ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជាង ៤១ លានដុល្លារដល់កម្ពុជា

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជានឹងចុះហត្ថលេខាលើលិខិតប្តូរសារ ផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់ចំនួន ៤.៥០១ លានយ៉េន ស្មើនឹងប្រមាណ ៤១,១ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងចំនួន ៣ នៅកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ បញ្ជាក់ថាពិធីចុះចុះហត្ថលេខាលើលិខិតប្តូរសារនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ ដោយមានវត្តមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា គម្រោងចំនួន ៣ រួមមាន អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស គ្រោងចំណាយចំនួន ៣, ២លានដុល្លារអាមេរិក ការធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គ្រោងចំណាយចំនួន ១៩,៨លានដុល្លារអាមេរិក និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្តល់សម្ភារៈវេជ្ជសាស្ត្រសម្រាប់ការការពារ និងការឆ្លើយតបការរីករាលដាលនៃជំងឺកូវី ១៩ គ្រោងចំណាយចំនួន ១៨,៤០ លានដុល្លារអាមេរិក។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណងដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកម្ពស់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៃកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

រដ្ឋាភិបាលទទួលបានចំណូលប្រមាណ ២០០០ លានដុល្លារក្នុងរយៈពេល ៤ខែនៅឆ្នាំនេះ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញរបាយការណ៍ស្តីពីហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ជាតិ ប្រចាំខែមេសា ឆ្នាំ២០២០នេះ ឱ្យដឹងថាក្នុងរយៈពេល៤ខែដំបូងឆ្នាំ២០២០នេះ ចំណូលរដ្ឋបាលថ្នាក់ជាតិរបស់កម្ពុជា សម្រេចបានចំនួន ៨ ៤២៨ ២៧៧លានរៀល (ស្មើនឹងប្រមាណ២០០០លានដុល្លារ) កើតឡើង១០.២៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ បើទោះកម្ពុជាជួបវិបត្តិនូវជំងឺ Covid-19 ។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច ដែលបានផ្សព្វផ្សាយ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះបានបញ្ជាក់ថាចំណូលទាំងនេះ បានមកពីប្រភពសំខាន់៣ គឺចំណូលពន្ធសម្រេចបាន ៧,១៣៣,៥១៤លានរៀល (ស្មើនឹងជាង១,៧០០លានដុល្លារ), ចំណូលផ្សេងៗ ៩៦៥,៩៨៧លានរៀល (ស្មើនឹងជាង២៣០លានដុល្លារ) និងអំណោយ ៣២៨,៧៧៥លានរៀល (ស្មើនឹង៨០លានដុល្លារ)។

ចំពោះការចំណាយរដ្ឋបាលថ្នាក់ជាតិសរុប នៅរយៈពេល៤ខែឆ្នាំ២០២០ មានចំនួន ៧ ២៩៩ ៦៤០ លានរៀល (ស្មើនឹងប្រមាណជាង១៧០០លានដុល្លារ) កើនឡើង៣១.៥៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។ប្រភពនៃការចំណាយសំខាន់ៗរួមមាន៖ ចំណាយលើបន្ទុកបុគ្គលិក (ប្រាក់ខែមន្ត្រីរាជការ), ចំណាយលើទំនិញ និងសេវាកម្ម, ចំណាយការប្រាក់, ការឧបត្ថម្ភធន, ចំណាយ ការឧបត្ថម្ភផ្នែកសង្គមកិច្ច និងចំណាយផ្សេងៗ។

តាមការសន្និដ្ឋានរបស់ក្រសួងសេដ្ឋកិច្ច ដោយផ្អែកលើទិន្នន័យបឋមនៃការអនុវត្តឆ្នាំ២០២០នេះ ការអនុវត្តចំណូលថវិការដ្ឋបាលថ្នាក់ជាតិ នៅតែទទួលបានលទ្ធផលល្អ (កើនឡើង១០.២៩ ភាគរយ) ធៀបនឹងឆ្នាំ២០១៩ ស្របពេលដែលចំណាយសរុបក៏មានសន្ទុះគួរឱ្យកត់សម្គាល់ (កើនឡើង ៣១.៥៦ ភាគរយ)។ បើទោះបីជាការអនុវត្តចំណូល និងចំណាយសរុបមានភាពល្អ ប្រសើរក៏ដោយ តែការផ្ទុះឡើងនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (កូវីដ-១៩) នឹងផ្តល់ផលប៉ះពាល់ដល់ការអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ជាតិក្នុងឆ្នាំ២០២០៕

ខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសធំៗចំនួន៥ជំរុញ

ដោយវុត្ថា

ភ្នំពេញៈ  អភិបាលខេត្តបន្ទាយមានជ័យបានអះអាងថា រហូតមកដល់ពេលនេះ ខេត្តបន្ទាយមានជ័យ ដែលជាខេត្តជាប់ព្រំដែននៃប្រទេសថៃ មានតំបន់សេដ្ឋកិច្ចពិសេសធំៗចំនួន៥ ក្នុងនោះចំនួន១មិនទាក់ដំណើរការ  និងមានរោងចក្រចំនួន២២កំពុងដំណើ​រការ មានកម្មករបំរើការងារ១១.៥៣៤នាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសនេះ ។

លោក អ៊ុំ រាត្រី អភិបាលនែគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី “វឌ្ឍនភាពឆ្នាំ២០១៩ និងទិសដៅការងារបន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត បន្ទាយមានជ័យ” នាថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០នេះ ឱ្យដឹងថា   តំបន់សេដ្ឋកិច្ចពិសេសទាំងនេះ ត្រូវបានបណ្ដាក់ទុនវិនិយោគ ដោយជនជាតិខ្មែរជនជាតិខ្មែរ និងជនជាតិថៃ។

