អតិថិជនជាង ១៨ ម៉ឺននាក់បានស្នើរៀបចំឥណទានឡើងវិញក្នុងទំហំទឹកប្រាក់ជាង ៨១៧លានដុល្លារ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២០ មានអតិថិជនចំនួន ១៩៦ ៣០៧នាក់ ដែលរងផលប៉ះពាល់ដោយជំងឺ Covid-19 បានស្នើសុំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ធ្វើការរៀបចំឥណទាន (កម្ចី)ឡើងវិញ។

នៅក្នុងរបាយការណ៍របស់សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា ដែលគេហទំព័រ propertyarea.asia ទទួលបាននៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា អតិថជនចំនួន ១៨០ ៣០១ (ជាង៩០ភាគរយ) ទទួលបានការអនុម័តរៀបចំឥណទានឡើងវិញ ដែលមានទំហំទឹកប្រាក់សរុបចំនួន ៨១៧ ៧២៥ ៤៣៦ ដុល្លារ ។

ប្រធានក្រុមប្រឹក្សាភិបាលសមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា លោក គា បូរាណ បានឱ្យដឹងថា សមាជិករបស់សមាគម ទាំង ១០៣ គ្រឹះស្ថាន បានបង្ហាញការប្តេជ្ញាចិត្ត និងដោះស្រាយបញ្ហាជាមួយអតិថិជនរបស់ខ្លួនប្រកបដោយភាពទន់ភ្លន់ និងឈ្នះ-ឈ្នះ ក្នុងអំឡុងពេលដ៏លំបាកដោយសារជំងឺ Covid-19 ស្របតាមការអំពាវរបស់រាជរដ្ឋាភិបាលក៏ដូចជាធនាគារជាតិនៃកម្ពុជាផងដែរ។

លោកបន្តថា គ្រឹះស្ថានហិរញ្ញវត្ថុ មានទិសដៅរួមមួយ គឺចង់ឃើញអតិថិជនរបស់ខ្លួនទទួលជោគជ័យ និងបន្តប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព “ភាពជោគជ័យរបស់អតិថិជន ជាភាពជោគជ័យរបស់គ្រឹះស្ថាន” ។ សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា ចាប់ពីខែមីនា ឆ្នាំ២០២០ សមាគម បានប្រមូលទិន្នន័យការរៀបចំឥណទានឡើងវិញជារៀងរាល់សប្ដាហ៍ពីសមាជិករបស់ខ្លួន រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។

ទិន្នន័យទាំងនេះត្រូវបានប្រមូលឡើងក្នុងគោលបំណងតាមដានផលប៉ះពាល់ជាក់ស្ដែងពីវិបត្តិជំងឺ Covid-19 ទៅលើអតិថិជន ការគាំពារអតិថិជនរបស់គ្រឹះស្ថានដែលជាសមាជិក និងការវិវត្តទូទៅនៃវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ដើម្បីធ្វើការវាយតម្លៃ និងផ្ញើរបាយការណ៍ជូនភាគីពាក់ព័ន្ធ៕

អគ្គនាយកដ្ឋានពន្ធដារ ជំរុញការធ្វើបច្ចុប្បន្នភាពលើវិស័យអចលទ្រព្យ ដើម្បីជៀសវាងការកក់ស្ទះមិនបានបង់ពន្ធ

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ដើម្បីជៀសវាងការកក់ស្ទះ និងការជួបប្រទះលើបញ្ហាការកាត់ឈ្មោះសម្រាប់លក់ ឬការផ្ទេរអចលនទ្រព្យផ្សេងៗ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារជំរុញការធ្វើបច្ចុប្បន្នភាពលើវិស័យអចលទ្រព្យ ដែលជាការប្រមូលផ្តុំទិន្នន័យធ្វើឱ្យទាន់សម័យ និងឈានទៅប្រើប្រាស់ប្រព័ន្ធចុះបញ្ជីតាមអនឡាញ។

ថ្លែងនៅក្នុងកម្មវិធីពិសេសស្តីពីការផ្តល់សេវាពន្ធដារតាមអនឡាញ និងការធ្វើបច្ចុប្បន្នភាពផ្សេងៗ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ អគ្គនាយកដ្ឋានពន្ធដារបានកំពុងរៀបចំ ការបង់ពន្ធអចលនទ្រព្យតាមប្រព័ន្ធអនឡាញ (E-Payment) ដែលនឹងអាចដាក់ឱ្យដំណើរការនៅចុងខែមិថុនានេះ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលដល់អ្នកជាប់ពន្ធក្នុងវិស័យអចលនទ្រព្យ ក្នុងនោះអគ្គនាយកដ្ឋាននឹងដាក់ចេញនូវសេចក្តីណែនាំអំពីរបៀបចូលទៅប្រើប្រាស់ រួមជាមួយបន្តធ្វើកិច្ចការជាមួយធនាគារដៃគូ ដើម្បីដាក់បញ្ចូលប្រព័ន្ធនេះតែមួយ ។

លោកបានថ្លែងថា ពាក់ព័ន្ធវិស័យអចលនទ្រព្យ កន្លងមកនេះវិស័យអចលនទ្រព្យមួយចំនួនមិនទាន់មានទិន្នន័យបច្ចុប្បន្នភាពនៅឡើយ បច្ចុប្បន្នមន្ត្រីជំនាញពន្ធដារ បានកំពុងចុះធ្វើបច្ចុប្បន្នភាពលើវិស័យនេះ ក្នុងទិសដៅចុះប្រមូលផ្តុំទិន្នន័យជាក់លាក់ និងធ្វើឱ្យទាន់សម័យ ដើម្បីឈានទៅប្រើប្រាស់ប្រព័ន្ធចុះបញ្ជីតាមអនឡាញ (E-Payment) ដែលនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងខែមិថុនា នេះ ដើម្បីចៀសវាងការកក់ស្ទះ ឬការយឺតយ៉ាវមិនបានបង់ពន្ធ ជាពិសេស ជៀសវាងលើបញ្ហាជួបប្រទះការកាត់ឈ្មោះ នៅពេលម្ចាស់អចលនទ្រព្យត្រូវការលក់ ឬការផ្ទេរអចលនទ្រព្យផ្សេងៗជាដើម។

