លោក​ឡុង គឹមសួគ៌​បង្ហើប​ពី​គោលការណ៍​គ្រឹះ​ចំនួន៣សម្រាប់​អ្នក​ចង់ចាប់​ជំនួញ​អចលនទ្រព្យ

ដោយៈ វុត្ថា

ភ្នំពេញៈ ដោយ​មើលឃើញ​ពី​វិសាលភាព និង​ការទទួលបាន​ផលចំណេញ​យ៉ាងច្រើន​ពី​វិស័យ​អចលនទ្រព្យ បច្ចុប្បន្ន​ន​បាន​ជម្រុញ​ឱ្យ​មនុស្ស​ជាច្រើន​ចាប់អារម្មណ៍ និង​ងាក​មក​ប្រឡូក​ក្នុង​មុខ​ជំនួញ​ជា​អ្នកទិញ-លក់​អចលនទ្រព្យ​យ៉ាងច្រើន។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Century21 Advance លោក ឡុង គឹមសួគ៌ បាន​លើកឡើងថា មិនមែន​ការរកស៊ី​នៅក្នុង​វិស័យ​អចលនទ្រព្យ សុទ្ធតែ​ទទួលបាន​ចំណេញ និង​ជោគជ័យ​ទាំងអស់​នោះទេ ដែល​ក្នុងនោះ​ភាពបរាជ័យ​ក៏​កើតមាន​ច្រើន​ដែរ ជាពិសេស​សម្រាប់​អ្នក​ដែល​រកស៊ី​តាម​គ្នា ដោយ​គ្មាន​ជំនាញ​ច្បាស់ និង​ការស្វែងយល់​ពី​ទីផ្សារ​មួយ​នេះ។

លោក​មានប្រសាសន៍ថា “ទោះជា​អ្នក​ទាំងនោះ បានសម្រេច​ចិត្ត​ចេញមក​ប្រកប​ជំនួញ​មួយ​នេះ​ក៏ដោយ តែ​ភាពជាក់ស្តែង​ត្រូវ​បានគត់សម្គាល់​ឃើញថា មាន​មួយចំនួន​អាច​សម្រេចបាន​ភាពល្អប្រសើ​រ និង​រីកចម្រើន​ទទួលបាន​ប្រាក់​ចំណេ ញ​ពី​ការវិនិយោគ ហើយ​ក៏មាន​មនុស្ស​មួយក្រុម​ទៀត ជួប​ភាពបរាជ័យ​លើ​ការធ្វើ​ជំនួញ ក្នុង​វិស័យ​មួយ​នេះ​ទៅវិញ ដែល​ភាពបរាជ័យ និង​ភាពជោគជ័យ គឺមាន​ការជាប់​ព័ន្ធ​ទៅនឹង​ចំណុចធំៗចំនួន៣ ដែល​វា​ជា​គ្រឹះ​ក្នុង​ការប្រកប​ជំនួញ​ទិញ-លក់​អចលនទ្រព្យ” ។

លោក​បាន​បញ្ជាក់ថា គោលការណ៍​គ្រឹះ​ទាំង៣ ដែល​ចាំបាច់​ត្រូវតែ​ដឹង​មុន​ពេលចេញ​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​រួមមាន​ដូចជា

 ទី១ ស្វែងយល់​ឱ្យបាន​ច្បាស់​ពី​តម្លៃ​ទីផ្សារ និង​តម្រូវការ​ជាក់ស្ដែង

នេះ​ជា​កិច្ចការ​ដំបូង ដែល​អ្នក​ត្រូវ​ដឹង​តម្លៃ​អចលនទ្រព្យ​ជាក់ស្ដែង​នៅក្នុង​តំបន់នីមួយៗ ជាពិសេស​គឺ​តំបន់​កំពុងអភិវឌ្ឍន៍ និង​តំបន់​គ្រោង​អភិវឌ្ឍន៍។ នៅពេលដែល​អ្នកដឹង​ពី​តម្លៃ​អចលនទ្រព្យ ក្នុង​តំបន់​ណាមួយ​ច្បាស់ នោះ​អ្នកនឹង​ងាយស្រួល​ក្នុង​ការលក់ ឬ​ទិញ ដោយ​ទទួលបាន​ផលចំណេញ​ច្រើន។ អ្នក​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា តម្លៃ​នៃ​អចលនទ្រព្យ​មួយ​នេះ វា​នឹង​កើន​តម្លៃ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត ជាពិសេស​ត្រូវ​ដឹងថា ហេតុអ្វី​តំបន់​នេះ​មានការ​អភិវឌ្ឍន៍​ច្រើន ប៉ុន្តែ​តម្លៃ​នៃ​អចលនទ្រព្យ​មិន​កើនឡើង​សោះ?។

ទី២ សម្លឹង​ទៅ​តំបន់​ជាយក្រុង​ដែលមាន​សក្ដានុពល

ជាការ​ពិតណាស់ នៅពេល​ការអភិវឌ្ឍ តំបន់​ក្នុង​ក្រុង​កាន់តែ​តូចទៅៗ នោះ​ក្រុម​អ្នកវិនិយោគ​នឹង​ងាក​ទៅ​ជាយក្រុង​វិញ​ម្ដង ដូច្នេះ អ្នក​ត្រូវ​ដឹងថា បច្ចុប្បន្ន​តើ​ការអភិវឌ្ឍ​នៅក្នុង​ទីក្រុង​ដល់​កម្រិតណា​ហើយ ហើយ​វា​នឹង​ជះឥទ្ធិពល​ទៅដល់​ជាយក្រុង​នៅពេលណា? នៅពេលដែល​អ្នក​ដឹងថា តំបន់​ជាយក្រុង​ណាមួយ នឹង​ក្លាយជា​តំបន់​អភិវឌ្ឍន៍ នោះ​អ្នកនឹង​មើលឃើញ​ពី​ការរកស៊ី និង​ទទួលបាន​ផលចំណេញ ពី​ការរកស៊ី​នៅក្នុង​វិស័យ​អចលនទ្រព្យ​មួយ​នេះ។

ទី៣ តាមដាន​ព័ត៌មាន​ដែល​ពាក់ព័ន្ធ

ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ស្ថាប័នឯកជន ឬ​ស្ថាប័នរដ្ឋ ដើម្បី​ទទួលបាន​ព័ត៌មាន​នានា ពាក់ព័ន្ធ​ទៅ​វិស័យ​អចលនទ្រព្យ ព្រោះ​អ្នកនឹង​ដឹងថា តំបន់​ណា​នឹង​ក្លាយជា​តំបន់​អ​ភ​វិ​ឌ្ឍ​ន៍​ពិតប្រាកដ តំបន់​ណា​នឹងត្រូវ​រដ្ឋាភិបាល​កាត់​ធ្វើជា​របស់​រដ្ឋ។ មួយវិញទៀត ការ​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ស្ថាប័នរដ្ឋ អ្នក​ក៏​អាចនឹងទទួល​បាន​ផលចំណេញ​ច្រើន ព្រោះ​នៅពេល​មាន​ក្រុម​វិនិយោគ​មក គេ​អាច​នឹង​រុញច្រាន​គម្រោង​ណាមួយ ឱ្យមក​អ្នកដឹង​ក៏​ថា​បានដែរ៕

