ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ បុរី វិមានភ្នំពេញ ឌឹអេមផាយអឺ (The Empire) ដែលជាប្រភេទផ្ទះវីឡាប្រណីតតម្លៃខ្ពស់ ស្ថិតនៅក្នុងគម្រោងទី១១របស់ក្រមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក ស្ថិតនៅភូមិបាក់ខែង (ស្ពានទី៤) សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានសម្ពោធការដ្ឋានបុកគ្រឹះចាប់ផ្ដើមដំណើរការសាងសង់ជាផ្លូវការ។
នៅក្នុងឱកាសនៃការសម្ពោធបើកការដ្ឋានបុកគ្រឹះដំណើរការសាងសង់លំនៅដ្ឋានកម្រិតខ្ពស់លើផ្ទៃដីទំហំជាង២០ហិកតា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០១១រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានចាប់ដំណើរការអភិវឌ្ឍន៍នៅវិស័យអចលនទ្រព្យ ជាពិសេសវិស័យលំនៅដ្ឋានគ្រប់ប្រភេទបានរហូតដល់ចំនួន១១គម្រោង ដែលក្នុងនោះរួមមានដូចជា អគារពាណិជ្ជកម្ម ផ្ទះពាណិជ្ជកម្ម ភូមិគ្រឹះ ផ្ទះវីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ ផ្ទះល្វែង និងផ្ទះកម្រិតមធ្យម។
លោកឧកញ៉ាបានបន្តថា “កត្តាដែលធ្វើឱ្យក្រុមហ៊ុនអាចឈានជំហានបោះទុនវិនិយោគអភិវឌ្ឍន៍សាងសង់លំនៅដ្ឋានបានរហូតដល់គម្រោងទី១១ រួមជាមួយនឹងផែនការអភិវឌ្ឍន៍គម្រោងថ្មីៗបន្ថែមទៀតនៅថ្ងៃខាងមុខនេះ ក៏ព្រោះតែក្រុមហ៊ុនបានយកចិត្តទុកដាក់ទៅលើគុណភាពសំណង់ គុណភាពសេវាកម្ម ទីតាំងភូមិសាស្ត្រអភិវឌ្ឍន៍ និងផ្តល់នូវលក្ខខណ្ឌបង់ប្រាក់ងាយស្រួលស្របតាមស្ថានភាពកម្រិតជីវភាពរបស់អតិថិជន និងទៅតាមប្រភេទម៉ូតផ្ទះ”។
លោកឧកញ៉ាបានបន្តថា “ភាពរីកចម្រើន និងការអភិវឌ្ឍរបស់ក្រុមហ៊ុនរហូតមកដល់ពេលនេះ ក៏ព្រោះតែប្រទេសជាតិមានសុខសន្តិភាព ការជំរុញលើកទឹកចិត្តពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសការគាំទ្រជឿទុកចិត្តពីសំណាក់អតិថិជន ហើយខ្ញុំក៏សូមថ្លែងអំណរគុណដល់អតិថិជនរបស់ បុរី វិមានភ្នំពេញ ដែលតែងតែគាំទ្រលើគុណភាពសំណង់របស់ក្រុមហ៊ុនមួយនេះតាំងពីដើមរៀងមក”។
តាមរយៈសកម្មភាពអភិវឌ្ឍន៍របស់ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក បានចូលរួមចំណែកក្នុងការកែប្រែតំបន់មួយចំនួនដែលជាដីឡូតិ៍ទុកចោលមិនមានមនុស្សរស់នៅឱ្យក្លាយទៅជាបណ្តុំលំនៅដ្ឋានយ៉ាងស្រស់ស្អាត និងកៀងគរប្រជាពលរដ្ឋឱ្យចូលទៅរស់នៅប្រកបអាជីវកម្ម ធ្វើពាណិជ្ជកម្មយ៉ាងផុសផុល រួមជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាការរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិផងដែរ។
អភិបាលរងរាជធានីភ្នំពេញ លោក ស៊ុយ សេរិទ្ធ បានមានប្រសាសន៍ថា “សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍផ្នែកទន់ ដើម្បីគាំទ្រដល់ដំណើរការនៃការអភិវឌ្ឍផ្នែករឹងដែលត្រូវនាំមុខដោយវិស័យឯកជន តាមរយៈការកសាងនូវលិខិតបទដ្ឋានគតិយុត្តសំខាន់ៗបម្រើដល់វិស័យមួយនេះ ដូចជាច្បាប់សំណង់ ការគ្រប់គ្រងបុរី ការផ្តល់វិញ្ញាបនបត្រវិជ្ជាជីវៈ អាជ្ញាបណ្ណផ្នែកសេវាវាយតម្លៃ និងសេវាកម្មអចលនវត្ថុ រួមជាមួយនឹងសេចក្ដីប្រកាសស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ជាដើម”។
លោកអភិបាលបានបន្តទៀតថា “សម្រាប់វិស័យឯកជនដែលជាម្ចាស់គម្រោងសាងសង់នានា ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ សូមមេត្តាជួយថែរក្សា និងប្រើប្រាស់ឱ្យចំទិសដៅនូវរាល់សមិទ្ធផលទាំងឡាយរបស់រដ្ឋ ដើម្បីជាប្រយោជន៍រួមក្នុងគម្រោងអភិវឌ្ឍន៍របស់ខ្លួនផង និងដើម្បីចូលរួមការពារហេដ្ឋារចនាសម្ព័ន្ធនាន សម្រាប់ជាមរតកដល់មនុស្សជំនាន់ក្រោយ”៕