លោកបន្តថា សម្រាប់ តំបន់សេដ្ឋកិច្ចពិសេសអូរនាង មានរោងចក្រចំនួន៥ កាត់ដេរ ផលិតប្រអប់ផ្លាស្ទិក   និងបង្គំសម្ភារ បរិក្ខាអេឡិចត្រូនិក ប្រអប់គ្រឿងអលង្កា ។ តំបន់សេដ្ឋកិច្ចពិសេសសានកូ មានរោងចក្រចំនួន១២ ផលិតហាតឌីស គ្រឿងបំពាក់រថយន្ត ផលិត ក្បាលចង្កឹះលេខរថយន្ត ស្បែកអំប្រ៊ីយ៉ាម៉ូតូ បង្គំខ្សែភ្លើង បំពង់ដែក គ្រឿងបន្លាស់អគ្គិសនី។

លោកអភិបាលខេត្តបន្តថា តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភី មានរោងចក្រចំនួន២ ផលិតបង្គំខ្សែភ្លើង សេវាជួលឃ្លាំងនិង រោងចក្រ។  តំបន់សេដ្ឋកិច្ចពិសេសលីអ៊ិតនី មិនទាន់ដំណើរការ និង សួនឧស្សាហកម្មក្រុងសិរីសោភ័ណ មានរោងចក្រចំនួន០៣ កាត់ដេរសម្លៀកបំពាក់។

លោកបន្ថែមថា  រោងចក្រដែលស្ថិតនៅក្រៅពីតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាកម្ម មានរោងចក្រចំនួន៥គឺ រោងចក្រធីបកូ អេសហ្វលកែឆ្នៃកៅស៊ូឆ្អិននៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល   រោងចក្រORIENT& EIGHT HAPPINESS ផលិតបារី អណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល រោងចក្រ BAKAVA កិនស្រូវ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ រោងចក្រ KOREA កិនស្រូវ ភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ(ផ្អាកដំណើរការ) និង រោងចក្រហ្វូសហ្វេត និង ខេមីខល ផលិតជីហ្វូសហ្វាតភ្នំធំ ឃុំអូរប្រាសាទ (ផ្អាកដំណើរការ) ។

លោកអ៊ុំ រាត្រីបានបញ្ជាក់ទៀតា ជាមួយគ្នានេះខេត្តបន្ទាយមានជ័យ គឺជាខេត្តដែលមានសក្តានុពលខ្ពស់លើវិស័យសេដ្ឋកិច្ច ដោយមានសហគ្រាសធុនតូច មធ្យម សិប្បកម្ម មាន១.០៩១មូលដ្ឋាន មានកម្មករនិយោជិក៤.៧៨៨នាក់ ស្រី ២.៤០២នាក់។

ខេត្តបន្ទាយមានជ័យចាប់បដិសន្ធិនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៨ ដោយកាត់ចេញពីខេត្តបាត់ដំបង ដែលមុនការបង្កើតខេត្ត ទីរួមខេត្តនេះជាអតីតស្រុកសិរីសោភ័ណ ដែលគេនិយមហៅថាស្រុកស្វាយស៊ីសូផុន កាលនោះមានប្រជាពលរដ្ឋមិនជាច្រើននោះទេ ហេដ្ឋារចនាសម្ព័ន្ធនានានៅជួបការលំបាកនៅឡើយ ដោយសារជួបនឹងសង្រ្គាមរ៉ាំរ៉ៃ ខ្ទេចខ្ទាំ ។

បន្ទាប់ពីទទួលបានសុខសន្តិភាពថ្ងៃ២៩ ខែ ធ្នូ ឆ្នាំ១៩៩៨  ក្រោមនយោបាយ “ឈ្នះ ឈ្នះ” របស់ប្រមុខរាជរដ្ឋាភិបាល ខេត្តបន្ទាយមានជ័យបានបោះជំហានទៅមុខយ៉ាងលឿនក្រោមទង់សាមគ្គីជាតិ ឯកភាពជាតិ ពិសេសសន្តិភាព៕

គម្រោងខ្សែក្រវាត់១ និងផ្លូវ១នៅកម្ពុជា ឡាវ និងឥណ្ឌូនេស៊ីនៅតែបន្តទោះបី ពិភពលោកកំពុងមានវិបត្តិសេដ្ឋកិច្ច

ដោយ ប៊ី

ភ្នំពេញៈ ទោះបីជាជំងឺរាតត្បាត Covid-19 (ជំងឺរាគរូស) បានរំខានដល់ជីវិតរស់នៅរបស់ប្រជាជនច្រើន និងផលិតកម្មយ៉ាងធ្ងន់ធ្ងរនៅទូទាំងពិភពលោកក៏ដោយ ក៏ការសាងសង់គម្រោងខ្សែក្រវាត់១ និងផ្លូវ១នៅតែបន្ត ដោយមានវិធានការការពារនៅប្រទេសឡាវ កម្ពុជា និងឥណ្ឌូនេស៊ី។

ក្រុមអ្នកជំនាញជឿជាក់ថា នៅក្នុងរយៈពេលពិសេសនេះ គម្រោង Belt and Road Initiative (BRI) ដែលផ្តោតលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរពាណិជ្ជកម្មអាចជួយសម្រួលដល់ការស្តារសេដ្ឋកិច្ចជាតិ របស់ប្រទេសជាច្រើនលើពិភពលោក។