ការនាំចេញ​ទំនិញ​ចិន​ទៅកាន់​ទីផ្សារ​បរទេស​ធ្លាក់ចុះ​ជាថ្មី​បន្ទាប់ពី​កើន​រយៈពេល​ខ្លី

ដោយ ហ្សូ​លី

ប៉េកាំងៈ តម្រូវការ​បរទេស​ស​ម្រា​ប់​ទំនិញ​ចិន បាន​ថយចុះ​នៅក្នុង​ខែឧសភា​ម្តងទៀត ជា​សញ្ញា​បង្ហាញថា ការថយចុះ​នៃ​ប្រទេស​សេដ្ឋកិច្ច​ធំ​លំដាប់​ទី២ នៅលើ​ពិភពលោក ទោះបីជា​ធ្លាប់បាន​រាយការណ៍​ព័ត៌មាន​ថា សកម្មភាព​អាជីវកម្ម​ចិន​មាន​សន្ទុះ​កាន់តែខ្លាំង​ក៏ដោយ។

តួលេខ​ថ្មី​ដែល​ទទួលបាន​ពី​អាជ្ញាធរ​ពន្ធគយ របស់​ប្រទេស​ចិន​បាន​បង្ហាញថា ការធ្លាក់ចុះ​នៃ​តម្លៃ​ទំនិញ​សកល បាន​ជំរុញ​ឱ្យ​ទីក្រុង​ប៉េកាំង ទិញ​ធនធាន​ជា​យុទ្ធសាស្ត្រ​ដូចជា ប្រេង​ឆៅ ស្របពេល​ដែល​ភាព​តានតឹង​កើនឡើង​នៅ​សហរដ្ឋអាមេរិក។

ការធ្លាក់ចុះ​នេះ ក៏មាន​ការកើតឡើង​ពី​ដៃគូ​ពាណិជ្ជកម្ម​របស់​ចិន​ដែរ នោះ​គឺ​តំបន់​អាស៊ីអាគ្នេយ៍ ដែលជា​អ្នកទិញ​ទំនិញ​ចិន​ច្រើនជាងគេ​បំផុត ពេលនេះ​បាន​រាយការណ៍​ពី​ការធ្លាក់ចុះ​តែ១ភាគរយ នៃ​ការនាំ​ចូល​ពី​ប្រទេស​ចិន បន្ទាប់ពី​ខែ​មុន​មានការ​កើនឡើង៨ ភាគរយ​កាលពី​ខែមេសា ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​រាតត្បាត។

ការនាំ​ចេញទៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប​បាន​ធ្លាក់ចុះ១១ភាគរយ ក្នុង​រយៈពេល៥ ខែ​ដំបូង​នៃ​ឆ្នាំនេះ ដោយសារ​បណ្តា​ប្រទេស​លោកខាងលិច បាន​ព្យាយាម​បើកទ្វារ​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ ទោះបី​មានការ​ធ្លាក់ចុះ​ករណី​វីរុស​ក៏ដោយ។

ការនាំចេញ​សរុប​របស់​ចិន បាន​កើនឡើង​ត្រឹមតែ១,៤ភាគរយ កាលពី​ខែ​មុន​បន្ទាប់ពី​ការកើនឡើង៨,២ភាគរយ កាលពី​ខែមេសា និង​ធ្លាក់ចុះ១៣,៣ភាគរយ នៅក្នុង​ត្រីមាស​ទីមួយ។

លោក Larry Hu សេដ្ឋវិទូ​នៅ​ក្រុមហ៊ុន Macquarie Group ក្នុង​ទីក្រុង​ហុងកុង​បាន​និយាយថា ការនាំចេញ​របស់​ចិន​អាច​ចុះខ្សោយ​បន្ថែមទៀត នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​ដោយសារ​ល្បឿន​យឺត នៃ​ការ​ស្តារឡើងវិញ​នៃ​វីរុស​ក្នុងចំណោម​ប្រទេស​អភិវឌ្ឍន៍។

លោក Hu បាន​មានប្រសាសន៍ថា“ កុំ​រំពឹងថា​នឹង​មានការ​ស្ទុះ​ងើប​ឡើងវិញ​ខ្លាំង នៅក្នុង​ពាណិជ្ជកម្ម​ក្រៅប្រទេស នៅពេលដែល​ពិភពលោក​ទាំងមូល ប្រឈមមុខ​នឹង​ការគំរាមកំហែង នៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ដែលមាន​ការអូសបន្លាយ​ពេល” ។

លោក Bo Zhuang អ្នកវិភាគ​នៅ​ក្រុមហ៊ុន TS Lombard បាន​និយាយថា បញ្ហា​នេះ​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ទីក្រុង​ប៉េកាំង ក្នុង​ការរៀបចំ​សម្រាប់​ការប្រឈមមុខ​កាន់តែខ្លាំង​ឡើង​ជាមួយ​សហរដ្ឋអាមេរិក។

ទិន្នន័យ​គយ​បង្ហាញថា ការនាំ​ចូល​រ៉ែ​ដែក និង​ស្ពាន់​របស់​ប្រទេស​ចិន ដែល​ត្រូវបាន​វាស់វែង​ដោយ​បរិមាណ បាន​កើនឡើង៣,៥ភាគរយ និង២១ភាគរយ​កាលពី​ខែ​មុន​ដោយសារ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល ព្រោះ​វត្ថុធាតុដើម​ទាំងពីរ​នេះ​ជា​គ្រឿងផ្សំ​សំខាន់​សម្រាប់​វិស័យ​សំណង់៕ FINANCIAL TIMES

ការសិក្សា៖ សេវា Internet ទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា​ស្ថិតក្នុង​ចំណោម​ប្រទេស​មានតម្លៃ​ថ្លៃ​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍

ដោយ ប៊ី

ភ្នំពេញៈ ការសិក្សា​នាពេលថ្មីៗនេះ​បាន​រកឃើញថា ប្រទេស​កម្ពុជា​មានតម្លៃ​សេវា Internet តាម​ទូរស័ព្ទ​ចល័ត​ថ្លៃ​បំផុត​ជា​គេ​មួយ​នៅ​អាស៊ីអាគ្នេយ៍។

របាយការណ៍​ចេញផ្សាយ​ក្នុង​សប្តាហ៍​កន្លងមកនេះ (ថ្ងៃទី៥ ខែមិថុនា) ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍ Cable ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បាន​រកឃើញថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​ទី​បួន​នៅក្នុង​តំបន់ នៅពេល​និយាយ​អំពី​ការប្រើប្រាស់​សេវា Internet តាម​ទូរស័ព្ទ​ចល័ត។

ការរកឃើញ​នេះ​បានធ្វើ​ឡើង បន្ទាប់ពី​ការសិក្សា​មួយ​ផ្សេងទៀត ដែល​បាន​រកឃើញថា ប្រទេស​កម្ពុជា​ស្ថិត​ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់ ដែលមាន​តំលៃ​រស់នៅ​ខ្ពស់បំផុត។ ការសិក្សា​នោះ​ដែល​ធ្វើឡើង ដោយ​គេហទំព័រ Numbeo ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ស៊ែ​ប៊ី​បាន​រកឃើញថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​ទី​បួន​ដែល​រស់នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

