ក្រសួង​ដែនដី​រកឃើញ​មានការ​បន្ត​ទិញ លក់​ដី​ចំណី​សមុទ្រ​ទំហំ៦០,០០០ម៉ែត្រក្រឡា

ដោយ ​វុត្ថា

ព្រះសីហនុៈ មន្ត្រី​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ ដោយ​រកឃើញ​មានការ​បន្ត​លក់​ទិញ​ដី​ចំណី​ឆ្នេរសមុទ្រ​សាធារណៈ​ទំហំ ៦០,៨៧២ ម៉ែត្រក្រឡា ស្ថិតនៅ​ភូមិ​ស្រែ​ចាម​លើ ឃុំ​អូជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ នេះ បើ​យោង​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បង្ហាញ​នៅក្នុង​ខែឧសភា ឆ្នាំ ២០២០កន្លងមកនេះ។

របាយការណ៍​របស់​ក្រសួង មិនបាន​បង្ហាញ​ព័ត៌មាន​លម្អិត លើ​បញ្ហា​ដំណោះស្រាយ និង/ឬ​ពាក់​នឹង​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ ចំពោះ​ការបន្ត​លក់​ទិញ​ដី​ចំណី​ឆ្នេរសមុទ្រ​សាធារណៈ​នេះនោះ​ទេ តែ​យ៉ាងណា​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី​នៃ​កម្ពុជា នៅក្នុង​ពិធី​សំណេះសំណាល ជាមួយ​មន្ត្រីរាជការ និង​ក្រុមការងារ​បច្ចេកទេស ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ នៅ​ក្រុង​ខេត្ត​ព្រះសីហនុ ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ កន្លងមកនេះ  បានប្រកាស​ចាត់​វិធាន ការ​អ្នក​ដែល រំលោភ​ដី​ឆ្នេរ បើទោះបី​មាន​ប្លង់ ក៏​អាច​លុបចោល​បានដែរ។

សម្តេច​តេ​ជោ​បានប្រកាស​មាន​វិធានការ​បែបនេះ  ដើម្បី​ធានា​តំបន់ ឆ្នេរ​នៅតែ​រក្សា បាន​ភាព​បៃតង​គ្មាន​ការរំលោភ បំពាន និង​កាត់បន្ថយ​ផលប៉ះពាល់​ជា​អវិជ្ជមាន ដល់​និរន្តរភាព​នៃ​ធនធាន តំបន់ឆ្នេរ​សមុទ្រ​ដ៏​ស្រស់ស្អាត របស់​កម្ពុជា។

សម្តេច​តេ​ជោ​ថ្លែងថា “រដ្ឋាភិបាល​អាច​លុបចោល​ប្លង់ដី​ទាំងឡាយ ណា​ដែល​កាន់កាប់​ឆ្នេរ​ខុសច្បាប់ នៅ​ខេត្ត​ព្រះសីហនុ មិន​ថា​អ្នកមានអំណាច ឬ​អ្នកធំ ឬក៏​អ្នក​កម្រិតណា​នោះទេ” ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា មិនដឹង​ព័ត៌មាន​នៃ​ការសុំ​គ្រ​លំ​ធ្វើ​ប្លង់ កម្មសិទ្ធិ​ឲ្យ​អ្នកធំ​ក្នុង​ជួរ​រាជការ ដែល​មន្ត្រី​ទើសទាល់​ហើយ​ចេញ​ប្លង់​កាន់កាប់​ឲ្យ។សម្តេច​ថា រដ្ឋ​ត្រូវយក​តំបន់ឆ្នេរ ដែលមាន​ប្រវែង១១០ម៉ែត្រ​ត​ពី​ឆ្នេរសមុទ្រ មកកាន់​កាប់​ឡើងវិញ ដើម្បី​រក្សា​សោភ័ណភាព​នៃ​ឆ្នេរសមុទ្រ ដ៏​ស្រស់ស្អាត​របស់​កម្ពុជា ក្នុង​ការបម្រើ​សាធារណៈ និង​វិស័យ​ទេសចរណ៍។

សម្ដេច​តេ​ជោ​បន្តថា “មុននេះ​យើង​មិនអាច​ត​ភ្ជាប់​រវាង​ឆ្នេរ​អូ​ត្រេះ និង​ឆ្នេរ​អូ​ល​ឈើទាល​បានទេ ដោយសារតែ​ការកាន់កាប់​ខុសច្បាប់ ទៅ​ដីធ្លី​តាម​ចំណី​ឆ្នេរ ប៉ុន្តែ​ខ្ញុំ​សូមបញ្ជាក់​ខ្ញុំ​បាន​ជួប​ជាមួយ​ម្ចាស់​ដី​មួយកន្លែង ហើយ​ខ្ញុំ​ក៏បាន​អរគុណ​គាត់​ដែល​បាន ចូលរួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល” ។ សម្តេច​បន្តថា “បើ​មិន​សហការ​ក៏​ខ្ញុំ​យក​ដែរ ព្រោះនេះ​ជា​ផលប្រយោជន៍​សាធារណៈ ដែល​តម្រូវ​ឲ្យ​ធ្វើ​យ៉ាង​ដូច្នេះ ព្រោះ​គេ​មិនដែល​ទៅយក​ដីភ្នំ ទៅយក​ដី​មាត់សមុទ្រ ហើយ​ទៅកាន់​កាប់​ឆ្នេរ នៅក្នុង​សមុទ្រ​ទៅទៀត វា​មិន​ដែលមាន​ទេ” ។

សម្ដេច​តេ​ជោ​បន្ថែមថា ឥលូវ​នេះ​ខ្ញុំ​ត្រូវធ្វើ ព្រោះ​ទាំងនេះ​គឺជា​ដី​របស់​រដ្ឋ រដ្ឋ​ត្រូវយក វិញ រឿង​យើង​ចេញ​ប្លង់​ឲ្យ​គេ​បាន​លុបចោល​ក៏បាន​ដែរ អត់​មាន​បញ្ហា​អី​ទេ ជួនកាល​មានការ​ទើសទាល់​ដី​របស់​អ្នកនេះ របស់​អ្នកនោះ មក​តម្រូវ​សុំឱ្យ​គ្នា​ធ្វើ​ប្លង់​ឲ្យ ចឹ​ង​គ្នា​ចេះតែ​ស៊ី​ញ៉េ​ទៅ តែ​នាយករដ្ឋមន្ត្រី​អត់​បានដឹង​ទេ បើ​នាយករដ្ឋមន្ត្រី​ដឹង គឺ​លើក​យោបល់​មក ដឹង​តែ​មោ​ឃៈ​ភាព​ចោល​ទៅលើ​ដី​ណា ដែលជា​ចំណែក​ដី​របស់​រដ្ឋ ក្នុង​អនុក្រឹត្យ​របស់​យើង​គឺកំណត់១១០ម៉ែត្រ​ចែង​យើង​ត្រូវធ្វើ​កិច្ចការងារ​នេះ៕