លោក បានបញ្ជាក់ទៀតថា ក្រៅពីការដាក់ឱ្យអនុវត្តន៍ប្រើបាស់ប្រព័ន្ធអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ រាជរដ្ឋាភិបាលបានកំពុងរៀបចំប្រព័ន្ធអនឡាញរបស់ជាតិ ពោលគឺការប្រើប្រាស់ចុះបញ្ជីក្នុងថ្នាលតែមួយ ដោយមានគ្រប់ស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ ដើម្បីផ្តល់ភាពកាន់តែងាយស្រួល ក្នុងការសម្រួលដល់ការធ្វើពាណិជ្ជកម្ម ក្នុង និងក្រៅប្រទេស ដោយអាចប្រើប្រាស់ឯកសារ ឬចុះបញ្ជីនៅក្នុងប្រព័ន្ធនេះតែមួយ ៕

អ្នកជំនាញ បង្ហើបពីវិធីសាស្ត្រទិញអចលនទ្រព្យដោយគ្មានលុយនៅនឹងដៃ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ការធ្វើជំនួញនៅក្នុងវិស័យអចលនទ្រព្យគឺមានច្រើនរូបភាព ដែលក្នុងនោះសម្រាប់តែការវិនិយោគ ទោះបីជាមិនដើមទុនគ្រប់គ្រាន់កាន់នៅក្នុងដៃយ៉ាងណាក៏ដោយ ប៉ុន្តែលោកអ្នកនៅតែមានលទ្ធភាពក្នុងទិញអចលនទ្រព្យសម្រាប់វិនិយោគបន្តយកចំណេញ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Kraty Realty Co,.Ltd លោក ចក់ ស៊ីណាត បានមានប្រសាសន៍ថា ទោះជាអ្នកគ្មានលុយដែលជាដើមទុនកាន់នៅក្នុងដៃក៏ដោយ អ្នកក៏អាចមានលទ្ធភាពក្នុងការទិញអចលនទ្រព្យសម្រាប់លក់បន្តយកចំណេញបាន។

លោក ចក់ ស៊ីណាត បានមានប្រសាសន៍បន្តទៀតថា “វិធីសាស្ត្រនៅក្នុងការទិញអចលនទ្រព្យដោយមិនមានលុយគ្រប់គ្រាន់កាន់នៅក្នុងដៃធ្វើជាដើមទុនគឺមានច្រើន ដែលក្នុងនោះបានមកពីភាពវៃឆ្លាតក្នុងការឆក់ឱកាស និងទំនាក់ទំនង ការប្រាស្រ័យទុនលើអ្នកដទៃ ការសហបណ្តាក់ទុនរួមគ្នា ឬកិច្ចសហការជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើម”។

លោកបានមានប្រសាសន៍បន្តទៀតថា “មុនពេលឈានចូលការសម្រេចចិត្តធ្វើការវិនិយោគទៅលើអចលនទ្រព្យណាមួយទាំងដែលគ្មានទុនគ្រប់គ្រាន់នៅនឹងដៃ ដោយស្វែងរកប្រភពពីខាងក្រៅនេះ អ្នកត្រូវតែប្រាកដថាអចលនទ្រព្យដែលអ្នកមានបំណងវិនិយោគពិតជាមានសក្ដានុពល មានតម្លៃទាបជាងទីផ្សារ និងមានតម្រូវការទីផ្សារខ្ពស់ និងអាចលក់ចេញវិញបានក្នុងរយៈពេលដ៏ខ្លី ហើយមានអត្រាចំណេញខ្ពស់យ៉ាងពិតប្រាកដ។ នៅពេលអ្នកមានភាពច្បាស់លាស់ទៅលើការវាយតម្លៃអចលនទ្រព្យដែលស្ថិតនៅក្នុងគោលបំណងវិនិយោគ អ្នកអាចស្វែងរកប្រភពសហវិនិយោគពីខាងក្រៅបានយ៉ាងងាយ ដូចជាផ្តល់ឱកាសដល់ដៃគូចូលរួមវិនិយោគដើម្បីប្រមូលទុន ឬអាចពឹងពាក់ទៅលើស្ថាប័នធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីទទួលបានឥណទានសម្រាប់ទិញអចលនទ្រព្យទុកវិនិយោគបន្តយកចំណេញ ដោយមានការធ្វើផែនការនៃលំហូរសាច់ប្រាក់ផ្ទាល់ខ្លួន ដើម្បីសង់ត្រឡប់ទៅគ្រឹះស្ថានដែលផ្តល់ឥណទានឱ្យបានច្បាស់លាស់ផងដែរ”។

លោក ចក់ ស៊ីណាត បានមានប្រសាសន៍បញ្ជាក់ថា ការលើកឡើងខាងលើនេះ គឺជាវិធីសាស្ត្រមួយចំនួនដែលអាចផ្តល់ឱកាសដល់អ្នកក្នុងការវិនិយោគអចលនទ្រព្យ ខណៈដែលអ្នកមិនមានទុនគ្រប់គ្រាន់នៅក្នុងដៃ ដែលវាក៏នៅមានវិធីសាស្ត្រជាច្រើនទៀត ដែលផ្តល់ឱកាសលើការវិនិយោគអចលនទ្រព្យទាំងដែលខ្លួនគ្មានលុយ៕

រដ្ឋមន្ត្រីទេសចរណ៍៖ កម្ពុជាបាត់បំណូលពីអាជិវកម្មទេសចរណ៍ប្រមាណ ៣០០០ លានដុល្លារ

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍អះអាងថា ក្នុងឆ្នាំ ២០២០នេះ កម្ពុជា បានបាត់បង់ចំណូលប្រមាណ ៣០០០ លានដុល្លារអាមេរិក ពីអាជីវកម្មទេសចរណ៍ ដោយសារតែវិបត្តិជំងឺ Covid-19 ដែលបណ្តាលឱ្យចំនួនភ្ញៀវទេសចរណ៍អន្តរជាតិធ្លាក់ចុះក្នុងរង្វង់ ៧០ ភាគរយ និង ភ្ញៀវទេសចរក្នុងស្រុកធ្លាក់ចុះ ប្រមាណ ៥០ ភាគរយ។

លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ នៅក្នុងពិធីផ្សព្វផ្សាយ “បទដ្ឋានគតិយុត្តិដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (ជំហានទី ១)សម្រាប់ដំណាក់កាលវិបត្តិជំងឺ Covid-19 ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២០នេះ ឱ្យដឹង ថា គិតត្រឹមថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២០ ការធ្លាក់ភ្ញៀវទេសចរនៅក្នុងប្រទេសកម្ពុជា បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអាជីវកម្មទេសចរណ៍ បិទទ្វារចំនួន ២៩៥៦ ទីតាំង និងការងារផ្ទាល់ក្នុងវិស័យទេសចរណ៍ ៤៥៤០៤ នាក់។