នៅ​ប្រទេស​កម្ពុជា សេវា Internet ទូរស័ព្ទ​ចល័ត ១ជីកា​បៃ (GB) សម្រាប់​រយៈពេល ៣០ថ្ងៃ មានតម្លៃ​ជា​មធ្យម ១.៥០ដុល្លារ។ តម្លៃ​ខ្ពស់បំផុត​នៅ​កម្ពុជា​សម្រាប់​សេវា Internet ទូរស័ព្ទ​ចល័ត ១ ជីកា​បៃ​គឺ ៦,២៥ ដុល្លារ ក្នុង១ជីកា​បៃ រីឯ ០,២៥ ដុល្លារ​ក្នុង១ជីកា​បៃ​គឺ​ទាប​បំផុត។

តម្លៃ​សម្រាប់ ១ជីកា​បៃ​នៅ​កម្ពុជា គឺ​ខ្ពស់ជាង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន ដូចជា​អូស្ត្រាលី (០,៦៨ ដុល្លារ/១ ជីកា​បៃ) បារាំង (០,៨១ ដុល្លារ/១ ជីកា​បៃ) អូទ្រីស (១,០៨ ដុល្លារ/១ ជីកា​បៃ) និង​ចក្រភព​អង់គ្លេស (១,៣៩ ដុល្លារ/១ ជីកា​បៃ) ដែល​តម្លៃ​ការរស់នៅ​គឺ​ខ្ពស់​ណាស់។

ការសិក្សា​ដដែល​បាន​រកឃើញថា ប្រទេសជិតខាង​វៀតណាម លក់​សេវា Internet ទូ​រស​ស័ព្ទ​ចល័ត​ទាប​បំផុត ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន។ នៅ​ទូទាំង​ពិភពលោក ប្រទេស​វៀតណាម​ជាប់​ចំណាត់ថ្នាក់​លេខ ១០ ។

តម្លៃ​ជា​មធ្យម​សម្រាប់១ជីកា​បៃ នៅក្នុង​ប្រទេស​វៀតណាម​គឺ​ត្រឹមតែ០,៥៧ ដុល្លារ​ប៉ុណ្ណោះ។ នៅក្នុង​តំបន់​ប្រទេស​ឥណ្ឌូនេស៊ី (០,៦៤ ដុល្លារ/១ ជីកា​បៃ) មី​យ៉ាន់​ម៉ា (០,៧៨ ដុល្លារ/១ ជីកា​បៃ) ម៉ាឡេស៊ី (១,១២ ដុល្លារ/១ ជីកា​បៃ) ថៃ (១,២៣ ដុល្លារ/ ១ជីកា​បៃ) និង​ហ្វីលីពីន (១,៤២ ដុល្លារ/១ ជីកា​បៃ) ។ ប្រទេស​ឡាវ​គឺជា​ទីផ្សារ​ដែល​តម្លៃ​សេវា​Internet ទូរស័ព្ទ​ថ្លៃ​ជាងគេ​បំផុត​នៅក្នុង​តំបន់ (៤,១៦ ដុល្លារ / ១ ជីកា​បៃ) បន្ទាប់មក​គឺ​ប្រទេស​ប្រ៊ុយណេ​ដា​រូ​សា​ឡឹម (២,៦៤ ដុល្លារ / ១ ជីកា​បៃ) និង​សឹង្ហ​បុរី (២,៤៧ ដុល្លារ / ១ ជីកា​បៃ)។

ដើម្បី​ធ្វើការ​ចំណាត់ថ្នាក់​នេះ ក្រុមហ៊ុន Cable បានធ្វើ​ការវិភាគ​លើ​ផែនការ​ទិន្នន័យ​ចល័ត​ចំនួន៥,៥៥៤ នៅក្នុង​ប្រទេស​ចំនួន ២២៨ ។ តម្លៃ​ជា​មធ្យម​សម្រាប់​ទិន្នន័យ​ចល័ត ១ជីកា​បៃ នៅក្នុង​ប្រទេសនីមួយៗបាន​បម្រើ ជា​មូលដ្ឋាន​សម្រាប់​ការធ្វើ​ចំណាត់ថ្នាក់៕

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ទំនើប Time Square 3 តម្លៃ​ជាង៣០លាន​ដុល្លារ ផ្ដល់ឱកាស​វិនិយោគ​ដ៏​ទាក់ទាញ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ គម្រោង​អភិវឌ្ឍន៍​ចម្រុះ​បែប​ពាណិជ្ជកម្ម ខុន​ដូ ការិយាល័យ កម្ពស់​រហូតដល់៣២ជាន់ ស្ថិត​ចំ​នៅ​កណ្តាល​នៃ​តំបន់​ពាណិជ្ជកម្ម ក្នុង​ខណ្ឌទួលគោក Time Square 3 កំពុងមាន​ភាព​ទាក់ទាញ​យ៉ាងខ្លាំង ដោយ​ផ្តល់ឱកាស​ចំណេញ​យ៉ាងច្រើន ដល់​អតិថិជន ជាមួយនឹង​វិធីសាស្ត្រ​ទទួល​ជួល​ត្រឡប់មកវិញ ដែល​ផ្តល់​ផលចំណេញ​ខ្ពស់​រហូតដល់១២ភាគរយ បន្ទាប់ពី​បញ្ចប់​ការសាងសង់​នៅ​ចុ​ឆ្នាំ២០២២ខាងមុខនេះ។

បុគ្គលិក​ប្រចាំកា​នៃ​គម្រោង​អភិវឌ្ឍន៍​អាគារ​ពាណិជ្ជកម្ម បែប​ទំនើប Time Square 3  លោក លន់ រ៉ា​ប៊ី បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០កន្លងមក​ថា អាគារ​ពាណិជ្ជកម្ម​បែប​ទំនើប ប្រចាំ​ខណ្ឌទួលគោក​នេះ មាន​កម្ពស់​រហូតដល់៣២ជាន់ សាងសង់​នៅលើ​ផ្ទៃដី​ទំហំ២២០០ម៉ែត្រការ៉េ ក្រោម​ការបណ្តាក់ទុន​វិនិយោគ​ជាង៣០លាន​ដុល្លារ របស់​ក្រុមហ៊ុន Megakim World Development Group មកពី​តៃវ៉ាន់។

លោក​បញ្ជាក់ថា “នេះ​គឺជា​គម្រោង​អាគារ​ពាណិជ្ជកម្ម​ទី៣ របស់​Time Square នៅ​កម្ពុជា បន្ទាប់ពី​គម្រោង​ទី១ និង​គម្រោង​ទី២ស្ថិតនៅ​ខណ្ឌ​បឹង​កេងកង​ទទួលបាន​ជោគជ័យ។លោក​បន្តថា “គម្រោង​ទី៣នេះ​ផងដែរ ក្រៅពី​មាន​ខុន​ដូ ជាពិសេស​សេវា​សណ្ឋាគារ​លំដាប់​ផ្កាយ៥ ស្ថិតនៅ​ជាន់​ទី៣០,៣១,៣២ គឺ​បាន​ផ្តោត​សំខាន់​ទៅលើ​ការផ្គត់ផ្គង់​ផ្នែក​ការិយាល័យ​បែប​ទំនើប (Modern Office Space) ចាប់ពី​ជាន់​ទី ៦ រហូតដល់​ជាន់​ទី ២៩ ដែលមាន​ទំហំ​ចាប់ពី៣៥ម៉ែត្រការ៉េ​ឡើងទៅ ស័ក្ដិសម​ទៅនឹង​តំបន់​ដែល​កំពុងមាន​ប្រជាប្រិយភាព​ក្នុង​វិស័យ​ពាណិជ្ជកម្ម” ។

