្បីត្រៀមចូលរួម កិច្ចប្រជុំតាមរយៈវីដេអូខនហ្វឺរេន (Video Conferrence) នៅថ្ងៃទី១៦ ខែមិថុនាខាងមុខ ជាកិច្ចប្រជុំធំជាមួយភាគីចិន ដែលនឹងមានការពិភាក្សាគ្នា លើរបៀបវីរៈថា តើកិច្ចសហការរវាងកម្ពុជា-ចិនកន្លងមក មានលក្ខណៈយ៉ាងណា ហើយទៅពេលអនាគត នឹងបន្តសហការគ្នាយ៉ាងណាបន្ថែមទៀត ដើម្បីស្តារសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ ក្រោ​យពីវិបត្តិ Covid-19 ដោយសារតែជំងឺ Covid-19 នេះ បានប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យសេដ្ឋកិច្ច មិនមែនតែក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែគឺសកលលោកទាំងមូល។

ចាប់តាំងពីឆ្នាំ២០១០មក កម្ពុជា-ចិន បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ក្រោមការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន, ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងកម្ពុជា និងលោក វ៉ាង យ៉ី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានចុះហត្ថលេខា លើផែនការ៥ឆ្នាំ ដើម្បីកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ដូច្នេះ ហើយទំនាក់ទំនងរវាងកម្ពុជាជាមួយចិន ជាទំនាក់ទំនងពិសេសលើគ្រប់ជ្រុងជ្រោយទាំងអស់៕

រដ្ឋាភិបាលបានអនុម័តប្លង់គោលប្រើប្រាស់ដីបានជាង១០០មូលដ្ឋានទីក្រុង ស្រុក ខ័ណ្ឌ ទូទាំងប្រទេស

ដោយវុត្ថា

ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  បានសម្រេចចេញប្លង់គោលប្រើប្រាស់ដីបានចំនួន១០១  នៅទូទាំងប្រទេសដោយក្នុងនោះ ថ្នាក់រាជរាធានី-ខេត្តចំនួន៣ និង ថ្នាក់ក្រុង ស្រុក ខណ្ឌ និងទីប្រជុំជនចំនួន ១៤  និងឃុំ សង្កាត់ចំនួន៨៤នៅទូទាំងប្រទេស។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគូរូបនីយកម្ម និងសំណង់ដែលផ្សព្វផ្សាយកាលពីខែឧសភា ថ្មីៗនេះបានបង្ហាញឱ្យដឹងថា ប្លង់គោលដែលប្រើប្រាស់ដីសម្រាប់ថ្នាក់រាជរាធានី-ខេត្តចំនួន ៣ រួមាន រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។

សម្រាប់ថ្នាក់ក្រុង ស្រុក ខណ្ឌ និងទីប្រជុំជនចំនួន១៤ រួមមាន ទីរួមខេត្តត្បូងឃ្មុំ ក្រុងបាត់ដំបង ទីប្រជុំជកោះរ៉ុង ក្រុងតាខ្មៅ ក្រុងកំពត ក្រុងកែប ក្រុងសៀមរាប ក្រុងខែមរភូមិន្ទ ក្រុងបូកគោ ក្រុងបាវិត ក្រុងប៉ោយប៉ែត ក្រុងស្ទឹងត្រែង ទីប្រជុំជនជ្រៃធំនៃស្រុកកោះធំ និងទីប្រជុំស្វាយអន្ទរ និង ថ្នាក់ឃុំសង្កាត់មានចំនួន ៨៤នៅទូទាំងប្រទេស។

នាយិការក្រុមហ៊ុន CBRE Cambodia ប្រចាំកម្ពុជា លោកស្រី អាន សុធីតាបានមានប្រសាសន៍ឱ្យដឹងដែរថា ការរៀបចំឱ្យមានការប្លង់គោលប្រើប្រាស់ដី នៅគ្រប់ខេត្តក្រុងនៅក្នុងប្រទេសកម្ពុជា បានផ្តល់នូវភាពងាយស្រួល ក្នុងការអភិវឌ្ឍក្រុង  និងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេលវែងទៅមុខទៀត ។

លោកស្រីបន្តថា “ការដាក់ឱ្យអនុវត្តឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពចំពោះប្លង់គោលប្រើប្រាស់ដីនេះ ដើម្បីបញ្ជៀសនូវហានិភ័យផ្សេងៗ ជាពិសេសលើការរៀបចំនគរូបនីយកម្ម និងសំណង់ក្នុងខេត្តក្រុងនានា”។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកសេង ឡូត បានឱ្យដឹងកាលពីពេលថ្មីៗនេះដែរថា  ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចធ្វើការកំណត់ ការប្រើប្រាស់ដីតាមប្លង់គោល នៅតាមបណ្តាស្រុក-ក្រុងនៅទូទាំងប្រទេស និងជាផែនការយុទ្ធសាស្ត្រ សម្រាប់បែងចែកនៃការប្រើប្រាស់ដី ដើម្បីឈានទៅរកការអភិវឌ្ឍ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននឹងកំពុងរៀបចំប្លង់គោលប្រើប្រាស់ដីនៅគ្រប់រាជធានី-ខេត្ត  និងរៀបចំទុកជាឯកសារយុទ្ធសាស្ត្រគោល បម្រើឱ្យមហិច្ឆិតារបស់រាជរដ្ឋាភិបាល និងគោលដៅ ទស្សនវិស័យដល់ឆ្នាំ២០៣៥ ក្នុងការគ្រប់គ្រងតំរង់ទិសការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត និងតំបន់ទីប្រជុំជនពាក់ព័ន្ធទាំងឡាយនៅជាប់ជុំវិញ ឆ្លើយតបបាននឹងកំណើននៃការវិនិយោគឯកជន និងចំនួនប្រជាជន តាមរយៈការតម្រង់ទិស និងជម្រុញការវិនិយោគសាធារណៈ ស្របតាមរបបសេដ្ឋកិច្ចទីផ្សារសេរី និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ៕

អ្នកជំនាញៈចរន្ដទីផ្សារអចលនទ្រព្យកម្ពុជាក្នុងត្រីមាសទី២ចាប់ផ្តើម មានដង្ហើមឡើងវិញ

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញបាននិយាយថា នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២០ ចរន្តនៃទីផ្សារអចលនទ្រព្យកម្ពុជា បានចាប់ផ្តើមមានសកម្មភាព ឡើងវិញជាបណ្តើរៗហើយ ដែលក្នុងនោះរាប់ទាំងសកម្មភាពនៃការអភិវឌ្ឍ ក៏ដូចជាការទិញ-លក់នៅលើទីផ្សារផងដែរ។

ជាមួយនឹងសកម្មភាព នៃការសាងសង់សំណង់អាគារនានា ទាំងនៅកណ្តាលរាជធានីភ្នំពេញ ក៏ដូចជានៅតាមតំបន់ជាយក្រុង បានចាប់ផ្ដើមបន្តដំណើរការឡើងវិញហើយ ជាពិសេសគម្រោងសាងសង់លំនៅដ្ឋានតម្លៃមធ្យមក្រោម១០ម៉ឺនដុល្លារ។

នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ នេះថា ពេលនេះ អ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យ ក្នុងស្រុកមួយចំនួនធំ ចាប់ផ្ដើមចេញធ្វើសកម្មភាពវិញហើយ បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយៈក្រោមភាពភ័យខ្លាចជំងឺឆ្លង។

លោកស្រីបន្តទៀតថា “មិនថាចំពោះតែអ្នករកស៊ី ទិញ-លក់ អចលនទ្រព្យ ឬដីធ្លីនោះទេ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកខ្លះ ក៏ចាប់ផ្តើមធ្វើសកម្មភាពឡើងវិញដែរ ជាពិសេសក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានមួយចំនួន ដែលស្ថិតនៅតាមតំបន់ជាយក្រុងជុំវិញរាជធានីភ្នំពេញ”។ លោកស្រីបន្តថា “ខ្ញុំបានឃើញ មិនថានៅតំបន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៣ លេខ១ឬតំបន់គួរស្រូវនោះទេ មានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងតែបន្តសកម្ម​ភាពសាងសង់សម្រូវបំពេញតម្រូវការទីផ្សាររបស់ពួកគេ”។

ជាមួយនឹងការលើកឡើងខាងលើនេះ នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានបញ្ជាក់ថា សម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋាន នៅតាមតំបន់ជាយក្រុង ដូចដែលបានរៀបរាប់ខាងលើនេះ ភាគច្រើនជាប្រ​ភេទលំនៅដ្ឋានតម្លៃសមរម្យក្រោម១០ម៉ឺន ហើយក៏មានតម្លៃក្រោម៧ម៉ឺន ដែលជាប្រភេទលំនៅដ្ឋានរួចផុតពន្ធប្រថាប់ត្រាផងដែរ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោក ច្រឹក សុខនីម ធ្លាប់បានទទួលស្គាល់ ដែលវិស័យនេះមានសកម្មភាពល្អប្រសើរឡើងវិញ ប៉ុន្តែវាស្ថិតនៅក្នុងស្ថានភាពដែលនៅមានកម្រិតនៅឡើយ។