អ្នកបើករថភ្លើងជនជាតិចិន អាយុ៣១ឆ្នាំឈ្មោះ Chen Jian ដែលបើករដ្ឋភ្លើងទៅការដ្ឋានសាងសង់នៅទីវៀងចន្ទន៍ ប្រទេសឡាវបាននិយាយថា “ខ្ញុំបានដឹករថភ្លើងដែលធ្វើដំណើរជុំវិញប្រទេសចិន ប៉ុន្តែនេះជាលើកទី១ ហើយដែលខ្ញុំបើករថភ្លើងទៅបរទេស”។

លោកChen ដែលធ្វើប្រតិបត្តិការក្បាលម៉ាស៊ីននៅលើផ្លូវដែកចិន-ឡាវ ដែលកំពុងសាងសង់ ជាកម្មករម្នាក់ក្នុងចំណោមកម្មករចិនជាច្រើន ដែលជំនះការលំបាក និងនៅតែបន្តធ្វើការនៅទីនោះ អំឡុងជំងឺរាតត្បាត Covid-19។

ដោយមានការប្រុងប្រយ័ត្ន និងបង្ការទុកជាមុនយ៉ាងម៉ឺងម៉ាត់ ពួកគេបានសហការជាមួយកម្មករក្នុងស្រុក និងវិស្វករក្នុងការពន្លឿនការស្ថាបនាផ្លូវដែកនេះ។

លោកHu Bin ប្រធានគម្រោងផ្លូវដែកនៃក្រុមវិស្វកម្មផ្លូវដែក ចិនផ្លូវដែកលេខ២ បានថ្លែងថា “ដើម្បីរក្សាការសាងសង់ផ្លូវដែកចិន-ឡាវឱ្យទាន់ពេលវេលា យើងកំពុងអនុវត្តវិធានការត្រួតពិនិត្យគ្រប់ជ្រុងជ្រោយ ដើម្បីធានាបាននូវវឌ្ឍនភាពគុណភាព និងសុវត្ថិភាព”។

ផ្លូវដែកចិន-ឡាវ មិនមែនជាគម្រោងតែមួយ ដែលមានវិធានការណ៍ការពារដ៏តឹងរឹងបែបនេះទេ។ នៅខេត្តកោះកុងភាគនិរតីនៃប្រទេសកម្ពុជា ស្ថានីយ៍វារីអគ្គីសនីស្ទឹងឬស្សី  ជ្រុំ ដែលសាងសង់ដោយចិន ក៏ឃើញមានវិធានការស្រដៀងគ្នានេះដែរ សម្រាប់ប្រតិបត្តិការសុវត្ថិភាព។

លោកYou Yuansheng អគ្គនាយករងនៃក្រុមហ៊ុនChina Huadian Lower Stung Russei Chrum Hydroelectric Project (Cambodia)  បានមានប្រសាសន៍ថា “សុវត្ថិភាពរបស់បុគ្គលិករបស់យើង គឺជាលក្ខខណ្ឌនៃប្រតិបត្តិការធម្មតា។ វិធានការតឹងរឹងត្រូវបានអនុម័តនៅក្នុងក្រុមហ៊ុនរបស់យើង រួមមានអនាម័យយានយន្ត ការិយាល័យ និងអន្តេវាសិកដ្ឋាន ការធ្វើតេស្ត៍សីតុណ្ហភាពញឹកញាប់ និងតម្រូវការពាក់ម៉ាស”។

លោក បាននិយាយថា “មនុស្សទាំងអស់ដែលបានត្រឡប់មកពីប្រទេសចិន បន្ទាប់ពីវិស្សមកាល ត្រូវបានធ្វើចតាឡីស័ករយៈពេល១៤ថ្ងៃ”។

វិធានការណ៍បង្ការ ក៏ទទួលបានការគាំទ្រពីពលករខ្មែរក្នុងស្រុក ដែលរួមជាមួយសហការីជនជាតិចិនរបស់ពួកគេ បានថត និងបង្ហោះវីដេអូនៅលើបណ្តាញសង្គម ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីជំងឺ COVID-19។

នៅប្រទេសឥណ្ឌូនេស៊ីលោក Zhang Kelei ប្រធានគម្រោងនៃនាយកដ្ឋានគម្រោង Sinohudro នៃរថភ្លើងល្បឿនលឿនចាការតា-បានដុងបាននិយាយថា នាយកដ្ឋាននេះបានស្នើសុំឱ្យមនុស្សគ្រប់គ្នាពាក់ម៉ាស និងកាត់បន្ថយការទាក់ទងគ្នា។

លោក Zhang បាននិយាយថា “ការិយាល័យ កន្លែងស្នាក់នៅ និងកន្លែងសាងសង់ត្រូវបានព័ទ្ធជុំវិញយ៉ាងពេញលេញ ហើយបុគ្គលិកទាំងអស់ដែលចូល និងចេញត្រូវបានចុះបញ្ជី សម្លាប់មេរោគ និងតេស្តកម្ពៅ”។

លោកបាននិយាយថា “យើងក៏បានបោះពុម្ពសៀវភៅណែនាំ ចំនួន៣០០០ក្បាល ប្រឆាំងនឹងការរាតត្បាតទាំងជាភាសាចិន និងឥណ្ឌូនេស៊ី ហើយបានចែកចាយដល់បុគ្គលិកឥណ្ឌូនេស៊ីគ្រប់រូប”៕