ក្រុមហ៊ុន Facebook នឹង​ចាប់ផ្ដើម​រឹតបន្តឹង​ការផ្ទៀងផ្ទាត់​អត្តសញ្ញាណ​កាន់តែខ្លាំង

ដោយ វុត្ថា

អាមេរិកៈ បន្តិចទៀត ប្រសិនបើ​ការ​បង្ហោះ​របស់លោក អ្នកទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​នោះ លោកអ្នក​គួរតែ​ត្រៀម​បង្ហាញ​អត្តសញ្ញាណប័ណ្ណ​ឱ្យ​ហើយ​ទៅ។

នាពេល​បច្ចុប្បន្ននេះ មាន​មនុស្ស​ច្រើន​រាប់លាន​នាក់​បាន និង​កំពុង​ប្រើប្រាស់​កម្មវិធី​បណ្តាញ​សង្គម​ជាច្រើន ស្របពេល​ជាមួយគ្នានេះដែរ មាន​អ្នកខ្លះ​ក៏បាន​ប្រើប្រាស់​ព័ត៌មាន​ពិតប្រាកដ​របស់ខ្លួន ក្នុងការ​បង្កើត​និង​ប្រើប្រាស់​កម្មវិធី​ទាំងអស់នោះ ដូចជា ឈ្មោះ រូបថត អាសយដ្ឋាន ជាដើម ។ល។ ប៉ុន្តែ​ក៏មាន​មនុស្ស​ជាច្រើន ដែល​កំពុងតែ​ប្រើប្រាស់​ព័ត៌មាន​មិន​ពិត​របស់ខ្លួន​ផងដែរ។

ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ព័ត៌មាន​មិន​ពិត​នេះ ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​បានធ្វើការ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​នេះ តាំងពី​ឆ្នាំ២០១៨ មក​ម្លេះ សម្រាប់​អ្នកគ្រប់គ្រង​ផេ​ក ហើយ​ឥឡូវនេះ​បាន និង​កំពុង​ពង្រីក​ការផ្ទៀងផ្ទាត់ អ្នកប្រើប្រាស់​មួយចំនួនទៀត ដែលមាន​អ្នកតាមដាន​ច្រើន នៅ​សហរដ្ឋអាមេរិក​ផងដែរ។

ក្រុមហ៊ុន​ក៏បាន​ផ្សព្វផ្សាយ​ថា ត​ទៅមុខទៀត​នឹងមាន​ការផ្ទៀងផ្ទាត់ អត្តសញ្ញាណ​របស់​បុគ្គ​ល ដែល​ធ្លាប់មាន​អាកប្បកិរិយា​ឆបោក នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ការ​បង្ហោះ​របស់​ពួកគេ ត្រូវបាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ទៀតផង ព្រោះ​ក្រុមហ៊ុន​ចង់ឱ្យ​អ្នកប្រើប្រាស់​មាន​ជំនឿ​ទុកចិត្ត​ថា បុគ្គល​ដែល​គេ​បានឃើញ​នៅលើ​ហ្វេ​ស​ប៊ុ​ក ពិតជា​មានបំណង​ផ្សព្វផ្សាយ​ត្រឹមត្រូវ​ប្រាកដ​មែន។

ប្រសិនបើ​នរណាម្នាក់​ជ្រើសរើស មិន​បញ្ជាក់​អត្តសញ្ញាណ​របស់​ពួកគេ ឬ​អត្តសញ្ញាណប័ណ្ណ​មិនត្រូវ​គ្នា នឹង​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​បាន​ភ្ជាប់​មកជា​មួយ​នោះ ការ​បង្ហោះ​ចែកចាយ​របស់​ពួកគេ​នឹងត្រូវ​បានកំណត់ ដូច្នេះ​មានតែ​ចំនួន​មនុស្ស​តិចតួច​ប៉ុណ្ណោះ​នឹង​បានឃើញ ប៉ុន្តែ​ប្រសិនបើ​វា​ជា​ផេ​ក​វិញ​នោះ អ្នកគ្រប់គ្រង​នឹង​ពុំ​អាច​ផ្សព្វ​ផ្សាយបាន​ទៀតឡើយ។

ដំណើរការ​នៃ​ការផ្ទៀងផ្ទាត់​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ដើម្បី​បង្កើត​គណនេយ្យភាព​កាន់តែច្រើន​នៅលើ​ហ្វេ​ស​ប៊ុ​ក និង​កែលម្អ​បទពិសោធន៍ ក្នុងការ​ប្រើប្រាស់​របស់​មនុស្ស នៅលើ​កម្មវិធី​របស់​ហ្វេ​ស​ប៊ុ​ក។

ការផ្ទៀងផ្ទាត់​អត្តសញ្ញាណ​នេះ ត្រូវបាន​អនុវត្ត​នៅ​សហរដ្ឋអាមេរិក​មុនគេ ហើយ​អាច​នឹង​បន្តធ្វើ​នៅតាម​បណ្តារ​ប្រទេសផ្សេងៗទៀត​ក្នុង​ពេលអនាគត៕

ផ្លូវជាតិសំខាន់ៗចំនួន៤ត​ភ្ជាប់​ពី​រាជធានី​ទាក់ទាញ​ការវិនិយោគ​លើ​បុរី និង​លំនៅដ្ឋានច្រើនជាងគេ

ដោយ ហ្សូ​លី

ភ្នំពេញៈ លំនៅដ្ឋាន​ក្លាយ​ផ្នែក​សំខាន់​និង​មាន​តម្រូវការ​ច្រើនជាងគេ បើ​ប្រៀបធៀប​ទៅនឹង​ប្រភេទ​អចលនវត្ថុ​ដទៃទៀត ដូចជា ដីធ្លី ខុន​ដូ ជាដើម។

ជាក់ស្តែង​ការវិនិយោគ​លើ​លំនៅដ្ឋាន​បច្ចុប្បន្ន បាន​រីក​សាយភាយ​ទៅកាន់​តំបន់​ជាយក្រុង ដោយហេតុថា ទីក្រុង​ភ្នំពេញ​មាន​កំណើនប្រជាជន និង​តម្រូវ​ការរស់នៅ​ច្រើន។ នៅក្បែរ​តំបន់​ផ្លូវជាតិ​ចំនួន៣ខ្សែ ដែល​កំពុងមាន​សន្ទុះ​កំណើន​នៃ​លំនៅដ្ឋាន។

