ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាតំបន់ដែលស្ថិតនៅត្រើយម្ខាងនៃរាជធានីភ្នំពេញ ខណ្ឌជ្រោយចង្វារនៅពេលបច្ចុប្បន្ននេះ បាន និងកំពុងបង្ហាញពីសក្ដានុពលរបស់ខ្លួនយ៉ាងខ្លាំងជាមួយនឹងកម្លាំងអភិវឌ្ឍន៍យ៉ាងសម្បូរបែបពីវិស័យឯកជន និងរដ្ឋាភិបាល។
លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារបានមានប្រសាសន៍នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះថា ខណ្ឌជ្រោយចង្វារពេលនេះមិនដូចកាលពី១០ឆ្នាំមុននោះទេ ដែលសូម្បីតែតំបន់ធ្លាប់តែលិចទឹកល្ហល្ហាចនោះ បានជំនួសដោយសំណង់អគារលំនៅដ្ឋានយ៉ាងស្អេកស្កះ។
លោកបានបន្តថា “បច្ចុប្បន្ននេះ សម្រាប់តែវិស័យសំណង់លំនៅដ្ឋានក្រោមការវិនិយោគពីវិស័យឯកជនបានបង្ហាញរូបរាងស្អេកស្កះ ដែលលំនៅដ្ឋានខ្លះមានតម្លៃរហូតដល់ជាង៥០ម៉ឺនដុល្លារក៏មាន។ ក្រៅពីនេះ នៅមានសំណង់អគារពាណិជ្ជកម្ម ខុនដូ អាផាតមិនខ្ពស់ៗជាច្រើនគម្រោង ដែលគម្រោយខ្លះកំពុងសាងសង់ ហើយគម្រោងខ្លះទៀតបានបញ្ចប់ការសាងសង់ជាស្ថាពរ និងដាក់ដំណើរការជាផ្លូវការ”។
លោក ឃ្លាំង ហួត បានមានប្រសាសន៍បន្តទៀតថា “នៅក្នុងខណ្ឌនេះមានគម្រោងអភិវឌ្ឍន៍ធំៗដែលមានតម្លៃរាប់រយលានដុល្លារ ជាក់ស្ដែងក្រៅពីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ នៅមានគម្រោងក្រុងរណបធំៗចំនួន២ទៀត គឺគម្រោងរបស់ក្រុមហ៊ុន OCIC និងគម្រោងរបស់ក្រុមហ៊ុន លី យ៉ុងផាត់ ដែលកំពុងដំណើរការសាងសង់ជាបណ្តើរ”។
លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ថា “នេះជាមោទនភាពថ្មីមួយក្រោមការដើរតាមផែនការ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃម្ពុជា”។ លោកបានបន្តថា “សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍផ្នែកទន់ ដើម្បីគាំទ្រដល់ដំណើរការនៃការអភិវឌ្ឍផ្នែករឹងដែលត្រូវនាំមុខដោយវិស័យឯកជន តាមរយៈការកសាងនូវលិខិតបទដ្ឋានគតិយុត្តសំខាន់ៗបម្រើដល់វិស័យមួយនេះ ដូចជាច្បាប់សំណង់ ការគ្រប់គ្រងបុរី ការផ្តល់វិញ្ញាបនបត្រវិជ្ជាជីវៈ អាជ្ញាបណ្ណផ្នែកសេវាវាយតម្លៃ និងសេវាកម្មអចលនវត្ថុ រួមជាមួយនឹងសេចក្ដីប្រកាសស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុជាដើម”។
ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ KW Sam Sn Realty Co,. Ltd បានមានប្រសាសន៍ថា “នៅតំបន់នេះភាគច្រើន ជាគម្រោងអភិវឌ្ឍន៍ផ្នែកលំនៅដ្ឋានកម្រិតខ្ពស់ ជាក់ស្ដែងដូចជានៅតាមបណ្តោយផ្លូវជាតិលេខ៦ ចាប់ពីចំណុចជិតគល់ស្ពានជ្រោយចង្វាររហូដល់ផ្លូវបំបែកលីយ៉ុងផាត់ គឺមានគម្រោងបុរីលំនៅដ្ឋានបែបទំនើបៗជាច្រើន។ ដោយឡែកសម្រាប់តំបន់ដែលនៅកៀកនឹងរាជធានីភ្នំពេញ ក៏មានគម្រោងអភិវឌ្ឍន៍សំណង់អាគារខ្ពស់ៗជាច្រើនគម្រោងផងដែរ ដែលភាគច្រើនជាគម្រោងខុនដូ ឬលំនៅដ្ឋានសហកម្មសិទ្ធិបែបទំនើប”។
លោក សំ សុខនឿន បានមានប្រសាសន៍បន្តទៀតថា “គម្រោងភាគច្រើនជាលំនៅដ្ឋានបែបទំនើប ដែលវិនិយោគដោយក្រុមហ៊ុនក្នុងស្រុកច្រើនជាងគម្រោងអាគារពាណិជ្ជកម្ម។ មូលហេតុដែលជំរុញឱ្យវិនិយោគិនធំៗ ងាកមកអភិវឌ្ឍន៍តំបន់ជ្រោយចង្វារ ព្រោះតំបន់មួយនេះមានភាពរីកចម្រើនខ្លាំង ជាទីតាំងដែលមានបរិយាកាសល្អបរិសុទ្ធ ប្រសព្វគ្នារវាងទន្លេមេគង្គ និងទន្លេសាប មានសណ្ឋានដីធំទូលាយអំណោយផលដល់ការវិនិយោគ”៕