ប្រភពXinhua៕

សម្តេចតេជោៈកម្ពុជានឹងមានប៉ូលសេដ្ឋកិច្ចទី៤នាពេលដ៏ខ្លីខាងមុខនេះ

ដោយ វុត្ថា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហើបថា កម្ពុជានឹងប៉ូលសេដ្ឋកិច្ចទី៤នាពេលខាងមុខដ៏ខ្លីនេះ សម្រាប់បំរើដល់ការអភិវឌ្ឍន៍ និងសេដ្ឋកិច្ចសង្គមនៅទូទាំងប្រទេស ខណៈដែលបច្ចុប្បន្នកម្ពុជាមតែប៉ូលសេដ្ឋកិច្ចតែ៣ ដែលមិនទាន់ដល់ការឆ្លើយតបទៅនឹងការរីកចំរើនរបស់ប្រទេស។

សម្តេចតេជោ ហ៊ុន សែនបានបង្ហើបពីព៌តមាននេះកាលពីពេលថ្មីៗនេះ ដោយបានបញ្ជាក់ថា “កម្ពុជាអាចនឹងប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត នៅខាងភូមិឥសាន្តងខាងមុខនេះ ខណៈតំបន់នេះ មានសក្តានុពលសេដ្ឋកិច្ច កសិឧស្សាហកម្ម និងទេសចរណ៍ និង ធនធានរ៉ែផងដែរ ជាច្រើនសម្រាប់បំរើសេចក្តីត្រូវការរបស់ប្រទេស”។

សម្តេចតេជោហ៊ុន សែនថ្លែងថា “យើងនឹងអាចមានប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត ខណៈបច្ចុប្បន្នយើងប៉ូលសេដ្ឋកិច្ចបីរួចទៅហើយ គឺភ្នំពេញជាប៉ូលសេដ្ឋកិច្ចទី១ ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចទី២ និតខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចទី៣ ។
សម្តេចបន្តថា “ខ្ញុំធ្លាប់បានបង្ហាញថា ខ្ញុំមានមហិច្ឆិតាតភ្ជាប់ប៉ូលសេដ្ឋកិច្ចទាំងបីនេះដើម្បីជំរុញដល់ការដឹកដញ្ជូន កំណើនសេដ្ឋកិច្ច និងជាច្រកល្បៀងសេដ្ឋកិច្ចដ៏សំខាន់”។

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា តំបន់ភូមិភាគឥសាន្ត(ខេត្តមណ្ឌលគីរី និងរតនាគីរី)នេះ នឹងក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់របស់ប្រទេស។ ហើយនឹងមានការអភិវឌ្ឍន៍ទៅទាំងសំណុំ មានកសិឧស្សាហកម្ម កសិទេសចរណ៍ និងវិស័យផ្សេងទៀត ត្រូវអភិវឌ្ឍន៍នៅភូមិភាគឥសាន្ត ដើម្បីជំរុញចំណូលប្រទេសយើងពីប្រាក់ចំណូលមធ្យមកម្រិតទាប ឲ្យទៅជាប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងសម្រេចចង្ខុវិស័យប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលគ្រោងបង្កើត ព្រលានយន្តហោះអន្តរជាតិថ្មីបន្ថែមទៀត នៅភូមិភាគឥសាន្ត(មណ្ឌលគិរី) ជាតំបន់ប៉ូលសេដ្ឋកិច្ចថ្មីទី៤របស់កម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងបំពេញការអភិវឌ្ឍន៍ឲ្យគ្រប់ជ្រុងជ្រោយ នៃការរីកចម្រើននៃតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ។

យោងតាមអនុក្រឹត្យលេខ៤០ អនក្រ.បក ស្តីពី តំបន់ទេសចរណ៍ពិសិដ្ឋ ចុះថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៩ កន្លងមកគ្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ពិសិដ្ឋ និងបានលើកទឹកចិត្តឱ្យមានការសិក្សាស៊ីជម្រៅ មុននឹងឈានដល់ការអនុវត្តគម្រោងពាក់ព័ន្ធនានា នៅតំបន់ប៉ែកឥសាន្តប្រទេស ដោយមានការគិតគូរបង្កើតជាយន្តការ និងនីតិវិធីជាកញ្ចប់សំដៅសម្រួល និងបង្កើនប្រសិទ្ធភាព នៃដំណើរការអនុវត្តន៍គម្រោងតំបន់ទេសចរណ៍ពិសិដ្ឋ ជាពិសេសគម្រោងទេសចរណ៍ផ្ទះទី២ សម្រាប់ទេសចរវ័យចំណាស់៕

តើ​តម្លៃ​អគារ​ថ្លៃ​ជាងគេ​បំផុត​លើ​ពិភពលោក​មានតម្លៃ​ប៉ុន្មាន និង​ស្ថិតនៅ​ប្រទេស​ណា?

ដោយ ប៊ី

ភ្នំពេញៈ ថ្ងៃនេះ​គេ​ទំព័រ Propertyarea.asia នឹង​នាំ​អារម្មណ៍​របស់​អស់លោក អ្នក​ទៅ​ដឹង​ពី​តម្លៃ​អគារ ដែល​ត្រូវបាន​ចំណាយ​ប្រាក់ សាងសង់​អស់​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​លើ​ពិភពលោក។

អគារ​ឈ្មោះ Abraj Al-Bait គឺជា​អាគារ​ដែល​ថ្លៃ​ជាងគេ​បំផុត​នៅលើ​ពិភពលោក ដែលមាន​ទីតាំងនៅ​ទីក្រុង Mecca អា​រ៉ា​ប៊ី​សា​អូឌីត។ ការចំណាយ​សរុប​នៃ​ការសាងសង់​អគារ​នេះ ត្រូវបាន​គេ​ប៉ាន់​ស្មានថា​ចំណាយ​ប្រាក់១៥ពាន់​លាន​ដុល្លារ។