គម្រោង​អាគារ​ពាណិជ្ជកម្ម Time Square 3 មាន​ទីតាំង​ស្ថិតនៅ​ចំណុចប្រសព្វ​ផ្លូវ​លេខ៣១៧ និង៣៣៥ សង្កាត់​បឹងកក់២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែលជា​តំបន់​លំនៅដ្ឋាន​លំដាប់​អភិជន ដែល​ធ្វើដំណើរ​ប្រមាណ២នាទី ពី​ផ្សារ​ទំនើប TK Avenue, ប្រមាណ៣នាទី​ដល់​ធនាគារ​អេស៊ីលីដា និង​ធនាគារ ABA និង​ប្រមាណ៦នាទី​ដល់​ផ្សារ Makro និង​ប្រមាណ១០នាទី​ដល់​ផ្សារ​ទំនើប AEON 2 ។

លោក​លន់ រ៉ា​ប៊ី​បាន​បន្តថា ការដាក់​លក់​ចំនែក​នៃ​ការិយាល័យ​ទំនើប នៃ​គម្រោង Time Square3 គឺ​បាននិងកំពុង​ឱកាស​ចំណេញ​ដល់​អតិថិជន​យ៉ាងច្រើន ដែល​ក្រៅពី​ការរៀបចំ​យ៉ាង​ប្រណីតភាព និង​ការ​ដាក់លក់​ក្នុងតម្លៃ​ទាប​ជាង​គម្រោង​នានា ដែល​ស្ថិតក្នុង​តំបន់​រួម ពិសេស​ថែមទាំង​មានការ​ទទួល​ជួល ពី​អតិថិជន​ត្រឡប់មកវិញ​របស់​ក្រុមហ៊ុន បន្ទាប់ពី​គម្រោង​ត្រូវបាន​បញ្ច​ក់ ការសាងសង់​យ៉ាងយូរ​ត្រឹម​ដើមឆ្នាំ២០២៣ ជាមួយ​អត្រា​ចំណេញ​ចាប់ពី ៨-១២ភាគរយ។ ដូច្នេះ នេះ​ជា​ឱកាស​ដ៏​ប្រសើរ​សម្រាប់​អតិថិជន ដែល​ចង់​ទិញ​ទុក​វិនិយោគ ឬ​ជួល​បន្ត។

នាយិកា​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍​ឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា អ្នកវិនិយោគ​អចលនទ្រព្យ​ក្នុងស្រុក ភាគច្រើន បាន​មើលរំលង​លើ​ការវិនិយោគ​ផ្នែក Office Space ខណៈដែល​វិស័យ​មួយ​នេះ​កំពុងមាន​ប្រជាប្រិយភាព។

លោកស្រី​បន្តទៀតថា “តំបន់​ទួលគោក​បច្ចុប្បន្ននេះ បាន​ផ្លាសប្តូរ​យ៉ាង​លឿន ជាពិសេស​ត្រឹម​រយៈពេល​ជាង២ឆ្នាំ​ចុងក្រោយ ដោយសារ​ការកើនឡើង​នូវ​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម (CBD) នៅក្នុង​មូលដ្ឋាន​នេះ រួមជាមួយ​កំណើន​នៃ​ការវិនិយោគ​ពី​វិនិយោគិន​ក្នុងស្រុក និង​ជនបរទេស ដែល​បានប្រែក្លាយ​តំបន់​មួយចំនួន ក្នុង​ខ័​ណ្ឌ​មួយ​នេះ ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​យ៉ាង​រស់​រវើក” ។

សម្រាប់​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​ការលក់ គម្រោង​អាគារ​ពាណិជ្ជកម្ម Time Square 3 លោកអ្នក​អាចទាក់ទង​តាម​ទូរស័ព្ទ​លេខ ៖ 085 555 640 / 012 771 317 / 010 282 335 ៕

គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ថ្មី Crystalville Ream Beach ដែលមាន​ទុន ១០០០លាន​ដុល្លារ​ត្រៀម​បង្ហាញខ្លួន​នៅ​តំបន់ឆ្នេរ​រាម

ដោយៈ រ៉ា​ណេ​ត

ព្រះសីហនុៈ តំបន់ឆ្នេរ​រាម នៃ​ខេត្ត​ព្រះសីហនុ កំពុង​បង្ហាញ​សក្តានុពល​កាន់តែខ្លាំង ដោយ​គំរោង​វិនិយោគ និង​អភិវឌ្ឍន៍​ក្រុង​ថ្មី Crystalville Ream Beach ដែលមាន​ទុនវិនិយោគ១០០០លាន​ដុល្លារ​នឹង​បង្ហាញខ្លួន​នាពេល​ខាងមុខនេះ។

ជា​គម្រោង​ដ៏​ធំ​លើ​ការអភិវឌ្ឍន៍​ចម្រុះ រួមមាន​សំណង់​លំនៅដ្ឋាន​ប្រភេទ​វីឡា​កម្រិត​អភិជន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ផ្សារ​ទំនើប និង​សណ្ឋាគារ​កម្រិត​ផ្កាយ៥ នឹង​បង្ហាញ​វត្តមាន​របស់ខ្លួន​នៅពេលឆាប់ៗខាងមុខនេះ ក្រោម​ការវិនិយោគ​រួមគ្នា​ពី​សំណាក់​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​លំដាប់​យក្ស​មកពី​សឹង្ហ​បូរី។

នាយិកា​គ្រប់គ្រង​ផ្នែក​លក់​គម្រោង​វីឡា​បែប​លំហែរ​កាយ និង​ប្រណីតភាព​លើកដំបូង​នៅ​តំបន់ឆ្នេរ​សមុទ្រ​រាម ដែល​ស្ថិតនៅក្នុង​គម្រោង Crystalville Ream Beach កញ្ញា លីម សុខា​ដាវី​ន បាន​បង្ហើប​ប្រាប់ឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា គម្រោង​សាងសង់​លំនៅដ្ឋាន​ប្រភេទ​ជា​វីឡា​បែប​លំហែរ និង​កម្សាន្ត​កម្រិត​អភិជន​នេះ គឺជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ក្នុងស្រុក FURI Corporation និង​ក្រុមហ៊ុន​វិនិយោគ​អ​ចនទ្រ​ព្យ​ដ៏​ធំ​មកពី​សាំង​ហ្គា​ពួរ គឺជា​ផ្នែក​មួយ​ក្នុង​គម្រោង Crystalville Ream Beach។