លោកមានប្រសាសន៍ថា “តាមរយៈសកម្មភាពការងាររបស់បុគ្គលិក ដែលជាភ្នាក់​ងារ បានបង្ហាញថា រយៈពេលខ្លីខុងក្រោយនេះ ពោលគឺចាប់ពីអំឡុងខែឧសភា ឆ្នាំ២០២០មក ចរន្តនៃទីផ្សារអចលនទ្រព្យ ក្នុងស្រុកចាប់ផ្តើមកម្រើកឡើងវិញ ប៉ុន្តែវានៅមានកម្រិតនៅឡើយ”។

លោកបានបន្តទៀតថា  ការចាប់ផ្ដើមងើបឡើងវិញ នៃចរន្តទីផ្សារនៅពេលនេះ ត្បិតថា នៅមិនទាន់ខ្លាំងក្លា បើធៀបទៅនឹងទីផ្សារក្នុងស្រុកកាលពីឆ្នាំកន្លងទៅ ប៉ុន្តែបើធៀបទៅនឹងទីផ្សារ នៃបណ្តាប្រទេសក្នុងតំបន់ គឺយើងមានភាពល្អប្រសើរជាងគេ ហើយសង្ឃឹមថាភាពល្អប្រសើរនេះ នឹងបន្តងើបឡើងបន្ថែមទៀត ដែលផ្ដើមចេញពីសកម្មភាពរបស់អ្នកវិនិយោគក្នុងស្រុក៕

ក្រុងព្រះសីហនុកំពុងវិវត្តន៍ខ្លួនដូចក្តាមកំពុង”សក”ឬ

ដោយគង់ សូរិយា

        ភ្នំពេញៈ រយៈពេលត្រឹម៣ឆ្នាំ ក្រុងព្រះសីហនុបានផ្លាស់ប្តូរមុខមាត់ស្ទើរមិនគួរឲ្យ​ជឿ សំណង់អាគារពាណិជ្ជកម្ម លំនៅដ្ឋាន ខុនដូ លូតទៅលើអាកាសដូចគេជប់ ប៉ុន្តែភាពអ៊ូអរបានប្រែជាស្ងប់ស្ងាត់យ៉ាងស្រងេះស្រងោច។

ទីក្រុងនេះ ត្រូវបានរដ្ឋាភិបាលដាក់បញ្ចូល ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដើម្បីប្រែក្លាយទឹកដីតំបន់ឆ្នេរ ដែលមានហេដ្ឋារចនាសម្ព័ន្ឋផ្លូវទឹក ផ្លូវអាកាស និងផ្លូវគោកនេះទៅជាតំបន់ឧស្សាហកម្មពេញលេញ ប្រៀបដដូចជាកូនក្រមុំទើបពេញវ័យ១៨ឆ្នាំចឹង។

          យ៉ាងណាក្តី ទីក្រុងដែលពោរពេញដោយកាស៊ីណូយ៉ាងព្រោងព្រាត និងការបិទឧស្សាហកម្មល្បែងនេះយ៉ាងតក់ក្រហល់ ពិសេសការមកដល់របស់Covid-19បានធ្វើឲ្យទីក្រុងនេះប្រែព៌ណយ៉ាងលឿន។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឳកាសចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវទាំង៣៤ខ្សែ នៅក្រុងព្រះសីហនុ កាលពីដើមសប្តាហ៍មុនបានមានប្រសា​សន៍ថា សម្តេចនឹងប្រែក្លាយទីក្រុងនេះ ជាទីក្រុងពហុបំណង ដោយរៀបចំហេដ្ឋារចនាសម្ព័ន្ឋ និងដាក់ចេញនូវគោលនយោបាយនានា ដើម្បីធ្វើយ៉ាងណាប្រែក្លាយទីក្រុងនេះជាទីក្រុងប្រកបដោយថាមពលសំរាប់សេដ្ឋកិច្ច និងពោរពេញដោយភាពស៊ីវិល័យ។

ជាមួយគ្នានេះសម្តេចតេជោបានជំរុញឲ្យមិត្តជប៉ុន ជួយពន្លឿនការសាងសង់កំពង់ផែទឹកជ្រៅ ដែលមានតែមួយគត់សំរាប់ប្រទេសនេះឲ្យបានឆាប់រហ័ស។

ជាមួយគ្នានេះព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុនឹងពង្រីកផ្លូវរត់ប្រវែងរហូតដល់៣៨០០ម៉ែត្រ ដែលយន្តហោះធំៗឆ្លងទ្វីបអាចចុះចតបាន។

ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុក៏បាននិងកំពុងសាងសង់យ៉ាងសកម្ម ហើយវាជាផ្លូវ១ដែលចារក្នុងប្រវត្តិសាស្រ្តកម្ពុជា ចិន ក្នុងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ​និងប្រទេសពីររួមវាសនាតែ១។

ជាមួយនឹងកំសួលដូចពពុះសាប៊ូ នៃកំនើនការវិនិយោគក្នុងស្រុក និងលំហូរទុនវិនិយោគពីបរទេស បានធ្វើឲ្យក្រុងព្រះសីហនុសព្វថ្ងៃ មានវត្តមានអាគារខ្ពស់ៗកប់ពពករាប់រយ ស្របពេលលំហូរទុនវិនិយោគក្នុងវិស័យសំណង់ និងអចលទ្រព្យមានទំហំទុនជាង១០០០លានដុល្លារចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩កន្លងមកនេះ។

ត្រលប់មកមើលស្ថានភាពអចលនទ្រព្យ ពិសេសតម្លៃដីធ្លីនៅក្រុងព្រះសីហនុ នាពេលបច្ចុប្បន្ន លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា តម្លៃអចលនទទ្រព្យពិសេសដីធ្លីនៅក្រុងព្រះសីហនុ បានឈាន​មកដល់ដំណាក់កាលមួយថ្មី ដោយតម្លៃអចលនទ្រព្យមានភាពសមស្របនឹងទំហំសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ឬរបស់ប្រទេសឡើងវិញ វាមិនឡើងខ្ពស់ដូចពីមុនពេកនោះទេ។

លោកបន្តថា “ការឈានមកដល់ដំណាក់កាលបែបនេះជារឿងប្រសើរ ព្រោះតម្លៃអាចចុះ និងមានភាពសមស្របនឹងបរិបទសង្គម និងសេដ្ឋកិច្ចកម្ពុជា”។

អ្នកតាមដានព៌តមាន និងដំណើរវិវត្តន៍នៃអចលនទ្រព្យកម្ពុជា លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកនៃគេហទំព័រPropertyarea.asiaបានមានប្រសាសន៍ថា តម្លៃនិងស្ថានភាពទូទៅនៅក្រុងព្រះសីហនុ មានសភាពដូចក្តាមសកអញ្ចឹងនាពេលនេះ ដែលធម្មតានៅពេលវាឡើងធំដល់កម្រិត វានឹងសកស្នូកចាស់ចេញ ដើម្បីផ្លាស់ប្តូរស្នូកថ្មី ដែលផ្តល់ឲ្យក្តាមនូវទំហំខ្លួនធំជាងមុន។លោកបន្តថា នៅពេលរង់ចាំស្នូករ៉ឹងឡើងវិញ វាត្រូវការពេលវេលាមួយរយៈ ដើម្បីឲ្យក្តាមមានខ្លួនរ៉ឹង និងមានថាមពលអាច “វា” ឡើងវិញបានលឿន។

លោកបន្តថា “ដូចគ្នានេះដែរ ក្រុងព្រះសីហនុ នឹងត្រូវការពេលវេលាដើម្បីបន្តនូវថាមពលឡើងវិញ ខណៈរដ្ឋាភិបាលត្រៀមបញ្ចប់ហេដ្ឋារចនាសម្ព័ន្ឋទាំង៣៤ខ្សែ និងដាក់ចេញគោលនយោបាយថ្មី ដើម្បីលើកទឹកចិត្ត និងទាក់ទាញការវិនិយោគបន្ថែមទៀត”។​លោកបន្ថែមថា “ពេលវេលានឹងនាំមកនូវថាមពលថ្មី ជាមួយនឹងវត្តមាននៃធុរជនចិន ព្រោះពួកគេនឹងមិនរត់ចោលកម្ពុជារហូតនោះទេ។

លោកយិន លាងគង់បានបន្ថែមថា “ក្រោយពេលភ្លៀងមេឃនឹងស្រឡះ ហើយក្រោយពេលក្តាមមានស្នូករ៉ឹងឡើងវិញ វានឹងមានទំហំទំ និងរត់លឿនជាងមុន”។

តើគេហដ្ឋានវីរៈស្ថាបត្យករវណ្ណ ម៉ូលីវណ្ណដែលដាក់លក់តម្លៃ៧លានដុល្លារមានលក្ខណៈពិសេសបែបណា?