អគារ​ត្រូវបាន​សាងសង់​ជា​ផ្នែក​មួយ នៃ​គម្រោង​មួយ​ដែលមាន​ឈ្មោះថា King Abdulaziz Endowment Project ដែលមាន​គោលបំណង​ធ្វើ​ទំនើបកម្ម​ទីក្រុង Mecca និង​ផ្តល់នូវ​កន្លែង​ល្អប្រសើរ ដល់​អ្នកធ្វើ​ធម្ម​យាត្រា​មូស្លីម​រាប់ពាន់នាក់ ដែល​បាន​មកដល់​កន្លែង​នោះ​ជា​រៀងរាល់ឆ្នាំ។

អគារ​កណ្តាល​នៃ​បរិ​វេញ​អគារ​នេះ ដែឡ​ត្រូវបាន​ហៅថា Makkah Royal Clock Tower គឺជា​សណ្ឋាគារ Fairmont Hotel ជា​អគារ​ខ្ពស់បំផុត​លំដាប់​ទី​បួន នៅលើ​ពិភពលោក។ វា​ក៏​មានមុខ​នាឡិកា​ធំ​បំផុត​នៅលើ​ពិភពលោក​ផងដែរ ហើយ​វា​ក៏​ជា​នាឡិកា​ខ្ពស់បំផុត​ដែលមាន​កម្ពស់១,៣០០ ហ្វី​ត​ពី​លើដី​ផងដែរ។

បរិវេណ​អគារ​ទាំងមូល មាន​ទីតាំង​នៅតែ​ពីរ​បី​ម៉ែត្រ ពី​កន្លែង​សក្ការៈបូជា​របស់​អ៊ីស្លាម Masjid al-Haram។  បរិវេណ​អគារ​ទាំងមូល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Saudi Binladin Group ៕

រដ្ឋាភិបាល​កែលម្អ​ឆ្នេរសមុទ្រ​ខេត្ត​កែប​ប្រវែង​ជិត៣០០០ម៉ែត្រ​ពី​ផ្សារ​ក្តាម​ដល់សហគមន៍​កោង​កាង

ដោយ ​វុត្ថា

ភ្នំពេញៈ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន និង​កំពុង​សិក្សា​កែលម្អ​ឆ្នេរសមុទ្រ​កែប​ជា ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​សម្រាប់​សាធារណជន និង​ភ្ញៀវ​ទេសចរណ៍​ប្រវែង២៩៥៩ ម៉ែត្រ ចាប់ពី​ផ្សារ​ក្តាម​រហូតដល់​តំបន់​សហគមន៍​កោង​កាង ស្ថិតនៅ​សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​គ ន​រូបនីយកម្ម និង​សំណង់​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ខែឧសភា ឆ្នាំ ២០២០បាន​បង្ហាញថា លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា (គ​អ​ឆក) បានឱ្យ​ក្រុមការងារ​សិក្សា​អភិវឌ្ឍន៍​ឆ្នេរ​ថ្មី​ចំនួន២ផ្សេងទៀត នៅក្នុង​ខេត្ត​កែប ខណៈ​បច្ចុប្បន្ន​ខេត្ត​កែប​មាន​ឆ្នេរ​សម្រាប់​លេង​កម្សាន្ត​តែមួយ ដែលមាន​ត្រឹមតែ​ប្រវែង៣៥០ម៉ែត្រ ធ្វើឱ្យមាន​ការកកស្ទះ​ភ្ញៀវទេសចរ។

លោក​កែន ស​ត្ថា អតិ​ត​អភិបាលខេត្ត​កែប​ឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា ការ​អភិ​ឌ្ឍ​តំបន់ឆ្នេរ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប​នេះ គឺ​ដើម្បី​កុំឱ្យ​ភ្ញៀវទេសចរ​សម្រុក​មក​តែមួយ​កន្លែង ដូច​បច្ចុប្បន្ន​ដែល​ធ្វើឱ្យមាន​កកស្ទះ និង​ដើម្បី​បង្វែរ​ទិស​របស់​ពួកគេ​ឱ្យទៅ​តំបន់ឆ្នេរ​ទាំងនេះ​ដែលមាន​ឆ្នេរ​ខ្សាច់​ធម្មជាតិ ខណៈ​បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត​កំពុងតែ​ស្ថាបនា​ផ្លូវ​ចូលទៅក្នុង​តំបន់​នេះ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន ធ្លាប់បាន​ឱ្យដឹងថា ខេត្ត​កែប​ត្រូវបាន​រាជរដ្ឋាភិបាល​ដាក់ចេញ​ចក្ខុវិស័យ​ជា “ខេត្ត​គោលដៅ​ទេសចរណ៍ សម្រាកលំហែ​កម្សាន្ត ប្រណិត​កម្រិត​ខ្ពស់” ខណៈ​បច្ចុប្បន្ននេះ​ការសិក្សា​រៀបចំ​ផែនការមេ អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់ខែ​កក្កដា ឆ្នាំ២០២០ ហើយ​អាច​នឹងដាក់​ឆ្លង​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង នា​ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។

លោក​ថ្លែងថា “ក្រសួងទេសចរណ៍​មានជំនឿថា​ផែនការ​មេនេះ នឹង​ជួយ​ឱ្យ​ខេត្ត​កែប​ក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ ស្ងបស្ងាត់ ប្រណីត​កម្រិត​ខ្ពស់ ប្រកបដោយ​ភាព​ទាក់ទាញ និង​ភាព​ប្រកួតប្រជែង​នៅក្នុង​តំបន់ និង​ពិភពលោក” ។