លោកបន្តថា “ទន្ទឹមនឹងនេះ ទោះបីជាវិស័យទេសចរណ៍កម្ពុជា បាននឹងកំពុងទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិនៃជំងឺ Covid-19 យើងសង្កេតឃើញនូវសញ្ញាវិជ្ជមានមួយចំនួន ពិសេសសម្រាប់ខែឧសភា នាដើមខែសប្តាហ៍ទី ១ ភ្ញៀវទេសចរជាតិ និងបរទេសផ្ទៃក្នុង បានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានានៅក្នុងប្រទេស ប្រមាណ ជាង១៥ម៉ឺននាក់ កើនឡើង ៤២ ភាគរយ និងភ្ញៀវអន្តរជាតិមានចំនួនជាង ២ ពាន់នាក់ កើនឡើង ២៦ ភាគរយ”។

លោករដ្ឋមន្ត្រីបន្ថែមថា “ប៉ុន្តែ យ៉ាងណាក៏ដោយ ផលប៉ះពាល់ទាំងនេះ បានដោះស្រាយជាបន្តបន្ទាប់ ដោយរាជរដ្ឋាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់”។ ជាមួយគ្នានេះ លោក ថោងខុន បានម្តែងការកោតសសើរដល់កិច្ចខិតប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញវិធានការជាបន្តបន្ទាប់ សំដៅគាំទ្រដល់វិស័យសេដ្ឋកិច្ច-សង្គម ដូចជាវិស័យទេសចរណ៍ កាត់ដេរ អាកាសចរណ៍ស៊ីវិល និងវិស័យឯកជនផ្សេងៗ ដើម្បីកាត់បន្ថយផលប៉ះពាល់។

យោងតាមការវាយតម្លៃរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO)បង្ហាញថា ផលប៉ះពាល់ទេសចរណ៍អន្តរជាតិ នៅត្រីមាសទី ១ ដើមឆ្នាំ ២០២០ នេះ មានការធ្លាក់ចុះក្នុងអត្រា ២២ ភាគយ ខាងបង់ប្រាក់ចំណូលក្នុងវិស័យទេសចរណ៍ ប្រមាណ ៨០ ប៊ីលានដុល្លារស្មើនឹងការបាត់បង់ចំនួនភ្ញៀវទេសចរអន្តរជាតិ ៦៧ លាននាក់ ដោយសារការរីករាលដាលជាសកលនៃជំងឺ Covid-19 ៕

តើDonald Trump កំពុងស្ថិតនៅលើផ្លូវក្នុងការរបូតកៅអីប្រធានាធិបតីអាណត្តិក្រោយ?

ដោយ ប៊ី
ភ្នំពេញ៖ ចំពេលមានការតវ៉ាបន្ទាប់ពីប៉ូលីសបានសម្លាប់បុរសស្បែកខ្មៅលោក George Floyd និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត តែអ្វីដែលសំខាន់ត្រូវបានគេមើលរំលង គឺលោកប្រធានាធិបតី Donald Trump ពេលនេះគឺជាអ្នកសម្រេចចិត្តក្នុងការឈានទៅរកការបោះឆ្នោតចំនួន ២៧០ សម្លេង ដែលលោកត្រូវការ ដើម្បីឈ្នះក្នុងអាណត្តិទី ២ នៅពេលខាងមុខនេះ។

ប៉ុន្តែបច្ចុប្បន្ន មានមតិរិះគន់ជាច្រើនចំពោះការដឹកនាំរបស់លោក Trump ដែលមិនមានភាពចាស់ទុំ អំឡុងការផ្ទុះឡើងការតវ៉ាមរណៈភាពបុរសជនជាតិស្បែកខ្មៅខាងលើ ដែលមានរយៈពេល៩ជាប់គ្នារហូតថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០។ អំឡុងពេល លោក Trump ហាក់ដូចគ្មានចំណាត់ការអ្វីសោះចំពោះការផ្ទុះឡើងការតវ៉ានេះ។

លោក Jim Mattis អតីតប្រធានមន្ទីរប៉ង់តាហ្គោន កាលពីថ្ងៃពុធ ទី៣ ខែមិថុនា បានបន្ទោសថា លោក Donald Trump កំពុងព្យាយាមបំបែកអាមេរិក និងខកខានមិនបានផ្តល់នូវ “ភាពជាអ្នកដឹកនាំប្រកបដោយភាពចាស់ទុំ” ខណៈសហរដ្ឋអាមេរិកកំពុងជួបភាពវឹកវរពីការតវ៉ា។ លោក បានសម្តែងការគាំទ្រដល់ក្រុមបាតុករប្រឆាំងនឹងការរើសអើងជាតិសាសន៍ ។

លោក Mattis បានបង្ហោះលើអ៊ីនធឺណិតថា “លោក Donald Trump គឺជាប្រធានាធិបតីទីមួយនៅក្នុងជីវិតរបស់ខ្ញុំ ដែលមិនបានប្រឹងប្រែងបង្រួបបង្រួមប្រជាជនអាមេរិក” ។ លោក បន្តថា “ផ្ទុយមកវិញគាត់ព្យាយាមបំបែកពួកយើង” ។ លោកបានមានប្រសាសន៍ថា “យើងកំពុងមើលឃើញពីផលវិបាក ក្នុងរយៈពេល ៣ឆ្នាំនៃការដឹកនាំគ្មានភាពចាស់ទុំ” ។

លោក Mattis ថា លោក Donald Trump ជាមនុស្ស “ឆាប់ខឹង និងឆាប់តក់ស្លុត” បន្ទាប់ពីបានឃើញព្រឹត្តិការណ៍កាលពីសប្តាហ៍មុន។
លោក Donald Trump បានគំរាមកំហែងបង្ក្រាបដោយយោធា នៅពេលការតវ៉ាទូទាំងប្រទេសបានក្លាយជាអំពើហិង្សានៅក្នុងទីក្រុងមួយចំនួន ។ ការធ្វើបាតុកម្មភាគច្រើនធ្វើឡើងដោយសន្តិវិធី ប៉ុន្តែអ្នកខ្លះបានប្រែក្លាយទៅជាអំពើហិង្សា និងការលួចប្លន់នៅពេលយប់ជ្រៅ ។