ផ្លូវជាតិ​លេខ១

ផ្លូវជាតិ​លេខ១បាន និង​កំពុង​បន្ត​មាន​ភាព​រីកចម្រើន​លឿន​ជាងគេ បន្ទាប់ពី​ផ្លូវ​នេះ​ត្រូវបាន​ស្ថាបនា និង​ពង្រីក​ចប់​ដោយសារ​ជំនួយ​របស់​ប្រទេស​ជប៉ុន។

ជាក់ស្តែង​បុរី​ជ​ជាច្រើន ពិសេស​បុរី​ប៉េង ហួត​ដែល​ធំជាងគេ និង​ល្បីល្បាញ​ជាងគេ​បាន​ពង្រីក​អាណាចក្រ​នៅ​តំបន់​នេះ ជាមួយ​មជ្ឈមណ្ឌល​កំសាន្ត​លំដាប់​អន្តរជាតិ​យូរ៉ូ ផាក ផ្សារ​ទំនើប​Peng Hourt Eco Mall និង​បុរីតូចៗជាច្រើន​ទៀត​បាននិងកំពុង​ពង្រីក​ខ្លួន​យ៉ាងសកម្ម និង​បាន​ពង្រីក​ដល់​ទឹកដី​ស្រុក​កៀនស្វាយ។ និន្នាការ​នៃ​ការអភិវឌ្ឍ​នេះ​នឹង​រីក​សាយភាយ​ដល់​ស្ពាន​អ្នក​លឿង នៅ​រយៈពេល៥ទៅ១០ឆ្នាំ​ខាងមុខ​ទៀត។

ផ្លូវជាតិ​លេខ ៦

តំបន់​ជាប់​ផ្លូវជាតិ​លេខ៦ មាន​ភាព​រីកចម្រើន​ជា​គំហុក ទៅលើ​បុរី​លំនៅដ្ឋាន ព្រោះ​នៅ​តំបន់​នេះ មាន​ស្ថានភាព​អំណោយផល ទីតាំង​ភូមិសាស្ត្រ​ងាយស្រួល​ចេញចូល មាន​ស្ពាន​ឆ្លង​ច្រើន និង​មិនសូវ​ជាមាន​ការរំខាន់​ច្រើន​ពី​រថយន្ត​ដឹកទំនិញធំៗ មាន​សុវត្ថិភាព​សាក​សម​សម្រាប់​ការធ្វើដំណើរ។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ Amatak Property Service និង​ជា​អ្នកជំនាញ​លើ​វិស័យ​អចលនទ្រព្យ អស់​រយៈពេល​ជាច្រើន​ឆ្នាំ បាន​រៀបរាប់​កាលពីពេលថ្មីៗនេះ​ថា តំបន់​ជាប់មាត់​ផ្លូវជាតិ​លេខ៦នេះ មានការ​អភិវឌ្ឍ​លើ​វិស័យ​បុរី លំនៅដ្ឋាន​មិនតិចជាង ១០គម្រោង​ឡើយ។ សព្វថ្ងៃ​កំពុងមាន​ការសាងសង់​ជា​បន្តបន្ទាប់។ ម្យ៉ាង​តំបន់​នេះ​មាន​គម្រោង​អភិវឌ្ឍ​ច្រើន មិន​ថា​ជា​ស្ថាប័នរដ្ឋ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សំណង់​អគារធំៗ និង អគារ​ខុន​ដូ​ផងដែរ។

ផ្លូវជាតិ​លេខ ៣

បើតាម​ឱ្យដឹងពី​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីពេល​កន្លងមក​នេះ​ថា ការសាងសង់​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ៣ បើតាម​គម្រោង​នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ ២០២២ ប៉ុន្តែ​ដោយសារ​ការសាងសង់​មាន​ភាពរលូន​ល្អ ទើប​អនុញ្ញាតឱ្យ​បញ្ចប់​នៅ​ចុងឆ្នាំ ២០២១ វិញ។

ដោយសារ​វឌ្ឍនភាព​នៃ​ផ្លូវជាតិ​មួយ​ខ្សែ​នេះ បាន​បណ្តាលឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅដ្ឋាន​មួយចំនួន ចាប់អារម្មណ៍​អំពី​សក្តានុពល​ភូមិសាស្ត្រ ងាក​មក​វិនិយោគ​លើ​វិស័យ​លំនៅដ្ឋាន​កាន់តែច្រើន។

យោងតាម​ប្រសាសន៍​របស់​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម ឱ្យដឹងថា ការវិនិយោគ​ទាំងអស់នេះ គឺ​អ្នក​អភិវឌ្ឍ​សុទ្ធតែ​បាន​សិក្សា ពី​សក្តានុពល​តំបន់​យ៉ាង​លម្អិត ម្យ៉ាង​រាប់​គិតពី​ចំនុច​ចោមចៅ​មក គឺមាន​តម្រូវការ​ខ្ពស់ បន្ទាប់ពី​ផែនការ​អភិវឌ្ឍ​និង​ពង្រីក​ក្រុង​ត្រូវបាន​អនុវត្ត។

ផ្លូវជាតិ​លេខ ៤

តំបន់​ជាប់​ផ្លូវជាតិ​នេះ កំពុង​ពង្រីក​វិសាលភាព​វិស័យ លំនៅដ្ឋាន​ដោយហេតុថា​តម្រូវការ​នៃ​ការរស់នៅ​កាន់តែច្រើន និង​ចំនួន​ប្រជាជន​កើនឡើង​នៅតាម​តំបន់​នេះ។

អ្នកជំនាញ​អចលនទ្រព្យ​ជាច្រើនរូប​ធ្លាប់បាន​ពន្យល់ថា គ្រប់​តំបន់​ជាយក្រុង​ទាំងអស់ ក្នុងនោះ​តំបន់​ក្បែរផ្លូវ​ជាតិ​លេខ៤ផ្ទាល់ មាន​ភាព​លេចធ្លោ​ដែលជា​កត្តា​ទាក់ទាញ​គម្រោង​អភិវឌ្ឍន៍​នានា។ ភាគច្រើន​លំនៅដ្ឋាន​ក្បែរ​តំបន់​នោះ​ច្រើន តែ​ជា​លំនៅដ្ឋាន​កម្រិត​មធ្យម ឬ​ក្រោម​មធ្យម សុទ្ធសឹងតែ​ជាការ​ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ៕

សម្តេច​តេ​ជោ​អញ្ជើញ​ទស្សនា​វិមាន​ស្កឹមស្កៃ​ស្នាក់ការ​កណ្តាល​របស់​ប​ក្ស​នៅ​ព្រឹក​ថ្ងៃនេះ