យោងតាម​របាយការណ៍​របស់​ខេត្ត​កែប​បង្ហាញថា ខេត្ត​កែប​ជា​ខេត្ត​ទេសចរណ៍ធម្មជាតិ​តំបន់ឆ្នេរ មាន​ស្ថានភាព​ផ្ទៃដី​ចែកចេញ​តំបន់ភ្នំ ជម្រាលភ្នំ តំបន់​មាត់សមុទ្រ សមុទ្រ និង​កោះ មាន​ចំងាយ​ប្រមាណ១៧៥ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។ សក្តានុពល​របស់​ខេត្ត​កែប ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍ ដោយមាន​ឆ្នេរ​ខ្សាច់ ឧទ្យាន​ជាតិ ព្រៃកោងកាង ផ្កាថ្ម ស្មៅ​សមុទ្រ និង​វិជ្ជា​ជីវៈចម្រុះ រួមទាំង​ធនធាន​ជលផល​សមុទ្រ​ជាច្រើន ប្រភេទ​ផ្សេងទៀត។

ក្នុង​ឆ្នាំ២០១៩ កន្លងមកនេះ ខេត្ត​កែប​បានទទួល​បាន​ភ្ញៀវទេសចរ​ជិត២លាន​នាក់ បើ​ធៀប​នឹង​ឆ្នាំ ២០១៨ កើនឡើង​ប្រមាណ៤.២៤ ភាគរយ ភ្ញៀវទេសចរ​ជាតិ កើនឡើង ៣.៥៨ ភាគរយ និង​ភ្ញៀវទេសចរ​កើនឡើង ២៥.០១ ភាគរយ និង​ផ្តល់​កម្លាំង​ពលកម្ម​ជាង ៣០០០នាក់ មានការ​ងារ​ធ្វើ និង​បាន​បង្កើន​ប្រាក់ចំណូល​ជួយ​ដល់​គ្រួសារ និង​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ខេត្ត៕

កំពង់ផែ​ចំនួន៤ ជំរុញ​សក្តានុពល​លើ​ការវិនិយោគ​អចលនទ្រព្យ​នៅ​ខេត្ត​ជាប់​តំបន់ឆ្នេរ

ដោយៈ រ៉ា​ណេ​ត

កំ​ពតៈ បន្ថែម​ពីលើ​សក្ដានុពល ដែលមាន​ស្រាប់​នៃ​វិស័យ​ទេសចរណ៍ធម្មជាតិ កំពង់ផែសំខាន់ៗចំនួន៤ នៅក្នុង​ខេត្តកំពត ដែល​ក្រៅពី​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន ថែមទាំង​បាន​ជួយ​ជម្រុញ បង្កើន​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ នៅក្នុង​ខេត្ត​មួយ​នេះ​ផងដែរ។

នាយិការ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០កន្លងមក​ថា កំពត គឺជា​ខេត្ត​មានការ​ទទួលស្គាល់ថា ជា​គោលដៅ​ទេសចរណ៍​កម្រិត​ខ្ពស់ ហើយក៏​ជា​គោលដៅ សម្រាប់​ការវិនិយោគ​វិស័យ​អចលនទ្រព្យ ជាពិសេស​ផ្នែក​ដីធ្លី​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​ផងដែរ។

លោកស្រី​បាន​បញ្ជាក់ថា “ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ជាធម្មតា​តម្រូវការ​នៃ​ការប្រើប្រាស់​ដី​នៅក្នុង​ខេត្តកំពត តែង​កើន​ឡើងជា​បន្តបន្ទាប់ ដែល​ធ្វើឱ្យ​តម្លៃ​ដី​កើនឡើង​ប្រមាណ​ជាង៣០ភាគរយ។ លោកស្រី​បន្តថា “តម្រូវការ​នៃ​ការប្រើប្រាស់​ដី​នេះ ភាគច្រើន​គឺ​ការអភិវឌ្ឍន៍​កែច្នៃ​បន្ថែម​ទៅជា​តំបន់​កម្សាន្ត ក៏ដូចជា​ប្រភេទ​លំនៅដ្ឋាន​លំហែរ​កាយ​ជាដើម” ។

កំពង់ផែ​ចំនួន៤ ដែល​បាន​ចូលរួម​យ៉ាងសំខាន់ ក្នុងការ​ជម្រុញ​កំណើនសេដ្ឋកិច្ច និង​បង្កើន​ការវិនិយោគ ក្នុង​វិស័យ​អចលនទ្រព្យ រួមមាន  ទី១ កំពង់ផែ វិញ ហួរ ដែលមាន​ជម្រៅ​ទឹក​រហូតដល់១៤ម៉ែត្រ អាច​សម្រាប់​ដឹកជញ្ជូន​ទំនិញ​តាម​កប៉ាល់ធំៗ ទី២កំពង់ផែ​របស់​ឧកញ៉ា ទ្រី ភាព សម្រាប់​ដឹកជញ្ជូន​ប្រេង​ចូល។ ទី៣ កំពង់ផែ​របស់​ជំទាវ កែវ ម៉ាលី សម្រាប់​ដឹកជញ្ជូន​នាំចេញ​ស្រូវ និង​ផលិតផលផ្សេងៗ ចេញចូល​ប្រទេស​ថៃ។ និង​ទី៤.គម្រោង​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត ដែល​បើក​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ដែល​ធ្វើដំណើរ​តាម​កប៉ាល់ ពិសេស​ទេសចរ​មកពី​ប្រទេស​វៀតណាម និង​ថៃ​អាច​ចូល​ចត​បាន។