ដោយគង់ សូរិយា

ភ្នំពេញៈ វីរៈស្ថាបត្យករកម្ពុជា លោកវណ្ណ ម៉ូលីវណ្ណបានបន្សល់ស្នាដៃជាច្រើនមុនពេលលោកបានលាកម្ពុជាដោយគ្មានថ្ងៃត្រលប់ រាប់ទាំងស្តាតអូឡាពិក សាលសន្និសីទចតុមុខ អាគារខ្យល់ក្នុងវិទ្យាស្ថានភាសាបរទេសជាដើម។


ជាមួយនឹងមរណៈភាពរបស់លោកយ៉ាងងស្ងៀមស្ងាត់មិនបានប៉ុន្មានឆ្នាំ ស្រាប់តែកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអចលនទ្រព្យIPS Cambodiaបានទទួលសិទ្ឋពីគ្រួសារ របស់លោកវណ្ណ ម៉ូលីវណ្ណដើម្បីលក់គេហដ្ឋានផ្ទាល់របស់លោក ដោយដាក់លក់តម្លៃ៧លានដុល្លារអាមេរិក។

គេហដ្ឋានស្ថាបត្យករដ៏ល្បាញល្បីរូបនេះ មានទីតាំងស្ថិតនៅលើមហាវិថី ម៉ៅ សេទុង ក្បែរភោជនីយដ្ឋានទន្លេបាសាក់នៅកណ្តាលរាជធានីភ្នំពេញ

ក្រុមហ៊ុនអចលនទ្រព្យ IPS Cambodia បានប្រកាសដាក់លក់គេហដ្ឋានស្ថាបត្យករល្បី លោក វណ្ណ ម៉ូលីវណ្ណ នៅភ្នំពេញក្នុងតម្លៃលានដុល្លារអាមេរិក ដីទាំងមូលនៃគេហដ្ឋាននេះមានទំហំជាង៩០០ម៉ែត្រក្រឡា តាំងពីការប្រកាសដាក់លក់មក មានអតិថិជនសាកសួរជាបន្តបន្ទាប់ផងដែរប៉ុន្តែនៅតែមិនទាន់ត្រូវថ្លៃគ្នា 

យោងតាមប្រភពស្និទ្ធបំផុតជាមួយលោកវណ្ណ ម៉ូលីវណ្ណ បានបង្ហើបថា គេហដ្ឋានលោកវណ្ណ ម៉ូលីវណ្ណ បានកសាងឡើងនៅឆ្នាំ១៩៦៥ និងសាងសង់រួចរាល់ហើយតែម្តងនៅឆ្នាំ១៩៦៦។


ប្រភពដដែលបានបញ្ជាក់ទៀតថា សំណង់គេហដ្ឋានលោកនៅមានសភាពរឹងមាំល្អ ដែលគុណភាពអាគារអាចប្រើប្រាស់ បានរហូតដល់១០០ឆ្នាំទៀត

លោកស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ កើតនៅឆ្នាំ១៩២៦ នៅក្នុងខេត្តកំពត លោក វណ្ណ ម៉ូលីវណ្ណ គឺជាសិស្សទីដែលបានប្រឡងជាប់បាក់ឌុបនៅវិទ្យាល័យស៊ីសុវត្ថិនៅឆ្នាំ១៩៤៤ នៅឆ្នាំ១៩៤៧១៩៥៦ លោកបានទៅសិក្សាផ្នែកស្ថាបត្យកម្មនៅទី ក្រុងបារីសប្រទេសបារាំង

ប្រទេសម៉ាឡេស៊ីត្រៀមបើករាល់សកម្មភាពសេដ្ឋកិច្ចឡើងវិញនៅរយៈពេល ២ថ្ងៃខាងមុខ

ដោយ ហ្សូលី

កូឡាឡាំពួរៈ ប្រទេសម៉ាឡេស៊ីបានប្រកាសថា ប្រទេសខ្លួននឹងបើកឡើងវិញនូវរាល់សកម្មភាពសេដ្ឋកិច្ចទាំងអស់ និងអនុញ្ញាតឱ្យមានការធ្វើដំណើរអន្តររដ្ឋ ចាប់ពីថ្ងៃទី ១០ ខែមិថុនា ដោយដកការរឹតត្បិតការធ្វើដំណើរដោយសារមេរោគCovid-19 ដែលត្រូវបានដាក់ជិត៣ខែមកហើយ ខណៈដែលប្រទេសនេះសន្យាថា ធ្វើឱ្យសេដ្ឋកិច្ចមានភាពរ៉ឹងមាំឡើងវិញ។


នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី Muhyiddin Yassin បានប្រកាសនៅក្នុងសុន្ទរកថា មួយតាមទូរទស្សន៍កាលពីថ្ងៃយប់ថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ ២០២០ ថា យើងទទួលបានជោគជ័យលើការគ្រប់គ្រង ការផ្ទុះវីរុស Covid-19 ហើយ។