ដោយ​គង់ សូរិយា

ភ្នំពេញៈ សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃនេះ នឹង​អញ្ជើញ​ទស្សនា និង​ពិនិត្យ​ស្ថានភាព​ការស្ថាបនា វិមាន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​តម្លៃ ៤០លាន​ដុល្លារ​អាមេរិក​នៅ​ព្រឹក​ថ្ងៃទី៥ មិថុនា​នេះ។

អគារ​ដ៏​ធំ​ស្កឹមស្កៃ​ដែលមាន​រចនាបទ​ខ្មែរ​ដ៏​ទាក់ទាញ និង​ប្រចាំ​ទសវត្សរ៍​នេះ​បាន​និង​កំ​ពិ​ង​សាងសង់​អស់​ទឹកប្រាក់ ប៉ាន់ស្មាន​ប្រហែល​ពី៣០ ទៅ៤០លាន​ដុល្លារ​អាមេរិក។ អាគារ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ស្ថិតនៅតាម​បណ្តោយ​វិថី​ព្រះ​ន​រោ  ត្ត​ម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។

អាគារ​ថ្មី​នៃ​ទី​ស្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​សាងសង់ឡើង​នៅលើ​ផ្ទៃដី​ទីតាំង​អគារ​ចាស់ ដែលមាន​ទំហំ​ប្រមាណ៥,៤០០ម៉ែត្រក្រឡា និង​មាន​កម្ពស់​ចំនួន៦ជាន់។ អគារ​ទី​ស្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល ត្រូវបាន​សាងសង់ឡើង ជាមួយ​រចនាបថ​ខ្មែរ​ដ៏​ល្អ​វិចិត្រ និង​មាន​ភាពល្អ​ប្រណិត។ ពី​ខាងក្រៅ​អគារ​ទាំងមូល​ត្រូវបាន​រំលេច​ទៅដោយ​ពណ៌​ស ដែលជា​និមិត្តរូប​នៃ​ភាពស្មោះស​បរិសុទ្ធ​សម្រាប់​ជាតិ និង​ប្រជាជន។

អគារ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា សាងសង់​ជិត​រួចរាល់​ទាំងស្រុង​ហើយ​ប្រមាណ៩៥ភាគរយ។ វត្តមាន​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម និង​ស្រស់ស្អាត​នៃ​អគារ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​រំលេច​រូបរៀង​ឡើង ក្នុង​គម្រប់​ខួប៦៩ឆ្នាំ​ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចាប់បដិសន្ធិ​ឡើង​នៅ​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ បានក្លាយ​ទៅជា​គណបក្ស​នយោបាយ​មួយ ដែល​បាន​បំពេញបេសកកម្ម​យ៉ាងសកម្ម​ជាទីបំផុត ដើម្បី​នាំមក​នូវ​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​ជាតិ​កម្ពុជា។ ចាប់តាំងពី​ចាប់បដិសន្ធិ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលបំណង និង​ឧ​ត្ត​ម​គតិ​របស់ខ្លួន ដោយ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រុញ​រា ដើម្បី​កម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អ​ព្យា​ក្រឹត្យ និង​វឌ្ឍនភាព​សង្គម។

ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ ត្រូវ​ធ្លាក់​ក្នុង​គ្រោះមហន្ដរាយ​ប្រល័យពូជសាសន៍ ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​បង្កឡើង​ចាប់ពី​ខែមេសា ឆ្នាំ១៩៧៥ គណបក្ស​ប្រជាជន​កម្ពុជា គឺជា​កម្លាំង​នយោបាយ​តែមួយគត់ ដែល​បាន​ក្រោកឈរ​តស៊ូ​ហើយ​បាន​ប្រមូលផ្ដុំ​រាល់​កម្លាំង​ស្នេហា​ជាតិ បង្កើតឡើង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​បំផុស និង​ដឹកនាំ​ចលនា​ប្រជាជន​នៅ​ទូទាំងប្រទេស វាយ​ផ្ដូ​ល​រំលំ​របប​ដ៏​យង់ឃ្នង​នេះ។

ចាប់តាំងពី​ពេល​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​មក គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​ធម្ម​ពោធិ៍​សាល ជា ស៊ីម, សម្តេច​ពញា​ចក្រី ហេង សំរិន និង​សម្តេច​តេ​ជោ ហ៊ុន សែន ជា​អគ្គ​មគ្គុទ្ទេសក៍​ដ៏​ឆ្នើម​នោះ បាន​នាំមក​ជូន​ប្រជាជន​វិញ​នូវ​សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស ដែល​ត្រូវបាន​បាត់បង់​ទាំងស្រុង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ៕

ចំណេះដឹង! តើ​អ្វី​ជា​មូលនិធិ​ពាណិជ្ជកម្ម?

ដោយៈ វុត្ថា

ភ្នំពេញៈ មូលនិធិ​ពាណិជ្ជកម្ម គឺជា​សញ្ញាណ​គតិយុត្ត​មួយ នៃ​ការប្រកប​ពាណិជ្ជកម្ម ដោយសារតែ​វា​ជា​ផ្នែក​មួយ​នៃ​បេតិកភណ្ឌ ឬ​ស្ថិ​នៅក្នុង​បញ្ជី​សារពើ​ភណ្ឌ​របស់​សហគ្រាស ពាណិជ្ជកម្ម ដែលជា​ហេតុនាំឱ្យ​មូល​នី​ធិ​ពាណិជ្ជកម្ម ក្លាយទៅជា​កម្មវត្ថុ​នៅក្នុង​ការសិក្សា​នៃ​វិជ្ជាជីវៈ​ពាណិជ្ជកម្ម។

មូលនិធិ​ពាណិជ្ជកម្ម ត្រូវបាន​កើតចេញពី​ពួកពាណិជ្ជករ នៅ​សតវត្សរ៍​ទី១៩ ដែល​កាល​ពីមុនមក​គេ បាន​ហៅថា​ជា​ហាង​ទំនិញ ឬ​មូល​នី​ធិ​ហាង​ទំនិញ។ មូលនិធិ​នេះ មានតម្លៃ​សេដ្ឋកិច្ច និង​ទ្រព្យ​កម្មសិទ្ធិ​ជាពិសេស ចាប់តាំងពី​សតវត្ស​ទី១៩មកម្ល៉េះ ពីព្រោះ បច្ចុប្បន្ន​សញ្ញាណ​នេះ មាន​ធាតុ​ជា​ចម្បង គឺ​អតិថិជន​សម្រាប់​អ្នកបង្កើត ទំនងជា​មិន​យក​លំនាំ​តាម​វិជ្ជាជីវៈ​មុខរបរ​នោះទេ ព្រោះ​ដោយហេតុថា មូល​នី​ធិ​ពាណិជ្ជកម្ម ត្រូវបាន​ផ្សំ​ឡើង​ពី​បណ្តា​ធាតុផ្សេងៗមាន​ចលនវត្ថុ និង​អចលនវត្ថុ ដែល​ពាណិជ្ជករ ក្រុម​ឧស្សាហករ បាន​រៀបចំឡើង​ដើម្បី​ស្វែងរក​អតិថិជន។

