ដោយ វុត្ថា
តូក្យូៈ ជប៉ុនគ្រោងសាងសង់អគារកំពស់ ៣៩០ម៉ែត្រ ឬ៦៣ជាន់នៅក្នុងឆ្នាំ២០២៧ នាពេលខាងមុខនេះ ដែលនឹងក្លាយជាអគារខ្ពស់បំផុតនៅក្នុងប្រទេសជប៉ុន ខណៈបច្ចុប្បន្ននេះអគារខ្ពស់បំផុតមានត្រឹមតែ៣៣០ម៉ែត្រ។
អគារនេះត្រូវបានគេប្រសិទ្ធិនាមថា Torch Tower ដែលគ្រោងនឹងសាងសង់នៅមុខស្ថានីយ៍តូក្យូ (Tokyo Station) និងបោះទុនវិនិយោគដោយ ក្រុមហ៊ុន Mitsubishi Estate Co. ជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសជប៉ុន។
បើតាមក្រុមហ៊ុន Mitsubishi Estate Co. អគារខ្ពស់ជាងគេនេះ ត្រូវបានប្រើប្រាស់ចម្រុះ ដូចជា អគារការិយាល័យ ពាណិជ្ជកម្ម សណ្ឋាគារប្រណីត និងសាលដ៏ធំដែលអាចផ្ទុកមនុស្សបានប្រមាណ ២០០០នាក់។
ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុន មិនបញ្ជាក់ពីទំហំទុនដែលត្រូវវិនិយោគនោះទេ ខណៈកំពុងសិក្សាលើហេដ្ឋារចនាសម្ព័ន្ធសំណង់អគារ។
អាគារខ្ពស់ជាងគេនាពេលបច្ចុប្បន្ននេះ នៅក្នុងប្រទេសជប៉ុននេះ គឺអាគារ Abeno Harukas ដែលមានកំពស់៣០០ម៉ែត្រ ស្ថិតនៅភាគខាងលិចនៃប្រទេសជប៉ុន ក្នុងទីក្រុង Osaka ។
អាគារមួយទៀត គឺគម្រោងអគារខ្ពស់កប់ពពក ដែលកំពុងសាងសង់ដោយក្រុមហ៊ុន Mori Building Co. មានកម្ពស់៣៣០ ម៉ែត្រគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៣ ក្នុងទីក្រុងតូក្យូ៕