លោកនាយករដ្ឋមន្ត្រី Yassin បានមានប្រសាសន៍បន្តថា ខ្ញុំដឹងថារដ្ឋាភិបាលមិនអាចគ្រប់គ្រងជីវិតរបស់អ្នកជារៀងរហូត ដើម្បីគ្រប់គ្រងវីរុសនោះទេ

រដ្ឋាភិបាលនឹងបន្ធូរបន្ថយការរឹតត្បិតលើសកម្មភាពសង្គម ការអប់រំ និងសាសនាតាមដំណាក់កាល ដែលមានគោលការណ៍ណែនាំសុខភាព ចំណែកឯអាជីវកម្ម និងមុខជំនួញនានាក្នុងប្រទេស នឹងត្រូវអនុញ្ញាតឱ្យត្រឡប់ទៅដំណើរការ តាមម៉ោងធម្មតាវិញសារជាថ្មី។

ប្រមុខដឹកនាំរូបនេះ បានលើកទឹកចិត្តឱ្យមានថ្ងៃឈប់សម្រាកក្នុងស្រុក ខណៈដែលការធ្វើដំណើររវាងរដ្ឋនានា នឹងត្រូវអនុញ្ញាត ប៉ុន្តែលោកបានបញ្ជាក់ថា ព្រំដែនអន្តរជាតិនឹងនៅតែបន្តបិទ។ មជ្ឈមណ្ឌលកម្សាន្តដូចជា សួនកម្សាន្ត និងក្លឹបរាត្រី កន្លែងកីឡាដែលពាក់ព័ន្ធនឹងការទាក់ទងជិតស្និទ្ធ រួមទាំងព្រឹត្តិការណ៍នានា ដែលពាក់ព័ន្ធនឹងការជួបជុំមនុស្សជាច្រើន ក៏នៅតែចាត់វិធានការមិនត្រូវបានអនុញ្ញាតដែរ។

ប្រទេសម៉ាឡេស៊ីបានបើកអាជីវកម្មឡើងវិញជាបណ្តើរៗ ក្នុងរយៈពេលមួយខែចុងក្រោយនេះ ជាមួយនឹងពិធីការផ្សេងៗនៅក្នុងសង្គម បន្ទាប់ពីបានបិទអាជីវកម្ម និងសាលារៀនទាំងអស់ ដោយហាមឃាត់ការជួបជុំសាធារណៈ និងការរឹតត្បិតការធ្វើដំណើរកាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០កន្លងទៅ។


ល្បឿននៃការឆ្លងវីរុសថ្មីនៅក្នុងប្រទេស ដែលស្ថិតក្នុងចំណោមអត្រាខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ បានថយចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្មីៗនេះថា ឱនភាពសារពើពន្ធរបស់ប្រទេសម៉ាឡេស៊ី នឹងកើនឡើងជិតទ្វេដង ដែលមានទំហំប្រហែល៦ភាគរយ នៃទិន្នផលសេដ្ឋកិច្ចប្រចាំឆ្នាំនៅឆ្នាំនេះ ដោយសារតែការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះ ក្នុងគោលបំណងស្តារសេដ្ឋកិច្ចឡើងវិញ។

ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី៣ នៅអាស៊ីអាគ្នេយ៍មួយនេះ ធ្លាប់បានប្រកាសអំពីថវិកា លើកទឹកចិត្តដែលមានតម្លៃប្រមាណ៦៩ពាន់លានដុល្លារ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតនេះ ដោយរដ្ឋាភិបាលបានប្តេជ្ញាថា នឹងចាក់បញ្ចូលទឹកប្រាក់មួយចំនួននៃចំនួនសរុបក្នុងវិស័យសេដ្ឋកិច្ច៕


អតិថិជនជាច្រើនសម្រុកទិញគម្រោងលំនៅដ្ឋានបុរី អ័រគីដេ ដឹពោធិ៍ចិនតុង នៅថ្ងៃបើកលក់ដំបូង

ដោយៈ រ៉ាណេត

ភ្នំពេញៈ អតិថិជនជាច្រើនបាននាំគ្នា សម្រុកទិញគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបទាន់សម័យរបស់ បុរី អ័រគីដេ ដឹពោធិ៍ចិនតុង (Orkidé  The Pochentong ) ដែលមានទីតាំងស្ថិតនៅផ្លូវវត្តតាំងកសាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជាធានីភ្នំពេញ ដែលជាការបង្ហាញពីជំនឿ និងទំនុកចិត្តយ៉ាងខ្ពស់មកលើគម្រោងមួយនេះ។