លោក Mattis បានសរសេរថា ការអំពាវនាវរបស់ក្រុមបាតុករ ដើម្បីទទួលបានយុត្តិធម៌ស្មើៗគ្នា គឺជា “ការទាមទារដ៏ល្អ និងមានការបង្រួបបង្រួម ដែលយើងទាំងអស់គ្នាអាចដើរតាមបាន”។
លោក Mattis បាននិយាយថា “នៅពេលខ្ញុំចូលរួមជាមួយយោធា ប្រហែល ៥០ឆ្នាំកន្លងមក ខ្ញុំបានស្បថដើម្បីគាំទ្រ និងការពាររដ្ឋធម្មនុញ្ញ។ ខ្ញុំមិនដែលយល់សប្តិឃើញថា កងទ័ពដែលបានធ្វើសម្បថដូចគ្នានោះ នឹងត្រូវបានបញ្ជាឱ្យស្ថិតក្រោមកាលៈទេសៈណាមួយ ដើម្បីរំលោភលើរដ្ឋធម្មនុញ្ញ និងសិទ្ធិរបស់ពលរដ្ឋនោះទេ ” ។

លោក ត្រាំ បានរងការរិះគន់ចំពោះការប្រើប្រាស់កម្លាំង ដើម្បីបំបែកការជួបជុំដោយសន្តិវិធី ខណៈភាពចលាចលបានវាយប្រហារទីក្រុងរាប់សិបកន្លែង នៅទូទាំងសហរដ្ឋអាមេរិក។
បន្ទាប់ពីមានការផ្កោលទោសចំពោះការដឹកនាំរបស់លោក Donald Trump លោកហាក់ដូចជាអង្គុយលើកៅអីក្តៅសម្រាប់ការបោះឆ្នោតនៅអាណត្តិថ្មីរបស់លោក។

ដៃគូប្រកួតក៏មានសក្តានុពលរបស់លោក Trump
ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នឹងធ្វើឡើងនៅកំឡុងខែវិច្ឆិកាខាងមុខនេះ ហើយបេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោកJoe Bidenត្រូវបានគេមើលឃើញថា ទំនងជាមានលទ្ឋភាពក្លាយជាប្រធានាធិបតីអាមេរិកអាណត្តិក្រោយ បន្ទាប់ពីលោកDonald J Trump ដែលជាប្រជានាធិបតីដ៏ចម្រូងចម្រាស់មួយរូបរបស់អាមេរិក។

ជាសមាជិកម្នាក់ នៃគណបក្សប្រជាធិបតេយ្យ លោកBiden គឺជាបេក្ខជនដែលបានតែងតាំងជាអ្នកតំណាងបក្សប្រជាធិបតេយ្យ ដើម្បីឈរឈ្មោះជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតឆ្នាំ២០២០។ លោកមិនទទួលបានជោគជ័យ ក្នុងការតែងតាំងប្រធានាធិបតីប្រជាធិបតេយ្យនៅឆ្នាំ១៩៨៨ និងឆ្នាំ ២០០៨ នោះទេ។
លោកបានក្លាយជាមេធាវីនៅឆ្នាំ១៩៦៩ ហើយត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាNew Castle County Council នៅឆ្នាំ ១៩៧០។ លោកJoe Biden ត្រូវបានជ្រើសរើសជាថ្មីចំនួន៦ដង និងជាសមាជិកព្រឹទ្ធសភាជាន់ខ្ពស់បំផុតទី៤ នៅពេលដែលគាត់បានលាលែងពីតំណែង ដើម្បីកាន់តំណែងជាអនុប្រធានាធិបតីនៅឆ្នាំ ២០០៩។

ក្នុងឆ្នាំ ២០០៨ លោក Biden ជាដៃគូរបស់បេក្ខជនប្រធានាធិបតី ប្រធានាធិបតេយ្យ លោកបារ៉ាក់ អូបាម៉ា។ ក្នុងនាមជាអនុប្រធានាធិបតី លោកបានត្រួតពិនិត្យការចំណាយហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចដ៏ធំធេង និងជួយរៀបចំគោលនយោបាយអាមេរិកឆ្ពោះទៅអ៊ីរ៉ាក់ តាមរយៈការដកកងទ័ពអាមេរិកក្នុងឆ្នាំ២០១១។

ការចរចាររបស់លោកជាមួយ សមាជិកសភាសាធារណរដ្ឋ បានជួយរដ្ឋបាល លោក អូបាម៉ា អនុម័តច្បាប់រួមមានការបន្ធូរបន្ថយពន្ធ ការធានារ៉ាប់រងភាពគ្មានការងារធ្វើឡើងវិញនិង ច្បាប់បង្កើតការងារឆ្នាំ២០១០ ដែលបានដោះស្រាយការជាប់ពន្ធ។ ច្បាប់ត្រួតពិនិត្យថវិកាឆ្នាំ២០១១ ដែលបានដោះស្រាយវិបត្តិបំណុលឆ្នាំនោះ និងច្បាប់ផ្តល់ជំនួយដល់អ្នកជាប់ពន្ធអាមេរិកឆ្នាំ២០១២ ដែលបានដោះស្រាយអំពីសារពើពន្ធ ដែលជិតមកដល់។ លោកអូបាម៉ា និងលោក Biden ត្រូវបានជ្រើសរើសជាថ្មីក្នុងឆ្នាំ ២០១២។

នៅខែតុលាឆ្នាំ ២០១៥ បន្ទាប់ពីមានការសង្ស័យជាច្រើនខែ លោក Biden បានប្រកាសថា លោកនឹងមិនស្វែងរកតំណែងប្រធានាធិបតី នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៦ ទេ។

លោកបានប្រកាសបេក្ខភាពជាប្រធានាធិបតី របស់លោកនៅឆ្នាំ២០២០ នៅថ្ងៃទី ២៥ ខែមេសាឆ្នាំ ២០១៩ ដោយចូលរួមជាមួយបេក្ខជនប្រជាធិបតេយ្យជាច្រើន ដើម្បីស្វែងរកការតែងតាំងគណបក្ស។
ពេញមួយឆ្នាំ ២០១៩ លោកត្រូវបានគេចាត់ទុកជាអ្នកនាំមុខជួរមុខ របស់គណបក្ស។ លោក Biden បានបន្តឈ្នះ១៨ ក្នុងចំណោមការប្រកួតប្រជែងចំនួន ២៦ លើកបន្ទាប់។ លោក Biden បានក្លាយជាបេក្ខជន ដែលមិនគិតទុកជាមុនរបស់គណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតប្រធានាធិបតី៕

អគារការិយាល័យ B2B CENTER នៅខណ្ឌសែនសុខ បានត្រៀមខ្លួនរួចរាល់ក្នុងការទទួលស្វាគមន៍ក្រុមហ៊ុនជាតិ និងអន្តរជាតិ