កញ្ញា​បាន​បន្តទៀតថា “គម្រោង​លំនៅដ្ឋាន​ប្រភេទ​វីឡា​លំហែរ​កាយ​នេះ បានចាប់ផ្តើម​បើក​លក់​ជាបណ្ដើរៗហើយ ដែល​ស្ថិតនៅក្នុង​ដំណាក់​ដំបូង ដោយ​វីឡា​ទាំងអស់នេះ មាន​លក្ខណៈ​ខុសប្លែក​ពី​គម្រោង​ទូទៅ ដោយសារតែ​ក្រុមហ៊ុន​វិនិយោគ និង​អភិវឌ្ឍន៍​ផ្តោត​សំខាន់​ទៅលើ​ភាព​ច្នៃប្រឌិត បង្កើត​សោភ័ណភាព​ស្រស់ស្អាត និង​ប្រណីតភាព ស័ក្ដិសម​ទៅនឹង​ប្រភេទ​វីឡា​ស្នាក់នៅ បែប​លំហែរ​កាយ​នៅ​តំបន់​ឆ្នេរសមុទ្រ ជិត​ឧទ្យាន​ជាតិ​រាម ខេត្ត​ព្រះសីហនុ” ។

កញ្ញា​បាន​បន្តទៀតថា អ្វីដែល​រឹតតែ​អស្ចារ្យ និង​ជា​ភាព​ទាក់ទាញ​នៅក្នុង​គម្រោង​មួយ​នេះ ក្រៅតែពី​ជា​វីឡា​សម្រាប់​ស្នាក់នៅ​លំហែរ​កាយ គឺ​នៅមាន​ភាព​អស្ចារ្យ​ជាច្រើន​ទៀត ក្រោម​គំនិត​ច្នៃប្រឌិត​របស់​អ្នកជំនាញ​មកពី​សាំង​ហ្គា​ពួរ ដោយ​គ្រប់​វីឡា​ទាំងអស់​សុទ្ធ​តែមាន​អាង​ហែក​ទឹក​នៅ​ពីមុខ ត្រូវ​តាម​ក្បួន​ហុងស៊ុយ​ជនជាតិ​ចិន មាន​កន្លែង​អង្គុយ​សម្រាក​លេង ឬ​ដេក​ហាល​កំដៅថ្ងៃ​នា​តំបន់​សមុទ្រ មាន​តំបន់​ម្លប់ឈើ​បៃតង​នៅ​ព័ទ្ធជុំវិញ ហើយ​នៅលើ​ដំបូល​ក៏មាន​កន្លែង​អង្គុយលេង ឬ​ទទួលទាន​អាហារ​លក្ខណៈ​គ្រួសារ​ផងដែរ។

គម្រោង Crystalville Ream Beach ត្រូវ​បានរៀបចំ​អភិវឌ្ឍន៍​នៅលើ​ផ្ទៃដី​តំបន់ឆ្នេរ​សមុទ្រ​រាម ខេត្ត​ព្រះសីហនុ ទំហំ​សរុប​ប្រមាណ៤៣ហិកតា ដោយ​ត្រូវបាន​ចែកចេញជា ៣ដំណាក់កាល​ក្នុងការ​សាងសង់។ ដំណាក់កាល​ទី១ ក្រុមហ៊ុន​នឹង​សាងសង់​លំនៅដ្ឋាន​បែប​លំហែរ​កាយ​ចំនួន១០០ខ្នង (មាន៣ប្រភេទ វីឡា​លំហែរ​កាយ, វីឡា​ឆ្នេរ​ខ្សាច់ និង​វីឡា​កោង​កាង) ចំណាយពេល​ត្រឹម២ឆ្នាំ ។

ដំណាក់​ទី២ នឹង​ចាប់ដំណើរការ​សាងសង់​អាង​ហែល​ទឹក​គ្រី​ស្ទាល់ (Crystal Swimming Pool) ដែលមាន​ទំហំ​រហូតដល់៦ហិកតា ក្រោម​ជំនាញ​របស់​ក្រុមហ៊ុន​មកពី​សាំង​ហ្គា​ពួរ ហើយក៏​ជា​លក្ខណៈពិសេស ដែល​ស្ថិតនៅ​ចំ​កណ្តាល​គម្រោង Crystalville Ream Beach ផងដែរ។

ដោយឡែក​ដំណាក់​ទី៣ ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​សាងសង់​សំណង់​អគា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែល​រួមមាន ខុន​ដូ អា​ផាត​មិន សណ្ឋាគារ​កម្រិត​ផ្កាយ៥ រួមជាមួយ​នឹង​ផ្សារ​ទំនើប ដែល​ផ្តោត​សំខាន់​ទៅ​សេវា​ចំណីអាហារ និង​សម្ភារៈប្រើប្រាស់​ប្រចាំ​គម្រោង​ផងដែរ៕

ចំណេះដឹងៈ អ្វី​ជា​ពាណិជ្ជ​នាម ហើយ​មាន​សារសំខាន់​ដូចម្ដេច​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម?

ដោយៈ វុត្ថា

ភ្នំពេញៈ ពាណិជ្ជ​នាម គឺជា​ឈ្មោះ ឬ​សញ្ញា​សម្គាល់​សម្រាប់​បញ្ជាក់ និង​សម្គាល់លក្ខណៈខុសៗគ្នា នៃ​សហគ្រាសនីមួយ។

នាម​ឬ​សញ្ញា​សម្គាល់​នេះ មិនអាច​ត្រូវបាន​ប្រើប្រាស់​ជា​ពាណិជ្ជ​នាម​ឡើយ ប្រសិនបើ​សារជាតិ ឬ​ការប្រើប្រាស់​ជា​ពាណិជ្ជ​នាម ឬ​សញ្ញា​សម្គាល់​ដែល​ការកំណត់​នោះ ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ឬ​សីលធម៌ និង​ជាពិសេស​អាច​បំភ័ន្ត​ដល់ មជ្ឈដ្ឋាន​ពាណិជ្ជកម្ម ឬ​សាធារណៈជន​អំពី​ភេទ​នៃ​សហគ្រាស​ដែល​កំណត់ដោយ​នាម។

អនុ​ឡោម​តាម​មាត្រា២០ នៃ​ច្បាប់​ស្តីពី​ម៉ាក​ពាណិជ្ជ​នាម និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​ចុះ​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០២ បានឱ្យ​និយមន័យ​ពាណិជ្ជ​នាម​ថា “នាម ឬ​សញ្ញា​សំគាល់ មិន​ត្រូវបាន​ប្រើប្រាស់​ជា​ពាណិជ្ជ​នាម​ឡើយ ប្រសិនបើ​សារជាតិ ឬ​ការប្រើប្រាស់​នាម ឬ​សញ្ញា​សំគាល់​ដែល​បានកំណត់​នោះ ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ឬ​សីលធម៌ និង​ជាពិសេស​អាច​បំភ័ន្ត​ដល់​មជ្ឈដ្ឋាន​ពាណិជ្ជកម្ម ឬ​សាធារណៈជន អំពី​ប្រភេទ​នៃ​សហគ្រាស​ដែល​កំណត់​ដោយមាន​នោះ” ។