ជាមួយនឹងភាពជោគជ័យ នៃការលក់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបទាន់សម័យជាច្រើនគម្រោងកាលពីពេលកន្លងទៅ នៅត្រឹមព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដែលមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ Orkidé  Development បានសម្ពោធបើកលក់ជាផ្លូវការនូវគម្រោងថ្មីមួយទៀតរបស់ខ្លួន ដែលមានឈ្មោះថា “គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង” ស្ថិតនៅលើទីតាំងគម្រោងផ្ទាល់ ដោយទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើនកុះករ។

តាមការឱ្យដឹងពីសំណាក់បុគ្គលិកផ្នែកលក់ជាន់ខ្ពស់ របស់គម្រោងលំនៅដ្ឋាន អ័រគីដេ ដឹពោធិ៍ចិនតុង បានបញ្ជាក់ថា ដោយសារតែស្ថិតនៅតំបន់ ដែលមានសក្ដានុពល ជិតព្រលានយន្ដហោះអន្តរជាតិ-ភ្នំពេញ ដែលជាទីប្រជុំជន ងាយស្រួលក្នុងការរស់នៅ ជាពិសេសអំណោយផលដល់ការប្រកបអាជីវកម្មនានាផងដែរនោះ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបទំនើប និងប្រណីតភាពមួយនេះ គិតត្រឹមព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ សម្រេចលក់បានរហូតដល់​១០០ភាគរយហើយត្រឹមថ្ងៃដំបូងនៃដំណាក់កាលទី១ ហើយកំពុងបន្តលក់ក្នុងដំណាក់កាលទី២ នៃគម្រោង ដែលលទ្ធផលនៃការលក់នេះបង្ហាញឱ្យឃើញពីភាពជោគជ័យយ៉ាងខ្លាំងរបស់គម្រោង។

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន អ័រគីដេដឹពោធិ៍ចិនតុង នឹងត្រូវធ្វើឡើងនៅលើផ្ទៃដីទំហំ២៣ហិកតា មានលំនៅដ្ឋានសរុបជិត១០០០ខ្នង។ គម្រោងថ្មីនេះបានបែងចែកជាប្រភេទលំនៅដ្ឋានប្រកបអាជីវកម្ម វីឡាភ្លោះ និងវីឡាទោល ប្រកបដោយភាពទាក់ទាញ អមទៅដោយសួនច្បារដ៏ស្រស់ត្រកាល។ ក្រៅពីនេះ គ្រប់លំនៅដ្ឋានទាំងអស់សុទ្ធតែមានការរចនាម៉ូដតាមបែបទាន់សម័យ និងស៊ីវិល័យ ប្លែកពីម៉ូដរបស់គម្រោងផ្សេងៗ ក្រោមការយកចិត្តទុកដាក់បំផុត ដោយធ្វើយ៉ាងណាផ្ដល់ជូននូវបទពិសោធន៍ថ្មី នៃការរស់នៅតាមបែបទាន់សម័យទំនើប និងមិនធ្លាប់មានពីមុនមកនៅកម្ពុជា។

លក្ខណៈពិសេសជាច្រើនទៀតរបស់គម្រោង ដែលក្រៅពីនាំមកជូននូវបទពិសោ​ធន៍ថ្មីនៃការរស់នៅក្នុងលំនៅដ្ឋានដ៏ស្រស់ស្អាត ទំនើបប្លែកពីគម្រោងដទៃ ក្រុមហ៊ុនអភិ​វឌ្ឍ​ន៍លំនៅដ្ឋាន Orkidé Development ថែមទាំងបានផ្តល់ជូននូវឱកាសចំណេញយ៉ាងខ្ពស់សម្រាប់អតិថិជន ដែលមានបំណង់ទិញទុកវិនិយោគបន្តផងដែរ។

 នៅពេលអនាគតដ៏ខ្លីខាងមុខ តម្លៃនៃលំនៅដ្ឋានទាំងនេះ នឹងបន្តឡើងថ្លៃ ខណៈដែលទីតាំងដែលមានសក្ដានុពលមួយនេះ បាននិងកំពុងតែបន្តការអភិវឌ្ឍ បន្ថែមទៀតឥតឈប់ឈរ។

ចង់ទទួលបានព័ត៌មានឱ្យកាន់តែលម្អិតពីគម្រោង លោកអ្នកអាចអញ្ជើញសាកសួរព័ត៌មានបន្ថែមនៅការិយាល័យលក់ ក្នុងទីតាំងអភិវឌ្ឍន៍គម្រោងផ្ទាល់ ស្ថិតនៅផ្លូវ ១០៥K (ផ្លូវវត្តកសាំង) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ទល់មុខព្រលានយន្ដហោះអន្តរជាតិ-ភ្នំពេញ) ឬអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ០៩៨ ៧៣ ៣៣ ៣៣ .  ឬ https://www.facebook.com/orkidedevelopment/៕