ដោយឡែក​សម្រាប់​វត្តមាន​របស់​កំពង់ផែសំខាន់ៗ ជាពិសេស​កំពង់ផែ​ទេសចរណ៍​ដែល​កំពុងដំណើរការ​សាងសង់​នោ​ពេល​បច្ចុប្បន្ននេះ ក៏​ជា​ចំណែក​មួយ​យ៉ាងសំខាន់​នៅក្នុង​ការជួយ​ទាក់ទាញ ការវិនិយោគ​ក្នុង​វិស័យ​នានា ដែល​ក្នុងនោះ​វិស័យ​អចលនទ្រព្យ​ក៏​រួមចំណែក​ផងដែរ។

លោកស្រី​តាំង ហូរ​បាន​បញ្ជាក់ថា ទោះបីជា​កំពង់ផែ ត្រូវបាន​ផ្តោត​សំខាន់​ទៅលើ​វិស័យ​ដឹកជញ្ជូន ប៉ុន្តែ​វា​ក៏បាន​ជះឥទ្ធិពល​ដល់​វិស័យ​អចលនទ្រព្យ​ផងដែរ ដែល​ក្នុងនោះ​រួមមាន ដូចជា ការប្រើប្រាស់​ដី​ធ្វើជា​ទីតាំង​ស្តុក​ទំនិញ ឬ​ឃ្លាំង ការប្រើប្រាស់​សម្រាប់​អភិវឌ្ឍន៍​ជា​លំនៅដ្ឋាន​លំនៅដ្ឋាន​រយៈពេល​ខ្លី ឬ​ផ្ទះសំណាក់​សណ្ឋាគារ​ជាដើម ហើយ​ក៏បាន​ចូលរួម​ក្នុងការ​ជ្រោ​ន​ជ្រែង​សេដ្ឋកិច្ច​នៅក្នុង​តំបន់​ផងដែរ។

លោក​ឧកញ៉ា តេង រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​R Investment Co, Ltd បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ​មាន​អ្នកវិនិយោគ​ជាច្រើន បាន​ទម្លាក់​ទុន​ធ្វើការ​អភិវឌ្ឍ​តំបន់​មួយចំនួន ឱ្យក្លាយ​ទៅជា​តំបន់​កម្សាន្ត​បែប​កែច្នៃ និង​ធម្មជាតិ ជាពិសេស​តំបន់​ដែល​ស្ថិតនៅ​ជាប់មាត់​ព្រែក ជាប់​សមុទ្រ និង​តំបន់​ក្បែរ​ជើងភ្នំ។

លោក​បន្តថា ជាមួយនឹង​សកម្មភាព​ដែល​កំពុងអភិវឌ្ឍន៍ ក៏មាន​គម្រោង​ថ្មី​បន្តបន្ទាប់​ទៀត ដែល​មិនយូរ​មិនឆាប់​ខេត្តកំពត នឹង​ក្លាយទៅជា​ទីតាំង​គោលដៅ​ទេសចរណ៍ ដ៏​មាន​ប្រជាប្រិយភាព​ជាក់​មិន​ខាន។ ដូច្នេះ​បានន័យថា ខេត្តកំពត​មាន​សក្ដានុពល​ខ្លាំង ទៅលើ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ហើយក៏​ស័ក្តិសម​ទៅនឹង​ការអភិវឌ្ឍ វិស័យ​លំនៅដ្ឋាន​បែប​លំហែរ​កាយ​ផងដែរ។

ជាមួយនឹង​ការបង្ហាញ​ពី​សក្ដានុពល ក្នុងការ​វិនិយោគ​ខាងលើនេះ លោក​ឧកញ៉ា តេង រិទ្ធី បានបញ្ជាក់​សម្រាប់​ការអភិវឌ្ឍ លើ​វិស័យ​លំនៅដ្ឋាន​បែប​លំហែរ​កាយ គឺ​ត្រូវបាន​ធ្វើឡើង​ជាច្រើន​គម្រោង និង​ច្រើន​កម្រិត ហើយ​តម្លៃ​ក៏​អាស្រ័យ​ទៅតាម​គម្រោង​ផងដែរ ដែល​ក្នុងនោះ​មានតម្លៃ​ចាប់ពី​ជាង៣-៤ម៉ឺន​ដុល្លារ​ឡើងទៅ៕

ចំណេះដឹង! តើ​រដ្ឋាភិបាល​មាន​ភារកិច្ច​អ្វីខ្លះ​ក្នុងការ​អភិវឌ្ឍ​លំនៅឋាន?

ដោយ ​វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាល​តាមរយ​រៈ​ក្រសួង​រៀបចំ​ដែនដី និង​នគរូបនីយកម្ម និង​សំណង់ មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​សិក្សា​រៀបចំ និង​អភិវឌ្ឍ​វិស័យ​លំនៅឋាន នៅក្នុង​ប្រទេស​កម្ពុជា ស្របតាម​ការរីកចំរើន​របស់​សេដ្ឋកិច្ចសង្គម និង​កំណើន​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស។