តើ​សញ្ញាណ​របស់​មូលនិធិ​ពាណិជ្ជកម្ម​មាន​អ្វីខ្លះ និង​ប្រតិបត្តិការ​គតិយុត្ត​រប​ស់​មូល​នី​ធិ​នោះ​ធ្វើឡើង​យ៉ាងដូច​ម្ត៉េ​ច? ។

សញ្ញាណ​នៃ​មូល​នី​ធិ​ពាណិជ្ជកម្ម គឺជា​សំណុំ​នៃ​រូប​ទ្រព្យ ឬ​អរូប​ទ្រព្យ​ដែល​ពាណិជ្ជករ​ម្នាក់ ឬ​ក្រុមហ៊ុន​មួយ​ប្រមូលផ្តុំ និង​ប្រើប្រាស់​ដើម្បី​សម្មតិកម្ម នូវ​សកម្មភាព​ឧស្សាហកម្ម ឬ​ពាណិជ្ជករ ដើម្បី​បំពេញ​នូវ​សេចក្តីត្រូវការ​របស់​អតិថិជន​មួយ ក្នុង​មូល​នី​ធិ​ពាណិជ្ជកម្ម។ ដោយ​គ្មាន​និយមន័យ ដែល​កំណត់ដោយ​ច្បាប់​មូលនិធិ​ពាណិជ្ជកម្ម ត្រូវបាន​កំនត់ដោយ សមាសភាព​របស់ខ្លួន ដែល​ក្នុងនោះ​មាន អតិថិតា​ចម្បង ដូច្នេះ​មូល​នី​ធិ​ពាណិជ្ជកម្ម ត្រូវបាន​បង្កើតឡើង​ដោយ​ចលនទ្រព្យ ដែល​ពាណិជ្ជករ​ម្នាក់ ឬ​ឧស្សាហករ​ណា​ម្នាក់​រៀបចំឡើង ដើម្បី​ស្វែ​រក​អតិថិតា។

ក្នុង​នោះគេ​ឃើញ​មាន​វិបាក​មួយចំនួន បាន​លេចឡើង រួមមាន មូល​នី​ធិ​ពាណិជ្ជកម្ម​ត្រូវ​ជាប់ទាក់ទង និង​សកម្មភាព​ពាណិជ្ជកម្ម ដើម្បី​អនុវត្ត​នៅ សកម្មភាព​ពាណិជ្ជកម្ម​មួយ​បាន​ចាំបាច់​ត្រូវមាន​មូល​នី​ធិ​ពាណិជ្ជកម្ម​មួយ ហើយ​សញ្ញាណ​នេះ​ត្រូវតែ​ខុសប្លែកគ្នា ពី​សញ្ញាណ​សហគ្រាស និង​សញ្ញាណ​របស់​ក្រុមហ៊ុន។

ដោយឡែក សហគ្រាស​គឺជា​ស្ថាប័ន​ស្វយ័ត​មួយ ដែល​ប្រមូលផ្តុំ​ដោយ​កត្តា​មនុស្ស និង​កត្តាសេដ្ឋកិច្ច​ដើម្បី ផលិត​ទ្រព្យ និង​សេវាកម្ម។ ដូច្នេះ​សញ្ញាណ​នៃ​សហគ្រាស​នេះ​មាន​លក្ខណៈ​ទូលំទូលាយ​ជាង សញ្ញាណ​នៃ​មូល​នី​ធិ​ពាណិជ្ជកម្ម។ ពាណិជ្ជករ​ដែល​ដឹកនាំ​សហគ្រាស​ឯកបុគ្គល មួយ​អាច​ប្រើប្រាស់ បុគ្គលិក​បាន ហើយ​ជា​ញឹកញាប់​មាន​មូល​នី​ធិ​ពាណិជ្ជកម្ម​តែមួយគត់ និង​សហគ្រាសធំៗ អាចមាន​មូល​នី​ធិ​ពាណិជ្ជកម្ម​ច្រើនខុសៗពីគ្នា។

ចំណែកឯ​ក្រុមហ៊ុន​បុគ្គលភាព​គតិយុត្ត មាន​បេតិកភណ្ឌ នាម​ករ​ណ៍ ទីស្នាក់ការ​ក្រុមហ៊ុន សញ្ជាតិ ដូច្នេះ​ក្រុមហ៊ុន​គឺជា​ប្រធាន​នៃ​សិទ្ធិ និង​កាតព្វកិច្ច៕

រោងចក្រផលិតអគ្គិសនី កម្លាំង៣០មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យ នឹងដាក់ប្រើប្រាស់ត្រឹមខែតុលាខាងមុខនេះ

ដោយ ៖ រ៉ាណេត

បន្ទាយមានជ័យ ៖ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋភិបាល ខេត្តបន្ទាយមានជ័យ ទទួលបានអាជ្ញាប័ណ្ណផលិតប្រភពថាមពលកកើតឡើងវិញ គឺជាថាមពលដើរដោយពន្លឺព្រះអាទិត្យមានអនុភាព ៣០មេហ្គាវ៉ាត់ គ្រោងនឹងដាក់ដំណើរការប្រើប្រាស់នៅត្រឹមអំឡុងខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ដែលអាចជួយកាត់បន្ថយការទិញអគ្គិសនីពីប្រទេសថៃ។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ត នៅទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ថា នៅត្រឹមអំឡុងខែតុលា ឆ្នាំ២០២០ខាងមុខ រោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ វិនិយោគដោយក្រុមហ៊ុន Ray Power Supply Co., Ltd ក្នុងទំហំទឹកប្រាក់ចំនួន ២៨,៨លានដុល្លារ ដែលមានទីតាំងស្ថិតនៅភូមិសំរោងធំ ភូមិឬស្សីកណ្តាល ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

លោកបានមានប្រសាសន៍បញ្ជាក់ថា “បច្ចុប្បន្ន បរិមាណថាមពលសម្រាប់ប្រើប្រាស់នៅទូទាំងខេត្តបន្ទាយមានជ័យគឺមានរហូតដល់១០០មេហ្គាវ៉ាត់ ដែលមានការផ្គត់ផ្គង់២ប្រភពផ្សេងគ្នា គឺប្រភពក្នុងស្រុក (បណ្តាញជាតិ) និងប្រភពពីប្រទេសថៃ ដែលមានអាជ្ញាប័ណ្ណអគ្គិសនីចំនួន២៣ ផ្គត់ផ្គង់ចំនួន ៦៤៥ភូមិ ស្មើនឹងប្រមាណ៩៨ភាគរយនៅទូទាំងខេត្ត”។