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ទន្ទឹមនឹងការរីកចំរើនគួរឱ្យកត់សំគាល់ទៅលើការអភិវឌ្ឍវិស័យអចលនទ្រព្យនៅខណ្ឌសែនសុខ អគារពាណិជ្ជកម្មចំរុះ B2B CENTER បានរួមចំណែកក្នុងការរំលេច សោភ័ណភាព ខណ្ឌសែនសុខឱ្យកាន់តែសំបូរបែប ផ្នែកពាណិជ្ជកម្ម ជាពិសេសគឺផ្នែកអគារការិយាល័យ កំរិតស្តង់ដារ សំរាប់ទទួល ក្រុមហ៊ុនជាតិ និងអន្តរជាតិ ក្នុងការពង្រីកឱកាសអាជីវកម្មរបស់ខ្លួនក្នុងទីតាំងយុទ្ធសាស្រ្ត ដែលអំណោយផលស្ទើរគ្រប់វិស័យ នៅក្នុងតំបន់អភិវឌ្ឍន៍រហ័សនៃខណ្ឌដែលកំពុងមានសក្តានុពលមួយនេះ ។

បច្ចុប្បន្ន ខណ្ឌសែនសុខ ជាខណ្ឌដែលមានវិសាលភាពខ្ពស់ប្រមូលផ្តុំទៅដោយគំរោងធំៗ ទាំងផ្នែកលំនៅដ្ឋាន ផ្សារទំនើបជាតិនិងអន្តរជាតិ ផ្សារលក់ទំនិញឧបភោគបរិភោគ និងគ្រឿងប្រើប្រាស់សណ្ឋាគារ ខុនដូ គ្រឹះស្ថានសិក្សាជាតិ និងអន្តរជាតិ ជាដើម។
វត្តមាននៃ អគារ B2B CENTER បានបំពេញមុខងារ ដ៏សំខាន់មួយទៀតនៅតំបន់់នេះ គឺអគារការិយាល័យកំរិតស្តង់ដារដែលនាំមកជាមួយនូវលក្ខណៈពិសេស សុទ្ធសឹងជាចំនុចចាំបាច់ ដែលក្រុមហ៊ុនអាជីវកម្មភាគច្រើនត្រូវការជាពិសេស នៅពេលស្វែងរកអគារការិយាល័យសំរាប់ជួល។


អាគារ B2B CENTER ស្ថិតនៅលើផ្លូវមិត្តភាពកម្ពុជា វៀតណាម (ផ្លូវហាណូយ) ត្រង់ស្តុបផ្លូវបំបែកទៅផ្សាទំនើប AEON MALL សែនសុខ ប្រមាណ ៧០០ម៉ែត្រពីធនាគារជាតិសែនសុខ ។ អគារ B2B CENTER លាតសន្ធឹងលើផ្ទៃដីប្រមាណ ១,២ ហិចតា ដែលមានទំហំ ១៨០០ម៉ែត្រក្រឡាក្នុង១ជាន់ និងរក្សានូវផ្ទៃដីជិត១ហិចតាសំរាប់ចំណតរថយន្តដែលផ្ដល់លក្ខណៈងាយស្រួលបំផុតសំរាប់អ្នកប្រើប្រាស់អគារ ។ អគារទាំងមូលបំពាក់ទៅដោយជណ្តើរយន្តប្រអប់ ជណ្តើរយន្តជើង ដ៏ងាយស្រួលបំផុតសំរាប់ដឹកជញ្ចូនអ្នកដំណើរ ព្រមទាំងជណ្តើរថ្មើរជើង ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណង លើកកំពស់ការថែរក្សាសុខភាពតាមរយៈការហាត់ប្រាណ ព្រមទាំងប្រព័ន្ធសន្តិសុខទាំងមនុស្ស និងបរិក្ខារជាប្រចាំ ២៤ម៉ោង ។


ជាចំណែកបន្ថែមសំរាប់អ្នកប្រើប្រាស់អគារពាណិជ្ជកម្មចំរុះ B2B CENTER ក៏បានស្ថាបនាឡើងផងដែរនូវគំរោងផ្សារសហគមន៍បែបធម្មជាតិ (COMMUNITY MALL) ប្រមូលផ្តុំទៅដោយហាងកាហ្វេ ភោជនីយដ្ឋាន អាហារដ្ឋានចំរុះ (FOOD PARK) ដែលជាកន្លែងផ្តល់បរិយាកាសប្រកបដោយផាសុខភាពសំរាប់ ការជួបជុំ ការញាំអាហារ និងការលំហែរកម្សាន្ដ ។ ជាចំនុចបន្ថែមសំរាប់អាជីវកម្ម ក៏ដូចជាតម្រូវការនាពេលបច្ចុប្បន្ន ទៅលើសាលប្រជុំខ្នាតមធ្យម អគារ B2B CENTER ក៏បានរៀបចំឡើងផងដែរនូវសេវាកម្មសាលប្រជុំសំរាប់សិក្ខាកាមដល់ទៅ ១០០នាក់ និងទីធ្លាធំទូលាយសំរាប់កម្មវិធីផ្សេងៗ ។

លោកអ្នកអាចស្វែងរកយើងបានកាន់តែងាយស្រួលតាមរយៈក្រុមការងារជំនាញ 066 / 077 / 098 – 979 123
www.b2bcenter.asia
Facebook / Instagram / Twitter – B2B CENTER

អភិបាលខេត្តបន្ទាយមានជ័យ បង្ហើបពីនីតិវិធីស្នើសុំអាជ្ញាប័ណ្ណសាងសង់

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ប្រជាពលរដ្ឋទូទៅអាចស្នើសុំសិទ្ធិសាងសង់លំនៅឋានរបស់ខ្លួនបាននៅលើដីដែលមានផ្ទៃក្រឡាប្រមាណ ៥០០ ម៉ែត្រការ៉េ និងមានកំពស់ត្រឹម៤ជាន់ នៅត្រឹមថ្នាក់ស្រុកបាន ដោយមិនចាំបាច់ដាក់ពាក្យស្នើសុំដល់ថ្នាក់ខេត្តនោះទេ ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាពឆ្នាំ២០១៩ និងទិសដៅការងារបន្តឆ្នាំ២០២០ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះថា ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្តនាពេលបច្ចុប្បន្ននេះ មានលទ្ធភាពគ្រប់គ្រាន់ និងងាយជាទីបំផុតក្នុងការសាងសង់លំនៅឋានដែលមានកំពស់ ៤ ជាន់ ដោយមិនចាំបាច់ស្នើសុំសាងសង់ដល់ថ្នាក់ខេត្តនោះទេ” ។

