ពន្ធដារនឹងចុះធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅក្នុងខណ្ឌចំនួន ២នៃរាជធានីភ្នំពេញ

0

ដោយវុត្ថា

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះផ្តល់សេវាពន្ធដារលើការបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅក្នុងខណ្ឌចំនួន ២ នៃរាធានីភ្នំពេញ គឺខណ្ឌកំបូល និងខណ្ឌដង្កោ។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារឱ្យដឹងនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០នេះ ថា ការចុះធ្វើបច្ចុប្បន្នភាពអចលនទ្រព្យនៅក្នុងខណ្ឌកំបូល និងដង្កោ នៃរាជធានីភ្នំពេញ នេះ ដើម្បីមានភាពងាយស្រួលដល់ម្ចាស់អចលនទ្រព្យក្នុងការបង់ពន្ធ ។

អគ្គនាយកដ្ឋានពន្ធដារពន្យល់ថា ការផ្តល់សេវានេះ មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ដោយធ្វើការស្រង់ស្ថិតិ ថតរូបទីតាំងអចលនទ្រព្យ និងសាកសួរព័ត៌មានមួយចំនួន ដូចជាអត្តសញ្ញាណម្ចាស់អចលនទ្រព្យ និងព័ត៌មានចាំបាច់ផ្សេងទៀត ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានអចលនទ្រព្យនៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្ន័យរបស់អគ្គនាយកដ្ឋានពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារ កន្លងមកនេះ បានបញ្ចប់ការចុះផ្តល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព ព័ត៌មានអចលនទ្រព្យជូនម្ចាស់អចលនទ្រព្យនៅខណ្ឌចំនួន ១២ រួចហើយ រួមមានខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌទួលគោក ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌសែនសុខ ខណ្ឌឬស្សីកែវ ខណ្ឌព្រែកព្នៅ ខណ្ឌជ្រោយចង្វារ ខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ។

បន្ទាប់ពីបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ ម្ចាស់អចលនទ្រព្យនឹងទទួលបានភាពងាយស្រួលក្នុងការបង់ពន្ធ ដោយគ្រាន់តែប្រើប្រាស់បណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ ដើម្បីបង់ពន្នៅតាមធនាគារជាដៃគូដែលបានចុះអនុស្សារណៈយោគយល់ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លើសពីនេះ អគ្គនាយកដ្ឋានពន្ធដានឹងអភិវឌ្ឍកម្មវិធីសម្រាប់ការបង់ពន្ធលើអចលនទ្រព្យតាមរយៈ E-Payment ដើម្បី កាន់តែផ្តល់ភាពងាយស្រួលដល់ម្ចាស់អចលនទ្រព្យដែលបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់។

ចំពោះការខកខានមិនបានបំពេញកាតព្វកិច្ច ឬមិនបានសហការជាមួយក្រុមការងារ ដែលបានចុះផ្តល់សេវាដល់ទីតាំង អគ្គនាយកដ្ឋានពន្ធដារ នឹងមិនទទួលខុសត្រូវចំពោះការបាត់បងផលប្រយោជន៍ណាមួយជាពិសេសនៅពេលម្ចាស់អចលនទ្រព្យធ្វើការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here