តើ​ប្រជាជន​កម្ពុជា​គួរ​មានទ្រព្យ​សម្បត្តិ​ប៉ុណ្ណា ដើម្បី​អាច​នឹង​អស់​ក្តីបារម្ភពី​បញ្ហា​ហិរញ្ញវត្ថុ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​កម្ពុជា លោក ង៉ែត ជូ បានបង្ហាញ​ពី​ការសិក្សា​ស្រាវជ្រាវ​មួយ ទៅលើ​កម្រិត​នៃ​ទ្រព្យសម្បត្តិ ដែល​គ្រួសារ​របស់​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​អាច​នឹង​អស់ពី​ក្ដីបារម្ភ​ទៅលើ​បញ្ហា​ហិរញ្ញវត្ថុ ឬ​អាច​និយាយបានថា​អាច​គ្រប់គ្រង និង​មាន​សុវត្ថិភាព​ហិរញ្ញវត្ថុ​បាន។

ជាមួយនឹង​ការវិភាគ តាមរយៈ​បណ្តាញ​ទំនាក់ទំនង​អេឡិចត្រូនិក កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ លោក ង៉ែត ជូ ក៏បាន​លើក​សម្មតិកម្ម​សម្រាប់​ជាការ​ស្រាវជ្រាវ​បន្ត ដើម្បី​បញ្ជាក់ថា តើ​សម្មតិ​កម្មពិត​ឬ​មិន​ពិត ដូចដែល​បានបង្ហាញ​ជូន​នៅ​ខាងក្រោម​នេះ ៖

យោងតាម​ការស្រាវជ្រាវ មុនពេល​ការផ្ទុះ​ការរីក​រាលដាល​នៃ​វីរុស Covid-19 បាន​បង្ហាញថា ប្រជាជន​អាមេរិកកាំងម្នាក់ៗយល់ថា ខ្លួន​អស់​បារម្ភ​ពី​បញ្ហា​ហិរញ្ញវត្ថុ ប្រសិនបើ​ខ្លួន​មានទ្រព្យ​សម្បត្តិ (net worth) ចំនួន ៩៣ម៉ឺន​បួន​ពាន់​ដុល្លា​អាមេរិក ឬ​ជាង ១៤ដង​នៃ​ចំណូល​ជា​មធ្យម​ប្រចាំឆ្នាំ​សំរាប់​ប្រជាជន​ម្នាក់ (ចំណូល​ជា​មធ្យម​ប្រចាំឆ្នាំ​គឺ៦៥១១៨ដុល្លា) ។

បើ​ប្រៀបធៀប​លទ្ធផល​នៃ​ការស្រាវជ្រាវ​ខាងលើនេះ ជាមួយនឹង​កំរិត​សេដ្ឋកិច្ច​របស់​កម្ពុជា ប្រជាជន​កម្ពុជាម្នាក់ៗ នឹង​អស់​ក្តីបារម្ភ​ពី​បញ្ហា​ហិរញ្ញវត្ថុ ប្រសិនបើ​មានទ្រព្យ​សប្ប​ត្តិ​ចំនួន ២៣៥៦៥ដុល្លា (ជាង២ម៉ឺន​ដុល្លា) ។

នេះ​ជា​របៀប​គណនា ដែល​ចំណូល​ជា​មធ្យម​ប្រចាំឆ្នាំ របស់​ប្រជាជន​កម្ពុជា១នាក់ (១៦៤៣ដុល្លា) គុណ​នឹង១៤,៣ ។ ១៤,៣ គឺជា​ចំនួន​ដង នៃ​ចំណូល​ជា​មធ្យម​ប្រចាំឆ្នាំ​ដែល​ប្រជាជន​អាមេរិកកាំង​យល់ថា ខ្លួន​អស់​បារម្ភ​ពី​បញ្ហា​ហិរញ្ញវត្ថុ។

យោងតាម​លទ្ធផល​នៃ​ការ​គណនា​ចំនួន​ទ្រព្យសម្បត្តិ ដែល​ទំនងជា​អាចធ្វើអោយ​ប្រជាជន​កម្ពុជា​ម្នាក់់ អស់​បារម្ភ​ពី​បញ្ហា​ហិរញ្ញវត្ថុ យើង​អាច​គណនា​ចំនួន​ទ្រព្យសម្បត្តិ​ដែល​អាចធ្វើអោយ​គ្រួសារ​កម្ពុជា អស់​បារម្ភ​ពី​បញ្ហា​ហិរញ្ញវត្ថុ ទៅតាម​ចំនួន​សមាជិកគ្រួសារ​ដូចខាងក្រោម៖

១) គ្រួសារ​ដែលមាន​សមាជិក២នាក់ ត្រូវមាន​ទ្រព្យសម្បត្តិ​ជាង៤ម៉ឺន៧ពាន់​ដុល្លា (២៣៥៦៥ដុល្លា គុណ​នឹង២) ។ ២) គ្រួសារ​ដែលមាន​សមាជិក៣នាក់ ត្រូវមាន​ទ្រព្យសម្បត្តិ​ជាង៧ម៉ឺន​ដុល្លា (២៣៥៦៥ដុល្លា គុណ​នឹង៣) ។

៣) គ្រួសារ​ដែលមាន​សមាជិក៤នាក់ ត្រូវមាន​ទ្រព្យសម្បត្តិ​ជាង៩ម៉ឺន៤ពាន់​ដុល្លា (២៣៥៦៥ដុល្លា គុណ​នឹង៤) ។ ៤) គ្រួសារ​ដែលមាន​សមាជិក៥នាក់ ត្រូវមាន​ទ្រព្យសម្បត្តិ​ជាង១១ម៉ឺន៧ពាន់​ដុល្លា (២៣៥៦៥ដុល្លា គុណ​នឹង៥) ។

ការ​គណនា​ខាងលើ​គឺជា​សម្មតិកម្ម តាមរយៈ​ការប្រៀបធៀប ដោយ​ផ្អែកលើ​កំរិត​សេដ្ឋកិច្ច​ផ្សេងគ្នា​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​អាមេរិកកាំង។ ប្រជាជន​កម្ពុជា​យល់ឃើញ​យ៉ាងណា វា​អាស្រ័យ​លើ​ទម្លាប់​នៃ​ការចាយវាយ និង​កំរិត​នៃ​ការ​គាំពារ​សង្គម​ដែល​ប្រជាជន​កម្ពុជា​ទទួលបាន​ពី​រដ្ឋាភិបាល។

ប្រជាជន​កម្ពុជា​មិនមាន​សេវា​គាំពារ​សង្គម​ល្អ ដូច​អ្វីដែល​ប្រជាជន​អាមេរិកកាំង​ទទួលបាន​នោះទេ។ (ប្រភព​ទិន្នន័យ ៖ ធនាគារពិភពលោក និង CNBC) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here