លោកអភិបាលខេត្តបានបន្តទៀតថា “ជាមួយនឹងការបើកដំណើរការប្រើប្រាស់ និងផ្គត់ផ្គង់ថាមពលអគ្គិសនីរបស់រោងចក្រផលិតថាមពលកើតឡើងវិញនេះ នឹងលក់ទៅឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា (EDC) ដើម្បីធ្វើការចែកចាយនៅក្នុងតំបន់តាមរយៈសេវាកររបស់ខ្លួនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងស្ថិតនៅក្នុងលក្ខខណ្ឌនៃច្បាប់ដែលបានកំណត់”។

បច្ចុប្បន្ននេះ នៅក្នុងបរិមាណថាមពលអគ្គិសនីដែលមានតម្រូវការនៅក្នុងខេត្តបន្ទាយមានជ័យសរុបប្រមាណ១០០មេហ្គាវ៉ាត់ បានចែកចាយទៅដល់អតិថិជនគោលដៅដែលកំពុងប្រើប្រាស់មានចំនួន ១៣៧ ៧៣៩ គ្រួសារ ក្នុងចំណោម ១៩១ ៧២៣គ្រួសារសរុបនៅទូទាំងខេត្ត ស្មើនឹងប្រមាណ ៧២ភាគរយ៕

កម្ពុជានឹងបន្តចរចារលើកទី៣ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នៅសប្តាហ៍ក្រោយនេះ

ដោយវុត្ថា

ភ្នំពេញៈ តាមការគ្រោងទុក រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបន្តចរចារលើកទី៣ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជាចិននាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅសប្តាហ៍ក្រោយនេះ ខណៈតាមផែននការនឹងបញ្ចប់ការចរចា និងចុះហត្ថលេខា នៅដំណាច់ឆ្នាំ ២០២០នេះ។


នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ ផ្តល់ និងទទួលព័ត៌មាន ជាមួយវិស័យឯកជនលើការចរចារ លើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជ ដែលដឹកនាំដោយ លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងចម្បងគឺប្រមូលធាតុចូល ពីភាគីពាក់ព័ន្ធនានា ក្នុងវិស័យឯកជន ដើម្បីជាជំនួយស្មារតីនិងគំនិតយោបល់បន្ថែម ដល់ក្រុមការងារចរចារ ក្នុងការរៀបចំត្រៀមលើកឡើង ក្នុងកិច្ចចរចារលើកទី៣ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជាចិន នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នាពេលខាងមុខតាមការគ្រោងទុក។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិននេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ រវាង ប្រទេសទាំងពីរ ក្រោមផ្ដួចផ្ដើមគំនិតដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក លី គឺជាំង នាយករដ្ឋមន្ត្រីចិន។

បន្ថែមពីនេះ កិច្ចព្រមព្រៀងនេះ ក៏បានបង្ហាញអំពីការគិតគូរ និងការយកចិត្តទុកខ្ពស់ របស់ថ្នាក់ដឹកនាំទាំងពីរ លើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ តាមរយៈការជំរុញពាណិជ្ជកម្ម និងបង្កើតឱកាសការងារ។ កិច្ចព្រមព្រៀងនេះ នឹងផ្តល់ឲ្យកម្ពុជានូវភាពកាន់តែសំបូរបែប ក្នុងការនាំចេញផលិតផលរបស់ខ្លួន ទៅទីផ្សាររបស់ចិនទាំងបរិមាណ និងមុខទំនិញ តាមរយៈការផ្តល់នូវការអនុគ្រោះពន្ធប្រសើរជាងមុន។


ម្យ៉ាងវិញវិញទៀតកិច្ចព្រមព្រៀងនេះ ក៏នឹងធ្វើឲ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិ​​ជ្ជកម្ម តាមរយៈការជួយសម្រួល និងកាត់បន្ថយបែបបទ នីតិវិធី និងវិធានការនានា ដែលមិនចាំបាច់ និងធ្វើឲ្យរាំងស្ទះ ដល់លំហូរពាណិជ្ជកម្មទំនិញ។

កិច្ចព្រមព្រៀងនេះ នឹងចូលរួមចំណែកបង្កលក្ខណៈងាយស្រួ ដល់វិនិយោគិនដែលមានស្រាប់ ក្នុងការពង្រឹកប្រតិបត្តិការរបស់ខ្លួន និងទាក់ទាញវិនិយោគថ្មីៗ បន្ថែមទៀតមកកម្ពុជា ដែលនឹងបង្កើតការងារថ្មី បន្ថែមជូនប្រជាពលរដ្ឋ តាមរយៈការកែលម្អ កិច្ចការពាក់ព័ន្ធនឹងការជំរុញ និងសម្រួលវិនិយោគ។

កត្តាទាំងអស់នេះ នឹងចូលរួមចំណែកនៅក្នុងការអភិវឌ្ឍន៍ និងទ្រទ្រង់កំណើនសេដ្ឋ​​កិច្ចជាតិក៏ដូចជាពន្លឿនដំណើរការ នៃការធ្វើសមារហណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងតំបន់ និង សកលលោក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោកលី គឺជាំង នាយករដ្ឋម ន្ត្រីចិន ក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី២០២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង បានសម្រេចឱ្យមានការសិក្សា ពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជាចិន ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឱ្យបានគោលដៅ ពាណិជ្ជកម្មសរុបចំនួន១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ តាមការកំណត់៕

អាជ្ញាធរកំពុងសិក្សាពីផងប៉ះពាល់លើគម្រោងសាងសង់ផ្លូវតាមបណ្ដោយឆ្នេរ សមុទ្រខេត្តកំពត

ដោយៈ រ៉ាណេត

កំពតៈ គម្រោងសាងសង់ផ្លូវមួយខ្សែ នៅតាមតំបន់បណ្តោយឆ្នេរសមុទ្រខេត្តកំពត នឹងត្រូវចាប់ផ្តើមសាងសង់ក្នុងពេលដ៏ខ្លីខាងមុខនេះ ជាមួយការយកចិត្តទុកដាក់ទៅលើការដោះស្រាយពីផលប៉ះពាល់នានា នៅក្នុងគម្រោងស្ថិតនៅឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។


អភិបាលខេត្តកំពត លោក ជាវ តាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំស្ដីពីការពិនិត្យ ពិភាក្សា និងសិក្សាផលប៉ះពាល់លើគម្រោងការសាងសង់ផ្លូវមួយខ្សែ ដែលមានទីតាំងដូចបានបញ្ជាក់ខាងលើនេះថា គម្រោងសាងសង់ផ្លូវនេះនៅពេលសាងសង់រួច គឺជាផ្លូវមានសារៈសំខាន់ នាំមកផលប្រយោជន៍ដល់សាធារណៈទូទៅជាច្រើន។