រដ្ឋបាលខេត្តសៀមរាបចាប់ផ្តើមរៀបចំសោភណភាចំណតរថយន្តធុនតូចសងខាងផ្លូវជាតិលេខ៦

ដោយវុត្ថា

សៀមរាប៖ រដ្ឋបាលខេត្តបាន និងកំពុងដំណើរការកែលម្អសោភណភាព និងរៀបចំទីតាំងចំណតរថយន្តធុនតូចសងខាងផ្លូវជាតិលេខ៦ នៅមុខផ្សារលើធំថ្មី ភូមិបន្ទាយចាស់ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅក្នុងក្រុងឱ្យកាន់តែមានភាពទាក់ទាញ។

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងកាលពីកន្លងមកថ្មីៗនេះ ថា ការកែលម្អសោភណភាព និងរៀបចំទីតាំងចំណត់រថយន្តធុនតូចនៅផ្លូវផ្សារលើនេះ ជាគម្រោងរបស់រដ្ឋបាលខេត្ត ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់របស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត លើការងារកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពក្នុងក្រុងសៀមរាប។

លោកបន្តថា គម្រោងកែលម្អសោភ័ណ្ឌភាព និងរៀបចំទីតាំងចំណតរថយន្តធុនតូចនេះ នឹងរុះរើចិញ្ចើមផ្លូវក្រាលការ៉ូឡា ហើយជំនួសដោយកៅស៊ូបេទីមAC ព្រមទាំងមានគំនូសសញ្ញាសម្រាប់ចតរថយន្តនៅក្នុងប្រឡោះចតដោយមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ។

លោកបញ្ជាក់ទៀតថា រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់ការរៀបចំសណ្តាប់ធ្លាប់ សនិ្តសុខ និងសុវត្ថិភាពសារធារណៈ ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត ដើម្បីឱ្យសាកសមជាទីក្រុងទេសចរណ៍ និងទាក់ទាញទេសចរណ៍ និងវិនិយោគឱ្យបានកាន់តែច្រើនថែមទៀត ៕

ទីម័រខាងកើតចង់ឃើញវិនិយោគិនកម្ពុជាមានវត្តមាននៅក្នុងប្រទេសខ្លួន

ដោយវុត្ថា

ភ្នំពេញ៖ លោក Ermenegildo “Kupa” Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំនៅកម្ពុជា បានលើកឡើងថា ទីម័រខាងកើត ចង់ឃើញវត្តមានអ្នកវិនិយោគកម្ពុជាទៅបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសខ្លួនក្នុងពេលអនាគត ខណៈប្រទេសនេះ មានធនធានសម្បូរបែប។

លោក ឯកអគ្គរដ្ឋទូត នៅក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ទីម័រខាងកើតសម្បូរដោយធនធានធម្មជាតិ ដែលទាមទារឲ្យមានការវិនិយោគពីបរទេស ដែលបច្ចុប្បន្ននេះ មានអ្នកវិនិយោគមកពីឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត មិនទាន់មានអ្នកវិនិយោគពីកម្ពុជានោះទេ។

លោកបន្តថា ប្រជាពលរដ្ឋទីម័រខាងកើតបានគោរពស្រឡាញ់និងកោតសរសើរចំពោះវីរៈស្នេហា បម្រើប្រទេសជាតិនិងប្រជាជន ដូច្នេះ បានចង់ឃើញវត្តមានធុរជនកម្ពុជាទៅបណ្តាក់ទុននៅទីម័រខាងកើត ក្នុងពេលអនាគត។

សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានវាយតំលៃខ្ពស់អំពីវឌ្ឍនភាព នៃទំនាក់ទំនងការទូតល្អ រវាងប្រទេសទំាងពីរកម្ពុជានិងទីម័រខាងកើត។ កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងលើកទឹកចិត្តបន្តកិច្ចសហប្រតិបត្តិការអោយខ្លាំងក្លាថែមទៀតលើវិស័យទេសចរណ៍ កសិកម្ម និង ធនធានមនុស្ស សំដៅនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។

សម្តេចបន្តថា កន្លងមក រដ្ឋសភាកម្ពុជាធ្លាប់បានគាំទ្ររដ្ឋសភាទីម័រខាងកើត ជាប្រទេសសង្កេតការណ៍របស់អន្តរសភាអាស៊ាន(អាយប៉ា) ហើយនិងបន្តគាំទ្ររដ្ឋសភាទីម័រជាសមាជិកពេញសិទ្ធទី១១ របស់អាយប៉ា និងអាស៊ាន នៅថ្ងៃអនាគត ៕