ខាងក្រោម​នេះ គឺជា​តួនាទី និង​ភារកិច្ចសំខាន់ៗដូចជា៖

  • សិក្សា​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​លំនៅឋាន តម្រូវការ​លំនៅឋាន ការផ្គត់ផ្គង់​លំនៅឋាន និង​ការរៀបចំ​ដី​សម្រាប់​លំនៅឋាន​ក្នុងពេល​បច្ចុប្បន្ន និង​នៅពេល​អនាគត។
  • សហការ​ជាមួយ​អង្គការ​អន្តរជាតិ ដៃគូ​អភិវឌ្ឍ សង្គម​ស៊ីវិល អង្គការ​មិនមែន​រដ្ឋាភិបាល សហគមន៍​មូលដ្ឋាន សប្បុរស​ជនជាតិ និង​អន្តរជាតិ ក្នុងការ​កៀរគរ​ហិរញ្ញប្បទាន និង/ឬ​ការសាងសង់​លំនៅឋាន​សម្រាប់​ប្រជាពលរដ្ឋ ដែលមាន​ប្រាក់ចំណូល​មធ្យម ប្រាក់ចំណូល​ទាប និង​ក្រុម​ជន​ងាយ​រងគ្រោះ ឬ​ការតាំង​លំនៅ​ថ្មី។
  • សិក្សា​ស្រាវជ្រាវ​អំពី​ស្តង់ដា និង​បទដ្ឋាន​បច្ចេកទេស​លំនៅឋាន​តម្លៃ​ទាប និង

រៀបចំ​គម្រោង​អភិវឌ្ឍ​លំនៅឋាន។

  • រៀបចំ​យុទ្ធសាស្ត្រ គោលនយោបាយ និង​បទដ្ឋាន​គតិយុត្ត​សំដៅ​ធានា​សិទ្ធិ​ទទួលបាន​លំនៅឋាន​សមរម្យ​របស់​ប្រជាពលរដ្ឋ៕

សម្តេចក្រឡាហោម ស ខេង៖ រដ្ឋាភិបាលនឹងរៀបចំរដ្ឋបាលរាជធានីភ្នំពេញឱ្យក្លាយជារដ្ឋបាលពិសេស

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រសួងនឹងសិក្សា និងអភិវឌ្ឍន៍ឱ្យរដ្ឋបាលរាជធានីភ្នំពេញក្លាយជារដ្ឋបាលពិសេសមួយ ដែលតម្រូវឱ្យមានរចនាសម្ព័ន្ធដោយឡែក និងមានប្រព័ន្ធគ្រប់គ្រងតាមបច្ចេកទេសព័ត៌មានវិទ្យាទំនើប ដើម្បីធានាដល់ការគ្រប់គ្រង ការចាត់ចែង និងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច ឆ្លើយតបតម្រូវការប្រជាពលរដ្ឋ ដែលកំពុងមានការកើនឡើងយ៉ាងខ្លាំង ។

សម្តេចក្រឡាហោម ស ខេង នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលរាជធានីខេត្តនាថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ក្រសួងនឹងសិក្សាដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាតក្នុងការផ្ដល់សេវាមានគុណភាព ប្រសិទ្ធភាព តម្លាភាព និងបរិយាប័ន្ន និងអាចរកប្រភពចំណូលនានាដើម្បីពង្រឹងភាពម្ចាស់នៃការប្រើប្រាស់ធនធាន ហើយក្រសួងក៏នឹងសិក្សាពីជម្រើសនានាដើម្បីកំណត់សក្ដានុពលនៃខេត្ត ឬក្រុងមួយចំនួន ដើម្បីអាចរៀបចំជារដ្ឋបាលស្វយ័តនាពេលអនាគត ។

សម្តេចក្រឡាហោមបន្តថា រាជរដ្ឋាភិបាល នឹងបន្តរៀបចំ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិរយៈពេលវែងមួយទៀត ដែលត្រូវចាប់ផ្ដើមឆ្នាំ២០២១តទៅ ដើម្បីធានាបន្តអនុវត្តកំណែទម្រង់នេះឱ្យកាន់តែស៊ីជម្រៅលើកិច្ចការសំខាន់ៗ ដូចជាការបន្តពង្រឹងរដ្ឋបាលក្រង ស្រុក ខណ្ឌ ដែលកំពុងមានបញ្ហាកង្វះខាតថវិកាអនុវត្តមុខងារ បញ្ហាសមត្ថភាពបុគ្គលិក ប្រព័ន្ធកសាងផែនការ បែបបទនីតិវិធី និងទីកន្លែងផ្ដល់សេវាជូនពលរដ្ឋជាដើម។

សម្ដេចបន្តទៀតថា កម្មវិធីថ្នាក់ជាតិថ្មីនេះ នឹងផ្ដល់អាទិភាពដល់ការពង្រឹងស្ថាប័នរដ្ឋបាលក្រុងស្រុកខណ្ឌ ដើម្បីធានាការរួមសហការជាមួយរដ្ឋបាលឃុំសង្កាត់ ឱ្យក្លាយជារដ្ឋបាលមូលដ្ឋានមានសមត្ថភាព និងធនធានសមសម្រប សម្រាប់ផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ ។

សម្ដេចបន្ថែមថា កម្មវិធីជាតិនេះ ក៏នឹងសិក្សាជម្រើសនានាដើម្បីកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលរាជធានី ខេត្ត ដើម្បីបែងចែកឱ្យបានច្បាស់លាស់នូវមុខងារ តួនាទី និងការទទួលខុសត្រូវរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមប្រភេទនីមួយៗ ដើម្បីដើរតួនាទីជារដ្ឋបាលថ្នាក់តំបន់មានមុខងារ និងការទទួលខុសត្រូវក្នុងនាមជាតំណាងរាជរដ្ឋាភិបាល ក្រសួងស្ថាប័នថ្នាក់ជាតិ សម្រាប់ការសម្របសម្រួល និងគាំទ្រដល់រដ្ឋបាលមូលដ្ឋាន មុខងារសន្តិសុខសណ្ដាប់ធ្នាប់ សេវាសង្គម និងមុខងារពាក់ព័ន្ធនឹងការវិនិយោគ៕