ដោយៈ រ៉ាណេត
ភ្នំពេញៈ មិនខុសពីការទិញអចលនទ្រព្យដទៃទៀតដូចជាទិញដី ទិញផ្ទះ នោះទេ សម្រាប់ការទិញខុនដូ ដែលជាប្រភេទលំនៅដ្ឋានសហកម្មសិទ្ធិ ក៏ត្រូវទាមទារឱ្យមានភាពប្រាកដប្រជា និងច្បាស់លាស់ពីស្ថានភាពទូទៅនៃគម្រោងផងដែរ ជាពិសេសពិនិត្យទៅលើរាល់ឯកសារពាក់ព័ន្ធសំខាន់ៗមួយចំនួន មុនពេលសម្រេចចិត្តទិញ ជៀសវាងជួបការខាតបង់ទ្រព្យ។

-->
ប្រធានសមាគមអចលនទ្រព្យសកល ហៅកាត់ (GRA) លោក សំ សុខនឿន និងជាប្រធានក្រុមហ៊ុន Kw Sam Sn Realty Co., Ltd បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា នៅក្នុងមុខអាជីពជាភ្នាក់ងារលក់អចលនទ្រព្យ គឺមានអ្នកត្រឹមត្រូវ ស្មោះត្រង់ និងមានវិជ្ជាជីវៈ ហើយក៏មានអ្នកគ្មានក្រមសីលធម៌ផងដែរ ដែលអាចអនុវត្តគ្រប់វិធីសាស្ត្រ ធកវើយ៉ាងណាអាចទទួលបានចំណែកទីផ្សារ។
លោកបញ្ជាក់ថា “សម្រាប់អ្នកដែលមានអាជីពពិតប្រាកដ មានក្រមសីលធម៌ និងភាពស្មោះត្រង់ ត្រឹមត្រូវជាមួយអតិថិជន ប៉ុន្តែសម្រាប់អ្នកដែលគ្មានវិជ្ជាជីវៈ គឺគេអាចប្រើទ្រឹស្ដី និងវិធីសាស្ត្រផ្សេងៗជាច្រើន ដែលធ្វើយ៉ាងណាអាចទាក់ចិត្តអតិថិជនទិញអចលនវត្ថុរបស់ពួកគេបាន ដែលវាជាគ្រោះថ្នាក់សម្រាប់អតិថិជន ដែលមិនបានយល់ច្បាស់ពីការទិញអចលនវត្ថុ” ។
លោកសំ សុខនឿន បានបន្តថា កាលពីពេលកន្លងទៅយើងធ្លាប់បានឃើញរួចមកហើយនូវការចាញ់បោកឈ្មួញមិនស្មោះត្រង់ ឬភ្នាក់ងារគ្មានវិជ្ជាជីវៈ ទៅលើការទិញគម្រោងខុនដូ ហើយចុងក្រោយអតិថិជនទទួលរងនូវការខាតបង់ទ្រព្យ ដែលទិញប៉ះចំគម្រោងខ្យល់។ ក្នុងន័យនេះជាការបញ្ចៀសនូវការខាតបង់ មុនពេលសម្រេចចិត្តទិញខុនដូ អ្នកដែលជាអតិថិជន ក៏ត្រូវតែដឹងច្បាស់នូវគម្រោងអភិវឌ្ឍន៍ទាំងមូល តាមរយៈការពិនិត្យទៅលើឯកសារសំខាន់ពាក់ព័ន្ធមួយចំនួនដូចជា
១. អាជ្ញាបណ្ណអភិវឌ្ឍន៍ ឬការសាងសង់ខុនដូពីក្រសួងសេ្ឋកិច្ច និងហិរញ្ញវត្ថុ
២. លិខិតអនុញ្ញាតសាងសង់ពីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់
៣. លិខិតបើកការដ្ឋានសាងសង់ពីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់។
៤. អាជ្ញាបណ្ណបើកការលក់ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៥. លិខិតបិទឬបញ្ចប់ការសាងសង់ពីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់
៦. ប្លង់ដីដែលកំពុងសាងសង់ មិនជាប់បញ្ជាំ ឬម្ចាស់ដីត្រូវតែជាមនុស្សតែមួយនៃម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍។
៧. ឯកសារដែលបង្ហាញពីគោលការណ៍ បញ្ជាក់ថាជាដីដែលជួលពីរដ្ឋរយៈពេលកំណត់ (Leasehold) ឬជាដីឯកជនកម្មសិទ្ធិអចិន្ត្រៃយ៍ (Freehold)។

លោកសំ សុខនឿន បានបញ្ជាក់ទៀតថា នៅពេលអ្នកដែលជាអតិថិជនពិនិត្យទៅលើរាល់ឯកសារ ដូចដែលបានបញ្ជាក់ជូនខាងលើនេះ ភាពប្រឈមនឹងការខាត់បង់ នឹងត្រូវបានកាត់បន្ថយ ហើយថែមទាំងមានទំនុកចិត្តខ្ពស់ ទៅលើគម្រោងដែលខ្លួនបានទិញថែមទៀតផង៕