ការការពារ​ប្រឆាំង និង​ការរំលោភ​លើ​ពាណិជ្ជ​នាម ត្រូវបាន​ធានា​យ៉ាង​ទូលំទូលាយ​ដោយ​ច្បាប់​ស្តីពី ម៉ាក​ពាណិជ្ជ​នាម និង​ការប្រកួតប្រជែង​មិន​ស្មោះត្រង់។ មាត្រា២១ ចុះ​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០០។ ពាណិជ្ជ​នាម ត្រូវបាន​ការពារ​ប្រឆាំង និង​ទង្វើ​មិន​ស្របច្បាប់​របស់​តតិយជន ទោះ​មិនបាន​ចុះបញ្ជី ឬ​គ្មាន​ការចុះបញ្ជី​ក៏ដោយ ក៏​ការប្រើប្រាស់​ដោយ​គតិយុត្ត​នូវ​ពាណិជ្ជ​នាម​ណាមួយ មក​ធ្វើជា​ពាណិជ្ជ​នាម ឬ​ធ្វើ​ម៉ាក​សមូហភាព ឬ​ការប្រើប្រាស់​ណាមួយ​ដែល អាចធ្វើឱ្យ​សាធារណៈជន​ភ័ន្ត​ច្រ​លំ ត្រូវ​ចាត់ទុកថា​មិន​ស្របច្បាប់ ដូច្នេះ​ពាក្យ​ថា​ពាណិជ្ជ​នាម ជាទូទៅ​សំដៅលើ​ការ​សម្គាល់ ដែល​ពាណិជ្ជករ​ណា​ម្នាក់​ជា​រួប​វន្ត​បុគ្គល ឬ​ជា​នីតិបុគ្គល​ប្រើប្រាស់ សម្រាប់​ការអនុវត្ត​សកម្មភាព​ពាណិជ្ជកម្មរ​បស់​ខ្លួន។

ពេលដែល​ពាណិជ្ជករ​ជា​រូបវ័ន្ត​បុគ្គល នាមត្រកូល​ដែល​គេ​ប្រើ សម្រាប់​អនុវត្តន៍​ពាណិជ្ជកម្ម​ក្លាយជា​ទ្រព្យ​បេតិកភណ្ឌ ដែល​អាចជា​កម្មសិទ្ធិ និង​ផ្ទេរ​ឱ្យ​តតិយជន​បាន។ តាមពិត​នាម​នេះ មាន​នាទី​ទាក់ទាញ​អតិថិជន។ ដូច្នេះ​វា​បាន​ក្លាយជា​ធាតុ​មួយ​នៃ​មូល​នី​ធិ​ពាណិជ្ជកម្ម ហើយ​នាម​នេះ​អាច​ប្រើប្រាស់​ដោយ​អ្នកទិញ​បាន ឱ្យតែ​គេ​រក្សា​លក្ខណៈ​ពាណិជ្ជកម្ម​នៃ​នាម​នេះ ពោល​គឺអាច​ប្រើប្រាស់​បាន ចំពោះតែ​វិស័យ​ពាណិជ្ជកម្ម​តែ​ប៉ុណ្ណោះ។

ពាណិជ្ជ​នាម​នេះ អាចបង្កើត​ដោយ​ឈ្មោះ​បុគ្គល​ណា​ម្នាក់ ដែល​មិនបាច់​តែ​ឈ្មោះ​អាជីវករ​ទេ ឬ​ដោយ​ឈ្មោះ​ដាក់​តាម​តម្រូវ​ចិត្ត ឬ​ដោយ​និមិត្តរូប​អ្វីមួយ និង​យីហោ​នេះ​វា​ជា​ធាតុ​មួយ​នៃ​មូល​នី​ធិ​ពាណិជ្ជកម្ម។

ហេតុ​ដូច្នេះហើយ បានជា​កម្មសិទ្ធិករ​នៃ​អចលនវត្ថុ​មួយ ដែលមាន​ប្រកប​របរ​ពាណិជ្ជកម្ម​នៅ​ទីនោះ អាច​ទាមទារ​រក្សាទុក​យីហោ នៃ​ពាណិជ្ជ​នាម​របស់​អ្នក​ជួល​ចាស់​ដែល​ចេញពី​អចលនវត្ថុ​នោះ បានតែ​ក្នុងករណី​ដែល​កម្មសិទ្ធិករ បាន​ជួល​ទាំង​អចលនវត្ថុ និង​មូល​នី​ធិ​ពាណិជ្ជកម្ម។ បើ​មិន​ដូច្នេះ​ទេ ពាណិជ្ជករ ដែល​ចាក​ចេញពី​កន្លែង​តាំង​នៃ​គ្រឹះស្ថាន​ពាណិជ្ជកម្ម​របស់ខ្លួន នៅ​ទីស្នាក់ការ​ថ្មី​នៃ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​របស់ខ្លួន៕

ចិនកំពុងសម្លឹងមើលការវិនិយោគលើវិស័យអចលនទ្រព្យនៅប្រទេសហ្វីលីពីន ខណៈទីផ្សារកំពពុងដាំក្បាលចុះ

ដោយ ប៊ី

ម៉ានីឡាៈ វិនិយោគិនអចលនទ្រព្យចិន កំពុងសម្លឹងរកមើលការចាប់ទីផ្សារអចលនទ្រព្យនៅម៉ានីឡា ស្របពេលដែលតម្លៃអចលនទ្រព្យធ្លាក់ចុះ ដែលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺឆ្លង។

ប្រទេសហ្វីលីពីន កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំ តម្លៃត្រូវបានកំណត់ថានឹងធ្លាក់ចុះរហូតដល់១៥ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Colliers International។

វិបត្តិនេះអាចបង្ខំឲ្យអ្នកកាន់កាប់អចលនទ្រព្យក្នុងស្រុក លក់ក្នុងតម្លៃខាតបង់យ៉ាងច្រើន និងបង្កការភ័យខ្លាចថា ប្រជាជនហ្វីលីពីនអាចនឹងត្រូវលក់ដាច់នៅពេលនេះ ទំរាំតែទីផ្សារអចលនទ្រព្យងើបឡើងវិញ។

លោកDavid Leechiu ដែលជាអ្នកពិគ្រោះយោបល់ផ្នែកអចលនទ្រព្យ បាននិយា​យថា “ពួកគេនឹងលក់ក្នុងតម្លៃណាក៏ដោយ ដើម្បីទទួលបានអ្នកទិញ”។លោកបន្តថា “នោះគឺជាសេណារីយ៉ូមួយ ដែលអ្នកទិញជាច្រើនកំពុងរង់ចាំ”។

ឈ្មួញកណ្តាលអចលនទ្រព្យជនជាតិចិនម្នាក់ នៅក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅទីក្រុងម៉ានីឡា បានប្រាប់សារព៌តមានNikkei ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេ​ញឈ្មោះថា “ជនជាតិចិនមួយចំនួនកំពុងរង់ចាំការលក់ប្រញាប់។ ពួកគេកំពុងសង្កេត ប្រសិនបើតម្លៃនិងតម្រូវការធ្លាក់ចុះ”។

អ្នកទិញជនជាតិចិន បានចូលរួមចំណែកក្នុងវិស័យអចលនទ្រព្យ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលប្រធានាធិបតីហ្វីលីពីនលោកRodrigo Duterte បានសម្របសម្រួល ចំពោះការក្រសោបយកនៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងប៉េកាំង។