លោកអភិបាលខេត្តបានពន្យល់ថា “ក្នុងន័យនេះ ប្រជាពលរដ្ឋត្រូវមានប្លង់កម្មសិទ្ធិ និងមានវិស្វករគូរប្លង់ឱ្យបានត្រឹមត្រូវ ហើយដាក់ស្នើនៅច្រកចេញចូលតែមួយត្រឹមថ្នាក់ស្រុក ជាមួយគ្នានេះ លោកអភិបាលស្រុកនឹងពិនិត្យថាត្រឹមត្រូវហើយ គាត់អាចចុះហត្ថលេខាអនុញ្ញាតឱ្យសាងសង់បានហើយ។ នេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញ និងបង្ខិតសេវាឱ្យកាន់តែនៅគៀកនឹងប្រជាពលរដ្ឋ និងធ្វើឱ្យកាន់តែល្អប្រសើរក្នុងការផ្តល់សេវាសាធារណៈជូនដល់ពលរដ្ឋ”។

លោកអភិបាលខេត្ត បញ្ជាក់ទៀតថា ខេត្តបន្ទាយមានជ័យ តាមរយៈពន្ធដារខេត្តបានប្រមូលចំណូលពីសេវាអចលនទ្រព្យ (ដីធ្លី) ជាពិសេស លើការកាត់ប្លង់ដី ផ្ទេរកម្មសិទ្ធិដី និងសំណង់ជាដើម មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងខេត្តមានការរីកចំរើន ។

លោកបន្តថា គិតត្រឹមខែមេសា ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារខេត្តបន្ទាយមានជ័យបានប្រមូលចំណូលបានជាង ៧០ ភាគរយនៃផែនការពីវិស័យនានា ជាពិសេសពីវិស័យអចលនទ្រព្យនេះ៕

ការសិក្សា៖ ទីផ្សារ​លំនៅដ្ឋាន​នៅ​ឥណ្ឌូនេស៊ី​រំពឹងថា​នឹង​ងើប​ឡើងវិញ​នៅ​ឆ្នាំក្រោយ

ដោយ ប៊ី

ហ្សា​ការ​តាៈ ខណៈ​ការលក់​ផ្ទះ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ការធ្លាក់ចុះ​នៅ​ឆ្នាំនេះ ដោយសារ​ជំងឺ​រាតត្បាត អ្នកទិញ​លំនៅដ្ឋាន​មួយចំនួន​កំពុង​ពន្យារពេល​ការទិញ និង​គ្រោង​នឹង​ទិញ​លំនៅដ្ឋាន​នៅ​ឆ្នាំក្រោយ។ នេះ​បើ​យោងតាម​ការស្ទង់មតិរ​បស់​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​ទីផ្សារ MarkPlus Inc ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង ហ្សា​ការ​តា។

ក្រុមហ៊ុន MarkPlus ដែល​បាន​ស្ទង់​មតិ​លើ​អ្នកឆ្លើយ​សំណួរ​ចំនួន១០០នាក់ ដែល​រស់នៅ​ភាគច្រើន​នៅ​ហ្សា​ការ​តា​បាន​រកឃើញថា អតិថិជន​កំពុង​សន្សំ​ប្រាក់​របស់​ពួកគេ​ដើម្បី​រក្សា​ស្ថេរភាព​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ចំពេល​មាន​ជំងឺ​រាតត្បាត​Covid-19 ដែល​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ។

ទោះជា​យ៉ាងណាក៏ដោយ ចំនួន​ពាក់កណ្តាល​នៃ​អ្នក​ឆ្លើយតប ដែល​បាន​ស្ទង់​មតិ នៅតែ​រំពឹងថា នឹង​ទិញ​ផ្ទះ​នៅ​ឆ្នាំក្រោយ។

កាលពី​សប្តាហ៍​មុន សហការី​ជាន់ខ្ពស់​ក្រុមហ៊ុន​ខាងលើ លោក Irfan Setiawan បាន​និយាយថា “តម្រូវការ​នាពេល​អនាគត ប្រហែលជា​មិន​ខ្លាំង​ទេ ប៉ុន្តែ​យើង​រំពឹងថា​តម្រូវការ​នឹង​កើន​ឡើងវិញ​នៅ​ឆ្នាំក្រោយ ដោយសារ​អតិថិជន​មាន​គម្រោង​ទិញ​ផ្ទះមួយ​រួចទៅហើយ” ។

លោក​Irfan បាន​មានប្រសាសន៍ថា ដើម្បី​រំពឹង​ពី​ការ​ងើបឡើង​វិញ​នេះ លោក​រំពឹងថា ស្ថានភាព​បច្ចុប្បន្ន​នឹងមាន​ផលប៉ះពាល់ សម្រាប់​យុទ្ធសាស្ត្រ​កំណត់​តម្លៃ សម្រាប់​អ្នកលក់ និង​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន។

ការស្ទង់មតិ​ថ្មី​មួយទៀត ធ្វើឡើង​ដោយ​ធនាគារកណ្តាល​ឥណ្ឌូនេស៊ី​បានឱ្យដឹងថា បច្ចុប្បន្ន​ការលក់​ផ្ទះតូចៗ មធ្យម និង​ធំ​បាន​ធ្លាក់ចុះ៤៣,១៩ភាគរយ ក្នុង​រយៈពេល ៣ខែ​ដំបូង​នៃ​ឆ្នាំនេះ​ដោយសារ​ជំងឺ​រាតត្បាត​រាលដាល។

ទោះយ៉ាងណា ការស្ទង់មតិ​របស់​ក្រុមហ៊ុន​ MarkPlus បានឱ្យដឹងថា អតិថិជន១០ ភាគរយ នៅតែ​កំពុង​ស្វែងរក​ទិញ​ផ្ទះ អំឡុងពេល​មាន​ជំងឺ​រាតត្បាត ទោះបី​ជាមាន​វិបត្តិ​សេដ្ឋកិច្ច​ក៏ដោយ។

ស្រដៀង​គ្នា​នេះដែរ​ការស្ទង់មតិ​ដោយ​ក្រុមហ៊ុន 99.co និង rumah123.com បាន​រកឃើញថា ៧៦ភាគរយ​នៃ​អ្នក​ឆ្លើយតប​ដែល​ត្រូវបាន​ស្ទង់​មតិ នៅតែ​ស្វែងរក​អចលនទ្រព្យ​សម្រាប់​រស់នៅក្នុង​ឆ្នាំនេះ។

លោក Ming H Chong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន 99.co បាន​និយាយថា “ឥឡូវនេះ អតិថិជន​កំពុង​ស្វែងរក​និង​រុករក [សម្រាប់​គេហដ្ឋាន] តាម​អ៊ិន​ធរ​ណេ​ត។ ពួកគេ​ក៏​ងាយស្រួល​ជាង​មុន​ដែរ” ៕