លោកបានបញ្ជាក់ថា តាមរយៈផ្លូវមួយខ្សែនេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាយុទ្ធសាស្ត្រ នៃរនាំងការពារ ដីឆ្នេរនិងព្រៃកោងកាង មាត់សមុទ្រពីការរំលោភបំពាននានា លោកបន្តថា មិនតែប៉ុណ្ណោះក៏នាំមកនូវជាហេដ្ឋារចនាសម្ព័ន្ធដែលជាសក្ដសនុពល បម្រើដល់វិស័យទេសចរណ៍ សម្រាប់បង្កើនជីវភាពសេដ្ឋកិច្ចគ្រួសារដល់ប្រជាពលរដ្ឋក្នុងសហគមន៍នេសាទ នៅតំបន់នោះទៀតផង

លោកអភិបាលខេត្តបានមានប្រសាសន៍បន្តថា ការងារអភិវឌ្ឍន៍អ្វីមួយ ត្រូវមានការចូលរួមគិត ចូលរួមធ្វើ ចូលរួមទទួលខុសត្រូវ នឹងចូលរួមទទួលផលប្រយោជន៍ទាំងអស់គ្នា ក្នុងនោះគឺការផ្ដល់ផលប្រយោជន៍ដល់សាធារណជនទូទៅ ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសហគមន៍នៃតំបន់អភិវឌ្ឍន៍នេះ។ លោកបានបន្តទៀតថា បញ្ហាផ្លូវ គឺជាការងារអាទិភាព ក្នុងវិស័យអាទិភាពមួយចំនួន នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល មានផ្លូវមានក្ដីសង្ឃឹម នេះផ្អែកតាមចក្ខុវិស័យ ដឹកនាំប្រទេសជាតិរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង។ គម្រោងអភិវឌ្ឍន៍អ្វីមួយ ត្រូវតែមានការចូលរួមមតិយោបល់ពីជំនាញ អាជ្ញាធរនិងប្រជាពលរដ្ឋមូលដ្ឋាន អំពីផលប្រយោជន៍ វិជ្ជមាននិងអវិជ្ជមាន។


នៅក្នុងកិច្ចប្រជុំខាងលើនេះ រដ្ឋបាលខេត្តក៏បានបញ្ជាក់ប្រាប់ក្រុមមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន មុនពេលចាប់ដំណើរការគម្រោងសាងសង់ផ្លូវនេះ ត្រូវជួបជាមួយប្រជាពលរដ្ឋតាមរយៈអង្គការសាធារណៈ សំដែងការចូលរួមគាំទ្រ ក្នុងការទទួលផលប្រយោជន៍ពីផ្លូវនេះ ហើយក៏ត្រូវលើកជាប៉ាណូផ្សាយឲ្យបានទូលំទូលាយ សាងក្នុងការដ្ឋានសាងសង់ជៀសវាងការយល់ច្រឡំ ពីមតិសាធារណជនវាយតម្លៃពីភាព អវិជ្ជមានណាមួយមកលើអាជ្ញាធរមូលដ្ឋាន និងខេត្តក៏ដូចជាមន្ត្រីជំនាញគ្រប់គ្រងនៃតំបន់នោះផងដែរ៕

តើលោកJoe Bidenជាអ្នកណា? ខណៈលោកត្រូវបានព្យាករណ៍ថានឹងក្លាយជាប្រធានាធិបតីអាមេរិកនៅអាណត្តិក្រោយ

ដោយម៉ាណេត

ភ្នំពេញៈ ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នឹងធ្វើឡើងនៅកំឡុងខែវិច្ឆិកាខាងមុខនេះ  ហើយបេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោកJoe Bidenត្រូវបានគេមើលឃើញថា ទំនងជាមានលទ្ឋភាពក្លាយជាប្រធានាធិបតីអាមេរិកអាណត្តិក្រោយ បន្ទាប់ពីលោកDonald J Trump ដែលជាប្រជានាធិបតីដ៏ចម្រូងចម្រាស់មួយរូបរបស់អាមេរិក។


តើលោកJoe Bidneជាអ្នកណា? លោក Joe Biden (ឈ្មោះពេញ Joseph Robinette Biden Jr) កើតនៅថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ១៩៤២) គឺជាអ្នកនយោបាយអាមេរិក ដែលបានបម្រើការជាអនុប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិកពីឆ្នាំ ២០០៩ ដល់ឆ្នាំ២០១៧ និងបានធ្វើជាតំណាងឱ្យរដ្ឋDelaware រនៅព្រឹទ្ធសភាអាមេរិកពីឆ្នាំ ១៩៧៣ ដល់ ២០០៩។

ជាសមាជិកម្នាក់ នៃគណបក្សប្រជាធិបតេយ្យ លោកBiden គឺជាបេក្ខជនដែលបានតែងតាំងជាអ្នកតំណាងបក្សប្រជាធិបតេយ្យ ដើម្បីឈរឈ្មោះជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតឆ្នាំ២០២០។ លោកមិនទទួលបានជោគជ័យ ក្នុងការតែងតាំងប្រធានាធិបតីប្រជាធិបតេយ្យនៅឆ្នាំ១៩៨៨ និងឆ្នាំ ២០០៨ នោះទេ។

លោក Biden ត្រូវបានចិញ្ចឹមបីបាច់នៅទីក្រុង Scranton រដ្ឋ Pennsylvania និងទីក្រុងNew Castle County រដ្ឋ Delaware គាត់បានសិក្សានៅសាកលវិទ្យាល័យUniversity of Delaware មុនពេលគាត់បានទទួលសញ្ញាប័ត្រច្បាប់ ពីសាកលវិទ្យាល័យSyracuse University

លោកបានក្លាយជាមេធាវីនៅឆ្នាំ១៩៦៩ ហើយត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាNew Castle County Council នៅឆ្នាំ ១៩៧០។ លោកJoe Biden ត្រូវបានជ្រើសរើសជាថ្មីចំនួន៦ដង និងជាសមាជិកព្រឹទ្ធសភាជាន់ខ្ពស់បំផុតទី៤ នៅពេលដែលគាត់បានលាលែងពីតំណែង ដើម្បីកាន់តំណែងជាអនុប្រធានាធិបតីនៅឆ្នាំ ២០០៩។