ជាថ្នូរទីក្រុងប៉េកាំង បានសន្យាប្រាក់ប្រមាណ៤៥ពាន់លានដុល្លារ ក្នុងការប្តេជ្ញាចិត្តវិនិយោគថ្មី ដោយមានភ្ញៀវទេសចរ និងកម្មករចិនជាងមួយលាននាក់ ចាប់តាំងពីពួកគេបានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ដោយទិញខុនដូ និងជំរុញអត្រាជួលនៅតំបន់ឆ្នេរម៉ានីឡាឡើងដល់ប្រមាណ១៧០០ប៉េសូ ក្នុងមួយម៉ែត្រការ៉េក្នុងរយៈពេល៣ខែ ដល់ចុងខែមីនា។

នោះជាការកើនឡើង១៧២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៥ បើយោងតាមទិន្នន័យពីទីប្រឹក្សាអចលនទ្រព្យLeechiu។ សន្ទស្សន៍តម្លៃអចលនទ្រព្យ របស់ធនា​គា​រកណ្តាលហ្វីលីពីនបានបង្ហាញថា តម្លៃខុនដូនៅតំបន់មេត្រូម៉ានីឡា បានកើនឡើងជិត ៤០ ភាគរយនៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០១៩ ចាប់ពីត្រីមាសទី៤ ឆ្នាំ២០១៦។

ចំណាប់អារម្មណ៍របស់ជនជាតិចិនភាគច្រើន នៅក្នុងទីផ្សារអចលនទ្រព្យនៅទីក្រុងម៉ានីឡាត្រូវបានជំរុញ ដោយការលេងល្បែងតាមអនឡាញ ដែលទាក់ទាញអតិថិជនភាគច្រើននៅប្រទេសចិន ដែលជាកន្លែងដែលល្បែងស៊ីសងត្រូវបានហាមឃាត់៕

បាត់ដំបងទាក់ទាញគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន៥៥ដើម្បីទាញយក សក្តានុពលរបស់ខេត្ត

ដោយវុត្ថា

បាត់ដំបងៈ រហូតមកដល់បច្ចុប្បន្ននេះ គ្រឹស្ថានវិស័យធនាគារ និងហិរញ្ញវត្ថុចំនួន ៥៥ ដែលរួមមានធនាគារពាណិជ្ជកម្មចំនួន២០ ធនាគារឯកទេសចំនួន២ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន២២ ព្រមទាំងប្រតិបត្តិករជនបទចំនួន១៣ បាននឹងកំពុងដំណើរការប្រតិបត្តិក្នុងខេត្តបាត់ដំបង ដែលបាននិងកំពុង ជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចកាន់តែរីកចំរើន។

លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវធនាគារជីបម៉ុង ខមមើសលប៊ែង សាខាខេត្តបាត់ដំបង កាលពីថ្ងៃទី ៥ ខែមិថុនា ម្សិលមិញនេះឱ្យដឹងថា  ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ មិនត្រឹមតែបោះទុនវិនិយោគនេះក្នុងក្រុងតែប៉ុណ្ណោះទេ គឺមានការបោះទុនវិនិយោគដល់ទីជនបទ ដែលនេះសបញ្ជាក់ថា ខេត្តបាត់ដំបងមានសុវត្ថិភាពពេញលេញ គ្មានភាពភ័យខ្លាចដល់វិនិយោគិនឡើយ ។

លោកអភិបាលខេត្តបន្តថា “នេះជាមោទនភាពមួយសម្រាប់ខេត្តបាត់ដំបង ដែលមានអ្នកវិនិយោគទុនចាប់ផ្ដើមវិនិយោគ ជាពិសេសវិស័យធនាគារក្នុងខេត្តបាត់ដំបង ដែ​លធ្វើឲ្យខេត្តបាត់ដំបង មានការរីកចម្រើនជាលំដាប់ ដើម្បីផ្ដល់សេវាកម្ម បម្រើជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តបាត់ដំបងឲ្យកាន់តែមានភាពសម្បូរបែប”។

លោកងួន រតនៈបានបន្តថា ក្រោយដាក់ជូននូវគោលនយោបាយឈ្នះៗ របស់រាជ  រដ្ឋាភិបាល ខេត្តបាត់ដំបងមានការរីកចម្រើនជាលំដាប់ ទាំងផ្នែកកសិកម្ម ឧស្សាហកម្ម មានលទ្ធភាព ក្នុងការនាំចេញដំណាំកសិកម្មក៏កាន់តែប្រសើរឡើង ធ្វើឲ្យខេត្តមួយនេះ បានធ្វើការទាក់ទាញអ្នកវិនិយោគជាច្រើន ចូលមកវិនិយោគខេត្តមួយនេះ កើនឡើងជាលំដាប់ឥតឈប់ឈរ។

លោកបន្តទៀតថា ស្របពេលសព្វថ្ងៃនេះកម្ពុជ កំពុងជួបនូវវិបត្តិកូវីឌ-១៩ ប្រជាពលរដ្ឋមួយចំនួន មានការប៉ះពាល់ដល់ជីវភាពពួកគេ ធ្វើឲ្យមានការប៉ះពាល់ដល់ការបង្វិលប្រាក់សំណងត្រឡប់ទៅវិញ ដូចនេះក្នុងនាមជារដ្ឋបាលខេត្តបាត់ដំបង សូមអំពាវនាវដល់ធនាគារទាំងឡាយដែលកំពុងប្រតិបត្តិ ជួយពិនិត្យលទ្ធភាពធ្វើការពន្យា ឬកុំផាកពិន័យ តាមដែលអាចធ្វើទៅបានដើម្បីធានាថា ប្រជាពលរដ្ឋមានជីវភាពប្រសើរ ស្របពេលដែលវិស័យធនាគារនៅតែរឹងមាំដដែល។

លោកជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាឱ្យដឹងថា ជាមួយនឹងការរីកចម្រើននូវវិស័យធនាគារ ហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តជំរុញហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាពិសេសរក្សាសុខសន្ដិភាពសង្គម ស្ថិរភាពនយោបាយ ដើម្បីទាក់ទាញអ្នកវិនិយោគទុន ធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។

លោកបានបន្តទៀតថា ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមជាតិ ធនាគារជាតិនៃកម្ពុជា បានដាក់វិធានការដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដូចជា ការកំណត់អាត្រាការប្រាក់ឥណទាន និងវិធីសាស្រ្ដគណនាអាត្រាការប្រាក់ ការរៀបចំឥណទានឡើងវិញ និងស្នើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុអនុគ្រោះដល់អតិថិជនជាដើម៕

ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣សម្រេចបាន៣៧ភាគរយហើយ

ដោយៈ រ៉ាណេត

ភ្នំពេញៈ គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២០នេះ គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣សម្រេចបាន៣៧ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ទៅតាមផែនការ នៅពេលឆាប់ៗនេះ ដើម្បីបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងធ្វើដំណើរដោយសុវត្ថិភាព បញ្ជៀសការកកស្ទះចរាចរណ៍ និងកាត់បន្ថយការចំណាយផ្សេងៗ។

តាមរយៈគណនីទំនាក់ទំនាក់ទំនងសង្គមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជាបានឱ្យដឹងថាកាលពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០បានឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៣ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯក​អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដែលរហូតមកដល់ពេលនេះ សម្រេចការសាងសង់បានជា៣៧ភាគរយហើយ។