ក្រុមហ៊ុន​វ​វិនិយោគ​អចលនទ្រព្យ​ដ៏​ធំ​របស់​ចិន​គ្រោង​សាងសង់​កំពង់ផែ​និង​បង្កើត​សេវាកម្ម​ទេសចរណ៍​ចរណ៍​តាមនាវាធំៗ

ដោយ ​វុត្ថា

ភ្នំពេញៈ ក្រុមហ៊ុន Prince Real Estate Group ដែលជា​ក្រុមហ៊ុន​លំដាប់​យក្ស​របស់​ចិន និង​កំពុង​វិនិយោគ​គំរោង Prince Manor Resort ក្នុងស្រុក​កៀនស្វាយ​ខេត្តកណ្តាល​គ្រោង​សាងសង់​លំពង់​ផែ​លំដាប់​អន្តរជាតិ និង​រៀបចំ​ដំណើរការ​នាវា​ទេសចរណ៍​នៅតាម​ដង​ទន្លេមេគង្គ និង​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​រា​ធានី​ភ្នំពេញ។

លោក Xu Zhixing នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Prince Real Estate Group បាន​មានប្រសាសន៍​ក្នុងជំនួប​ជាមួយ​លោក​ថោង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៅ​ថ្ងៃទី៤ មិថុនា​នេះ​ថា ក្រុមហ៊ុន​គ្រោង​រៀបចំ​ពិធ​ធី​សម្ភោ​ធ​គំរោង Prince Manor Resort នៅ​ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ​ជា​ផ្លូវការ។

លោក​បាន​បន្តថា នៅពេល​សម្ពោធ​មជ្ឈមណ្ឌល​ Prince Manor Resort រួចរាល់ និង​បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​ពី​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូចជា រាជរដ្ឋាភិបាល​កម្ពុជា​រួច​នោះ ក្រុមហ៊ុន​នឹង​ចាប់​អនុវត្ត​គម្រោង​នាវា​ទេសចរណ៍​នេះ នៅ​ឆ្នាំ២០២០-២០២៣ ដោយ​ចង់ឱ្យមាន​កំពង់ផែ​ទេសចរណ៍​ស្ដង់ដា​មួយ នៅ​មជ្ឈមណ្ឌល​ព្រី​ន​ម៉ា​ណ័​រ​រី​សត​តែម្ដង។

ចំពោះ​គម្រោង​បង្កើតឱ្យមាន​កំពង់ផែ​ទេសចរណ៍​នេះ​ទៀតសោត ត្រូវបាន​លោក​រដ្ឋមន្ត្រី​ថោង ខុន​សម្ដែង​ការគាំទ្រ​ពេញទំហឹង ហើយ​សន្យាថា នឹង​ខិតខំ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ពាន់ ដើម្បី​សុំ​ការសម្រេច​ពី​រាជរដ្ឋាភិបាល​គាំទ្រ ដល់​ការចូល​ចត​របស់​នាវា​ទេសចរណ៍។

លោក​ថោង ខុន បានបង្ហាញ​គោលបំណង ចង់ឱ្យមាន​នាវា​ទេសចរណ៍ធំៗនៅ​រាជធានី​ភ្នំពេញ ដើម្បី​នៅពេល​មាន​កិច្ចប្រជុំធំៗលក្ខណៈ​អន្តរជាតិ​នានា កម្ពុជា​នឹង​បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​មកពី​អន្តរជាតិ និងរ​សម្ដេច​តេ​ជោ​ហ៊ុន សែន ឡើង​ជិះ​លើ​នាវា​ទេសចរណ៍ ពិសា​ភោជនាហារ ទស្សនា​ទេសភាព​ល្អ​ឯក​តាម​ដង​ទន្លេមេគង្គ។

លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ Prince Real Estate Group សម្លឹង​លើ​ការវិនិយោគ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ខណៈដែល​រាជរដ្ឋាភិបាល​កំពុង​រៀ​ប​ចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ក្នុងនោះ​ក៏មាន​គម្រោង​ផែនការ កសាង​ទីក្រុង​សៀមរាប​ថ្មី គម្រោង​ទេសចរណ៍​នៅ​ខេត្តកំពង់ធំ ពិសេស​ជុំវិញ​តំបន់​ប្រាសាទសំបូរព្រៃគុក​ផងដែរ។

លោក​បន្តថា “សក្ដានុពល​ធំ​នៅ​ទន្លេមេគង្គ​មាន​វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍ ប៉ុន្តែ​កម្ពុជា​មិនទាន់បាន​ទាញ​សក្ដានុពល ពី​ទន្លេមេគង្គ​បាន​ច្រើន​នៅឡើយ​ទេ ដូច្នេះហើយ​ទើប​ក្រសួងទេសចរណ៍​បាន ខិតខំ​ជំរុញឱ្យមាន​ការវិនិយោគ​កាន់តែច្រើន នៅតាម​ដង​ទន្លេ​នេះ” ៕

អ្នកជំនាញ៖ ឆ្នាំ២០២០ ជា​ពេលវេលា​ដ៏​ល្អ ដែល​អ្នកមាន​លុយ​គួរតែ​ទិញ​ដី​ទុក

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ត្បិត​ថា រហូតមកដល់​ពាក់កណ្តាល​ឆ្នាំ២០២០នេះ សេដ្ឋកិច្ចពិភពលោក​កំពុង​ដាំ​ក្បាល​ចុះ ដោយសារ​ឥទ្ធិពល​នៃ Covid-19 ប៉ុន្តែ​សម្រាប់​ទីផ្សារ​ដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​រក្សាបាន​នូវ​ភាពល្អប្រសើរ និង​ផ្តល់ឱកាស​ដល់​វិនិយោគិន​នៅក្នុង​វិស័យ​មួយ​នេះ​ដដែល​បើ​ប្រៀប ទៅនឹង​បណ្តា​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ថា សេដ្ឋកិច្ច​ទីផ្សារ​ដីធ្លី​ស្រុក​ខ្មែរ នៅតែមាន​សន្ទុះ​កើនឡើង ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​ចំពោះ​វិស័យនេះ ជាពិសេស​កំពុង​មមាញឹក ជាមួយ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ ដែល​ធ្វើឱ្យ​តម្លៃ​ដីធ្លី​កើនឡើង១កម្រិត​ទៀត។