ក្នុងឆ្នាំ ២០០៨ លោក Biden ជាដៃគូរបស់បេក្ខជនប្រធានាធិបតី ប្រធានាធិបតេយ្យ លោកបារ៉ាក់ អូបាម៉ា។ ក្នុងនាមជាអនុប្រធានាធិបតី លោកបានត្រួតពិនិត្យការចំណាយហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចដ៏ធំធេង និងជួយរៀបចំគោលនយោបាយអាមេរិកឆ្ពោះទៅអ៊ីរ៉ាក់ តាមរយៈការដកកងទ័ពអាមេរិកក្នុងឆ្នាំ២០១១។


ការចរចាររបស់លោកជាមួយ សមាជិកសភាសាធារណរដ្ឋ បានជួយរដ្ឋបាល លោក អូបាម៉ា អនុម័តច្បាប់រួមមានការបន្ធូរបន្ថយពន្ធ ការធានារ៉ាប់រងភាពគ្មានការងារធ្វើឡើងវិញនិង ច្បាប់បង្កើតការងារឆ្នាំ២០១០ ដែលបានដោះស្រាយការជាប់ពន្ធ។ ច្បាប់ត្រួតពិនិត្យថវិកាឆ្នាំ២០១១ ដែលបានដោះស្រាយវិបត្តិបំណុលឆ្នាំនោះ និងច្បាប់ផ្តល់ជំនួយដល់អ្នកជាប់ពន្ធអាមេរិកឆ្នាំ២០១២ ដែលបានដោះស្រាយអំពីសារពើពន្ធ ដែលជិតមកដល់។ លោកអូបាម៉ា និងលោក Biden ត្រូវបានជ្រើសរើសជាថ្មីក្នុងឆ្នាំ ២០១២។

នៅខែតុលាឆ្នាំ ២០១៥ បន្ទាប់ពីមានការសង្ស័យជាច្រើនខែ លោក Biden បានប្រកាសថា លោកនឹងមិនស្វែងរកតំណែងប្រធានាធិបតី នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៦ ទេ។ នៅខែមករាឆ្នាំ ២០១៧ លោកអូបាម៉ា បានប្រគល់មេដាយសេរីភាពប្រធានាធិបតី ដល់លោក។ បន្ទាប់ពីបញ្ចប់អាណត្តិទីពីររបស់លោក ជាអនុប្រធានាធិបតី លោក Biden បានចូលរួមជាមួយមហាវិទ្យាល័យ នៃសាកលវិទ្យាល័យ Pennsylvania ជាកន្លែងដែលលោក ត្រូវបានគេដាក់ឈ្មោះជាសាស្រ្តាចារ្យបេBenjamin Franklin  នៃការអនុវត្តប្រធានាធិបតី។

លោកបានប្រកាសបេក្ខភាពជាប្រធានាធិបតី របស់លោកនៅឆ្នាំ២០២០ នៅថ្ងៃទី ២៥ ខែមេសាឆ្នាំ ២០១៩ ដោយចូលរួមជាមួយបេក្ខជនប្រជាធិបតេយ្យជាច្រើន ដើម្បីស្វែងរកការតែងតាំងគណបក្ស។

ពេញមួយឆ្នាំ ២០១៩ លោកត្រូវបានគេចាត់ទុកជាអ្នកនាំមុខជួរមុខ របស់គណបក្ស។ លោក Biden បានបន្តឈ្នះ១៨ ក្នុងចំណោមការប្រកួតប្រជែងចំនួន ២៦ លើកបន្ទាប់។ លោក Biden បានក្លាយជាបេក្ខជន ដែលមិនគិតទុកជាមុនរបស់គណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតប្រធានាធិបតី៕


ប័ណ្ណកម្មសិទ្ឋដីធ្លីជាង១៦ម៉ឺនត្រូវបានផ្តល់ជូនប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ

ដោយ ៖ រ៉ាណេត

បន្ទាយមានជ័យៈ អនុលោមតាមវិធានការ និងគោលនយោបាយរបស់រដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ខេត្តបន្ទាយមានជ័យបានរៀបចំ និងគ្រប់គ្រងលើការចុះបញ្ជីដីធ្លី បានជាង១៦ម៉ឺនប័ណ្ណមានលក្ខណៈជាប្រព័ន្ធ និងការចុះបញ្ជីដីធ្លីដាច់ដោយដុំមានចំនួនជិត៨ពាន់ក្បាលដី។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅបន្ត នៅទីស្ដីការគណរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រហូតដល់ឆ្នាំ២០១៩ សម្រេចបាន១៦១,៣៣៥ ប័ណ្ណ ហើយការចុះបញ្ជីដីធ្លី មានលក្ខណៈដាច់ដោយដុំរហូតដល់ឆ្នាំ២០១៩ សម្រេចបាន៧ ៩២២ប័ណ្ណ។

លោកបានបញ្ជាក់ទៀតថា រហូតមកដល់ឆ្នាំ២០២០នេះ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធអនុវត្តលើ៥ស្រុក ក្រុងមានមង្គលបូរី ព្រះនេត្រព្រះ សិរីសោភ័ណ  ប៉ោយប៉ែត និងភ្នំស្រុក  ប្រមូលបញ្ចូល និងគូសក្បាលដីចំនួន៣៤.៤៣១ក្បាលដី

លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ជាមួយនឹងការងារគ្រប់គ្រង និងរៀបចំដែនដីនេះ រដ្ឋបាលខេត្តបានប្រកាសតំបន់វិនិច្ឆ័យចំនួន២៩ភូមិ  និងបញ្ចប់ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ៣៧ភូមិ ស្មើនឹង៤១.១៣៤ក្បាលដី   រួមជាមួយនឹងការចែកវិញ្ញាបនប័ត្រសម្គាល់សិទ្ធិអចលនវត្ថុ ជូនប្រជាពលរដ្ឋ២៥.១៦៧ប័ណ្ណ លើ៣១.០៧១ប័ណ្ណដែលបានចុះហត្ថលេខារួច ការចុះបញ្ជីដីធ្លីដាច់ដោយដុំបានចំនួន១.៩២៣ប័ណ្ណ

សម្រាប់ករណីវិវាទដីធ្លីមានចំនួន២២៨ករណី  ស្ថិតក្នុងដៃគណៈកម្មការសុរិយោដីក្រុង ស្រុក ខេត្ត៨៧ករណីបានបញ្ចប់ ៣ករណ កំពុងដោះស្រាយ៨៤ ដោះស្រាយក្រៅយន្តការសុរិយោដី៨២ករណី ក្នុងនោះបណ្តឹងស្ថិតក្នុងសមត្ថកិច្ច ក្រុមការងារចម្រុះខេត្តកំពុងដោះស្រាយ៥៥ករណី និងផ្ទេរជូនអង្គភាពពាក់ព័ន្ធ២៧ករណី

ការដោះស្រាយវិវាទដីធ្លី ក្រៅយន្តការគណៈកម្មការសុរិយោដី ក្នុងរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន៥៩ករណី៕