តាមគម្រោងផ្លូវដ៏សំខាន់នេះ នឹងប្រើរយៈពេល៤២ខែក្នុងការស្ថាបនា ដែលគ្រោងបញ្ច​ប់​នៅខែធ្នូ ឆ្នាំ២០២១។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងខ្សែទី៣ គឺជាផ្លូវដ៏សំខាន់ក្នុងការជួយកាត់បន្ថយការកកស្ទះ និងជួយសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញ ម្យ៉ាងទៀតគឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗ របស់មហាអនុតំបន់មេគង្គ។ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍថែមទៀតផង។

សម្តេចបន្តថា គម្រោងសាងសង់ផ្លូវក្រវាត់ ក្រុងទី៣នេះ ត្រូវស្ថាបនាផ្លូវដោយមានប្រវែងសរុប៤៧.៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ៤គន្លង ដោយមានទទឹងតួផ្លូវសរុប២៥ម៉ែត្រ សម្រាប់ផ្លូវរថយន្ត៤គន្លង មានទទឹង៣.៥០ម៉ែត្រ /គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង ទទឹង២.២៥ ម៉ែត្រ/គន្លង ដោយចាប់ ពីផ្លូវជាតិលេខ៤ ម្តុំអូរដឹម ត្រង់គីឡូម៉ែត្រលេខ ១៤+ ១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយត្រូវងកាត់ផ្លូវជាតិលេខ ៣ត្រង់ ចំណុចគីឡូម៉ែត្រ លេខ២១+២០០កាត់ផ្លូវជាតិ លេខ២ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២២+៨០០ និងកាត់ផ្លូវ ជាតិលេខ២១ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨+ ៤០០ និងផ្លូវខ្នែងប្រវែង ៥.៣៧គីឡូម៉ែត្រ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបាន ចុះកិច្ចសន្យាសាងសង់ ជាមួយក្រុមហ៊ុនសំណង់សៀងហៃចិន ក្នុងការអនុវត្តការងារសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នេះ ដែលនឹងមានការត្រួតពិនិត្យបច្ចកទេសដោយក្រុមហ៊ុន ក្វាងចូវវ៉ាន់អាន មកពីប្រទេសចិនផងដែរ។

ផ្លូវក្រវ៉ាត់ ក្រុងទី៣នេះ ជាខ្សែផ្លូវថ្មីមួយ ដែលតភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់ប្រទេសកម្ពុជា ដោយចាប់ពីស្ពានព្រែកព្នៅផ្លូវជាតិលេខ៥ ឆ្លងមកផ្លូវជាតិលេខ៤ (កំណាត់ផ្លូវនេះបានសាងសង់រួចរាល់ហើយ ដោយសាលារាជធានីភ្នំពេញ) ភ្ជាប់មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ និង ផ្លូវជាតិលេខ១ ដោយភ្ជាប់ទៅនឹងកំពង់ផែភ្នំពេញថ្មី ដែល បានសាងសង់ឡើង ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពី សាធារណរដ្ឋប្រជាមានិតចិនដូចគ្នា។ ផ្លូវក្រវាត់ក្រុងទី៣នេះ មានចម្ងាយត្រឹមតែជាង១គីឡូម៉ែត្រពីគម្រោងព្រលានយន្តហោះ៕

បុរីប៉េងហួតផ្តល់អត្ថប្រយោជន៍ និងឱកាសចំណេញរហូតដល់$220,696 ភ្លាមៗ ពីលំនៅដ្ឋានវីឡាទោលរបស់ខ្លួន

ដោយម៉ូនីកា

ភ្នំពេញៈ  បច្ចុប្បន្ននេះបរិបថនៃការរស់នៅ កំពុងតែមានទំនោរផ្លាស់ប្តូរឈានទៅរកជីវិតបែបទំនើបស៊ីវិល័យ។ ស្របពេលជាមួយគ្នានេះដែរ ការអភិវឌ្ឍអចលនទ្រព្យ បែបវីឡាទោលប្រណីតៗ ក្នុងតំបន់នានាជុំវិញ រាជធានីភ្នំពេញ ក៏កំពុងតែរីកដុះដាល ក្រោយពីទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជន ដែលចង់បានការរស់នៅប្រកប​ដោយផាសុកភាព និងឧត្តមភាព។

ជាមួយគ្នានេះផងដែរ ដោយបុរី ប៉េង ហួត បានយល់ច្បាស់ពីតំរូវការរបស់អតិថិជន ហេតុដូច្នេះ ទើបបុរីបានបង្កើតអោយមានវីឡាទោល បែបភូមិគ្រឹះជាច្រើនប្រភេទជាមួយនឹងការផ្តល់ជូននូវការរចនាម៉ូដដ៏ល្អឯក តាមបែបអឺរ៉ុប និងស្របទៅនឹងវប្បធម៌របស់ខ្មែរ ជាពិសេសផ្អែកសំខាន់ទៅលើគុណភាព និងសោភ័ណភាព ព្រមទាំងផ្តល់ជូនអតិថិជននូវ ឱកាសចំណេញរហូតដល់$220,696 ភ្លាមៗផងដែរ ដែលមានសុពលភាពត្រឹមដំណាច់ខែមិថុនានេះតែប៉ុណ្ណោះ។

ដើម្បីអោយកាន់តែជ្រាប់ច្បាស់ពីវីឡាទោល យើងខ្ញុំសូមលើកយកលក្ខណៈពិសេសទាំង ៤ ដូចខាងក្រោម៖

  1. កិត្យានុភាព

វីឡាទោលជាប្រភេទគេហដ្ឋានបែបភូមិគ្រឹះ ដែលបានបង្ហាញពីកិត្យានុភាព និងឧត្តមភាព បែបទំនើបទាន់សម័យ។​

  1. ឯកជនភាព

វីឡាទោលត្រូវបានសាងសង់ឡើងដាច់ៗពីគ្នា ខ័ណ្ឌដោយរបងដែលមានលក្ខណៈឯកជនធំទូលាយទាំងទំហំផ្ទៃដី និង ទំហំវីឡា ជាពិសេសមានភាពស្ងប់ស្ងាត់ល្អ។

  1. ផាសុកភាព

វីឡាទោលមានទំហំធំទូលាយផ្នែកខាងក្នុង ដែលមានលក្ខណៈអំណោយផល ក្នុងការជួបជុំ និងប្រារព្ធកម្មវិធីផ្សេងៗ ស័ក្តិសមសម្រាប់គ្រួសារ ដែលមានសមាជិកច្រើន ហើយត្រូវបានបែងចែកជាបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ បរិវេណទទួលទានអាហារ បន្ទប់គេង បន្ទប់ទឹក ដាច់ដោយឡែកពីគ្នា គួបផ្សំនឹងគ្រឿងសង្ហារិមទំនើបទាន់សម័យ ក្នុងការប្រើប្រាស់ដែល ធ្វើអោយការរស់នៅប្រកបដោយផាសុកភាព។

  1. បរិស្ថាន និងលំហបៃតង

ការសាងសង់ វីឡាទោល ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ ជាមួយបរិស្ថាន និងលំហបៃតងធម្មជាតិជាច្រើន ដែលរួមមានសួនច្បារ សួនផ្កា និងដើមឈើផ្សេងៗ ព័ទ្ធជុំវិញ ផ្តល់ជូននូវបរិយាកាសស្រស់ស្រាយគួរអោយចង់រស់នៅ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ០៩៨/ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ៕