លោក​បាន​បញ្ជាក់ថា “បច្ចុប្បន្ននេះ​សេដ្ឋកិច្ចពិភពលោក កំពុងតែ​ស្ថិតក្នុង​ភាព​ប្រឈម ប៉ុន្តែ​សម្រាប់​ស្រុក​ខ្មែរ ហាក់​មាន​ភាព​ធូ​ស្រាល​ជាងគេ​បន្តិច បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​នានា​ដែល​ស្ថិតនៅក្នុង​តំបន់” ។ លោក​បន្តថា “ជាក់ស្ដែង​រាជរដ្ឋាភិបាល​បាន​ជំនះ​លើ​ការ​រាតត្បាត​នៃ​ជំងឺឆ្លង ហើយ​ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​ទប់ស្កាត់។ យើង​ឃើញថា ឥឡូវ​នេះ​ចរន្ត​ទិញ-លក់​ក្នុង​ទីផ្សារ​ដីធ្លី ចាប់ផ្តើម​មាន​សកម្មភាព​ឡើងវិញ ទោះជា​នៅ​មិនទាន់​ខ្លាំងក្លា​ដូច​ឆ្នាំ២០១៩ក៏ដោយ” ។

លោក​បាន​បន្តថា “ពេលនេះ សម្រាប់​អ្នក​ដែលមាន​លុយ និង​មានលទ្ធភាព​គ្រប់គ្រាន់ គួរតែ​ពិចារណា​ទៅលើ​ការទិញ​ដី​ទុក សម្រាប់​វិនិយោគ​បន្ត​យកចំណេញ ជាពិសេស​ក្រោយពេល​បញ្ចប់​វិបត្តិ​នៃ​ជំងឺឆ្លង​នេះ ស្ថានភាព​អចលនទ្រព្យ​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ​ឡើងវិញ ហើយ​សកម្មភាព​អភិវឌ្ឍន៍ នៅក្នុង​វិស័យ​សំណង់​ចាប់ផ្តើម​ដំណើរ​ការល្អ​ឡើងវិញ នោះ​តម្លៃ​ដី​ក៏​នឹងមាន​ការកើនឡើង​ផងដែរ” ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal លោក​ឧកញ៉ា នួន រិទ្ធី បាន​មានប្រសាសន៍​ផងដែរ​ថា តម្លៃ​ដីធ្លី​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន វា​មិន​ថ្លៃ​ដូច​កំឡុង​ឆ្នាំ២០១៨នោះទេ ដោយសារតែ​ការចាកចេញ​របស់​ជន​ជាតិចិន កាលពី​ចុងឆ្នាំ២០១៩ ជាពិសេស​សម្ពាធ​នៃ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក ដែល​បណ្តាលមកពី​ការផ្ទុះ​ឡើង​នូវ​ជំងឺឆ្លង Covid-19 ប៉ុន្តែ​បើ​និយាយ​ពី​អនាគត អ្នក​ដែលមាន​លទ្ធភាព​គ្រប់គ្រាន់​គួរតែ​ត្រៀម​លុយ​ទិញ​ដី​ពី​បច្ចុប្បន្ន​ឱ្យ​ហើយ​ទៅ។

លោក​បាន​បន្តទៀតថា “តម្លៃ​ដីធ្លី​នៅ​កម្ពុជា ប្រៀបធៀប​ទៅនឹង​ប្រទេសផ្សេងៗទៀត​ក្នុង​អាស៊ាន​គឺ​នៅ​ខុសគ្នា​ឆ្ងាយ​ណាស់ ដូចជា ប្រទេស​ថៃ វៀតណាម សឹង្ហ​បុរី​និង​ម៉ាឡេស៊ី ដូច្នេះ​វា​ក៏​នៅតែ​ជា​ឱកាស​សម្រាប់ វិនិយោគ​នៅក្នុង​វិស័យ​មួយ​នេះ ដែល​អាច​ទទួលបាន​ភា​គ​លាភ​ក្នុង​អត្រា​ខ្ពស់” ។ លោក​បន្តថា “ជាទូទៅ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ តម្លៃ​ដី​គឺមាន​ការកើនឡើង​ជាប់​ជាប្រចាំ ក្នុង​រង្វង់​ប្រមាណ១៥-២០ភាគរយ ឬ​នៅ​តំបន់​ខ្លះ​កើនឡើង​ខ្ពស់ជាង​នេះ ជាពិសេស​តំបន់​ដែលមាន​ការអភិវឌ្ឍន៍ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា​វិស័យ​លំនៅដ្ឋាន​ផងដែរ” ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ Century21 Advance Property លោក​ឡុង គឹមសួគ៌ បាន​លើកឡើងថា ស្ថិតក្នុង​ស្ថានភាព​នេះ បើទោះជា​តម្លៃ​ទីផ្សារ​អចលនទ្រព្យ ក៏ដូចជា​វិស័យ​ដីធ្លី​មិនមាន​ការឡើង​ថ្លៃ ប៉ុន្តែ​វា​ក៏​មិន​ធ្លាក់ចុះ​នោះដែរ ហើយ​សម្រាប់​អ្នក​ដែលមាន​ធនធាន និង​លំហូរ​សាច់ប្រាក់​គ្រប់គ្រាន់ អាចមាន​ឱកាស​ច្រើន​ក្នុង​ការទិញ​ទុក និង​លក់​បន្ត​យកចំណេញ​ក្រោ​ពេល​វិបត្តិ នៃ​ជំងឺ​សាកល​មួយ​នេះ ត្រូវបាន​ផុតរលត់ ជាពិសេស​នៅតាម​តំបន់សំខាន់ៗ ដែល​ស្ថិតនៅ​ជាយ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ដែលមាន​សក្ដានុពល​មួយចំនួន។

លោក​បន្តថា “តំបន់​ណា​ដែលមាន​គម្រោង​អភិវឌ្ឍន៍​កាន់តែច្រើន និង​មាន​ល្បឿន​លឿន សន្ទុះ​នៃ​ការឡើង​ថ្លៃ​គឺ​កាន់តែ​ខ្ពស់ ដូច្នេះ​សម្រាប់​អ្នក​ដែលមាន​លុយ ហើយ​ចង់​វិនិយោគ​នៅក្នុង​វិស័យនេះ” ។ លោក​បន្តថា “មុនពេល​សម្រេចចិត្ត ត្រូវ​សិក្សា​ទៅលើ​ស្ថានភាព​សេដ្ឋកិច្ច​នៅក្នុង​តំបន់ និង​ការសិក្សា​ពី​គម្រោង​អភិវឌ្ឍន៍​ឱ្យបាន​ច្បាស់លាស់ ទើប​មិន​ជួប​ហានិភ័យ​លើ​ការវិនិយោគ” ៕